លោកធម៌៨ប្រការ
ថ្ងៃសៅរ៍ ទី21.ធ្នូ 2013.ម៉ោង 13:49

    មួយទៀតមនុស្សឆោតនោះ ព្រោះពុំស្គាល់លោកធម៌ទាំង៨ប្រការគឺ៖
- លាភ១
- អលាភ១
- យស ១
- អយស១
- សុខ១
- ទុក្ខ១
- សរសើរ១
- និន្ទា១
ធម៌៨ប្រការនេះជាធម៌របស់លោក សត្វលោក សឹងវិលទៅតាមធម៌ទាំង៨ ប្រការជាប្រក្រតីក្ដី លោភ​ក្ដី​យស​សក្ដា​ក្ដី សុខ​សំរាន​ក្ដី សរ​សើរ​តំកើង​តំកល់ ធម៌​៤​ប្រ​ការ​នេះ​សត្វ​លោក​ប្រារព្ធ​ចង់​បាន។

     ឯក្ដីអលាភ គឺខាតលាភ ក្ដីអយសគឺថយយសសក្ដា ក្ដីទុក្ខរំខាន ក្ដីនិន្ទាគរហាតិះដៀល ធម៌៤ ប្រការនេះសត្វ​លោក​សឹង​ស្អប់ សឹង​ខ្ពើម​ពុំ​ចង់​ បាន​ឡើយ តែ​នឹង​គេច​កែ​រត់​អោយ​ផុត​ចេញទៅពុំបាន ទោះជាមិនចង់បាន ក៏គង់បានដដែល ព្រោះ សភាវធម៌ជាគូៗ​នឹង​គ្នា បុគ្គល​ណា​ប្រា​ថ្នា​តែ​ លាភ​យស សុខ​សរ​សើរ​ចំណែក​១ ធ្វើម្ដេចបានធម៌៤ យ៉ាងនេះស្ថិតស្ថេរ នៅជាប្រក្រតីបាន សភាវធម៌៨ប្រការ​នេះ​ជា​របស់​សំរាប់​លោក​ លោក​តែង​វិល​ទៅ​តាម ធម៌​៨​ប្រការ​នេះ​ឯង​។

     បុគ្គលណាប្រាថ្នាតែលាភ យស សុខ សរសើរ ៤ប្រការនេះហើយ គង់នៅក្នុងឆោតមិនលែងឡើយ ឯងស្ដាប់​មើល​ចុះ រឿង​គ្រូ​កណ្ដាញ់​ នៅ​ស្រុក​មាត់​ជ្រូក​១ គ្រូ​ហម​ជើង​បាក់នៅស្រុកមង្គលបុរី ល្បីដល់ស្រុកបាត់ដំបង១ គ្រូបង់បទ១ គ្រូអស់នេះ អា​អ្នក​លេង​វា​ក្លែង​តែង​កល​ ឧបាយ​ផ្សាយ​ពាក្យ​អួត​ថា ពូកែ​ឆុត​ឆាប់​អាច​រំងាប់​សព្វ​រោគ​អ្នក​នគរ​បាន​។

     ឯអ្នកនគរណាលុះអំណាចធម៌៤ យ៉ាងខាងលើហើយសឹងដ៏ផ្អើល គឺនាំគ្នាយកទៀនធូប ប្រាក់កាសជួលកប៉ាល់ជិះទៅ​រក​គ្រូ​ពូកែ​នោះ​។ ពួក​ ចិន​នាយ​កប៉ាល់​បាន​ប្រាក់​ថ្លៃ​កប៉ាល់​ដ៏​បរិបូណ៌ កាលអ្នកនគរគេត្រូវការទៅស្រុកមាត់ជ្រូកក្នុងកាលនោះឯង។

រឿងសក្ការបូជាទឹកបឹង

     មួយទៀតមានទឹកបឹងទី១ នៅខែត្រស្រុកទឹកជោរ កាលនោះមានក្របីឈឺភ្នែក១ វាចុះទៅត្រាំទឹកបឹងនោះរឿយៗ លុះ​យូរ​ថ្ងៃ​មក​ភ្នែក​ក្របី​ នោះ​ជា​ឡើង​ដូច​ប្រ​ក្រតី​។ ឯអ្នកស្រុកនោះឃើញក្របីនោះជាភ្នែក ហើយក៏កើតសេចក្ដីជឿថា ទឹកបឹងនោះពូកែ នាំ​គ្នា​ទៅ​ងូត​ទៅ​ដង​យក​មក​ ផឹក កើត​មាន​គ្រឿង​សក្ការ​បូជា​អុជ​ទៀន​ធូបបូជាទឹកបឹងនោះ កិត្ដិសព្ទក៏លឺខ្ចរខ្ចាយសុសសាយដល់ អ្នកស្រុក​សៀម​រាប ស្រុក​បាត់​ដំបង កើត​ ជឿ​នាំ​គ្នា​ទៅ​បូជា​សូម​ទឹក យក​ទឹក​នោះជាកោលា ហល ដល់ជ្រាបទៅលោករាជការ លោករាជការអោយ​ទៅ​ហាម​​ឃាត់​​បណ្ដា​ពួក​រាស្រ្ដ​ឆោត​ទាំង​នោះ​។

រឿងសក្ការបូជាដើមដង្កោ

     មានរឿងមួយទៀត គឺមានដើមដង្កោ១ដើមរលើងរិស រលំចុងចុះដល់ដី នៅមកជាយូរខែ អ្នកស្រុកដើរទៅមកក៏បាន​យល់​តែ​រាល់​គ្នា ថ្ងៃ​ មួយ​មាន​ចៅ​ម្នាក់​ទៅ​កាប់​ចុង​មែកដង្កោនោះចេញខ្លះ ឯដើមដង្កោនោះ កាលគេកាប់ចុងស្រាលចេញហើយ ក៏​ងើប​ឡើង​ដោយ​កំលាំង​រិស​ ទាញ​បន្ដិច​។ ឯ​អ្នក​ស្រុក​បាន​ឃើញ​ដើម​ដង្កោនោះហើយ ក៏ចូលចិត្ដជឿថា ពូកែ ទើបនាំគ្នាយកទៀនធូប ទៅអុជ​បូជា​សូម​ស្ទោះ​សំបក​យក​ ជា​ថ្នាំ​កែ​រោគ​ផ្សេង​ៗ អ្នក​ខ្លះ​កាត់​យករិសយកមែក ធ្វើជាថ្នាំជាកូនសង្កាត់ចងដៃ ចងចង្កោះផ្ដេសផ្ដាសទៅ ឯ​ដើម​ដង្កោ​នោះ​ត្រូវ​អ្នក​ស្រុក​ ស្ទោះ​សំបក​អស់​រស​ជាតិ​ផែន​ដី ផ្សាយ​មិន​ដល់​ចុង​ក៏​វិនាស​រូបកាយតាយហោងបង់។

រឿងសក្ការបូជាគោស្ទាវខ្មៅ

     មានរឿងមួយទៀត គឺអ្នកស្រុកនៅទិសខាងលិច ថ្ងៃ១មានគោខ្មៅកេ្មងស្ទាវ១ ជារបស់អ្នក ឯណាពុំដឹងគោនោះ​ដើរ រក​ស៊ី​ទៅ​តាម​ហ្វូង​វា​។​ ឯ​អ្នក​ស្រុក​ឃើញ​គោ​ខ្មៅ​នោះ​មានរូបល្អក៏សំគាល់ថា ព្រះគោរត់មកអំពីស្រុកសៀម ទើប នាំគ្នាដេញ ចាប់ក៏ពុំបាន អ្នក​ខ្លះ​រត់​តាម​ពី​ក្រោយ​ ស្រែក​ដង្ហោយ​ថា ព្រះ​អង្គ​ម្ចាស់​អើយ​ឈប់ប្រោសសត្វដែលខាត់ក្រ អ្នកខ្លះបានចេកទុំ បានស្មៅ ស្រូវ រត់តាមទៅ​អោយ​គោ គោ​នោះ​មិន​ឈប់​ នៅ ចេះ​តែ​ទៅ​តាម​កំលាំង​វា​។

រឿងសក្ការបូជាយាយទែព

     ន័យមួយទៀត មានពួកខ្លះជឿសំពះរូបយាយទែព បន់ស្រន់យាយទែព ដោយក្ដីប្រាថ្នា អ្នកកាន់សំពះយាយទែពនេះ ក៏​ពុំ​ដឹង​ដើម​ហេតុ​រឿង​ ប្រ​វត្ថិ​នៃ​យាយ​ទែព​នោះ​ជា​អ្វី រូប​យាយ​ទែពនោះ កាលរស់នៅ តើគាត់ជាទេវតា ឬជាមនុស្សយើងនេះ គាត់ជាប្រពន្ធ​តា​ណា តា​នោះ​ឈ្មោះ​អ្វី​ កាល​រស់​នៅ​មាន​បុណ្យ​បា​រមី​អាច​ជួយដោះទុក្ខខ្មែរយ៉ាងណាខ្លះ ឬបានជួយការពារសព្វរោគយ៉ាងណាខ្លះ មានគុណនឹង​ផែន​ដី​យើង​នេះ​ដូច​ម្ដេច​ ខ្លះ តំរា​រឿង​ប្រ​វត្តិ​យាយ​ទែព​នោះ​តើ​មាននៅក្នុងតំរាពង្សាវតារ ឬក្នុងគម្ពីរសាស្រ្ដាបាលីឯណា បានជាពួកនេះទៅជឿទៅ​បូជា​អួត​ថា​ពូ​កែ​នោះ​។ អើ​បើ​ដូច​ជា​រូប​នាង​សណ្ដារ្ក៍ មាន​ក្នុង​ពង្សាវតារបារាំងសេស គេគោរពបូជា ព្រោះនាងកាលរស់នៅនោះ បានជួយអាសា​មហា​ក្សត្រ ចេញ​ជា​ នាយ​ទាហាន​លើក​ពល​យោ​ធា​ច្បាំង​នឹងពួកបច្ចាមិត្ដ វាយយកខេត្ដដែនរបស់ជាតិខ្លួនបានមកវិញ ដល់ក្រោយនាងអស់​បុណ្យ ដោយ​ដៃ​ពួក​ បច្ចា​មិត្ដ​ចាប់​ទៅ​ដុត​ភ្លើង​ទាំង​រស់ ពួកអ្នកនគរគេនឹកដល់គុណនាងដែលជួយយកអាសាផែនដីនោះ ទើបគេនាំគ្នាសិត​សាង​រូប​នាង​ទុក គឺ​ជា​ស្រី​ អស្ចារ្យ​តំកល់​អោយ​ពួក​ជាតិ​ដូច​គ្នា​គោរពបូជារបស់គេត្រាលុះដល់ មកសម័យឥលូវនេះ។

     ឯយាយទែពនោះ តើកាលគាត់រស់នៅ បានជួយដោះទុក្ខជាតិខ្មែរយើងយ៉ាងណា ទើបបាន បុរាណចាស់គេសាង​រូប​យាយ​ទែព​នេះ​ទុក​ អោយ​ពួក​ខ្មែរ​យើង​គោ​រព​បូជា​រូប​គាត់ត្រាដល់មកឥឡូវនេះ។ មួយទៀតពាក្យទែពសព្ទនេះជាភាសាក្លាយមកពីភាសា​សំស្រ្កឹត​ថា​«ទៃត្យ» ប្រែ​ថា ខ្មោច​យក្ស អើ​រឿង​ខ្មោច​យក្ស​នោះ សឹង​ជាសត្រូវនឹងជាតិមនុស្សយើងនេះទេ ហេតុម្ដេចក៏គេទៅជឿ ទៅ​បូជា​វា​នោះ​ទៀត ឬ​ពាក្យ​ ទែព​សព្ទ​នោះ ពុំ​មែន​ជា​ទែព​នោះ​ទេ គឺថាសព្ទទេព ហៅថា នាងធីតា សំដៅយករូបនាងឧមាភគវតី ជាអគ្គមហេសីនៃព្រះ​ឥសូរ​នោះ​ទេ​ដឹង​?​ ព្រោះ​មនុស្ស​ជាន់​ដើម កាន់​សាសនា​ព្រះ​ឥស្ស​រា​ធិបតី រាប់​អាននាងឧមាភគវតី ព្រោះនាងជាមហេសីនៃព្រះឥសូរនោះ ទើប​គេ​សិត​សាង​រូប​ នាង​តាំង​ទុក​មក ហៅ​ថា​យាយ​ទែព​យ៉ាង​នេះ​ទេ​ដឹង? អើបើទុកជារូបនាងឧមាភគវតីក្ដី យើងជាអឧបាសកឧបាសិការាប់​អាន​ព្រះ​ពុទ្ធ​សាសនា​ នេះ​មិន​ត្រូវ​ទៅ​គោរព សំពះ​បូជា​រូប​យាយទែពនោះទេ ធ្វើអោយសៅហ្មងខាតបង់ត្រៃសរណគមន៍របស់ ខ្លួនសោះ ទទេយ៉ាងនេះ។