៦ -រឿងក្រពើផើមចង់ស៊ីថ្លើមស្វា
ថ្ងៃសៅរ៍ ទី1.មិនា 2014.ម៉ោង 20:48

     ឯមហាបិន្ទរាជ លុះពេលល្ងាចត្រជាក់បរិភោគផលាផលឆ្អែតហើយ នឹងវិលទៅខាងត្រើយនាយវិញលុះលោតចុះចាក​កោះ​ផ្លោះ​មក​ដល់​ទី​ ឆ្នេរ​ស្ទឹង ហើយ​នឹង​លោត​ទៅ​ជាន់​ដុំ​ថ្មកណ្ដាលនោះ បែរទៅឃើញកុម្ភាក្រាបលើថ្ម ក៏កើតក្ដីសង្ស័យគិតថា ថ្មនេះសព្វកាល​រៀង​មក តែង​ទាប​ ត្រឹម​ខ្នង​ទឹក​នេះ​ទេ ថ្ងៃ​នេះ​ហេតុ​អ្វី​ក៏​ថ្ម​នេះ​ខ្ពស់​ដូច្នេះ ទំនងជាមានសត្វកំណាចមកដេកក្រាបលើថ្មនេះ ដើម្បីយាយីជីវិត​អាត្មា​ប្រា​កដ ពោធិ​សត្វ​ គិត​ដូច្នោះ​ហើយ ក៏​ពោល​ពាក្យ​ហៅ​ទៅ​ថា «ហៃដុំថ្ម ដ៏ប្រសើរអើយ! អើខ្លួនចៅឯងនេះ សព្វកាលរៀងមកពុំដែលលូតខ្ពស់​ហួស​អំពី​ខ្នង​ទឹក​ នេះ​ទេ ថ្ងៃ​នេះ​ហេតុ​អ្វី ក៏​ថ្ម​ឯង​លូត​ខ្ពស់​លើស​កាល​មុនៗហះ? ពោធិសត្វពោលហៅថ្មយ៉ាងនេះ មិនតែម្ដង គឺហៅអស់វារៈបីដង។

     ឯក្រពើក្រាបលើថ្ម លឺពានរហៅថ្មជាគំរប់៣ដងក៏គិតថា ថ្មនេះកាលដើមទំនងជាចេះនិយាយទើបពានរនេះហៅប្រស្រ័យ ឥឡូវ​ឯង​មក​ដេក​ ក្រាប​លើ​ខ្នង​វា បាន​ជា​វា​និយាយ​ត​ទៅ​នឹង​ស្វា​វិញ​ពុំរួច បើដូច្នោះមានតែអញឯង ក្លែងនិយាយជួសថ្មនេះទើបបានស្វានេះវា​លោត​មក ព្រោះ​ថ្ម​ នេះ​និង​ស្វា​នោះ​គេ​ធ្លាប់​ចរ​ចា​ប្រ​ស្រ័យនឹងគ្នា គិតហើយ ចៅកុម្ភាក៏ឆ្លើយតបទៅថា «ហៃមហាកបិន្ទរាជ អ្នកឯងសង្ស័យ​នឹង​យើង​ថា​លូត​ខ្ពស់​ ហួស​អំពី​មុន​នោះ​ឬ? យើង​តាំង​នៅ​ដដែល ដូច​កាល​មុន​នោះ​ទេ អញ្ជើញលោតមកជាន់យើងដូចកាលមុនៗនោះចុះ»។