ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

ពណ៌នាសេចក្ដីឆោត និង និទានពីតាចាស់ម្នាក់
ថ្ងៃសុក្រ ទី15.សីហា 2014.ម៉ោង 22:14

     រឿង​និទាន​មនុស្ស​ឆោត​នេះ នៅ​មាន​ច្រើន​ណាស់ យើង​ពុំ​ឈ្នះ​នឹងនាំមកពណ៌នាអោយអស់ គឺសំដែងទុកតែប៉ុណ្ណេះ ល្មម​ជា​បែប​បាន​ជា​គតិ​លោក​ហើយ ចូរឯង​ចូល​ចិត្ដ​គិត​ទៅ​ចុះ សព្វតំរាឆោតទាំងប៉ុន្មានៗនេះ សឹងចុះក្នុងកិរិយាឥត សតិសម្បជញ្ញៈ១នេះឯង បើ​មាន​សតិ​សម្ប​ជញ្ញៈ ​យ៉ាង​ស្ដេច​ពាន​រប​រមពោធិ​សត្វ កាល​ចៅ​ក្រ​ពើ​ទៅដេកក្រាបលើ ថ្មបញ្ឆោតអោយមហាពានរលោតទៅលើខ្លួន ដើម្បី​នឹង​ចាប់​យក​រូប​ពោធិ​សត្វ ពោធិ​សត្វ​មិន​ឆោត​តាម​គំនិត​ខ្លួន ហើយ​ពោធិសត្វបញ្ឆោតក្រពើនោះបានវិញ។ មួយទៀត និទានមាន់ចែកែខ្លួនរួច​អំពី​សំពោច​ធ្វើ​អោយ​សំពោច​ភិត​ភ័យ​រត់ទៅ​វិញ​ រឿងអស់នេះគួរឯងចូលចិត្ដចុះ។

     កូនសិស្សតបគ្រូវិញថា សូមទានរឿងមនុស្សឆោតខ្លៅអស់នេះ សឹងមានតែក្នុងកាលយើងឥលូវនេះទេឬក្នុងកាលពុទ្ធប្បាទ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ព្រះ​ធរ​មាន​នៅ​ឡើយ​នោះ មាន​មនុស្ស​ឆោត​ខ្លៅដូចយ៉ាងយើងឥលូវនេះដែរទាន។

     គ្រូតបថា ឯមនុស្សឆោតខ្លៅនេះ មិនមែនមានតែក្នុងកាលឥលូវនេះទេ ទោះនៅក្នុងកាលពុទ្ធប្បាទនោះក៏មានមនុស្ស​ឆោត​ខ្លៅ​ដូច្នេះ​ដែរ​ ឯង​មិន​ទាន់​ចូល​ចិត្ដ​ទេ​​ឬ​? គឺ​កាល​ព្រះ​ពុទ្ធជាម្ចាស់បានត្រាស់នោះមានគ្រូធំ៦នាក់ មានគ្រូ ឈ្មោះបូរណកស្សបៈជាដើម ឯ​ពួក​គ្រូ​អស់​នោះ​សឹង​កាន់​​លទ្ធិ​​ផ្សេង​​ៗ មាន​ប្រ​ព្រឹត្ដ​កាយ​​អាក្រាត​ជា​ដើម បាននាមហៅថា អចេលកៈបុគ្គល ប្រតិបត្ដិផ្លូវអត្ដកិលមថានុយោគ​​​ផ្សេង​​ៗ ទាំង​​មាន​​មនុស្ស​ទាំង​ឡាយ​ចូល​ចិត្ដ​ជឿ​រាប់​អាន ប្រព្រឹត្ដ តាមជាងរយជាពាន់នាក់ ប្រតិបត្ដកាន់យកទុកជាសាសនាតៗមក នៅ​ដរាប​ដល់​ឥលូវ​នេះ​​។​

     មួយទៀត មានមនុស្សពួកខ្លះប្រតិបត្ដិខាងផ្លូវព្រហ្មញ្ញសាសនា មានកាន់ពិធីបូជាយញ្ញ បូជាគ្រោះ បង្កក់ប្រសិទ្ធីសែន​ពែ​ជា​ដើម​។ មនុស្ស​ទាំង​ឡាយ​ឯ​ណា កើត​នៅ​ក្នុង​សំណាក់គ្រូណា ក៏កាន់លទ្ធិកាន់សាសនារបស់គ្រូនោះទាំងអស់ ដើម្បី នឹងមានសតិសម្បជញ្ញៈ​ពិចារ​ណា មើល​ខុស​ត្រូវ​អោយ​សម​ហេតុ​សម​ផល​នោះពុំមានឃើញតែមាតាបិតា ក្នុងវង្សត្រកូលខ្លួនប្រតិបត្ដិយ៉ាងណាហើយ ក៏​ប្រតិ​បត្ដិ​ទៅ​តាម​វង្ស​ត្រកូល​យ៉ាង​នោះ​ឯង ទោះ​មាន​លោក​អ្នក​ប្រាជ្ញណា ទៅនិយាយដាស់តឿនបង្ហាញផ្លូវត្រង់ អោយលះបង់លទ្ធិនោះ​ចោល ក៏​មិន​ព្រម​លះ​ចោល​ នៅ​ប្រ​កាន់​តំរា​មាតា​បិតា​គ្រូ​បា​អាចារ្យ​ខ្លួន​ថា តំរា​បុរាណ​សុទ្ធ​សឹង​តែ​ត្រូវ​ទាំង​អស់​។

     រឿងមនុស្សចាស់ជរា លុះផ្លូវកាមរាគរោលខ្លាំងហើយ សឹងជាផ្លូវអោយមេស្រីអ្នកលេងដើរចូលមកបញ្ឆោតបាន​ទាំង​អស់ សឹង​លុះ​ក្ដី​បរា​មុខ​ក្នុង​លោក​យើង​នេះ ដូច​បទ​បាលី​មាន​ក្នុង​គម្ពីរ​លោក​និតិ​ថា​

ចាស់ចើកបានជួននួនក្រមុំ ដោះក្បំពកប៉ុនផ្លែទន្លាប់ សែនស្រលាញ់ពេញចិត្ដប្រព្រិត្ដិជាប់ របស់ក៏ផ្គាប់វាទាំងអស់។ វាអើយកាលណានឹងអោយភ្លាម ស៊ូព្យាយាមអង្អែលទន្លាប់ស្រស់ ស៊ីពុំបានក៏ស៊ូហិតតែរស ការទាំងអស់ជាហេតុអន្ដរ ធាន។

ចប់ខាងសេចក្ដីឆោតមនុស្សប្រុសដោយសង្ខេប។

     ឯខាងមនុស្សស្រីចាស់ចើកវិញនោះ បានដូចរឿងយាយចាស់ម្នាក់ឈ្មោះ សំ នៅស្រុកព្រះតំបងយាយនោះអាយុ ៧០​ប្លាយ​រូប​ជរា គឺ​ធ្មេញ​បាក់​អស់ សក់​ស្កូវ ខ្នង​កោង ដើរ​កាន់​ឈើ​ច្រត់​។ កាលនោះមានបុរសម្នាក់ឈ្មោះចៅមៅ ទៅសុំយាយ សំ ជា​ម្ដាយ​ធម៌ យាយ​សំ​ក៏​ស្រលាញ់​ចៅ​មៅ​ជា​កូន​ធម៌ លុះ​នៅ​យូរ​មក យាយសំកើតភ្លើងកាមរាគរោលខ្លាំង តាំងស្រលាញ់ចៅមៅដាយការផ្លូវលោកិយ ស៊ូ​ផ្គាប់​ផ្គុន​ចៅ​មៅ សំដែង​មាយា​ស្រ្ដី ញ៉ាំង​ចៅ​មៅ​អោយ​ត្រេកក្នុងការលោកិយផ្សេងៗ ឯចៅមៅដឹងខ្លួនក៏រត់ចោលយាយសំៗ ក៏ស៊ូដើរ​តាម​រក​ចៅ​មៅ ដូច​និទាន​រឿង​នាង​មេរី​ដើរ​តាម​រក​ព្រះ​នាគ​សែន​នោះ​ឯង​។ ឯកាមរាគ១នេះមែន បើមាននៅលើរូបយាយចាស់ឯណាហើយ ក៏អាច​ធ្វើ​អោយ​យាយ ចាស់​នោះ​វង្វេង​បាត់​ក្ដី​អៀន​ខ្មាស​កូន​ចៅ​ខ្លួន​នឹងអ្នកដ៏ទៃនានា អាចកាត់ក្ដីស្រលាញ់កូនចៅបាន ហើយទទួលពាក្យបញ្ជោរ​អ្នក​ដទៃ គឺ​គាប់​ចិត្ដ​នឹង​ពាក្យ​ហៅ​នាង​ឬ​អ្នក បើ​នរ​ណា​ហៅ​យាយ​យ៉ាង​នេះពុំគាប់ចិត្ដឡើយ មួយទៀតបើសក់ក្បាលស្កូវ ក៏កែរក​ក្រមួន ឬ​ប្រេង​លាយ​ខ្មុក​អោយ​បាន​សក់​ខ្មៅ​មួយ​គ្រា​ៗ ឬ​រួច​ដល់​ខ្នង​កោង ក៏​ខំ​ដើរអើតដើរងើត ចោលឈើច្រត់មិនចាំកាន់ក៏បាន មួយទៀត កាមរាគនេះមាន​កំលាំង​អាច​កាត់​កូន​ចៅ​ក៏​បាន អាច​ហ៊ាន​សំលាប់​កូន​ចៅ​ខ្លួន​បាន ដូចនិទានយាយព្រាហ្មណីជាមាតានៃពោធិសត្វនោះឯង រឿងនោះ​មាន​សេច​ក្ដី​ថា៖

រឿងយាយព្រាហ្មណី

     កាលនោះ ព្រះពោធិសត្វទៅកើតជាកូននាងព្រាហ្មណី បិតាដល់នូវមរណកាល ពោធិសត្វចំរើនធំឡើងបានរៀនចេះ​ដឹង​ក្បួន​ត្រៃ​ភវេទ​​ចប់ ឡើង​ជា​អា​ចារ្យ​ទិសា​បាមោក្ខ មាន​កូន​សិស្សទៅរៀនវិជ្ជានោះជាច្រើន ឯមាតានៃពោធិសត្វ នោះចំរើនអាយុដល់​៨០​ប្លាយ រូប​កាយ​ក៏​ទុព្វល​ភាព​ចាស់​ជរា សាច់​ស្វិត​យុរ​យារ នេត្រាមើលមិនយល់ព្រឹលៗគ្រាកាល នោះមានមាណពកំលោះម្នាក់មានរូប​សោភា ចូល​ទៅ​សូម​រៀន​វិជ្ជា​សិល្ប​សាស្រ្ដ​នឹង​បរម​ពោធិ​សត្វ ពោធិសត្វបានបង្ហាត់បង្រៀនអស់កាល៣ឆ្នាំ ចៅមាណពនោះរៀនចេះចប់ហើយ ក៏​លា​ពោធិ​សត្វ​ជា​គ្រូ​ទៅ​ស្រុក​អាត្មា ដល់​ហើយ​ក៏​សំដែង​វិជ្ជានោះប្រាប់មាតាបិតារបស់ខ្លួនសព្វប្រការ ឯមាតានៃចៅមាណពនោះសួរថា សិស្ប​សាស្រ្ដ​ទាំង​ពួង​នេះ​ចៅ​រៀន​ចប់​ហើយ ចុះ​ឯ​វិជ្ជា​មាយា​ស្រ្ដី​នោះ​តើ​កូន​ឯង​រៀន​ចេះ​ខ្លះ​ហើយ​ឬ​?​។

     ចៅមាណពជំរាបម្ដាយថា នៅពុំទាន់បានរៀនទេ ទើបមាតាបញ្ជូនមាណពនោះ អោយវិលទៅរៀនវិជ្ជាមាយាស្រ្ដី នឹង​ពោធិ​សត្វ​វិញ ចៅ​មាណព​ក៏​ចូល​ទៅ​កាន់​សំណាក់​ពោធិសត្វនិយាយសូមរៀនវិជ្ជាមាយាស្រ្ដី ឯពោធិសត្វក៏ប្រាប់ថា វិជ្ជាមាយាស្រ្ដីនោះ គឺមាតា​យើង​គាត់​ចេះ បើ​ច្នេះ​ចៅ​ឯង​ចូល​ទៅ​រៀន​ត​ពី​មាតា​យើង​ ឯ​ក្នុង​ផ្ទះ​ចុះ​។

     ចៅមាណពក៏ចូលទៅប្រតិបត្ដិយាយចាស់សូមរៀនមាយាស្រ្ដីតាមក្ដីប្រាថ្នា ឯមាតាពោធិសត្វបានឃើញចៅមាណព រូប​ល្អ​មក​ប្រតិ​បត្ដិ​ខ្លួន​ ក៏​កើត​ភ្លើង​កាម​រាគ​រោល​ប្រាណ មានចិត្ដស្នេហាស្រលាញ់ចៅមាណពប្រារព្ធចង់បានជាប្ដី ទើបនិយាយប្រស្រ័យលួង​លោម​ដោយ​ផ្លូវ​លោ​កិយ ប្រើ​កិរិ​យា​ស្រ្ដី​នោះ​ផ្សេង​ៗ​ ហើយថា ខ្ញុំឯងស្រលាញ់អ្នកឯងណាស់ ចូរអ្នកឯងទទួលផ្លូវមេត្រីជាប្ដីខ្ញុំនេះចុះ។ ឯ​ចៅ​មាណព​នោះ​ក៏​ឆ្លើយ​ថា ការ​នេះ​ខ្ញុំ​បាទ​ពុំ​ហ៊ាន​ទេ ព្រោះ​លោក​គ្រូ​ជា​កូន​លោកយាយ លោកជាអាចារ្យលើខ្ញុំ ៗតែងគោរពប្រតិបត្ដិលោក ដូច​លោក​យាយ​ឃើញ​ស្រាប់​ ពុំ​គួរ​ខ្ញុំ​បាទ​ជាសិស្ស​ទៅ​ប្រ​ព្រឹត្ដ​កន្លង​យ៉ាង​នេះ​សោះ យាយចាស់នោះក៏តបវិញថា ការនោះមិនអីទេ លែងតែ​អ្នក​ឯង​ព្រម​ចិត្ដ​ព្រម​គំ​និត​នឹង​យើង​នេះ​ចុះ ឯ​ត្រង់​រូប​កូន​យើង​នេះ​យើង​នឹង​គិត​សំលាប់បង់ កុំអោយមានក្ដីរង្គៀសដល់អ្នកឯងឡើយ។

     ចៅមាណពក៏ឆ្លើយថា បើលោកយាយហ៊ានសំលាប់កូនដូច្នោះ ខ្ញុំបាទក៏ព្រមតាម ថាហើយចៅមាណពក៏ស្ទុះ​ចេញ​មក​ក្រៅ ហើយ​នាំ​ពាក្យ​នោះ​ទៅ​ជំរាប​ពោធិ​សត្វ​ៗ ក៏​និយាយ​ថា បើមាតាយើងគាត់គិតសំលាប់យើងដូច្នោះ ចូរបាឯង ទៅសួរគាត់វិញថា គាត់​ប្រារព្ធ​នឹង​សំលាប់​នោះ តើ​សំលាប់​ក្នុង​ថ្ងៃ​ណា​ក្នុង​ពេល​ណា សំលាប់ដោយឧបាយដូចម្ដេច។ ឯចៅមាណពទទួលពាក្យពោធិសត្វហើយ ក៏​ចូល​ក្នុង​ផ្ទះ និយាយ​សាក​សួរ​យាយ​នោះ តាម​ពាក្យ​នៃ​ពោធិ​សត្វ​គ្រប់ប្រការ ឯយាយចាស់ក៏ប្រាប់ថា យើងនឹងសំលាប់កូនយើងក្នុងវេលា​រាត្រី​យប់​នេះ គឺ​យើង​ចាំ​មើល​កូន​យើង​ដេក​លក់​កាល​ណា យើង​នឹង​កាន់​ដាវ​ដ៏មុតលបចូលទៅប្រហារអោយដាច់កមួយរំពេចក្នុងកាលនោះ ការ​អស់​នេះ​ចូរ​អ្នក​ឯង​កុំ​និយាយ​ចេញ​ទៅ​អោយ​អ្នក​ដទៃ​ក្រៅ​គេដឹងលឺឡើយ មែនណាបើការយើងពីរនាក់នឹងបាននៅជាមួយគ្នាជា​ប្ដី​ប្រពន្ធ​ត​ទៅ​។ ឯ​ចៅ​មាណព​ក៏​ធ្វើ​ជា​ទទួល​ពាក្យ​ហើយ​ក៏​ក្រោកដើរចេញមកខាងក្រៅ នាំសេចក្ដីនោះទៅប្រាប់ពោធិសត្វជាគ្រូសព្វ​ប្រការ​។ ពោធិ​សត្វ​បាន​ស្ដាប់​ហើយ​ ក៏​កំណត់​ទុក​ក្នុង​ចិត្ដ​លុះ​ដល់​វេលា​រាត្រី ទើបកាត់ដើមចេកមួយកំណាត់ប្រមាណ ៤ហត្ថ នាំយកទៅដាក់ផ្ដេកនៅ​ទី​ដំនេក​អាត្មា ហើយ​យក​សំពត់​គ្រប​ពី​ខាង​លើ ដើម​ចេក​នោះ​ធ្វើ​អាការ​ដូច​ជា​មនុស្ស​ដេក​លក់ ស្រេចហើយពោធិសត្វនាំចៅមាណពជាកូនសិស្ស​នៅ​រង់​ចាំ​មើល​កិរិយា​នៃ​មាតា​នោះ​។

     ឯយាយចាស់នោះលុះដល់យប់ស្ងាត់ ក៏រៀបអាត្មាកាន់ដាវដើរលបចូលទៅក្នុងដំនេកនៃពោធិសត្វ ដល់ហើយ លូក​ដៃ​ស្ទាប​ទៅ​បះ​លើ​សំពត់​ដន្ដប់ ក៏​កំ​ណត់​ថា នេះ​ខាង​ក្បាល នេះ​ខាង​ជើង យាយចាស់ក៏លើកដាវងាឡើងនឹងកាប់ ដោយគិតថាប្រហារតែម្ដង​អោយ​ដាច់​ក​ក្នុង​កាល​នោះ យាយ​ចាស់​ប្រឹង​លើក​ដាវ​ហើយ​ប្រហារ​ចុះ ដោយកំលាំងប្រឹងនោះខ្លាំង និមិត្រតែដាវធ្លាក់ដល់​ដើម​ចេក​កាល​ណា យាយ​ចាស់​ក៏​ដួល​ចុះ​ដាច់​ខ្យល់​ដល់​មរណ​កាល​ក្នុង​កាល​នោះ​ឯង​។ ពោធិសត្វនឹងចៅមាណព លបមើលកិរិយាដឹងថា យាយនោះដួលស្លាប់​ដូច្នោះ ក៏​កើត​ធម្ម​សង្វេគ ហើយ​ចាត់​ចែង​ក្ដាមឈូស​ដាក់​សព នាំទៅធ្វើឈាបនកិច្ចតាមប្រពៃណីជាតិជាព្រាហ្មណ៍។

     រឿងនិទាននេះ មានសេចក្ដីពិស្ដារនៅក្នុងគម្ពីរដិកាព្រះធម្មចក្កឯណោះ យើងទាញយកមក សាធកៈទុកក្នុងតំរាគតិ លោក​នេះ ដើម្បី​អោយ​ឃើញ​ក្ដី​ឆោត​របស់​បុរស​ស្រ្ដី​ក្នុង​លោកិយ ដែលមានសន្ដានចិត្ដប្រព្រឹត្ដឆោតទៅតាមភ្លើង កាមរាគរោល ដល់នូវក្ដី​វិនាស​មាន​សភាព​ដូច​សំដែង​មក​នេះ​ឯង ចូរ​ឯង​ចូល​ចិត្ដ​ចុះ​។

     កូនសិស្សតបថា ករុណាលោកគ្រូទាញនិទានបុគ្គលឆោតលុះដោយអំណាចភ្លើងកាមនោះ ខ្ញុំករុណាស្ដាប់បាន​យក​ជា គតិ​លោក​ហើយ មួយ​ទៀត​បុគ្គល​ឆោត​ល្ងង់​ជឿ​គេ​ផ្ដាស​ៗ​នោះ គឺ​អាស្រ័យ​ឥត​សតិឥតបញ្ញានឹងពិចារណាអោយ​យល់​ចុង​​យល់​ដើម កើត​ឆោត​ដោយ​ភ្លើង​កាម​រាគ​រោល​រឹត​បិទ​សតិ​បញ្ញា ដូច​និទាន​យាយ​ព្រាហ្ម​ណី​ដែល​លោកគ្រូសំដែងមកនេះ សូមទានសេចក្ដីឆោតល្ងង់នេះមាន​កើត​ដោយ​ហេតុ​ឯ​ទៀត​ខ្លះ​ដែរ​ទាន​។

     គ្រូតបថា ក្ដីឆោតល្ងង់ដោយហេតុឯទៀតក្រៅអំពីភ្លើងកាមរាគនោះ សឹងមានជាច្រើនណាស់ពុំឈ្នះនឹងពណ៌នា ឯង​ចូល​ចិត្ដ​ចុះ មាន​ខ្លះ​ឆោត​ដោយ​ខ្លាច​រូប​កាយ​សង្ខា​ខ្លួន​ឯង ដូចបុគ្គលគិតខុសប្រមាណខុស គឺអ្នកខ្លះឥតកូនឥតចៅកើតខ្លាចថា ដល់អាត្មា​ស្លាប់​ទៅ​ពុំ​មាន​នរ​ណា​កាន់​ឆ្អឹង​ ម្លោះ​ហើយ​ស្វែង​សុំ​កូន​ចៅ​គេ​មក​ចិញ្ចឹម​ទុក ដើម្បីអោយកូននោះកាន់ឆ្អឹងខ្លួន ជួនពុំសមតាមប្រាថ្នា ក៏កើតវិប្បដិសារី​សេច​ក្ដី​ក្ដៅ​ក្រ​ហាយ​ជា​ក្រោយ ប្រ​ព្រឹត្ដ​ទៅ​ផ្សេង​ៗ​យ៉ាង​នេះ​ក៏​មាន​។ មានអ្នកខ្លះខ្លាចភ្លើងផ្ដាំគេថា ដល់ខ្លួនស្លាប់ទៅកុំអោយគេដុតរូប ខ្លាច​ក្រែង​រលាក​ភ្លើង​យ៉ាង​នេះ​ក៏​មាន មាន​អ្នក​ខ្លះ​គិត​ខ្លាច​ទាក ជន្លេន ផ្ដាំ​គេ​ថា ដល់​ខ្លួន​ស្លាប់​ទៅ​កុំ​អោយ​គេយករូបទៅកប់ក្នុងដី ខ្លាចជន្លេនវារុក​ដូច្នេះ​ក៏​មាន មាន​អ្នក​ខ្លះ ​ខ្លាច​ខ្មោច ផ្ដាំ​គេ​ថា ដល់​ខ្លួន​ស្លាប់​ទៅ​កុំអោយយករូបទៅកប់ទុកក្នុងព្រៃស្មសានស្ថានស្ងាត់ជិតនឹងខ្មោចគេ ក្រែង​ខ្មោច គេ​វា​ល​ង​យ៉ាង​នេះ​ក៏​មាន​ មាន​អ្នក​ខ្លះ​ឆ្កួត​យស កាល​ខ្លួន​នៅ​រស់​ពុំបរិច្ចាគទ្រព្យសម្បត្ដិធ្វើបុណ្យអោយទាន សន្សំទ្រព្យទុកផ្ដាំគេថា ដ​ល់​ខ្លួន​ស្លាប់​ទៅ​អោយ​ធ្វើ​ក្ដារ​បិទ​មាស អោយ​ធ្វើ​កោដ្ឋ​ដាក់​តំកើង​ខ្មោច​ខ្លួន ដើម្បីអួតលោកិយយ៉ាងនេះក៏មាន។ មានអ្នកខ្លះស្វែងរកទីដីល្អ​មាន​ហុង​ស៊ុយ​បញ្ចុះ​ធាតុ​ម្ដាយ​អាពុក​ដើម្បី​រក​ស៊ី​ធូរ​សុខ​សប្បាយ​យ៉ាង​នេះ​ក៏​មាន អ្នកខ្លះកាន់តំរាសៃយ៍មានក្បួនរើសថ្ងៃល្អយាមល្អ ថ្ងៃ​កាឡ​កណ្ណី ថ្ងៃ​ខ្មោច​ស៊ី​មនុស្ស​ ថ្ងៃ​លិច ថ្ងៃ​អណ្ដែត ថ្ងៃ​ជីព​ចរ មើល​ទិស​ដង្ហើមរស់ដង្ហើមស្លាប់យ៉ាងនេះក៏មាន មានអ្នកខ្លះកាន់រើសថ្ងៃចន្ទជាថ្ងៃទទួល​យក​ប្រាក់​ដាក់​ថង់ គឺ​ថា​ជា​ប្រាក់​មាន ស្រី​សួស្ដី​មង្គល ទោះបីអ្នកឯណាដែលជំពាក់ខ្លួន ឬតួទាសាទាសី នឹងចេញនាំប្រាក់ទៅជូន តែមិន​ត្រូវ​ត្រង់​ថ្ងៃ​ចន្ទ​១ ហើយ​ក៏​ពុំ​ទទួល​យក​នៅ​រង់​ចាំ​ដល់​ថ្ងៃ​ចន្ទ​ទើប​ទទួល​យកប្រាក់នោះ អ្នកកាន់ក្បួនថ្ងៃចន្ទទទួលប្រាក់ថា ជាប្រាក់ត្រជាក់ក៏មាន ចួន​ណា​ប្រែ​ជា​កើត​ក្ដី​ក្ដៅ​ក្រ​ហាយ​ជា​ក្រោយ​វិញ​ក៏​មាន ដូន​និទាន​លោក​ព្រះ​ចំរើន​ពល​ទិព្យ​នៅ​ស្រុកព្រះតំបង លោកនោះជាអ្នកកាន់ក្បួនថ្ងៃចន្ទ។