ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

ព្រះមហិស្សរាធិបតីសាងលោក
ថ្ងៃសុក្រ ទី10.កក្កដា 2015.ម៉ោង 23:17

និទាន​ព្រះ​មហិស្ស​រា​ធិប​តិ គឺ​ព្រះ​អីសូរ​សាង​លោក កាល​សាង​លោក​សូ​រេច​ហើយ ព្រះ​អីសូរ​ហៅ​ពួក​សត្វ​ចតុប្បាទ​ ទ្វេ​បាទ អបាទ ពហុ​បាទ ទាំង​ឡាយ​ចូល​មក​កាន់​ទី​ប្រជុំ ដើម្បី​នឹង​សួរ​សេច​ក្ដី​សុខ​ទុក្ខ​សព្វ​សត្វ តើ​សត្វ​ពួក​ណា គាប់​ចិត្ដ នឹង​រូប​កាយ​ខ្លួន​រឺ​ពុំគាប់​ចិត្ដ​នឹង​រូប​កាយ​ខ្លួន​ទេ នឹង​កែ​ប្រែ​ជា​ថ្មី​តាម​ក្ដី​ប្រាថ្នា​របស់​សត្វ​លោក​ទាំង​ពួង​។

កាល​ទ្រង់​សួរ​នោះ គឺ​ទ្រង់​សួរ​ស្វា​ជា​មុន​ថា «ហៃ​ចៅ​ពានរ រូប​កាយ​បា​អែង​ដែល​យើង​សាង​អោយ​មាន​អវ​យវ​យ៉ាង​នេះ តើ​ចៅ​គាប់​ចិត្ដ​ពេញ​ចិត្ដ​ហើយ​រឺ ៗ​នៅ​មាន​ក្ដី​ទាស់​ត្រង់​ណា​ខ្លះ ចូរ​ចៅ​ថា​ទៅ​មើល​ នឹង​​កែ​ប្រែ​ជា​ថ្មីទៀត​»។ ឯ​ពានរ​មើល​ទោស​ឯង​មិន​យល់ សំគាល់​ថា​ រូប​ខ្លួន​អិត​ទាស់ ទើប​ទូល​ព្រះ​អីសូរ​ថា «សូម​ទាន ល្អង​ធូលី​ព្រះ​បាទ​សាង​រូប​កាយ​ខ្ញុំ​ជា​ស្វា​នេះ ពេញ​ជា​ស្រួល​ណាស់​ហើយ មាន​ទាំង​ដៃ​ជើង ឡើង​ដើម​ឈើ​បាន​ កប​កំលាំង​លោត​បេះ​ផ្លែ​ឈើ​អាស្រ័យ​បាន​ដោយ​ងាយ ទាំង​អិត​កិច្ចការ​ធ្វើ​ស្រែ​ចំការ​ជួញ​ប្រែ​ដូច​យ៉ាង​មនុស្ស​នោះ​ឡើយ មិន​បាច់​កែ​ប្រែ​អោយ​ខ្ញុំ​ទៀត​ទេ បើ​ព្រះ​អង្គ​ចង់​កែ​នោះ សូម​មេត្ដា​កែ​សត្វ​ខ្លា​ឃ្មុំ​វិញ ព្រោះ​រូប​វា​មិន​សម​រម្យ​ល្អ​ទេ គឺ​មុខ​នោះ​ច្របូញ រោម​ខ្មៅ​ជិត​អិត​មាន​កន្ទុយ​នឹង​បត់ ឃើញ​អាក្រក់​លើស​គេ​នានា​ សូម​មេត្ដា​កែ​វា​ជា​ថ្មី​ចុះ​ម្ចាស់​»​។ ព្រះ​អីសូរ​បាន​លឺ​ស្វា​ថា​ដូច្នេះ ក៏​ត្រាស់​សួរ​ទៅ​ខ្លា​ឃ្មុំ​ថា «ហៃ​ចៅ​អច្ឆា​ជាតិ រូប​កាយ​ចៅ​អែង​ដែល​យើង​សាង​អោយ​យ៉ាង​នេះ តើ​ជា​ទី​គាប់​ចិត្ដ​ចៅ​អែង​ហើយ​រឺ ៗ​នៅ​ទាស់​ត្រង់​ណា​ខ្លះ ចូរ​ថា​មក​យើង​នឹង​កែ​អោយ​?​។

ឯខ្លា​ឃ្មុំ​មិន​យល់​ទោស​ខ្លួន​ក៏​ឆ្លើយ​ថា «រូប​ខ្ញុំ​នេះ​ព្រះ​អង្គ​សាង​អោយ​មាន​ធ្មេញ​ចង្កូម​ដ៏​មុត ទាំង​រោម​ខ្មៅ​ជិត​បិទ​ស្បែក​ក្នុង កុំ​អោយ​សត្វ​តូច​ៗ មាន​មូស​ស្រាំង​ស្រួយ​ជា​ដើម​ចូល​យាយី​បាន ហើយ​បាន​ជើង​ទាំង​៤​ប្រកប​ដោយ​ក្រចក​មុត អាច​ឡើង​ដើម​ឈើ​ព្រៃ​យក​ឃ្មុំ​អាស្រ័យ​ជា​ភក្សា​ហារ​បាន​ អិត​មាន​ក្ដី​កង្វង់​រវល់​ដោយ​ការ​ធ្វើ​ស្រែ​ចំការ ដូច​មនុស្ស​ក្នុង​លោក​នេះឡើយ រូប​ខ្ញុំ​នេះ​ពេញ​ចិត្ដ​ខ្ញុំ​ហើយ មិន​បាច់​កែ​ទៀត​ទេ បើ​ព្រះ​អង្គ​ចង់​កែ សូម​កែ​រូប​ដំរី​វិញ​ចុះ​ត្បិត​រូប​ដំរី​នោះ ​ខ្ញុំ​យល់​ថា​ទាស់​ខ្លាំង​ណាស់ គឺ​រូប​អី​មាន​ប្រមោយ​១ ក្បាល​ធំ​ភ្នែក​តូច ត្រ​ចៀក​កំភ្លាង រាង​ធំ​កោង មើល​មិន​សម​សោះ​ម្ចាស់​។

ព្រះ​អីសូរ​លឺ​អច្ឆា​ថា​ដូច្នោះ ក៏​សួរ​ទៅ​កាន់​ដំរី​វិញ​ថា ចៅ​ហត្ថី រូប​កាយ​ចៅ​ដែល​យើង​សាង​អោយ​យ៉ាង​នេះ​តើ​គាប់​ចិត្ដ​ចៅ​ហើយ​រឺ ៗ​នៅ​ទាស់​ត្រង់​ណា​ទៀត​ចូរ​ថា​ទៅ​មើល​?​។ ឯ​ដំរី​ពុំ​ឃើញ​ទោស​ខ្លួន​ ទើប​ទូល​ថា «ព្រះ​អង្គ​សាង​រូប​ខ្ញុំ អោយ​មាន​កាយ​ធំ​ខ្ពស់​លើស​គេ​ ទាំង​ភ្លុក​សោត​ក៏​ល្អ​ប្រើ​ជា​អាវុធ​បាន ទាំង​កំលាំង​ហៅ​មាន អាច​ចាក់​អាច​ព្រេច​នូវ​សត្រូវ​អិត​ទើស​ទាស់ បរិ​ភោគ​ស្មៅ​ជា​អាហារ អិត​ក្ដី​រវល់​នឹង​ធ្វើ​ស្រែ​កាប់​ចំការ ដូច​មនុស្ស​នោះ​ឡើយ រូប​ខ្ញុំ​នេះ​គាប់​ចិត្ដ​ខ្ញុំ​ហើយ ព្រះ​អង្គ​មិន​បាច់​កែ​ទៀត​ទេ អែ​ការ​ដែល​ទាស់​នោះ ឃើញ​ទាស់​តែ​សត្វ​អូដ្ឋ គឺ​រូប​ជា​សេះ តែ​ក​វា​វែង ដូច​ជា​ក​កុក​ឃើញ​មិន​សំនំ​សម​ជា​សត្វ​ពាហនៈ​ឡើយ»​។

ព្រះ​អីសូរ​ក៏​ត្រាស់​ទៅ​អូដ្ឋ​វិញ​ថា «ម្ដេច​ចៅ​អូដ្ឋ​រូប​កាយ​ចៅ​អែង សព្វ​ថ្ងៃ​នេះ​ស្រួល​បួល​ហើយ​រឺ ៗ​នៅ​ទាស់​ត្រង់​ណា​ខ្លះ​ ចូរ​ថា​ទៅ​មើល​យើង​នឹង​កែ​អោយ​?​»​។ សត្វ​អូដ្ឋ​ក៏​ឆ្លើយ​ថា «ព្រះ​អង្គ​សាង​រូប​កាយ​ខ្ញុំ​មាន​ក​វែង​អាច​អើត​ស៊ី​ស្លឹក​ឈើ​ខ្ពស់​ៗ​បាន ហើយ​មាន​កំលាំង​ខ្លាំង​ក្នុង​ការ​បន្ទុក​​អាស្រ័យ​ស្មៅ​ផឹក​ទឹក​ឆ្អែត ហើយ​អាច​អត់​បាន​៧​ថ្ងៃ​មិន​តោង​អាស្រ័យ​ក៏​បាន ហេតុ​នេះ ខ្ញុំ​យល់​ថា​ព្រះ​អង្គ​សាង​រូប​កាយ​ខ្ញុំ​នេះ​វិសេស​ណាស់​ហើយ មិន​ចាំ​កែ​ប្រែ​ទៀត​ទេ សូម​ព្រះ​អង្គ​កែ​រូប​ត្រង​នន្ដ​មច្ឆា​វិញ ព្រោះ​ត្រី​នោះ​រូប​ធំ​ណាស់​មិន​សម​នឹង​​ភាព​ជា​ជាតិ​មច្ឆា​ឡើយ​»​។

ព្រះ​អីសូរ​ក៏​សួរ​ទៅ​ត្រី​វិញ «ត្រី​ឆ្លើយ​ថា​ព្រះ​អង្គ​សាង​រូប​ខ្ញុំ មាន​កាយ​ដ៏​ធំ​លើស​គេ អាច​ហែល​ហក់​ក្នុង​មហា​សាគរ​សមុទ្រ​ធំ អិត​ក្ដី​កោត​ក្រែង​នឹង​រលក​ខ្យល់​ព្យុះ នេះ​ជា​ការ​ស្រួល​ហើយ មិន​ចាំ​កែ​ទៀត​ទេ​ទាស់​តែ​សត្វ​ស្រមោច ព្រះ​អង្គ​សាង​រូប​ស្រមោច​តូច​ណាស់​ទាប​ណាស់ គេ​ដើរ​ជាន់​ពី​លើ​បាន សូម​ព្រះ​អង្គ​កែ​វា​ទៀត​ចុះ​» ព្រះ​អីសូរ​ក៏​សួរ​ទៅ​ស្រមោច​ដោយ​ការ​ក្រែង​មិន​គាប់​ចិត្ដ អែ​ស្រមោច​ក៏​ឆ្លើយ​ថា «ព្រះ​អង្គ​សាង​រូប​ខ្ញុំ​តូច​នេះ​ស្រួល​ពេក​ហើយ តែ​មាន​ភ័យ​អន្ដ​រាយ​មក​ដល់​កាល​ណា ចង់​រត់​ជ្រក​ក្នុង​សំរាម​រឺ​កាក​អំពៅ​ក៏​អិត​ទើស​ អែ​ខាង​អាហារ​សោត​ក៏​រក​បាន​ងាយ តែ​បាយ​រឺ​អង្ករ​១​គ្រាប់ ក៏​ទទួល​ទាន​បាន​ឆ្អែត​បរិ​បូណ៌ រូប​កាយ​ខ្ញុំ​នេះ ឃើញ​ស្រួល​លើស​សត្វ​នានា​ក្នុង​លោក​នេះ មិន​តោង​ចាំ​កែ​ជា​ថ្មី​ទៀត​ទេ​»​។ ព្រះ​អីសូរ​លឺ​សត្វ​ប្រាប់​ក្ដី​សុខ​ចិត្ដ​គ្រប់​គ្នា​ដូច្នេះ​ក៏​ស្ងៀម​ទៅ​ហោង​។ និទាន​រឿង​នេះ​ បាន​ជា​គតិ​យ៉ាង​ណា ចូរ​អែង​អត្ថា​ធិប្បាយ​ទៅ​មើល​?​។

កូន​សិស្ស​តប​ថា និទាន​នេះ​បាន​គតិ​ដូច​ពាក្យ​សុភា​សិត​គឺ​ច្បាប់​ចាស់​ថា «ពាក្យ​ចាស់​ពាក្យ​ពី​ព្រេង ទោស​ខ្លួន​អែង​មើល​មិន​យល់ ទោស​គេ​តូច​សោត​សល់ មើល​យល់​ប៉ុន​ទាំង​ភ្នំ​»​។ មួយ​ទៀត​មាន​គតិ​ក្នុង​និតិ​ថា៖ តិល​មត្ដំ បរេ​សំវ អប្ប​ទោ​សញ្ច បស្សតិ នាឡិ​កេ​រំ​បិ ស​ទោសំ ខល​ជា​តោ ន បស្សតិ បុគ្គល​យល់​ទោស​អ្នក​ដទៃ តូច​ប៉ុន​គ្រប់​ស្ពៃ រឺ​ល្ង​សក ទោស​ខ្លួន​ប៉ុន​ដូង​ទាំង​សំបក បែរ​រក​រិះ​គន់​គយ​មិន​យល់​។ តំរា​សត្វ​លោក​ទាំង​អស់ សឹង​ឃើញ​តែ​ទោស​គេ​ត្រង់​ទោស​ខ្លួន​មើល​មិន​យល់ ដូច​កល​សត្វ​ទាំង​ឡាយ​មាន​ពាន​រ​ជា​ដើម ដែល​ព្រះ​អីសូរ​សួរ​រូប​កាយ​រៀង​ខ្លួន សឹង​ឃើញ​តែ​រូប​អ្នក​ដទៃ ទាស់​មិន​ត្រូវ​ភ្នែក​ខ្លួន​ទាំង​អស់ អែ​ត្រង់​រូបកាយ​របស់​ខ្លួន​អែង សឹង​តែ​អួត​ថា​ល្អ ថា​គាប់​ចិត្ដ​អិត​ក្ដី​ទាស់​អ្វី​ឡើយ​។ អ្នក​ប្រាជ្ញ​គប្បី​ពិចារ​ណាទៅ​ទៀត​ចុះ​។

ចប់តំរាឃើញទោសគេទី១២
រឿងមហាចក្រាមហិស្សរាធីបតី នឹងស្រមោចខ្មៅ

អែ​អគ្គ​មហា​សេនា​បតី បាន​ស្ដាប់​ពាក្យ​ស្រមោច​ដូច្នោះ ក៏​ទទួល​ពាក្យ ទើប​រៀប​អាត្មា​ម្នី​ម្នា​ចូល​ទៅ​គាល់​ព្រះ​បរម​ខត្ដិ​យា​ក្រាប​ទូល តាម​ពាក្យ​ស្ដេច​ស្រមោច​នោះ​គ្រប់​ប្រការ អែ​ព្រះ​មហិស្ស​រា​លឺ​ថា ស្រមោច​ចង់​ចូល​មក​ជា​ព្រះ​រាជ​មេត្រី នឹង​ព្រះ​អង្គ​ដូច្នោះ ក៏​ទ្រង់​ខាត​ព្រះ​ទ័យ​ដោយ​សេច​ក្ដី​យល់​ថា សត្វ​ស្រ​មោច​សង្អារ​ជា​សត្វ​ថោក​ទាប មិន​គួរ នឹង​រាប់​អាន​ទៅ​ទទួល​មេត្រី​នឹង​វា​អោយ​អាប់​ព្រះ​កិត្ដិ​យស​ ព្រះ​អង្គ​​គិត​ហើយ​ទើប​ត្រាស់​ថា «អា​សត្វ​ស្រមោច​ជាតិ តូច​ទាប​ណាស់ យើង​ជា​ស្ដេច​ធំ​ពុំ​គួរ​នឹង​ទៅ​តាំង​ផ្លូវ​ព្រះ​រាជ​មេត្រី​នឹង​វា​ឡើយ អ្នក​អែង​ទៅ​ប្រាប់​វា​ចុះ ថា​យើង​មិន​ទទួល​មេត្រី​ទេ យើង​មេត្រី​តែ​សត្វ​ធំ​ៗ យ៉ាង​រាជសីហ៍​ជា​ដើម​។

ឯ​អគ្គ​មហា​សេនា​បតី​ ជា​អ្នក​មាន​បញ្ញា​ជ្រៅ​ទើប​ក្រាប​ទូល​ទៅ​ថា «ធម្មតា​នាយ​ជាង​ឈើ​រឺ​ជាង​ទង​សឹង​មាន​គ្រឿង​ដែក​តូច ធំ​សំរាប់​ធ្វើការ ការ​អែណា​ធំ​ត្រូវ​ប្រើ​គ្រឿង​ធំ យ៉ាង​ដែក​ឆាប​ពន្លាក​ធំ​ទៅ​ ការ​អែ​ណា​តូច​ល្អិត​ត្រូវ​ប្រើ គ្រឿ​ង​តូច​ៗ​ទៅ ដូច​យ៉ាង​ការ​រាជ​ការ​របស់​ល្អង​ធូលី​ព្រះ​បាទ​សព្វ​ថ្ងៃ​នេះ រាជ​ការ​អែ​ណា​ធំ ក៏​ត្រូវ​ប្រើ​យក្ស​រឺ​គ្រុឌ​រឺ​រាជ​សី​ជា​ដើម​ទៅ បើ​រាជ​ការ​អែ​ណា​តូច​ល្អិត​ដល់​មក​យើង​ត្រូវ​ប្រើ​សត្វ​តូច​ៗ​ទៅ​តាម​ការ​នោះ ដូច​យ៉ាង​សត្វ​ស្រមោច​ក៏​មាន​ប្រ​យោជន៍​ខ្លះ​ដែរ មាន​រឿង​និទាន​ក្នុង​ទស​ជាតក៍ គឺ​រឿង​ព្រះ​មហោ​សថ​បណ្ឌិត​ពោធិ​សត្វ​ថា កាល​នោះ​ព្រះ​បាទ​វិទេស​រដ្ឋ​រាជ​មាន​កែវ​បុរាណ​១ ជា​គ្រឿង​ប្រដាប់​រូប​កែវ​នោះ​វែង​មាន​រន្ធ​វៀច​ជា​សណ្ឋាន​ខ្ចៅ​បុរាណ​គេ​ចោះ​ដា​ក់​ខ្សែ​ ប្រើ​យូរ​មក ខ្សែ​នោះ​ចាស់​រឹល​ក៏​ដាច់​ចេញ​ពី​ដួង​កែវ នឹង​រក​អ្នក​អែ​ណា​យក​ខ្សែ​ដោត​ដាក់​ដូច​មុន​វិញ​ពុំ​បាន ព្រះ​បាទ​វិទេស​រដ្ឋ​រាជ​ប្រើ​រាជ​អាមាត្យ អោយ​នាំ​យក​កែវ​នោះ​ទៅ​អោយ​ព្រះ​ពោធិ​សត្វ​ដាក់​ខ្សែ អែ​ព្រះ​មហោ​សថ​បណ្ឌិត​មាន​បញ្ញា​អាច​ដោត​កែវ​នោះ គឺ​លោក​យក​ខ្សែ​សូត្រ​មក​វិញ​ត្របាញ់ ហើយ​យក​ស្ករ​លាយ​លាប​ចុង​ខ្សែ​ក្នុង​រន្ធកែវ​នោះ លាប​ទឹក​ឃ្មុំ​ដាក់​ជា​នុយ​ស្រមោច អែ​ស្រមោច​ទាំង​ឡាយ​កាល​ធំ​ក្លិន​ស្ករ​ទឹក​ឃ្មុំ​ហើយ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​រន្ធ កែវ​ស៊ី​ស្ករ​ទឹក​ឃ្មុំ​ខាំ​ទាញ​ចុង​ខ្សែ​ទៅ​តាម​រន្ធវៀច​ចេញ​ទៅ​ម្ខាង​បាន ទើប​មហោ​សថ​បណ្ឌិត​ទាញ​ខ្សែ​ដោត​កែវ​បុរាណ​នោះ​បាន​ហើយ​អោយ​នាំ​ទៅ​ថ្វាយ​ព្រះ​បរមក្សត្រិ​យ៍​ក្នុង​ព្រះ​រាជ​បុរី​វិញ​។ រឿង​បុរាណ​មាន​មក​យ៉ាង​នេះ ហេតុ​ដូច្នេះ សូម​ព្រះ​អង្គ​ទ្រង់​ទទួល​ផ្លូវ​ព្រះ​រាជ​មេត្រី​នឹង​ស្ដេច​ស្រមោច​នោះ​ផង​ចុះ​។

ឯ​ព្រះ​បាទ​មហិស្ស​រាធិ​បតី បាន​ស្ដាប់​ពាក្យ​សេនា​បតី​ទូល​នាំ​រឿង​បុរាណ​ជា​គតិ​ដូច្នោះ​ស្ដេច​ក៏​ព្រម​ទើប​ត្រាស់​ថា « អើ​អ្នក​សេនា​បតី បើ​ដូច្នោះ​អ្នក​ទៅ​ប្រាប់​ស្ដេច​ស្រមោច​នោះ​ផង​ចុះ ថា​យើង​ទទួល​មេត្រី​ហើយ​អោយ​វា​វិល​ទៅ​ទីស្ថាន​វា​ចុះ មិន​ចាំ​ឡើង​មក​គាល់​យើង​ទេ​ បើ​យើង​មាន​រាជ​ការ​ត្រូវ​ការ​រក សឹម​អោយ​ឡើង​មក​គាល់​។

ឯ​លោក​អគ្គ​មហា​សេនា​បតី ក៏​ក្រាប​ថ្វាយ​បង្គំ​លា​ចេញ​ចាក​ទី​គាល់ ទៅ​ថ្លែង​សេច​ក្ដី​នោះ​ប្រាប់​ស្ដេច​ស្រមោច ៗ ​ស្រមោច​ក៏​មាន​ចិត្ដ​ត្រេក​អរ ដោយ​សម​ក្ដី​ប្រាថ្នា ទើប​លា​សេនា​បតី​នាំ​ពួក​ពល​ទៅ​កាន់​លំ​នៅ​នៃ​អាត្មា​វិញ​ហោង​។ លុះ​នៅ​មក​មាន​កាល​សម័យ​ថ្ងៃ​មួយ​ ព្រះ​បាទ​ហិស្ស​រាធិ​បតី ស្ដេច​ផ្ទំ​លើ​ព្រះ​ទែន​​ទី មាន​សត្វ​ក្លឹស​១​វារ​ចូល​ទៅ​ក្នុង​រន្ធ​ព្រះ​កាណ៌​នៃ​ព្រះ​អង្គ ស្ដេច​ក៏​ទ្រង់​ក្រោក​ចាក​ទី​បន្ទំ ខំ​យក​ចង្កៀល​ឆ្កៀល​ចាក់​យក​ក៏​ពុំបាន វា​រឹត​តែ​រុក​ទៅ​ខាង​ក្នុង ស្ដេច​ក៏​រឹង​ឈឺ​ពន់​ពេក​ណាស់ ដាស់​សម្ដេច​ព្រះ​ទេវី នូវ​ស្រ្ដី​ព្រះ​ស្នំ​ក្រម​ការ​អោយ​ជួយ​យក​ក្លឹស​នោះ​។

ឯ​អស់​ស្ដ្រី​ស្នំ​ទាំង​ឡាយ មាន​នាង​ទេវី​ជា​ប្រធាន​សឹង​ភិត​ភ័យ​ទី​ទៃ​ៗ នាំ​គ្នា​ហៅ​ពេទ្យ​ហ្ម​មក​ប្រកប​​អោសថ​ដាក់​ចាក់ ទៅ​ ក្លឹស​នោះ​ក៏​មិន​ចេញ​ឡើយ ព្រះ​បរម​ខត្ដិយ​រាជ​ក៏​រឹង​រិត​តែ​ឈឺ​ខ្លាំង តាំង​ពី​មជ្ឈិម​យាម​យប់​ត្រា​ដល់​បច្ចូស​សម័យ ស្ដេច​ក៏​នឹក​ទៅ​ដល់​គ្រុឌ​នាគ​យក្ខ​ គន្ធព្វ​ កុម្ភណ្ឌ រាជ​សីហ៍ នរ​សីហ៍ អោយ​មក​ជួយ​ព្រះ​អង្គ​។ អែ​អស់​ស្ដេច​ទាំង​ឡាយ មាន​ស្ដេច​គ្រុឌ​ជា​ដើម​ក៏​មក​កាន់​ទី​ប្រជុំ​ជំនុំ​គ្នា ដើម្បី​នឹង​គិត​យក​ក្លឹស​នោះ​ជា​កោលា​ហល សឹង​ទញ់​ទាល់​តំរិះ​ប្រាជ្ញា​ទី​ទៃ​ៗ ពុំ​មាន​អ្នក​អែណា​មួយ​នឹង​អាច​យក​អាសា​បាន​។ គ្រា​កាល​នោះ​សេនា​បតី​នឹក​ទៅ​ដល់​ស្ដេច​ស្រមោច​ៗ​ក៏​នាំ​ពួក​ពល​បរិ​វារ​អាត្មា​មក​កាន់​ទី​ប្រជុំ​ ទើប​សេនា​បតី​ប្រាប់​ថា «ព្រះ​ករុណា​ជា​ម្ចាស់​យើង​មាន​ទុក្ខ ដោយ​សត្វ​តូច​ចូល​​ទៅ​ ក្នុង​ព្រះ​កាណ៌​នៃ​ព្រះ​អង្គ អស់​ពួក​ស្ដេច​នានា​សឹង​ទញ់​ទល់​ប្រាជ្ញា​ទី​ទៃ​ៗ សេច​ក្ដី​នេះ​តើ​អ្នក​អែង​គិត​កែ​យ៉ាង​ណា​បាន យើង​រាល់​គ្នា​អស់​តំរិះ​ប្រាជ្ញា​ហើយ​»​។ ស្ដេច​ស្រមោច​បាន​ស្ដាប់​ដូច្នោះ​ហើយ​ក៏​ទទួល​យក​អាសា ទើប​ប្រើ​ស្រមោច ខ្មៅ​ពីរ​ជា​​សេនា​ទាហាន​​អោយ​ចូល​ទៅ​ក្នុង​ព្រះកាណ៌​នៃ​ព្រះ​មហិស្ស​រាធិ​បតី អែ​ស្រមោច​ទាំង​ពីរ ក៏​នាំ​គ្នា​ចូល​ទៅ​ខាំ​ទាញ​យក​ក្លឹស​អំពី​ខាង​ក្នុង​ព្រះ​កាណ៌ ចេញ​មក​ខាង​ក្រៅ​បាន​ហើយ​បង្ហាញ​ដល់​ប្រជុំ​ជន មាន​ព្រះ​បាទ​មហិស្ស​រាធី​បតី​ជា​ដើម អែ​បណ្ដា​ប្រជុំ​ជន​ទាំង​ឡាយ សឹង​មាន​ចិត្ដ​ត្រេក​អរ​សាទរ​មហិមា នាំ​គ្នា​សរ​សើរ​ក្ដី​គាប់​របស់​ស្ដេច​ស្រមោច​នោះ ជា​អនេក​បរិយាយ​ផ្សេង​ៗ ហើយ​នាំ​គ្នា​ថ្វាយ​បង្គំ​លា​ចេញ​ទៅ​កាន់​លំ​នៅ​នៃ​ខ្លួន​ទី​ទៃៗ​។

រឿង​នេះ បាន​ជា​គតិ​ដូច​បុគ្គល​អ្នក​រាប់​អាន​តែ​អ្នក​មាន​យស​ស័ក្ដិ​នូវ​អ្នក​មាន​សម្បត្ដិ ត្រង់​អ្នក​តូច​ពូជ​ទាប​រឺ​ញាតិ​សន្ដាន​ជា​អ្នក​ក្រី​ក្រ ពុំ​រាប់​អាន​ឡើយ លុះ​ដល់​ខ្លួន​មាន​កិច្ច​ការ​ដូច​មាន​អាវា​ហ​មង្គល​ជា​ដើម​ដល់​មក​នឹង​ទៅ​ពឹង​រក​អ្នក​មាន​​សម្បត្ដិ មាន​យស​ស័ក្ដិ​នោះ​មក​អោយ​ជួយ​រែក​សែង​ដង​ទឹក បុក​ស្រូវ ពុះ​អុស​អែ​ណា​ក៏​បាន តោង​ពឹង​អ្នក​តូច​តាម​​ការ​ទាប ការ​គួរ​ធ្វើ​បាន​នោះ​អែង ដូច​​ស្ដេច​មហិស្ស​រាធិប​តី បើ​មិន​ទទួល​មេត្រី​នឹង​ស្ដេច​ស្រមោច​នោះ​ហើយ ដល់​ក្លឹស​វា​ចូល​ត្រចៀក ធ្វើ​ម្ដេច​នឹង​យក​ក្លឹស​នោះ​ចេញ​ពី​ក្នុង​ត្រចៀក​បាន​ ទៅ​ប្រើ​ស្ដេច​គ្រុឌ នាគ យក្ខ គន្ធព្វ កុម្ភណ្ឌ រាជសីហ៍ នោះ​អែ​ណា នឹង​ចូល​ក្នុង​ត្រចៀក​បាន​។ បទ​នេះ​អ្នក​ប្រាជ្ញ​គួរ​ពិចារ​ណា​មើល​ជា​គតិ​លោក​ហោង​។