ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

រឿងប្រពន្ធគ្រប់លក្ខ័ណ៍ និងប្រពន្ធកាឡកិណី
ថ្ងៃសុក្រ ទី24.កក្កដា 2015.ម៉ោង 22:35

ឯ​ចៅ​មាណព​នោះ ក៏​ទទួល​ពាក្យ​សំ​លាញ់​គ្រប់​ប្រការ ហើយ​កាន់​យក​គង​នោះ​លា​ទៅ​ផ្ទះ​អាត្មា មាន​សេច​ក្ដី​ត្រេក​អរ នឹង​បាន​ទ្រព្យ​សម្បត្ដិ​ក្រៃ​ពេក​ណាស់ លុះ​ទៅ​ដល់ ក៏​និយាយ​ប្រាប់​ប្រ​ពន្ធ​សព្វ​សេច​ក្ដី​ហើយ​ប្រើ​ប្រពន្ធ​រៀប​គ្រឿង​ពិធី​បូជា អែ​មេ​កាឡ​កិណី​លឺ​ប្ដី​ប្រើ​អោយ​រក​ទៀន​ ធូប លាជ​ ផ្កា ដូច្នោះ ក៏​ពុំ​ទទួល​រក​ទាំង​ពុំ​មាន​ចិត្ដ​ជឿ​គង​មង្គល​នោះ​ផង​។ អែ​ចៅ​ប្ដី​ឃើញ​ប្រពន្ធ​ខ្លួន​ពុំ​អើ​ពើ​ផង​ដូច្នោះ ក៏​ស៊ូ​ស្ងៀម​ទៅ​ តាំង​រក​ទៀន​ធូប​ដោយ​ខ្លួន​អែង​បាន​ហើយ​ ក៏​តាំង​បូជា លើក​គង​នោះ​នឹង​វាយ​យក​មាស​ប្រាក់ ដាក់​ទំលាក់​អន្លូង​ដល់​ដោះ​គង​នោះ​កាល​ណា​មេ​កាឡ​កិណី​វា​ស្រែក ដង្ហោយ​ឡើង​ថា « អង្គ​ជាតិ​អើយ​ចូល​មក​អោយ​ច្រើន​ទៅ​» និមត្ដ​តែ​ផុត​មាត់​កាល​ណា​រី​អង្គ​ជាតិ​ទាំង​ឡាយ ក៏​កើត​ឡើង​ជាប់​តាម​អវយ​វៈ​រាង​កាយ​នៃ​ចៅ​ប្ដី​នោះ ចៅ​ប្ដី​នោះ​ភិត​ភ័យ​មហិ​មា​ស្រែក​ហៅ​អោយ​ប្រពន្ធ​ជួយ​។ អែ​មេ​ប្រ ពន្ធ​ក៏​ភិត​ភ័យ ទើប​ថា​ «ចូរ​អ្នក​អែង​វាយ​គង​ឡើង​បណ្ដេញ​អោយ​វា​បាត់​ទៅ​វិញ»​។ ចៅ​ប្ដី​ក៏​ឧទ្ទិស​ថា «អង្គ​ជាតិ​អើយ ចូរ​អន្ដរ​ធាន​បាត់​អោយ​អស់​ទៅ​វិញ​ទៅ​» ថា​ហើយ​ក៏​វាយ​គង​នោះ​ជា​គំរប់​ពីរ​ដង​ឡើង និមិត្ដ​តែ​ផុត​ពាក្យ​ផុត​សូរ​គង​នោះ​កាល​ណា អែ​អង្គ​ជាតិ​ទាំង​នោះ ក៏​អន្ដរ​ធាន​បាត់​ទៅ​វិញ​ មិនបា​ត់​តែ​អង្គ​ជាតិ​ថ្មី​នោះ​ឡើយ ទាំង​អង្គ​ជាតិ​ចាស់​គឺ អង្គ​ជាតិ​កំណើត​ខ្លួន​ក៏​បាត់​ទៅ​ទាំង​អស់ បុរស​ស្ទាប​មើល​ដឹង​ថា​អង្គ​ជាតិ​កំណើត គឺ​ពូជ​ចាស់​របស់​ខ្លួន​បាត់​ទៅ​ផង​ដូច្នោះ​ក៏​ប្រាប់​ទៅ​ប្រពន្ធ​ថា គេហ៍​អើយអីលូវ​នេះ​ពូជ​ចាស់​យើង​ក៏​វា​បាត់​ទៅ​ជា​មួយ​នឹង​ពូជ​ថ្មី​នោះ​ហើយ​» មេ​ប្រពន្ធ​លឺ​ដូច្នោះ​ក៏​ភិត​ភ័យ​ខ្លាំង ទើប​ប្រាប់​ប្ដី​អោយ​វាយ​គង​ហៅ​អង្គ​ជាតិ​កំណើត​១ សំរាប់​ខ្លួន​វិញ​។

អែ​ចៅ​នោះ​ក៏​លើក​គង​ឡើង​វាយ និយាយ​ថា «គ្រឿង​ចាស់​របស់​ខ្ញុំ​អើយ ចូរ​មក​កើត​ដូច​ដើម​វិញ​» និមិត្ដ​តែ​ផុត​ពាក្យ​កាល​ណា អង្គ​ជាតិ​ចាស់​ក៏​កើត​ឡើង​ប្រាកដ​ដូច​ដើម​វិញ​ហោង​។ មេ​ប្រពន្ធ​ឃើញ​ឥទ្ធិ​រិទ្ធ​គង​មង្គល​នោះ ពូកែ​ឆុត​ឆាប់​ដូច្នោះ​ក៏​ថា «ចូរ​អ្នក​ស្វាមី​វាយ​ឡើង​ម្ដង​ទៀត​ទៅ​ ខ្ញុំ​នឹង​ឧស្ទិស​ហៅ​មាស​ប្រាក់​អោយ​មាន​ដូច​គេ​វិញ​»​។ ចៅ​ប្ដី​ថា «វាយ​ម្ដង​ទៀត​អែ​ណា​ក៏​បាន​គង​នេះ​វាយ​បាន​តែ​ត្រឹម​វារៈ ៣​ដង អីលូវ​អែង​វាយ​អស់​វារៈ​៣​ដង​ទៅ​ហើយ គឺ​វាយ​ក្នុង​កាល​បថម​នោះ ហង​អែង​ទៅ​ពាំ​នាំ​ហៅ​យក​អង្គ​ជាតិ វាយ​ទី​ពីរ​នឹង​កែ​មាត់​អង្គ​ជាតិ​ក៏​បាត់​ទៅ​ទាំង​ចាស់​ទាំង​ថ្មី វាយ​ទី​បី​ហៅ​បាន​តែ​គ្រឿង​ចាស់​ដដែល​មក​វិញ នឹង​វាយ​ទី​៤ទៀត​អែ​ណា​ក៏​បាន គ្រូ​គេ​ហាម​ផ្ដាច់​មក​ហើយ គិត​ទៅ​មេ​ហង​អែង​ជាកា​ឡ​កិណី ស្រ្ដី​អលក្ខិណា ធ្វើ​អោយ​ខូច​ពិធី​អញ​ទៅ​ហើយ ថា​ហើយ​ចៅ​នោះ​ក៏​យក​គង​មង្គល​នោះ​ទៅ​ជូន​ម្ចាស់​គេ​វិញ​ហោង​។

រឿង​និទាន​នេះ​បាន​គតិ​ដូច​បុគ្គល​គិត​ការ​មិន​ស្រុះ​គ្នា ការ​អែ​ណា​មួយ​តែ​ធ្វើ​មិន​ព្រម​ព្រៀង​គ្នា ហើយ​ការ​នោះ​មិន​សំរេច​ទៅ​បាន​ដូច​និទាន​មេ​កាឡ​កិណី​នោះ​អែង អ្នក​មាន​សតិ​បញ្ញា​គួរ​ពិចារ​ណាទៀត​ចុះ​។

ចប់តំរាកាឡកិណី និងមង្គលមិនស្រមគ្នាទី១៩
រឿងពពែពីដណ្ដើមផ្លូវគ្នា

មាន​ពពែ​ពីរ​តួ ដើរ​មក​ទល់​ជួប​គ្នា​នៅ​កណ្ដាល​ស្ពាន ពពែ​១​ថា​ស្ពាន​នេះ​ចំពោះ​ដើរ​បាន​តែ​តួ​មួយ​ៗ​នឹង​ដើរ​ចៀស​គ្នា​ពុំបាន​ បើ​ដូច្នេះ​ត្រូវ​តែ​អ្នក​អែង​ថយ​ទៅ​ក្រោយ​សិន​ ចាំ​យើង​ដើរ​ទៅ​ដល់​ចុង​ស្ពាន​កាល​ណា សឹម​អ្នក​អែង​ដើរ​ទៅ​ចុះ​។ ពពែ​១​ទៀត​ថា យើង​អែង​មាន​ការ​ជា​បន្ទាន់​ ត្រូវ​តែ​អ្នក​អែង​ថយ​ទៅ​ក្រោយ​សិន ចាំ​យើង​ដើរ​ទៅ​ចុង​ស្ពាន​កាល​ណា សឹម​អ្នក​អែង​ដើរ​ទៅ​ចុះ​។ ពពែ​ទាំង​ពីរ​សឹង​ពុំ​ព្រម​ថយ​ក្រោយ​ដូច​គ្នា កាន់​មានៈ​រៀង​ខ្លួន ក៏​បោល​សំរុក​ជល់​គ្នា​រុញ​ទៅ​ រុញ​មក ដោយ​កំលាំង​ទោ​សោ​មោ​ហោ​បាំង​បិទ​អិត​ប្រាជ្ញា​នឹង​សំរប​គ្នា ជល់​គ្នា​ធ្លាក់​អំ​ពីលើ​ស្ពាន​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​តួ បាន​ក្ដី​វេទនា​ដោយ​ធ្លាក់​ទឹក​មាន​អាការ​ផ្សេង​ៗ​។

រឿង​នេះ​បាន​ជា​គតិ​ដូច​បុគ្គល​ដែល​វិវាទ​គ្នា​ដណ្គើម​ឈ្នះ​រៀង​ខ្លួន ចុះ​ក្នុង​ក្បួន​បុរាណ​ថា ខឹង​កើត​ខាត​មាន​តំកាត់​ឈឺ​ឆោត មាន​ក្ដី​ក្រោធ​ក្ដី​ក្រោធ​ក្រោយ​ក្រៀម​មុខ ខំ​សំរុក​ធ្លាក់​ទឹក ដូច​និទាន​ពពែ​ទាំង​ពីរ​នោះ​អែង គួរ​ចូល​ចិត្ដ​ចុះ​។

ចប់តំរារុញមិនរាជាគតិទី២០
រឿងរាជសីហ៍នឹងកង្កែប

និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សែស មាន​សត្វ​រាជសី​ហ៍​១ ចុះ​ទៅ​ផឹក​ទឹ​ស្រះ​ កាល​នោះ​មាន​កង្កែប​១ នៅ​ក្នុង​ស្រះ​បាន​ឃើញ​រាជ​សីហ៍​ចុះ​មក​ផឹក​ទឹក​ដូច្នោះ​ក៏​ស្រែក​កំហែង​ទៅ​ថា «វ៉ីយ​រាជ​សីហ៍ ហេតុ​អ្វី​ចៅ​មក​លួច​ផឹក​ទឹក​យើង ចៅ​សុំ​នរ​ណា​ហៈ ស្រះ​នេះ​ជា​ស្រះ​របស់​យើង​ គួរ​តែ​គំនាប់​យើង​ជា​ម្ចាស់​ស្រះ​ខ្លះ​អេះ នេះ​អែង​ព្រ​ហើន​កោង​មក​ផឹក​មិន​សុំ​យើង​ជា​ម្ចាស់​ឡើយ​»​។ អែ​រាជ​សីហ៍​លឺ​កង្កែប​ពោល​មក​ដូច្នោះ ក៏​ទោ​សោ​ខ្លាំង ទើប​តប​ទៅ​វិញ​ថា «វ៉ីយ​អា​កង្កែប​តូច​ច្រមក់​ ស្រះ​នេះ​ម៉ែ​ឳ​អា​អែង​ចែក​មក​រឺ​ទើប​បាន​អា​អែង​មក​ពោល​ថា​ខ្លួន​ជា​ម្ចាស់​ស្រះ ស្រះ​នេះ​ហៅ​ជាតិ​ស្រះ គឺ​ស្រះ​កើត​អែង​តាំង​ពី​ព្រេង​មក​ ជា​ស្រះ​សំរាប់​ពួក​សត្វ​ចតុ​ប្បាទ​ទ្វេ​បាទ​និង​មនុស្ស​ទាំង​ឡាយ គេ​តែង​អាស្រ័យ នេះ​ហេតុ​អ្វី​អាអែង​មក​ពោល​កំហែង​អញ ថា​អញ​មិន​គំនាប់​សុំ​អាអែង​នោះ អញ​ចាំ​បាច់​សុំ​ទាន​អាអែង​ធ្វើ​អ្វី អា​អែង​ជា​ម្ចាស់​កាល​ណា នែ​អា​កង្កែប​អែប​នៅ​គុម្ព​ផ្កា អា​មិន​ស្គាល់​រិទ្ធិ​ចេស្ដា​អញ​ជា​ស្ដេច​លើ​ក្បាល​អាអែង​ទេ​រឺ​?​។

កង្កែប​តប​ថា «វ៉ីយ​រាជ​សីហ៍ អែង​អួត​ថា​ខ្លួន​ជា​ស្ដេច​ៗ​មែន​ហើយ តែ​ជា​ស្ដេច​លើ​សត្វ​ចតុប្បាទ​ខាង​ជើង​គោក អែ​អញ​នេះ​សោត ក៏​ជា​ស្ដេច​លើ​សត្វ​ខាង​ជើង​ទឹក រិទ្ធ​ចេស្ដា​អាអែង​ក៏​មិន​លើស​លែង​គ្នា​ អញ​ក៏​ពុំ​កោត​ក្រែង​រិទ្ធ​អំណាច​អា​អែង​ប៉ុន្មាន​ រឺ​អា​អាង​​​រិទ្ធ​សំ​រែក​ស្រែក​អោយ​សត្វ​ទាំង​ឡាយ លឺ​បែក​ត្រ​ជៀក​ស្លាប់​នោះ ត្រង់​សត្វ​ទាំង​ឡាយ​វា​ឆោត​នាំ​គ្នា​កោត​ខ្លាច​សំរែក​រាជ​សីហ៍​ទូ​ទៅ ត្រង់​រូប​អញ​១​នេះ មិន​ឆោត​មិន​ទៅ​កោត​ខ្លាច​សំរែក​អា​នោះ​ទេ អា​ចង់​ស្រែក​យ៉ាង​ណា​ក៏​អញ​មិន​ព្រឺ​។ អែ​រាជ​សី​បាន​លឺ​កង្កែប​ពោល​ពាក្យ​អិត​ក្រែង​ដូច្នោះ ក៏​គិត​ថាអញ​នឹង​បញ្ចេញ​នូវ​សំរែក​អោយ​អា​សត្វ​កង្កែប​នេះ​វា​ស្លាប់​ក្នុង​កាល​អីលូវ​នេះ​អែង គិត​ហើយ​រាជ​សីហ៍​ក៏​ស្រែក​ដោយ​រិទ្ធិ​យ៉ាង​ខ្លាំង​ឡើង​។ អែ​កង្កែប​កាល​រាជ​សីហ៍​ស្រែក​នោះ វា​ក៏​លោត​ចាក​ស្លឹក​ឈូក​មុជ​ចុះ​ទៅ​ក្នុង​ទឹក លុះ​សំរែក​រាជ​សីហ៍​ស្ងប់​បាត់​ហើយ វា​ក៏​ងើប​ឡើង​ទំ​លើ​ស្លឹក​ឈូក​វិញ ហើយ​ពោល​ឡក​ទៅ​ថា « វ៉ី​អា​រាជសីហ៍​អែង​ស្រែក​អំបាញ់​មិញ​នេះ លឺ​មិន​ស្មើ​នឹង​ផោម​អញ​ផង ចូរ​អែង​ស្រែក​ម្ដង​ទៀត​ទៅ​មើល​»​។

អែ​រាជ​សីហ៍​ទោ​​សោ​ខ្លាំង ក៏​តាំង​ស្រែក​ឡើង​លើស​មុន​ ដើម្បី​អោយ​កង្កែប​ស្លាប់ អែ​កង្កែប​ក៏​មុជ​ចុះ​ទៅ​ក្នុង​ទឹក​ទៀ ត លុះ​ស្ងប់​ស័ព្ទ​រាជ​សីហ៍​កាល​ណា វា​ក៏​ងើប​ឡើង​ទំ​លើ​ស្លឹក​ឈូក​ហើយ រាំ​ឡក​ចំអក​អោយ​រាជ​សីហ៍​ដោយ​ប្រការ​ផ្សេង​ៗ​។ អែ​រាជ​សីហ៍​ក៏​រឹង​រឹត​តែ​ខឹង​ខ្លាំង​ តាំង​ប្រឹង​ស្រែក​ខ្លាំង​ឡើង​ទាល់​តែ​ប្រេះ​បែក​បំពង់​ក​ដួល​ចុះ​ដល់​ក្ដី​មរណ​កាល​​ក្នុង​កាល​នោះ​ហោង។ អែ​កង្កែប​ឃើញ​រាជ​សីហ៍​ស្លាប់​ដូច្នោះ ក៏​ត្រេក​អរ​ដោយ​សម​សេច​ក្ដី​ប្រាថ្នា​របស់​ខ្លួន​។

រឿង​នេះ​ បាន​គតិ​បុគ្គល​ទោសា​ក្រោធ​មិន​គិត​អាង​ឥទ្ធិ​រិទ្ធិ អិត​ប្រាជ្ញា​​មិន​ពិចារ​ណា​អោយ​យល់​ហេតុ​នឹង​អន្ដ​រាយ​ខ្លួន​ទៅ​ ខាង​មុខ គិត​តែ​ថា​ខ្លួន​អែង​ធំ​ អែង​មាន​អំណាច កើត​មាក់​ងាយ​មើល​ងាយ​អ្នក​តូច វិនាស​ខ្លួន​ដូច​សត្វ​រាជសីហ៍​នោះ​ហោង​។

ចប់តំរាទោសោអិតសតិសម្បជញ្ញៈទី២១
រឿងទន្សាយនឹងមេខ្លា

មាន​សត្វ​ទន្សាយ​១ ដើរ​ទៅ​បាន​ជួប​នឹង​កូន​ខ្លា​ធំ​ពីរ​នៅ​ខាង​គុម្ព​ឈើ ទើប​សួរ​ទៅ​ថា «វ៉ីយ​កូន​ខ្លា ថ្ងៃ​នេះ​ម៉ែ​អែង​ទៅ​អែ​ណា​ហើយ​។ កូន​ខ្លា​ទាំង​ពីរ​ក៏​ប្រាប់​ថា​ម៉ែ​យើង​ពុំ​នៅ​ទេ គាត់​ចេញ​ទៅ​រក​ស៊ី​ពី​ព្រឹក​មិញ​ហើយ​។ អែ​ទន្សាយ​ក៏​និយាយ​ទៅ​ថា «អញ​មក​នេះ បើ​ម៉ែ​អែង​នៅ​អញ​នឹង​ល្បង​ប៉ោល​ថ្មី​អញ​មើល​ម្ដង ថា​ហើយ​ទន្សាយ​ក៏​ដើរ​ចេញ​ទៅ​ដល់​ព្រៃ​ស៊ុម​ទ្រុម មាន​វល្លិ​ត្អើក​រិត​រុំ​ស្បាត​ជិត ក៏​ចូល​ទៅ​ពួន​សំងំ​ដេក​លើ​ស្ដុក​វល្លិ​ត្អើក​នោះ​អែង​។ ថ្លែង​អែ​មេ​ខ្លា​ដល់​ពេល​ល្ងាច​ស្រ​ទន់​ក៏​ត្រលប់​មក​កាន់​សំបុក​កូន​នៃ​ខ្លួន ដល់​ហើយ​កូន​ទាំង​ពីរ​ប្រាប់​ថា «ម៉ែ​អើយ​ ថ្ងៃ​មិញ​នេះ អា​ទន្សាយ​វា​មក​ពោល​ពាក្យ​អាសុ​រោះ​ចាក់​ដោត​ដល់​ម៉ែ​អែង វា​ថា​បើ​ម៉ែ​អែង​នៅ​នេះ វា​នឹង​ល្បង​ប៉ោល​ថ្មី​វា​មើល​ម្ដង​»​។ មេខ្លា​​លឺ​ដូច្នោះ ក៏​កើត​ទោ​សោ​ក្រោធ​ទន្សាយ ជេរ​ថា​ខ្មោច​អា​សត្វ​ទន្សាយ​អប្រិយ គួរ​អ្វី​មក​ស្ដី​ពាក្យ​ចំអាស​អោយ​អញ​យ៉ាង​នេះ បើ​ដូច្នេះ​នឹង​អត់​អោយ​វា​អែ​ណា​ក៏​បាន គួរ​ទៅ​តាម​ប្រហារ​វា​អោយ​បង់​ជីវិត​ គិត​​ហើយ​មេ​ខ្លា​លា​កូន​ទាំង​ពីរ​ចេញ​ចាក​ទី ចរ​លី​ទៅ​តាម​ទន្សាយ លុះ​ទៅ​ដល់​ព្រៃ​ស៊ុម​ទ្រុម​លប​គន់​មើល បាន​ឃើញ​ទន្សាយ​ដេក​នៅ​នោះ​ មេ​ខ្លា​ក៏​ស្ទុះ​ទៅ​ដោយ​កំលាំង​ទោសោ ដើម្បី​នឹង​ចាប់​ទន្សាយ​ហែក​ប្រហារ​ដោយ​ក្រចក​ជើង​។ អែ​ទន្សាយ​ក៏​​លោត​គេច​ទៅ​ ខាង​ក្រោម​វល្លិ​ត្អើក​ជុត​ក្រញាំ​ជើង​ខ្លា ៗ​លោត​ទៅ​លើ​ស៊ុម​ទ្រុម​ធ្លាក់​ខ្លួន​ចុះ​ស៊ុម​ទ្រុម វល្លិ​វើក​វល្លិ​ត្អើក​ក៏​រិត​រុំ​ជុំ​ខ្លួន​នៃ​មេ​ខ្លា​ជាប់​ជើង​ទាំង​មុខ​ទាំង​ក្រោយ ខំ​បំរះ​ឡើង​ដោយ​កំលាំង​។

ទន្សាយ​ឃើញ​មេ​ខ្លា​ជាប់​រាម​​ដូច្នោះ ក៏​ស្ទុះ​ឡើង​ពី​ខាង​គូថ​នៃ​មេ​ខ្លា​ធ្វើ​អាការ​ ការ​លោ​កិយ​ហើយ​ស្រដី​ថា ហ៊ិះ​ៗ​អែង​ចង់​ល្បង​ប៉ោល​ថ្មី​លេង​ៗ អីលូវ​គេ​អោយ​អែង​ល្បង​ប៉ោល​ថ្មី​ទាល់​តែ​បាន ទន្សាយ​ធ្វើ​អាការ​ផ្ជាល​មេ​ខ្លា​នោះ​ស្រេច​ហើយ ក៏​ស្ទុះ​ចុះ​រត់​ទៅ​កាន់​ទី​ដទៃ​ហោង​។

មេខ្លា​កាល​ទន្សាយ​រត់​ផុត​ទៅ​ហើយ ក៏​ខំ​រើ​ខ្លួន​អំពី​រាម​ស៊ុម​ទ្រុម​នោះ បាន​ហើយ​ក៏​ចេញ​មក មាន​ក្ដី​ខឹង​ទន្សាយ​នោះ​មហិមា នឹង​ទៅ​តាម​ចាប់​វា​ពេល​ក៏​ស្រទន់​ទៀប​ល្ងាច​ហើយ មេខ្លា​ក៏​វិល​ត្រលប់​ទៅ​កាន់​សំបុក​កូន​ខ្លួន​វិញ ដល់​ហើយ​កូន​ទាំង​ពីរ​ក៏សួរ​ថា «ម៉េច​ទៅ​ម៉ែ អា​ទន្សាយ​នោះ​ ម៉ែ​បាន​ពិឃាត​វា​ហើយ​រឺ​»​។ មេ​ខ្លា​ប្រាប់​ថា «ពិឃាត​វា​អែ​ណា​ក៏​បាន ម៉ែ​ទៅ​នេះ ប៉ិន​គេ​យក​កេរ្ដិ៍​ខ្មាស​ទៅ​អោយ​វា​ជា​ម្ដង ណ្ហើយ​ចុះ​ថ្ងៃ​នេះ​អែង​ធ្វើ​ការ​បរា​ជ័យ​ចាញ់​វា ចាំ​ថ្ងៃ​ក្រោយ​ៗ​ទៀត​សឹម​កែ​ខ្លួន​អោយ​បាន​» ថា​ហើយ​មេខ្លា​ក៏​ចូល​ទៅ​ដេក​បំបៅ​កូន​ក្នុង​រូង​នោះ​ហោង​។

រឿង​នេះ​បាន​គតិ​ដូច​បុគ្គល​ខឹង​ហួស​ជ្រួស​ស្នៀត​ដល់​នូវ​ក្ដី​រា​មុខ​ខ្លួន​អែង​វិញ​។ មែន​បុគ្គណា​ខឹង​ហួស​ខឹង​ខ្លាំង​ភ្លាំង​សតិ​បញ្ញា​ហើយ នឹង​បាន​ក្ដី​ក្ដៅ​ក្រហាយ​លើស​មុន​ៗ​នោះ​ទៀត ទាល់​ស្នៀត​ដួល​ខ្លួន​អែង​វិញ ដូច​មេ​ខ្លា​នេះ​អែង​។ មួយ​ទៀត​ក្ដី​ក្រោធ​នេះ​ជា​ភ្លើង​មែន បើ​ឆេះ​ទៅ​ក្នុង​ទី​ណា​ហើយ​ ទី​នោះ​សឹង​វិនាស​ជា​ប្រាក​ដ​បុគ្គល​ណា​កាន់​ក្ដី​ក្រោធ​ខ្លាំង​តាំង ចិត្ដ​គិត​ដុត​អ្នក​ដទៃ​មិន​ឆេះ​ទៅ​អ្នក​ដទៃ​អែ​ណា​ទេ ចំពោះ​ឆេះ​នៅ​ក្នុង​រូប​បុគ្គល​ដែល​ដុត​នោះ​អែង ភ្លើង​ទោសៈ​នេះ​ ដូច​មេ​ឃ្មុំ​ទាំង​ឡាយ តែ​ខឹង​ខំ​ប្រឹង​ទិច​គេ អែ​ទ្រនិច​ឃ្មុំ​នោះ​តែង​សណ្ដក​ចាក​គូថ​ មិន​សណ្ដក​តែ​ទ្រនិច​នោះ​ទេ​សណ្ដក​ជាប់​ដល់​ពោះ​វៀន​ផង លោក​ថា​ឃ្មុំ​ណា​ទិច​គេ ឃ្មុំ​នោះ​អស់​ទ្រ​និច​ហើយ នឹង​តាំង​នៅ​ជា​មេ​ឃ្មុំ​វិញ​ពុំ​បាន សឹង​ធ្លាក់​ជាតិ​ទៅ​ជា​មេ​របោម អ្នក​ប្រាជ្ញ​ខ្លះ​ថា​ឃ្មុំ​នោះ​ស្លាប់​ខ្លួន​អែង​។ មួយ​ទៀត​ការ​ផ្ចាញ់​សត្រូវ​ខ្លួន​ដោយ​ក្ដី​ក្រោធ​តប​នោះ ពុំ​អាច​ឈ្នះ​បាន​ បទ​នេះ​មាន​ក្នុង​គម្ពីរ​លោក​នីតិ​ថា៖

អក្កោធេន ជិនេ កោធំ អសាធុំ សាធុនា ជិនេ កទរិយញ្ច ទានេន សច្ចេនាលិកវទីទំ អធិប្បាយថា៖
ឈ្នះអ្នកក្រោធដោយក្រិត្យមិនក្រោធតបឈ្នះអ្នកអសប្បុរសប្រកបដោយសប្បុរស
ឈ្នះកំណាញ់ដោយអោយទ្រព្យរបស់ឈ្នះបុរសឡេះឡោះដោយពាក្យសត្ស។
មួយទៀតបុគ្គលណាកំចាត់ក្ដីក្រោធបាន បុគ្កលនោះផុតក្ដីក្ដៅក រហាយ ក្ដីសៅសោកបាន ដូចបទបាលីថា៖
កោធំ វិហិត្វា ន កទាចិ សោចតិ មក្ខប្បហានំ អិសយោ វណ្ណយន្ដិ
សព្វេសំ ផរុសវចនំ ខមេថ តំ ខន្ដី អុត្ដមមាហុ សន្តោ

អធិប្បាយថា ៖ ជន​អែ​ណា​កំចាត់​ក្ដី​ក្រោធ​បាន​ ជន​នោះ​គ្មាន​សៅ​សោក​ក្នុង​លោកិយ ព្រះ​ឥសី​សរ​សើរ អ្នក​គប្បី​លះ​បង់​ក្ដី​លុប​គុណ កប​សត្យា អ្នក​អែ​ណា​អាច​អត់​ផុរុវាទ មិន​រលាត​ដោយ​ពាក្យ​បេ​សុញ្ញា សប្បុ​រស​សរ​សើរ​អ្នក​នោះ​ណា កប​ខន្ដី​តី កិក្ខា ជា​ឧត្ដម​។

ចប់តំរាខឹងហួសជ្រួសផ្ដាសបង់ខ្មាសខ្លួនអែងទី២២
ចប់ភាគទី៥ តែប៉ុណ្ណេះ