ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

រឿងសត្វកង្កែប នឹង គោ
ថ្ងៃសុក្រ ទី31.កក្កដា 2015.ម៉ោង 21:19

រឿងនេះ បាន​គតិ​អ្នក​តូច​ចង់​ជា​ធំ គឺ​ចង់​ត្រាប់​កាយ​អ្នក​ធំ ពុំ​សម​ក្ដី​ប្រាថ្នា ក៏​វិនាស​អាត្មា​អែង​វិញ​។ មួយ​បាន​គតិ​ដូច​បុរាណ​តែង «ដំរី​ជុះ​ៗ​តាម​ដំរី​» នោះ​អែង មួយ​ទៀត​មាន​បទ​បាលីក្នុង​គម្ពីរ​លោក​និតិ​ថា៖

អប្បរូបបោ ពហុបាសោ អប្បបញ្ញោ បកាសិតោអប្បបុរោ ឃដេ ខោភេ អប្បខីរា គាវីចលេ។
អធិប្បាយថា៖
ជាតិ​អ្នក​ទាប​ភាព​អ្នក​តូច​សំដី​ខ្ពស់ អិត​ប្រាជ្ញា​យស​ប្រកាស​ថ្លែង
ពាង​ក្អម​ទឹក​មិន​ពេញក្រលក​ក្រលែង មេ​គោ​អែង​ទឹក​ដោះ​តិច​គេច​ធាក់​ក្រាន​។
អធនស្ស រសំ ខាទា អពលស្ស ហតា នរា អប្បញ្ញស្ស វាក្យា កថា អុម្មត្ដកសមា អិមេ ។
អធិប្បាយថា៖
អ្នកអិតធនធាន ចង់ទទួលទាន រសឆ្ងាញ់លើសលែង
អ្នកអិតកំលាំង ចង់តាំងសំដែង ចំបាប់ទាត់ប៉ែង
សំដែងអំនួត។
អ្នកអិតប្រាជ្ញា ល្មោភថ្លែងចរចា ប្រាថ្នាគេអួត
ជន៣ នេះប្រើ ទុកស្មើមនុស្សឆ្កួត ព្រោះឡើងអំនួត
ល្មោភហួសប្រមាណ។

ចប់តំរាតូចចង់ធ្វើធំទី២៣
រឿងលាឈ្មោលត្រាប់តាមកូនឆ្កែ

រឿង​នេះ​បាន​គតិ​ដូច​បុគ្គល ឃើញ​នាយ​ចៅ​ហ្វាយ រឺ អ្នក​ធំ​លោក​មាន​ចិត្ដ​ស្ម័គ្រ​លេង​ល​ចំអន់​នឹង​អ្នក​អែ​ណា​មួយ ហើយ​ខ្លួន​អែង​លោក​មិន​ដែល​លេង​ល​សោះ​ឡើយ ហើយ​ទៅ​និយាយ​រឺ​ប្រើ​អាការ​សិទ្ធ​ដូច​ជា​បុគ្គល​ដែល​លោក​ធ្លាប់​លេង​នោះ ប្រ​ព្រឹត្ដ​ទៅ​មិន​បាន​ដូច​គេ​ទេ តែ​ប្រ​ព្រឹត្ដ​ហើយ​គង់​ដល់​ក្ដី​បរា​មុខ​នា​កណ្ដាល​ជំនុំ​ប្រ​ជុំ​ជន ដូច​យ៉ាង​លា​ចង់​ត្រាប់​កូន​ឆ្កែ​នេះ​អែង គួរ​ចូល​ចិត្ដ​ហោង​។ មួយ​ទៀត ចុះ​គតិថា «គេ​មិន​លេង ខ្លួន​ទៅ​លេង គេ​មិន​សួរ ខ្លួន​ទៅ​ថ្លែង» ការ​អស់​នេះ​ បាន​ក្ដី​ហិន​លក្ខណៈ ក្នុង​លោ​កិយ​នេះ​ប្រាកដ​ដូច​បទ​បាលី​ក្នុង​គម្ពីរ​លោក​នីតិថា​។

អនវ្ហាយំ គមយន្ដោ អបុប្ផា ពហុភាសកោ
អត្ដគុណំ បការសេន្ដោ តិវិធំ ហីនលក្ខណំ។
ប្រែថា៖ គេមិនហៅចូលទៅ ទៅមិនគួរ គេមិនសួរឆ្លើយអែងលើសប្រមាណ ប្រកាសគុណនៃកាយដែលពុំមាន បីនេះបានឈ្មោះហៅ ហីនលក្ខណ៍។

ចប់តំរាគតិធំត្រាប់តូចខូចខ្លួនទី ២៤
រឿងចៅគង្វាលពពែម្នាក់

មាន​ចៅ​គង្វាល​ពពែ​ម្នាក់ កៀង​ពពែ​ទៅ​អោយ​ស៊ី​នៅ​ព្រៃ​ក្រៅ​១ នាំ​សុនខ​ស្រុក​១​ទៅ​ផង លុះ​ទៅ​ដល់​ដើម​ឈើ​ធំ​មួយ មាន​ម្លប់​ត្រជាក់​សប្បាយ​ចៅ​គង្វាល​ពពែ​ក៏​ដោះ​អាវ​ដោះ​មួក ដាក់​​ពាក់​នៅ​លើ​មែក​ឈើ ដាក់​ឈើ​ច្រត់​ផ្អែក​ទៅ​លើ​ប្រគាប​ឈើ​១ ហើយ​ដេក​លេង​រំហើយ​ខ្យល់​ អែ​ឆ្កែ​ស្រុក​នោះ​ក៏​ដេក​នៅ​ខាង​ខ្លួន​ លុះ​ត្រូវ​ខ្យល់​ត្រ​ជាក់ ចៅ​នោះ​ក៏​ដេក​លក់ ទាំង​ឆ្កែ​ក៏​ដេក​លក់​នៅ​ក្រោម​ដើម​ឈើ​នោះ​អែង​។

កាល​នោះ​មាន​ឆ្កែ​ព្រៃ​១​ដើរ​មក ឃើញ​ហ្វូង​ពពែ​ច្រើន គិត​ចង់​ចាប់​ស៊ី តែ​ចូល​ទៅ​ជិត​ហ្វូង​ពពែ​កាល​ណា ពួក​ពពែ​ទាំង​ឡាយ​ភិត​ភ័យ​ផ្អើល នាំ​គ្នា​បោល​ចូល​ទៅ​កាន់​សំណាក់​ឆ្កែ​ស្រុក និង​ម្ចាស់​របស់​វា​អស់​ទៅ​​ ឆ្កែ​ព្រៃ​រក​អោកាស​នឹង​ចាប់​ពពែ​នោះ​ពុំបាន​។ ថ្ងៃ​មួយ​ឆ្កែ​ព្រៃ​គិត​ថា​ អោ​ពួក​ពពែ​អស់​នេះ វា​ឃើញ​រូប​អញ​កាល​ណា វា​សឹង​ផ្អើល​បោល​ទៅ​រក​ម្ចាស់​វា​អោយ​ជួយ​រាល់​ដង អែ​ត្រង់​ម្ចាស់​វា​ដើរ​មក​ជិត​ម្ដេច​ក៏​មិន​ផ្អើល បើ​ដូច្នេះ​ចាំ​អញ​ទៅ​លួច​យក​អាវ​មួក និង​ ឈើ​ច្រត់​មក​ស្លៀក​ពាក់​ធ្វើ​ត្រាប់ អោយ​ដូច​ម្ចាស់​វា​ទើប​វា​មិន​ផ្អើល​ ជា​អោកាស​ងាយ​ចាប់​ស៊ី​បាន​ ឆ្កែ​ព្រៃ​គិត​ដូច្នោះ​ហើយ ទើប​ដើរ​អម​វាង​ចូល​ទៅ​មើល​អាការ​នាយ​គង្វាល​នោះ លុះ​ឃើញ​នាយ​គង្វាល និង ឆ្កែ​ស្រុក​ដេក​លក់ ក៏​ចូល​ទៅ​​លួច​យក​អាវ និង មួក​មក​ពាក់ ហើយ​កាន់​ឈើ​ច្រត់​ក្រោក​ដើរ​ជើង​ពីរ ធ្វើ​អាការ​ដូច​ជា​មនុស្ស​ចូល​ទៅ​ក្នុង​ហ្វូង​ពពែ​បាន​។ ​អែ​ពពែ​ទាំង​ឡាយ​ឃើញ​អាវ​មួក​ឈើ​ច្រត់​ដូច្នោះ ក៏​នឹ​ក​សំគាល់​ថា​ជា​ម្ចាស់​នៃ​ខ្លួន ទើប​មិន​ភិត​ភ័យ​ភ្ញាក់​ផ្អើល​ដូច​កាល​មុន​ៗ នាំ​គ្នា​រក​ស៊ី​ស្មៅ​នូវ​ស្លឹក​ឈើ​រៀងៗ​ខ្លួន​ទៅ​។

ឆ្កែ​ព្រៃ​តាំង​កៀង​ហ្វូង​ពពែ​នោះ អោយ​ចូល​ទៅ​ក្នុង​ព្រៃ​ធំ គិត​ថា​ម្ចាស់​វា​នោះ កាល​នឹង​កៀង នឹង​ដេញ​តែង​បញ្ចេញ​សព្ទ​ថា​ហ៊ឿយ​ៗ យ៉ាង​នេះ បើ​ដូច្នេះ​គួរ​អញ​បញ្ចេញ​ស័ព្ទ​ត្រាប់​អោយ​ដូច​ម្ចាស់​វា គិត​ហើយ​ក៏​ស្រែក​ដេញ​ថា ហ៊ឿយ​ៗ​ដូច្នេះ អែ​សំលេង​ឆ្កែ​ព្រៃ​ដែល​ស្រែក​នោះ​ មិន​​ដូច​សំលេង​មនុស្ស ព្រោះ​ជា​ជាតិ​ខុស​គ្នា សត្វ​តិរច្ឆាន​ត្រាប់​សំលេង​មនុស្ស​មិន​ដូច តែ​ស្រែក​ឡើង​ក៏​ចេញ​ប្រចក្ស​ជា​សព្ទ​ឆ្កែ​ព្រៃ​ធម្មតា​ទើប​ពពែ​ទាំង​ឡាយ​កើត​ភិត​ភ័យ​ផ្អើល​បោល ស្រែក​កង​រំពង​ជា​កាលា​ហល​ឡើង​។ អែ​នាយ​គង្វាល​ពពែ​នឹង​ឆ្កែ​ស្រុក បាន​លឺ​សព្ទ​ពពែ​ផ្អើល​ស្រែក​យំ​កង ក៏​ភ្ញាក់​ចាក​និទ្រាក្រោក​ម្នី​ម្នា ទៅ​កាន់​ហ្វូង​ពពែ បាន​យល់​ឆ្កែ​ព្រៃ​លួច​យក​អាវ​មួក និង​ឈើ​ច្រត់​របស់​ខ្លួន​ទៅ​ប្រដាប់​ខ្លួន​វា ធ្វើ​អាការ​ជា​មនុស្ស​ដូច្នោះ​ នាយ​គង្វាល​ពពែ​ក៏​បង្អៅ​ឆ្កែ​ស្រុក​អោយ​ដេញ​ទៅ​ខាំ​ឆ្កែ​ព្រៃ ហើយ​ជួយ​គ្នា​វាយ​ឆ្កែ​ព្រៃ​នោះ​ដួល​ចុះ​ដល់​នូវ​ក្ដី​មរណ​កាល​កណ្ដាល​ព្រៃ​ធំ​នោះ​ហោង នាយ​គង្វាល​ពពែ​ក៏​ដោះ​យក​អាវ និង មួក​អំពី​សាក​សព​នៃ​ឆ្កែ​ព្រៃ​នោះ​មក​វិញ ហើយ​ក៏​ដេញ​ពពែ​វិល​មក​ផ្ទះ​អាត្មា​ហោង​។

រឿង​នេះ​បាន​គតិ​ដូច​មនុស្ស​ចង់​សំដែង​កាយ​អោយ​ដូច​គេ​អ្នក​ជាតិ​ខ្ពស់ ទោះ​ជា​ធ្វើ​យ៉ាង​ណា​ៗ ក៏​គង់​មិន​ដូច​គេ គង់​ចេញ​កិរិយា​ប្រក្រតី​ខ្លួន នោះ​មក​ខាង​ក្រៅ​អោយ​គេ​ស្គាល់​ជាតិ​ខ្លួន​បាន ដូច​យ៉ាង​ឆ្កែ​ព្រៃ​លួច​យក​អាវ​យក​មួក​គេ​ពាក់ ទាំង​កាន់​ឈើ​ច្រត់​ជា​ដំបង អាការ​ខាង​ក្រៅ​នោះ​ ធ្វើ​ទៅ​បាន​ដូច​មនុស្ស​ប្រាកដ តែ​សព្ទ​សំលេង​ខាង​ក្នុង ធ្វើ​ទៅ​ពុំ​ដូច​មនុស្ស ពួក​ពពែ​អាច​ស្គាល់​ជា​ឆ្កែ​ព្រៃ​ទៅ​បាន​។ បទ​នេះ​ដូច​ពាក្យ​គតិ​បុរាណថា៖ «សំលេង​ប្រាប់​ភាសា​កិរិយា​ត្រាប់​ត្រកូល​» ដូច​ជាតិ​អ្នក​បាសាក់​ព្រះ​ត្រពាំង អ្នក​សៀម​រាប រឺ អ្នក​ប្រទះ​ឡាង​ជា​ដើម​មនុស្ស​​ពួក​អស់​នេះ ទោះ​ស្លៀក​ពាក់​តែង​រូប​កាយ​ប្រដាប់​ដូច​អ្នក​ក្រុង​យ៉ាង​ណា ក៏​ត្រាប់​បាន តែ​បើ​ហ៊ាន​និយាយ​ឡើង​កាល​ណា សំលេង​នោះ​ប្រាប់​អោយ​គេ​ដឹង​ថា ខ្លួន​ជា​អ្នក​បាសាក់ ព្រះ​ត្រពាំង សៀម​រាប ស្រុក​ប្រទះ​ឡាង មាន​អាង​នឹង​សំនៀង​ប្រាប់​ភាសា​ខ្លួន​ស្រាប់​។

មួយទៀត លោក​អ្នក​ផ្សេង​ភាសា​គ្នា ទោះ​ជា​ចេះ​និយាយ​បាន​យ៉ាង​ណា​ៗ សំនៀង​បែង​នោះ​គង់​ចេញ​អោយ​គេ​ដឹង​ថា​អ្នក​នេះ​ចិន​ឆៅ អ្នក​នេះ​ជា​យួន​ជា​សៀម​ជា​ដើម​ទៅ​បាន​។ បទ​អស់​នេះ​អ្នក​ប្រាជ្ញ​គួរ​ពិចារ​ណា​ទៅ​ទៀត​ចុះ​។

ចប់តំរាគតិអ្នកទាបត្រាប់ភាសាអ្នកខ្ពស់ទី២៥
រឿងចៅមានពចញ្ចឹមមេឆ្មា១

និទាន​នេះ​មាន​ក្នុង​ក្បួន​បារាំង​សេស មាន​ចៅ​មាណព​ម្នាក់​ចិញ្ចឹម​មេ​ឆ្មា​១ ទុក​សំរាប់​អោយ​ខាំ​កណ្ដុរ មេឆ្មា​នោះ​មាន​មារ​យាទ​ល្អ ចៅ​មាណព​ក៏​ស្រ​លាញ់​មេ​ឆ្មា​នោះ​មហិ​មា តែ​ពេល​ចូល​និទ្រា​កាល​ណា ក៏​ហៅ​មេ​ឆ្មា​នោះ​មក​ដេក​ជា​មួយ​នឹង​ខ្លួន​​តែ​សព្វ​ៗ​ថ្ងៃ មេ​ឆ្មា​ក៏​មាន​ចិត្ដ​ស្រ​លាញ់​ម្ចាស់ ដោយ​ភាព​សត្វ ចៅ​មាណព​ស្រលាញ់​ឆ្មា​ខ្លាំង​ ក៏​តាំង​អធិដ្ឋាន​សំពះ​បន់​ស្រន់​ដល់​ព្រះ​ឥសូរ​ថា «ព្រះ​ម្ចាស់​ទេវ​តា​អើយ សូម​មក​ជួយ​ប្រ​សិទ្ធី​រូប​មេ​ឆ្មា​នេះ អោយ​ក្លាយ​កាយ​កើត​ជា​មនុស្សស្រី​​ឡើង ខ្ញុំ​នឹង​យក​ជា​ភរិយា​»​។

គ្រា​កាល​នោះ ឥសូរ​ទេវ​រាជ លឺ​ចៅ​មាណព​ប្រា​រព្ធ​នឹក​ដល់​គុណ​ខ្លួន ក៏​អាណិត​ចៅ​មាណព​នោះ ទើប​ហោះ​មក​ប្រសិទ្ធី​មេ​ឆ្មា​នោះ​អោយ​កើត​កាយ​ក្លាយ​ជា​ស្រី​ក្រមុំ ហើយ​ផ្សំ​ផ្គុំ​អោយ​ជា​ភរិយា​នៃ​ចៅ​មាណព​នោះ​អែ​។ អែ​ចៅ​មាណព​កាល​សម​ក្ដី​ប្រាថ្នា​ហើយ​ ក៏​មាន​ចិត្ដ​ត្រេក​អរ​សាទរ​ក្រៃ​លែង​ណាស់​ ចាប់​ផ្ដើម​ពី​ថ្ងៃ​នោះ អ្នក​ទាំង​ពីរ​ក៏​បាន​នៅ​រួម​សុខ​ទុក្ខ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយ​ភាវៈ​ជា​អ្នក​ស្រែ​ចំការ​តាម​ធម្មតា​លោ​កិយ​។

ថ្ងៃ​មួយ​ជា​ពេល​រាត្រី ប្ដី​ប្រ​ពន្ធ​ក៏​ចូល​និទ្រា​លើ​គ្រែ​ជា​មួយ​គ្នា កាល​នោះ​មាន​កណ្ដុរ​២គូ វា​វារ​មក​ខាង​នាង​ភរិយា​នោះ នាង​នោះ​ដោយ​ជាតិ​ជា​ឆ្មា​តែង​ធ្លាប់​ចាប់​កណ្ដុរ លុះ​កណ្ដុរ​វារ​មក​ខាង​ខ្លួន​ ក៏​ស្ទុះ​ក្រោក​លោត​ទៅ​ចាប់​កណ្ដុរ​ដោយ​រហ័ស ធ្លាក់​ចុះ​អំពី​គ្រែ​បោក​ក្បាល​ទៅ​ជើង​គ្រែ​។ អែ​ ចៅ​ប្ដី​ក៏​ភ្ញាក់​ក្រោក​ម្នី​ម្នា​ស្ទុះ​ប្រ​ញាប់​ចាប់​បាន​ជើង​នាង​ប្រពន្ធ ហើយ​លើក​ឡើង​តាំង​បបក់​ព្រលឹង​លួង​លោម​សួរ​ថា «ហៃ​មាស​ពិសី មាន​ហេតុ​អ្វី​បាន​ជា​ប្អូន​ក្រោក​លោត​ចេញ​អំពី​ទី​ដំនេក​ដូច្នេះ»​។ អែ​នាង​នោះ​ដឹង​ខ្លួនន ក៏​កើត​ក្ដី​អៀន​ខ្មាស​ប្ដី បិទ​សេច​ក្ដី​នោះ​មិន​សំដែង​អោយ​ប្ដី​ដឹង​ឡើយ ឆ្លើយ​បង្វែង​ថា ខ្លួន​យល់​សប្ដ​មមើ​ទៅ​ផ្ដាស ពុំ​ដឹង​ខ្លួន​ប្រាណ​សោះ​ឡើយ​។ អែ​កិរិយា​នាង​ឆ្មា​ប្រ​ព្រឹត្ដ​ក្រោក​ចាប់​កណ្ដុរ​នោះ​មិន​មែន​តែ ១​វេលា​ទេ គឺ​តែ​ដេក​លក់​ហើយ មាន​កណ្ដុរ​វារ​មក​ខាង​ខ្លួន​កាល​ណា តែង​ស្ទុះ​ក្រោក​លោត​ចាប់​កណ្ដុរ​ក្នុង​កាល​នោះ​ អែង​​នាង​ឆ្មា​ប្រ​ព្រឹត្ដ​យ៉ាង​នោះ​តែ​រៀង​ៗ​មក ទាល់​តែ​ចៅ​ប្ដី​មិន​ហ៊ាន​អាយ​ដេក​លើក​គ្រែ នាំ​អោយ​ដេក​តែ​នៅ​ទី​ផ្ទៃ​រាប​ដរាប​អស់​អាយុ​នឹង​គ្នា ត្រា​តែ​ទៅ​តាម​យថា​កម្ម​ហោង​។

រឿង​នេះ​បាន​ជា​គតិ​ជាតិ​លះ​វាសនា​ខ្លួន​ចោល​ពុំ​បាន គឺ​ខ្លួន​ធ្លាប់​សន្សំ​នូវ​អារម្មណ៍​​ពី​ដើម​យ៉ាង​ណា​មក អា​រម្មណ៍​នោះ​ជាប់​តាម​មិន​ដាច់ លះ​បង់​ទៅ​ពុំ​បាន​ដូច​ធ្លាប់​លេង​ល្បែង​នានា មាន​ល្បែង​លេង​ចំបាប់ ប្រដាល់​ជា​ដើម ទោះ​ដល់​ខ្លួន​ចាស់​ជរា​ហើយ លើក​លែង​ល្បែង​នោះ​ចេញ​ ក្ដី​ បើ​មាន​អ្នក​អែ​ណា​មួយ​ទៅ​និយាយ​ត្រូវ​ត្រង់​អារម្មណ៍​ខ្លួន​ធ្លាប់​ប្រ​ព្រឹត្ដ​មក​នោះ ក៏​កើត​ចិត្ដ​លោភ​ឡើង សំដែង​នូវ​កិរិយា​នៃ​ល្បែង​នោះ​អួត​បង្ហាញ​អោយ​គេ​បាន​ដឹង​លឺ​ឡើង​ប្រាកដ​។

មួយ​ទៀត បុគ្គល​កើត​ក្នុង​វង្ស​ត្រ​កូល ដែល​មាន​កិរិ​យា​យ៉ាង​ណា កិរិ​យា​នោះ​ជាប់​តាម​សន្ដាន​ចិត្ដ នឹង​គិត​លះ​បង់​ចោល​បាន​ដោយ​ក្រ កិរិយា​មារ​យាទ​ជា​កំនើត​កើត​មក​សំរាប់​រូប​កាយ​នេះ សឹង​ប្រ​ព្រឹត្ដ​ទៅ​ជា​ផ្លូវ​ជា​គន្លង​ចេញ​អោយ​គេ​យល់​គេ​ស្គាល់​បាន​ក្នុង​កាល​ប្រជុំ​ជន​។​ បទ​នេះ​ សម​ដោយ​ពាក្យ​បុរាណ​ថា «ក្រកូល​ស​ជាតិ មារ​យាទ​ស​ពូជ» អធិប្បាយ​ថា ជាតិ​កំនើត​ល្អ​អា​ក្រក់ សឹង​ប្រ​ព្រឹត្ដ​ទៅ​តាម​ត្រ​កូល​មែន ត្រកូល​អ្នក​ល្អ​ក៏​កើត​ជាតិ​ល្អ មិន​លះ​បង់​ជាតិ​ល្អ​ជាតិ​បណ្ឌិត​ទៅ​បាន ទោះ​ធ្លោយ​ធ្លាក់​ចុះ​ជា​អ្នក​ក្រី​ក្រ​ក្ដី ក៏​លះ​បង់​មារ​យាទ​ល្អ​ទៅ​ពុំ​បាន​ នៅ​មាន​មារ​យាទ​ល្អ​ដដែល​។ បទ​នេះ​បាន​ដូច​បទ​បាលី​ក្នុង​គម្ពីរ​លោក​និតិ​ថា៖

សុក្ខោបិ ចន្ទនតរូ ន ជហាតិ គន្ធំ នោគោ គតោរណមុខេ ន ជហាតិ លីលំ
យន្ដេ គតោ មធុរសំ ន ជហាតិ អុច្ឆចទុក្ខោបិបណ្ឌិតជនោ នជហាតិ ធម្មំ។

ប្រែថា ជាតិ​ខ្លឹម​ចន្ទន៍​ទោះ​ក្រៀម​ស្វិត​ក្រញង់ មិន​បះ​បង់​ក្លិន​ក្លែប​សុគន្ធា ដំរី​សារ​ទោះ​ចូល​សឹក​យុទ្ធនា មិន​លះ​បង់​លី​លា​ល្គាយ​ល្គង​ក្រាយ​។ ជាតិ​អំពៅ​ទោះ​នៅ​ក្នុង​យន្ដ​គាប មិន​លះ​បង់​សភាព​រស់​ផ្អែម​សាយ ជាតិ​បណ្ឌិត​ទោះ​មាន​ទុក្ខ​ក្នុង​កាយ មិន​ជិន​ណាយ​លះ​បង់​ព្រះ​ធម៌​ថ្ងៃ​។

ចប់តំរាបង់វាសនាពុំរួចទី២៦