រឿងសត្វស្កាពីរបែកគ្នារកចំណី

  និទាន​នេះ​មាន​ដំនាល​ក្នុង​រឿង​បារាំង​សេស មាន​សត្វ​ស្កា​ពីរ​ ស្កា​មួយ​ទទួល​ស៊ី​តែ​សត្វ​ជើង​បួន​ ស្កា​មួយ​ទទួល​ស៊ី​តែ​សត្វ​ស្លាប​។ អែ​ស្កា​ស៊ី​សត្វ​ស្លាប​ ដើរ​ស្វែង​រក​អា​ហារ​​បាន​ឃើញ​សត្វ​ប្រ​ចៀវ​មួយ​ទំ​សំយុង​ខ្លួន​នៅ​អាង​ភ្នំ​ ក៏​ស្ទុះ​ទៅ​ចាប់​ប្រចៀវ​នោះ​បាន​ ហើយ​ពោល​ថា​អញ​រក​តែ​សត្វ​ស្លាប​នឹង​ស៊ី​ អីលូវ​បាន​សត្វ​ស្លាប​សម​ក្ដី​ប្រា​ថ្នា​អញ​ហើយ​។​ ប្រ​ចៀវ​​បាន​លឺ​ស្កា​ថា​​ដូច្នោះ​ ក៏​ពោល​ឡើង​ថា​ «​ខ្ញុំ​នេះ​នឹង​បាន​ជា​ពួក​សត្វ​ស្លាប​ ជា​អន្ឌ​ជៈ​ កំណើត​កើត​ដោយ​ស៊ុត​ក៏​ទេ​ ខ្ញុំ​នេះ​ជា​ពួក​កន្ដុរ​សត្វ​ជើង​បួន​ ជា​ជលម្ពុជៈ​ កំណើត​ទេ​តើ​ បើ​អ្នក​មិន​ជឿ​ខ្ញុំ​ អញ្ជើញ​មើល​មុខ​ខ្ញុំ​ចុះ​ មុខ​ខ្ញុំ​ជា​កន្ដុរ​ មាន​ស្លឹក​ត្រ​ចៀក​ទាំង​ពីរ​ដូច​កន្ដុរ​នោះ​​អែង​​ ដែល​ខ្ញុំ​ហើរ​បាន​នោះ​ គឺ​ហើរ​ដោយ​ស្បែក​ នឹង​បាន​ជា​សត្វ​ស្លាប​មាន​រោម​ដូច​បក្សី​កាល​ណា»​។ ស្កា​លឺ​ដូច្នោះ​ ក៏​គន់​មើល​មុខ​ប្រចៀវ​ យល់​ដូច​មុខ​កន្ដុរ​មែន​ ទើប​ថា​អញ​នេះ​ខុស​សញ្ញា​ខ្លួន​ហើយ​ ថា​ហើយ​ក៏​លែង​ប្រ​ចៀវ​អោយ​ហើរ​ទៅ​ អាត្មា​អែង​ក៏​ទៅ​ស្វែង​រក​អាហារ​នាទី​អែ​ទៀត​ហោង​។

ប្រច្រៀវ​នោះ​បាន​រួច​ពី​មាត់​ស្កា​ហើយ​ ក៏​ហើរ​ទៅ​ទំ​សំយុង​ចុះ​នៅ​ជ្រុង​ថ្ម​មួយ​។ ក្នុង​ថ្ងៃ​នោះ​ស្កា​ដែល​ប្រកាន់​ស៊ី​សត្វ​ជើង​បួន​ ដើរ​ស្វែង​រក​អាហារ​ លុះ​មក​ដល់​ទី​ជ្រុង​ថ្ម​បាន​ឃើញ​ប្រចៀវ​នោះ​ ក៏​ស្ឋុះ​លោត​ទៅ​ចាប់​បាន​ ហើយ​ពោល​ថា អញ​រក​តែ​សត្វ​កណ្ដុរ​ជាតិ​សត្វ​ជើង​បួន អីលូវ​បាន​វា​សម​ក្ដី​ប្រថ្នា​ហើយ​ អញ​នឹង​ស៊ី​វា​អីលូវ​នេះ​។ ប្រចៀវ​ឆ្លើយ​ថា «ខ្ញុំ​នេះ​នឹង​បាន​ជា​កណ្ដុរ​ពួក​សត្វ​ជើង​បួន​កាល​ណា​ ខ្ញុំ​ជា​សត្វ​បក្សា​ជើង​ពីរ​ទេ​ ចូរ​អ្នក​មើល​ស្លាប​មើល​ជើង​ខ្ញុំ​ចុះ​ បើ​អ្នក​មិន​ជឿ​អ្នក​លែង​ខ្ញុំ​ អោយ​ហើរ​មើល​ទៅ​»​។ ស្កា​ក៏​គន់​មើល​ឃើញ​ស្លាប​ឃើញ​ជើង​ពីរ​ ដូច​ពាក្យ​ប្រចៀវ​ពោល​មែន​ ទើប​លែង​ប្រចៀវ​នោះ​​បង់​ ហើយ​ក៏​ចេញ​ទៅ​រក​អាហារ​ក្នុង​ទី​អែ​ទៀត​ហោង​។

រឿង​នេះ​ បាន​គតិ​ដល់​បុគ្គល​អ្នក​គេច​កែ​ប្រែ​ក្នុង​កាល​ដែល​គេ​ប្រើ​ រឺ​ក្នុង​កាល​គេ​ឃោសនា​យក​អ្វី​ៗ​ដូច​យ៉ាង​ចៅ​ជ្វា​ម្នាក់​តាំង​លំ​នៅ​ក្នុង​ភូមិ​ខ្មែរ​ ថ្ងៃ​មួយ​មាន​រាជ​ការ​អោយ​កេណ្ឌ​យក​ពួក​ជ្វា​ទៅ​ចែវ​ទូក​ប្រណាំង​ ចៅ​នោះ​គេច​កែ​ថា​ ខ្ញុំ​បាទ​នេះ​ជា​ខ្មែរ​ទេ​ បើ​លោក​មិន​ជឿ​អញ្ជើញ​មើល​រូប​ខ្ញុំ​បាទ​ចុះ​ ខ្ញុំ​បាទ​នឹង​បាន​កោរ​ក្បាល​ពាក់​កន្ដិប​ស្លៀក​សារុង​កាល​ណា​ ខ្ញុំ​បាទ​ស្លៀក​ពាក់​ជា​ខ្មែរ​ ដូច​ខ្មែរ​ទាំង​ឡាយ​ក្នុង​ស្រុក​នេះ​ដែរ​។ នាយ​កំណែន​លឺ​ដូច្នោះ​ ក៏​លែង​កេណ្ឌ​ចៅ​នោះ​ ៗ​ក៏​រួច​ខ្លួន​ហោង​។ លុះ​យូរ​មក​រាជ​ការ​អោយ​កេណ្ឌ​យក​ខ្មែរ​បរ​រទេះ​ជូន​អាជ្ញា​ហ្លួង​ គេ​ទៅ​រក​កេណ្ឌ​ចៅ​នោះ ​ៗ​នោះ​គេច​កែ​ប្រែ​ថា ខ្ញុំ​បាទ​នេះ​ជា​ជាតិ​ជ្វា​ចាម​ទេ​ នឹង​បាន​ជា​ខ្មែរ​កាល​ណា​ បើ​លោក​មិន​ជឿ​ខ្ញុំ​បាទ​ក្រែង​ខ្ញុំ​បាទ​កុហក​ ខ្ញុំ​បាទ​ហ៊ាន​បង្ហាញ​ របស់​កំបាំង​ខ្លួន​ ជូន​លោក​មើល​ជា​សាក្សី​។ នាយ​កំណែន​លឺ​ដូច្នោះ​ក៏​លែង​កេណ្ឌ​ចៅ​នោះ​ ៗ​រួច​កំណែន​បរទេះ​នោះ​ហោង​។

លុះ​ដល់​ពួក​តុក​ទួន​ជ្វា​គេ​ឃោសនា​បណ្ដា​ជ្វា​ដូច​គ្នា យក​ប្រាក់​សាង​សា​រ៉ាវ​ ចៅ​នោះ​គេច​កែ​ថា​ខ្លួន​ខ្មែរ​ទេ​ នឹង​ចេញ​ប្រាក់​ធ្វើ​បុណ្យ​ជ្វា​ដូច​ម្ដេច​បាន​ បើ​សាសន៍​ខុស​គ្នា​យ៉ាង​នេះ លុះ​នៅ​យូរ​មក​មាន​ពួក​បុរស​ខ្មែរ​គេ​ទៅ​ឃោសនា​ចៅ​នោះ​អោយ​ ចេញ​ប្រាក់​សាង​ព្រះ​វិហារ​ ចៅ​នោះ​ក៏​គេច​កែ​ប្រែ​ថា​ខ្លួន​ជា​ជ្វា​ទេ​ នឹង​ចេញ​ប្រាក់​ធ្វើ​បុណ្យ​ដូច​ម្ដេច​បាន​ បើ​សាសន៍​ខុស​គ្នា​យ៉ាង​នេះ​។

មនុស្ស​គេច​កែ​ប្រែ​ប្រកប​ទៅ​តាម​ពួក​ ចូល​ទៅ​ក្នុង​សំណាក់​ពួក​ណា ក៏​ឆ្លើយ​ថា​ខ្លួន​ជា​ពួក​នោះ​ដែរ​ ប្រចុប​ប្រចែង​តែង​កល​ យក​លាភ​ក្នុង​ពួក​នោះ​ៗ យ៉ាង​នេះ​ក៏​មាន​ អញ្ជើញ​ប្រាជ្ញ​គិត​ត​ទៅ​ទៀត​ចុះ​។

ប្រអើយប្រចៀវ ចេះគេចចេះកៀវ ចេះកែប្រែជាតិ
ចោទថាបក្សា ឆ្លើយចតុប្បាទ បំណងស្កាខាត
ខានបរិភោក្ដា។
ក្រោយចោទចតុប្បាទ កែប្រែជាជាតិ សកុណបក្សា
ស្កាស្កុនខានស៊ី ខុសទីសញ្ញា ផ្លូវពីរយាត្រា
តាមតែនឹងត្រាប់
ចប់តំរាគេចខ្លួន ជាគតិទី៥៣

រឿងសត្វត្រចៀកកាំ និង គ្រាប់

និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សែស​ មាន​សត្វ​ត្រចៀក​កាំ​មួយ​ ហើរ​ទៅ​ឃើញ​អ្នក​ចំការ​ម្នាក់​ព្រួស​គ្រាប់​ធ្មៃ​ គ្រាប់​​ក្រចៅ​នៅ​ទី​មួយ​ ក៏​គិត​ឃើញ​ថា គ្រាប់​ពូជ​នេះ​កើត​ឡើង​ជា​សត្រូវ​ដល់​ពួក​សកុ​ណ​បក្សី​នានា​ លុះ​គិត​ដូច្នោះ​ហើយ​ ក៏​ហើរ​ទៅ​ប្រាប់​បក្សី​ចាប​ទាំង​ឡាយ​ថា «ម្នាល​ចាប​ទាំង​ឡាយ​ អ្នក​អែង​រាល់​គ្នា​ បាន​ឃើញ​សត្រូវ​របស់​ខ្លួន​ហើយ​រឺ​? ចាប​ទាំង​ឡាយ​បាន​លឺ​ហើយ​ក៏​សួរ​ថា «សត្រូវ​របស់​យើង​នោះ​នៅ​អែ​ណា​ហៈ​? ​។ ត្រចៀក​កាំ​ប្រាប់​ថា «អ្នក​ទាំង​ឡាយ​បាន​ឃើញ​មនុស្ស​ម្នាក់​ គេ​ព្រួស​គ្រាប់​ធ្មៃ​គ្រាប់​ក្រចៅ​​រឺ​ទេ​?​ គ្រប់​ពូជ​នោះ​ហើយ​ ជា​សត្រូវ​ដល់​អ្នក​ទាំង​ពួង​ នែ​​អ្នក​ទាំង​ឡាយ​ អែ​គ្រាប់​ពូជ​នោះ​ តែ​ដុះ​ឡើង​កាល​ណា​ គេ​កាប់​យក​ទៅ​កូត​ថ្ពូត​ធ្វើ​ជា​សំណាញ់​ជា​លប់​ ដាក់​យក​ពួក​ចាប​ទាំង​ឡាយ​ទៅ​ប្រហារ​បរិ​ភោគ​តាម​ក្ដី​ប្រាថ្នា​ ហេតុ​នោះ​បាន​ជា​យើង​ពោល​ថា​គ្រាប់​ពូជ​នោះ​ ជា​សត្រូវ​របស់​ចាប​ព្រាប​ទាំង​ឡាយ​នឹង​កើត​មាន​ទៅ​ខាង​មុខ​ អើ​បើ​អ្នក​ទាំង​ឡាយ​ចង់​បាន​ក្ដី​សុខ​ទៅ​ខាង​មុខ​ គួរ​តែ​នាំ​គ្នា​ចុះ​ទៅ​ស៊ី​គ្រាប់​ពូជ​នោះ​ រឺ​ជួយ​ចឹក​ពាំ​នាំ​គ្រាប់​ពូជ​នោះ​ ទៅ​ចោល​អែ​ទី​មាន​ស្មៅ​អោយ​អស់​ កុំ​អោយ​ពូជ​នេះ​ដុះ​ឡើង​បាន​ បើ​បណ្ដោយ​អោយ​កើត​ហើយ​ ក្ដី​អន្ដ​រាយ​ចំពោះ​ នឹង​ មាន​ដល់​អ្នក​ទាំង​ឡាយ​​ទៅ​​មុខ​​មិន​ខាន​ឡើយ​»​។ អែ​ហ្វូង​ចាប​នោះ​ ទុក​ជា​បាន​លឺ​ពាក្យ​ត្រចៀក​កាំ​ប្រាប់​ដូច្នោះ​ ក៏​ពុំ​មាន​អើ​ពើ​ធ្វើ​តាម​ឡើយ​ នាំ​គ្នា​ព្រងើយ​កន្ដើយ​ដោយ​ភាព​កំជិល​ ភាព​សប្បាយ​ មិន​យល់​ក្ដី​ទុក្ខ​ទៅ​ខាង​មុខ​ នឹង បៀត​បៀន​ខ្លួន​ឡើយ​ លុះ​នៅ​យូរ​មក ក្រ​ចៅ​ធ្មៃ​នោះ​ ដុះ​ចំរើន​ធំ​ឡើង​ដល់​ចាស់​កំនត់​ពេញ​ការ​ ចៅ​ម្ចាស់​ចំការ​ ក៏​កាប់​យក​ទៅ​កូត​ថ្ពូត​ជា​ខ្សែ​ ហើយ​ចង​ជា​សំណាញ់​ បាន​ជា​លប់​យក​ទៅ​ដាក់​ចាប​នៅ​ទី​វាល​មួយ​។ ចាប​ទាំង​ឡាយ​ មិន​ស្គាល់​ជា​លប់​ បាន​ឃើញ​ស្រូវ​ដែល​គេ​បាច​សាច​ជា​នុយ​ ក៏​នាំ​គ្នា​ចុះ​ស៊ី នាយ​លប់​ក៏​ទាញ​លប់​វាត់​ក្រសោប​រួប​យក​ចាប​ទាំង​ហ្វូង​នោះ​បាន​ ហើយ​ចាប់​ដាក់​ទ្រុង​យក​ទៅ​លក់​ទៅ​ប្រហារ​ស៊ី​ហោង​។

អែ​ចាប​ទាំង​ឡាយ​ កាល​ត្រូវ​លប់​ ត្រូវ​ទ្រុង​គេ​ហើយ​ ទើប​នាំ​គ្នា​គិត​ដល់​អោ​វាទ​នៃ​សត្វ​ត្រចៀក​កាំ​ដែល​បាន​និយាយ​ប្រាប់​ អោយ​គិត​បំផ្លាញ​គ្រប់​ធ្មៃ គ្រាប់​ក្រចៅ​ កុំ​អោយ​ដុះ​បាន​ ហើយ​ខ្លួន​ពុំ​នាំ​ពា​ក្យ​អើ​ពើ​ធ្វើ​តាម​ទៅ​ប្រមាទ​គ្រាប់​ធ្មៃ ​គ្រាប់​ក្រចៅ​​ថា​ មិន​អាច​ចង​ព័ទ្ធ​ខ្លួន​បាន​ទេ​ អីលូវ​នេះ​ ត្រូវ​ដូច​ពាក្យ​ត្រចៀក​កាំ​នោះ​ហើយ​ អោ​យើង​អើយ ផុត​ផ្លូវ​កែ​ខៃ​ដល់​នូវ​អាយុ​ខ័យ​ក្ស័យ​វិនាស​ពិត​ហើយ​ ទោស​នេះ​នឹង​បន្ទោស​នរ​ណា​ គឺ​បន្ទោស​ខ្លួន​អែង​ មិន​តាម​អោវាទ​ក្រចៀក​កាំ ដែល​ពោល​ប្រាប់​ពោល​ប្រើ​នោះ​អែង​។ ចាប​ទាំង​ឡាយ​ ក៏​សោក​ស្ដាយ​គំនិត​ស្ដាយ​ជីវិត​ពន់​ពេក​ នាំ​គ្នា​ស្រែ​ក​ទ្រាំ​តាម​យថា​កម្ម​ហោង​។

រឿង​នេះ​ បាន​គតិ​ដល់​បុគ្គល​អ្នក​មិន​យល់​ក្ដី​អន្ដ​រាយ​នឹង​មក​ដល់​ខ្លួន​ ទោះ​មាន​គេ​ប្រាប់​ក៏​មិន​ជឿ​ មិន​ស្ដាប់​ មិន​ប្រព្រឹត្ដ​ទៅ​តាម​ បាន​ក្ដី​ប្រមាទ​ថា​សត្រូវ​នៅ​ឆ្ងាយ​នៅ​តូច​ មិន​មក​ដល់​ខ្លួន​ទេ​ ដូច​យ៉ាង​រោគ​ពិស កាល​កើត​នៅ​តូច​មិន​ទាន់​ចេញ​កំលាំង​នោះ​ មិន​គិត​ខ្វល់​ខ្វាយ​រក​ពេទ្យ​ហ្ម​គ្រូ​ថ្នាំ​អោយ​មើល​ អោយ​រក្សា​ខ្លួន​ទេ​ ប្រមាទ​នៅ​ទាល់​តែ​រោគ​ពិស​នោះ​ កើត​កាយ​ ផ្សាយ​ពិស​ពេញ​កំលាំង​ បាន​នូវ​ក្ដី​ទុក្ខ​វេទនា​ ជា​សហ័ស​មួយ​ទៀត​ ដូច​បុគ្គល​ពាល​ធ្វើ​នូវ​អំពើ​បាប​កម្ម​ បើ​បាប​នោះ​នៅ​មិន​ទាន់​អោយ​ផល ក៏​សំគាល់​ថា​បាប​គ្មាន​ ថា​បាប​ផ្អែម​ដូច​ទឹ​ក​ឃ្មុំ លុះ​បាប​នោះ​ អោយ​ផល​ដល់​កាល​ណា ​ទើប​ស្រែក​ទួញ​ យំ​រង​ទុក្ខ​ក្នុង​កាល​នោះ​។​ បទ​នេះ​រួម​ដោយ​ពាក្យ​បាលី​ក្នុង​លោក​នីតិ​ថា៖

មធុវ បញ្ញតិ ពាលោ យាវ បាបំ ន បច្ចតិ យទា ច បច្ចតិ បាបំ ថេ ទុក្ខំ និគច្ឆតិ។ ប្រែថា៖
បាប​ពុំ​ទាន់​អោយ​ផល​ដល់​កាល​ណា ពាល​គិត​ថា​បាប​នោះ​ដូច​ទឹក​ឃ្មុំ​ លុះ​បាប​កម្ម​អោយ​ផល​ដល់​ប្រជុំ​ ទើប​ពាល​រង​ទុក្ខ​ធំ​ក្នុង​កាល​នោះ​។

ចប់តំរាប្រមាទសត្រូវនៅតិចតូចឆ្ងាយ ជាគតិទី៥៤
រឿងព្រានសន្ទូចម្នាក់

មាន​ព្រាន​សន្ទូច​ម្នាក់​ ថ្ងៃ​មួយ​នាំ​កូន​ទៅ​ស្ទូច​ត្រី​នៅ​ទីស្ទឹង​មួយ​ លុះ​ស្ទូច​ទៅ​សន្ទូច​នោះ​ ធ្លាក់​ទៅ​ព័ទ្ធ​ជាប់​ នឹង ដង្គត់​ឈើ​ក្នុង​​ទឹក​ ចៅ​ព្រាន​វាត់​ឡើង​សំគាល់​ថា​ត្រូវ​ត្រី​ហើយ​ លុះ​វាត់​ទាញ​មិន​រួច​ក៏​នឹក​ថា ត្រូវ​ត្រី​ធំ​ទើប​ប្រាប់​ទៅ​កូន​ថា យើង​មាន​លាភ​បាន​ត្រី​ធំ​ហើយ​ នឹង​លើក​យក​ពុំ​រួច​ មាន​តែ​អញ​ចុះ​ទៅ​មុជ​ចាប់​យក​ទើប​បាន​ បើ​ដូច្នេះ​កូន​អែង​ទៅ​ប្រាប់​ម៉ែ​អែង​ អែ​ផ្ទះ​អោយ​ដឹង​ថា យើង​បាន​ត្រី​ធំ​ណាស់​ អោយ​ម៉ែ​ដើរ​បង្ក​ហេតុ​ជំលោះ​នឹង​ពួក​ញាតិ​ នឹង ពួក​ព្រៀង​លាន​ដែល​នៅ​ជិត​ខាង​ អោយ​កើត​ទាស់​ទែង​គ្នា​ឡើង​ ជា​ការ​កាល់​ហាម​ពួក​អស់​នោះ​កុំ​អោយ​មក​សុំ​ត្រី​យើង​បាន​ អែ​ចៅ​កូន​ទទួល​ពាក្យ​ហើយ​ រត់​ត្រង់​ទៅ​ផ្ទះ​ ​ដល់​ហើយ​ក៏​ថ្លែង​សេច​ក្ដី​នោះ​ប្រាប់​ម្ដាយ​ តាម​ពាក្យ​អូវ​ពុក​បង្គាប់​មក​នោះ​សព្វ​ប្រការ​ អែ​នាង​ភរិយា​​ចៅ​ព្រាន​ បាន​ស្ដាប់​ហេតុ​ដូច្នោះ​ហើយ​ ក៏​ដោះ​អាវ​ចេញ​ពី​ខ្លួន​ យក​ក្រមា​មក​ចោម​ពុង​ស្លៀក​សំពត់​សំយេះ​ក្រោម​នាកី​ លាត់​សំពត់​លើ​ជង្គង់​ យក​ធ្យូង​ឆ្នាំ​ង​សំល​លាប​មុខ​ ធ្វើ​អាការ​ដូច​ស្រី​ឆ្កួត​ ហើយ​ដើរ​ទៅ​កាន់​ផ្ទះ​ពួក​ញាតិ​សន្ដាន​ព្រៀង​លាន​ ដែល​នៅ​ជិត​ខាង​។

អែ​បណ្ដា​ប្រុស​ស្រី​ជា​ញាតិ​ បាន​ឃើញ​អាការ​កិរិ​យា​ប្លែក​ដូច្នោះ​ ក៏​នាំ​គ្នា​សួរ​ថា ហង​អើយ​ហង​ម្ដេច​ហង​មក​ធ្វើ​អំពើ​អាក្រក់​ យក​ធ្យូង​ឆ្នាំង​មក​លាប​មុខ​ដូច្នេះ​។ អែ​មេ​នោះ​និមិត្ដ​តែញាតិ​ណា​សួរ​ដូច្នេះ​ ក៏​ស្រែក​ជេរ​បញ្ចោរ​ទៅ​ថា ខ្មោច​មេចោរ​អា​ចោរ​អស់​នេះ​ ចុះ​វា​ធ្ងន់​ក្បាល​អ្វី​វា​ ថ្វី​បើ​អញ​លាប​ធ្យូង តើ​អញ​ទៅ​ធ្វើ​អ្វី​វា ល្អ​អាក្រក់​តើ​វា​ទើស​ក្បាល​ម្ដាយ​អាពុក​វា​ រឺ​ខ្មោច​មេ​ចោរ​ អា​ចោរ​អស់​នេះ​ពេញ​ជា​ខូច​។ អែ​ពួក​ញាតិ​ទាំង​ឡាយ បាន​លឺ​មេ​នោះ​ជេរ​ប្រទេច​ផ្ដា​សា​អិត​ហេតុ​ដូច្នោះ​ អ្នក​ខ្លះ​អត់​មិន​បាន​ក៏​ជេរ​តប​ទៅ​ កើត​ជា​អធិ​ករណ៍​ឈ្លោះ​ប្រ​កែក​ឡើង​ អ្នក​ខ្លះ​ខឹង ក៏​ធ្វើ​រឿង​រ៉ាវ​ប្ដឹង​ដល់​សាលា​ចៅ​ក្រម ​ៗ​ អោយ​កោះ​បក​​តួនាង​នោះ​មក​ជំនុំ​ជំរះ​តាម​រឿង​ចោទ​ រក​ទៅ​ឃើញ​ទោស​នាង​នោះ​ជា​អ្នក​ដើរ​បង្ក​ហេតុ​ ទើប​ចៅ​ក្រម​សាលា​កាត់​ពិន័យ​លក់​តាម​សក្ដិ​តូច​សក្ដិ​ធំ​ តាម​ទោស​ដែល​ខ្លួន​ជេរ​គេ​អិត​ទោស​នោះ​អែង​។

ថ្លែង​អែ​ចៅ​ព្រាន​ជា​ប្ដី​ កាល​ប្រើ​កូន​អោយ​ទៅ​ប្រាប់​ម្ដាយ​វា​នោះ​ ក្រោយ​នោះ​ចៅ​ព្រាន​ស្រាត​សំពត់​ដាក់​លើ​ច្រាំង​ ហើយ​មុជ​ចុះ​ទៅ​តាម​ខ្សែ​សន្ទូច​ដើម្បី​នឹង​ចាប់​ត្រី​ លុះ​មុជ​ទៅ​ដល់​ដង្គត់​ឈើ​ក្រោម​ ឈើ​នោះ​ប៉ះ​មក​ត្រូវ​ភ្នែក​ដូច​គេ​ចាក់​ចំ​ចុង​កន្ទុយ​ភ្នែក​ ខំ​ស្ទាប​រក​ត្រី​មិន​ឃើញ មាន​តែ​រិស​ឈើ​ជាប់​សន្ទូច​ ទើប​ខំ​ងើប​ឡើង​វិញ​ យក​ដៃ​ខ្ទប់​មុខ​ដោយ​ឈឺ​ភ្នែក​មហិ​មា​ ខំ​វារ​ឡើង​នឹង​យក​សំពត់​ស្លៀក​។ អែ​សំពត់​នោះ​សោត កាល​ចៅ​ព្រាន​មុជ​ទឹក​ទៅ​ ត្រូវ​ខ្យល់​កំបុត​ត្បូង​កួច​ទំលាក់​ ទៅ​ក្នុង​ទឹក ទឹក​ក៏​កួច​យក​សំពត់​នោះ​អន្ដរ​ធាន​ទៅ​ហោង​។

ចៅ​ព្រាន​បាន​ក្ដី​វេទ​នា​ដោយ​រងា​ ដោយ​ឈឺ​ភ្នែក​ នឹង​ទៅ​ផ្ទះ​ក៏​ពុំ​បាន​ ព្រោះ​ប្រាណ​អាក្រាត​ ខ្មាស​អ្នក​ស្រុក​ នឹង​ទ្រាំ​នៅ​ត្រាំ​ក្នុង​ទឹក​រងា​ណាស់​ ទើប​ព្រាន​ឡើង​ទៅ​លាក់​ខ្លួន​ពួន​នៅ​ក្នុង​ព្រៃ​ ទំរាំ​អស់​សែង​ថ្ងៃ​ នៅ​រង់​ដល់​ពេល​យប់​ទើប​បាន​ទៅ​ផ្ទះ​ ដោយ​នាង​ប្រពន្ធ​អុជ​ភ្លើង​ភ្លឺ ស្រែក​ហៅ​ប្រពន្ធ​អោយ​បោះ​សំពត់​មួយ​មក​ស្លៀក​ ទើប​ឡើង​ទៅ​បាន​ ហើយ​ក៏​និយាយ​ពី​ ក្ដី​ទុក្ខ​វិនាស​ទ្រព្យ​ដោយ​គេ​លក់​ព្នៃ​ ប្រាប់​គ្នា​ទៅ​តាម​រឿង​ដែល​ខ្លួន​ធ្វើ​ខុស​នោះ​អែង​ ជន​ទាំង​ពីរ​ក៏​បាន​ក្ដី​វិនាស​ផ្លូវ​ទាំង​ពីរ​ប្រការ​ គឺ​ផ្លូវ​ព្រៃ​ក៏​ពុំ​មាន​ត្រី​ សំពត់​ស្លៀក​ក៏​អន្ដរ​ធាន​ដោយ​ខ្យល់​កួច​យក​ទៅ​ ភ្នែក​ក៏​បែក​ ដោយ​ត្រូវ​នឹង​ដង្គត់​ឈើ​នោះ អែ​ផ្លូវ​ផ្ទះ​ក៏​វិនាស​ ដោយ​ពួក​ញាតិ​គេ​ខឹង​ គេ​ប្ដឹង​បង់​ទ្រព្យ​ធន​ ដោយ​ចាញ់​ក្ដី​គេ​ផង​ ម៉្លោះ​ហើយ​ក៏​នាំ​គ្នា​សោក​សៅ​ក្ដៅ​ចិត្ដ​ ដោយ​គំនិត​គិត​ខុស​នោះ​ហោង​។

រឿងនេះ បានគតិដល់បុគ្គលកំនាញ់លាភភ័យក្រែងគេមកសុំត្រីខ្លួន ប្រាជ្ញគប្បីប្រកបគតិទៅទៀតចុះ។

ព្រានអើយព្រានព្រាហ្មណ៍ សន្ទូចជាប់រាមព្រាហ្មណ៍ថាត្រីធំ
កើតក្ដីហួងហែង ភ័យក្រែងគេសុំ បង្កហេតុជំ - លោះឡើងគ្រប់ឋាន។
កើតកាលកិណី ផ្លូវផ្ទះកើតក្ដី បាញ់បង់ធនធាន ផ្លូវព្រៃខ្យល់ផាត់
សំពត់ពីប្រាណ ត្រីសោតពុំបាន សាភ្នែកបែកអើយ។
ចប់តំរាហួងលាភដែលពុំទាន់ឃើញ ជាគតិទី៥៥