រឿងម្ដាយក្មេកទំនើប
ដោយ ប៉ិច សង្វាវ៉ាន
https://pechsangwawann.wordpress.com
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
ទស្សនៈអ្នកចុះផ្សាយ
ថ្ងៃសៅរ៍ ទី16.កុម្ភៈ 2013.ម៉ោង 0:15
ខ្ញុំអានទស្សនាវដ្ដីជាច្រើន ខ្ញុំឃើញអត្ថបទអក្សរសិល្ប៍ខ្លីៗ ចុះផ្សាយនៅនៅទីនោះ ធ្វើអោយខ្ញុំជាប់ចិត្ដ ទៅលើអត្ថបទខ្លីៗ បែបនេះយ៉ាងខ្លាំង ព្រោះវាអាចធ្វើអោយខ្ញុំអាចអានឆាប់ចប់ ហើយក៏មានអត្ថរស មានន័យពីរោះជក់ចិត្ដបានយ៉ាងល្អ មិនចាញ់អត្ថបទអក្សរសិល្ប៍វែងៗប៉ុន្មានទេ។ ខ្ញុំនឹកទៅដល់គតិលោក របស់លោកឧញ៉ាសុត្ដន្ដប្រីជា ដែលបានចងក្រងរឿងនិទានខ្លីៗជាច្រើន អានពីរោះជាក់ចិត្ដ និង បានជាគតិដាស់តឿនបញ្ញាស្មារតីយ៉ាងល្អក្រៃលែងទៀតផង។
ខ្ញុំចូលអានក្នុងទំព័រ https://pechsangwawann.wordpress.com ខ្ញុំឃើញអត្ថបទអក្សរសិល្ប៍ខ្លីៗយ៉ាងច្រើនទៀត ចុះផ្សាយនៅទីនោះ ខ្ញុំរិតតែមានការពេញចិត្ដយ៉ាងខ្លាំងថែមទៀត។ ខ្ញុំអាន ហើយបានធ្វើបទវិភាគខ្លះៗ យ៉ាងពេញចិត្ដ ហើយគិតទុកក្នុងចិត្ដថា ខ្ញុំនឹងសរសេរ សំបុត្រទៅសុំការអនុញ្ញាតិ ពីម្ចាស់ទំព័រ ដើម្បីស្រង់យកអត្ថបទអក្សរសិល្ប៍ទាំងនេះ មកចុះផ្សាយលើកទំព័រ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស ដើម្បីឲ្យអក្សរសាស្ដ្រខ្មែរ រីកចំរើន ថ្កុំថ្កើង រុងរឿង អណ្ដែតត្រសែតខ្ពង់ខ្ពស់ ក្នុងពពកនៃពន្លឺត្រចះត្រចង់សុសសាយពេញបណ្ដាញសកល ក្នុងពិភពលោកតទៅ។
ជួបប្រទះការប្រកាស «កម្មសិទ្ធបញ្ញា» របស់លោកស្រី ប៉ិចសង្វាវ៉ាន ម្ចាស់ស្ថាបនិកទំព័រ និង ម្ចាស់អ្នកនិពន្ធភ្លាម ធ្វើអោយខ្ញុំមានការ សប្បាយរីករាយឥតឧបមា។ ខ្ញុំបានសរសេរលិខិតស្នើសុំការអនុញ្ញាតិមួយ ផ្ជាប់ជាមួយសំណាកលិខិតបំពេញសុំស្នើអនុញ្ញាត ផ្ញើជូនទៅលោកស្រី ដែលមានពិស្ដារយ៉ាងនេះ៖។
ជំរាបសួរលោកស្រី
ខ្ញុំបានចូលអានក្នុងទំព័ររបស់លោកស្រី ឃើញអត្ថបទអក្សរសិល្ប៍មានសារ:សំខាន់ជាច្រើន ធ្វើឲ្យខ្ញុំស្រឡាញ់ជក់ជាប់ ចិត្ដយ៉ាងខ្លាំង ហើយចង់ផ្សាយបន្ដ ដើម្បីឲ្យអក្សរសាស្ដ្រខ្មែរ រីកចំរើន ថ្កុំថ្កើង រុងរឿង អណ្ដែតត្រសែតខ្ពង់ខ្ពស់ ក្នុងពពកនៃ ពន្លឺត្រចះត្រចង់សុសសាយ ពេញបណ្ដាញសកលក្នុងពិភពលោកតទៅ។ បំណងនេះមានជាយូរណាស់ដែរមកហើយ។ ជួបសេចក្ដីប្រកាសកម្មសិទ្ធិបញ្ញាភ្លាម ធ្វើឲ្យខ្ញុំមានសេចក្ដីរំភើបសប្បាយក្នុងចិត្ដឥតឧបមា។ ខ្ញុំសូមរក្សាសិទ្ធិអ្នកនិពន្ធគោរព កម្មសិទ្ធិបញ្ញាហើយបំពេញសំណាកលិខិតអនុញ្ញាត ផ្ញើភ្ជាប់ជាមួយសារនេះដោយស្មោះស្ម័គ្រជាទីបំផុត។ ក្រែងមានការឆ្គាំឆ្គងដោយប្រការណាមួយ សូមលោកស្រីមេត្ដាអនុគ្រោះ ជួយកែតម្រូវ និង ធ្វើការអនុញ្ញាតទៅតាមការគួរ។
ដោយសេចក្ដីគោរពខ្ពង់ខ្ពស់
ខ្ញុំ កែវ ឈុន
លោកស្រីប៉ិចសង្វាវ៉ាន ម្ចាស់ស្ថាបនិកទំព័រ និង ជាម្ចាស់អ្នកនិពន្ធ បានសរសេរលិខិតអនុញ្ញាតិមួយឲ្យខ្ញុំថា៖
លោកស្រីមានស្ដេចក្ដីរំភើបរីករាយណាស់ និង សូមសរសើរដល់ស្មារតីគោរព «កម្មសិទ្ធបញ្ញា» យ៉ាងខ្លាំង ហើយចង់ឲ្យកាយវិការគោរពនេះ ក្លាយជាគំរូឲ្យបាន
ទូលំទូលាយ ដើម្បីឲ្យជនទាំងឡាយជ្រួតជ្រាបអំពី «កម្មសិទ្ធបញ្ញា»នេះឲ្យច្បាស់។ ចំពោះសំណូមពររបស់ខ្ញុំ ចង់សូមដាក់ចំណងជើងក្នុងវគ្គនីមួយៗនៃសាច់រឿង
ក៏លោកស្រីពេញចិត្ដ យល់ថាសមរម្យណាស់ ហើយអនុញ្ញាតិឲ្យខ្ញុំដាក់ ដោយសេចក្ដីរីករាយបំផុត។
អំពើល្អរបស់លោកស្រីប៉ិច សង្វាវ៉ាន ដែលខ្វាល់ខ្វាយខ្នះខ្នែង ក្នុងការតែងនិពន្ធ បំរើអក្សរសាស្ដ្រខ្មែរ ក្នុងការជួយយិតយោងឲ្យពន្លឺអក្សរសាស្ដ្រខ្មែរ ឲ្យស្ថិតនៅក្នុងពន្លឺត្រចះត្រចង់ជានិច្ច ដែលស្នាដៃទាំងនោះនឹងបន្សល់ទុករាប់ជំនាន់មនុស្ស ទៅមុខទៀតមិនងាយសាបសូន្យឡើយ។ សូមឲ្យអំពើល្អនេះ ក្លាយជាវត្ថុសក្ដិសិទ្ធិម្យ៉ាង ជួយដុសខាត់ និងស្ថិតនៅក្នុងដួងព្រលឹងកូនខ្មែរគ្រប់ៗរូប ឲ្យស្រឡាញ់អក្សរសាស្ដ្រជាតិ ឲ្យស្រឡាញ់ភាសាជាតិ មានសតិបញ្ញាស្មារតីភ្លឺថ្លា ភ្ញាក់រលឹកគ្រប់ៗគ្នា។ ស្មារតីស្រឡាញ់អក្សរសាស្ដ្រជាតិ ចេះប្រកាន់ខ្លួនជាក់ស្ដែងពិតប្រាកដ នឹងញ៉ាំងឲ្យខ្មែរយើងមានព្រលឹង មានស្មារតីជាតិ ចេះប្រកាន់នូវឥរិយាបថមួយយ៉ាងថ្លៃថ្នូរ ខ្ជាប់ខ្ជួនម៉ើងម៉ាត់។ សូមឲ្យអក្សរសាស្ដ្រខ្មែររីកចំរើនជានិច្ចតទៅ។
ទទួលអានទូរសារយល់ព្រមរបស់លោកស្រីប៉ិច សង្វាវ៉ាន អនុញ្ញាតឲ្យខ្ញុំចុះផ្សាយបន្ដ ធ្វើឲ្យខ្ញុំមានចិត្ដសប្បាយរីករាយយ៉ាងខ្លាំងអនេក។ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅក្រៃលែង។ សូមប្រសិទ្ធពរបវរសួស្ដី ជូនលោកស្រី ឲ្យបានប្រកបទៅដោយ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
វាចារអ្នកនិពន្ធ
មានអ្នកអានរឿងនេះខ្លះនិយាយថា ព្រោះតែខ្ញុំរស់នៅស្រុកបារាំង ទើបខ្ញុំមានគំនិតសរសេររឿងម្តាយក្មេកទំនើបនេះ។ ពិតណាស់ ពីព្រោះខ្ញុំទើសភ្នែក នឹង ទង្វើជនភៀសខ្លួនខ្មែរយើងមួយចំនួនដែលឈ្លក់ទឹកព្រិលឆាប់យកវប្បធម៌អ៊ឺរ៉ុប មកស្រោមខ្លួន គ្មានខ្មាសអៀនគួរឲ្យស្តាយ។ ថ្វីត្បិតតែរឿងនេះ មិនមែនជារឿងស្នេហាអណ្តែតអណ្តូង តែជារឿងមួយដែលឆ្លុះបញ្ចាំងបញ្ហាពិតមួយដែលខ្ញុំមិនចង់ ឲ្យមានអ្នកប្រព្រឹត្តតាមព្រោះវាជារឿងដែលគួរឲ្យខ្មាស និងមិនចង់ ឲ្យម្ចាស់ស្រុកដែលមានមនុស្សធម៌ ទទួលយើងឲ្យជ្រកកោនយល់ថា ជនជាតិយើង ជាមនុស្សដែលគួរឲ្យមើលងាយ មិនខំប្រឹងប្រែងធ្វើខ្លួនឲ្យមានតម្លៃ ក្រៅពីការប្រជែងសំញ៉ែងគ្នា។ ជាការពិតអ្នកនិពន្ធម្នាក់ៗមានទស្សនៈខុសគ្នា ដូច្នេះការសង្កេត និងការមើលឃើញក៏ខុសពីគ្នាដែរ។
រឿងទាំងពីរនេះត្រូវបានលោកស្រី សំរិទ្ធ សុទ្ធាលើកយកមកឲ្យនិស្សិតផ្នែក អក្សរសាស្រ្តខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញធ្វើការសិក្សា។ លោកស្រី បណ្ឌិត ក្លៃរ៉ុង អមរាទីសា នៃសាកលវិទ្យាល័យឈូឡាឡុងកនៃទីក្រុងបាងកក ក៏បានសរសេរលិខិតមកខ្ញុំដើម្បីស្នើសុំយកទៅឲ្យនិស្សិតដែលសិក្សាអក្សរសាស្ត្រខ្មែរក្នុងប្រទេសថៃធ្វើការសិក្សាដែរ។
អានដើម្បីអានបំបាត់ការអផ្សុក អាន ព្រោះចូលចិត្តអាន។ អាន ព្រោះស្រឡាញ់អក្សរសាស្ត្រ អក្សរសិល្ប៍។ អាន ដើម្បីយល់ទស្សនៈអ្នកនិពន្ធ។ ការអានទាំងនេះ ពិតជាផ្តល់ផលដល់អ្នកអាន ខុសប្លែកពីគ្នា។
បើអ្នកអានបានយល់ពីទស្សនៈ និងឧត្តមគតិរបស់ខ្លួនដែល ចង់បង្ហាញក្នុងស្នាដៃរបស់ខ្លួននិមួយៗនោះ អ្នកនិពន្ធពិតជារំភើបរីករាយណាស់
។ ខ្ញុំជឿថា អ្នកនិពន្ធរាល់រូប មិនមែនសរសេរដើម្បីគ្រាន់តែសរសេរនោះទេ ទោះបីរឿង ដែលខ្លួនបានតែងជារឿងពិត ឬរឿងប្រឌិតក្តី
អ្នកនិពន្ធតែងតែបង្កប់ជានិច្ចនូវសារសំខាន់ចំពោះអ្នកអាន។ ក្នុងករណីនេះខ្ញុំសូមចែករំលែកជូនប្រិយមិត្តអ្នកអាន នូវមតិរបស់ លោកកែវ
ឈុន ដែលជាការវិភាគល្អិតល្អន់លើរឿងទាំងពីរ ដែលខ្ញុំបានផ្សាយក្នុងទីនេះ។
លោកកែវ ឈុនបានដាក់ស្នើមតិនេះកាលពី2012/04/22 ម៉ោង 2:31 ព្រឹក។