សូមរង់ចាំអាន រឿងគុកនយោបាយ
៥ -ការបំបែកគ្នានៃពួកឥស្សរៈ
ថ្ងៃពុធ ទី7.សីហា 2013.ម៉ោង 18:39

   ចំណែកខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល មានមួយក្រុមផ្សេង មានចំនួនតិចគ្នាទេ បានហួសទៅបាងកកតែម្ដង ជាមួយមាខ្ញុំប៉ុក គុណ​ហៅត្រលាច ដែល​គាត់​ មាន​ផ្ទះ​មួយ​ទៀត​នៅ​ក្រុង​បាង​កក នាផ្លូវច្រកសែងចន្ទ តំបន់ព្រះខ្នូង។ បានជាខ្ញុំ និងមាខ្ញុំនាំគ្នា ចោលបាត់តំបង និង​អន្លង់​វិល ពី​ព្រោះ​កាល​ ណោះ​ក៏​ជា​ពេល​ដែល​រាជ​ការ​បារាំង​ខ្មែរ បានទាញយកខេត្ដបាត់ដំបងពី សៀមបានមកវិញហើយ ហើយកាន់កាប់​ខេត្ដ​នេះ ដែល​ធ្វើ​អោយ​ពួក​ខ្ញុំ​ ពុំ​អាច​ស្ថិត​នៅ​កើត​។

   ត្រង់ណេះខ្ញុំសូមបើកវង់ក្រចក ជំរាបអស់លោកអ្នកបំបាត់ការសង្ស័យបន្ដិចថា ហេតុអ្វីបានជាខ្ញុំពុំព្រមចូលមក​រួប​រួម និង​រដ្ឋា​ភិបាល​បារាំង​ ខ្មែរ​វិញ បើ​ខេត្ត​បាត់​ដំបង​ត្រូវ​បាន​មកខ្មែរវិញហើយនោះ? បើខ្ញុំស្រលាញ់ជាតិ កាលឃើញស្រុកទេសបានទាមទារ​ខេត្ត​ពី​អ្នក​ក្បែរ​ខាង​បាន​ ហើយ គួរ​តែ​សប្បាយ​ចិត្ដ ហើយ​ចូល​មក​រួប​រួម និងរដ្ឋាភិបាលវិញ។ នេះមិនដូច្នោះ បែរជាបោលចូលទៅស្រុក​ដែល​ជា​សត្រូវ​របស់​ជាតិ​ទៅ​ វិញ​ឆ្កុយ! តើ​ខ្ញុំ​មិន​សប្បាយ​ចិត្ដ និង​ខេត្ដ​បាត់​តំបង ត្រូវបានមកខ្មែរឬ? បើមិនមែនទេ តើខ្ញុំនៅតែស្អប់បារាំងដែល​គ្នា​ខំ​ទាម​ទារ​បាត់​ដំបង​អោយ​ ខ្មែរ​វិញ​ឬ​?​។

   ត្រង់ណេះ ខ្ញុំសូមជំរាបអោយច្បាស់លាស់ដូចតទៅ៖
ទី១ ខ្មែរឥស្សរៈ បានចិញ្ចឹមចិត្ដគិតឃើញថា ប្រទេសខ្មែរ​ទាំង​មូល ពុំ​ទាន់​បាន​ឯក​រាជ្យ​នៅ​ឡើយ​ទេ ត្រូវ​តែ​ត​ស៊ូ​រំដោះ​ស្រុក​ទាំង​មូល​អោយ​ផុត​ ពី​នឹម​បារាំង​សែស ឯ​រឿង​ខេត្ដ​បាត់​ដំបង​នោះ ក៏​ជាកម្មវត្ថុ​នៃ​ការ​ទាម​ទារ​របស់​ខ្មែរ​ឥស្សរៈ​ដែរ គឺ​ថា​ខ្មែរ​ឥស្សរៈ​​តាំង​ចិត្ដ​ថា នឹង​ទាម​ទារ​ខេត្ត​នេះ​ ពី​សៀម​ដែរនៅ​ថ្ងៃ​ណា​មួយ​។ ឥលូវ​បើ​រាជ​ការ​បារាំងខ្មែរ​ទាម​ទារ​ខេត្ដ​នេះ​បាន​មុន​ក៏​ពួក​ឥស្សរៈ​ជួយ​អរ​ដែរ ប៉ុន្ដែ​មិន​សូវ​សប្បាយ​ចិត្ដ​ត្រង់​ដែល​ ​ថា​ខេត្ត​នេះ​វា​ទៅ​នៅ​ក្នុង​ដៃ​បារាំង​ដដែល វា​ពុំ​នៅលើដៃខ្មែរសោះ។

   ទី២ រឿងផ្ទាល់ខ្លួន រូបខ្ញុំពុំអាចចូលស្រុកខ្មែរកើតទេ ត្បិតខ្ញុំចេញពីគុកកោះត្រលាចនោះ មិនទាន់ដល់ឆ្នាំចេញឯណា ខ្ញុំ​ចេញ​ពី​គុក​នោះ​មួយ​ ឆ្នាំ​មុន​សាល​ក្រម​សំរេច​អោយ​ចេញ​។ ដូច្នេះខ្ញុំនៅជំពាក់គុកកោះត្រលាច១ ឆ្នាំទៀតឯណោះ អ្នកដាក់គុកខ្ញុំគឺបារាំង អ្នក​ដោះ​ខ្ញុំ​ជប៉ុន​(១)ឥលូវ​ បារាំង​ចាប់​ទាំង សឹង ង៉ុក​ថាញ់ ជា​មេ​បក្ស​របស់​ខ្ញុំទៅហើយ បើខ្ញុំទៅស្រុកវិញ តើបារាំងប្រណីខ្ញុំឬ? ប្រាកដ​ណាស់ វា​មុខ​ជា​បញ្ជូន​ខ្ញុំ​អោយ​ ទៅ​កោះ​ត្រលាច​ជា​ថ្មី ឬ​ក៏យ៉ាងណាយ៉ាងណីទៀតមិនខាន។

   ទី៣ ខ្មែរឥស្សរៈ កំពុងមានលទ្ធភាព នឹងពង្រីកឥទ្ធិពល ពីព្រោះពេលនោះចលនាតស៊ូរំដោះស្រុករបស់យួន ក៏បាន​ផុស​ផុល​ឡើង​ដែរ ហើយ​ ជា​ហេតុ​នាំ​អោយ​មាន​កំលាំង និង​សេចក្ដី​សង្ឃឹម​ថា​ឈ្នះ​បារាំងតទៅអនាគត។ នេះជាចំលើយរបស់ខ្ញុំ ដោះ​ចំ​ពោះ​អាថិ​ប្រស្នា​ដូច​ដែល​បាន​ ចោទ​មក​ហើយ​។

   ពួកខ្ញុំប៊ុណ្ណចន្ទ ម៉ុល ដែលនៅក្រុងបាងកក មានភារៈទិញអាវុធយុទ្ធភណ្ឌមកចែកក្រុមឥស្សរៈ នៅដងរែក និង​ស្វាយ​ចេក​។ ប្រាក់​កាស​ទិញ​ នេះ គឺ​បាន​មក​ពី​ពួក​ក្រុម​ទាំង​បី​នោះ ដែលគេបានរៃអង្គាសពីអ្នកស្រុកដែលស្ម័គ្រចិត្ដ។ ក្រុមទាំងបីនេះជួនកាលគេ​រក​ផ្លូវ​ទិញ​អាវុធ​នេះ​ដោយ​ ខ្លួន​គេ​ដែរ តាម​ខេត្ដ​បាត់​ដំបង និង​សុរិន្ទ​។ កាំភ្លើងកាលនោះមានការីប៊ីន មីត្រៃយើ និងគ្រប់បែក។ ប៉ុន្ដែការទិញ​អាវុធ​ពេល​នោះ បាន​ដោយ​ ស្ដួច​ស្ដើង​ណាស់ ដោយ​រៃ​អង្គាស​ប្រាក់កាសពុំសូវបាន ចំពោះអាវុធដែលទិញបាន នាំយកមកចែកត្រង់អរញ្ញ និង​សុរិន្ទ​ដោយ​រថយន្ដ​ធំ​រត់​ ឈ្នួល (ដែល​ស្ម័គ្រ​ជួយ​ដឹក​ទទេ​ឥត​យក​ឈ្នួល)​។ ឯចំណែកសុរិន្ទដឹកនាំដោយរថភ្លើងដោយលួចលាក់។ មានពេល​ខ្លះ​ដាក់​ក្នុង​ការុង​អង្ករ​មូរ​ កប់​ក្នុង​រមូរ​កន្ទល​៘ តាម​រទេះ​ភ្លើង​នេះមិនសូវគ្រោះថ្នាក់ទេ ប៉ុន្ដែចំពោះផ្លូវអារញ្ញវិញ ពិបាកណាស់ ដោយសៀម​ប្រយ័ត្ន​មិន​អោយ​នាំ​កាំ​ ភ្លើង​ចេញ​។

   សូមជំរាបថា គំនិតគេ គឺនៅតែគំនិតមិនត្រង់ នឹងយើងដដែល ពីមុនថាជួយ ក្រោយមកឃើញយើង​បែក​លូត​លាស់ ខាង​បដិវត្ដន៍ ក៏​តាំង​ប្រ​ យ័ត្ន​ប្រ​យែង​ចំ​ពោះ​យើង​ទៅ​វិញ​។ អ្នករកស៊ីលក់អាវុធអោយយើងនោះក៏ដូច្នោះដែរ គេស្មោះ និងរាជការគេជាង​ស្រលាញ់​ប្រាក់​កាស​របស់​ យើង​ទៅ​ទៀត ជួន​កាល​គេ​លក់​អាវុធ​អោយយើងបានច្រើនហើយ ហើយដឹងថាយើងល្មមដឹកចេញនៅថ្ងៃ​ណា​នោះ គែ​ខ្សុច​អោយ​ការណ៍​ ទៅ​អ្នក​រាជ​ការ​គេ​ស្រេច លុះ​យើង​ដឹក​អាវុធចេញ តំរួក៏មកចាប់ឃាត់ ឬក៏ឆាឆៅរំខានយើងដោយប្រការ​ផ្សេង​ៗ​ទៅ​។ នេះ​ជា​គំនិត​គេ​ដើរ​លើ​ យើង​។ យើង​ដឹង​ហេតុ​នេះ ទើប​យើង​ចេះ​តែ​ប្រយ័ត្ន ហើយប្រើឧបាយបង្វែងដាន ឬក៏និយាយបង្ខុសពេល​វេលា​ដែល​ត្រូវ​នាំ​ចេញ​ប្រាប់​ទៅ​ ពួក​នោះ​វិញ ទើប​បាន​ស្រួល​ក្នុង​ការ​រត់​អាវុធ​យកមកអោយគ្នាឯងឯណេះ។ ម្យ៉ាងទៀតយើងសុំច្បាប់ទិញអាវុធ​ពី​អាជ្ញា​ធរ​ផង ក៏​គង់​មាន​ការ​ ភ័យ​ភិត​ក្នុង​ការ​ដឹក​នាំ​ចេញ​ដែរ​។ ខ្ញុំ​មានរឿងមួយជំរាបថា ថ្ងៃមួយវេលាម៉ោង៤ល្ងាចក្រុមខ្ញុំ៨នាក់ បានទិញអាវុធគ្រប់​ធុន​នៅ​បាង​កក​ដាក់​លើ​ រថ​យន្ដ​ប្រុង​នាំ​ចេញ​មក​អារញ្ញ​។ ពេល​នោះ​ស្រាប់​តែ​ឃើញកងអាវុធហត្ថសៀមប្រហែល ១០០នាក់ ប្រកបដោយ​អាវុធ​គ្រប់​ដៃ ស្ទុះ​ស្រ​មក​ លោម​ព័ទ្ធ​ឡាន​ដែល​រៀប​ចេញ​នោះ​។ មេបញ្ជាការគេស្រែកមកថា នៅអោយស្ងៀម លើកដៃឡើងលើ កុំ​កំរើក តែ​កំរើក​បាញ់! ពេល​នោះ​មា​ ខ្ញុំ​ពុំ​នៅ​ផង ខ្ញុំ​មាន​ភ័យ​យ៉ាង​ខ្លាំង យី​យ៉ាង​ណា​ទៅ​អី​ចេះ?​ ខ្ញុំ​ក៏អោយគ្នាខ្ញុំនៅស្ងៀម! ក្រោយមកគេបញ្ជាអោយ​យើង​រើស​អាវុធ​យុទ្ធ​ភណ្ឌ​ចុះ​ មក​ដី​វិញ អោយ​គេ​កត់​ចំនួន​។ ឆ្លៀត​ពេល​នោះ ខ្ញុំប្រើក្មួយខ្ញុំម្នាក់អោយរត់ទៅតាមមាប៉ុក គុណ ដើម្បីសំរួល​ការណ៍​នេះ​។ នៅ​ចន្លោះ​ពេល​ នោះ​មាន​ខ្មែរ​ម្នាក់​ឈ្មោះ​អាចារ្យ​ហេង ចេះ​សៀម​ជ្រៅជ្រះ ទៅនិយាយការណ៍ និងនាយអាវុធហត្ថសៀមបញ្ជាក់ថា អាវុធ​ទាំង​នេះ គឺ​រាជការ​ថៃ​ អនុញ្ញាត​អោយ​ទិញ​ដែរ​ហើយ​។ នាយអាវុធហត្ថនោះ ដឹងដូច្នោះរកឆាឆៅមិនកើត ក៏អោយគ្នីគ្នាគេថយទៅវិញ ប៉ុន្ដែ​គេ​ទុក​អោយ​ទាហាន​ពីរ​ នាក់​នៅ​យាម​អាវុធ​នោះ​សិន​។

   លុះស្អែកឡើងម៉ោង១១ ទើបមាខ្ញុំប៉ុក គុណ មកប្រាប់ថា អោយយកចេញទៅចុះ គេអនុញ្ញាតហើយ! ​ទើប​យើង​នាំ​គ្នា​នាំ​អាវុធ​នោះ​ចេញ​ មក​។ មក​ដល់​អារញ្ញ​មក​ទៀត​តាម​ផ្លូវ​សិរី​សោ​ភ័ណ ម៉ោង១២ ថ្ងៃត្រង់ទើបដល់កំពង់ថ្កូវ។ ទាំងអស់គ្នាឈប់​នៅ​វត្ដ​មួយ​ឈ្មោះ​វត្ដ​ភ្នំ​បាត្រ​។​ គឺ​វត្ដ​នោះ​ហើយ ជា​ទី​ប្រ​ជុំ​ហាត់​នៃ​ក្រុម​ខ្មែរ​ឥស្សរៈ និង​ជាទីបញ្ជាការចាត់បញ្ជូនស្បៀង និងអាវុធយុទ្ធភណ្ឌទៅអាយ​ពួក​ឯ​ទៀត​ទាំង​បី​ក្រុម​។​

(១) សូមមេត្ដាមើលគុកនយោបាយផង