សូមរង់ចាំអាន រឿងគុកនយោបាយ
គ -អារម្ភកថា&សេចក្ដីផ្ដើម
ថ្ងៃចន្ទ ទី22.កក្កដា 2013.ម៉ោង 20:04

   នេះជាស្នាដៃទី២ របស់ខ្ញុំបន្ទាប់ពីរឿងគុកនយោបាយ។ គំនិតនៃការនិពន្ធគុកនយោបាយយ៉ាងណានោះ អស់​លោក​អ្នក សឹង​បាន​ជ្រាប​សព្វ​ គ្រប់​ហើយ​នៅ​ក្នុង​សៀវ​ភៅ​នោះ​។ «ចរិត​ខ្មែរ» ស្នា​ដៃ​ថ្មី​នេះ ក៏មានគំនិតពុំខុសឆ្ងាយប៉ុន្មាន អំពីគុកនយោបាយ​ដែរ​។ ខ្ញុំ​​មាន​​បំណង​ធំ ចង់​អោយ​ ខេមរ​ជន​មាន​​ស្មា​រតី​ភ្ញាក់​រលឹក​ ភ្លឺ​ថ្លា​អោយ​កាន់​តែ​ច្បាស់​ឡើង យល់​បញ្ហាសង្គមជាតិ យល់ប្រយោជន៍រួម យល់ចំណោទ​កសាង​ជាតិ ទាន់​ពេល​វេលា​។

   ខ្ញុំគ្មានបំណងសោះ ក្នុងការរិះគន់ អស់លោកវីរជន បុព្វបុរសជាតិខ្មែរដែលលោកបានបំពេញហើយនូវពលិកម្ម​ដើម្បី​ជាតិ ខ្លះ​ដល់​ទៅ​ហ៊ាន​ លះ​ជីវិត​នាះ​។ ចំ​ពោះ​អស់​លោក​ទាំង​នោះ ខ្ញុំ​បាន​គោរពនាម និង សកម្មភាពរបស់លោកជាប្រក្រតី ហើយតែង​យក​ជា​បទ​រៀន​សំរាប់​ជីវិត​ថែម​ទៀត​ផង​។

   ខ្ញុំសុំរិះគន់ ចំពោះតែពួកមនុស្សណាដែលមានខ្លួនដូចជាសត្វ គ្មានឧត្ដមគតិ គ្មានវិចារណញ្ញាណសោះនោះតែប៉ុណ្ណោះ ហើយ​ដោយ​ពិត ការ​ រិះ​គន់​នោះ​ឯង​ត្រូវ​តែ​សរ​សេរ​ទុក ត្រូវ​តែ​និយាយ​អោយដឹង ព្រោះខ្លួនខ្ញុំបានសង្កេតផ្ទាល់ ព្រមទាំ ងបានរួមសកម្មភាព​ជា​មួយ​ផង ដូច​ជាអំពើ​ របស់​ពួក​ឥស្សរៈ​ជា​ដើម ដែល​ធ្វើ​អោយ​ខ្ញុំ​ខូច​ចិត្ដអស់មួយជីវិត បន្ទាប់ពីបាន មើលឃើញសកម្មភាពព្រៃផ្សៃ​នៃ​ពួក​នោះក្នុង​គ្រា​ដែល​ខ្ញុំ​រស់​នៅ​ជា​មួយ​។

   ដូច្នេះហើយ ខ្ញុំបាទសូមអភ័យទោសជាមុនពីសំនាក់អស់មិត្ដអ្នកអាន ក្រែងលោមានពាក្យត្រង់ណាពុំសម​រម្យ​ប៉ះ​ពល់ ដល់​រូប​នាម​របស់​ លោក សូម​អស់​លោក​មេត្ដា​ខន្ដី​អភ័យ​ទោស ពីព្រោះការពិពណ៌នានៅក្នុងនេះ មានភាពទូទៅពេក។ បំណង​របស់​ខ្ញុំ គឺ​ចង់​តែ​អោយ​មាន​គំនិត​ រិះ​គន់​ស្ថា​បនា​កើត​ឡើង ផ្សាយ​ជា​សៀវ​ភៅ ជាលាយលក្ខណ៍អក្សរដើម្បីជួយរំលឹកគ្នាអោយយល់នូវមាគ៌ា​ល្អ​អាក្រក់​គ្រប់​យ៉ាង មិន​ចូល​ចិត្ដ​ និយាយ​ចែ​ប៉ប្រែ​លប​លាក់ បូញ​មាត់​បត់​ដៃ អ្នកនេះអីចេះ អ្នកនោះអ៊ីចុះសោះឡើយ។ ខ្ញុំបានគិតឃើញ​ដល់​ចាស់​ៗ បរម​បុរាណ​យើង​ដែល​ លោក​មាន​គំនិត​ប្រ​ដែ​ប្រ​ដៅ​កូន​ចៅ​ អោយ​​បាន​ស្គាស់​សេចក្ដីសុខចំរើនក្នុងជីវិតម្នាក់ៗ រហូតដល់សង្គមជាតិ ដោយ​លោក​ព្យា​យាម​ចង​ក្រង​ ពាក្យ​ទូន្មាន​ជា​​ច្រើន កើត​ទៅ​ជា​បទ​សិក្សា​អក្សរ​សាស្រ្ដខ្មែរសព្វថ្ងៃនេះ ដូចជាច្បាប់កេរកាល ពាក្យចាស់ជាដើម។ យើង​ចាស់​សម័យ​នេះ​ យល់​ហេតុ​ផល​យ៉ាង​ណា​ក្នុង​ដំណើរ​ជីវិត ដែល​យើង​បាន​លុយឆ្លងកាត់មកហើយ គួរតែនាំដំណើរនោះមក​ដំណាល​ផង អោយ​ក្មេង​ស្រករ​ ក្រោយ​គ្នា​ដឹង គ្នា​ប្រុង​ស្មារតី ចៀស​វាង​អំពើ​អាក្រក់​ជា​មុន កុំអោយតាមគន្លងចាស់។

   នៅទីបញ្ចប់ ខ្ញុំសូមប្រកាស​ប្ដេជ្ញា​ជា​ឧលា​រិក​ថា គំនិត​ខ្ញុំសុំ​កើត​ជា​ខ្មែរ រស់​ជា​ខ្មែរ ស្លាប់​ជា​ខ្មែរ ខ្ញុំ​សូម​បូជា​ជីវិត​​ចំពោះ​តែ​បុគ្គល​ណា​ដែល​ ស្មោះ​នឹង​ជាតិ​ខ្មែរ ខ្ញុំ​សុំ​ប្ដេជ្ញា​​ចិត្ដ​​ថា ពុំ​​ព្រម​​បំរើ​​បុគ្គល​​ណា​​ដែល​គ្មាន​ចិត្ដ​ស្មោះ​ត្រង់​នឹង​ជាតិ ប្រកាន់​អាត្មា​និយម បក្ស​ពួក​និយម ផ្ដាច់​ការ​និយម​ និង​មាន​គំនិត​ញុះ​ញង់​​បំបែក​​បំបាក់​​សាមគ្គី​​ជាតិ ដើម្បី​​ពួក​​ក្រុម​​ត្រួត​​ត្រា​​នោះ​​សោះ​​ឡើយ​​។

   ប្រការមួយទៀត តាមជំនឿព្រះពុទ្ធសាសនា ឋានសួគ៌ ឋានព្រះនិព្វាន មានមែនសំរាប់បុគ្គលអ្នកសាងកុសលបារមី​អស់​អង្វែង​កប្ប​កល្ប​ ប៉ុន្ដែ​ខ្ញុំ​ពុំ​មាន​សំនូម​សូម​ប្រាថ្នា​នឹង​ទៅ​កើត​ទី​នោះ​សោះឡើយ ទោះបីឧបមាថា ខ្ញុំមានកុសលថា នឹងបានទៅកើតទី​នោះ​ដូច​ប្រាថ្នា​ក្ដី​។​ ដរាប​ណា​ ប្រ​ទេស​ខ្មែរ​នៅ​តែ​លំបាក​វេទនា ហែល​ក្នុង​ថ្លុក​ឈាម​ដែលកើតមកអំពី ការកាប់ចាក់គ្នាដូចសព្វថ្ងៃ ខ្ញុំស្លាប់ទៅ សូម​កុសល​ផល​បុណ្យ​បញ្ជូន​ខ្ញុំ​ អោយ​កើត​មក​ជា​ខ្មែរ​នេះ​ទៀត លើ​ទឹក​ដីនេះអស់កប្បកល្បអង្វែងជាតិ កុំអោយខ្ញុំឃ្លាតខ្ចាត់ព្រាត់ វង្វេងទៅកើត​ទីណា​ផ្សេង​ឡើយ! ដើម្បី​ ជួយ​ជាតិ​ខ្មែរ ជួយ​ប្រទេស​ខ្មែរ ជាលំដាប់ជាតិរៀងរាបដរាបទៅ! នេះជាសច្ចវាទរបស់ខ្ញុំ!

- សូមអោយប្រទេសខ្មែរ ស្ថិតនៅតែជារបស់ខ្មែរជានិច្ច
- សូមពិភពលោក មានយុត្ដិធម៌ចំពោះមនុស្សជាតិទូទៅ! សូមប្រជាពលលោក បានចំរើនក្នុងផ្លូវសន្ដិភាព

ធ្វើនៅភ្នំពេញ ថ្ងៃទី២៨ មេសា ព.ស ២៥១៧ គ.ស ១៩៧៣
ប៊ុណ្ណចន្ទ ម៉ុល

-----:::::::::::::::::::::::::::::::::::::::::::-----

សេចក្ដីផ្តើម

   នេះយើងទាំងអស់គ្នា ដែលមានឈ្មោះថាជាអ្នកតស៊ូ ហើយដែលទើបតែរួចចេញពីគុកច្រវាក់ ក៏បានមកនៅជួប​ជុំ​គ្នា​នៅ​នឹង​ភ្នំ​ពេញ​នេះ​។ ជប៉ុន​ដែល​ជា​អ្នក​ឧបត្ថម្ភ នូវ​នយោ​បាយ​យើង ក៏នៅតែជួយផ្ដល់នូវគំនិតដល់ក្រុមបដិវត្ដន៍យើងដដែល។ ជប៉ុន​ពុំ​ទាន់​ចាញ់​កំលាំង​សំពន្ធ​មិត្ដ​នៅ​ ឡើយ​ទេ ថ្វី​ត្បិត​តែ​ក្រុង​ភ្នំ​ពេញ​ត្រូវ​រង​គ្រប់​បែករបស់កងទ័ពសំពន្ធមិត្ដ (កាលពីថ្ងៃទី ៨កុម្ភៈ ១៩៤៥) ក៏ដោយ។ តែ​មិន​តែ​ប៉ុណ្ណោះ​នៅ​ថ្ងៃ ទី​៩​ មិនា ១៩៤៥ ជប៉ុន​ថែម​ទាំង​បាន​លោម​ព័ទ្ធចាប់បារាំងនៅភ្នំពេញទាំងរស់ទៀតផង។ លោក សឹង ង៉ុកថាញ់ ដែលរត់​ទៅ​កាន់​ប្រទេស​ជប៉ុន​តាំង​ ពី​បារាំង​ចាប់​លោក​អាចារ្យ​ហែម ចៀវ​នោះ ក៏​បានត្រូវជប៉ុន ជួយអោយមកវិញ នៅខែឧសភា ១៩៤៥។ ពីរាត្រីទី ៨​ទៅ​ទី​៩ ខែ​សីហា ១៨៤៥​ យុវ​ជន​ខ្មែរ និង​ទាហាន ក៏​ធ្វើ​បដិ​វត្ដន៍ រំលំ​រដ្ឋា​ភិបាល លោកអ៉ឹង អ៊ី ដែលនៅក្រោមអំណាចបារាំង រួចនៅថ្ងៃទី ១៤ ខែ​សីហា​ឆ្នាំ​ដដែល លោក​ សឹង ង៉ុក​ថាញ់ ក៏​ត្រូវ​បាន​ចាត់​តាំង​ជា​នាយក​រដ្ឋា​ភិបាល​ឡើង។

   ក្នុងស្ថានភាពនេះ យើងរាស់គ្នាជាអ្នកនយោបាយ ហើយដែលមានជប៉ុនជួយឧបត្ថម្ភនោះ គួរណាស់តែបានសប្បាយ​ភ្លើត​ភ្លើន​ក្នុង​ចិត្ដ ប៉ុន្ដែ​ ផ្ទុយ​ទៅ​វិញ យើង​ពុំ​បាន​គិត​នឹក​ដូច្នោះ​ឡើយ យើងរាល់គ្នាគិតឃើញថា កំលាំងពួកសំពន្ធមិត្ដ ប្រហែលជា​បន្ថែម​ឡើង ដើម្បី​ផ្ដួល​លំនឹង​យើង​ នេះ​ទៅ​វិញ​បាន​នៅ​ថ្ងៃ​ណា​មួយ ព្រោះ​ពួក​គេ​កំពុង​រៀបចំសំបើមណាស់ ដើម្បីបន្ទុចអានុភាពជប៉ុន ឬថាគេត្រូវការត្រួត​ត្រា​ឥណ្ឌូ​ចិន​ជា​ដាច់​មុខ​។

   កាលបើគិតឃើញដូច្នោះ យើងរាស់គ្នាក៏គិតរកផ្លូវដោះជាស្រេចថា នឹងគេចអោយផុតពីកណ្ដាប់ដៃបារាំង បើ​បារាំង​ឈ្នះ​ជប៉ុន​វិញ​នោះ​ យើង​ត្រូវ​ចេញ​អោយ​ផុត​ទៅ​ក្រៅ ដើម្បីរិះរកមធ្យោបាយរំដោះស្រុកតទៅទៀត។ ថ្ងៃមួយជួបជុំគ្នា ក៏ពិ​គ្រោះ​ព្រម​ព្រៀង​គ្នា​ថា បើ​បារាំង​ឈ្នះ​ ជប៉ុន យើង​ត្រូវ​ចេញ​ទៅ​ស្រុក​សៀម និង​ស្រុក​យួន។ ដូចដែលយើងបានផ្គងព្រួយនោះមែន ថ្ងៃទី១៦ តុលា ១៩៤៥ ពួក​បារាំង​ល្បួង​ចាប់​លោក​ នាយក សឹង ង៉ុក​ថាញ់ ទៅ​ ហើយ​ព្រម​ទាំង​ចាប់​ជន​ជា​ដៃ​ជើង​ទៀត (មានពួកយើងអ្នកតស៊ូនេះឯង)។

   ដូចដែលបានព្រាងទុក ពួកអ្នកតស៊ូចែកបំបែកគ្នាចេញជាពីរក្រុម។ មួយក្រុមមានលោក ប៉ាច ឈឺន, លោក​ចៅ សែន កុសល​ឈុំ (កាល​ ណោះ​ជា​ចៅ​ហ្វាយ​ខេត្ដ​កំពុង​ចាម​) លោក​ស្រី សឹង ង៉ុកថាញ់ នាមដើម ឡាំអីអ៊ុក និងជនជាច្រើនទៀត បាន​ទៅ​នៅ​បាសាក់ (កម្ពុជា​ក្រោម)​ ឯ​ចំណែក​ខ្ញុំ ប៉ុណ្ណ​ចន្ទ ម៉ុល ខ្ញុំ​មាន​មា​ម្នាក់​ឈ្មោះ ប៉ុក គុណ ហៅ ត្រលាច នៅខេត្ដបាត់ដំបង ដែលកាលណោះ​សៀម​ត្រួត​ត្រា​ជា​របស់​សៀម​។ ព្រំ​ប្រទល់​ខ្មែរ-សៀម​កាល​ណោះ​នៅ​ត្រង់​ស្វាយ​ដូន​កែវ​។

   តទៅមុខអស់លោកអ្នក នឹងបានជ្រាបអំពីដំណើររបស់ខ្ញុំផ្ទាល់ ទៅកាន់ខេត្ដបាត់ដំបង និងអំពីកំណើតនៃខ្មែរ​ឥស្សរៈ​ព្រម ទាំង​សកម្ម​ភាព​អ្វី​ ខ្លះ​នៃ​ក្រុម​នោះ​។ សកម្ម​ភាព​ពួក​នោះ ឃើញថាផ្ទុយពីគោលបំណងរបស់យើងអ្នកនយោបាយរំដោះជាតិ ផ្ទុយ​ពី​គំនិត​របស់​យើង​ដែល​ជា​អ្នក​ បង្កើត​ពួក​នោះ​។ សកម្ម​ភាព​ពួក​នោះ គឺ​ជា​គុណ​វិបត្ដិ​ម្យ៉ាង​ដែលផ្ដល់អោយខ្ញុំនូវ កំហកចិត្ដយ៉ាងធំដរាបសព្វថ្ងៃ។

   ហេតុនោះហើយ ទើបខ្ញុំនិយាយរិះគន់អ្វីៗ ខ្ញុំចូលចិត្ដថា «នេះហើយចរិតខ្មែរ» រាល់ដងដូច្នេះឯង។ វ័យចាស់ប៉ុណ្ណេះ​ហើយ ខ្ញុំ​សូម​ចង​ដៃ​អនុ​ ជន​ជាន់​ក្រោយ​នូវ​ស្នា​ដៃ​នេះ ដើម្បីជាបទពិចារណា រិះរកផលប្រយោជន៍ជូនបងប្អូនរួមជាតិក្នុង សាធារណរដ្ឋខ្មែរត​ទៅ​ទៀត​ផង ដោយ​ចៀស​ វាង​នូវ​អំពើ​ឃោរ​ឃៅ កាប់​សំលាប់​គ្នា​ឯងដោយព្រៃផ្សៃនោះតទៅ ទៀត។

សូមអោយមានយុត្ដិធម៌ក្នុងសង្គម ដើម្បីវឌ្ឍនភាព និង សុភមង្គលរបស់សាធារណរដ្ឋខ្មែរ។
ភ្នំពេញថ្ងៃទី២៦ កុម្ភៈ ១៩៧៣
ប៊ុណ្ណចន្ទ ម៉ុល