៤ ​-ជីវិតគ្មានខ្លឹមសារ
ថ្ងៃសៅរ៍ ទី14.កក្កដា 2018.ម៉ោង 6:59

   សារ៉ាក់ ខំរត់​គេច​ចេញ​អោយ​ផុត​ពី​ដែន​មនោ​សញ្ចេតនា​ដោយ​ជិះ​កង់​កំសាន្ដ​តាម​ផ្លូវក្រុង​ ប៉ុន្ដែ​ជា​ការ​អិត​អំពើ​សោះ​។ ហ្វូង​គំនិត​ ហ្វូង​បារម្មណ៍​ គឺ​ការ​ស្រមៃ​ និង អនុស្សា​វរីយ៍​ផង​ហើរ​ប្រដេញ​ប្រកិត​រូប​អ្នក​គ្មាន​ត្រា​ប្រណី​ ស្រែក​ហោ​កញ្ជ្រៀវ​ខ្ញៀវ​ខ្ញា​ពេញ​ព្រលឹង​ គួរ​អោយ​រន្ធត់​ហាក់​ដូច​ជា​សំលេង​ខ្លែង​ស្រាក​ រឺ​ លលក​ខ្មោច​។ :«ហ៊ី! (សារ៉ាក់​ត្អូញ​ត្អែរ​ក្នុង​ចិត្ដ​) ជីវិត​ជា​អ្វី​ទៅ?» គឺ​ជា​កម្រង​បុប្ផា​អពមង្គល។ មនុស្ស​ម្នាក់​ៗ ទទួល​កម្ម​អកុ​សល​មួយ​ម្ដង​ៗ​ ពុំ​មាន​ឈប់​ត្រា​តែ​បុគ្គល​រលាយ​រូប​រលួយ​ប្រាណ​ទើប​អស់​។ រូបំ... ទុក្ខំ...»

   សារ៉ាក់​ជិះ​កង់​យីត​ៗ ភក្ដ្រ​អ្នក​ស្រពាប់​ស្រ​ពោន​ក្រៃ​ពេក​ ចិត្ដ​របស់​អ្នក​សែន​ចំបែង​។ ក្ដី​កង្វល់​គ្រប់​ជំពូក​ហូរ​មក​ខ្មួល​ខ្មាញ់​ពេញ​វិញ្ញាណ​។ បញ្ហា​ជីវិត​ច្រើន​ហួស​និស្ស័យ​ ចេះ​តែ​ចោទ​មក​ផ្ទួន​ៗ​ គ្នា​ក្នុង​អារម្មណ៍​របស់​អ្នក​។ ក្នុង​រំពេច​នោះ​បេះ​ដូង​សារ៉ាក់​ស្រាប់​តែ​ឈឺ​រកាំ​ ខ្លោច​ផ្សាដោយ​ការ​អាណិត​មិត្ដ​ម្នាក់​ ឈ្មោះ​ សួន ផាន​ ដែល​ទើប​ស្លាប់​ថ្មីៗ​ ចំនែក​ឱរា​អ្នក​ មាន​សភាព​តឹង​មហា​តឹង​។ :«ឱ! សួន ផាន​សំលាញ់​ ម្ដេច​ក៏​មាន​វាសនា​អភ័ព្វ​ម៉្លេះ?»។ ឈ្នាន់​កង់​សារ៉ាក់​វិល​ចុះ​ឡើង​មួយ​ៗ​ ហើយ​ស្រែក​ថ្នូរ​ថា​ ង៉ីត! ង៉ីត! កើត! ចាស់! ឈឺ! ស្លាប់! ។

   ឱ! អញ​អើយ​ ចង់​ត្អួត​អី​ម៉្លេះ​ទេ... ជីវិត​មនុស្ស​គ្មាន​ន័យ​ គ្មាន​ខ្លឹម​សារ​! តើ​មុន​កើត​មក​ មនុស្ស​នៅ​ឋាន​ណា? លុះ​ដល់​ពេល​ស្លាប់​ តើ​មនុស្ស​យាត្រា​ឆ្ពោះ​ទៅ​ទី​ណា​? ម្ដេច​បាន​ជា​មនុស្ស​មិន​រស់​រហូត​ទៅ​? លុះ​ដល់​មនុស្ស​ស្លាប់ តើ​ព្រលឹង​នៅ​រស់​ដែរ​ រឺ​ ក៏​រលាយ​សូន្យ​សុង​ទៅ​ជា​មួយ​អង្គ​ប្រាណ? នរណាគេហ៎ៈ ដែល​បង្កើត​លោក​មក​ពី​ដើម​ដំបូង​បំផុត​ ហើយ​នាំ​អោយ​មនុស្ស​វេទនា​ដូច្នេះ​? ហ៊ី! រឿង​នេះ​គិត​មិន​ចេញ​ទេ​! ខ្ជិល​គិត​ល្អ​ជាង​ ព្រោះ​រឿង​មិន​ប្រាកដ​! ប៉ុន្ដែ​របស់​មួយ​ដែល​អញ​ប្រាកដ​ជាង​គេ​ គឺ អញ​ត្រូវ​ស្លាប់​ថ្ងៃ​ណា​មួយ​ បើ​មិន​យូរ​ក៏​ឆាប់​។ សួន ផាន​ សំលាញ់​អញ​មាន​ឳពុក​ម្ដាយ​ក្រ​រហេម​រហាម​នៅ​ស្រុក​ស្រែ​។ សួន​ផាន​ស្វែង​មក​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ សុំ​ផ្ទះ​បង​ប្អូន​ជ្រក​កោន​។ សួន​ផាន​ខំ​សង្វាត​រៀន​សូត្រ​ទាំង​យប់​ទាំង​ថ្ងៃ​ ខំ​លេប​សេចក្ដី​ក្រី​ក្រ​របស់​ខ្លួន​ដោយ​ក្លា​ហា​ន! អស្ចារ្យ​មែន​! នៅ​ថ្នាក់​ទី​បញ្ចប់​នៃ​វិទ្យា​ល័យ​ស៊ី​សុវត្ដិ​ សួន​ផាន​មាន​សំលៀក​បំពាក់​តែ​មួយ​បន្លាស់​គត់​ពេញ​រយៈ​មួយ​ឆ្នាំ​ ប៉ុន្ដែ​ សូន​ផាន​រៀន​បាន​លេខ​មួយ! រៀន​បាន​លេខ​មួយ​ក្រោម​ពន្លឺ​ចង្កៀង​ប្រេង​កាត​ប្លុង​ៗ​ លេខ​មួយ​ទាំង​ខ្វះ​អាហារ​បរិភោគ​ លេខ​មួយ​ទាំង​ខ្វះ​សៀវ​ភៅ​រៀន​សូត្រ​ថែម​ទៀត​ផង​ លេខ​មួយ​ដោយ​ក្ដី​សង្ឃឹម​ថា​ នឹង​ បាន​សង​គុណ​មាតា​បិតា​ ដែល​ក្រ​តោក​យ៉ាក​ក្នុង​វេលា​ឆាប់​ៗនេះ​។ ទី​បំផុត​ សួន​ផាន​ បាន​ប្រលង​ជាប់​ស្នាតកប័ត្រទី​២ ផ្នែក​ខាង​វិទ្យា​សាស្ដ្រ​ពិសោធន៍​ ហើយ​ថែម​ទាំង​បាន​ចូល​រៀន​វិជ្ជា ផ្នែក​ខាង​សាស្ដ្រា​ចារ្យ​ថែម​ទៀត​។ ប៉ុណ្ណេះ​ហើយ​ សួន​ផាន​ជា​មនុស្ស​មាន​វាសនា​ល្អ​ស្រេច​ ប៉ុណ្ណេះ​ហើយ​មាតា​បិតា​សួន​ផាន​ នឹង ​មានជីវិត​រុង​រឿង​ដោយ​សារបុត្រ​ពន្លក​នេះ​។ ប៉ុន្ដែ​អនិច្ចា​កម្ម​អើយ​កម្ម សួន​ផាន​ ពុំ​ទាន់​បាន​ក្រេប​រស​ជាតិ​លទ្ធ​ផល​នៃ​ការ​សិក្សា​របស់​ខ្លួន​ផង​ ស្រាប់​តែ​ត្រូវ​មច្ចុ​រាជ​មក​ហូត​ផ្ដាច់​យក​ព្រ​លឹង​ទៅ​បាត់​! សួន​ផាន​បាន​ទទួល​អនិច្ច​កម្ម​ទៅ​ដោយ​រោគា​ពាធ​មក​យា​យី​ក្នុង​រវាង​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។ ឱ សួន​ផាន​! ឱ មិត្ដ​អើយ​! មិត្ដ​ដែល​បាន​សន្ដាន​ចិត្ដ​ថ្លៃ​ថ្នូរ​ មិត្ដ​ដែល​ធ្លាប់​ប្រាស្រ័យ​​ទាក់​ទង​បញ្ហា​ជីវិត​នានា​ជា​មួយ​នឹង​ខ្ញុំ​» ។ សារ៉ាក់​ស្ទើរ​ស្រក់​ទឹក​ភ្នែក​នៅ​តាម​ផ្លូវ​។ កាល​ពេល​ពិ​ធី​ឈាបន​កិច្ច​ម្ដាយ​សួន​ផាន​ ស្រែក​ទ្រហោ​យំ​ដោយ​មាន​វាចា​ថាៈ «កូនអើយ​! កុំ​ទៅ​ចោល​ម៉ែ! កូន​អើយ​ត្រ​លប់​មក​រក​ម៉ែ​វិញ»។ ពាក្យ​ដំអូញ​ដ៏​មាន​សភាព​ញ័រ​ចំប្រប់​នេះ​បាន​ធ្វើ​អោយ​សារ៉ាក់​អាណិត​ខ្លោច​ចិត្ដ​។

   ហា! ហា!.. ហា... (សារ៉ាក់​សើច​ឡើង​ដោយ​សោះ​កក្រោះ​)
   «តើ​ជីវិត​មាន​ខ្លឹម​សារ​យ៉ាង​ដូច​ម្ដេច​កើត​ បើ​ព្រេង​វាសនា​ចង្រៃ​សែន​ចង្រៃ​ បើ​ព្រហ្ម​លិខិត​កាច​សាហាវ​យង់​ឃ្នង​​យក​មច្ចុ​រាជ​ មក​បង្ហិន​បង្ហោច​ព្រលឹង​(១) ​មនុស្ស​ ដោយ​គ្មាន​អាសូរ​ចិត្ដ​ថ្លើម​គ្នា​បន្ដិច​ដូច្នេះ​។ ជីវិត​មនុស្ស​ក្នុង​លោកិយ​មានសភាព​ស្ដើង​ដូច​សរ​សៃ​អំបោះ ហើយ​ម្នាក់​ព្រួយ​បារម្ភ​ស្លុត​ក្នុង​ចិត្ដ​ខ្លាច​កណ្ដៀវ​មរណៈ បារម្ភ​ទាល់​តែ​រក​អ្វី​មក​លួង​លោម​ពុំ​បាន​។ ហា!​ មនុស្ស​យើង​ក្នុង​លោក​សន្និ​វាស​នេះ​ មាន​លំ​នាំ​ដូច​ជា​តួ​អែក​ល្ខោន​ពិត។ ឧបមា​ថា​យើង​ដើរ​តួ​ជា​អ្នក​ប្រាជ្ញ​វិទ្យា​សាស្ដ្រ​ល្បី​ល្បាញ​ មាន​គេ​កោត​សរ​សើរ​ស្ញប់​ស្ញែង​ រឺ​ក៏​ជា​មហា​សេដ្ឋី​រស់​នៅ​លើ​គំនរ​មាស​ គំនរ​ប្រាក់​។ល។ តើ​តួអង្គ​ទាំង​នេះ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ បើ​យើង​ដើរ​តួ​បាន​តែ​ពីរ​ រឺ​ បី​ម៉ោង​ប៉ុណ្ណោះ?​។ ជីវិត​មនុស្ស​ក៏​មាន​លំ​នាំ​អញ្ចឹង​ដែរ​ មួយ​ឆ្នាំ​ៗ​ រសាត់​ទៅ​រហ័ស​ដូច​យល់​សប្ដិ​ គេ​និយម​និយាយ​ថា​មួយ​ឆ្នាំ​ដូច​មួយភ្លែត ។ ហើយ​មនុស្ស​រស់​បាន​ធម្មតា​ហុក​សិប​ឆ្នាំ​។ តើ​ហុក​សិប​ភ្លែត​ រឺ​ ក៏ចិត​សិប​ភ្លែត​ មាន​ន័យ​យ៉ាង​ដូច​ម្ដេច​ហ៎ៈ?

   ពេល! ពេល! ពេល! ពេល​ពុំ​ដែល​រង់​ចាំ​យើង​ទេ​! ទិវា​រាត្រី​ចេះ​តែ​កន្លង​ទៅ​ពុំ​មាន​ឈប់​ឈរ​! ពេល​វេលា​ សង្កត់​សង្កិន​ជិះ​ជាន់មនុស្ស​គ្មាន​មេត្ដា​ ហុត​ឈាម​អង្កៀម​ឆ្អឹង​ទំពា​ក្បាល​ អវៈយវៈ​ សរី​រាង​កាយ​បន្ដិ​ម្ដង​ៗ​ លិទ​អណ្ដាត​ភ្លែត​ៗ​ ដូច​អសុរកាយ​ដែល​គេ​តែង​និយម​និយាយ​ដូច្នោះ​។ មើល​នេះ​ហើយ​ការ​វិវឌ្ឍន៍​ដ៏​គួរ​អោយ​តក់​ស្លុត​របស់​ ពេលកើត​... ចាស់​.. ឈឺ​... ស្លាប់​...

   ពេល​ ធ្វើ​អោយ​យើង​ស្កូវ​ អោយ​ធ្មេញ​យើង​រលើង​ មាត់គ្រហុប​ អោយ​ស្បែក​យើង​ជ្រីវ​ជ្រួញ​ អោយ​ភ្នែក​យើង​ស្រវាំង​ អោយ​ព្រលឹង​ និង ​វិញ្ញាណ​យើង​ភាន់​​វង្វេង​... ចំនែក​​រណ្ដៅ​មរណៈ​ ចេះ​តែ​សង្ខុញ​រំកិល​ជិត​មក​គ្មាន​លោះ​មួយ​នាទី​។ ហា!. ហា!​ កវី​បារាំង​ម្នាក់​ឡា​ម៉ារ​ទីន​ (Lamartine) បាន​សុំ​អង្វរ​អោយ​ ពេល​ ផ្អាក​បញ្ឈប់​ដំណើរ(1)​ ដោយ​គាត់ចង់​បន្ដ​សុភមង្គល​ស្នេហ៍​ ជាមួយ​សង្សារ​របស់​គាត់​រហូត​គ្មាន​ទី​បញ្ចប់​។ ឱ! បង​កវី​អើយ​ កុំ​សង្ឃឹម​ថា​រត់​រួច​ពី​ក្រញាំ​របស់​ពេល ​។ ពេល​សុខ​ចិត្ដ​ផ្អាក​ដំណើរ​ប៉ុន្ដែ​តើ​បង​ប្រុស​ចង់​អោយ​ពេល​ ឈប់​ដើរ​ប៉ុន្មាន​ម៉ោង​ ប៉ុន្មាន​ខែ​ ប៉ុន្មាន​ឆ្នាំ​ ប៉ុន្មាន​សតវត្ស​?​។ ហា!​ ហា!​។ ការ​សំរាក​របស់​ពេល​នៅ​តែ​ជា​ពេល​ដ​ដែល​។ ឱ! គួរ​អោយ​យើង​ខ្លាច​ស្ញប់​ស្ញែង​ព្រះ​បញ្ញា​ណាណ​ ព្រះ​ពុទ្ធ​ ដែល​ជា​ព្រះ​បរម​គ្រូ​អី​ម៉្លេះ​ទេ​។ ព្រះ​អង្គ​បាន​ឈ្វេង​យល់​សព្វ​ នូវ​ដំណើរ​ជី​វិត​មនុស្ស​ក្នុង​វដ្ដ​សង្សារ​ «រូបំ! ទុក្ខំ! អនត្ដា!.»។ «អចិរំ វតយំ កាយោ​!!​»

   កាល​ពី​អាទិត្យ​មុន​ សារ៉ាក់ និយាយ​សើច​លេង​ជា​មួយ​សួន​ផាន​ ៗ បាន​និយាយ​តប​មក​រក​អ្នក​ បាន​សើច​គ្រ​ហាញ​ដក់​អ្នក​ អី​លូវ​នេះ​សួន​ផាន​នៅ​ទី​ណា​? អ្នក​សំលឹង​​រក​មើល​សួន​ផាន​ពុំ​ឃើញ​សោះ​! តើ​សួន​ផាន​ទៅ​នៅ​ស្ថាន​ណា​?​ឱ! មិត្ដ​សំសត់​អើយ​!។ អនិច្ចា​ វត​សង្ខា​រា!.

    សារ៉ាក់​ជិះ​កង់​ថ្មម​ៗ​ យ៉ាង​ស្ងៀម​ស្ងាត់​។ ញើស​ស្រាប់​តែ​ហូរ​មក​វូៗ​ រមៀល​ដូច​ដំណក់​ទឹក​ភ្លៀង​។ ឃើញ​ទេ​! ជីវិត​គ្មាន​ន័យ​ពិត​មែន​។ សភាព​អនិច្ចំ​ មិន​មែន​ត្រឹម​តែ​សំដៅ​ឆ្ពោះ​ទៅ​រក​ការ​មិន​ទៀង​ទាត់​នៃ​សង្ខារ​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ​ ចំពោះ​វត្ថុ​ធាតុ​ក៏​ដូច្នោះ​ដែរ​។

   របស់​ដែល​យើង​មើល​ឃើញ​ គឺ​គ្រាន់​តែ​ជា​ស្រ​មោល​រវីម​រវាម​ សំរាប់​តែ​បោក​ប្រាស់​សតិ​របស់​យើង​ប៉ុណ្ណោះ​អែង​។ រថ​យន្ដ​ដែល​រត់​លូន​ឆ្វែល​ឆ្វាត់​នេះ​ ផ្ទះ​ផ្សារ​ដែល​លេច​ឡើង​អណ្ដែត​ធ្លោ​នៅ​ខាង​មុខ​អែ​ណោះ​ជា​វត្ថុ​មិន​ទៀត​ទាត់​ ព្រោះ​អ្វី?​ ព្រោះ​ថា​ដើម​ដំ​បូង​មក​ពី​រូប​មិន​ពិត​ ជា​រូប​ដែល​គេ​អោយ​ខ្ចី​ក្នុង​រយៈ​ពេល​ខ្លី​ បន្ដិច​ទៀត​លុះ​ដល់​រូប​អញ​រលាយ​បាត់​ទៅ​អញ​អស់​បាន​ឃើញ​វត្ថុ​ទាំង​នេះ​ហើយ​ វត្ថុ​ទាំង​នេះ​ នឹង រលុប​អន្ដរ​ធាន​ទៅ​បាត់​ក្នុង​វិញ្ញាណ​របស់​អញ​ដែរ​។

    បើ​អីលូវ​នេះ​គេ​អោយ​មាស​អញ​ដប់​ពាង​ពិតៗ​ ដែល​អញ​មើល​ឃើញ​ ដែល​អញ​ស្ទាប​បាន​ ដែល​អញ​ហិត​ទៅ​ធុំ​ក្លិន​មាស​ៗ​ ដែល​មាន​ពណ៌​លឿង​ឆ្អៅ​ ដូច​ព្រះ​សុរិយា​ពេល​ព្រ​ហាម​ តើ​ចិត្ដ​អញ​មាន​ការ​ស្រៀវ​ស្រើប​ដែរ​រឺ​អ្វី​?​ បើ​សុទ្ធ​តែ​ជា​ «អនិច្ចំ»​ ។ សារ៉ាក់​គិត​វែង​ទៅ​ៗ​ មិន​ចេះ​ចប់​។

    បើ​រូប​អញ​រលាយ​ទៅ​មាស​ក៏​រលាយ​ដែរ​ ព្រោះ​ អញ​ប្រើ​ការ​លែង​កើត​។ មាស​នេះ​ឋិត​នៅ​ប្រាកដ​ហើយ​ ប៉ុន្ដែ​ចំពោះ​មនុស្ស​នៅ​រស់​ ចំនែក​មនុស្ស​ស្លាប់​ពុំ​អាច​អោប​ក្រសោម​មាស​របស់​ខ្លួន​ទៅ​បរ​លោក​បាន​ឡើយ​។ នៅ​បរលោក​គេ​ចាយ​ពុំ​ដាច់​ទេ​ លោហ​ធាតុ​លឿង​នេះ​... ហ៎ា! ហ៎ា! បេះ​ដូង​សារ៉ាក់​កញ្ជ្រោល​សើច​ឡើង​ដោយ​ក្ដី​ខ្ពើម​រអើម​! មាស! មាស!​ មាស​អសោចិ​សំរាប់​បំភាន់​សតិ​វិញ្ញាណ​មនុស្ស​! បើ​ជី​វិត​មិន​ទៀង​ទៅ​ហើយ​ តើ​របស់​អ្វី​ដែល​ទៀង​នោះ?​ មាស​ចង្រៃ​ធ្វើ​អោយ​មនុស្ស​ឆ្កួត​វង្វេង​ភ្លេច​ភ្លាំង​អ្វី​ៗ​ទាំង​អស់​!

    មើល​ចុះ​មនុស្ស​គ្រប់​គ្នា​ ត្រហេប​ត្រហប​ ច្រាស់​ច្រាល​ដូច​មាន់​រក​ពង​ ដើម្បី​បាន​មាស​នេះ​ តែ​បន្ដិច​បន្ដួច​យក​មក​ទុក​ជាកម្ម​សិទ្ធិ​។ មើល​ចុះ​ គហប​តី​ធំ​ៗ​ មហា​សេដ្ឋី​ទាំង​ឡាយ​ មើល​ចុះ​ ពួក​មូល​ធន​និយម​គ្រប់​ប្រ​ភេទ​នៅ​ក្រោម​មេឃ​ កើប​មាស​បាន​រាប់​តៅ​ រាប់ឃ្លាំង​ហើយ​ នៅ​ខំ​ត្រដរ​ប្រឹង​ប្រែង​កើប​មាស​នោះ​ថែម​ទៀត​ ស្ទើរ​តែ​លិច​លង់​ទៅ​ក្នុង​រណ្ដៅ​វិកល​ចរិក​ នឹក​ស្មាន​ថា​ខ្លួន​រស់​នៅ​បាន​រហូត​ បើ​ពុំ​ដូច្នោះ​ នឹក​ស្មាន​ថា ខ្លួន​អាច​យក​មាស​ទៅ​ចាយ​នៅ​អែ​បរលោក​បាន​...។

ទីន! ទីន! ទីន​ ៗ!
    ស៊ី​ប៉្លេរថ​យន្ដ​មួយ​បាន​បន្លឺ​ឡើង​ក្រោយ​ទោ​ចក្រយាន​របស់​សារ៉ាក់​។ សារ៉ាក់​ពុំ​បាន​លឺ​ស៊ី​ប្លេរថ​យន្ដ​បន្ដិច​សោះ​។ អ្នក​កំលោះ​ធាក់​កង់​គើម​ៗ​ យឺត​ពេក​ក្រៃ​។ អ្នក​បរ​រថ​យន្ដ​តឹង​ចិត្ដ​ខ្លាំង​ពេក​ណាស់​ ក៏​បត់​ក្បាល​ឡាន​ចូល​ចត​ទាំង​ប្រថុយ​ បណ្ដាល​អោយ​ទង្គិច​កង់​សារ៉ាក់​លាន់​ប្រាវ​។
    នាយ​តួ​ភ្ញាក់​ព្រើត​ចេញ​ផុត​ពី​ការ​ស្រមៃ​។ អ្នក​ក្រលេក​ទៅ​ក្រោយ​ ឃើញ​អ្នក​បរ​រថយន្ដ​ម្នាក់​ចំណាស់​ប្រហែល​៣០ឆ្នាំ ស្លៀក​ពាក់​ស្អាត​បាត​ភក្ដ្រ​ដូច​ចិន​ សើច​ញឹមៗ​ មក​រក​អ្នក​!​។ មុខ​សារ៉ាក់​ឡើង​ក្រហម​ភ្លាម​ «អា​នេះ​មើល​ងាយ​អញ​អស្ចារ្យ​! អញ​ជិះ​កង់​សរ​សៀរ​ខាង​ស្ដាំ​ប៉ុណ្ណេះ​ទៅ​ហើយ​ វា​ហ៊ាន​មក​បុក​អញ​ពី​ក្រោយ​ទៀត​»។ កំលោះ​សម្លក់​ម្ចាស់​រថ​យន្ដ​ដោយ​គ្នាន់​ក្នាញ់​គ្មាន​អ្វី​ប្រៀប​។ «អា​នេះ​វា​មើល​មក​អញ​ថា​ ជា​មនុស្ស​ឆ្កួត​ហើយ​មើល​ទៅ​»។
សារ៉ាក់​ពេប​មាត់​សួរ​ថា៖
- ម៉េច​លោក​អែង​អាង​មាន​ឡាន​ឬ? បាន​ជាសំបើមម៉្លេះ។
- ថា​ម៉េច​! ស្ដាប់​មិន​បាន​ទេ? (អ្នកម្ចាស់​រថ​យន្ដ​ធ្វើ​ជា​ផ្ទៀង​ត្រ​ចៀក​ស្ដាប់)​។
- លោក​អែង​អាង​មាន​ឡាន​រឺ? បាន​ជា​ធ្វើ​រិក​សំបើមម៉្លេះ?
- ហ្នឹង​ហើយ​! ហ្នឹង​ហើយ! (អ្នក​ម្ចាស់​រថ​យន្ដ​ងក់​ក្បាល​) សារ៉ាក់​ខាក​ស្ដោះ​ដោយ​ខ្ពើម​រអើម។
​- អញ​ខ្ពើម​រិក​ណាស់​... អាចក្រពត្ដិ!...
ភក្ដ្រ​អ្នក​ម្ចាស់​រថ​យន្ដ​ឡើង​ក្រហម​មួយ​រំពេច។

     សារ៉ាក់​ជិះ​កង់​ត​ទៅ​ទៀត​ដោយ​ធ្វើ​ព្រងើយ​ យ៉ាង​យឺត​ៗ​ ជា​ទី​បំផុត​។ «បើ​អា​អែង​តាម​មក​រក​រឿង​អញ​ដាល់​អា​អែង​អោយ​រីក​ភ្នែក​ រឿង​រ៉ាវ​យ៉ាង​ណា​ក៏​អញ​គ្មាន​ខ្លាច​ដែរ​»​។ សារ៉ាក់​ខំ​ផ្ទៀង​ស្ដាប់​សំលេង​ឡាន​នោះ​ ក្រែង​វា​តាម​មក​បញ្ឆិត​ម្ខង​ទៀត។

     សារ៉ាក់​បែក​ញើស​សស្រាក់​ អាវ​អ្នក​មាន​សភាព​សើម​ជោគ​។ បែក​ញើស​ដោយ​សារ​កំដៅ​ព្រះ​សុរិយា​ រឺ​ ក៏​ដោយ​សារ​ការ​តូច​ចិត្ដ​ សេចក្ដី​មួហ្មង​! ញើស​ហូរ​មក​អិត​មាន​ស្រាន្ដ​មួយ​ដំណក់​ៗ​ មាន​ទំហំ​ប៉ុន​គ្រាប់​ពោត​។ ញើស​ហូរ​ខ្មួល​ខ្មាញ់​មក​លើ​ញើស​...។

     មក​ដល់​កន្លែង​ថត​រូប​ឡីស្ហាដ​ ទោចក្រ​យាន​សារ៉ាក់​លែង​មាន​សន្ទុះ​ទៅ​មុខ​ទៀត​។ ឈ្នាន់​កង់​វិល​ធូរ​ល្ហុយ​។ «អុញ​នោះ​! របូត​ច្រ​វាក់​ទៀត​ហើយ​ អញ​ស៊យ​ធំ​តែ​ម្ដង​ ច្រ​វាក់​នេះ​ពិបាក​ដាក់​លេខ​ម្ភៃ​ម៉ឺន!​»។ សារ៉ាក់​លើកកង់​មក​លើ​ចិញ្ចើម​ថ្នល់​ ហើយ​រៀប​ចំ​ដាក់​ច្រវាក់​អោយ​បាន​ស្រួល​បួល​ទៅ​វិញ​ ប៉ុន្ដែ​ច្រ​វាក់​ចង្រៃ​នោះ​មិន​ព្រម​ចូល​ទៅ​កន្លែង​ដើម​វិញ​សោះ​។ សារ៉ាក់​អង្គុយ​កេះ​ច្រវាក់​ធ្វើ​មាត់​ម្ហប​ៗ... ញើស​ហូរ​មក​រហាម​។«ចង្រៃ​មែន​ នៅ​មួយ​ដុំ​នេះ​គ្មាន​ជាង​កង់​ទៅ​ទៀត​... ហ៊ីស! ទៅ​ដល់​ផ្ទះ​វិញ​អញ​យក​អា​កង់​នេះ​ទៅ​កាប់​ដុត​ចោល​អោយ​ខ្ទេច​ អា​កង់​ចង្រៃ​ឧប​ទ្រព្យ​!។ សេចក្ដី​មួហ្មង​របស់​សារ៉ាក់​ ផ្ទុះ​ឡើង​ដល់​កំរិត​។ «ឱ! អញ​អើយ​! នៅ​ឋាន​ណា​ នៅ​ក្រ​លៀន​ណា​ ក៏​ពុំ​ចេះ​ប្រ​ទះ​ការ​ស្ងប់​ស្ងៀម​ សេចក្ដី​មនោ​រម្យ​សោះ​។ បើ​មិន​នេះ​នោះ​! បើ​មិននោះ​នេះ!»​។ អ្នក​កំលោះ​អង្គុយ​ដាក់​ច្រ​វាក់​ត​ទៅ​ទៀត​ ចំណែក​ញើស​ហូរ​មក​សព្វ​សព៌ាង្គ​កាយ​ ជោក​ខោ​អាវ​ដូច​ភ្លៀង​ទទឹក​។ «អញ​ត្រូវ​ទប់​ចិត្ដ​អញ​អោយ​ស្ងប់​ បើ​ពុំ​ដូច្នេះ​ទេ​អញ​ដាក់​ច្រ​វាក់​នេះ​មិន​រួច​សោះ​ឡើយ​... ហ៎ា​! ហ៎ា!​ អញ​ស្រែក​មុន​នេះ​បន្ដិច​ក្ដែង​ៗ ថា​ជីវិត​អិត​ន័យ!.. ចុះ​បើ​ជី​វិត​អិត​ន័យ​មែន​ ម្ដេច​ក៏​អញ​បណ្ដោយ​ខ្លួន​អោយ​មាន​ការ​មួ​ហ្មង​ដូច្នេះ​ គ្រាន់​តែ​របូត​ច្រវាក់​កង់​បន្ដិច​បន្ដួច​ គ្រាន់​តែ​គេ​បើក​ឡាន​មក​កៀរ​ប៉ះ​បន្ដិច​បន្ដួច​ បេះ​ដូង​អញ​មាន​ការ​រោល​រាល​ឆេះ​ដូច​អគ្គី​។ បើ​ជីវិត​អិត​ន័យមែន​ទុក​ជា​គេ​មក​វាយ​ក្បាល​លេង​មក​ទាត់​ធាក់​រូប​អញ​ជា​ល្បែង​ ក៏​អញ​គ្មាន​រវី​រវល់​ គ្មាន​ការ​ឆេះ​ឆួល​ដែរ​ ព្រោះ​ថា​បើ​ជី​វិត​អិត​ន័យ​ទៅ​ហើយ តើ​វត្ថុ​អ្វី​ដែល​មាន​ន័យ​ទៅ​វិញ​? កិត្ដិ​យស​រឺ​? ពុំ​មែន​សោះ​។ ហ៎ា! ហ៎ា!. បើ​ជីវិត​អិត​ន័យ​គឺ​គ្មាន​កិលេស ​អញ​លែង​អើ​ពើ​ លែង​ស្រលាញ់​លែង​ខឹង​គុំ​គួន​ នឹង​ អ្វី​ទាំង​អស់​។

     នៅ​ទី​បំផុត​ សារ៉ាក់​ដាក់​ច្រ​វាក់​កង់​បាន​សំរេច​ដូច​បំណង​ ដោយ​គ្មាន​រវី​រវល់​នឹង​មនុស្ស​ខ្លះ​ដែល​សំលឹង​មើល​មក​។ សារ៉ាក់​ងើប​ឈរ​ហើយ​ឡើង​ដក​កូន​កន្សែង​ជូត​មុខ​ស្រួល​បួល​។ «អញ​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​បុរស​គ្មាន​កិលេស​ បុរស​ដែល​មាន​កាយ​នៅ​រស់​រវើក​ ចេះ​ដេក​ ចេះ​ដើរ​ ចេះ​ស៊ី​ ប៉ុន្ដែ​ជា​បុរស​ស្លាប់​ចិត្ដ​»។ សារ៉ាក់​ហៀប​ នឹង​ ជិះ​កង់​ចេញ​ពី​ទី​នោះ​ទៅ​ហើយ​ ស្រាប់​តែ​មាន​រថ​យន្ដ​មួយ​យ៉ាង​ស្អាត​ពណ៌​ផ្ទៃ​ ម៉ាកស្ហីវ្រូឡេត៍ ​មក​ចត​នៅ​ក្បែរ​ខ្លួន​។ កញ្ញា​ពីរ​នាក់​ចុះ​មក​ពី​ក្នុង​ឡាន​ដ៏​ឆើត​ឆាយ​នេះ​។

- បង​សារ៉ាក់​! បងសារ៉ាក់​!
- កំលោះ​កំសត់​ភ្ញាក់​ព្រើត​ ក្រលេក​មើល​ទៅ​ឃើញ​កញ្ញាស៊ុន​ណារី​ ប្អូន​ជីដូន​មួយ​ខ្លួន​។
    - យី​បង​សារ៉ាក់​ទៅ​ណា​មក​ណា? ខ្ញុំ​លឺ​ថា​បង​អែង​ អី​លូវ​រៀន​វិជ្ជា​សាស្ដ្រា​ចារ្យ​ផង​ រៀន​ខាង​សាលា​ច្បាប់​ផង​ អញ្ចឹង​រឺ? យី! បង​អែង​ធ្វើ​អី​ហ្នឹង​បាន​ជា​បែក​ញើស​សស្រាក់?
    សារ៉ាក់​មាន​សេចក្ដី​ធុញ​ទ្រាន់​ នឹង ​ពាក្យ​សំនួរ​ទាំង​នេះក្រៃ​ពេក​ប៉ុន្ដែ​មក​នឹក​ថា៖​ «អញ​មិន​ត្រូវ​ធុញ​ទ្រាន់​ មិន​ត្រូវ​មាន​ការ​តឹង​តែង​ក្នុង​ចិត្ដ​ទេ​... ព្រោះ​បើ​មាន​ការ​ធុញ​ទ្រាន់​ គឺ នៅ​មាន​កិលេស»​។ សារ៉ាក់​ឆ្លើយ​តប​វិញ​ភ្លាម​ដោយ​ញញឹម​។
    - សួស្ដី​ ស៊ុនណារី! អូន​អែង​ល្មម​បោះ​បង់​ចោល​ទម្លាប់​ ដែល​ចោទ​សំនួរ​គេ​ម្ដង​បួន​ប្រាំ​ដូច្នេះ​ហើយ​ នរណា​គេ​ឆ្លើយ​ទាន់​? (ស៊ុន​ណារី​ងាក​ទៅ​រក​កញ្ញា​មួយ​ទៀត​ហើយ​បន្លឺ​សំលេង​ឡើង)
- បង​សារ៉ាក់​នេះ​ គឺ​រ័តនា​មិត្ដ​រួម​ថ្នាក់​ជា​មួយ​ខ្ញុំ។
    អ្នក​កំលោះ​ងាក​យ៉ាង​រហ័ស​ ក្រលេក​ទៅ​នារី​ក្រោយ​នេះ ​ទទួល​ពេល​នោះ​ នាង​ក្រមុំ​កំពុង​តែ​សំលឹង​គយ​គន់​រូប​អ្នក​ដែរ ​នាយ​តួ​ស្រឡាំង​កាំង​ទ្រឹង​ស្មារតី​។ «ចុះ​នាង​នេះ​ម្ដេច​ក៏​សំលក់ សំលឹង​អញ​ខ្លាំង​ម៉្លេះ​ ធ្វើ​មើល​តែ​អញ​ជា​សត្វ​ពានរ​មក​ពី​ស្រុក​អិណ្ឌា»។
    នាង​កញ្ញា​ងាក​មុខ​ចេញ​ ដោយ​សេច​ក្ដី​អៀន​ខ្មាស​ តែងាក​ពុំ​រួច​។ ពុំ​ដឹង​ជា​មាន​រិទ្ធា​នុភាព​អ្វី​ធ្វើ​អោយ​នាង​រឹង​គាំង​សរសៃ​លែង​កំរើក​ខ្លួន​កើត​តែម្ដង​
សារ៉ាក់​ងក់​ក្បាល​គំនាប់​ទៅ​កញ្ញា​រ័តនា​។
- សួ​ស្ដី​អ្នក​នាង​! តាម​ខ្ញុំ​ស្មាន​មើល​ទៅ​ អ្នក​នាង​ប្រហែល​ជា​មក​ថត​រូប​នៅ​កន្លែង​ឡឺស្ហាដ​នេះ​ហើយ​។
បេះ​ដូង​រ័តនា​កញ្ជ្រោល​ញាប់​ញ័រ​ស្ទើរ​រលេះ​ដាច់។
លោ​ហិត​នាង​ឡើង​មក​ប្រមូល​ផ្ដុំ​ត្រង់​ថ្ពាល់​ បណ្ដាល​អោយ​មាន​ពណ៌​ក្រហម​ព្រឿង​ៗ។
- ច៎ាស... ខ្ញុំ​ ហើយ​និង​ ស៊ុនណា​រី​បាន​មក​ថត​រូប​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​មុន អីលូវ​នេះ​ខ្ញុំ​មក​យក​រូប​ថត​ទេ​តើ...

    សារ៉ាក់​រក​រឿង​អ្វី​ទៀត​មក​និយាយ​គ្មាន.. ។ អ្នក​សង្កេត​ឃើញ​សំលៀ​បំ​ពាក់​ កញ្ញា​រ័តនា​ ស្រស់​ឆើត​ឆាយ​ជា​បណ្ដាច់​ សម​សួន​ នឹង ​អង្គ​កាយ​ដ៏​វិចិត្រ​របស់​នាង​។ អ្នក​ក្រលេក​មើល​ឡាន​ហើយ​នឹក​ថា៖ «ល្អ​ទាំង​ឡាន​ល្អ​ទាំង​ម្ចាស់​ ឱ! កូន​គេ​​អ្នក​មាន​!.. ស្រស់​អី​ក៏​ស្រស់​ម៉្លេះ​! យី! អញ​មិន​ត្រូវ​អោយ​មាន​ការ​ព្រឺ​ព្រួច​ក្នុង​ខ្លួន​ទេ! កុំស្ញើប កុំ​រំភើប​ នឹង ​លំអរបស់​ទេព​អប្សរណា ៗ ទាំង​អស់​! ជីវិត​អិត​ន័យ​! ជីវិត​អិត​ន័យ​»​។ សារ៉ាក់​សំលឹង​មើល​ខ្លួន​អែង​ឃើញ​ខោ​អាវ​ពុំ​សូវ​ស្អាត​បាត​ ឃើញ​ដៃ​ប្រលាក់​ដោយ​ច្រ​វាក់​កង់​ប្រឡូស​ «ខ្ជិល​តូច​ចិត្ដ​! ខ្ជិល​ខ្វល់​»​។

     ចំនែក​រ័តនា​ នាង​អរ​ក្នុង​ចិត្ដ​ស្ទើរ​អណ្ដែត​ខ្លួន​ «ហ្នឹង​ហើយ​រូប​សារ៉ាក់​នោះ? ហ្នឹង​ហើយ​​រឺ​ រូប​ប្រុស​សំលាញ់​អញ​? ឱ! មុខ​គេ​សង្ហា​មែន​ មុខ​គេ​ល្អ​ណាស់​... ល្អ​ដូច​អញ​បន់​ស្រន់​ ល្អ​ដូច​អញ​បាន​សង្ឃឹម​ទុក​ជា​យូរ​មក​ហើយ​។ ឱ! ភ្នែក​គេ​ខ្មៅ​មុត​ពោរ​ពេញ​ទៅ​ដោយ​សេច​ក្ដី​មានៈ​»​។ ការ​ស្រួល​ច្របល់​ ដ៏​វឹក​វរយ៉ាង​មហស្ចារ្យ​ បាន​ចាប់​បដិ​សន្ឋិ​ក្នុង​ដួង​ព្រ​លឹង​នៃ​នាង​កញ្ញា​។ ភក្ដ្រ​នាង​ប្រែ​ចាក​ពី​ពណ៌​ក្រហម​ហើយ​ប្រែ​ជា​ស្លាំង​ ស្លាំង​ដោយ​ចាញ់​បារមី​នៃ​ប្រុស​ថ្លៃ​។ ព្រលឹង​នាង​សុខ​ចិត្ដ​លន់​តួ​ថា​ស្រលាញ់​គេ​ហើយ​ ស្រលាញ់​ដោយ​គ្មាន​ពេល​ណា​ជិន​ណាយ​។ លោហិត​នាង​រត់​ខ្មួល​ត្រ​បាញ់​នៅ​សព្វ​សរ​សៃ​ឆ្ពោះ​តំរង់​ទៅ​បេះ​ដូង​នាង​ ដែល​កំពុង​ពុះ​ពោរ​ ដែល​ត្រូវ​ព្រួញ​ស្នេហ៍​ ព្រួញ​ទិព្វ​មក​ទំលុះ​ទំលាយ​ដោយ​ពុំ​មាន​ថ្ងៃ​ណា​ននឹង​សះ​ជា​។ នាង​គិត​អ្វី​លែង​ឃើញ​។ ព្រលឹង​នាង​ពុំ​ដឹង​ជា​រសាត់​វង្វេង​ទៅ​ដល់​ពិភព​ណា​។ នាង​មើល​ទៅ​អ្វី​ៗ​ ឃើញ​ព្រិល​ទាំង​អស់​! ភ្នែក​នាង​​ចាប់​បាន​តែ​ពពក​សស្កុង​ៗ​ ប៉ុណ្ណោះ​ជុំ​វិញ​ខ្លួន​។ ត្រ​ចៀក​នាង​ស្ដាប់​លឺ​តែ​សំលេង​រណ្ដំ​ខ្ទាំ​ខ្ទារ​ ហាក់​ដូច​ជា​ភ្នំ​ថ្មរលើង​ រលំ​លើ​ផែន​ពសុធា​ ជួល​កាល​គឺ​ជា​សំលេង​ទឹក​ជ្រោះ​ហូរ​ឈូ! ឆ ! ធ្លាក់មក​ពី​លើ​គិរី​ ជួន​កាល​គឺ​ជា​សំលេង​ខៃ​គ្រ​លួច​នៃ​យន្ដ​ហោះ​ប្រតិ​កម្ម​។ ចំហាយ​យ៉ាង​ក្ដៅ​បាន​ផ្សព្វ​ផ្សាយ​ពេញ​ពាស​ ដើម​ទ្រូង​នាង​ ហើយ​ឆាប​ឆួល​ដល់​បំពង់​ក​ស្ទើរ​ធ្វើ​អោយ​នាង​ស្លាក់​ដង្ហើម​។

    ស៊ុនណារី​ញញឹម​ខ្ជឹប​ដោយ​ឃើញ​អាកប្ប​កិ​រិយា​ស្ងប់​ស្ងៀម​នៃ​អ្នក​ទាំង​ពីរ​។ នាង​សួរ​សារ៉ាក់​ថា៖
- ចុះ​ដៃ​បង​អែង​ប្រលាក់​ស្អី​ ក៏​ប្រឡេស​ប្រឡូស​សំបើម​ម៉្លេះ​?
- បង​ជិះ​កង់​មក​ដល់​កន្លែង​នេះ​ វា​របូត​ច្រវាក់​ បង​ក៏​បញ្ឈប់​កង់​ ដើម្បី​រៀប​ចំ​ដាក់​ច្រវាក់​អោយ​ស្រួល​បួល​ទៅ​វិញ​... រួច​ដៃ​បង​ក៏​មាន​ការ​ប្រលាក់​ ប្រលូស​ដូច្នេះ​អែង​ គឺ ការ​ចាំ​បាច់​។
- ចុះ​កង់​បង​អែង​ម្ដេច​ក៏​គ្មាន​ហ្វ្រាំង​ដូច្នេះ​? វរ​ៗ​ ថ្ងៃ​ណា​មួយ​ទៅ​ថើប​គូថ​ឡាន​គេ​មិន​ខាន​។
- អូន​អែង​កុំ​ល្ងង់​ពេក​ បើ​បង​គ្មាន​ហ្វ្រាំង​មែន​ទែន​ ក៏​បង​មាន​ហ្វ្រាំង​ជើង​ដែរ​។ ពេល​ណា​កង់​បង​ជ្រុល​លឿន​ហួស​ពេក​ រឺ​ មួយ​ចង់​សំរុក​ក្បាល​ចូល​ឡាន​គេ​ បង​យក​ជើង​របស់​បង​ផ្ទប់​ នឹង កៅ​ស៊ូ​កង់​យ៉ាង​​ខ្លាំង​ បណ្ដាល​អោយ​លាន់​សំលេង​ឈូត ! ឈូត ! ឆ្ងាញ់​ណាស់​!! មិន​យូរ​ប៉ុន្មាន​កង់​នេះ​ក៏​ឈប់​ស្ងៀម​ស្រួល​តែ​ម្ដង​។
- លោក​ជា​បុរស​ម្នាក់​ដ៏​ចំលែក​ (សំលេង​រ័តនា)
- អញ្ចឹង​ហើយ​បង​ខ្ញុំ​នេះ​រក​លេខ​ដាក់​គ្មាន​ទេ។
    រ័តនា​លួច​សំលឹង​មើល​ភក្ដ្រ​សារ៉ាក់​ ហើយ​នឹក​ថា បុរស​នេះ​ចំលែក​មែន។ គេ​មិន​មែន​ត្រឹម​តែ​ជា​អ្នក​ក្រ​ប៉ុណ្ណោះ​ទេ​ គេ​ចូល​ចិត្ដ​សភាព​ក្រ​ថែម​ទៀត​។ សោភ័ណ​របស់​គេ​គឺឋិត​នៅ​លើ​ការ​កំសត់​។ គឺ​ជាអ្នក​ក្រ​និយម​ម្នាក់​ដ៏​មុត​មាំ​។ កង់​មាន គេ​មិន​ព្រម​ដាក់​ហ្វ្រាំង​ទេ​ គេ​សុខ​ចិត្ដ​យក​ជើង​ប្រើ​ការ​ជំនួស​»
    - អ្នក​នាង​មាន​ប្រ​សាសន៍​ថា ​ ខ្ញុំ​ជាបុរស​ចំលែក​ គឺ​ត្រូវ​ពិត​ណាស់​ ព្រោះ​ចិត្ដ​ខ្ញុំ​ខុស​គេ​អែ​ទៀត​ៗ ទាំង​អស់​។ ខ្ញុំ​ជា​មនុស្សមិន​យម​តាម​គេ​ ខ្ញុំ​​និយម​តាម​តែ​ចិត្ដ​គំនិត​ខ្ញុំ​មួយ​ប៉ុណ្ណោះ​។ ឆ្កួត​ រឺ ជា​ ស្រេច​តែ​គេ​ថា​ទៅ​ខ្ញុំ​គ្មាន​ខ្វល់​។ ខ្ញុំ​ធ្វើ​យ៉ាង​ដូចម្ដេច​អោយ​តែ​មាន​សោ​ភ័ណ អោយ​តែ​មានន័យ​ដល់​រូប​ខ្ញុំ។
    រ័តនា​ស្ដាប់​អ្នក​កំលោះ​បរិយាយ​ដោយ​ព្រឺ​ព្រួច​ក្នុង​ចិត្ដ​។ ការ​អៀន​ខ្មាស​និង​សេចក្ដី​ត្រេក​អរ​ លេច​ឡើង​លាយ​ឡំ​គ្នា​នៅ​លើ​ផ្ទៃ​ភក្ដ្រ​របស់​នាង​។ សារ៉ាក់​គិត​ថា​ «ម្ដេច​ក៏​នាង​ខំ​វិនិច្ឆ័យ​រូប​អញ​ខ្លាំង​ម៉្លេះ​?»។ សារ៉ាក់​ខឹង​ឆួល​ «តើ​ច្រមុះ​អញ​វា​ឋិត​នៅ​បណ្ដោយ​មាត់​រឺ​អ្វី?»។
- ខ្ញុំ​គិត​លូម​លា​អ្នក​នាង​ និង​ អូន​ណា​រី​សិន​ហើយ​។ ខ្ញុំ​ដូច​ជា​នៅ​រំខាន​យូរ​ពេក​តែ​ម្ដង​។ សាយ៉ូ​ណារ៉ា​ !
- ចាស​លោក​គ្មាន​រំខាន​អ្វី​ដល់​រូប​ខ្ញុំ​ទេ​ (សំលេង​រ័តនា​)
- យី! បង​សារ៉ាក់​ប្រញាប់​ទៅ​ណា​ហ្នឹង​ (សំលេង​ស៊ុន​ណារី​ឧ​ទាន​ឡើង​ខ្លាំង​ៗ) ជួប​គ្នា​មួយ​ភ្លែត​ ស្រាប់​តែ​ចង់​រត់​ទៅ​ណា​ភ្លាម​។ មក​ចូល​ទៅ​ក្នុង​ផ្ទះ​ចិន​ជា​មួយ​នឹង​ខ្ញុំ​សិន​។
ស៊ុន​ណារី​ចាប់​ដៃ​សារ៉ាក់​អូស​ទាញ​ទៅ​តាម​កម្លាំង​នាង​។
- ណារី​លែង​ដៃ​បង​សិន​។ ដៃ​បង​សុទ្ធ​តែ​ប្រេង​ ច្រ​វាក់​កង់​ មិន​ខ្លាច​ប្រ​លាក់​ដល់​អូន​អែង​ទេ​រឺ?... បង​សុខ​ចិត្ដ​ចូល​ជា​មួយ​ហើយ​!
     «ចូល​ក៏​ចូល​» សារ៉ាក់​នឹក​ក្នុង​ចិត្ដ​។ «អញ​មិន​ត្រូ​អោយ​មាន​ការ​ធុញ​ថប់​ ការ​ខ្មាស​អៀន​ក្នុង​ខ្លួន​ឡើយ​ មនុស្ស​គ្មាន​កិលេស​ គឺ​ តែង​មាន​ចិត្ដ​ស្ងៀម​ស្ងាត់​ គ្មាន​រំភើប​ គ្មាន​ខឹង​ គ្មាន​បារម្ភ​ ហាក់​ដូច​ជា​មនុស្ស​អិត​វិញ្ញាណ​។ ហា! ហា! មនុស្ស​គ្មាន​កិលេស​ អាច​សំលឹង​មើល​នារី​ដែល​មាន​រូប​ល្អ​ដូច​កញ្ញា​រ័តនា​ ដោយ​គ្មាន​ស្រៀវ​ស្រើប​ក្នុង​បេះ​ដូង​។ ឱ! អញ​សប្បាយ​ចិត្ដ​ណាស់​!! យី! ម៉េច​អញ្ចេះ​! អញ​មិន​ត្រូវ​អោយ​មាន​ការ​សប្បាយ​ក្នុង​ចិត្ដ​ទេ​» សប្បាយ​ចិត្ដ​ដោយ​សារ​តែ​អស់​កិលេស​ ក៏​នៅ​តែ​ជា​កិលេស​ដដែល។ សប្បាយ​គឺ​កិលេស​។ អញ​ត្រូវ​ធ្វើ​រិក​អោយ​នឹង​ន ដូច​រូប​អ្នក​តា​ស្មោះ​តែ​ម្ដង​។
    - បង​សារ៉ាក់​ ចេះ​តែ​គិត​ទៅ​ណា​ហ្នឹង​ (សំលេង​ស៊ុន​ណារី​) ឈរៗ​ ចេះ​តែ​ភ្លឹក​តែ​ម្ដង​ មិន​គិត​មក​ជួយ​មើល​រូប​ថត​អែ​ណេះ​ទេ។ ស៊ុន​ណារី​ ហុច​រូប​ថត​មួយ​សន្លឹក​អោយ​សារ៉ាក់​ មួយសន្លឹក​ទៀត​អោយ​រ័តនា​។ សារ៉ាក់​សម្លឹង​មើល​រូប​ថត​ហើយ​ខំ​ធ្វើ​ភ្នែក​ស្លឹង​ អញ​គ្មាន​កិលេស​,,។ គឺ​រូប​រ័តនា​ និង​ស៊ុនណា​រី​។ នារី​ទាំង​ពីរ​ឈរ​ទឹម​គ្នា​ញញឹម​ស្រស់​បំព្រង​។
- ល្អទេ​បង​សារ៉ាក់​? ម្ដេច​ក៏​ធ្វើ​ភ្នែក​អញ្ចឹង​?
- ល្អ​រក​អ្វី​ប្រៀប​គ្មាន​។ បង​ស្មាន​តែ​ទេព​អប្សរ​ច្យុត​មក​ពី​ឋាន​ព្រះ​អិន្ទ្រ។ (ភក្ដ្រ​កញ្ញា​រ័តនា​ឡើង​ក្រហម​)
- លោក​ប្រសប់​និយាយ​បញ្ជោរ​ណាស់
- រូប​រ័តនា​អែង​ម្ដង​ហ្នឹង​ សម​ល្អ​មែន​ ល្អ​លើស​រូប​មុនៗ​ទាំង​អស់​។ ន៎ ពូក​ចិន​វា​សុំ​រូប​ថត​យើង​យក​ទៅ​តាំង​ក្នុង​ទូកញ្ចក់​វា...
- ទេ! កុំ​យក​មុខ​យើង​ទៅ​តាំង​ពិពណ៌​នៅ​ផ្ទះ​ចិន​ដូច្នេះ​វា​អស់​តំលៃ​ហើយ​!
    - មែន! (សំលេង​សារ៉ាក់​) អ្នក​នាង​និយាយ​ដូច្នេះ​ត្រូវ​ចំ​ប្លង់ នឹង ​គំនិត​ខ្ញុំ​តែ​ម្ដង​។ របស់​ដែល​មាន​តំលៃ​គឺ​របស់​ដែល​គេ​ពុំ​សូវ​ប្រទះ​ឃើញ​ ដែល​លាក់​ខ្លួន​ដែលគេ​ពិបាក​ស្វែង​រក​ជា​ទី​បំផុត​។ ចំណែក​វត្ថុ​ដែល​គេ​ឃើញ​ច្រើន​ពេក​ដែល​គេ​រក​បាន​ដោយ​ស្រួល​ តំលៃ​ នឹង​ ត្រូវ​អន់​ថយ​ដោយ​គ្មាន​រិទ្ធា​នុភាព​។
- ចាស​ ខ្ញុំគិត​ដូច​លោក​អញ្ចឹង​ដែរ​
- យើស​ បង​សារ៉ាក់​អី​លូវ​មាន​វោ​ហារ​ចំណាប់​តែ​ម្ដង​... (ស៊ុនណា​រី​ពេប​មាត់​ចំអន់​) ។ អូ! មែន​ ខ្ញុំ​ឃើញ​បង​មាន​សៀវ​ភៅ​មួយ​ (AlBum) ដាក់​សុទ្ធ​តែ​រូប​ថត​គ្រួ​សារ ​ខ្ញុំ​ចង់​យូរ​ណាស់​ហើយ​ អោយ​បង​អែង​បិទ​រូប​ខ្ញុំ​មួយ​ ក្នុង​សៀវ​ភៅ​នោះ​ដែរ​។ អី​លូវ​នេះ​ ជា​ឱកាស​ល្អ​សូម​បង​យក​រូប​ថត​នេះ​មួយ​សន្លឹក​ទៅ​ចុះ​។
- បង​ទទួល​មិន​បាន​ទេ​ ព្រោះ​មាន​រូប​អ្នក​នាង​រ័តនា​មួយ​ដែរ​។ បើ​បង​យក​ទៅ​ដូច​ជា​មិន​សម​គួរ។
- ចំពោះ​លោក​ ខ្ញុំ​អាច​ជូន​បាន​ សូម​លោក​ទុក​ជា​តំណាង​នៃ​មិត្ដ​ភាព​ចុះ​។
- ខ្ញុំ​សូមអរ​គុណ​ ប៉ុន្ដែ​ខ្ញុំ​នៅ​តែ​ទទួល​ពុំ​បាន​ជា​និច្ច។ រ័តនា​មាន​ទឹក​មុខ​ស្រ​ពោន​មួយ​រំពេច។
- តាម​ការ​ពិត​ (សារ៉ាក់​បន្ដ) ខ្ញុំ​ពុំ​មែន​ជា​មិត្ដ​របស់​អ្នក​នាង​អែ​ណា​ ខ្ញុំ​ជួប​អ្នក​នាង​នៅ​ពេល​នេះ​ ក៏​នៅ​គ្រា​ដំបូង​បង្អស់​ ប៉ុន្ដែ​ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ថា​ ជាការ​ជួប​លើក​ក្រោយ​បំផុត​។
- សូម​លោក​កុំ​និយាយ​អញ្ចឹង​! ខ្ញុំ​សង្ឃឹម​ថា នឹង បាន​រូប​លោក​ជា​មិត្ដ​ម្នាក់​ដែល​ខ្ញុំ​រាប់​អាន​។
- ខ្ញុំ​ទ្រាន់​ដល់​ចិត្ដ​តែ​ម្ដង​ (សំលេង​ស៊ុនណារី) ។ ខ្ញុំ​អោយ​ហើយ​មិន​ព្រម​យក​ភ្លាម​ទេ​! នៅ​អញ្ចេះ​! នៅ​តែ​អញ្ចុះ​! ទាស់​តែ​គេ​ខឹង​ទៅ​ ទើប​បាន​ភ័យ​ខ្លួន​ក្រោយ​ រឺ​? ប្រុសៗ​គឺ​អញ្ចឹង!
    ស៊ុនណារី​ដាក់​រូប​ថត​លើ​បាត​ដៃ​សារ៉ាក់​។ អ្នក​កំលោះ​ចាប់​កាន់​ថ្នមៗ​ ហាក់​ដូច​ជា​ខ្លាច​ប្រឡាក់​ដល់​ខ្លួន​ «ហ៊ី! យក​ក៏​យក​! ហា! ហា! យក​ក៏​គ្មាន​ន័យ​ មិន​យក​ក៏​គ្មាន​ន័យ។»
- អ្នក​នាង​ (សារ៉ាក់​បញ្ជាក់​រ័តនា​) យើង​ខំ​ស្រែក​រក​មិត្ដិ​ភាព​ក្ដែងៗ​ យ៉ាង​ណា​ក៏​ដោយ​ មិត្ដ​ភាព​នោះ​នៅ​តែ​គ្មាន​ន័យ​សោះ​ឡើយ​ ។ មាន​កំផែង​ដែក​មួយ​យ៉ាង​ខ្ពស់​ ឃាំង​យើង​មិន​អោយ​ចង​ស្ពាន​មេត្រី​គ្នា​បាន។
- សូម​លោក​កុំ​និយាយ​ដូច្នេះ​ មិត្ដ​ភាព​ គឺ​មិត្ដ​ភាព​កុំ​យក​ឋានៈ​ រឺ វណ្ណៈ​មក​លាយ​លំ​អោយ​សោះ​។

    យើង​មិន​មែន​យក​ទេ​ គឺ​យើង​ទប់​ពុំ​ឈ្នះ​។ ព្រោះអញ្ចឹង​វា​អញ្ចឹង​។ ក្រុង​រាពណ៍​សំរាប់​តែ​ជំ​ទាស់​ព្រះ​រាម។ វណ្ណៈ​ក្រ​ សំរាប់​តទល់​វណ្ណៈមាន​។ សភាវ​អាក្រក់​សំរាប់​តែ​ប្រ​ឆាំង​ នឹង សភាវៈល្អ​។ស​ជល់​ខ្មៅ​។ នេះ​ជា​ច្បាប់​ធម្ម​ជាតិ​ទៅ​ហើយ​។ ខ្ញុំ​មិន​ដាក់​ទោស​វណ្ណៈ​ណា​ខុស​វណ្ណៈ​ណា​ត្រូវ​ឡើយ​។ ប៉ុន្ដែ​មិត្ដ​ភាព​ពុំ​មែន​ជា​ជ័រ​សំរាប់​បិទ​ភ្ជាប់​វណ្ណៈ​ទាំង​ពីរ​បាន​ទេ​។ ក្អែក​ពុំ​អាច​ទៅ​នៅ​ក្នុង​ហ្វូង​ហង្ស​សោះ​ឡើយ​។ បើ​នៅ​កើត​ត្រូវ​តែ​មាន​ការ​ប្រះ​ឆា​។ ចំណែក​អ្នក​ក្រ​ដែល​ជា​មិត្ដ​អ្នក​មាន​នោះ​ គឺ​ជា​មិត្ដ​ភាព​បោក​ប្រាស​។ ឬ​មួយ​អ្នក​ក្រ​ជា​មនុស្ស​កំសាក​ ទៅ​ធ្វើ​ជា​រណប​យក​គុណ​យក​គាប់​គេ​ដើម្បី​ នឹង អាច​លិទ្ធ​កំអែល​របស់​គេ​។ ឬ​មួយ​អ្នក​មាន​ជោរ​ មាន​ពុត​ធ្វើ​ជា​ស្រលាញ់​រាប់​អាន​អ្នក​ក្រ​ ដើម្បី​អោយ​គេ​ជិត​ខាង​កោត​សរ​សើរ​។

     រ័តនា​នាង​ស្ទើរ​តែ​ស្រែក​ទ្រហោ​យំ​ «សារ៉ាក់​និយាយ​នេះ​ខុស​ស្រឡះ​។ អញ​រាប់​អាន​ស៊ុន​ណា​រី​យូរ​មក​ហើយ​ ពុំ​ដែល​មាន​បំណង​ចង់​អោយ​នរណា​អួត​សរ​សើរ​រូប​អញ​សោះ​ សេចក្ដី​ស្នេហា​អញ​ចំពោះ​សារ៉ាក់​ទៀត​សោត​ ជាមនោ​សញ្ចេត​នា​ផុះ​ពី​ក្នុង​ដួង​ចិត្ដ​តែ​ម្ដង​ ពុំ​មែន​ជា​អារម្មណ៍​ក្លែង​ក្លាយ​នោះ​ទេ​។»

 សារ៉ាក់​និយាយ​បន្ដ​ទៀត​ ដោយ​គ្មាន​អាសូរ​ដល់​បេះ​ដូង​នាង​។ គឺជា​កង្ហារ​ដែល​ជក់​ដោយ​កំលាំង​ខ្យល់​។
    អ្នក​មាន​កើត​ឡើង​ភ្លាម​នៅ​ឋាន​សួគ៌​ ននៀល​លើ​គំនរ​មាស​គំនរ​ប្រាក់​ មាន​ដុំ​ពេជ្រ​ ដុំត្បូង​ ដាំ​ជុំ​វិញ​ភ្លឺ​ចញ្ចែង​។ ចំណេក​អ្នក​ក្រ​គ្រាន់​តែ​បើក​ភ្នែក​កាល​ណា​ស្ថិត​ក្នុង​ភក់​ជ្រាំ​ឋាន​នរក​អែ​ណោះ​ មានរុយ​ត្របោម​មាន​មមង់​មក​រោម​ស៊ី​ដំបៅ​។ អ្នក​មាន​យាត្រា​តាម​មាគ៌ា​ធំ​ល្វឹង​ល្វើយ​អែ​វិមាន​សួគ៌​។ អ្នក​ក្រ​អែ​ស្រុក​នរក​ ដើរ​តាម​ផ្លូវ​តូច​ចង្អៀត​សែន​សល់​ប៉ុន​សរ​សៃរ​អំបោះ​ មាន​ដង្កូវ​រមាស់​ព្រោង​រវីក​រវើក​នៅ​សង​ខាង​។ នេះ​គ្រាន់​តែ​ចក្ខុ​និមិត្ដ​(Visions) របស់​ខ្ញុំ​ប៉ុណ្ណោះ​ ប៉ុន្ដែ​អ្នក​នាង​អាច​យល់​បាន​នូវ​សភាព​ផ្ទុយ​នៃ​វណ្ណៈ​ទាំង​លើ​ផែន​ដី​។ ផ្ទុយ​ទាំង​ទំលាប់​រស់​នៅ​ ផ្ទុយ​ទាំង​ភព​គំនិត​រូបា​រម្មណ៍ ផ្ទុយ​ទាំង​ទេស​សភាព​ដែល​រុំជុំ​វិញ​ខ្លួន​។ មនុស្ស​យើង​ម្នាក់​ៗ​ កើត​ឡើង​មាន​ស្ថាន​ភាព​ជា​ស្រេច​។ ខ្ពស់​ទាប​ឬ​កណ្ដាល​។ ស្ថាន​ភាព​ប្លែក​ៗ នេះ​ហើយ​ដែល​បង្កើត​អោយ​មាន​ទំនាស់​រវាង​វណ្ណៈ​ នឹង វណ្ណៈ​។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​នឹក​ចង់​សើច​អំពី​ចំណង​មិត្ដ​ភាព​រវាង​អ្នក​នាង​ និង រូប​ខ្ញុំ​។ គឺជា​សញ្ញា​ភូត​ភរ​តែ​ប៉ុណ្ណោះ​។ ខ្ញុំ​ស្ដាយ​ដែរ​ តែ​ធ្វើ​ម្ដេច​បើ​វត្ថុហ្នឹង វា​ជា​វត្ថុហ្នឹង​ ពុំ​មែន​ជា​វត្ថុ​អែ​ទៀត​។ បើ​ឆ្មា​វា​ជាឆ្មា​ បើកណ្ដុ​រ ពុំំមែន​ជា​ឆ្កែ​។ អ្នក​នាង​មើល​! តើ​កណ្ដុរ និង ឆ្កែ​រស់នៅ​ជាមួយ​គ្នា​ម្ដេច​បាន​? អ្នក​មាន​ និង ​អ្នក​ក្រ​ក៏​ដូច្នោះ​ដែរ​ គឺ​ចង​​មេត្រី​ នឹង ​គ្នា​ពុំ​កើត​សោះ​ឡើយ​ ព្រោះ​និយាយ​ភា​សា​ខុស​គ្នា​ ស្ដាប់​គ្នា​ពុំ​កើត​។ អ្នក​មាន​និយាយ​សុទ្ធ​តែ​អំពី​ដុំ​ពេជ្រ​ ដុំត្បូង​កែវ​ចរណៃ​ អ្នក​ក្រ​សួរ​ខ្លួន​អែង​ថា៖ ស្អី​គេ​វត្ថុ​ហ្នុង​? គឺ​ជា​ស្ករ​គ្រាប់​ រឺ ស្ករ​ផែន​?...។ ចំណែក​វាចា​អ្នក​ក្រ​វិញ​ បង្ហាញ​អោយ​ឃើញ​សុទ្ធ​តែ​ រុយ​ ត្របោម​ មូស​ មមង់​ អ្នក​មាន​ក៏នឹក​ឆ្ងល់​ខ្លាំង​ណាស់​ «ស្អី​គេ​អញ្ចេះ​ អារបស់​ហ្នឹង​! រុយ​មង់​មង់​!!ៗ។ ឱ! រុយ​មង់មង់​ប្រ​ហែល​ជា​គេ​ធ្វើ​អំពី​ថ្ម​ប្រក់ហ្វីប្រូស៊ី​ម៉ងត៍​ ហើយ​មើល​ទៅ..។(ស្ងៀម​មួយ​ស្របក់) ។ ហ៊ី​! តើ​យើង​កែ​ម្ដេច​បាន​ បើ​ទំនាស់​នេះ​វា​ជា​ការ​ចាំ​បាច់​។

     រ័តនា​ត្រ​ជាក់​ដៃ​ជើង ស្ទើរ​ខ្យល់​ចាប់​ ដុំ​ញើស​ជា​ច្រើន​មក​ផ្សើម​ខ្នង​អាវ​របស់​នាង​។ សារ៉ាក់​ភ័ន្ដ​វង្វេង​ពេញ​កំរិត​ទៅ​ក្នុង​ភព​នៃ​ទ្រឹស្ដី​កំណាច​ទៅ​ហើយ​! ឱ! សារ៉ាក់​អស់​ផ្លូវ​កែ​ហើយ​! ..។ ចំណែក​ស៊ុនណារី​នាង​លំបាក​ចិត្ដ​ណាស់​ នាង​ខំ​ពង្វាង​សារ៉ាក់​អោយ​ចាក​ចេញ​ពី​ប្រធាន​មុន។
- បង​សារ៉ាក់! និយាយ​អោយ​ស្រ​ណុក​ស្ដាប់​បន្ដិច​ទៅ!​ ស្អី​គេ​ការ​ចាំ​បាច់​នេះ?
- ការ​ចាំ​បាច់​មាន​ន័យ​ថា​ ជៀស​ពុំ​រួច​ ខាន​ពុំ​បាន​។ របស់​ដែល​ទៀង​ វត្ថុ​ណា​ដែល​ពុំ​អាច​ក្លាយ​ទៅ​ជា​វត្ថុ​ផ្សេង​។ បើ​អូន​អែង​ចាប់​ចោរ​បាន​បោះ​តាម​បង្អួច​ មិន​បាច់​ស្រែក​ប្រាប់​វា​ថា៖ «ធ្លាក់​ទៅ​អា​ហនេយ្យុំ»។ វា​គង់​តែ​ធ្លាក់​ទៅ​អែង​ គឺ​ជា​ការ​ចាំ​បាច់​។
    កញ្ញា​ទាំង​ពីរ​ទ្រាំ​ពុំ​បាន​ក៏​សើច​ឃឹក​ៗ​ឡើង​។
- ប៉ុណ្ណឹង​ហើយ​បង​សារ៉ាក់​។ ឈប់​និយាយ​រឿង​ហ្នឹង​។ បង​អែង​អាច​ជូន​យើង​ទាំង​ពីរ​ទៅ​ទិញ​សៀវ​ភៅ​បាន​ទេ? សៀវ​ភៅ​ប្រលោម​លោក​ណ៎ា​។ បង​អែង​ប្រសប់​ដឹង​ថា នរណា​សរសេរ​ល្អ រឺ មិន​ល្អ?
    - សុំ​ទោស​! ទៅ​ពុំ​រួច​ទេ ប៉ុន្ដែ​បង​អាច​ប្រាប់​ឈ្មោះ​ប្រលោម​លោក​ពីរ​ បី​ដែល​ពីរោះ​ ហើយ​ផ្អែម​អា​ក្រក់​។ គឺ​.. ចោរ​ភ្នំ​ត្បែង​.. ផ្កា​ស្រ​ពោន​... ភរិយាពីរ​... អន្លង​ទុក្ខ​? ទឹក​ភ្នែក​ឳពុក​។ បង​សុំ​ផ្ដាំ​ជា​ពិសេស​ គឺរឿង​ទឹក​ភ្នែកឳពុក​។ រឿង​នេះ​ពីរោះណាស់​.. មនុស្ស​យើង​កើត​មក​មាន​តែ​ទុក្ខ​ ទុក្ខ​ ទុក្ខ​អិត​ស្រាន្ដ​។ អូន​ដឹង​ទេ​ អ្នក​និពន្ធ​រឿង​ទឹក​ភ្នែក​ឳពុក​ ជា​យុវ​ជន​ម្នាក់​នៅ​ក្មេង​ មាន​សន្ដាន​ចិត្ដ​ថ្លៃ​ថ្នូរ​ មានស្មា​រតីរឹង​ ទុកជា​រលក​ជីវិត​បោក​បក់​ ផ្ទប់នឹង « ឆ្នេរ​សមុទ្រ​វេ​រា» យ៉ាង​ណា​ក៏​ដោយ​។
- កុំ​និយាយ​ច្រើន​ពេក​ បង​អែង​ជូន​ទៅ​ឬ​ ក៏​មិន​ជូន​?
- អោយ​បង​ជូន​ទៅ​យ៉ាង​ម៉េច​ មិន​ឃើញ​បង​ជិះ​កង​ទេ​រឺ​? ស៊ុន​ណារី​នឹក​ថា​៖ «ពិបាក​ដែរ​មុខ​ងារ​ជា​មេ​អណ្ដើក»
- បង​អែង​យក​កង់​ទៅ​ផ្ញើ​នៅ​រោង​កុន​ អាម៉ា​សេស្ទិក​ទៅ​ រួច​ឡើង​មក​ជិះ​ឡាន​ជា​មួយ​យើង​»។
- រវល់​ណាស់​! អូន​ស៊ុន​ណារី​! (សារ៉ាក់​ពេប​មាត់​ ហើយ​បូញ​ទៅ​រក​កង់​របស់​ខ្លួន) បង​ជិះ​អាកាឌី​យ៉ាក់​របស់​បង​វិញ​ទើប​បាន​មិន​គ្រុន​ចាញ់​។ សុំ​ទោស​!!
- ហា! ហា!,, ហា!,(រ័តនា​អស់​សំណើច​) លោក​ពូកែ​និយាយ​កំប្លែង​ណាស់​ ។ (ស្ងៀម​មួយ​ស្របក់​) ខ្ញុំ​សូម​លា​លោក​សិន​ហើយ​។
- សួស្ដី​អ្នក​នាង​រ័តនា!
    ខ្សែភ្នែក​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ចេញ​ផ្លេក​បន្ទោរ។ នារី​ងាក​មុខ​យ៉ាង​រហ័ស​ដោយ​ទ្រាំ​នឹង​កំលាំង​ភ្នែក​សារ៉ាក់​ពុំបាន​។
- ខ្ញុំ​លាសិន​ហើយ​បង​សារ៉ាក់ (សំលេង​ស៊ុនណារី)
- សួស្ដី​ស៊ុនណារី!

 បន្ដិច​ក្រោយ​មក​រថ​យន្ដ​កញ្ញា​រ័តនា​លូន​គើមៗ​ ចេញ​ពី​ទីនោះ​ទាំង​វិយោគ។ សារ៉ាក់​គិត​ថា៖ «យី! អញ​មិន​ដែល​មាន​វោ​ហា​ចំពោះ​ស្រីៗ ដូច​ម្ដង​នេះ​សោះ​។អម្បាញ់​មិញ​មិន​មែន​ជា​សារ៉ាក់​ទេ​ គឺជាត្លុក​ល្ខោន​ម្នាក់​ ដែល​ព្រោក​ប្រាជ្ញ​អោយ​ស្រីៗ​ស្ដាប់​។ អញ​ក្បត់​រិក​ពារបស់​អញ​គ្មាន​សល់»​។

(1) O temps, suspend ton vol