៥ ​-ទុក្ខស្នេហ៍
ថ្ងៃសៅរ៍ ទី21.កក្កដា 2018.ម៉ោង 17:56

វត្ថុអ្វី​ដែល​យើង​ឈោង​ពុំ​ដល់​ ដែល​ជាវត្ថុ​អិត​សង្ឃឹម គឺ​មានតំលៃ​អស្ចារ្យ។ មនុស្ស​យើង​ស្រេក​ឃ្លាន​ណាស់​នូវ​របស់​ណា​ដែល​គេហាម​មិនអោយ​យក។ ប្រ​ដៅ​ច្រើន​ណាស់​ ចង់​ក៏ណាស់​ដែរ​។ La Passion est née de l’obstacle ។ ប្រពន្ធ​គេ​, ទ្រព្យ​សម្បត្ដិ​របស់​គេ​ មាន​សោ​ភ័ណ​អី​ម៉្លេះទេ​។ ចំណែក​រ័តនា​ស្រលាញ់​សារ៉ាក់​បង់​តែ​ម្ដង​ កាល​បើ​នាង​ប្រាកដ​ក្នុង​ចិត្ដ​ថា​ យុវ​ជន​នេះ​ចិត្ដ​រឹង​ជាង​ថ្ម​ ពុំ​ងាយ​ទោរ​ទន់​ផ្ដេក​ផ្ដួល​មក​លើ​រូប​នាង​ឡើយ​។ នាង​ភ្លេច​ឈឹង​តែ​ម្ដង​ ថា​បុរស​នេះ​មាន​ស្មារតី​ពុំ​សូវ​ស្រួល​បួល។

    គឺជា​វេលា​យប់!
   រ័តនា​ទំរេក​អង្គ​កាយ​នាង​ទៅ​លើ​ពូក​ទន់​ល្មើយ​! នាង​កញ្ញា​ទាញ​ភួយ​ស ស្អាត​មក​គ្រលំ​ប្រាណ​រហូត​ដល់​បំពង់​ក។ បន្ទប់​ដំណេក​របស់​នាង​ត្រ​ជាក់​ស្រួល​ក្រៃ​ពេក​ គេ​ពុំ​មាន​ឆ្ងល់​អ្វី​ឡើយ​ ព្រោះ​បន្ទប់​ដ៏​តូច​ច្រលឹង​នេះ​មាន​ប្រដាប់​ដោយ​ម៉ាស៊ីន​ត្រជាក់​។ សែង​រស្មី​ខៀវ​ស្រងាត់​បំភ្លឺ​ពេញ​បរិវេណ​បន្ទប់​។ រ័តនា​នាង​គេង​សណ្ដូក​ជើង​យ៉ាង​ត្រេក​ត្រអាល​។

   ឱ! សេចក្ដី​ស្នេហា​! ។ ពេល​ញ៉ាំ! ពេល​គេង​នារី​តែង​នឹក​ទៅ​សារ៉ាក់​ជា​និច្ច​។ នារី​ផ្លាស់​អាកប្ប​កិរិយា​ ផ្លាស់រិក​ពា​ ដោយ​មិន​ដឹង​ខ្លួន​។ នាង​កញ្ញា​តែង​តែ​សួរ​ខ្លួន​អែង​ជានិច្ច​ «តើ​នាង​ធ្វើ​រិក​ពា​ដូចម្ដេច​ ដើម្បី​អោយ​ពេញ​ចិត្ដ​ដល់​ប្រុស​ស្នេហ៍​នាង​ បើ​សិន​ជា​គេ​បាន​មក​ឃើញ​រូប​នាង​» ។ នាង​នឹក​រលឹក​គេ​ណាស់​! ដោយ​សេចក្ដី​រលឹក​នេះ​ នាង​គេង​ពុំ​សូវ​លក់​សោះ​ ប៉ុន្ដែ​នាង​ពុំ​បាន​តូច​ចិត្ដ​បន្ដិច​ទេ​ ផ្ទុយ​ទៅ​វិញ​ ការ​គេង​មិន​លក់​នេះ​ជា​សោ​ភ័ណ​របស់​នាង​ ព្រោះ​ជា​ឱកាស​ដែល​អនុញ្ញាត​អោយ​នាង​នឹក​ស្រមៃ​ទៅ​អ្នក​កំលោះ​ តាម​ចិត្ដ​ភ្លើត​ភ្លើន​។ នាង​កញ្ញា​ប្រែ​ប្រួល​ប្រាណ​ថ្មមៗ​ ភ្នែក​នាង​បើក​ព្រឹមៗ​ បង្ហាញ​អោយ​ឃើញ​ថា​ មនោ​សញ្ចេតនា​របស់​នាង​កំពុង​តែមាន​សភាព​ទន់​ភ្លន់​ពេញ​ទំហឹង​។     «គ្រាន់​តែ​បេះ​ដូង​អញ​គួច​ទៅ​លើ​រូប​គេ លួច​ស្រលាញ់​គេ​ គឹ​ជា​សុភមង្គល​មួយ​ដ៏​លើស​លប់​ទៅ​ហើយ​។ កន្លែង​ណា​មាន​ស្នេហ៍​ គឺ​មានទុក្ខ​។ ទុក្ខ​នេះ​គឺ​ការ​ព្រួយ​បារម្ភ​ ការ​រង់​ចាំ​សេចក្ដី​សង្ឃឹម។ ទុក្ខ​ស្រី​គឺ​មាន​លំ​នាំ​ដូច្នេះ​អែង​ គឺទុក្ខ​ដោយ​មាន​ចិត្ដ​ស្នេហា​ទៅ​លើ​បុរស​ តែ​មិន​មាន​សិទ្ធិ​ នឹង ​ថ្លែង​អោយ​គេ​ដឹង​បាន​។ ប៉ុន្ដែ​ទុក្ខ​ស្នេហ៍​របស់​អញ​មាន​សោភ័ណ​អី​ម៉្លេះ​ទេ។

   អញ​លួច​ស្រលាញ់​គេ​ បេះ​ដូង​អញ​លោត​ខុស​ចង្វាក់​ធម្មតា​ស្គាល់​ការ​ប្លែក​ សេចក្ដី​ទុក្ខក្រៀម​ក្រំ​ ការ​រង់​ចាំ​ដ៍មាន​សភាព​តឹង​តែង​ពិត​មែន​ ប៉ុន្ដែ​មាន​រស​ជាតិ​វិសេស​រក​អ្វី​ប្រៀប​គ្មាន​! «កាល​ពី​ដើម​អញ​ជា​នារី​សាមញ្ញ​មួយ​រូប​រស់​ក្នុង​ការ​សុប​សៅ​ រស់​ព្រោះ​តែ​គ្មាន​មធ្យោ​បាយ​នឹង​ស្លាប់។ អី​លូវ​ជីវិត​អញ​មាន​ក្លិន​ក្រអូប​ខ្លាំង​អស្ចារ្យ​ណាស់​។ ថ្លើម​ប្រមាត់​ និង ​វត្ថុ​សព្វ​យ៉ាង​នៅ​ក្នុង​ដើម​ឧរា​របស់​អញ​ ស្ទើរ​មាន​សភាព​រលាយ​ចូល​គ្នា​។ អានុភាព​នៃ​សេចក្ដី​ស្នេហា​របស់​អញ​ ប្រៀប​បាន​ទៅ​នឹង​កំលាំង​ ទឹក​ជ្រោះ​ដែល​ហូរ​ធ្លាក់​ពី​លើ​កំពូល​ភ្នំ​ស៊ី​រូង​ខូង​ដល់​បាត​។ ជំងឺ​ស្នេហា​អញ​ក៏​គ្មាន​ឱសថ​ណា​អាច​មើល​ជា​បាន​ទេ​ ហើយ​អញ​ ​ក៏​គ្មាន​ចេតនា​ចង់​អោយ​ជំងឺ​របស់​អញ​សះ​ជា​សោះដែរ​។ អញ​ចង់​អោយ​អា​ការ​រោគ​នេះ​មាន​សភាព​រស់​រវើក​ជា​និច្ច​និរន្ដរ៍។ បើ​សិន​ជាមាន​ព្រះ​អិន្ទ្រ​ហោះ​ពី​ស្ថាន​សួគ៌​មក​ស្នើ​រូប​អញ​ដូច្នេះ​៖

   នែ៎ រ័តនា! នាង​អែង​ស្រលាញ់​រូប​សារ៉ាក់​នេះ​ប្រយ័ត្ន​ខក​គំនិត​ ពីព្រោះ​ប្រសិន​បើ​សារ៉ាក់​គេ​មិន​ស្រលាញ់​តប​មក​នាង​វិញ​បន្ដិច​បន្ដួច​សោះ​ទេ​ នាង​នឹង​ត្រូវ​វេទនា​ចិត្ដ​យ៉ាង​ខ្លាំង​ជា​មិន​ខាន​ទៅ​ថ្ងៃ​មុខ​។ ដូច្នេះ​ខ្ញុំ​សូម​ស្នើ​ នឹង ​នាង​បន្ដិច​ គឺថា​ បើ​សិន​នាង​ចង់​អោយ​ខ្ញុំ​កែ​រោគ​ស្នេហា​របស់​នាង​ ខ្ញុំ​នឹង​យក​ឱសថ​ទិព្វ​មក​លាង​បេះ​ដូង​របស់​នាង​អោយ​ជ្រះ​ពីការ​មន្ធិល​សៅ​ហ្មង​អោយ​មាន​សភាព​បរិសុទ្ធ​ដូច​ដើម​។

   នោះអញ​នឹង​ឆ្លើយ​តប​ទៅ​វិញ​ថា៖
   សូម​ព្រះអិន្ទ្រ​យាង​ទៅ​ស្ថាន​សួគ៌វិញ​ចុះ​។ ខ្ញុំ​សូមអរ​គុណ​ព្រះ​អិន្ទ្រ​ហើយ​។ ប៉ុន្ដែ​ខ្ញុំ​ស្រលាញ់​ជំងឺ​របស់​ខ្ញុំ​ណាស់​។ ខ្ញុំ​ចង់អោយ​ទ្រូង​ខ្ញុំ​មាន​សភាព​ដំបៅ​ ដោយ​គ្មាន​ពេល​ណា​នឹង​សះ​ជា​។ ខ្ញុំ​ចង់​អោយ​បេះ​ដូង​ខ្ញុ��​ប��រលាក់​ប្រលូក​នឹង​ស្នេហ៍​សព្វ​កន្លែង​ ព្រោះ​ជំងឺ​នេះ​ ដំបៅ​នេះ ទុក្ខ​នេះ​ វាជាសោ​ភ័ណ​នៃ​ជីវិត​ខ្ញុំ​ដ៏​ពិត​ៗ,,។
   ខ្យល់​រំភើយ​ បក់នាំ​យក​ក្ដី​ទុក្ខ​អំពល់​របស់​សារ៉ាក់​បាន​ខ្លះ​ៗ ។ អ្នក​ច្រៀង​រហឹម​ «យប់​យន្ដ​ត្រជាក់​ក្នុង​ដួង​ចិត្ដ​ គ្មាន​ស្រី​ផ្ដេក​ផ្ដិត​កាល​ណា​នឹង​បាន​ស្បើយ..។ សារ៉ាក់​នឹកព្រួច​ទៅ​ដល់​ស្រី​ផ្កា​មាស​នៅ​បឹង​ស្នោរ ដែល​ខ្លួន​ធ្លាប់​បាន​ប្រលែង​ប្រលូក​កាល​បី​ខែ​មុន​។ យុវជន​ព្រឺស្រៀវ​ដល់​ឆ្អឹង​ខ្នង​។ក្នុង​រំពេច​នោះ​ សារ៉ាក់​ទាញ​ ​យក​រូប​ថត​រ័តនា​ មក​ផ្អៀង​ផ្អង​មើល​ក្រោម​ពន្លឺ​ចង្កៀង​ប្រេង​កាត។

   អ្នក​កំលោះ​សំលឹង​មើល​យូរ​ទៅ​ ឃើញ​រូប​នាង​កាន់​តែល្អឡើង​ជា​លំដាប់​។ «នាង​នេះ​មាន​រូប​ឆោម​ល្អ​មែន​ ល្អ​លើលស្រី​អែ​ទៀត​ក្នុង​ភព​ផែន​ដី​ អញ​ស្រលាញ់​តែ​ភ្នែក​របស់​នាង​ទេ​លោក​អើយ​... ភ្នែក​នេះ​មានរស្មី​ស្រងាត់​រកថា​ពុំ​ត្រូវ​ ភ្នែក​នេះ​មាន​អិទ្ធិពល​អាច​ធ្វើ​អោយ​សេចក្ដី​ក្រៀម​ក្រំរបស់​អញ​ រលាយ​បាត់​អស់ សក់​របស់​នាង​ក៏​ល្អ​.. រាង​រៅ​នាង​សម​អិត​ខ្ចោះ​.. ខ្ញង់អើយ​សែន​ខ្ញង់​។ ចំណែក​ដៃ​ជើង​វិញ​ គឺ​ផ្ដាច់​គេ​មួយ​ក្រោមមេឃ​ អែ​កំភួន​ជើង​ស្រលូន​ល្អ​រក​អ្វី​ប្រៀប​ពុំ​បាន​។ យី!. ស្រី​ណា​រាង​ឆើត​ឆាយ​ដូច្នេះ​ បើអោយ​ស្លៀក​ខោ​មិន​ដឹង​ជា​ឆ្ងាញ់​យ៉ាង​ម្ដេច​ទេ? អញ​មាន​ដង្កូវ​អី​វា​រុក​នៅ​ក្នុង​ខ្លួន​បាន​ចេះ​តែ​ញាប់​ញ័រ​ខ្លាំង​ម៉្លេះ​ ពេល​ណា​អញ​ឃើញ​កំភួន​ជើង​នារី​ល្អ​ម្ដងៗ។ ឱ! កំភួន​ជើង​ទិព្ធ​ដែល​ធ្វើ​អោយ​អញ​ផ្អូម​ចិត្ដ​អស់​រលីង​! កំភួន​របៀប​នេះ​អញ​បាន​ឃើញ​ ជា​ច្រើន​លើក​ច្រើន​គ្រា​ណាស់​មក​ហើយ​ ឃើញ​ដោយ​សេចក្ដី​ស្រេក​ឃ្លាន​ពន់​ប្រមាណ​ ដោយ​សេចក្ដី​អស់​សង្ឃឹម​ ព្រោះ​អញ​បាន​ប្រទះ​តែ​ក្នុង​ការ​យល់​សប្ដិ​ ក្នុង​កុន​ និង​ ការ​ស្រមៃ​ផ្សេងៗ​ប៉ុណ្ណោះ​។ បើនិយាយ​អំពី​ភក្ដ្រ​នាង​វិញ​ គឺ​ជា​ភក្ដ្រ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ស្នេហ៍​ ភក្ដ្រដែល​បាន​ធ្វើ​អោយ​អញ​ដក​ដង្ហើម​ ​ស្ទើរ​មិនដល់​គ្នា។

   បបូរ​មាត់​នាង​ស្ដើង​ល្មម​គួរ​អោយ​ចេត​នា ... ហ៊ី​! អញ​ពិបាក​រក​ពាក្យ​មក​អធិប្បាយ​ណាស់​... បបូរ​មាត់​នេះ​ស្អាត​មាន​ពណ៌​ក្រហម​ព្រឿងៗ​... បបូរ​មាត់​នេះ​វា​ទន់​ភ្លន់... វា​ស្រទន់​អញ​សុខ​ចិត្ដ​អោយ​ដប់​ម៉ឺន​អោយ​តែ​បាន​ក្រេប​ជញ្ជក់បន្ដិច​។ ចំណែក​ខ្ទង់​ច្រមុះ​នាង​ស្រួច​សម​សួន​.. ហើយ​ខ្ពស់​ល្មម​... ហ៊ី​ល្អ​ណាស់​..។ ភក្ដ្រ​នាង​ពុំ​មែន​មូល​ទេ​ ភក្ដ្រ​នាង​មាន​ទម្រង់​រាង​ស្រួច​បន្ដិច​..អញ​ស្អប់​ណាស់​ស្រី​ណា​មាន​ថ្ពាល់​ពេញ​កំប៉េង​កំប៉ោង​។ ថ្ពាល់​រ័តនា​មិន​ផត​ខូង​ទេ​ ប៉ុន្ដែ​មិន​កំប៉េង​កំប៉ោង​សោះ​ឡើយ។ ថ្ពាល់​នេះ​មាន​បែប​ផែន​គួរ​អោយ​បេតី​មែន​។ ចង្កា​នាង​ចុះ​មក​ក្រោម​រាង​ស្រួច​ល្មម​ផ្ដាច់​តែ​ម្ដង​... ថ្គាម​នាង​ពុំ​មែន​ថ្គាម​ខ្លា.. ចំណែក​ថ្ពាល់​នាង​មិន​លៀន​ហួស​ចង្កា​ឡើយ​.. ថ្ពាល់​នាង​មាន​លំនាំ​ស្រួច​ស្មើ​តាម​ខ្សែ​ចង្កា។ ប្រវែង​ទទឹង​មុខ​របស់​នាង​មិន​វែង​ទេ​ ចំណែក​បណ្ដោយ​មុខ​របស់​នាង​វិញ​មាន​សភាព​វែង​គួរ​សម.. មុខ​ដូច្នេះ​គេ​ហៅ​ថា​មុខ​តូច​។ រង្វង់​ភក្ដ្រ​រ័តនា​ជា​រង្វង់​ភក្ដ្រ​មួយ​ដែល​អញ​បាន​ស្វែង​រកអស់​រយៈ​យូរ​ឆ្នាំ​មក​ហើយ​ នៅ​គ្រប់​ភក្ដ្រ​ស្រីៗ។ ឱ!!! នែ៎ អាសារ៉ាក់​កុំ​ឆ្កួត​វ៉ើយ.. រ័តនា​នៅ​ក្នុង​កំពូល​ស្ដ្រី​ដែល​អែង​ត្រូវ​ស្អប់​ពេញ​ទំហឺង​។ ម្យ៉ាង​ទៀត​នាង​ជាស្រមោល​សំរាប់រូប​អែង​។ គេនៅ​ខ្ពស់​ណាស់​... ឋានៈ​គេរុង​រឿង​ណាស់... អែង​ឈោង​ដៃ​ចាប់​គេ​មិន​បាន​ទេ... បាន​តែ​ស្រមោល​គេ​ប៉ុណ្ណោះ​។ ហ៊ីស! ទុកណា​ជា​អញ​ឈោង​ចាប់​យក​បាន​ ក៏​អញ​មិន​ព្រម​យក​ដែរ​.. អ្នក​មាន​ហើយ​នឹង​រូប​អញ​ធាតុ​វា​មិន​ត្រូវ​គ្នា​សោះ​

   សារ៉ាក់​ស្រែក​ខ្លាំង​ៗ
   អញ​សុំ​ខ្មាស​ហើយ​អ្នក​មាន!
   សារ៉ាក់​ឆក់​យក​រូប​ថត​រ័តនា​ ហៀប​តែ​នឹង​ដុត​ចោល​ នឹងភ្លើង​ចង្កៀង​ ប៉ុន្ដែ​អ្នក​ប្រែ​គំនិត​នេះ​មក​វិញ «រូបថត​វា​មាន​កំហុស​អែ​ណា?. ណ្ហើយ​! អញ​សន្និដ្ឋាន​ថា រូប​នាង​នេះ​មិន​មែន​ជា​រូប​រ័តនា​ទៅ​ចុះ​ គឺ​ជា​រូប​នារី​ម្នាក់​...ក្រ... ក្រ​ដូច​អញ​ដូច្នេះ​។ អញ​ស្រមៃ​ឃើញ​ថា​នាង​នេះ​មាន​សន្ដាន​ចិត្ដ​ល្អ​ណាស់​ រិកពា​ថ្លៃ​ថ្នូរ​ ហើយ​ស្លូត​​មិន​ចេះ​មើល​ងាយ​​គេ​ ហើយ​មាន​បេះ​ដូង​ទន់​ភ្លន់​។ ហា​! ហា! នេះ​គឺ​ជា​ទេព​កញ្ញា​ក្នុង​ការ​ស្រមៃ​របស់អញ​។គួរ​អោយ​ចង់​សើច​មែន​! សោភ័ណ​របស់​អញ​គឺ​ស្រលាញ់​ស្រី​ម្នាក់​ក្នុង​ការ​ស្រមៃ​។ អញ​តាក់​តែង​ដោយ​គ្រឿង​មនោ​សញ្ចេតនា​របស់​អញ​ទាំង​អស់​។ អញ​ចង់​ថែម​ថយ​បាន​តាម​ទំនើង​ចិត្ដ» សារ៉ាក់​គិត​គូរ​យូរ​ទៅ​ ភ្លេច​នឹក​ដល់​«ជីវិត​អិត​ន័យ​» ភ្លេច​នឹក​ទៅ​ដល់​មតិ​ដែល​ត្រូវ​បំបាត់​កិលេស​អោយ​អស់​ចោល​ពី​ក្នុង​ខ្លួន។