រឿងកាកី
និទានឡើងវិញ
តាមព្រះរាជនិពន្ធ ព្រះបាទអង្គឌួង
****************************************

១ -លួចស្នេហា

      ព្រះបាទ​ព្រហ្ម​ទត្ដ សោយ​រាជ្យ​សម្បត្ដិ​ក្នុង​នគរ​ពារាណ​សី ព្រះអង្គ​ជា​ព្រះ​មហា​ក្សត្រ​មួយ​អង្គ មាន​រិទ្ធិ​អំណាច​ដ៏​ខ្លាំង​ក្លា មាន​ស្ដេច​មួយ​រយ​នគរ​ជា​ចំណុះ​ នាំ​សួយ​សារ​អាករ​មក​ថ្វាយ​មិន​ដែល​ដាច់​។ ព្រះ​អង្គ​មាន​អាមាត្យ​ដ៏​ជិត​ស្និត​ម្នាក់​ឈ្មោះ គន្ធាន់​។ គន្ធាន់​ចេះ​សិល្ប៍​សាស្រ្ដ មាន​រិទ្ធិ​អំណាច​ខ្លាំង​ពូកែ​ ល្បីល្បាញ​សុះ​សាយ​ពេញ​អស់​ភព​ផែន​នគរ​ ក្រៅ​ពី​នោះ គន្ធាន់​ចេះ​ដេញ​ពិណ ច្រៀង​ជា​បទ​កំនាព្យ​ ប្រើ​ល្បិច​ល្បោយ​យ៉ាង​ពីរោះ​ជក់​ចិត្ដ​ចំពោះ​ជុំ​ជន​​ទាំង​ឡាយ​ទៀត​ផង​។ ព្រះ​បាទ​ព្រហ្ម​ទត្ដ​មាន​ព្រះ​អគ្គ​មហេសី​មួយ​អង្គ​ព្រះ​នាម កែវ​កាកី​ នាង​ប្រសូត​ចេញ​ពី​ផ្កា​ក​និការ​ មាន​រូប​ឆោម​ល្អ​ដូច​ផ្កា​កំពុង​រីក​ មាន​ក្លិន​ពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងុប​ដូច​លំអង​គន្ធា​ បើ​បុរស​ណា​បាន​រួមរ័ក​ស្នេហា លុះ​ប្រាំ​ពីរ​រាត្រី​ទើប​អស់​ក្លិន​ក្រអូប​ដោយ​​គន្ធា​នោះ​។ ព្រះ​បាទ​ព្រហ្ម​ទត្ដ​ ទ្រង់​សព្វ​រាជ​ហរិ​ទ័យ ស្រលាញ់​នាង​កែវ​កាកី​ណាស់​ ព្រះ​អង្គ​បាន​តែង​តាំង​នាង​ជា​ព្រះ​រាជ​ អគ្គ​មហេ​សី ខ្ពស់​លើស​អស់​ស្រី​ស្នំ​ស្រឹង្គារ​ទាំង​ឡាយ​នៅ​ក្នុង​វាំង​។​

     ស្ដេច​គ្រុឌ គ្រប់​គ្រង នៅ​នគរ​សិម្ពលី​ មាន​វិមាន​នៅ​លើ​កំពូល​ភ្នំ​ព្រះ​សុមេរុ មាន​រិទ្ធ​តេជៈ​ បារមី​ខ្លាំង​ក្លា​អស្ចារ្យ គ្រុឌ​អាច​ហោះ​ឆ្លង​គិរី​បុព្វតា​ និង ឆ្លង​មហា​សាគរ​ដ៏​ធំ​ធេង​បាន​យ៉ាង​ឆាប់​រហ័ស​ មិន​តែ​ប៉ុណ្ណោះ​សោត​ ស្ដេច​គ្រុឌ​ចេះ​លិល្ប៍​មន្ដ​វិជ្ជា​ការ​ អាច​បែង​ប្រាណ​ប្រែ​ក្រលា​ទៅ​តាម ការ​ប្រាថ្នា​ផ្សេង​ៗ​ ទៀត​ផង​។ ជា​រឿយ​ៗ ស្ដេច​គ្រុឌ​តែង​ហោះ​ឆ្លង​គិរី​បុព្វតា​ មហា​សមុទ្រ​ ទៅ​លេង​កំសាន្ដ​បាស្ការ​ជា​មួយ​ព្រះ​បាទ​ព្រហ្ម​ទត្ដ​នៅ​ឯ​នគរ​ពារាន​សី​។​

     នៅ​ជាយ​នគរ​ពារាណ​សី មាន​ដើម​ជ្រៃ​មួយ​ដើម​ធំ បែក​មែក​សាខា មាន​ម្លប់​ត្រឈឹង​ត្រឈៃ​ ជា​ទីជំ​រក​នៃ​ហ្វូង​បក្សា​បក្សី​ទាំង​ឡាយ​ ហើយ ជា​ទី​ដែល​ស្ដេច​គ្រុឌ​ចូល​ទៅ​តាំង​សមាធិ​ បែង​បំប្លែង​កាយ​ប្រែ​ក្រលា​ជា​កំលោះ​ម្នាក់​ ដ៏​មាន​រូប​ឆោម​សង្ហា​ល្អ​ល្អះ​ គួរ​ជា​ទីពេជ​ពិល​រមិល​មើល​ និង ជា​ទី​ប្រាថ្នា​ស្រ​លាញ់​ប្រតិ​ព័ទ្ធ​ចង់​បាន​នៃ​នារី​ក្រមុំ​ទាំង​ឡាយ​។ ប្រែ​ក្រលា​រួច​ស្រេច​កាល​ណា​ គ្រុឌ​ក៏​ចូល​ទៅ​កាន់​ព្រះ​បរម​រាជ​វាំង​នៃ​ព្រះ បាទ​ព្រហ្ម​ទត្ដ​។ គ្រុឌ​កំលោះ​ ចូល​ក្រាប​កល​ព្រះ​មហា​ក្សត្រ​ ដោយ​គោរព​ឱន​លំទោន​ជា​ទី​បំផុត​។ ព្រះ​បាទ​ព្រហ្ម​ទត្ដ ទត​យល់​កំលោះ​សង្ហា​មក​ដល់​ក៏​ ទ្រង់​ហៅ​អោយ​ចូល​មក​ជិត​ ហើយ​ទ្រង់​ត្រាស់​បញ្ជា​អោយ អាមាត្យ​បំរើ​រៀប​ចំ​ក្ដារ​បាស្ការ​ នឹង​កំសាន្ដ​លេង​ជា​មួយ​កំលោះ​យើង​។

     រសៀល​ទន់​ទេរ​ទាប​ព្រះ​សុរិយា វា​យោ​បក់​មក​អង្វែល​ រាង​កាយ​តិច​ៗ​ បំបាត់​ភាព​ស្ទុះ​ស្អាប់​ អោយ​រម្យ​នា។ ការ​កំសាន្ដ​ល្បែង​បាស្ការ​រវាង​ ព្រះ​បាទ​ព្រហ្ម​ទត្ដ និង​ គ្រុឌ​ នៅ​តែ​ពុំ​ទាន់​ឈ្នះ​ ពុំ​ទាន់​ចាញ់​នៅ​ឡើយ​។ នៅ​ក្នុង​រាជ​តំណាក់​ លើ​ទែន​សយ​នា ដ៏​មាន​ក្បូរ​ក្បាច់​ រំលេច​ពណ៌​គួរ​ជា ទី​មនោ​រម្យ​ក្រៃ​ពេក​ ព្រះ​នាង​កាកី​ទ្រង់​គ្រឿង​អលង្ការ​ ដូច​ធិតា​ព្រះ​កាម​ទេព​ នាង​មាន​ទឹក​មុខ​យ៉ាង​ស្រពប់​ស្រពោន​ ហាក់​កំពុង​កង្វល់​ក្នុង​ចិត្ដ​ យ៉ាង​ក្រៃ​លែង​។ បាត់​ព្រះ​ស្វាមី​ដ៏​យូរ​ សែន​យូរ​មិន​ឃើញ​មក នាង​ស្អុះ​​ស្អាប់​អផ្សុក​ក្នុង​កាយ​ជា​ខ្លាំង​។ នាង​ចុះ​ដើរ​សន្សឹម​ៗ​ ចេញ​ទៅ​កំសាន្ដ​ ក្រៅ​រាជ​ដំណាក់​។
     រុក្ខ​ជាតិ​នានា​ នា​ពេល​រសៀល​ មាន​ភាព​ស្រពប់​ស្រពោន​ ដូច​គេ​ក្រាប​សំពះ​ ព្រោះ​ចាញ់​កំដៅ​ព្រះ​សុរិយា​ អស់​ពេល​ជិត​ពេញ​មួយ​ថ្ងៃ​។ ឯ​ដំណាក់​រាជ​រោង​ បុរស​ម្នាក់​ដូច​ទេព​ច្យុត​ពី​ស្ថាន​សួគា​ កំពុង​អង្គុយ​លេង​បាស្ការ​ ជា​មួយ​នឹង​ព្រះ​មហាក្សត្រ​ ឃើញ​ភ្លាម កាកី ព្រឺ​ព្រួច​សៀវ​ស្រើប​ ប្រតិ​ព័ទ្ធ​ឥត​ឧបមា​ នាង​ឈរ​រេ​រា​សំលឹង​សព្វ​អង្គ​ប្រាណ​បុរស​ ពេល​នោះ​បុរស​យើង​ ក៏​ងើប​ព្រះ​ភ័ក្រ្ដ​ឡើង​ ក្រសែ​ភ្នែក​ដ៏​មុត​ថ្លា​ទាំង​សង​ខាង​ បាញ់​បញ្ចូល​គ្នា ដូច​ជា​ព្រួញ​កាម​ទេព​ដ៏​មាន​រិទ្ធ​រត់​មក បុក​ចាក់​ទំ​លុះ​បេះ​ដូង​កំលោះ​ ក្រមុំ​ អោយ​ស្ថិត​ក្នុង​ភាព​ចលា​ចល​មួយ​រក​និយាយ​មិន​​ត្រូវ​...​។

     គឺជា​នារី​ម្នាក់​ វង់​ភ័ក្រ្ដ​ផូ​រ​ផង់​​ចញ្ចើម​ដូច​វាស​គូរ​ នេត្រា​មូល​ខ្មៅ​យង់ ច្រមុះ​ខ្ពស់បន្ដិច​ បបូរ​មាត់​ក្រហម​ញញឹម​ផ្អែម​ត្រជាក់​ សម​នឹង​កេសា​ធ្លាក់​រំសាយ​។ នាង​ មាន​រាង​តូច​ច្រលឹង ទ្រូង​ពើង​ង ទ្រគាក​សាយ​មូល​ក្លំ ទ្រង់​គ្រឿង​អលង្ការ​ដូច​ទេព​កញ្ញា​ចុះ​ពី​សួគ៌​លោក​។
     ឱ!.. នាង​ល្អ​អ្វី​ក៏​ល្អ​ម្លេះ​ទេ!.. ល្អ​ដូច​ផ្កា​កំពុង​រីក​!..​
     គ្រុឌ​សំលឹង​កាកី កាកី​សំលឹង​វិញ... បេះ​ដូង​ម្នាក់​ៗ លោត​ពុះ​កញ្ជ្រោល​បង្កប់​ទៅ​ដោយ​ក្ដី​ស្នេហា​ រាគ តណ្ហា យ៉ាង​ជ្រាល​ជ្រៅ មិន​អាចហាម​ឃាត់​បាន​...​។
    កាកី ដឹង​ថា​គ្រុឌ សំលឹង​នាង នាង​ញញឹម​តប​វិញ បញ្ចេញ​កិរិ​យា​ម្ញិក​ម្ញក់​មាយា នាង​ធ្វើ​អោយ​ធ្លាក់​ស្បៃ​គ្រប​ដន្ដប់​កាយ ឧរា​នាង​ពើង​ខ្ពស់​អាវ​ពណ៌​ត្រួយ​ចេក​ខ្ចី​ វៀល​ក សំរួច​ជា​រាង​ត្រី​កោន​បង្ហាញ​អោយ​ឃើញ​គល់​សុដន់​ណែន​ក្ដន់​ដ៏​ល្អ​ល្អះ​របស់​នាង​លេច​ធ្លោ​ឡើង​។ ចក្ខុ​របស់គ្រុឌ​ហាក់​មើល​ឃើញ​រហូត​ដល់​បុប្ផា​ទាំង​ពីរ​ទង​ឯណោះ​។​

     ព្រះ​សុរិយា​គង​ភ្នំ​នា​ទិស​បស្ចឹម កាកី​ត្រលប់​ចូល​រាជ​ដំណាក់​វិញ គ្រុឌ​ដែល​ក្ដុក​ក្ដួល​ញប់​ញ័រ​ដោយ​សេច​ក្ដី​ស្នេហា​ពេញ​ទ្រូង ខំ​ទប់​សង្កត់​ ចិត្ដ​លេង​បាស្ការ​ជា​មួយ​ព្រះ​បាទ​ព្រហ្ម​ទត្ដ​ដោយ​សេច​ក្ដី​ព្រឺ​ព្រួច​ក្រៃ​លែង​។ ឱ!.. នេះ​ហើយ​ភ្លើង​ស្នេហា​ គឺ​ភ្លើង​ដែល​មាន​កំដៅ​ខ្លាំង​ គ្មាន​ភ្លើង​អ្វី​ ស្មើ​នឹង​ភ្លើង​ស្នេហា​ឥត​ឈប់​នេះ​បាន​ឡើយ​។ ភ្លើង​ស្នេហា បាន​ដុត​កំដៅ​រួម​រិត​ បេះ​ដូង​គ្រុឌ​អោយ​កន្ដោច​កន្ដែង​ម្នាក់​ឯង​​គ្រប់​វិនាទី​។

   ស្បៃ​ខ្មៅ​ព្រិល​នៃ​រាត្រី​ បាន​ទំលាក់​មក​គ្រប​ដណ្ដប់​គ្រប់​ទិស​ទី​ គ្រុឌ​ប្រញាប់​ក្រាប​បង្គំ​លា​ព្រះ​មហា​ក្សត្រ​ចេញ​ទៅ​យ៉ាង​រហ័ស​ មក​ដល់​ដើម​ជ្រៃ​ធំ​ជាយ​នគរ​ពារាណ​សី ​គ្រុឌ​ក៏​សេក​មន្ដ​វិជ្ជា​ការ​ ប្រែ​ក្រលា​ទៅ​ជា​គ្រុឌ​យ៉ាង​ធំ​សំបើម​វិញ​ គ្រុឌ​ក៏​ហោះ​ឡើង​ទៅ​លើ​អាកាសា​ បង្ក​អោយ​មាន​ខ្យល់​ព្យុះ​បក់​បោក​យ៉ាង​ខ្លាំង​ ពពក​ខ្មៅ​ងងឹត​ដុំ​ៗ​ ធ្វើ​អោយ​ងងឹត​ផែន​ពសុធា​ទាំង​មូល​។ ព្រះ​បាទ​ព្រហ្ម​ទត្ដ​ ទ្រង់​យាង​ទៅ​គង់​ចំពោះ​មុខ​នា​ម៉ឺន​មុខ​​មន្រ្ដី​ និង ពល​សេនា​អាមាត្យ​ទាំង​ឡាយ​ ដែល​កំពុង​មាន​ការ​ភិត​ភ័យ​ចំ​ពោះ​ហេតុ​ការ​ដ៏​ចំលែក​នេះ​។ គ្រុឌ​បាន​ឱកាស​ ក៏​ចូល​ទៅ​រាជ​តំណាក់​នាង​កាកី​ នាង​កាកី​ក្រលេក​ឃើញ​គ្រុឌ​ចូល​មក​ នាង​ក៏​ធ្មេច​ភ្នែក​ធ្វើ​ជា​ផ្ទុំ​លក់​យ៉ាង​ស្កប់​ស្កល់​។ គ្រុឌ​ចូល​ទៅ​ប​បោស​អង្អែល​ថ្នម​ថា៖​

     - ឱ!.. អូន​កាកី​ស្រី​ស្រស់​សំលាញ់​បង​អើយ​!. បង​នេះ​ហើយ​ជា​ចៅ​មាណព​ ដែល​លេង​បាស្ការ​ជា​មួយ​ព្រះ​មហា​ក្សត្រ​នោះ តាំង​ពី​បង​បាន​ ឃើញ​ប្អូន ចិត្ដ​បង​មិន​ស្ងប់​ ពុះ​កញ្ជ្រោល​ដោយ​ក្ដី​ស្នេហា​ ចង់​បាន​ប្អូន​ជា​ជា​គូ​គាប់​ ភ្ជាប់​និស្ស័យ​តាំង​ពី​ពេល​នេះ​ទៅ​ អូន​សំលាញ់​អើយ​ បង​ខំ ហោះ​ផ្លោះ​ស្កាត់​មក​រក​អូន ម្ដេច​ក៏​អូន​ធ្វើ​មិន​ដឹង​ ផ្ទុំ​លក់​ធ្វើ​ព្រងើយ​យ៉ាង​នេះ​ ភ្ញាក់​ឡើង​ណា​អូន បង​នឹង​នាំ​អូន​ទៅ​ទី​ស្ថាន​របស់​បង​ ដែល​ជា​​ស្ថាន​សុខ​សួគ៌ា​ មាន​សម្បត្ដិ​មហា​សាល​ គ្មាន​សម្បត្ដិ​មនុស្ស​ឯ​ណា​នឹង​ស្មើ​បាន​ឡើយ​។ បង​នឹង​នាំ​អូន​ទៅ​កំសាន្ដ​គ្រប់​ទិស​ទី មើល​អស់​ម្រឹគ្គី​ ម្រឹគ្គា​ បក្សា​បក្សី​ទាំង​ឡាយ​នា​ស្ថាន​ព្រះ​ឥសូរ​...​។​

     កាកី​បាន​លឺ​អស់​សារ​ស័ព្ទ​សេច​ក្ដី ដែល​គ្រុឌ​បាន​លួង​លោម​ប្រលោម​ស្នេហ៍​នាង​ តែ​សេច​ក្ដី​អៀន​អន់​ មិន​អនុញ្ញាត​អោយ​នាង​ឆ្លើយ​តប​ទេ​ នាង​ធ្វើ​ជា​សំងំ​ដេក​លក់​ដោយ​មិន​ដឹង​ខ្លួន​ គ្រុឌ​លើក​កាយ​ដ៏​ស្រទន់​ល្អ​ល្អះ​របស់​នាង​កាកី​បី​ត្រកង​ ថើប​ញក់​ញី​ដោយ​ក្ដី​ស្រលាញ់​ក្រៃ​លែង​។​ ក្នុង​ឱកាស​ដ៏​ល្អ​នេះ​គ្រុឌ​ក៏​បី អោប​នាង​ហោះ​ទៅ​កាន់​សម្ពលី​ ជា​ទី​ស្ថាន​របស់​ខ្លួន​ដោយ​ពុំ​មាន​នរ​ណា​ម្នាក់​បាន​ដឹង​ឡើយ​។​

     ទៅ​ដល់​ទី​ស្ថាន​របស់​ខ្លួន​ហើយ គ្រុឌ​បាន​ដាក់​នាង​កែវ​កាកី​លើ​ទែន​សយនា​ ហើយ​សេក​មន្ដ​វិជ្ជា​ការ ប្រាណ​ប្រែ​ក្រលា​ខ្លួន​ជា​ទេវ​បុត្រ​មួយ​ អង្គ​ដ៏​មាន​រូប​ឆោម​យ៉ាង​ស្រស់​សង្ហា ចូល​ទៅ​បបោស​អង្អែល​ថើប​ថ្នាក់​ថ្នម ប្រលោម​ស្នេហ៏​នាង​កាកី​ដោយ​ក្ដី​ស្រលាញ់​ពេក​កន្លង​។ នាង​កាកី​ ភ្ញាក់​ឡើង​។ ដោយ​ក្ដី​អៀន​អន់ នាង​ធ្វើ​ជា​រុញ​ច្រាន​អង្គ​ទេវ​បុត្រ​ចេញ​ រួច​មាន​វាចា​ថា៖​

     ឱ!...ព្រះ​អង្គ​អើយ​!. ម្ដេច​ក៏​ព្រះ​អង្គ​ទ្រង់​ធ្វើ​ដូច្នេះ​? ខ្ញុំ​ម្ចាស់​នេះ​មាន​ប្ដី​រួច​ទៅ​ហើយ មិន​គួរ​ឡើយ​ព្រះ​អង្គ​មក​ស្នេហា​ចំពោះ​ខ្ញុំ​ម្ចាស់​យ៉ាង​នេះ​សោះ ម្ដេច​ក៏​ព្រះ​អង្គ​មាន​ព្រះ​ទ័យ​មិន​ស្មោះ​ត្រង់ នឹង ព្រះ​មហា​ក្សត្រ ហើយ​លប​លួច​ចាប់​ពង្រ​ត់​យក​ខ្ញុំ​ម្ចាស់​មក​ដោយ​មិ​ន​ខ្លាច​អំណាច​ព្រះ​អង្គ​សោះ ម្យ៉ាង​មួយ​ទៀត ខ្ញុំ​ម្ចាស់​មាន​ប្ដី​ហើយ​ មិន​អាច​ស្រលាញ់​ព្រះ​អង្គ​បាន​ទេ​ ថ្ងៃ​ក្រោយ​ទៅ​ព្រះ​អង្គ​នឿយ​ណាយ​ចិត្ដ​ ឈប់​ស្រលាញ់​ខ្ញុំ​ម្ចាស់​ ហើយ​ព្រះ​អង្គ​ នឹង វិល​ទៅ​យក​ស្រី​សួគ៌​វិញ​ នោះ​ខ្ញុំ​ម្ចាស់​ នឹង ត្រូវ​អ្នក​ផង​គេ​ជេរ​ដៀល​ថា​ ជា​ស្រី​ស្រើប​ស្រាល​​អប្រិយ​ទុរ​យស​សាវា​ មាន​ប្ដី​ហើយ​មិន​ស្កប់​ស្កល់​ ទៅ​រក​ប្រុស​ដ៏​ទៃ​ទៀត​ រី​ឯ​​ព្រះ​អង្គ​វិញ ក៏​នឹង​មាន​ឈ្មោះ​មិន​ល្អ ព្រោះ​ជា​អ្នក​លួច​ភរិយា​គេ​ផង​ដែរ​។​

     ស្ដាប់​កាកី​រួច គ្រុឌ​លួច​ញញឹម​ក្នុង​មាត់​ ហើយ​ឆ្លើយ​ថា៖​
     - ខ្ញុំ​ដឹង​ហើយ ថា​អូន​មាន​ស្វាមី​ ឯ​ព្រះ​មហា​ក្សត្រ​ទៀត​សោត​ ព្រះ​អង្គ​ក៏​ស្រលាញ់​ទុក​ចិត្ដ​ខ្ញុំ​ តែ​ដោយ​ក្ដី​ស្រលាញ់​ចំពោះ​អូន​ដ៏​ខ្លាំង​ក្លា​ខ្ញុំ​មិន​ ខ្លាច​ទេ​អំណាច​ព្រះ​មហា​ក្សត្រ​ ខ្ញុំ​សូម​ប្ដូរ​​ជីវិត​នឹង​អូន​តែមួយ​។ ម្យ៉ាង​មួយ​ទៀត សូម​អូន​​កុំ​ភ័យ​ព្រួយ​ខ្លាច​ក្រែង​គេ​ដៀល​និន្ទា​ធ្វើ​អី​ ព្រោះ​ កាល​ដែល​បង​លួច​យក​អូន​មក​នេះ​ គ្មាន​នរ​ណា​ម្នាក់​បាន​ដឹង​ជ្រាប​សេច​ក្ដី​នេះ​ឡើយ​​។​​

   - សូម​ព្រះ​អង្គ​កុំ​ស្រលាញ់​ខ្ញុំ​អី​ ព្រះ​អង្គ​ពោល​បែប​នេះ​ ធ្វើ​ខ្ញុំ​ម្ចាស់​រិត​តែ​ភិត​ភ័យ​ណាស់​ ស្រី​សួគ៌​ល្អ​បរិ​សុទ្ធ​គគោក​ ហេតុ​ម្ដេច​បា​ន​ជា​ព្រះ​អង្គ​ មិន​សព្វ​ព្រះ​ហរិ​ទ័យ​ស្រលាញ់​រៀប​ការ​ទៅ​? បែរ​ជា​មក​សព្វ​ហរិ​ទ័យ​អ្វី​លើ​ខ្ញុំ​ម្ចាស់ ដែល​ជា​ស្រី​មិន​បរិ​សុទ្ធ មាន​ប្ដី​ហើយ​ទៅ​វិញ​ ព្រះ​អង្គ​គ្រាន់​ តែ​ពោល​ស្រលាញ់​ខ្ញុំ​ម្ចាស់​តែ​ព្រះ​ឱស្ឋ​ប៉ុណ្ណោះ​ ឬ យ៉ាង​ណា បើ​ពិត​ដូច្នោះ​មែន​ ខ្ញុំ​ម្ចាស់ នឹង សោក​សង្រេង​អស់​មួយ​ជីវិត​ជា​មិន​ខាន​។

   - ពិត​មែន​ហើយ​!.. នៅ​ស្ថាន​សួគ៌​ ពិត​ជា​មាន​ស្រី​ស្រស់​ល្អ​ឆើត​ឆាយ​ដ៏​ច្រើន​មែន​ តែ​បង​មិន​ដែល​សព្វ​ហរ​ទ័យ​ស្រី​សួគ៌​ណា​ម្នាក់​ ដូច​អូន​សោះ​ឡើយ​ អូន​កុំ​ភ័យ​ព្រួយ​អី ​ក្នុង​ជាតិ​នេះ​ខ្ញូំ​បាន​សន្មត​យ៉ាង​ដាច់​ខាត​ក្នុង​ចិត្ដ​ថា​ ខ្ញុំ​ស្រលាញ់​តែ​អូន​មួយ​ទេ​។​ ហេតុ​នេះ​ ខ្ញុំ​សូម​ប្ដូរ​ជីវិត​នឹង​អូន​តែ​មួយ​។ ខ្ញុំ​ស្រលាញ់​អូន​ស្មោះ​មែន​ណ៎ា​។​

     មាត់​គ្រុឌ​ចេះ​តែ​ពោល ដៃ​ចេះ​តែ​បបោស​អង្អែល​លើ​អង្គ​ប្រាណ​នាង​កាកី​ ធ្វើ​អោយ​នាង​លង់​លក់​ក្នុង​សេច​ក្ដី​ស្រៀវ​ស្រើប​រក​ទី​បំផុត​គ្មាន​។
     អនិច្ចា!.. អង្គ​ប្រាណ​នាង​កាកី​ ដែល​ស្ថិត​ក្នុង​ភាព​ឯក​កោ​ម្នាក់​ឯង​ ត្រូវ​ក្រញុក​ក្រញី​ ដុត​រោល​ដោយ​ភ្លើង​តណ្ហា​អោយ​ទោ​ទន់​ យ៉ាង​មិន​អាច​ត​វា​បាន​។ បើ​ទោះ​ជា​កែវ​កាកី​ខំ​និយាយ​ប្រ​កែក​យ៉ាង​ណា​ ក៏​គ្រុឌ​មិន​អនុ​គ្រោះ ស្ដាប់​ពាក្យ​នាង​ឡើយ​ គ្រុឌ​​រិត​តែ​ក្រសោម​អោប​ប្រាណ​ ស្រង់​ ក្លិន​ខ្លួន​ពិដោរ​ ដោយ​ក្លិន​គន្ធា​របស់​នាង​ ធ្វើ​អោយ​គ្រុឌ​លង់​ក្នុង​អន្ដូង​តណ្ហា​ដ៏​ជ្រៅ​សែន​ជ្រៅ​។​

     បន្ដិច​ម្ដងៗ... ដៃ​និង​ដៃ ខ្លូន​និង​ខ្លួន អង្រួន​រក​គ្នា គ្រុឌ​ក្រ​សោម​អោប​កាយ​នាង​ នាង​ធ្មេច​ភ្នែក​សន្សឹម​ៗ​ យ៉ាង​សែន​សុខ​ យាន​តណ្ហា​ដែល​​មាន គ្រុឌ និង កាកី​ជា​អ្នក​ជិះ ​បាន​ហោះ​ទៅ​ដល់​ឋាន​មួយ​ទៀត​ថ្មី​ ឆ្ងាយ​ផុត​ពី​ឋា​ន​មនុស្ស​ ឋាន​ទេវ​តា ជា​ស្ថាន​មួយ​ឆ្ងាយ​សែន​ឆ្ងាយ​។
     ឱ!..​នេះ​ហើយ​!.. រាគៈ​ តណ្ហា ស្នេហា​មេត្រី​ វា​ធ្វើ​អោយ​នាង​ភ្លេច​អស់​ ភ្លេច​អ្វី​ៗ​ដែល​នាង​ធ្លាប់​លេង​សប្បាយ​ ភ្លេច​ព្រះ​មហា​ក្សត្រ​ស្វា​មី ​ដែល​ធ្លាប់​ស្រលាញ់​ ភ្លេច​អ្វី​ទាំ​ងអស់​ដែល​ជា​​របស់នាង ហើយ​ដែល​មាន​តែ​មួយ​គត់​ គឺ​បង និង​ អូន​ប៉ុណ្ណោះ​។​