រឿងកាកី

និទានឡើងវិញ
តាមព្រះរាជនិពន្ធ ព្រះបាទអង្គឌួង
**********************************************

៣ -ល្បិចស្នេហ៍

     ស្នេហា ទឹក​ឃ្មុំ​ផ្អែម​ត្រជាក់ សន្ដំ​អោយ កាកី​ និង ស្ដេច​គ្រុឌ​លង់​លក់​នៅ​លើ​តេ​ន​សយនា រហូត​ដល់​អរុណរះ​​។ ស្ដេច​គ្រុឌ​ភ្ញាញ់​ពី​ព្រលឹម​ ដឹក​ដៃ​កាកី​ដើរ​កំសាន្ដ​ទី​នានា ​នៃ​ក្រុង​សម្ពលី​។ នៅ​ជាយ​ក្រុង​ មាន​ដង​ស្ទឹង​មួយ​ហូរ​កាត់​ព្រៃ​ល្បោះ ទៅ​កាន់​ព្រៃ​ជ្រៅ​មើល​ដាច់​កន្ទុយ​ភ្នែក​។ មិន​ ឆ្ងាយ​ប៉ុន្មាន​ គឺ​ជា​គិរី​សុមេរុ​ដ៏​ស្កឹម​ស្កៃ​គួរ​ស្ងប់​ស្ងែង​ក្រៃ​លែង​ នៅ​លើ​កំពូល​ មាន​វិហារ​មួយ​ខ្ពស់​ស្រួច​ឡើង​ទៅ​លើ មាន​ពន្លឺ​រង្សី​ចញ្ចាច​ចញ្ចែង​ ចាំង​សន្ធោស​ន្ធៅ​ដាំ​អម​ដោយ​ត្បូង​ទទឹម​ក្រហម​ឆ្អិន​ឆ្អៅ​ ចាំង​ឆ្លុះនឹង ថ្ម​និល​ ភ្លឺ​ផ្លេក​ៗ​។ សង​ខាង គឺ​សួន​ច្បារ​ខ្វាត់​ខ្វែង មាន​ផ្កា​ក្រហម​ ស ខៀវ លឿង រីក​ស្គុះ​ស្គាយ។ ទេស​ភាព​ខៀវ​ស្រងាត់​ រុក្ខា​ឈើ​ព្រៃ មាន​ដើម​ឈើ​តូច​ធំ យ៉ាង​ត្រសុំ​ត្រសាយ​ មាន​ម្លប់ត្រ​ឈឹង​ត្រ​ឈៃ​គួរ​ទី​សប្បាយ​ ដល់​ពួក​ហ្វូង​សព្វ​សត្វ​ទាំង​ឡាយ​។ ខាង​នោះ​ទឹក​ធ្លាក់​ហូរ​ចុះ​តាម​ស្ទឹង​ វេន​វង់​ដូច​ជា​សត្វ​ពស់​ដ៏​ធំ​អស្ចារ្យ​មួយ​កំពុង​វារ​លូន​ ទៅ​​កាន់​ដែន​សមុទ្រ​ ពណ៌​ខៀវ​ជាប់​ជើង​មេឃ​។ ក្នុង​ទឹក​មាន​ហ្វូង​មច្ឆា​តូច​ធំ ហែល​ប្រដេញ​គ្នា លេង​យ៉ាង​សប្បាយ​ ខ្លះ​ហែល​ហោះ​បោះពួយ​រក​ចឹក​ចំណី​ ធ្វើ​អោយ ​ទឹក​រលក​បែក​ខ្ចាយ គួរ​គយ​គន់​សប្បាយ​ក្រៃលែង​។ ស្ដេច​គ្រុឌ​ឈរ​សំលឹង​ទៅ​ទី​ឆ្ងាយ​ហើយ​ងាក​មក​សួរ​កាកី​ថា៖​

- អូនចូលចិត្ដទីនេះទេ?
- ព្រះពរ..អូនរំភើបចិត្ដខ្លាំងណាស់
- កន្លែងដែលបងនាំអូនទៅរំភើបជានេះទៅទៀត
- ពិតមែនឬអី? ព្រះអង្គជាអ្នកដំបូងហើយដែលយល់ពីចិត្ដខ្ញុំ
- តែគួអោយស្ដាយដែលអូនមានម្ចាស់បេះដូងទៅហើយ ខ្ញុំគួរតែជួបអូនអោយបានលឿនជានេះបន្ដិច
កាកីហាក់ស្ដាប់មិនទាន់ ងាកមុខចងចញ្ចើមសួរដោយឆ្ងល់ថា៖
- ថាម៉េច?
ស្ដេចអេះអុញ ឆ្លើយពង្វាវ
- គឺ..គឺ.. គឺ.. កន្លែងដែលខ្ញុំនាំទៅប្រាកដជារំភើប
ដំណើរ​កំសាន្ដ​ចេះ​តែ​បន្ដ​ទៅ​សន្សឹម​ៗ​ទៅ គូ​ស្នេហា​ទាំង​ពីរ​ហាក់​រក្សា​ភាព​ស្ងប់​ស្ងាត់​រៀង​ខ្លួន​។ កាកី​ញញឹម​ ពោល​យ៉ាង​ភ្ញាក់​អារម្មណ៍ ​ថា៖​
- អូហូ.. ទីនេះពិតជាស្អាតមែន..
- ទីនេះហៅថា ស្រះស្រង់
- នេះយើងចូលតាមល្អាងដែលមានភ្នំពីរជាប់គ្នាមកឬ?
- ហ្នឹង​ហើយ​យើង​មក​ទាន់​ពេល​ទឹក​មិន​ទាន់​ឡើង​ ព្រោះ​បើ​ទឹក​ឡើង​ពេញ​ទំហឹង​ វា​ នឹង​បិទ​មាត់​ល្អាង​ជិត ហើយ​បើ​មើល​មក​ពី​ខាង​ក្រៅ​ក៏​មិន ​ដឹង​ថា ទី​នេះ​មាន​កន្លែង​ស្អាត​ លាក់​បំពួន​ដែរ​។​
-ចុះល្អាងខាងណោះ មានអ្វីដែរ?
-ឱ!.. ល្អាង​ហ្នឹង​ជា​ផ្លូវ​ទំលុះ​ទៅ​កោះ​តូច​មួយ បើ​យើង​ឆ្លង​ល្អាង​ចូល​ទៅ យើង​នឹង​ឃើញ​ស្ពាន​ឈើ ក្រង​ចង​លើ​ខ្សែ​ទុក​ឆ្លង មើល​ទៅ​មិន​គួរ​អោយ​ខ្លាច​។​
- យើងឆ្លងទៅយ៉ាងម៉េចបាន?
- យើងត្រូវហែលទឹកឆ្លងទៅ
-អឺ!.. អើ..មកខ្ញុំចង់ហែលទឹក
ថា​រួច​កាកី​ក៏​ទាញ​ដៃ​ស្ដេច​គ្រុឌ​លោត​ចូល​ទៅ​ក្នុង​​ទឹក​រលក​បែក​ខ្ចាយ​គួរ​សប្បាយ​ក្រៃ​លែង​។ ល្ងាច​ទន់​ទាប ទើប​ស្ដេច​គ្រុឌ​ ព នាង​កាកី​ត្រលប់​ទៅ​ក្រុង​សិម្ពលី​វិញ​...។

***************************

     ប្រាំពីរ​ថ្ងៃបាន​កន្លង​ផុត​ទៅ... គឺ​​ពេល​វេលាដែល​គ្រុឌ​កំណត់​ ត្រូវ​ចូល​លេង​បាស្ការ ជា​មួយ​ព្រះ​បាទ​ព្រហ្ម​ទត្ដ​ម្ដង​ទៀត​ គ្រុឌ​រិះ​រេ​គិត​ក្នុង​ចិត្ដ​ថា បើ​អញ​មិន​ទៅ​លេង​បាស្ការ​ នឹង ព្រះ​បាទ​ព្រហ្ម​ទត្ដ​ទេ គេ​មុខ​ជា​គិត​ថា អញ​លួច​ចាប់​យក​នាង​កាកី​មក​មិន​ខាន​ឡើយ ហើយ​ម្យ៉ាង​ទៀត​អញ​មិន អាច​ក្បត់​ពាក្យ​សច្ចៈ​បាន​ទេ គិត​ដូច្នេះ​ហើយ ទើប​ស្ដេច​គ្រុឌ​ចូល​ទៅ​និយាយ​លួង​លោម​កែវ​កាកី​ថា​៖​

- ដល់​ពេល​កំណត់ ៧​ថ្ងៃ​ដែល​បង​ត្រូវ​ទៅ​លេង​បាស្ការ ជា​មួយ​ព្រះ​បាទ​ព្រហ្ម​ទត្ដ​ទៀត​ហើយ អូន​នៅ​ទី​នេះ​សិន​ចុះ លេង​​​​ចប់​រសៀល​​ល្ងាច​ទន់​ទាប បង​ នឹង​មក​ជួប​អូន​វិញ​ជា​មិន​ខាន​។
កាកីស្ដាប់គ្រុឌហើយអាក់អួលក្នុងដួងចិត្ដ បែរមុខចេញ មិនចេញស្ដី
និ..នេះ..នាងយំឬអី?
- ព្រះពរ!.. មិនដឹងទេ
- ឬមួយ..នឹកផ្ទះ?
- អត់ទេ
- មិនបាននឹកផ្ទះ..
បុរសខិតចូលជិតឈ្ងោកសំលឹងមុខសួរបញ្ជាក់
- នឹកប្ដីឬ?
- នេះនែ... នារីលើកដៃទះកំភ្លៀងយ៉ាងអស់ទំហឹង ហើយនិយាយគំហកបន្ដ
- ឆ្កួតទេអី!.. ឆ្កួទេឬអី?.. អ្នកណាជាប្ដីខ្ញុំនោះ នាងសំដែងអការច្រលោត ស្ទុះក្រោកដើរទៅ
គ្រុឌក្រោកឈរ យកដៃជូតមាត់ហើយពោល
- នាងខឹងឬអី?..។ តែខ្ញុំមិនឈឺទេ
- អញ្ចឺងថែមម្ដងទៀតល្អទេ
នាងនិយាយទាំងលើកដៃជ្រ លវៃទៀត
គ្រុឌគ្រវីក្បាលឆ្លើយ
-កុំអីល្អជាង!..
កាកី​គេច​ចេញ​ទៅ ដៃ​ម្ខាង​អោប​ចង្កេះ​ ដៃ​ម្ខាង​លើក​បញ្ឈរ​ត្រឹម​មាត់​បន្លឺ​វា​ចា​ដោយ​មួយ​ៗ​ថា​៖
- ម្ដេច​ក៏​ព្រះ​អង្គ​ចង់​យាង​ចោល​ខ្ញុំ អោយ​នៅ​ម្នាក់​ឯង​ដូច្នេះ...​? ខ្ញុំ​ខ្លាច​ណាស់ ខ្លាច​ខ្មោច​ព្រាច​បិសាច​ ខ្លាច​យក្ស​សាមាន្យ​ មក​ប៉ង​ ព្យា​បាទ​លើ​រូប​ខ្ញុំ​ ខ្ញុំ​ជា​ស្រី​ទន់​ខ្សោយ​ គ្មាន​រិទ្ធ​អំណាច​អ្វី​តតាំង​ នឹង គេ​បាន​ឡើយ​។​
គ្រុឌងាកមុខចេញ សំលឹងទៅទីឆ្ងាយ និយាយដោយសំលេងតិចៗថា
- បើ​បង​មិន​ទៅ​លេង​បាស្ការ​ជួប​នឹង​ព្រះ​មហា​ក្សត្រពេល​នេះ​ទេ ម៉្លេះ​សម​គេ​គិត​ថា បង​នេះ​បាន​លប​លួច​យក​អូន​មក​មិន​ខាន​។​ អូន​កាកី​កុំ​សោការ​អី បង​ទៅ​មិន​យូរ​ឡើយ​ ពេល​រសៀល​ទន់​ទេរ​ បង​ នឹង មក​រក​អូន​វិញ​ជា​មិន​ខាន ម្យ៉ាង​មួយ​ទៀត ពេល​បង​ចេញ​ទៅ​ បង​នឹង​សេក​មន្ដ​វិជ្ជា​ការ​ចង​ទ្វារ​ប្រាសាទ​ ពុំ​មាន​ខ្មោច​ព្រាយ​បិសាច​ ឬ​យក្ស​ឯ​ណាអាច​ស្រាយ​ទ្វារ​ ចូល​មក​យាយី​អូន​បាន​ឡើយ​។​

     ស្ដេច​គ្រុឌ អោប​នាង​ពី​ក្រោយ ផ្ទប់​ក្នុង​ឱរា​យ៉ាង​ណែន​ ឱន​ថើប​ផែន​ថ្ពល់​រលោង​ដូច​ផ្កា​ទាំង​គូរបស់​នាង ស្រូប​លំ​អង​ក្រអូប​ប្រហើរ​រួច​ លើក​ត្រកង​បី​នាង​ថ្នម​ៗ​ ដាក់​លើ​ក្រលា​បន្ទំ ហើយ​ចេញ​មក​សេក​មន្ដ​ចង​ទ្វារ​ចប់​សព្វ​គ្រប់ ទើប​ស្ដេច​គ្រុឌ​ហោះ​រំលង​គីរី​ជល​ទៅ​កាន់​នគរ​ ពារាណ​សី ប្រាណ​ប្រែ​ក្រលា​ជា​រូប​​មាណព​ដូច​សព្វ​ដង​ ហើយ​ក៏​ប្រញាប់​​ដើរ​ចូល​ទៅ​ក្នុង​រាជ​វាំង​នៃ​ព្រះ​បាទ​ព្រហ្ម​ទត្ដ​។ ព្រះ​មហា​ក្សត្រទ្រង់​ទត​យល់​ចៅ​មាណព​មក​ដល់​ ព្រះ​អង្គ​ទ្រង់​ឆួល​ព្រះ​រាជ​ហរិ​ទ័យ​ក្រោធ​ខឹង​ណាស់​ តែ​ខំ​រំងាប់​ ធ្វើ​ហាក់​ដូច​ជា​មិន​ដឹង​ហេតុ​សេច​ក្ដី​អ្វីកើត​ឡើង​ឡើយ ព្រះ​អង្គ​ទ្រង់​បាន​បញ្ជា​អោយ​ពល​អាមាត្យ​រៀប​ចំ​ក្ដារ​បាស្ការ ដើម្បី​លេង​ជា​មួយ​មាណព​ជា​ធម្មតា​ កំ​លោះ​គ្រុឌ​ ហាក់​ដូច​អិម​អៀន​រអៀស​ក្នុង​​ចិត្ដ​ខ្លះដែរ​ តែ​ខំសំ​ងំ​លេង​ធ្វើ​ជា​មិន​ដឹង​រឿង​អ្វី រហូត​រសៀល​ទន់​ទេ ទើប​ថ្វាយ​បង្គំ​លា​ព្រះ​អង្គ​វិល​លំនៅ​ស្ថាន​ខ្លួន​វិញ​។​

     ដូច​សព្វ​ដង មក​ដល់​ដើម​ជ្រៃ ចៅ​មាណព​ក៏​សេក​មន្ដ​វិជ្ជា​ការ​ប្រែ​ក្រលា​ជា​គ្រុឌ​វិញ​។ គន្ធាន់​ដែល​បតាម​ស្ដេច​គ្រុឌ​រហូត​មក បាន​ឃើញ​ហេតុ​ការណ៍​ដូច្នេះ​ហើយ ក៏​ប្រែ​ក្រលា​ជា​សត្វ​ស្រមើល​តូច​មួយ លោត​ទៅ​ទុំ​លើ​រោម​គ្រុឌ​ភ្លាម​។ ស្ដេច​គ្រុឌ​ឥត​នឹក​ខ្វល់​ខ្វាយ​អ្វីឡើ​យ ឥត​នឹក​ឃើញ​ដល់​សេច​ក្ដី​ទុក្ខ​សោក ដែល​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ​ ហើយ​ទាញ​យិត​សព្វ​សត្វ​លោក​គ្រប់​ៗ​គ្នា​អោយ​ធ្លាក់​ក្នុង​ក្ដី​វិនាស​សោក​ សៅ​សោះ​ឡើយ​។ ឱ​!.: គួរ​អោយ​ស្រងេះ​ស្រងោច​ដល់​ជីវិត​សត្វ​លោក​មែន​ទែន​ នរ​ណា​ៗ​ ក៏​ដឹង​ខ្លួន​ដែរ​​ថា ​ដល់​​ថ្ងៃ​ណា​មួយ​ នឹង ក្លាយ​ទៅ​ជា​ខ្មោច​មិន​ខាន​។ ដើម្បី​លួង​​លោម​សេច​ក្ដី​តក់​ស្លុត​នេះ មនុស្ស​ខំ​ធ្វើ​អ្វី​ៗ គ្រប់​យ៉ាង​ ដើម្បី​បំភ្លេច​សេច​ក្ដី​ស្លាប់​ ដូច​ជា​ខំ​ស្វែង​រក​លុយ​កាក់ មាស ប្រាក់​ទ្រព្យ​សម្បត្ដិ​ផ្សេង​ៗ​ ហើយ​ជា​ពិសេស​គឺ​ស្វែង​រក​ស្នេហា​នេះ​ឯង​ ព្រោះ​ថា​រឿង​ស្នេហា​ អាច​បន្លំ​ដួង​ចិត្ដ​ អោប​គ្នា​ឡើង​ស្ថាន​សួគ៌​ ដែល​ជា​ស្ថាន​សុខ​ ផុត​ទុក្ខ​ផុត​កង្វល់​ ភ្លេច​មរណៈ​យ៉ាង​នេះ​ឯង​។ ស្ដេច​គ្រុឌ​ក៏​ហោះ​បោះ​ពួយ​ទៅ​កាន់​ក្រុង​សិម្ពលី​វិញ​។ បើក​ទ្វារ​ប្រាសាទ​ចូល​ទៅ​ជួប​កែវ​ កាកី​ ប្រលោម​ប្រ​លែង​កៀក​កើយ អោប​ស្និត​ស្នេហា​ក្សេម​ក្សាន្ដ ​ឥត​មាន​នឹក​ខ្វល់​អំពល់​ក្នុង​ចិត្ដ​ទៀត​ឡើយ​...​។​

     សន្សើម​ព្រឹក​ព្រហាម ធ្លាក់​ស្រោច​ស្រប់​ជោក​លើ​រុក្ខ​ជាតិ​នានា ដែល​កំពុង​មាន​ត្រួយ​លាស់​ខៀវ​ខ្ចី​។ ទឹក​ធ្លាក់​ពី​លើ​កំពូល​ភ្នំហូរ​ ទៅ​កាន់​ដែន​ សមុទ្រ​ ហាក់​មិន​ចេះ​ខ្ជិល​​ឈប់​មួយវិ​នាទី​។ បក្សា​បក្សី​ហិច​ហើរ​ឆ្វែល​ឆ្វាត់​ ស្រែក​ច្រៀង​ទទួល​ស្វា​គមន៍​ពន្លឺ​ព្រះ​អាទិត្យ​យ៉ាង​ខ្ញៀវ​ខ្ញា​។ គ្រុឌ​ភ្ញាក់​ ពី​ក្រលា​បន្ទំ ​ដ៏​ងុយ​ងោក​ក្នុង​សេច​ក្ដី​ស្នេហា​ដ៏​ផ្អែម​ត្រជាក់​ ហាក់​មិន​ឆ្អែត​ឆ្អន់​អស់​ចិត្ដ​នៅឡើយ​។ គ្រុឌ​អោន​ថើប​ផែន​ថ្ពល់​កាកី​នារី​កំពូក​ចិត្ដ កាកី ​នៅ​ស្ងៀម​សំលឹង​ទៅ​ឆ្ងាយ នាង​ពោល​ដោយ​ថ្នម​ៗ​ថា​៖​

- យើងអស់អាហារបរិភោគហើយ
- កុំព្រួយអី!.. ផលានុផលក្នុងព្រៃមានច្រើនអនេក បងនឹងចេញរកបេះឥឡូវនេះ
កាកីផ្ដេកសិរសាកើយទ្រូងប្ដី ពោលស្មើៗថា
- ខ្ញុំម្ចាស់ត្រូវនៅម្នាក់ឯងទៀតហើយឬ?
- កុំខ្លាចអី
- ច៎ាស ខ្ញុំ​ខ្លាច​ណាស់ ខ្លាច​រហូត​មិន​ហាន​នៅ​ម្នាក់​ឯង​យ៉ាង​នេះ​ ខ្លាច​យក្ស​បសាច​ សត្វ​សាហាវ​ទាំង​ពូង​ចូល​មក​ព្យាបាទ​ធ្វើ​បាប​រូប​ខ្ញុំ ហើយ​ខ្លាច​បាត់​ព្រះអង្គ​ទៅ​។​
គ្រុឌអោបកាកីយ៉ាងណែនក្នុងដៃ ហើយឱនថើបដោយក្ដីស្រលាញ់
- កុំខ្លាច​អីអូ​ន បង​ការ​ពារ​អូន​បាន​គ្រប់​យ៉ាង​ ហើយ​បង​ចេញ​ទៅ​ក៏​មិន​យូរ​ឯ​ណា រសៀល​ព្រះ​សុរិ​យា​បង នឹង មក​វិញ​មិន​ខាន​
- ព្រះអង្គ​ជា​ម្ចាស់​បេះ​ដូង​របស់​ខ្ញុំ បើ​គ្មាន​ព្រះ​អង្គ អោយ​ខ្ញុំ​រស់​នៅ​ម្ដេច​បាន បើ​គ្មាន​បេះ​ដូង​
- កុំព្រួយបា​រម្ភ​ខ្លាំង​ពេក​អី បង​មាន​រិទ្ធ​អំណាច​គ្រប់​យ៉ាង បង​មិន​ព្រម​អោយ​អូន​មាន​ទុក្ខ មាន​ភ័យ​ឡើយ​
- ច៎ាស.. អូនស្រលាញ់​បង​ណាស់ អរ​គុណ​ច្រើន​ហើយ​ដែល​បាន​ជួប​បង​
- បង​ ក៏​ស្រលាញ់​អូន​ដែរ ស្រលាញ់​ខ្លាំង​ទៀត​ផង អោយ​តែ​អូន​មាន​សេច​ក្ដី​សុខ ខ្ញុំ​សប្បាយ​ចិត្ដ​ណាស់​ទៅហើយ​

     គ្រុឌ​ឱន​ថើប​ថ្ពល់​កាកី​ម្ខង​ទៀត រួច​ថយ​សន្សឹម​ៗ​ចេញ​ទៅ។ គ្រុឌ​សេក​មន្ដ​ចង​ទ្វារ​ប្រាសាទ​រួច​ស្រេច​បាច់ ទើប​ហោះ​ចេញ​ទៅ​រក​បេះ​ផលា​នុផល​ក្នុង​ព្រៃ ទាំង​ក្ដី​អា​លោះអាល័យ​ស្នេហ៍​ក្រៃ​លែង​។
     គ្រាន់​តែ​គ្រុឌ​ហោះ​ចេញ​ទៅ​បាត់​ភ្លាម គន្ធាន់ ក៏​សេក​មន្ដ ប្រែ​ក្រលា​មក​ជា​មនុស្ស​ធម្ម​តា​វិញ​ភ្លាម កាកី​ក្រលេក​ឃើញ​គន្ធាន់​ដឹង​ច្បាស់​ថា នេះ​ពិត​ជា​ព្រះ​មហា​ក្សត្រ​ប្រើ​អោយ​មក​តាម​រក​នាង​ជា​មិន​ខាន​។ កាកី​នឹក​ភ័យ​ក្ដុក​ក្ដួល​ក្នុង​ចិត្ដ​ រិះ​គិត​រក​ធ្វើ​កល​មាយា​យ៉ាង​ណា ដើម្បី​អោយ​ គន្ធាន់​យល់​ថា នាង​ព្រួយ​ចិត្ដ​ នឹក​ដល់​ព្រះ​មហា​ក្សត្រ។ គិត​ហើយ​កែវ​កាកី ក៏​និយាយ​ទៅ​កាន់​គន្ធាន់​ថា​៖

- យឺ ! បងគន្ធាន់ មកពីណា ? មកទីនេះយ៉ាងម៉េច?
- បាទ.. សួស្ដី.. មកយ៉ាងណាមិនសំខាន់ទេ.. ខ្ញុំឃើញថា អ្នកនាងឥតភ្លេចខ្ញុំទេ
- ច៎ាស.. នេះជាព្រេងសំណាងខ្ញុំអ្វីម៉្លេះ ដែលបានជួបបងគន្ធាន់នៅទីនេះ
- អ្នកនាងសុខប្បាយទេ?
កាកីនិយាយដោយទឹកមុខស្រងោតតបវិញថា
   - ច៎ាះ.. តាំង​ពី​ខ្ញុំ​បែក​ឃ្លាត​ចាក​ពី​នគរ ខ្ញុំ​មាន​សេច​ក្ដី​ទុក្ខ​ព្រួយ​ឥត​ស្រាក​ស្រាន្ដ​ល្ហែ​ល្ហើយ​នៅ​ក្នុង​ចិត្ដ​ទេ​។ ឱ..​ខ្ញុំ​សូម​និយាយ​អំពី​ទុក្ខ​ធំ ពីរ​យ៉ាង​ដែល​មនុស្ស​យើង​នេះ​ជួប​ប្រទះ​។ ទុក្ខ​ទី​១ គឺ​ទុក្ខ​ព្រាត់​គូ​ស្នេហ៍ ហើយ​ទុក្ខ​ទីពីរ​ គឺ​ទុក្ខ​ព្រាត់​ប្រាស​ពី​ស្រុក​ទេស។ ទុក្ខ​ព្រាត់​គូ​ស្នេហ៍ មាន​កំលាំង​ធំ​ប៉ុណ្ណា ឯ​ទុក្ខ​ព្រាត់​ប្រាស់​ស្រុក​ទេស​ មក​រស់​នៅ​ស្រុក​គេ ធ្វើ​អោយ​កណ្ដោច​ កណ្តែង​កណ្ដាល​វាល​វដ្ត​សង្សារ​ម្នាក់​ឯង​។ ស្រុក​យើង​អាក្រក់​ ក្រ​កំសត់​ លំបាក​វេទ​នា​យ៉ាង​ណា ក៏​ស្រុក​យើង​ជា​ស្រុក​សុខ​ដុម​រម្យ​នា ដែល​ទាញ​ចិត្ដ ចង់​អោយ​តែ​ទៅ ចង់​អោយ​តែ​នៅ ​រហូត​​អស់​ជន្ម​ជីវិត។​ ទើប​តែ​ថ្ងៃ​នេះ​ខ្ញុំ​បាន​ធូរ​ស្រាល​ក្នុង​ចិត្ដ​ខ្លះ ព្រោះ​បាន​ជួប​ភ័ក្រ្ដ​បង​ដែល​មក​ពី​ព្រះ​នគរ​ តើ​បង​មក​បាន​ដោយ​ វិធី​ណា​ទៅ?​ តើ​ព្រះ​ស្វាមី​ខ្ញុំ​នឹក​ខ្ញុំ​ទេ? ព្រះ​អង្គ​ទ្រង់​ប្រើ​បង​អោយ​មក​តាម​ខ្ញុំ​ឬ​អី​?​
គន្ធាន់ស្ដាប់នាងកាកីហើយ ញញឹមក្នុងចិត្ដយ៉ាងជ្រាលជ្រៅ តបទៅវិញថា៖
   - ម្ដេច​អ្នក​នាង​មាន​ទុក្ខ​ក្រៀម​ក្រម​ធ្វើ​អី​? តាំង​ពី​បាត់​ព្រះ​នាង​ ពី​ព្រះរាជ​ដំណាក់​ ខ្ញុំ​ខ្វល់​ខ្វាយ​នឹក​រលឹក​អ្នក​នាង​ណាស់​ ទើប​ខំ​ស្វះ​ស្វែង​​តាម​មក​រក​អ្នក​នាង​ដល់​ទី​នេះ​ ខ្ញុំ​បាទ​បាន​ខំ​ត្រាច់​ចរ រក​អ្នក​នាង​ដោយ​ចិត្ដ​នឹក​រលឹក​ខ្លួន​ឯង​ ពុំ​មាន​នរ​ណា​ម្នាក់​បាន​ជ្រាប​ផង​ទេ​ ពេល​ធ្វើ​​ដំណើរ​មក ខ្ញុំបាន​ប្រែ​ក្រលា​ជា​សត្វ​ស្រមើ​​ល​តូច​​មួយ​ ហើយ​ឈ្មុល​ចូល​ក្នុង​រោម​គ្រុឌ​ហោះ​មក​ ចំណែក​ព្រះ​​មហា​ក្សត្រ​វិញ ព្រះ​អង្គ​មាន​ស្រីស្នំ​ជា​ច្រើន​គង់​នៅ​ហែ​ហម​ព្រះ​អង្គ​គ្រប់​ទិវា​រាត្រី​ ព្រះ​អង្គ​ពុំ​ដែល​នឹក​នា​ដល់​អ្នក​នាង​ឡើយ តែ​ចំពោះ​ខ្ញុំ​វិញ​ ខ្ញុំ​នឹក​អាណិត​ភ័យ​ព្រួយ​ពី​​អ្នក​នាង​គ្រប់​ដង្ហើញ​ចេញ​ចេញ​ចូល ឥឡូវ​បាន​ជួប​នឹង នាង​​ប្រាកដ​ជា​ភ័ព្ទ​ព្រេង​វាសនា​ខ្ញុំ​ហើយ​មើល​ទៅ​។​
   ស្ដាប់​គន្ធាន់​និយាយ កាកី​បាន​លួច​ញញឹម​ក្នុង​មាត់ យល់​អំពី​បំណង​ប៉ង​ប្រាថ្នា​របស់​គន្ធាន់​ មក​លើ​រូប​នាង​យ៉ាង​ច្បាស់ នាង​បែរ​មុខ​ចេញ សំដែង​ការ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​មហា​ក្សត្រ​ឆ្លើយ​តប​វិញ​ថា៖​
   - នេះ​ពិត​ជា​ល្អ​ខ្លាំង​ណាស់ ដែល​នាំ​អោយ​បង​មក​ដល់​ទី​នេះ បង​អាច​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ​មហា​ក្សត្រ ហើយ​ព្រះ​ពិត​ជា​សព្វ​រាជ​ហរិ​ទ័យ ត្រាស់​បញ្ជា​អោយ​គេ​នាំ​ខ្ញុំ​ត្រលប់​ទៅ​នគរ​ពារាណ​សី​វិញ​មិន​ខាន ហើយ​ព្រះ​អង្គ​ នឹង តប​ស្នង​សង​គុណ​ជា​រង្វាន់​ ដល់​បង​យ៉ាង​ពេញ​ចិត្ដ​ជា​មិន​ខាន​។​
    - ខ្ញុំ​ខំស្កាត់​ពី​នាយ​ខំ​ស្វះ​ស្វែង​រក​អ្នក​នាង ដោយ​ហ៊ាន​បូជា​ជីវិត​ស្លាប់​រស់ ដើម្បី​បាន​ជួប​នាង​ បាន​ជួប​ហើយ​ម្ដេច​ក៏​អ្នក​នាង​គ្មាន​ទទួល​​ការ​លើក​ទឹក​ចិត្ដ ដល់​ខ្ញុំ​ដ៏​តិច​តួច​ដូច្នេះ​? ហើយ​បែរ​ជា​ចង់​អោយ​ព្រះ​មហា​ក្សត្រ ​តប​ស្នង​សង​គុណ​ជំនួស​ទៅ​វិញ​ ព្រះ​មហា​ក្សត្រ ព្រះ​អង្គ​ពុំ​បាន​ដឹង​អំពី​ការ​ខំ​ស្វះ​ស្វែង​របស់​ខ្ញុំ​នេះ​ឯ​ណា​។​
កាកីផ្ទុះសំនើចតបវិញថា៖
- តើខ្ញុំមានអ្វីថ្លៃថ្លាទៅ សំរាប់តបស្នងសងគុណអោយបងនោះ
- មាន ពិតជាមាន
- អ្វី​ទៅ​បង​គន្ធាន់ នៅ​ទី​នេះ ប្អូន​គ្មាន​ទ្រព្យ​សម្បត្ដិ​មាស​ប្រាក់​អ្វី​ទេ មាន​តែ​សំបក​ខ្លួន​ប៉ុណ្ណោះ​
- រឿង​ទ្រព្យ​សម្បត្ដិ​នោះ ខ្ញុំ​មាន​គ្រប់​គ្រាន់​ហើយ មិន​មាន​ប៉ង​ប្រាថ្នា​ទេ​ ចង់​បាន​អ្វី​ៗ ដែល​អ្នក​នាង​មាន​ហ្នឹង​ហើយ​
- តើអ្វីទៅដែលបងប៉ងប្រាថ្នានោះ?
- គឺខ្លួនប្អូន​ហ្នឹង​ហើយ ម្ដេច​ប្អូន​នៅ​ឆ្ងល់​មិន​យល់​ចិត្ដ​ខ្ញុំ​យ៉ាង​នេះ ខ្ញុំ​ស្រលាញ់​អូន​យូរ​មក​ហើយ​
- មិនបានទេបង ប្អូនមានប្ដីហើយ ហើយប្អូនមិនអាចក្បត់ចិត្ដព្រះមហាក្សត្របានទេ
គន្ធាន់ឈរអោបចង្កេះនាងពីក្រោយ ឱនមុខមកទទន្ទឹមនឹងនាង
- រឿង​នេះ​ខ្ញុំ​មិន​ប្រកាន់​អ្វី​ទេ ខ្ញុំ​ដឹង​ថា ប្អូន​មាន​ប្ដី​ហើយ​មែន​ តែ​ថ្ងៃ​នេះ​ខ្ញុំ​សូម​ចិត្ដ​អូន សូម​និយាយ​នឹង​អូន​អោយ​អស់​ទៅ​ចុះ​គឺ​ខ្ញុំ​សូម​ដណ្ដឹង​អូន​ជា​ភរិយា​ស្មោះ​ស្ម័គ្រ​ ដើម្បី​រក្សា​អូន​ត​រៀង​ទៅ​
- សូមបងកុំស្រលាញ់ខ្ញុំអី ខ្ញុំជាមនុស្សអភ័ពណាស់
- វាសនា​មនុស្ស​មើល​មិន​ឃើញ​ទេ។ តែ​ទោះ​អភ័ព្វ​យ៉ាង​ណា​ក៏​ខ្ញុំសុខ​ចិត្ដ​លំបាក​វេទនា​រង​គ្រោះ​ជា​មួយ​ដែរ​
- ខ្ញុំមិន​ចង់​បាន​ប្ដី​ទៀត​ទេ សូម​អាណិត​ខ្ញុំ​ផង​ទៅ ម្យ៉ាង​មួយ​វិញ​ទៀ​ព្រះ​មហា​ក្សត្រ​អាច​ នឹង យក​ទោស​បង​

     កាកី​ចេះ​តែ​ប្រកែក​ តែ​នាង​បណ្ដោយ​ខ្លួន​អោយ​គន្ធាន់​នែប​និត្យ​កៀក​កិត​អោប​រិត​ឥត​រើ​បំរះ​ឡើយ​ ធ្វើ​គន្ធាន់​រិត​កើត​ចិត្ដ​ប្រតិ​ព័ទ្ធ​យ៉ាង​ក្រៃ​លែង គន្ធាន់ លូក​វាវ​បបោស​អង្អែល​ថើប​ញក់​ញី​សព្វ​អង្គ​កាយ​នាង​កាកី​។ អណ្ដាត​ភ្លើង​តណ្ហា​ចាប់​ឆេះ​រិម​ៗ​ ដុត​កំដៅ​ខ្លួន​កែវ​កាកី​អោយ​រំពើត​រំពើន​ទៅ​តាម​ចង្វាក់​ស្នេហា​ដ៏​ផ្អែម​ត្រ​ជាក់​។ គន្ធាន់​ រុញ​ច្រមុះ​ទៅ​ថើប​ផែន​ថ្ពល់​នាង​ជា​ថ្មី រួច​ទំលាក់​ដៃ​វាវ​ស្ទាប​អង្អែល​ទ្រូង​នាង​ដែលង​ពើង​ ណែន​ក្ដន់​ហាក់​កំពុង​រង់ចាំ​។ នាង​ហាក់​គាំង​នៅ​ស្ងៀម​ឈឹង បិទ​ភ្នែក​ព្រិម​ៗ​ ស្រែក​ថ្ងូ​តិច​ៗ​យ៉ាង​រាយ​មាយ​​។ អារម្មណ៍​នាង​ហាក់​អណ្ដែត​ទៅ​​ក្នុង​លំហរ​មេឃ​ លំអរ​ដោយ​ផ្ទាំង​ពពក​ស្រកា​នាគ នា​រដូវ​រំហើយ​។ ភ្លើង​តណ្ហា​បាន​ឆេះ​ក្ដៅ​ងំ​ដល់​កំពូល​ ដុត​កំដៅ​យាន​ស្នេហា​ ហោះ​ឆ្លង​ទៅ​កាន់​ភព​មួយ​ថ្មី​ផ្សេង​ទៀត​ គឺ​ស្ថាន​សួគ៌​ខ្ពស់​ផុត​ពី​ស្ថាន​មនុស្ស​លោក​..​.​។ សែន​សុខ​ សែន​សប្បាយ​ កាកី​ភ្លេច​អស់​រលីង​ ភ្លេច​អ្វី​ៗ​នៅ​ជិត​នាង​ នៅ​ឆ្ងាយ​នាង​។​

          ឱ!..នេះ​ហើយ​ឬ ជិវិត​សត្វ​លោក​ដែល​កើត​មក​នៅ​លើ​ផែន​ដី រមែង​មាន​ កើត​ ចាស់ ឈឺ ស្លាប់ មាន​អំពើ​ក្បត់​គ្នា ផិត​សហាយ​ស្មន់​គ្នា ពោល​ ពាក្យ​បោក​ប្រាស់​គ្នា ​ចង​អាឃាត​ព្យា​បាត​គ្នា​គ្មាន​ស្រាក​ស្រាន្ដ​។ ដោយ​សារ​ភ្លើង​ លោភៈ​ ទោសៈ មោហៈ មនុស្ស​ភ្លេច​អស់​នូវ​សច្ច​ធម៌ សុច​រិត​ធម៌ រវាង​គ្នា​នឹង​គ្នា បណ្ដោយ​អោយ​រាគៈ​ តណ្ហា ​ចូល​មក​យាយី​ជិះ​ជាន់​រាង​កាយ​គ្រប់​ទិវា​រាត្រី​។
    រសៀល​ទន់​ទេរ​បន្ដិច​ គន្ធាន់​ឆ្វេង​យល់​ថា​ ដល់​ពេល​ក្រុង​គ្រុឌ​វិល​ត្រលប់​ចូល​មក​ប្រាសាទ​វិញ​ហើយ​ ទើប​ចុះ​ពី​ក្រលា​បន្ទំ​ប្រែ​ក្រលា​ជា​សត្វ ​ស្រមើល​ដ៏​តូច​វិញ ដើម្បី​កុំ​អោយ​ស្ដេច​គ្រុឌ​សង្ស័យ​បាន​...​។