រឿងកាកី

និទានឡើងវិញ
តាមព្រះរាជនិពន្ធ ព្រះបាទអង្គឌួង
**********************************************

៤ -ក្ដៅចិត្ដ

     នៅ​លើ​មេឃ​ពពក​ស​ក្រាស់​ឃ្មិក​ គរ​ដូច​ភ្នំ​បណ្ដែត​ខ្លួន​នឹង​ថ្កល់​ឥត​កំរើក​ ក្នុង​លំហរ​មេឃ​។ រុក្ខ​ជាតិ​នានា​ត្រូវ​កំដៅ​ថ្ងៃ​តាំង​ពី​ព្រឹក​ព្រលឹម​ មាន​ភាព​ស្វិត​ស្រពោត​បន្ដិ​ច​ ហាក់​ដូច​កំពុង​ក្រាប​សំពះ​សុំ​ក្ដី​មេត្ដា​ពី​ព្រះ​ភិរុណ​ ដែល​រីង​រាំង​ស្ងួត​អស់​រយ​កាល​ដ៏យូរ​។ វា​យោបក់​បោក​ទៅ​លើ ស្លឹក​ឈើ​អោយ​ទោ​ទន់​ រេ​ចុះ​រេឡើង​រក​គ្នា ប្រៀប​ដូច​ជា​វត្ថុ​មាន​វិញ្ញាណ​ កំពុង​ប្រ​លោម​ប្រលែង​ស្នេហា​ ដោយ​ក្ដី​សប្បាយ​រីក​រាយ​។ នៅ​ ចង្កេះ​ភ្នំ​ឯ​នោះ ក្រុង​គ្រុឌ​ដែល​បេះ​បាន​ផ្លែ​ផលា​នុផល​ជា​ច្រើន​មុខ​ កំពុង​ម្នី​ម្នា​វេច​ខ្ចប់​ដាក់​សំពាយ​យ៉ាង​រូត​រះ គ្រុឌ​មាន​ទឹក​មុខ​ញញឹម​ញញែម​ សប្បាយ​ក្នុង​ចិត្ដ​ឥត​ឧបមា​ អារម្មណ៍​របស់​គេ បាន​ហើរ​ហោះ​ទៅ​ប្រលោម​ប្រ​លែង​លេង​ ជា​មួយ​កាកី​នៅ​ឯ​វិមាន​ឯ​ណោះ​។​

          បេះ​បាន​ផលានុ​ផល​ទុំ​ៗ ជា​ច្រើន​មុខ​ គ្រុឌ​ប្រមូល​វិច​បាន​មួយ​សំពាយ​ធំ​ ហើយ​ហោះ​ផ្លោង​ទៅ​លើ​អាកាសា​ សំដៅ​សិម្ពលី​ក្រុង​ដែល​ជា​ មណ្ឌល​របស់​ខ្លួន​ ឥត​នឹក​ខ្វល់​ខ្វាយ​អ្វី​សោះ​ឡើយ​។ ក្រុង​គ្រុឌ​ពុំ​បាន​ដឹង​ថា គន្ធាន់ បាន​ចូល​លប​លួច​ប្រលោម​ស្នេហ៍​ជា​មួយ​កាកី​ទេ​ មក​ដល់​ ភ្លាម​ចូល​រក​កែវ​កាកី​ដោយ​ក្ដី​នឹក​រលឹក​ពេក​ពន់ គ្រុឌ​ជ្រើស​យក​ផ្លែ​ឈើ​ទុំ​ល្អ​ៗ បក​អោយ​ភរិយា​បរិ​ភោ​យ៉ាង​ឆ្ងាញ់​ពិសា​។ បរិភោគ​ឆ្អែត​ឆ្អន់ ហើយ​នៅ​លើ​តេន​សយនា គូសា្វ​មី​ភរិយា​ទាំង​ពីរ​នាក់ ប្រលោម​ប្រលែង​ស្នេហ៍​ និយាយ​សាក​សង​គ្នា យ៉ាង​សប្បាយ​សុខ​សាន្ដ​ហាក់​ពុំ​មាន រឿង​អ្វីកើត​ឡើង​ឡើយ​ តាម​បង្អួច​វា​យោ​បក់​មក​តិច​ៗ បបោស​អង្អែល​រាង​កាយ ប្រៀប​ដូច​ជា​សិល្ប៍​មន្ដ​សន្ដំ​ដ៏​មាន​រិទ្ធ​ អោយ​គូស្វា​មីលង់​លក់​ ក្នុង​សេច​ក្ដី​ងោក​ងុយ​ជា​ពន់​ពេក​។

          យប់​ព្រឹក​ៗ បាន​កន្លង​ទៅ​... ថ្ងៃ​ទី​៧ ក៏​ចូល​ខ្លួន​មក​ដល់​ទៀត ក្រុង​គ្រុឌ​ត្រូវ​រៀប​ចំ​ខ្លួន​ប្រាណ​ទៅ​លេង​បាស្ការ​ ជា​មួយ​ព្រះ​បាទ​ព្រហ្ម​ទត្ដ​តាម​ការ​កំណត់​ ក្រុង​គ្រុឌ​ចូល​ទៅ​លា​ ភរិយា​កាកី​ស្រី​សំលាញ់​ ហើយ​ចេញ​មក​សេក​មន្ដ​​ចង​ទ្វារ​ប្រាសាទ​ដូច​រាល់​ៗ​ដង​។ ចំណែក​គន្ធាន់​ដែល​ស្ថិត​ក្នុង​ ភាព​ជា​សត្វ​ស្រមើល​តូច​ជា​ស្រេច​ កាល​បើ​ដឹង​ថា​គ្រុឌ​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​នគរ​ពារាណ​សី​ហើយ ក៏​ចូល​មក​ក្បែរ​ ហើយ​លោត​ទៅ​ទុំ​តោង​​រោម​គ្រុឌ​បាន​យ៉ាង​ងាយ​។ ស្រេច​បាច់​អស់​ហើយ គ្រុឌ​ក៏​ហោះផ្លោះ​មហា​សាគរ​ ចូល​ទៅ​កាន់​ដើម​ជ្រៃ​ ប្រែ​ក្រលា​ជា​ចៅ​មាណព​ដូច​សព្វ​ដ​ង​ ដោយ​មិន​បានដឹង​ថា គន្ធាន់ ​តាម​តោង​ជាប់​មក​ជា​មួយ​នោះ​ឡើយ​។ ចៅ​មាណព​យើង​ប្រញាប់​ប្រញាល់​ដើរ​ចូល​ទៅ​រក​ព្រះ​បាទ​ព្រហ្ម​ទត្ដ​ដោយ​រុះ​រាន់...​។ ព្រះ​មហា​ក្សត្រ​ លុះ​​ទត​ឃើញ​ចៅ​មាណ​ព​មក​ដល់​ហើយ ក៏​ត្រាស់​បង្គាប់​អោយ​រៀប​ចំ​ក្ដារ​បាស្ការ​ ព្រះ​អង្គ​នឹង​ក្រសាល​លេង​ ជា​មួយ​ចៅ​មាណព​យើង​។ ដូច​រាល់​ៗ ដង ការ​ប្រកួត​បាស្ការ​ពុំ​ចាញ់​ពុំ​ឈ្នះ​ទេ។ រសៀន​ទេរ​សុរិយា​ ចៅ​មាណព​ថ្វាយ​បង្គំ​លា​ព្រះ​មហាក្សត្រ​ ត្រលប់​វិល​លំនៅ​ស្ថាន​ខ្លួន​វិញ​ជា​ធម្មតា​...​។

     ក្រុង​គ្រុឌ​ចេញ​ទៅ​បាត់​ភ្លាម គន្ធាន់ ចេញ​មុខ​ចូល​គាល់​ថ្វាយ​បង្គំ​ព្រះ​មហា​ក្សត្រ ព្រះ​អង្គ​ទត​យល់​ឃើញ​គន្ធាន់​មក​ដល់ ត្រេក​អរ​សប្បាយ​ រីក​រាយ​ជា​ពន់​ពេក ទ្រង់​ត្រាស់​សួរ​ទៅ​គន្ធាន់​ថា​៖​

- អើ!.. ម៉េចទៅគន្ធាន់!.. ស្វែងរកកាកី តើយ៉ាងម៉េចហើយ?
គន្ធាន់លើដៃប្រណម្យ ប្រញាប់ឆ្លើយតបទៅព្រះមហាក្សត្រវិញថា៖
- បពិត្រព្រះករុណាអម្ចាស់តំកល់លើត្បូង ខ្ញុំបានជួបអគ្គមហេសីកាកីហើយ
- ជួបនៅឯណា?
- ឯនគរសិម្ពលីឯណោះក្រាបទូល គ្រុឌបានចាប់ពង្រត់ កាកីទៅដូចខ្ញុំករុណាបានគិតទុកនោះមែន
-ថោកទាប ថោកទាប ទាំងស្រីទាំងប្រុសហ្នឹងហើយ
- ប្រុសវាធ្វើរឿងនេះម្ដេចកើត បើស្រីវាមិនអោយដៃនោះ
- មិស្រីចិត្ដងាយ!.. សត្វតិរច្ឆាន វាក៏នៅដឹងថា អ្នកណាជាម្ចាស់វា
គន្ធាន់ដឹង​ថា ព្រះ​មហាក្ស​ត្រ​កំពុង​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង​ នាយ​ធ្វើ​ជា​សំដែង​ទឹក​មុខ​ស្រ​ពោន​ពោល​ដោយ​ស្រងូត​ស្រងាត់​ថា៖​
     - ករុណា​ម្ចាស់ ទូល​បង្គំ​បាន​ក្លែង​ខ្លួន​ជា​សត្វ​ស្រមើល​តូច​ ហើយ​តោង​រោម​គ្រុឌ​ ហោះ​រំលង​សមុទ្រ​សា​គរ​ទៅ​ដល់​ន​គរ​សិម្ពលី​ ពេល​គ្រុឌ​មិន​នៅ​ ចេញ​ទៅ​រក​អាហារ​ ទូល​បង្គំ​ក៏​ប្រែ​ជា​ធម្មតា​វិញ​ កាកី​បាន​ឃើញ​ទូល​បង្គំ​ មាន​​ភ្ញាក់​ផ្អើល​ណាស់​​ប្រញាប់​សួរ​មក​ទូល​បង្គំ​ ទូល​បង្គំ​ធ្វើ​ជា​និយាយ​រឿង​ផ្សេង​វិញ​ដោ​យ​គិត​ចង់​ដឹង​ថា​ តើ​កាកី​នៅ​មាន​ចិត្ដ​ស្មោះ​ស្ម័គ្រ​ស្រលាញ់​ព្រួយ​បារម្ភ​ពី​ព្រះអង្គ​ឬ​ទេ​? ទូល​បង្គំ​បាន​ធ្វើ​ជា​និយាយ​ស្និត​ស្នាល​ នឹង នាង​កាកី​ពេញ​ចិត្ដ​ណាស់ ចូល​មក​ជិត​ទូល​បង្គំ​ ធ្វើ​កល​មាយា​ម្ញិក​ម្ញក់​ ដូច​ជា​គ្មាន​ទុក្ខ​សោក​អ្វី​សោះ​ឡើយ​។ ខ្ញុំ​ករុណា​នឹក​ក្នុង​ចិត្ដ​ថា​ ឱ​នេះ​ហើយ​ចិត្ដ​ស្រី ចិត្ដ​ស្រី​ដ៏​រាយ​មាឃ​ផិត​ក្បត់​គ្រប់​គ្រា ​ចិត្ដ​ស្រី​ដែល​មិន​ចេះ​ឆ្អែត​ឆ្អន់​ នឹង​កាម​តណ្ហា​ រួម​រក្ស​ស្នេហា​ជា​មួយ​ប្ដី​ផង​ សហាយ​ផង​យ៉ាង​នេះ​ ឱ​ចិត្ដ​ស្រី​មិន​ដែល​ស្កប់​សោះ​ឡើយ អញ្ចឹង​ហើយ​បាន​ជា​សុខ​ចិត្ដ​អោយ​គ្រុឌ​វា​អោប បី​មក​បាន​។ ពិត​មែន​ហើយ​ ស្នេហា​មិន​ដែល​យោ​គ​យល់​អ្នក​ណា​ឡើយ​ វា​ជា​រឿង​មិន​អាច​បញ្ជា​បាន​មែន តែ​តាំង​ពី​បរុម​បូរាណ​មក មិន​ដែល​មាន​ស្រី​ណា​ដូច​នេះ​ទេ ឃើញ​ដូច្នេះ​ហើយ​ ទើប​ទូល​បង្គំ​ហ៊ាន​ពោល​ពាក្យ​លែប​ខាយ​បែប​ស្នេហា​តប​ទៅ​នាង​វិញ​ ដោយ​ពុំ​បាន​ទូល​ព្រះ​អង្គ​ជា​មុន​។​
    - អត់អី​ទេ​គន្ធាន់... ឯង​កុំ​ភ័យ​ព្រួយ​បារម្ភ​អី អញ​មិន​ប្រកាន់​ទោស​ឯង​ទេ មី​ស្រី​កាឡ​កិណី​ មេ​ស្រី​ចិត្ដ​ងាយ​ដូច​នេះ​ ទៅ​យំ​សោក​ស្ដាយ​ និង រាប់​រក​អណិត​ស្រលាញ់​វា​ទៀត​ធ្វើ​អី​។ ឯង​ធ្វើ​អោយ​ខ្លាំង​ជាង​នេះ​ទៀត​ក៏​បាន​ដែរ​។ ឥឡូវ​ កុំ​អោយ​វា​រស់​នៅ​ដោយ​សុខ​សប្បាយ​ យើង​ត្រូវ​នាំ​គ្នា​រក​ឧបា​យ​ក​ល​យ៉ាង​ណា នឹង យក​វា​ត្រលប់​មក​វិញ​អោយ​បាន ដើម្បី​ប្រកាស​អោយ​វា​ខ្មាស​ស្រីៗ​ផង​គ្នា អំពី​អំពើ​ព្រៃ​ផ្សៃ ផិត​ក្បត់ ប្រ​ព្រឹត្ដ​ខុស​ទំនៀប​ទំលាប់របស់​វា​។​
គន្ធាន់ញញឹមលាក់ក្នុងចិត្ដ ទូលទៅព្រះមហាក្សត្រវិញថា៖
    - កុំទាន់​អាល​ក្ដៅ​ព្រះ​ទ័យ​ខ្លាំង​ពេក​អី​ ទូល​បង្គំ​គិត​ថា រង់​ចាំ​៧​ថ្ងៃទៀត​សិន គ្រុឌ​វា​នឹង​មក​លេង​បាស្ការ​ ជា​មួយ​នឹង​ព្រះ​អង្គ ទូល​បង្គំ នឹង យក​ពិណ​មក​ដេញ​ច្រៀង​រៀប​រាប់​អំពី​សេច​ក្ដី​ស្នេហា​ ដែល​ទូល​បង្គំ​បាន​ប្រលោម​ប្រលែង​ដោយ​ក្ដី​ស្រើប​ស្រាល​ជា​មួយ​កាកី​ ទូល​បង្គំ​ជឿជាក់​ថា​ គ្រុឌ​វា​ពិត​ជា​មិន​ទ្រាំ​ធ្មេច​ភ្នែក​ស្រលាញ់​កាកីទៀត​ទេ​ វា​នឹង​នាំ​នាង​ត្រលប់​មក​វិញ​ដោយ​ក្ដី​ក្ដៅ​ក្រហាយ​ក្នុង​ចិត្ដ​មិន​ខាន​។​
ព្រះ​បាទ​ព្រហ្ម​ទត្ដញញឹម​ចុង​មាត់ សំដែង​ការ​ពេញ​ព្រះ​ទ័យ​យ៉ាង​ខ្លាំង​ហើយ​មាន​បន្ទូល​ថា​៖
- ពិត​មែន​ហើយ​គន្ធាន់​ ឯង​ពិត​ជា​ចេះ​ត្រិះរិះត្រូវ​ទំនង​ល្អ​មែន​ បើ​បាន​សំរេច​អញ្ចឹង​មែន យើង​សប្បយ​រីក​រាយ​ណាស់​

     យប់​ថ្ងៃ បាន​កន្លង​ទៅ យ៉ាង​ឆាប់​រហ័ស ដូច​ព្រះ​រាម​ថ្លែង​ស​ ព្រះ​ទិន្ន​ករ​ស្ថិត​នៅ​ឯ​ទិស​បូព៌ យាង​មក​បំភ្លឺ​លោក អោយ​បាត់​អស់​នូវ​ភាព​ងងឹត​​អន្ធ​កាល​ ដែល​ចូល​មក​បិទ​បាំង​អស់​កាល​មួយ​យប់​មក​ហើយ​ តាម​ផ្លូវ​មនុស្ស​ម្នា​ត្រាច់​ចរ​ទៅ​មក​ ឈូ​ឆរ​ឥត​ឈប់​ឈរ​។ នៅ​ទី​ធ្លា​សាលា​រៀន​ សិស្សា​នុសិស្ស​តំរង់​ជួរ ស្រែក​ច្រៀង​គំនាប់​ទង់​ជាតិ​នាព្រឹក​ព្រលឹម​។ ព្រហាម​ថ្ងៃ​ទី​៧ ដែល​ជា​ថ្ងៃ​កំណត់​លេង​បាស្ការ ជា​មួយ​ព្រះ​បាទ​ព្រហ្ម​ទត្ដ​ បាន​ចូល​ទៅ​ដាស់​ក្រុង​គ្រុឌ​អោយ​ងើប​ពី​ក្រលា​បន្ទំ​ដ៏​សែន​ងុយ​ងោក​។ កាកី​ស្ថិត​ក្នុង​រង្វង់​ដៃ សំដែង​កល​មាយា​ម្ញិក​ម្ញក់ មិន​អោយ​គ្រុឌ​សង្ស័យ​ពី​ហេតុ​ការណ៍​ថ្មី​ៗ ដែល​កើត​ឡើង​ជុំ​វិញ​ខ្លួន​នាង​ឡើយ​ នាង​ញញឹម​ពោល​ថា​៖​។

- ព្រឹកនេះអាកាសធាតុល្អដល់ហើយ
- ឃើញអូនញញឹម បងសប្បាយចិត្ដណាស់
- អីចឹងអូនញញឹមអោយញឹកញាប់
- អូនដឹងទេ!.. បងនឹកដល់ស្នាមញញឹមដែលមើលទៅស្រស់ស្អាតបែបនេះ ខ្លាំងដល់កំរិតណា
- អីចឹងបញ្ជាក់ថា ដែលកន្លងមកនេះមុខអូនក្រញូវណាស់មែនទេ?
- អត់ទេ គ្រាន់តែមើលទៅមិនស្រស់ស្រាយប៉ុណ្ណោះ
- កុំខ្វល់​ខ្វាយ​អី ទោះ​ជា​មាន​អ្វី​មិន​អោយ​សប្បាយ​ចិត្ដ​ខ្លះ​មែន ប៉ុន្ដែ​ការ​ដែល​បា​ននៅ​ ជា​មួយ​បង​ គឺ​ជា​សេច​ក្ដី​សុខ​របស់​អូន​ហើយ​ អូន​ស្រលាញ់​បង​ណាស់​
- បងក៏ស្រលាញ់អូន

     មួយ​ស្របក់​ក្រោយ​មក​ គេ​ឃើញ​គ្រុឌ​ចេញ​មក​ក្រៅ​ សេក​មន្ដ​វិជ្ជា​​បិទ​ទ្វារ​ប្រាសាទ​ រួច​ក៏​ស្ទុះ​ហោះ​យ៉ាង​លឿន​ទៅ​លើ​អាកាសា ឆ្លង​មហា​សាគរ​ ឆ្ពោះ​សំ​ដៅ​ទៅន​គរ​ពារាណ​សី​ដោយ​ពុំ​មាន​ក្ដី​ខ្វល់​ខ្វាយ​ថា មាន​សត្រូវ​ឯ​ណា​ចូល​យាយី​រំខាន​ចិត្ដ​សោះ​ឡើយ​។ មិន​យូរ​ប៉ុន្មាន​ គ្រុឌ​ហោះ​ មក​ដល់​មណ្ឌល​ដើម​ជ្រៃ​ ហើយ​ចូល​ទៅ​ប្រាណ​ប្រែ​ក្រលា​ ជា​កំលោះ​ដូច​សព្វ​ៗ​ដង​ ហើយ​ម្នី​ម្នា​ដើរ​ចូល​ទៅ​ព្រះ​បរម​រាជ​វាំង​ព្រះ​បាទព្រហ្ម​ទត្ដ​ ដោយ​រួស​រាន់​។
     ឃើញ​អ្នក​កំលោះ​មក​ដល់​ ព្រះ​មហា​ក្សត្រ​នឹក​ឆួល​ក្ដៅ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង ព្រះ​អង្គ​ទ្រង់​ទប់​ព្រះ​រាជហរិ​ទ័យ​កុំ​អោយ​ញាប់​ញ័រ​ខ្លាំង​ពេក​ ទើប​ទ្រង់​ត្រាស់​បញ្ជា​អោយ​គេ​រៀប​ចំ​ក្ដារ​ ដើម្បី​ក្រសាល​កំសាន្ដ​ជា​មួយ​កំលោះ​យើង​។ ព្រះ​អង្គ​ទ្រង់​ទត​ចំ​ទៅ​គន្ធាន់​ អោយ​សញ្ញា​ប្រាប់​ថា ពេល​វេលា​ល្អ​បាន​ឈាន​ចូល​មក​ដល់​ហើយ​។ គ្រុឌ​ញញឹម​សំលឹង​ទៅ​គន្ធាន់​ រួច​បង្ហើរ​សំដី​បែប​ចុង​មាត់​ចុង​កថា​៖​

- សួស្ដីអ្នកចំរៀង
- អូ!.. បាទសួស្ដីអ្នកកំលោះ។ គន្ធាន់ញញឹមស្ងួតឆ្លើយតបវិញ
-បើចង់ដេញភ្លេង សូមជ្រើសបទណាដែលស្ដាប់ហើយពីរោះ ស្រស់ស្រាយផងបានទេ
- ពិណមួយនេះមានសំលេងសោកសៅ តើអាចដេញពីរោះយ៉ាងម៉េចបានទៅ
- ខ្លួនដេញបណ្ដើរគិតរឿងសប្បាយចិត្ដបណ្ដើរទៅ
ពេលនោះព្រះបាទ​ព្រហ្ម​ទត្ដ​ញញឹម​ស្រស់ សំលឹង​អោយ​សញ្ញា​ទៅ​គន្ធាន់​ជា​មួយ​ព្រះ​បន្ទូល​និយាយ​ថា​
- អើ!.. អីចឹងគិតលេងភ្លេងបទថ្មី ដែលខ្លួនធ្លាប់ចេះ ខ្លួន​ធ្លាប់ដឹងនោះមកបានហើយ
- ក្រាបទូល អីចឹង ខ្ញុំនឹងដេញច្រៀងបទភ្លេង អោយពីរោះទៅចុះ
ពេល​នោះ ល្បែង​បាស្ការ​ រវាង​គ្រុឌ និង ព្រះ​បាទ​ព្រហ្ម​ទត្ដ ក៏​ចាប់​ផ្ដើម​បើក​ឆាក​ប្រ​កួត ឯ​គន្ធាន់​ ក៏​រៀប​ចំ​ដេញ​ពិណ អម​ដោយ​បទ​ចំរៀង​លែប​ខាយ ប្ដឺ​ផ្ដង​យ៉ាង​មាន​ន័យ​ដូចត​ទៅ​៖

     អស់​ឱ​ព្រះ​ពាយ រំភើយ​រំភាយ ផាត់​ក្លិន​គន្ធា រស​រូប​ក្លិន​ស្រី កាកី​ស្ងួន​ភ្ងា បង​ចាំ​ជាក់​ជា ក្លិន​ប្អូន​មិញ​ទេ។ ឱ​ក្លិន​កាកី មិន​ដូច​អស់​ស្រី នឹង​ស្រី​អស់​គេ រែង​តែ​អប់​អស់ គន្ធ​រស​វិលេបន៍(១) កាកី​មាស​មេ​ក្រអូប​អង្គ​ឯង​។ ឱ​ក្លិន​កាកី​ ត្រកាល​កល​អ្វី ពិដោរ​ល្វើយ​ល្វែង​ ដិត​ដោយ​អង្គា​ កាល​គ្រា​រៀម​រែង ប្រលោម​ប្រលែង​ ព្រ​លឹង​ប្អូន​តន់​។​ ឱស្ថាន​សម្ពលី​ ជា​សុខ​ឥត​បី ឥត​បើ​មាន​ម- ន្ទិល​ទល់​​តែ​បាត់​ លះ​លាក​តំបន់​ ប្អូន​អើយ​បង​គន់​ បង​គិត​ដល់​ស្រី​។ ប្រាស​ប្រាំ​ពីរ​ថ្ងៃ បាត់​ក្លិន​ប្អូន​ថ្លៃ ថ្ងៃ​នេះ​ហេតុ​អ្វី​ ពិដោរ​ក្លិន​ខ្លួន​ ប្អូន​ស្ងួន​ពិសី ដោយ​គេ​បេតី​ តន់​តូច​ពុំងា​។ ទើប​ជាប់​ក្លិន​មេ ក្លិន​ដិត​ដោយ​គេ ឈ្ងុយ​ឈ្ងុប​មហិមា​ ឱ​ក្លិន​សម​ស្រី កាកី​កល្យា​- ណី​នៅ​កំព្រា​ ត្រមោច​ម្នាក់​ឯង​។  (១) វិលេបន = គ្រឿងក្រអូបសំរាប់លាប

     គ្រុឌ​ស្ដាប់​គន្ធាន់​ស្រែក​ច្រៀង​រៀប​រាប់ អំពី​កាល​ដែល​បាន​នែ​ប​និត​ស្នេហា​ជា​មួយ​កាកី​ ជា​ស្រី​កល្យា​ណី​របស់​ខ្លួន​ដូច្នេះ​ ប្រៀប​ដូច​ជា​គេ យក​ភ្លើង​មក​ដុត​ចំ​កណ្ដាល​ដើម​ទ្រូង អោយ​ពើត​ដៅ​ផ្សា​រក​ទី​បំផុត​គ្មាន គ្រុឌ​ខឹង​ខ្លាំង​ណាស់ តែ​ដើម្បី​ការ​សំងាត់​កុំ​អោយ​គេ​ដឹង​បាន​គ្រុឌ​ខំ​អត់ សង្កត់​ចិត្ដ​ ធ្វើ​ហាក់​ដូច​ជា​មិន​ដឹង​រឿង​អ្វី​។ តែ​គន្ធាន់​ លុះ​មើល​ឃើញ​ថា​ ក្រុង​គ្រុឌ​កំពុង​ផ្ទុះ​កំហឹង​ស្ទើរ​វង្វេង​បាត់​ស្មារតី​ទៅ​ហើយ​នោះ​ ក៏​ស្រែក​ ច្រៀង​លែប​ខាយ​បន្ដ​ទៀត​ថា​៖​

     ឯ​គន្ធាន់​សោត​ ដឹង​ដើម​គ្រុឌ​ក្រោធ រែង​រិត​ចាប៉ី​ ផ្សំ​ស័ព្ទ​សូ​សៀង ច្រូច​ច្រៀង​ស្រដី​ ថា​អោយ​ស្រស់​ស្រី កែវ​កនិដ្ឋា​។ ម៉្លេះ​សម​នាង​នឹក​ នាង​នឹក​សន្ធឹក​ សន្ធៃ​ផ្សាយ​ផ្សា​ បើ​បាន​បង​នៅ ថ្នម​ពៅ​អោយ​ជា សោះ​ប្អូន​រងា រំងាប់​ចិត្ដ​ចៅ។ ស្ដាយ​អើយ​មក​ប្រាស​ ព្រាត់​វរ​មិត្ដ​មាស​ ពុំ​បាន​នែប​នៅ ថ្នាក់​ថ្នម​ផ្ដេក​ផ្ដិត ក្នុង​ចិត្ដ​ចង់​ទៅ ទៀត​តាម​ថ្នម​ពៅ នៅ​ស្ថាន​សិម្ព​លី​។

     ក្រុង​គ្រុឌ​រិត​តែ​ខឹង​ខ្លាំង​ឡើង​ នៅ​ពេល​ដែល​ស្ដាប់​លឺ​គន្ធាន់ ស្រែក​ច្រៀង​រាល​ដាល​ដល់​ទី​ស្ថាន​សិម្ពលី របស់​ខ្លួន​។ ក្ដួល​ក្ដៅ​ក្នុង​ឱរ៉ា​ទ្រាំ​លែង​បាន គ្រុឌ​ធ្មេច​ភ្នែក​ប្រមូល​អារម្មណ៍​ សំរួល​ឥរិ​យា​បទ​ឡើង​វិញ ហើយ​សួរ​ទៅ​គន្ធាន់​ទាំង​ក្ដី​មួរ​ហ្មង​ក្នុង​ចិត្ដ​ថា​៖​

- នែ៎អ្នកចំរៀង ខ្លួនធ្លាប់ទៅក្រុងសម្ពលីឬអី?
គន្ធាន់សើចញញឹមបន្ដិច តបគ្រុឌវិញបែបចំអកថា៖
- បាទ!..ធ្លាប់ទៅ
ទៅ​យ៉ាង​ម៉េច​? ក្រុង​សម្ពលី​ជា​ទី​ស្ថាន​របស់​ស្ដេច​គ្រុឌ ស្ថិត​នៅ​លើ​ភ្នំ​សត្ដ​បរិ​ភ័ណ្ឌ​ឆ្ងាយ​សែន​ឆ្ងាយ ហើយ​ទី​នោះ​ព័ទ្ធ​ទៅ​ដោយ​ដង​ភ្នំ​ដ៏​ក្រាស់​ឈ្មោះ​សត្ដ​សី​ទន្ដរ​ មាន​ទ្វីប​ប្រាំ​ពីរ​ជាន់ ខ័ណ្ឌ​ទៅ​ដោយ​សមុទ្រ​មហា​សាគរ​ ដ៏​ធំ​ធេង​ពេក​ក្រៃ នៅ​ក្នុង​សមុទ្រ​មាន​ទាំង​មច្ឆា កុម្ភា​ នាគ​កាច​សាហាវ​ពេក​កន្លង​ បើ​មនុស្ស​សត្វ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​នោះ​ គេ​មិន​អាច​មាន​ជីវិត​រស់​នៅ​បាន​ទេ​។ មាន​តែ​ក្រុង​គ្រុឌ​ទេ​ ដែល​អាច​ហោះ​ផ្លោះ​រំ​លង​អស់​គិរី​បុព្វ​តា មហា​សមុទ្រ​ទាំង​នេះ ចូល​ទៅ​កាន់​វិមាន​ទិព្វ នា​ទីស្ថាន​សិម្ពលី​នោះ​បាន​។
- ពិតមែនហើយ មានតែគ្រុឌទេទើបទៅដល់
- អីចឹង អ្នកឯងគ្រាន់តែច្រៀងតាមរឿងព្រេងនិទាន ឬល្បើកកំណាព្យតាក់តែងមកទេរឺអី?
- អត់ទេ យើងជិះគ្រុឌទៅ
- ជិះយ៉ាងម៉េច?
   - មិន​ពិបាក​ទេ ខ្ញុំ​ចូល​សំងំ​ជ្រក​ក្នុង​រោម​គ្រុឌ​បាន​យ៉ាង​ស្រួល​។ ទៅ​ដល់​ក្រុង​សម្ពី ពេល​គ្រុឌ​មិន​នៅ យើង​ក៏​ចេញ​មក យើង​បាន​ជួប​​កាកី ហើយ​បាន​រួម​រក្ស​ជា​មួយ​នាង​យ៉ាង​សុខ​ក្សេម​ក្សាន្ដ​
   មក​ដល់​ត្រង់​នេះ គន្ធាន់​លេប​ទឹក​មាត់​មួយ​ក្ដិក​ សំលឹង​មើល​ទៅ​អ្នក​កំលោះ​ ដ៏​ពោរ​ពេញ​ដោយ​ក្ដី​ក្រោធ​ក្ដៅ​ពេញ​សព្វ​សាច់​ រួច​អធិប្បាយ​បញ្ឈឺ​ចិត្ដ​គ្រុឌ​បន្ថែម​ទៀត​ថា​៖​
   - ឱមួយ​អាទិត្យ​ហើយ​!..​ ដែល​ខ្ញុំ​បាន​ជួប​ស្រី​។ ខ្ញុំ​ថើប​ថ្ពល់​នាង ក្លិន​នាង​ក្រអូប​ពេញ​នាសា​។ ឱ​នាង​ល្អ​ដល់​ហើយ​!..​ ខ្ញុំ​នឹក​នាង​ណាស់​ នឹក​ដល់​គ្រា​ដែល​ខ្ញុំ​ថ្នាក់​ថ្នម​ប្រលោម​ស្នេហ៍​។ ខ្ញុំ​ឱន​ថើប​ទ្រូង​នាង ហើយ​ថើប​ថ្នម​ៗ​លើ​បុប្ផា​ទាំង​គូ​របស់​នាង​ រួច​បង្អូស​តិច​ៗ​សព្វ​ទិស​ទី​ ចុះ​ក្រោម​រហូត​ដល់​បឹង​ស្មៅ​វាល​ត្រែង​ ដែល​មាន​ទឹក​ហូរ​រិញ​ៗ​ចុះ​មក​ ដែល​ធ្វើ​អោយ​ខ្ញុំ​វង្វេង​វង្វន់​ ហាក់​អណ្ដែត​ក្នុង​ពពក​។ ឱ​ពេល​នោះ កាយ​ដ៏​ស្រ​ទន់​ល្អ​ល្អះ​របស់​នាង​ រមួល​ក្រលែង​ចុះ​ឡើង​តិច​ៗ​ ទៅ​តាម​ចង្វាក់​ថើប​របស់​ខ្ញុំ​ នាង​ស្រវា​អោប​ខ្ញុំ​យ៉ាង​ណែន​ ខ្ញុំ​អោប​នាង​វិញ​ យើង​ទាំង​ពីរ​ស្ទើរ​ភ្លាំង​ភ្លឹក​អស់​ស្មារតី​។ មួយ​វិនា​ទី​ចុង​ក្រោយ​ កាយ​យើង​ទាំង​ពីរ​ ហាក់​រលាយ​ចូល​គ្នា នាង​គ្រវី​ក្បាល​ពី​ម្ខាង​ទៅ​ម្ខាង នាង​ថ្ងូរ​តិច​ៗ​ កាយ​នាង​ខាង​ក្រោម​គ្រ​លែង​ស្ទើរ​បាត់​លំ​នឹង​។

     ដូច​​គេ​យក​កាំ​បិត​មក​ចាក់​ឆ្កៀល​ក្នុង​បេះ​ដូង​ អោយ​ពើត​ឈឺ​ផ្សា​សព្វ​អស់​អង្គ​ប្រាណ​។ គ្រុឌ​អង្គុយ​លេង​បាស្ការ​ ក្នុង​ចិត្ដ​ស្រយុត​ស្រយុង​ អារម្មណ៍​រាយ​មាយ​ហោះ​ហើរ​ឆ្ងាយ​បាត់​ពី​ខ្លួន​។ គ្រុឌ​នឹក​ខឹង​ផង​ ស្ដាយ​ផង នឹក​ស្ដាយ​ក្លិន​ខ្លួន​ស្រី​ដែល​ក្រអូប​ជាប់​នាសា​ នឹក​ស្ដាយ​ចិត្ដ​ដែល​​ស្រលាញ់​នាង​យ៉ាង​ពេញ​ឱរ៉ា​។ គ្រុឌ​នឹក​ខឹង​ ខឹង​ព្រោះ​ខ្លួន​ឯង​ខ្លៅ​ ទៅ​ចាញ់​កល​គេ​ គេ​តាម​ទៅ​លួច​ស្នេហា​ជា​មួយ​ប្រពន្ធ​ហើយ​ គេ​យក​មក​ចំអក​បញ្ឈឺ​ចិត្ដ​អែង​ទៀត​។

     គ្រុឌ​នឹក​ក្នុង​ចិត្ដ​ថា ឱ​នេះ​ហើយ​ការ​ប្រមាថ​ ការ​ផិត​ក្បត់​គ្នា ព្រោះ​មនុស្ស​យើង​ចេះ​តែ​ពុល ​ចេះ​តែ​ស្រ​វឹង​សេច​ក្ដី​សប្បាយ​ ហើយ​ខំ​ស្ទុះ​ស្ទារ ស្វែង​រក​របស់​ស្នង​ របស់​ត្រូវ​ការ​យក​មក​​បំរើ​ចំណង់​ខ្លួន​ម្នាក់​ៗ​ ដោយ​គ្មាន​ខ្ចី ​រវល់​ដល់​សេ​ច​ក្ដី​ទុក្ខ​ព្រួយ​ ខ្វះ​ខាត​របស់​អ្នក​ដទៃ​ គ្មាន​គំនិត​ព្រហ្ម​វិហារ​ គ្មាន​សច្ច​ គ្មាន​សម្ប​ជញ្ញ​នៃ​មនុស្ស​ជាតិ​ នោះ​ចំណង់​របស់​គេ​វា​រិត​តែ​គ្មាន​ចេះ​ចប់ គ្មាន​ចេះ​ល្មម​ ទី​បំផុត​ អ្នក​បំ​រើ​សេច​ក្ដី​សប្បាយ​ គឺ​ តណ្ហា​របស់​ខ្លួន​ វា​មិន​ត្រឹម​តែ​សប្បាយ​ខ្លួន​ឯង​ ភ្លេច​ទុក្ខ​ព្រួយ​អ្នក​ដទៃ​ប៉ុណ្ណឹង​ទេ​ គឺ​វា​បញ្ជា​អោយ​ប្រព្រឹត្ដ​នូវ​ទង្វើ​ជិះ​ជាន់​បៀត​បៀន​អ្នក​ដទៃ​ ដើម្បី​សេច​ក្ដី​សប្បាយ​របស់​ខ្លួន​។​

     ឱ!. អញ​នេះ​មិន​គួរ​មក​បាត់​បង់​កេរ្ដិ៍​ បាត់​បង់​មិត្ដ​សំលាញ់​ព្រោះ​តែ​ស្រី​នេះ​សោះ​។ តាម​ទ្រិស្ដី​របស់​ព្រះ​ អំពើ​ផិត​ក្បត់​លួច​លាក់​សហាយ​ស្មន់​​គ្នា ជា​បាប​ធម៌​ម្យ៉ាង​ ដែល​ជន​អ្នក​ប្រ​ព្រឹត្ដ​ ធ្លាក់​នរក​ឡើង​ដើម​រកា​ដែក​ និរយ​បាល​នរ​ក​​ ត្រូវ​យម​បាល​កាប់​ចាក់​ដោត​ ឆ្កែ​ខាំ ត្មាត​ចោះ​សោយ​សោក​វេទនា​ឈឺ​ចុក​ចាប់​យ៉ាង​ទារុណ។ ឱ! ស្រី​ទាំង​អស់​ជា​ភេទ​អប្ប​លក្ខណ៍​ អាក្រក់​រក​គ្មាន​ ភេទ​មោហៈ​នេះ​ជា​ភេទ​ស្រើប​ស្រាល នឹង​កាម​រាគ ចិត្ដ​មិន​ធ្ងន់​ មិន​ចេះ​អត់ មិន​ស្គាល់​ខុស​ត្រូវ​ អាក្រក់​ល្អ​ស្រេក​ឃ្លាន​ នឹង​កាម​គុណ ​ឃ្លាន​! ឃ្លាន​!...ណាស់ ឃ្លាន​រហូត​ទៅ​ក្បត់​។ ឱ​!. មិនមែន​ទេ​!.. រឿង​របស់​មនុស្ស​មាន​ស្រលាញ់​ មាន​ក្បត់​មាន​ផិត​គ្នា​ជា​ធម្មតា​....។ គ្រុឌ​ប្រមូល​អារម្មណ៍​អោយ​ស្ថិត​នឹង​នរ និយាយ​ទៅ​កាន់​គន្ធាន់​ថា​៖​

     - អើ!.. អ្នក​ចំរៀងអ្នក​មាន​ប្រាជ្ញា​វៃ​ឆ្លាត​ណាស់​ ថែម​ទាំង​ចេះ​ផ្សំ​សូរ​សៀង​ ដោយ​ប​ទ​កំនាព្យ​យ៉ាង​ពីរោះ​ជក់​ចិត្ដ​ទៀត​ផង​។
ថា​តែ​ប៉ុណ្ណោះ​គ្រុឌ​ក៏​ក្រាប​ថ្វាយ​បង្គំ​លា​ព្រះ​មហា​ក្សត្រ ត្រលប់​ទៅ​លំនៅ​ស្ថាន​វិញ ដោយ​ក្ដី​សោក​សៅ​ក្ដៅ​​ចិត្ដ​យ៉ាង​ក្រៃ​លែង​។