រឿងកាកី

និទានឡើងវិញ
តាមព្រះរាជនិពន្ធ ព្រះបាទអង្គឌួង
**********************************************

៥ -ទោសស្នេហា

          រសៀល​ជ្រៀង​ជ្រេ ព្រះ​សុរិ​យា​បន្ទាប​ខ្លួន​គង​ជើង​មេឃ​នៅ​ឯ​មាត់​ព្រៃ​ ពពក​ពណ៌​មាស​ នៅ​ត្រង់​នោះ​បន្ដិច​ត្រង់​នេះ​ ចែង​ចាំង​នឹង​​ពន្លឺ​ព្រះ​​សុរិយា​ហៀប​អស់​ស្ដង់​គត់​ ឃើញ​ដូច​អណ្ដាត​ភ្លើង​កំពុង​ឆាប​ឆេះ​ត្រង់​នេះ​ម្ដុំ ត្រង់​នោះ​ម្ដុំ​នៅ​ឯ​នាយ​ឆ្ងាយ​។ មេឃ​ស្រកា​នាគ​​ សំដែង​អំពី​ទុក្ខ​ កង្វល់​ខ្វល់​ខ្វាយ​ នៅ​ពេល​ដែល​ទ្វីប​លោក​ នឹង ត្រូវ​ឆេះ​កល្ប​ គឺ​នៅ​ពេល​នោះ​ហើយ​ ដែល​សត្វ​លោក​គ្រប់​រូប​ត្រូវ​រលត់​ខន្ធ​រលាយ​រូប​ ផុត​ចាគ​អស់​ទុក្ខ​ទាំង​ពួង​។ នៅ​ក្បែរ​មាត់​ព្រៃ​ ចៅ​មាណព​គ្រុឌ​ ដែល​កំពុង​កើត​ទុក្ខ​សោក​សៅ​ក្រេវ​ក្រោធ​ ដូច​ភ្លើង​អគ្គី​ឋាន​នរក​ដុត​ឆេះ​ក្នុង​ឱរា​ បាន​ដើរ​មក​ដល់​ដើម​ជ្រៃ​ ដ៏​មាន​បែក​មែក​សាខា​ត្រឈឹង​ត្រឈៃ​ ហើយ​សេក​មន្ដ​ប្រែ​ក្រលា​ជា​គ្រុឌ​វិញ​ ស្ទុះ​ហោះ​ឆ្លង​គិរី​បុព្វ​តាម​ហាសា​គរ​ត្រលប់​ ទៅ​កាន់​សិម្ព​លី​ទាំង​ក្ដី​ហ្មង​សៅ​ក្នុង​ចិត្ដ​រក​អ្វី​ប្រៀប​ពុំ​បាន​។ ទៅ​ដល់​ក្រុង​សិម្ព​លី ​គ្រុឌ​បើក​ទ្វារ​ប្រា​សាទ ហើយ​ចូល​ទៅ​ កាកី​ចេញ​មក​ទទួល​រាក់ទាក់​ អោប​កៀក​ទៅ​គង់​លើ​អាសនៈ​ ដោយ​ក្ដី​រីក​រាយ​ នាង​ញញឹម​និយាយ​ទៅកាន់​គ្រុឌ​ថា​៖​

- អូនរង់ចាំម្ចាស់បងតាំងពេលរសៀលមក
គ្រុឌសំដែងទឹកមុខមាំ ស្ងៀមមួយសន្ទុះទើបតបថា
- កុំចាំបងអី
- ម្ចាស់បងមើល!... យប់នេះព្រះចន្ទស្អាតខ្លាំងណាស់។
- អូន​ដឹង​ទេ​ថា​ ជីវិតមនុស្សយើង​នេះ​ ដូចព្រះអាទិត្យអញ្ចឹង ថ្ងៃនេះលិច ស្អែកក៏រះឡើងវិញ
- ព្រះពរ អូនបិទភ្នែកអោយលក់ តែមិនលក់សោះសូម្បីមួយនាទី។
- ហេតុអ្វីក៏មិនលក់
- ខ្ញុំម្ចាស់ខ្លាច
- ខ្លាចអ្វីទៅ
- ខ្លាចម្ចាស់បង ឃើញអ្នកផ្សេងល្អជាងអូន ស្រលាញ់អ្នកផ្សេងខ្លាំងជាងខ្ញុំម្ចាស់
គ្រុឌខាំធ្មេញ នឹកខ្នាញ់សំដីមាយារបស់កាកីជាខ្លាំង សង្កត់ចិត្ដនិយាយដោយស្រួលបន្ដទៀតថា
- ថ្ងៃនេះបងចុករោយពេញទាំងខ្លួនហើយ ច្របាច់អោយបងបានទេ?
- បានព្រះពរ
- បន្ដោងពេជ្រមួយនេះស្អាតដល់ហើយ។ គ្រុឌពោលដោយយកដៃអង្អែលបន្ដោងពេជ្រនៅលើ កកាកី។
- ម្ចាស់​បង​ប្រទាន​អោយ​ខ្ញុំ​ម្ចាស់​ តាំង​ពី​ថ្ងៃ​មក​ដល់​នោះ​អី​ តែ​ខ្ញុំ​ម្ចាស់​នៅ​តែ​រង់​ចាំ ថា​ម្ចាស់​បង នឹង ធ្វើ​អ្វី​អោយ​ខ្ញុំ​ម្ចាស់​​​ទៀ​ត ខ្ញុំ​ម្ចាស់​ កំពុង​តែ​រង់​ចាំ​
- ២២​រាត្រី​ហើយ​ តាំង​ពី​អូន​មក​នៅ​ទី​នេះ អូន​មិន​បាន​ជួប​នែប​និត​ នឹង នរ​ណា​ម្នាក់​ទេ​ឬ​អី​?
កាកីធ្លាក់ទឹកមុខ ស្រៀវក្នុងពោះខ្ញាក​ៗ ធ្វើ​ជា​ញញឹម​ឆ្លើយ​តប​វិញ​ថា​៖
- ព្រះពរ!.. អត់ទេ!..
- កុហក..។ គ្រុឌ​គំហក​យ៉ាង​តាន​តឹង​​..
- ម៉េច​ព្រះ​អង្គ​សួរ​ខ្ញុំ​ម្ចាស់​ដូច​នេះ តើ​មាន​នរ​ណា​អាច​ទំលាយ​ទ្វារ​ប្រាសាទ​ចូល​មក​បាន​ ពេល​ព្រះ​អង្គ​មិន​នៅ​ ខ្ញុំ​ម្ចាស់​នៅ​ម្នាក់​ឯង​ មិន​ដែល​ឃើញ​មាន​នរ​ណា​ចូល​មក​ទេ​។
- កុហក កុហក​ខ្លាំង​ណាស់ ស្រីថោកទាបមែន...
- ព្រះអង្គនិយាយពីរឿងអ្វី?
- នាង​បាន​ធ្វើ​អ្វីខ្លះ​ជាមួយ​អ្នក​ណា ពេល​យើង​មិន​នៅ​នោះ ដឹង​ខ្លួន​ឯង​ហើយ​ យើង​ស្រលាញ់​ថ្នាក់​ថ្នម​នាង​អស់​ពី​ចិត្ដ​អស់​ពី​កាយ មិន​​ដែល​នឹក​គិត​ថា នាង​មាន​ចិត្ដ​ក្បត់​អប្រិយ​ទុរ​យស្ស ស្រេក​ឃ្លាន​ប្រុស ឃ្លាន​រហូត​ហ៊ាន​ក្បត់​ផិត មាន​សាហាយ​មិន​ដែល​ចេះ​ជិន​ណាយ​ ស្កប់​ស្កល់​ នឹង ​តណ្ហា​ ឱ! នាង​មាន​តណ្ហា​ក្រាស់​អ្វី​ម៉្លេះ​ ក្រាស់​មិន​ចេះ​ឆ្អែត​។
- អូនមិនដឹងអី អូនមិនដឹងអីទាំងអស់
-ស្រី​ថោក​ទាប.. ឯង​គង់​នៅ​នឹក​ស្ដាយ​គន្ធាន់​ណាស់​ឬ​អី..ឯង​វង្វេង​ ឯង​អាក្រក់​ណាស់ យើង​ឧស្សាហ៍​ស្រលាញ់​ ថ្នាក់​ថ្នម​ឯង​រហូត​មកខ្មោច​កំណាច​មួយ​ណា ជំរុញ​ចិត្ដ​នាង​អោយ​ធ្វើ​រឿង​បែប​នេះ​​ ឯង​មិន​មែន​ជា​មនុស្ស​ទេ ស្រី​គំរក់​។

     លឺ​ឈ្មោះ​គន្ធាន់​ កាកី​ ធ្លាក់​ថ្លើម​ក្ដុក​ ស្លុត​ស្មា​រតី​ញ័រ​ខ្លួន​ចំប្រប់​ តែ​ខំ​ពង្រឹង​អារម្មណ៍ ញញឹម​ទាំង​និយាយ​ថា៖​
- នេះ​ខ្ញុំម្ចាស់​ចំលែក​អ្វី​ម៉្លេះ​ទេ ព្រះ​អង្គ​ទៅ​ស្ដាប់​លឺ​រឿង​អា​ស្រូវ​នេះ​ពី​អ្នក​ណា ហើយ​ជឿ​ជាក់​គេ​ ជាង​ជឿ​ជាក់​លើ​ខ្ញុំ​ម្ចាស់​ដូ​ច្នេះ ខ្ញុំ​ម្ចាស់​មាន​ចិត្ដ​ស្មោះ​ស្ម័គ្រ​ចំពោះ​ព្រះ​អង្គ​ឥត​ងាក​រេ​ ម្យ៉ាង​វិញ​មួយ​ទៀត ក្រុង​សិម្ពលី​នេះ នៅ​ឆ្ងាយ​ផុត​ជើង​មេឃ​ ខ័ណ្ឌ​ដោយ​មហា​សាគរ​ គិរី​បុព្វ​តា មនុស្ស​ឯ​ណា​អាច​ធ្វើ​ដំណើរ​មក​ដល់​ទី​នេះ​បាន ហើយ​បើ​បាន​មក​ដល់​ហើយ បើ​ទោះ​ជា​ទេវ​​តា ឥន្រ្ទ​ព្រហ្ម​ឯ​ណា ក៏​មិន​អាច​បើក​ទ្វារ​ប្រាសាទ​ដែល​បិត​​ចង​ដោយ​មន្ដ​អាគម​របស់​ព្រះ​អង្គ​បាន​ដែរ​។​

          - អញ​ដឹង​អស់​ហើយ​ ស្រី​ពាល​អ​ប្រិយ​យ៉ាង​នាង​នេះ​ គន្ធាន់​វា​បាន​ច្រៀង​ដេញ​ចាប៉ី​ រៀប​រាប់​ថា​ វា​បាន​មក​ដល់​ទី​នេះ​ ហើយ​វា​បាន​រួម​រក្ស​ ស្នេហា​យ៉ាង​មាន​សេច​ក្ដី​សុខ​ជា​មួយ​នាង​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ វា​ច្រៀង​ឌឺ​ដង​រៀប​រាប់​អំពី​សេច​ក្ដី​ស្នេហា​ផ្អែម​ត្រជាក់​ដែល​វា​បាន អោប​ ប្រលោម​ប្រ​លែង​ជា​មួយ​នាង​ វា​មាន​សេច​ក្ដី​សុខ​ដ៏​សែន​សុខ​ ព្រោះ​នាង​បាន​សំដែង​ស្នេហា​តប​ទៅ​វា​វិញ​យ៉ាង​ប៉ិន​ប្រ​សព្វ នាង​ជា​ស្រី​ចើក​ ចើក​ស្រើប​ស្រាល​ទៅ​រក​ប្រុស​មិន​ឆ្អែត​ឆ្អន់​ ផ្លាស់​ប្ដូរ​ប្រុស​មួយ​ហើយ​មួយ​ទៀត​ មិន​ដែល​ជិន​ណាយ​ ប្រៀប​ដូច​ជា​ទន្លេ​ជល​ធី​ដែល​ពុំ​ចេះ ​ពេញ​ដោយ​ទឹ​ក​ នាង​មាន​រូប​ល្អ ល្អ​មែន​ ល្អ​តែ​រូប នាង​មាន​ក្លិន​ក្រអូប​ពិដោរ​ ក្រអូបមែន! ក្រអូប​​​តែ​ក្លិន​ តែ​ចិត្ដ​នាង​អាក្រក់​ណាស់​ អាក្រក់​ដូច​ខ្មោច​ព្រាច​ បិសាច​ស្រេក​ឃ្លាន​អាហារ​ តែ​នាង​ស្រេក​ឃ្លាន​តណ្ហា​ ចិត្ដ​នាង​ស្អុយ​ណាស់​ ស្អុយ​ដូច​ខ្មោច​អសុភ​រលេះរ​លួយ​ ស្អុយ​ព្រោះ​ចិត្ដ​នាង​ប្រែ​ប្រួល​ ប្រែ​​ប្រួល​ទៅ​តាម​ភ្លើង​រាគៈ​ ឆាប​ឆេះ​មិន​រលត់​ អញ​ឈប់​ស្រលាញ់​នាង​ទៀត​ហើយ ព្រោះ​នាង​ស្រលាញ់​អ្នក​ដទៃ​ មិន​អី​ទេ​ ស្រលាញ់​ចុះ​ រួម ​រក្ស​នឹង​គេ​ចុះ ដើម្បី​បំពេញ​តណ្ហា​នាង​ ដែល​មិន​ទាន់​គ្រប់​គ្រាន់​ អញ នឹង ជូន​នាង​ត្រលប់​ទៅ​វិញ ត្រលប់​ក្នុង​រាត្រី​នេះ​។

     កាកី​យំ​ខ្សឹល​ខ្សួល​អួល​ណែន​ពេញ​ឱរ៉ា ទឹក​នេត្រា​ជា​ច្រើន​លាន​ដំណក់​ប្រណាំង​ប្រជែង​គ្នា​រត់​ចេញ​ពី​រង្វង់​នេត្រា​ទាំង​គូ​ ដ៏​ស្រ​ទន់​របស់​នាង​ឥត​ឈប់​ឈរ​ ផែន​ថ្ពល់​ដ៏​ក្រពុំ​រលោង​របស់​នាង​ជោគ​ជំ​ទៅ​ដោយ​ជល​នេត្រ​ កាកី​ងាក​មុខ​ចេញ​ នាង​ដឹង​ថា​គ្រុឌ​អស់​ក្ដី​មេត្ដា​មក​លើ​នាង​ទៀត​ហើ​យ​ នាង​ធ្មេច​ភ្នែក​ពោល​ថា៖
- ហេតុ​អីព្រះ​អង្គ​ មិនយល់ពីអារម្មណ៍របស់ខ្ញុំម្ចាស់ខ្លះផង ព្រះអង្គស្ដាប់ជឿគេតែម្ខាង
ពោលរួចនាងចូលអោបគ្រុឌយ៉ាងទន់ភ្លន់ គ្រុឌប្រលេះដៃនាងបែរមុខចេញ
- ក្នុងខ្សែភ្នែកខ្ញុំ នាងជាស្រីអត់កេរ្ដិ៍ខ្មាស ឆក់អោកាស
នាងគ្រវីក្បាល សំដែងទឹកមុខស្រពោនស្រក់ទឹកភ្នែក សំលឹងបុរសយ៉ាងស្រងោតស្រងាត់។
- ខ្ញុំម្ចាស់​ព្រម​ទទួ​ស្គាល់​ថា​ ខ្ញុំ​ម្ចាស់​ឥត​កេរ្ដិ៍​ខ្មាស​ ព្រម​ស្រលាញ់​រត់​តាម​ព្រះ​អង្គ​មក ហើយ​ព្រះ​អង្គ​ប្រៀប​ដូច​ជា​ឳ​ពុក​ព្រះ​មក​ប្រោសជីវិត​ខ្ញុំ​ម្ចាស់​...
- នែ..ឈប់រៀបរាប់ភ្លាមទៅខ្ញុំទ្រាំស្ដាប់នាងមិនបានទេ។
- ព្រះ​អង្គ​បី​ខ្ញុំ​រត់​មក ពោល​ថា​ស្រលាញ់​ខ្ញុំ​ម្ចាស់​ណាស់ ព្រះ​អង្គ​គ្មាន​សច្ចៈ​ គ្មាន​បេះ​ដូង​
- កុំនិយាយ​ពីវា​ទៀត​បាន​ទេ.. ​កាកី ..កាកី​ដឹង​ទេ​ថា ខ្ញុំ​មិន​បាន​ខឹង​អ្វី​ឡើយ ខ្ញុំ​មិន​បន្ទោស​កាកី​បន្ដិច​ទេ ខ្ញុំ​ទៅ​វិញ​ទេ ដែល​ត្រូវ​សុំ​ទោស​​នាង​ ខ្ញុំ​ទៅ​វិញ​ទេ​ដែល​អូស​កាកី មក​ពាក់​ពាន់​ជា​មួយ​រឿង​ឆ្កួត​ៗ​ទាំង​អស់​នេះ​។
កាកី​ញញឹម​ទាំង​ទឹក​ភ្នែក​ ត្រសុល​ក្បាក​ចូល​ទៅ​ក្នុង​ទ្រូង​គ្រុឌ​អោប​ដោយ​ក្ដី​ស្រលាញ់​
- ពិត​មែន​ឬ​ម្ចាស់​បង​!..។ ម្ចាស់​បង​ឈប់​ខឹង​ នឹង ខ្ញុំ​ហើយ​មែន​ទេ​!.. ខ្ញុំ​សប្បាយ​ចិត្ដ​ណាស់​!!.​.។ ម្ចាស់​បង​អ្ហា ខ្ញុំ​សន្យា​ន៎ះ​!.. ត​ទៅ​នេះ​ខ្ញុំ​ ម្ចាស់​មិន​ធ្វើ​អោយ​ម្ចាស់​បង​ខូច​ចិត្ដ​ ខ្ញុំ​ម្ចាស់​ នឹង ស្មោះ​ត្រង់​ ហើយ​នឹង​មាន​ស្វាមី​ភក្ដិ​ជា​មួយ​ម្ចាស់​បង​រហូត​ទៅ​។​
- កាកី​អូន​!.. វា​មិន​ចាំ​បាច់​ទៀត​ទេ​។ នេះ​.. ខ្ញុំ​គិត​ថា ដល់​ពេល​ហើយ​ថា​អូន​គួរ​តែ​ត្រលប់​ទៅ​នៅ​ផ្ទះ ហើយ​មាន​ជីវិត​ជា​របស់​ខ្លួន​ឯង​។
- ថា​ម៉េច​ហ្នឹង​ ម្ចាស់​បង​!..​។
- អូន​មិន​គួរ​នៅ​ក្រុង​សម្ពលី​នេះ​ទៀត​ទេ..​។ អូន​ត្រូវ​ត្រលប់​ទៅ​នៅ​ជា​មួយ​ព្រះ​មហា​ក្សត្រ​នគរ​ពារាណ​សី​វិញ ខ្ញុំ​នឹង​ព​នាង​ទៅ​ក្នុង​ រាត្រី​នេះ​។ អូន​មិន​ត្រូវ​ធ្វើ​អោយ​ព្រះ​បាទ​ព្រហ្ម​ទត្ដ​ពិបាក​ទៀត​ទេ​ អូន​ដឹង​ទេ​!..​។
- តែខ្ញុំស្រលាញ់ព្រះអង្គ
- សុំអង្វរ​ចុះ​កាកី​អូន!.. កុំ​ប្រើ​ក្ដី​ស្រលាញ់​មក​អាង​ មក​និយាយ​បាន​ទេ វា​គ្មាន​ពិត​ប្រាកដ​ស្រាប់​ហើយ​ សុំ​អោយ​សំណាង​ល្អណា​អូន!​ លា​សិន​ហើយ​!​

     ពោល​ចប់ គ្រុឌ​លើក​កាកី​បី ហោះ​ទៅ​លើ​អាកាស​ ឆ្លង​គិរី​បុព្វ​មហា​សាគរ​ទៅ​កាន់​នគរ​ពារាណសី​ភ្លាម​។ មក​ដល់​គ្រុឌ​បាន​ដាក់​នាង​កាកី​ចុះ ​នៅ​មុខ​ទី​លាន​ព្រះ​បរម​រាជ​វាំង​។

     ព្រឹក​ព្រាង​ព្រះ​សុរិយា​រះ​បញ្ចេញ​រស្មី​យ៉ាង​ត្រចាស់​ត្រចង់​ មក​លើ​ទ្វីប​លោក។ នៅ​លើ​ដង​ផ្លូវ យាន​យន្ដ​ធំ​ៗ ស្រែក​គំហ៊ក​រោទ៍​មាស៊ីន​ ហុយ​ផ្សេង​ខ្មៅ​ បើក​បរ​ចេញ​ទៅ​យ៉ាង​រុះ​រាន់​។ មនុស្ស​ម្នា​ត្រាច់​ចរ​ទៅ​មក​ មមែ​ញឹក​ក្នុង​កិច្ច​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​យ៉ាង​អ៊ូ​អរ​។ ក្នុង​ព្រះ​រម​រាជ​វាំង​ព្រះ​បាទ​ព្រហ្ម​ទត្ដ​ទ្រង់​តើន​ ក្រោក​ចេញ​ពី​ក្រលា​បន្ទំ​ ទ្រង់​ជំរះ​ព្រះ​កាយ​ រួច​លាប​ដោយ​គ្រឿង​គន្ធ​រស​ក្រអូប​ពិដោរ​ ទ្រង់​គ្រឿង​អលង្ការ​ ប្រកប​ដោយ​ព្រះ​ខ័ន​រាជ ដ៏​ស្រស់​សង្ហា​ រួច​ទ្រង់​យាង​ទត​សួន​ឧទ្យាន​ នា​ព្រឹក​ព្រលឹម​ដ៏​មាន​ផ្កា​រីក​ព្រោង​ព្រាត​ ព្រះ​អង្គ​ទ្រង់​យាង​ពី​គុម្ព​ផ្កា​មួយ​ទៅ​គុម្ព​មួយ​ ប្រកប​ដោយ​មនោ​សញ្ចេត​នា​សប្បាយ​រីក​រាយ​ក្នុង​ព្រះ​រាជ​ហរិ​ទ័យ​ជា​ក្រៃ​ពេក​។ ព្រះ​អង្គ​ទ្រង់​ទុច​ងក់​ ឈរ​ធ្មឹង ដូច​ឡាន​គាំង​​មា​ស៊ីន មួយ​វិនា​ទី​កន្លង​ផុត​ទៅ ព្រះ​អង្គ​ទ្រង់​ខ្សឹប​ក្នុង​ព្រះ​រាជហ​រិ​ទ័យ​ខ្សឹប​ៗ​ថា កាកី!​... ​កាកី!​...​។

     ក្រលេក​ឃើញ​កាកី​ភ្លាម ព្រះ​បាទ​ព្រហ្ម​ទត្ដ​ទ្រង់​ពិរោធ​ក្រេវ​ក្រោធ​ ស្ទើរ​ទុប​អង្គ​កាយ​ពុំ​បាន​ បុប្ផា​រីក​ព្រោង​ព្រាត​ទាំង​ឡាយ​នៅ​ក្នុង​សួន​ ក្លាយ​ជា​វត្ថុ​ដ៏​អាក្រក់​ អាប់​អួរ​ស្អុស​ស្អាប់​ជា​ក្រៃ​ពេក​ ផ្កា​ដែល​កំពុង​រីក​ក្រពុំ​ ចំពោះ​ព្រះ​ភក្រ្ក​ព្រះ​អង្គ​ ជា​ផ្កា​ដែល​រីក​បង្ហាញ​ចំពោះ​ហ្វូង​ជុំ​ជន​ ជា​ផ្កាសា​ធា​រណៈ ​នរណា​មើល​ក៏​បាន​ ថើប​ក៏​បាន​ ដូច​ផ្កា​ក​និ​ការ​ កាកី​ដែល​ធ្លាប់​តែ​រីក​ក្នុង​ដួង​ហរិ​ទ័យ​ព្រះ​អង្គ​ដែរ​ ដូច្នេះ​ព្រះ​អង្គ​មើល​ឃើញ​ផ្កា​ដែល​កំពុង​ រីក​ស្រស់​ទាំង​អស់​ ជា​ផ្កា​សត្រូវ​ ជា​វត្ថុ​បោក​បញ្ឆោត​ ជា​វត្ថុ​ដែល​ប្រលោម​អារម្មណ៍ ​អោយ​​ឆ្កួត​វង្វេង​ ព្រះ​មហា​ក្សត្រ​ទ្រង់​បេះ​ផ្កា​មួយ​ទង​ ហើយ​មួយ​ទង​ទៀត មក​ក្រញិច​ក្រញី​ ឈ្លី​ខ្ចេច​ខ្ចី រួច​ក្រវាត់​ចោល​ទៅ​ដី​ដោយ​ស្អប់​ខ្ពើម​។​

     ក្នុង​វិនា​ទី​នោះ អារម្មណ៍​របស់​ព្រះ​មហា​ក្សត្រ​ហាក់​អណ្ដែត​បាត់​ទៅ​ឆ្ងាយ ព្រះ​អង្គ​នឹក​ថា អូន​កាកី​មាស​បង​អើយ ពេល​ដែល​អូន​បាន​ទៅ​នៅ​ ឯ​ស្ថាន​សួគ៌​សុខ បង​គិត​ថា​អូន​បាន​សុខ​ឈប់​ត្រលប់​មក​វិញ​ហើយ​។ បង​នឹក​រលឹក​អូន​ណាស់​ មើល​ផ្លូវ​ទន្ទឹង​ចាំ​អូន​គ្រប់​ពេល​វេ​លា។​ ឱ!.​អូន សំលាញ់​អូន​មក​ដល់​ហើយ​ឬ​អី ម្ដេច​អូន​នៅ​សញ្ជុប​សញ្ជឹង​ម្នាក់​ឯង​ក្នុង​សួន​យ៉ាង​នេះ ឡើង​មក​លើ​ប្រាសាទ​មក​អូន ឡើង​មក​រក​បង បង​មាន​ ប្រុស​ពីរ​បី​នាក់​ទៀត​ទុក​អោយ​អូន​អោប​ថើប​តាម​ចិត្ដ​​ អូន​ធ្លាប់​ថើម​បង ថើប​គ្រុឌ​ ថើប​គន្ធាន់​ តែ​នៅ​មិន​ទាន់​អស់​ចិត្ដ​នៅ​ឡើយ​ អូន​ចង់​បាន​​ប៉ុន្មាន​ទៀត​ បង​អោយ​អូន​បាន​។

     កាកី​ភ័យ​ញប់​ញ័រ​ពេញ​អស់​សព្វ​អង្គ​កាយ នេត្រា​របស់​នាង​ជោរ​ជន​ទៅ​ដោយ​ជល​នេត្រ​ ក្នុង​ខ្លួន​នាង​ស្រាល​ស្មើក​ធីង​ធោង​ស្ទើរ​គ្មាន​លំ​នឹង​ អារម្មណ៍​របស់​នាង​ហាក់​គាំង​ឈប់​ដើរ​ គំនិត​របស់​នាង​ហាក់​សុញ​ទុញ​ទល់​មិន​ដឹង​គិត​យ៉ាង​ណា​ ទៅ​ណា ​ឆ្លើយ​យ៉ាង​ណា​ចំពោះ​ហេតុ​ការ​ផ្ទួន​ៗ​ អាក្រក់​ៗ ដែល​កើត​ឡើង​ចំពោះ​នាង​យ៉ាង​នេះ​ ទេ!​..​ នាង​មិន​ត្រូវ​ចុះ​ចាញ់​ទេ នាង​ហ៊ាន​ប្រ​ព្រឹត្ដ​នាង​ត្រូវ​តែ​ហ៊ាន​ទទួល​។ កាកី​ខំ​ប្រមូល​គំនិត​ជា​ថ្មី ហើយ​លុត​ជង្គង់​លើក​ដៃ​ប្រណម​ក្រាប​បង្គំ​ចំពោះ​មុខ​ព្រះ​មហា​ក្សត្រ​ ដែល​ភ្ញាក់​អារម្មណ៍​ព្រើត​ឡើង​វិញ​៖​

- នាងកាកី នាងកាកី នាងត្រលប់មកវិញធ្វើអី ចេញទៅស្រីពស់ពិស ចេញទៅ ចេញទៅ
- ព្រះពរ ខ្ញុំម្ចា....
- ខ្ញុំប្រាប់ម្ដងទៀត ខ្ញុំប្រាប់អោយចេញទៅមិនអញ្ចឹង ស្ដាប់មិនលឺទេឬអី?
   ព្រះ​មហា​ក្សត្រ ស្រែក​បញ្ចា​ លើក​ដៃ​ចង្អុល​ដោយ​មិន​បាន​ងើប​មុខ​មើល​កាកី​ឡើយ​។ កាកី​ដែល​ក្រាប​ដូច​គល់​ឈើមួយ​ដុំ ងើប​មុខ​​ពោល​មួយ​ៗ​បន្ដ​ទៀត​ថា​
   ព្រះ​ពរ ខ្ញុំ​ម្ចាស់​បាន​លឺ​ហើយ​ ហើយ​នរ​ណា​ប្រាប់​ថា​ខ្ញុំ​ម្ចាស់​មិន​ទៅ​នោះ​ ខ្ញុំ​ម្ចាស់​ នឹង ទៅ គឺ​លុះ​ត្រា​ព្រះ​អង្គ​ស្ដាប់​ខ្ញុំ​ម្ចាស់​ ហើយ​បាន​ស្ងប់​ សុខ​ក្នុង​ចិត្ដ​សិន​។ ខ្ញុំ​ម្ចាស់​ដឹង​ ហើយ​គ្រប់​គ្នា​ក៏​ដឹង​ថា​ព្រះ​អង្គ​ខូច​ចិត្ដ​រហូ​ត​ដល់​កំរិត​ណា ​នៅ​ពេល​គ្រុឌ​បាន​ធ្វើ​អោយ​មាន​ខ្យល់​ព្យុះ​ភ្លៀង​​ហើយ​ចូល​ទៅ​ចាប់​ខ្ញុំ​ម្ចាស់​ពី​ក្នុង​ដំណាក់​ តើ​មាន​នរ​ណា​ទៅ​ អាច​ជួយ​ខ្ញុំ​ម្ចាស់​បាន​។ ខ្ញុំ​ម្ចាស់​ខំ​រើ​បំរះ​ ក្ដិច​ខ្ញាំ ខាំ​ ស្រែក​ជេរ​ដៀល​គ្រុឌ​គ្រប់​​បែប​យ៉ាង​ តែ​គ្រុឌ​មិន​ព្រម​លែង​ទេ គ្រុឌ​ឃាំង​ខ្ញុំ​ម្ចាស់​នៅ​សម្ពលី​ក្នុង​ប្រាសាទ​ ចង​ទ្វារ​ដោយ​មន្ដ​វិជ្ជា​កា​រ​ ខ្ញុំ​ម្ចាស់​ជា​ស្រ្ដី​ធម្ម​តា​ម្នាក់​ មាន​កំលាំង​អ្វី​ មាន​រិទ្ធ​ឯណា​ត​ទល់​នឹង​គ្រុឌ​បាន​ ខ្ញុំ​ម្ចាស់​សច្ចា​គិត​ក្នុង​ចិត្ដ​ថា​ សុខ​ចិត្ដ​ក្ស័យ​ជីវិត​មិន​អោយ​គ្រុឌ​មក​បៀត​បៀន​កាយ​បាន​ឡើយ​។​ ខ្ញុំ​ម្ចាស់​ត្រេក​អរ​ដូច​បាន​ឡើង​ស្ថាន​សួគ៌​ គិត​ថា​ជា​សំណាង​ល្អពេក​ក្រៃ ព្រោះបាន​ឃើញ​គន្ធាន់​ទៅ​ដល់​ក្រុង​សិម្ពលី​ គន្ធាន់​ បាន​និយាយ​​ប្រាប់​ខ្ញុំ​ម្ចាស់​ថា​ តាំង​បាត់​រូប​ខ្ញុំ​ម្ចាស់​ទៅ ព្រះ​អង្គ​ទ្រង់​កើត​ទុក្ខ​សោក​សង្រេង​គ្រប់​ទិវា​រាត្រី​ពុំ​ស្បើយ​ឡើយ​ ពេល​នោះ​ ខ្ញុំ​ម្ចាស់​នឹក​រលឹក​ និង​រំភើប​ស្លុត​ចិត្ដ​ ញាប់​ញ័រ​អស់​អង្គ​ប្រាណ ​រហូត​ដួល​សន្លប់​បាត់​ស្មារតី​។

     ពាក្យ​ដោះសា​របស់​កាកី​ ធ្វើ​អោយ​ព្រះ​បាទ​ព្រហ្ម​ទត្ដ​រិត​តែ ឈួល​ឆេះ​ក្ដៅ នៅ​ក្នុង​វិយោគ​ជា​ច្រើន​ប្រការ​៖
     យើង​ជា​ក្សត្រ​សោយ​រាជ្យ​សម្បត្ដិ​ គ្រប់​គ្រង​រាស្រ្ដ​ពេញ​នរគ​ យើង​មិន​ខ្វះ​ទេ ស្រី​ជា​ចំណី​ចំលង​រាគៈ​ តណ្ហា យើង​ចង់​បាន​ប៉ុន្មាន​ក៏​បាន​ ល្អ​ដូច​​ម្ដេច​ក៏​បាន​។ កាល​អូន​នៅ​នឹង​ បង​ អូន​មាន​ប្រុស​តែ​ម្នាក់​គឺ​បង ធ្វើ​អោយ​អូន​មិន​ស្កប់​ស្កល់​។ សូម​អូន​កុំ​ព្រួយ បង​មិន​យក​ទោស​ពៃ​អូន​ទេ​។ អូន​ទៅ​ចុះ​ ទៅ​ប្រលោម​ប្រ​លែង​ នឹង ប្រុស​អោយ​ស្កប់​ស្កល់​។ អូន​ចង់​ជ្រើស​យក​មួយ​ណា​ក៏​បាន ពេល​ណា​ក៏​បាន ទាំង​ថ្ងៃ​ទាំង​យប់​ គ្រប់​ពេល​ដែល​ តណ្ហា​អូន​ចង់​ តណ្ហា​អូន​ស្រេក​ឃ្លាន។ ចំណែក​បង​សូម​លា លា​សូម​កុំ​អោយ​បាន​ជួប​ប្រទះ​ស្រី​ផិត​ ស្រី​ក្បត់​ មិន​ចេះ​ស្កប់​ស្កល់​ដូច​អូន​ទៀត​។​

     ព្រះ​អាទិត្យ​រះ​ខ្ពស់​ផុត​ចុង​ព្រឹក្សា​ទាំង​ឡាយ ព្រះ​មហា​ក្សត្រ ទ្រង់​ត្រាស់​បញ្ជា​អោយ បណ្ដា​អាមាត្យ​រៀប​ចំ​ពោង​ពាយបាន​ជា​ស្រេច ហើយ​​ទ្រង់​បាន​បញ្ជា​អោយ​គេ​នាំ​ទៅ​កាន់​កំពង់​ ដាក់​នាង​កាកី​ជិះ​ រួច​រុញ​អោយ​បណ្ដែត​ចេញ​ទៅ​។
     ក្បូន​ពោង​ពាយ​របស់​កាកី​ អណ្ដែត​ទៅ​តាម​ខ្យល់​សមុទ្រ​សន្សឹម​ទៅ​ៗ​ គ្មាន​ទី​ទើ គ្មាន​ទី​ឈប់​។ នៅ​លើ​ពោង​ពាយ​កាកី​អង្គុយ​បត់​ជើង​ ដៃ​ប្រណម្យ​​ថ្វាយ​បង្គំ​ព្រះ​។ នាង​យំ​ខ្សឹក​ខ្សួល​អួល​អាក់​ នឹក​ស្ដាយ​គ្រប់​បែប​គ្រប់​យ៉ាង​ ស្ដាយ​កេរ្ដិ៍​ឈ្មោះ ស្ដាយ​កិត្ដិ​យស ស្ដាយ​តេន​សោយ​នា​ដែល​ធ្លាប់​​សុខ​សប្បាយ​ ស្ដាយ​តូរ្យ​តន្ដ្រី​ដែល​ធ្លាប់​ស្ដាប់​ពីរោះ ​ស្ដាយ​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ប្រណិត​ មិន​គួរ​កម្ម​អ្វី មក​ជិះ​លើ​ពោង​ពាយ​កណ្ដាល​សមុទ្រ​​គ្មាន​កោះ ​គ្មាន​ត្រើយ​ គួរ​អោយ​កណ្ដោច​កណ្ដែង​ក្រៃ​ពេក​។​

     ពោង​ចេះ​តែ​អណ្ដែត​ទៅ​ អារម្មណ៍​របស់​កាកី​ចេះ​តែ​អណ្ដែត​ទៅ​ដែរ​ នាង​នឹក​ដល់​កាល​គ្រា​ដំបូង​ដែល​នាង​បាន​ជួប​ជា​មួយ​ព្រះ​បាទ​ព្រហ្ម​ទត្ដ។​ ឱ!..​ កាល​នោះ​ព្រះ​អង្គ​ទ្រង់​ចូល​ទៅ​នមស្ស​ការ​ចំពោះ​ព្រះ​ឥសី​ ហើយ​ខ្ញុំ​មាន​កំណើត​ក្នុង​ផ្កា​កនិការ​ដែល​មាន​ក្លិន​ក្រអូប​លើស​អស់​ផ្កា​ផង​ ទាំង​ឡាយ​ ពេល​នោះ​លោក​តា​អី​សី​មាន​ចិត្ដ​សន្ដោ​ស​ប្រោស​ប្រណី​ យក​ខ្ញុំ​ចេញ​ពី​ផ្កា​ ហើយ​ដាក់​ឈ្មោះ​អោយ​ថា​ «កាកី»​។ ព្រះ​អង្គ​ទ្រង់​សព្វ​ ព្រះ​រាជ​ហរិ​ទ័យ​ នឹង កាកី​ខ្ញុំ​ណាស់​ តា​ឥសី​ក៏​ប្រទាន​ខ្ញុំ​អោយ​ទៅ​ព្រះ​អង្គ​ ព្រះ​អង្គ​ស្រ​លាញ់​ថ្នាក់​ថ្នម​ខ្ញុំ​ណាស់​​ ខ្ញុំ​ក៏​ស្រលាញ់​ថ្នាក់​ថ្នម​ព្រះ​អង្គ ​ដូច​ព្រះ​អង្គ​ស្រលាញ់​ខ្ញុំ​ដែរ​។ ព្រះ​អង្គ​បាន​នាំ​ខ្ញុំ​ទៅ​ឯ​ព្រះ​នគរ​ហើយ​បាន​អភិ​សេក​ខ្ញុំ​ម្ចាស់​ជា​ម​ហេ​សី។​ ឱ!.. ​ឥឡូ​វ​ម្ដេច​ព្រះ​អង្គ​ប្រែ​ប្រួល​អស់​ ប្រែ​ប្រួល​គ្មាន​អាណិត​មេត្ដា​ដល់​ខ្ញុំ​ម្ចាស់​ជា​ស្រី​ឡើយ​ ព្រះ​អង្គ​ភ្លេច​អស់​ហើយ​ ភ្លេច​គ្រា​ស្រលាញ់​ គ្រា​ថ្នម​ គ្រា​រួម​រក្ស​ដ៏​សែន​សុខ​ ព្រះ​អង្គ​ភ្លេច​ទាំង​​បណ្ដាំ​លោក​តា​អីសី​ ទោះ​ខ្ញុំ​ខុស​ឆ្គង​គួរ​ជូន​ខ្ញុំ​ត្រលប់​ទៅ​តា​ឥសី​វិញ​។​

          យប់​យន្ដ​កាន់​តែ​ជ្រៅ ខ្យល់​សមុទ្រ​​បក់​មក​ប៉ះ​រាង​កាយ​ធ្វើ​អោយ​ត្រជាក់​រងារ​ជា​ក្រៃ​ពេក នៅ​លើ​មេឃ​ ហ្វូង​តារះ​ព្រោង​ព្រាត​ពេញ​ផ្ទៃ ​អាកាស​ ដូច​ជា​ពន្លឺ​ចង្អៀង​អគ្គិស​នី​កំពុង​បំភ្លឺ​នៃ​ទី​ក្រុង​ដ៏​ធំ​ធេង​មួយ​ នៅ​ចំ​កណ្ដាល​លំហរ​អាកាស​ព្រះ​ចន្ទ​មួយ​ដួង​មូល​ក្រលង់​ បញ្ចេញ​ពន្លឺ​ដ៏​ស្រ​ទន់​ បំភ្លឺ​មក​លើ​ផ្ទែ​មុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​អោយ​ស្ថិត​ក្នុង​ភាព​ស្ទុង​ៗ​គ្រប់​ច្រក​ល្ហក​។ ស្រមោល​ក្បូន​ពោង​ពាយ​អណ្ដែត​សន្សឹម​លឿន​ ឬ​យឺត​ ទៅ​តាម​កំលាំង​បក់​ នៃ​វា​យោ​សមុទ្រ​ នៅ​លើ​ក្បូន​កាកី​យំ​ខ្សឹក​ខ្សួល ខ្សោះ​អស់​នេត្រា​ អា​រម្មណ៍​ហោះ​ហើរ​ចេញ​ទៅ​បាត់​ ទៅ​ប្រលោម​រួម​រក្ស​ ស្នេហា​យ៉ាង​ខ្លាំង​នឹង​ព្រះ​បាទ​ព្រហ្ម​ទត្ដ​។ ខ្យល់​សមុទ្ទ​បោក​បក់​កាន់​តែ​ខ្លាំង​ឡើង​ៗ ក្បូន​ពោង​ពាយ រសាត់​ខ្លេង​ខ្លោង​លឿន​ស្លេវ​ដូច​ផង់​ធូលី​ត្រូវ​ខ្យល់​បក់​។ ព្យុះ​សមុទ្រ​បង្កើន​ល្បឿន​កាន់​តែ​ខ្លាំង ក្បូន​កាន់​តែ​ខ្លេង​ខ្លោង​ ខ្លេង​ខ្មោង​រហូត​រហូត​ទៅ​។

     បទ​ចំរៀង «សំណៅ​កាកី» ច្រៀង​ដោយ លោក​ស៊ីន ស៊ី​សាមុត អធិ​រាជ​សំលេង​មាស បាន​ច្រៀង​ដៀល​ជេរ​ដល់​ស្រី​ក្បត់​ស្រីផិត​យ៉ាង​ជូរ​​ចត់ ដោយ​យក​ឈ្មោះ​នាង​កាកី​មក​ប្រៀប​ប្រដូច​ដូច្នេះ​ ៖

    នេះ​ហើយ​ស្រីល្អ សាង​ធម៌​តណ្ហា ដាក់​ទាន​កាយា ត្រូវ​គេ​ផ្ដន្ទា​ អោយ​លា​លោកិយ៍​ ចិត្ដ​ដែល​ធ្លាប់​ស្មោះ ក៏​អស់​អាល័យ ទោះ​ទ្វីប​លោក​ចាស់​ថ្មី​ គ្មាន​អភ័យ​ឡើយ​ណា​។
    មាន​រូប​ដូច​ឈ្លូស ឈ្មោះ​ដូច​កេង​កង ប្ដី​ហើយ​ស្មន់​ផង​ កាត់​ចិត្ដ​ប្រុស​ក្រង​ជា​ភួង​មាលា​ យក​ព្រះ​កាម​ទេព ជា​គ្រូ​អាចារ្យ​ សំដែង​ថ្លែង​រិទ្ធ​ ព្រួញ​ផ្កា​បាញ់​ប្រហារ​ចិត្ដ​បុរស​ អោ​សួន​អុទ្យាន​ពូក​ព្រំ មាស​ពេជ្រ​ទាំង​ដុំ ថោក​ជាង​សម្ផស្ស វិមាន​សួគ៌​​គេ​ខ្ពើម​រស់​វិនាស​ទៅ​ចុះ កុំ​អោយ​ចិត្ដ ប្រុស​មានពៀរ​។​
    រលត់​ភ្លាម​ទៅ​សំណៅ​កាកី សម្បត្ដិ​អប្រិយ កុំ​អោយ​ចិត្ដ​ស្រីលោកិ​យ៍​និន្ទា គំរូ​ក្រខ្វក់​ ឈ្លក់​ នឹង ស្នេហា គេ​ខ្ពើម​រអើម​គ្រប់​គ្នាស្លាប់​ចុះមាយា​ស្រី​ចិត្ដ​ចើក​។​

ចប់ដោយបរិបូរណ៌