៤ -បាតុកម្មដាស់ខ្មែរមុនដំបូង
ថ្ងៃពុធ ទី22.មករា 2014.ម៉ោង 21:27

   នៅថ្ងៃទី២០ កក្កដា១៩៤២ វេលាម៉ោង៦ លុះជួបជុំគ្នាហើយក្បួនបាតុកម្មដែលមានលោកសង្ឃ និងគ្រហស្ថជាច្រើនមី​ដេស​ដាស​ពេញ​ក្រុង​ បាន​ចេញ​ដំណើរ​ពី​ទី​ណាត់​ឆ្ពោះ​ទៅ​ការិយាល័យនៃរ៉េស៊ីដង់សុប៉េរីយ៉ើរ។ គឺវត្ដលង្កាចេញពីវត្ដលង្កា វត្ដឧណ្ណាលោមចេញ​ពី​វត្ដ​ឧណ្ណា​លោម​ ៘ មក​រួម​គ្នា​នៅ​ក្រោយ​វាំង និង​មានលោកប៉ាច ឈឺន ជាអគ្គនាយក ដើរនាំមុខយ៉ាងអង់អាចក្លាហានផង។ ក្បួនដើរបាតុ​កម្ម​យ៉ាង​អង់​អាច​ ឥត​ភ្លឹក គិញ​បា​រាំង ខ្មែរ យួន ដើរ​ហែ​តាម​ខាង តែមុខស្លេកស្លាំងបានខ្លាចបាតុករ។ គិញបារាំងឈ្មោះ Sambraige ប្រុងប្រយ័ត្ន​ជាង​គេ ទាំង​អស់​ គ្នា​ឆ្ពោះ​ទៅ​កាន់​ការិ​យា​ល័យ​នៃ​រ៉េ​ស៊ី​ដង់​ស៊ុប៉េរីយ៉ើរ។

   សូមជំរាបថា នៅពេលនោះប្រហែលខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល លើកកង់ខាឃាំងពួកបាតុករកុំអោយគិញវាវាយទេ ប៉ុន្ដែវាប្រចាប់​ថា​លើក​កង់​គប់​វា​ ទៅ​វិញ​។ ក្នុង​ពេល​នោះ​ពួកគិញវាចាប់បានបាតុករជាច្រើនដាក់ឡានយកទៅបាត់ទៅ តែពុំអាចចំណាំបាន ថានរជានរណាឡើយ ត្បិត​រវល់​តែ​ ភ័យ​រៀង​ខ្លួន ហើយ​ដោយ​គ្នា​ច្រើន​ពេក ពុំអាចស្គាល់មុខ ស្គាល់ឈ្មោះគ្នាបានឡើយ។ ទ័ពជើងក្រហមបារាំងបាននាំយក​មក​គំរាម​បាតុ​ករ នៅ​ ពេល​នោះ​ជា​ច្រើន​រយ​នាក់​មាន​អាវុធ​គ្រប់​ដៃ។

   ក្នងពេលដែលពួកបាតុករកំពុងតែផ្អើលច្រួលច្របល់នោះ ខាងកងទ័ពជប៉ុនបានបញ្ជូនទាហានពីររថយន្ដបន្ទុក ទៅឈប់​នៅ​ក្បែរ​នោះ​ដែរ​ ប៉ុន្ដែ​គេ​អាច​ជួយ​ធ្វើ​អន្ដរា​គមន៍​ជាមួយ​រដ្ឋាភិបាលបារាំងដូចម្ដេចកើត? បើវាខុសផែនការដែលគេបង្គប់អោយធ្វើអស់ទៅ​ហើយ​។ ម្លោះ​ហើយ​គេ​នៅ​ស្ងៀម​ទៅ​។

   ក្រោយពេលបាតុកម្មមិនសំរេចនេះ បារាំងដើររកចាប់ម្នាក់ម្ខង ពីរនាក់ម្ដង តាមរូបថតនិងតាមដែលវាបានស្គាល់ពីមុន​មក​ស្រាប់​ផង​។ ម្លោះ​ ហើយ​ពួក​បាតុ​ករ​ដែល​មាន​ខ្លួន​ទាំងលោកសង្ឃទាំងគ្រហស្ថចេះតែគេចវេះ គេចពួននិងរត់ចោលស្រុកអស់ជាច្រើននាក់។

   ការធ្វើបដិវត្ដន៍ពុំបានសំរេច ការធ្វើបាតុកម្មក៏ពុំបានសំរេចទៀត មកពីពួកយើងចាប់ផ្ដើមធ្វើមុនដំបូងផង និងមកពីកាល​ជំនាន់​នោះ ជាតិ​ខ្មែរ​ យើង​នៅ​ខ្ចី​ខ្លាំង​ណាស់​ខាង​នយោ​បាយ​ស្រុកទេសត្បិតអីទើបនិងបានបើកភ្នែកពុំទាន់បានប៉ុន្មានឆ្នាំផង ឯការបើកភ្នែកនេះក៏​ដោយ​សារ​ការ​បំ​ភ្លឺ​ របស់​កាសែត​នគរ​វត្ដ​ផង ដោយសារការខំប្រឹងប្រែងរបស់កាសែតនេះប៉ុណ្ណោះ ដែលខំចែកផ្លូវគ្នាដើរពន្យល់បញ្ចុះបញ្ចូល បំ​ភ្លឺ​ប្រជា​ជាតិ​ខ្មែរ​ ដែល​ដេក​លក់​ដោយ​ខ្លាច​គុក​ច្រវាក់។ សម័យនោះយើងមិនដែល នឹកចង់រើខ្លួន អោយរួចពីខ្ញុំបារាំងសោះក្នុងអំលុងជិតមួយ​សត​វត្ស​មក​ហើយ​ ដោយ​ធ្លាប់​ដឹង​ធ្លាប់​លឺ​ចាស់​ៗ ដំណាលតៗគ្នាមកថា បារាំងចាប់អ្នកស្នេហាជាតិអ្នកធ្វើបដិវត្ដន៍ជំនាន់មុខៗដូចជាពោធិ​កំ​បោរ ម៉ឹន​ពាង អាចារ្យ​ ស្វា​ក្រឡា​ហោម​គង់ ឧក​ញ៉ា ពិស្ណុលោកឈូកយកទៅប្រោសចោល ឯកោះត្រឡាច ទាល់ស្លាប់ជាច្រើននាក់មកហើយ ឯ​អ្នក​ដែល​ក្បត់​ជាតិ​ គេ​ឥត​រវល់​នឹង​ជាតិ គេ​ខំ​តែ​ផ្គាប់​ផ្គុនបារាំង យកបុណ្យសក្ដិទ្រព្យសម្បត្ដិសម្បូរតែក្រុមគ្រួសារគេទៅ។ ពួកនេះគឺពួកវាំង មាន​សីហនុ​ជា​ដើម​ ខឹង​នឹង​ខ្មែរ​គ្នា​ឯង​ជំនួស​បារាំង ជេរប្រទេច ជេរលោកសង្ឃថា «អាត្រងោល»។

   មួយវិញទៀតកាលជំនាន់នោះ ពេលវេលាបានហុចអោយយើងល្មមតែបានសំរេចដែរ ត្បិតកាលណោះនៅស្រុកវាកំពុង​ជាប់​ដៃ​នឹង​សង្រ្គាម​ លោក​លើក​ទី​២ បារាំង​នៅ​ស្រុក​យើងតិចណាស់ ហើយគ្រឿងសំភារៈសឹកក៏សុទ្ធតែចាស់ៗ តាំងពីសង្រ្គាមលោក​លើក​ទី​១ (១៩១៤ ១៩១៨) មក​ម្លេះ​។ វា​ពុំ​អាច​បញ្ជូន​ទ័ព​និង​យុទ្ធោបករណ៍ពីស្រុកវាមកបង្ក្រាបយើងបានឡើយ។ គួរអោយស្ដាយយ៉ាងក្រៃលែង​ដោយ​យើង​ធ្វើ​ការ​ឲ្យ​ ខុស​ផែន​ការ និង​កម្ម​វិធី​ដែល​ត្រូវធ្វើនាំអោយខូចផែនការពុំបានសំរេច។ គឺជាបដិវត្ដដំបូងដែលនៅស្រុកយើងមិនដែល​មាន​សោះ​។ ប៉ុន្ដែ​បើ​ ទុក​ជា​ដូច្នេះ​ក្ដី​ក៏​គឺ​ជា​គំរូ ជាលំអានល្អមួយទុកអោយកូនចៅ យុវជនជំនាន់ក្រោយដើមតាមដែរ ដោយគ្រាន់តែកែឬពិនិត្យ​ឡើង​វិញ នូវ​ផែន​ការ​ និង​កម្ម​វិធី ដែល​ពួក​យើង​បាន​ធ្វើ មិនបានសំរេចនោះតើខុសត្រង់ណា ឬមានឧបគ្គសអ្វីមកជំទាស់រារាំង ទើបបានជាខក​ខាន​មិន​បាន​សំរេច​។​ សូម​ជំរាប​ថា​ ការ​ដែល​ធ្វើ​ដំបូង​តែងមានខុសដូច្នេះ ទើបអាចរកត្រូវឃើញ។ មានតែអ្នកឥតធ្វើអ្វីសោះដេកតែអេះពោះចាំ​មើល​បំណាំ​ទើប​ ត្រូវ​រហូត​ឥត​ខុស​។ ប្រសិន​បើ​នៅជំនាន់យើង ឥតមានវីរជនណាម្នាក់គិតគូររើខ្លួនអោយរួចពីនឹមដែករបស់បារាំងទេ នោះ​យុវជន​ជំនាន់​ក្រោយ​ អាច​នឹង​បន្ទោស​យើង​បាន​ថា​យើង​ជា​ចាស់​ជំនាន់មុនឥតគិតអ្វីសោះ បានជាបច្ឆាជនជំនាន់ក្រោយកើត ឡើងនៅតែខ្ញុំបារាំង​ត​ទៅ​ឥត​មាន​ពេល​ រួច​ជា​អ្នក​ជា​ឡើយ​។

   ហេតុការបដិវត្ដន៍ ដើម្បីរើបំរះពីនឹមបារាំងនេះទោះបីខកខានមិនអាចសំរេចមែន ក៏បានឈ្មោះថាពួកយើងបានត្រាយ​ផ្លូវ​ទុក អោយ​កូន​ចៅ​ ជំនាន់​មុខ​ដើរ​តាម​ដែរ ត្បិត​ប្រទេសឯទៀតៗដែលនៅក្នុងក្រញ៉ាំបរទេស មានប្រទេសឥណ្ឌាជាដើម ក៏គេខំរើបំរះយកឥស្សរ​ភាព​ដោយ​សន្ដិ​ វិធី​ រឺ​វិធី​អហិង្សា​អស់​ថិរ​វេលា​យ៉ាងយូរដល់៣០ឆ្នាំ ស្លាប់មនុស្សរាប់សែននាក់ទំរាំបានសំរេចបានឯករាជ្យ មិនមែនធ្វើតែ​ម្ដង​ហើយ​បាន​សំរេច​ ទេ​។ ចុះ​បើ​យើង​នៅ​ស្ងៀមមិនធ្វើអ្វីសោះ? នោះរិតតែលិចទៅ ទៀត! នៅខ្ញុំគេរាប់ពាន់ឆ្នាំ គ្មានឃើញពន្លឺឯករាជ្យទេ។

   សូមនិយាយអំពីលោកជុំ មួងបន្ដិច។ ក្នុងពេលបាតុកម្មនោះ លោកពុំបានចូលរួមនិងគេទេ ត្បិតត្រូវចាត់អោយទៅស្ដាប់​ការ​នៅ​នឹង​កន្លែង​នៅ​ ក្រ​សួង​ធម្ម​ការ ដែល​ជា​កន្លែង​ធ្វើ​ការ តើរាជការគេចាត់រឿងនេះដូចម្ដេច? ប៉ុន្ដែដោយអន្ទះសារចង់ដឹងរឿងពេក ក៏បាន​ចាត់​អោយ​លោក អ៉ិត​ ធុយ (ឥឡូវ​ធ្វើ​ការ​អគ្គ​អេរញ្ញិក​នៃអគ្គរតនាគារនៅភ្នំពេញ លោកជាអ្នកស្នេហាជាតិម្នាក់ដែរ) ជាសិស្សសាលារដ្ឋបាលតុលា​ការ​ខ្មែរ ដែល​នៅ​ រៀន​ធ្វើ​ការ​នៅ​ក្រសួង​មហា​ផ្ទៃ និងធម្មការអោយទៅមើលការជំនួសក្នុងឋានៈជាប្រតិភូនៃក្រសួងធម្មការ។ ហើយដើម្បី​ការ​ពារ​ខ្លួន​កុំ​អោយ​ បារាំង​ចាប់ លោក​ជំ មួង​បាន​ធ្វើ​សំបុត្រ​មួយ​ច្បាប់ បោះត្រាក្រសួងធម្មការអោយកាន់កំដរខ្លួនផង។

   លុះលោក អ៉ិត ធុយត្រលប់មកវិញបានរាយការណ៍ថា បាតុកម្មនោះខកខានពុំបានសំរេចទេពួកបាតុ​ករ​ត្រូវ​បារាំង​ដេញ​ចាប់​រត់​រប៉ាត់​រប៉ាយ​អស់​ហើយ​។

   សូមជំរាបថា នៅល្ងាចថ្ងៃ១៩ កក្កដា ដោយភ័យខ្លាចក្រែងបារាំងចាប់មុនពេលបាតុកម្ម ត្បិតស៊ើបដឹងថា មានឈ្មោះ​ត្រូវ​ចាប់​នឹង​គេ​ដែរ​ លោក​ជុំ​មួង​ក៏​បាន​ទៅ​ទទួល​ទាន​ដំណេកនៅផ្ទះលោកញ៉ែម ធុច (គ្រានោះធ្វើជាលេខាធិការនៅក្រសួងធម្មការដែរ) នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ខាង​នាយ​ស្ពាន​មុនី​វង្ស ទល់​មុខ​នឹង​ផ្ទះលោករស់ (លោករស់នេះហើយដែលលបដាក់កូនតឹងទៅ ផងក្នុងពេលបាតុកម្ម)។

   លុះព្រឹកឡើងថ្ងៃ២០ កក្កដា ទើបនាំគ្នាទាំងបីនាកនោះមកភ្នំពេញជាមួយគ្នា ប៉ុន្ដែមកដល់ភ្នំពេញក៏បាន​បែក​គ្នា​។ លោក​រស់​ទៅ​ចូល​ក្នុង​បាតុ​ករ​។ ឯ​លោក​ញ៉ែម ធុច និង​លោក​ជុំ មួង​ក៏​ចូល​ទៅ​កាន់​ការិ​យា​ល័យ​ធ្វើការ​ដូច​ធម្ម​តា។

   ដោយភិតភ័យញ័រសាច់ជាប់ ខ្លាចបារាំងចាប់ នៅយប់ថ្ងៃ២០ កក្កដានោះលោកជុំ មួងទទួលទានដំណេកពុំលក់សោះ។ គ្រាន់​តែ​លឺ​សូរ​រថ​យន្ដ​ បើក​មុខ​ផ្ទះ​ក៏​ភ័យ​ស្លោ​ភ្នែក​ដែរ ដោយស្មានថាឡានគិញបារាំងមកចាប់។ លុះយប់ជ្រៅប្រហែលម៉ោង៣ បានលង់លក់បន្ដិច​ទៅ​ស្រាប់​តែ​យល់​ សប្ដិ​ឃើញ​ទៅ​មើល​គេ​ដង​ព្រោន​នៅមាត់សមុទ្រ។ ថាចុះទៅក្នុងទឹករាក់ៗត្រឹមជង្គង់ ស្រាប់តែលឺខ្យងក្ដក់ប៉េះៗ រួចក្រលេក​ទៅ​ឯ​នាយ​ឆ្ងាយ​ ឃើញ​ទឹក​សមុទ្រ​ឡើង​កំពស់​ចុងត្នោតកាន់តែលឿនជិតមក លោកនឹកភ័យក៏តតេះតតះឡើងរួចទៅលើមាត់ច្រាំងសមុទ្រ ហើយ​ក៏​ភ្ញាក់​ឡើង​។ ទើប​សំរេច​ចិត្ដ​ថា​ត្រូវ​តែ​រត់​គេច​ទើប​ផុតភ័យន្ដរាយដូចក្នុងយល់សប្ដិ។

   លុះដល់ម៉ោង៤កន្លះទៀបភ្លឺនៃថ្ងៃ២១ កក្កដា ក៏ចេញដំណើរទៅបាត់តំបង (កាលណោះបាត់ដំបងជាស្រុកសៀមដោយ​បារាំង បាន​កាត់​ដី​ឲ្យ​ ទៅ​សៀម កាល​ដែល​វា​ចាញ់​សង្គ្រាម​បារាំង​សៀម) តាមអាយស្ម័យយាន ដោយសរសេរសំបុត្រទុកឲ្យគេសុំច្បាប់​អោយ ដាក់​ក្នុង​សំបុត្រ​ កុហក​ចោល​ជើង​ថា​ទៅ​សួរ​បងឈឺធ្ងន់ឯព្រៃវែង គិតថាបើសុំច្បាប់ត្រង់ច្បាស់ជាគេស្គាល់ទាន់កណ្ដាលផ្លូវខកដំណើរ។ ហេតុ​ដូច​នេះ​ប្រាប់​គេ​ ថា​ទៅ​ព្រៃ​វែង​ហើយ​ទៅ​បាត់​ដំបង​ឯ​ណោះវិញ។ ទៅដល់ពោធិសាត់ បានឃើញគិញបារាំងចាប់លោកសង្ឃបាតុករពីរ-បី​អង្គ​ដែល​រត់​គេច​ឆ្លង​ ទៅ​សៀម​បញ្ចូន​មក​ភ្នំ​ពេញ​វិញ​។ គិញនោះឈ្មោះទី កញ្ឆន ស្គាល់លោកជុំ មួង បានសួរថាទៅណា? លោកឆ្លើយកុហកថា​ទៅ​ត្រពាំង​ជង​(នៅ​ ត្រពាំង​ជង​មាន​បង​ឈ្មោះ​លោក ជុំ ម៉ៅ ធ្វើចៅហ្វាយស្រុកនៅទីនោះ) ប៉ុន្តែដោយមិនទាន់បង្គប់អោយចាប់លោកបាន​ជា​គិញ​មិន​ចាប់​។

   សំណាក់នៅត្រពាំងជង១យប់ ដល់វេលាម៉ោង៥ភ្លឺនៃថ្ងៃទី២២ កក្កដា ទើបជួលរទេះសេះជូនដំណើរពីត្រពាំងជងទៅដល់អូរ​តា​ប៉ោង ក៏​បាន​ និយាយ​បោក​មេ​ឃុំ ឆៃ​អោយ​ជូន​ដំណើរឆ្លងស្ទឹងស្វាយដូនកែវទៅខាងដីសៀម ដោយកុហកថាមានការប្រញ៉ាប់ទៅលក់ស្រូវ​ឯ​ជ្រោយ​ស្ដៅ​សុំ​ ប៉ាស្ព័រ​មិន​ទាន់​។ មេឃុំ​ឆៃ​ដោយនៅក្រោមបង្គាប់បងលោកឈ្មោះជុំ ម៉ៅស្រាប់ ក៏ចាត់ជំទប់ប្រដាប់ដោយកាំភ្លើងមូស្ដីតុង​ច្រក​គ្រប់​ស្រេច​ជូន​ ដំណើរ​ទាស់​តែ​ឆ្លង​ផុត​ស្ទឹង​ទៅខាងនាយទៅ។

   សូមជំរាបពិព្រឹត្ដិការណ៍នៅភ្នំពេញតទៅទៀ តពីថ្ងៃបាតុកម្មមក ពួកគិញបារាំងចេះតែដើររកចាប់ក្រុមបាតុករគ្រប់កន្លែង​នៅ​ក្រុង​ភ្នំ​ពេញ និង​ នៅ​ខេត្ដ​ក្រៅ​។ ពួក​បាតុ​ករ​ដែល​មានឈ្មោះច្រើនជាងគេគឺនៅវត្ដឧណ្ណាលោម និងនៅវត្ដលង្កា ដែលជាហេតុបណ្ដាល​អោយ​ព្រះ​សង្ឃ​និង​គ្រ ​ហស្ថ​ដែល​មាន​ឈ្មោះ​ពី​មុន និងដែលបានចូលធ្វើបាតុកម្ម ភិតភ័យរន្ធត់គេចរត់ទៅពួនឯស្រុកក្រៅជាច្រើន។ ខ្លះក៏បានឆ្លង​ដែន​ទៅ​ខេត្ដ​បាត់​ដំបង​ ដែល​គ្រា​នោះ​ជា​អាណា​ខេត្ដ​សៀម​។

   ចំណែកលោកគ្រូអាចារ្យប៉ាង ខាត់ ដោយភិតភ័យណាស់ក៏រត់ទៅសឹកជាគ្រហស្ថហើយទៅពួនសំងំនៅ នឹងវត្ដ​ចិន​ដំដែក​(ពិភទ្រ​រង្ស៊ី) មិន​សុខ​មិន​សាប់ ដោយ​ភ័យ​ខ្លាច​ពួក​វា​ពេក ក៏ប្ដេជ្ញាចិត្ដដើរចូលទៅអោយវាចាប់ឯក្រសួងធម្មការតែម្ដង។

(1) កូនតឹងនេះធ្វើដោយក្បាលឡោស៊ីដែកចងភ្ជាប់នឹងខ្សែកៅស៊ូវែង។ កាលណាចោលទៅវាយឺត លុះ​ត្រូវ​ហើយ​វា​ ក៏​មក​ត្រូវ​ដៃ​វិញ កូន​ខ្លះ​គេ​យក​ដុំ​សំណ​ធ្វើ​ក៏​បាន​ដែរ តាម​ដែល​លោក​ជុំ មួង​បាន​ឃើញ​នឹង​ភ្នែក​ថា មាន​បាតុ​ករ​ម្នាក់​ឈ្មោះ​រស បាន​បង្ហាញ​អាវុធ​ នេះ​លួច​ដាក់​បង្ការ​ខ្លួន​ក្រែង​លោ​មាន​កើត​ហេតុ​ក្នុង​ពេល​បាតុ​កម្ម​។ ឈ្មោះ​រស់​នេះ​ត្រូវ​ជា​បង​ថ្លៃ​លោក​អាចារ្យ អ៊ុច រស់ ដែល​ជា​មេ​ហាង​ ឱសថ​វិមាន​ឯក​រាជ្យ មុខ​វត្ដ​លង្កា​ភ្នំ​ពេញ​។ កាល​ពេល​រត់​ទៅ​ជួប​គ្នា​ឯ​បាត់​ដំបង លោក​រស់​បាន​ដំណាល​ប្រាប់​លោក​ជុំ មួង​ថា កាល​បាតុ​កម្ម​នោះ​ គាត់​បាន​ចោល​កូន​ត្រូវ​បារាំង ៤-៥នាក់​ដែរ។ ប៉ុន្ដែ​តាម​ដំណើរ​ថា កាល​នោះ​មាន​គ្នា​ច្រើន​ដែរ​ដែល​បើ្រ​អាវុធ​ពិសេសនេះ​។ )