៦ -គុកធំព្រៃនគរ & កាត់ទោស
ថ្ងៃអង្គារ ទី28.មករា 2014.ម៉ោង 20:54

   គ្រាដែលចូលដល់គុកធំភ្លាម គេបង្គាប់អោយដោះសំលៀកបំពាក់របស់ខ្លួនចេញហើយអោយផ្ញើទុកទាំងអស់នៅក្នុងឃ្លាំង រូច​គេ​អោយ​យើង​ចុះ​ហត្ថ​លេខា ក្នុង​សៀវ​ភៅ​បញ្ជី​ទុក​ជា​សំគាល់​។ របស់ដែលខ្ញុំផ្ញើទុកនោះគឺខោអាវ ចិញ្ចៀនមាស នាឡិកាដៃ និង​ប្រាក់​ចំនួន​១២​រៀល​។​ គេ​អោយ​ខោ​វែង​អាវ​វែង​យ៉ាង​ថ្មី​ស្អាត សំរាប់អោយស្លៀកពាក់ព្រមទាំងកន្ទេលចចូតថ្មីមួយផង សំរាប់យកទៅ​ដេក​សាល​ធំ​។ លុះ​គេ​នាំ​ចូល​ទៅ​ក្នុង​សាល​ធំ​នៅ​ជាន់​ទី​៤ សាល​លេខ​៣ ធំហើយក៏បានជួបនឹងលោកគ្រូអាចារ្យហែម ចៀវ និងលោកនួន ឌួង ដែល​គេ​បាន​បញ្ជូន​មក​ពី​ថ្ងៃ​មុន​ហើយ ចំណែក​លោក​គ្រូ​អាចារ្យ​ប៉ាង ខាត់​ទៅដាក់សា លទី១៥ ផ្សេងពីខ្ញុំ។

   នៅគុកព្រៃនគរគេមិនដាក់ខ្នោះជើងមនុស្សទោសទេ។ សាលក៏ធំទូលាយស្អាត ស្រលះមុខមាត់ បើរដ្ឋការ​គុក​សង្កត់​សង្កិន មនុស្ស​ទោស​ដោយ​ប្រ​ការ​ណា​មួយ បិទ​សិទ្ធិ​ខុស​ច្បាប់ ដោយ​អោយបាយឆៅ បាយលាយស្រូវច្រើនឬបាយខ្លោចឬមួយអោយ​សាច់ឬត្រី​​មិន​​គ្រប់​កំណត់​តាម​ច្បាប់ មនុស្ស​ទោស​អាច​តវ៉ា​បាន​រហូត​ដល់អាជ្ញាធរជាន់ខ្ពស់។ ឃើញដូច្នេះខ្ញុំនឹកថាឱ! មនុស្សទោស​ខាង​យួន​មាន​សិទ្ធិ​សេរី​ភាព​ជាង​មនុស្ស​ទោស​ខ្មែរ​ឆ្ងាយ​ណាស់ ចំណែក​ម្ហូប​អាហារ​ក៏​ល្អ​ជាង​ខាងគុកភ្នំពេញ។ នៅរាល់ថ្ងៃសៅ តែងមានអ្នកតំណាងខាង​តុលា​ការ​ចូល​ទៅ​ចាប់​ដៃ​មនុស្ស​ទោស​សួរ​សុខ​ទុក្ខ ក្រែង​ខាងអាជ្ញាធរខាងគុកធ្វើការ សង្កត់សង្កិនធ្វើខុសច្បាប់។ មនុស្សទោគេ​មាន​សិទ្ធិ​ទទួល​សំបុត្រ ដែល​គេ​ផ្ញើ​ពី​ក្រៅ​ទៅ ហើយ​និង​អាច​សរ​សេរ​សំបុត្រ​ផ្ញើ​ទៅ​សួរ​សុខ​ទុក្ខគ្រួសារបានដោយមិនចាំបាច់បិទតែមប្រិ៍ឡើយ។ ឯខាងគុក​ភ្នំ​ពេញ​យើង​មនុស្ស​ទោស​ជាប់​ខ្នោះ អា​ហារ​មិន​ល្អ សាល​ចង្អៀតដូចទ្រុងជ្រូកឥតសិទ្ធិសេរីភាពអ្វីសោះ។ សូមបងប្អូន​ជួយ​ពិចារ​ណា​មើល​? នៅ​ឆ្នាំ​១៩៤២ ដែល​ខ្ញុំ​ជាប់​គុក នៅ​ភ្នំ​ពេញ​បៀប​បាន​នឹង​ធ្លាក់​នរក ហើយ​ក្នុង​ឆ្នាំដដែលនេះខ្ញុំទៅជាប់គុកព្រៃនគរទៀត ចាប់តាំងពីចូលទៅ​ដល់​ហើយ​ផ្លាស់​​ខោ​អាវ​​ថ្មី​ៗ​កាល​ណា មនោ​សញ្ចេត​នា​ខ្ញុំ​ហាក់ដូចជាមិនមកជាប់គុកទេ ផ្ទុយទៅវិញហាក់ដូចជាចូលធ្វើ​ទា​ហាន ខោ​អាវ​ដែល​គេ​ចែក​អោយ ហាក់​ដូច​ជា​ខោ​អាវ​ទាហាន​។ ក្នុង​ឆ្នាំ​នោះ​ស្រុក​​យួន​​គេ​​មិន​ទាន់​បានឯករាជ្យ​ដូច​តែយើងដែរ ប៉ុន្ដែគេមានគំនិត រៀបចំទុកជាកន្លែងស្អាត​បាត ដែល​ជា​កន្លែង​សំរាប់​មនុស្ស​នៅ​បាន មិន​មែន​ទុក​ជានរកឬទ្រុងជ្រូកទេ ពីព្រោះផ្ទះសំរាប់មនុ ស្សនៅ ជាពិសេស គឺ​សំរាប់​ជាតិ​យួន​គ្នា​គេ​ដែល​មាន​ទោស​នៅ​។ គេ​រៀប​ចំ​អោយ​មាន​អាហារ​ល្អ អោយ​មាន​សិទ្ធិ​សេរី​ភាព ដល់មនុស្សទោសគ្នាគេក្នុងពេលដែលគេនៅជាខ្ញុំបារាំងដូច​តែ​ខ្មែរ​ដែរ​ តើ​វា​ខុស​គ្នា​យ៉ាង​ណា​? ម្យ៉ាង​ទៀត​មនុស្សទោសដែ លនៅក្នុងគុកនោះ នៅមិនទាន់តុលាការកាត់ទោសនៅឡើយ ហេតុ​នេះ​តុលា​ការ​នៅ​ធានា​រ៉ាប់​រង​អោយ​អ្នក​ជាប់​ចោទ​គេ មាន​សេរី​ភាព​ជានិច្ច​។ ឯខាងស្រុកខ្មែរយើងវិញឥតមាននរណាគិតគូរឡើយ បានជាមនុស្ស​ទោស​ខ្មែរ​ឥត​មាន​សិទ្ធិ​អ្វី​សោះ ហើយ​កែ​កំហុស​ខ្លួន​មិន​កើត (គុកគឺសាលាទូន្មានមនុស្សខូច ព្រោះអប់រំមនុស្សខូច​អោយ​ល្អ)​។ ខ្ញុំ​សូម​ជំរាប​ពី​ស្ថាន​ភាព​ក្នុង​គុក​ព្រៃ​នគរ​ត​ទៅ​ទៀត​។

   ផ្នែកទី១ នៃសាលធំគេអោយមនុស្សទោសខ្មែរនៅ ឯផ្នែកទី២សំរាប់មនុស្សទោសយួន ខាងផ្អែកខ្មែរ មាន​មនុស្ស​ទោស​ខ្មែរ​ម្នាក់​ជា​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម (ខ្ញុំ​ភ្លេច​ឈ្មោះ) ជា​ទាហាន​ជាប់ទោសយូរឆ្នាំហើយ គេតំរូវអោយមនុស្សនេះធ្វើមេ(កាប៉ូរ៉ាល់)ឬហៅដៃ​ប៊ីវ តាម​ពាក្យ​យួន​សំរាប់​ត្រួត​ត្រា​លើ​មនុស្ស​ទោស​ខ្មែរ ដូចគ្នាក្នុងផ្នែកសាលខ្មែរ បុរសនោះមានឯកអាមាត្យជាអង្គរក្ស​អម​ខ្លួន​គេ​ចំនួ​ន៧​នាក់​ផង​។ មនុស្ស​ទោស​ទាំង​អស់​ត្រូវ​នៅ​ក្រោម​ឱវាទ​នៃ​កាប៉ូ​រ៉ាល់​នេះ ឥត​មាន​នរ​ណាម្នាក់ហ៊ានខ្វើកឡើយ ដោយខ្លាចអំណាចគេផង ខ្លាចឯកអាមាត្យ​ផង​។ បើ​កា​ប៉ូ​រ៉ាល​នេះ​គេ​ខឹង​ឬ​ទាស់​ចិត្ដ នឹង​មនុស្ស​ទោសណាម្នាក់ គេជេរវាយទាត់ធាក់បានតាមចិត្ដឥតអាណិតអា​សូរ ឥត​មាន​ច្បាប់​អ្វី និង​ឥត​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ត​ដៃ​នឹង​គេ​ឡើយ គេ​ធ្វើ​ដូច្នេះ​ដើម្បី​បំបាក់​អ្នកចូលថ្មី អោយបាក់បបខ្លបខ្លាចគេបាក់ស្បាត លែងហ៊ានតវ៉ាអ្វីទាំង​អស់​។ ឯ​មនុស្ស​ដែល​ទើប​ចូល​ទៅ​ដល់​ថ្មី ជា​ចាំ​បាច់​ត្រូវតែវារពីចម្ងាយទៅជិតគេ ហើយលើដៃសំពះសូមជ្រកកាន​នឹង​គេ​ទើប​បាន​សុខ​។ ប៉ុន្តែ​បើ​និយាយ​រាយ​ការណ៍​ទាស់​ចិត្ដ​គេ ក៏​គេ​ទាត់​ធាក់​បំបាក់​ពី​ដំបូង​ដៃ​ដែរ​។

   នេះជាអំណាចផ្ដាច់ការមួយ ដែលជាកំអែលអាណានិគមនិយមឆ្លងមកដល់ជនជាតិខ្មែរយើងអោយចេះប្រើ​របប​ផ្ដាច់​ការ​ដែរ​។ សូម្បី​តែ​ខ្លួន​ជាប់​ទោស​ដូច​តែ​បង​ប្អូន​រួម​ជាតិ​ខ្លួន​ដែរ​គួរ​តែ​មាន​ចិត្ដ​មេត្ដាដល់គ្នាផង ហេតុអ្វីក៏នៅតែប្រើអំណាចសំលុត ជិះជាន់សង្កត់​សង្កិន​គ្នា​ឯង​ក្នុង​គុក​ទៀត​ដូច្នេះ​? នេះ​ហេតុ​តែ​តាំង​ខ្លួន​ធំ​ប្រើអំណាចដូចជាស្ដេច នៅក្នុងគុកដូច្នោះដែរ។ ចំពោះរឿងនេះ លោក​គ្រូ​អាចារ្យ​ហែម ចៀវ បាន​ដំណាល​ប្រាប់​ខ្ញុំ​តាំង​ពី​ទើប​ចូល​ទៅ​ដល់​ដំបូង​ម្លេះ​។ លោក​ថាកាលលោក ទើបចូលទៅដល់ដំបូង មានមនុស្សទោសមុនគេបាន​ខ្សឹបប្រាប់​លោក​អោយ​ធ្វើ​កិច្ច​លុត​ក្រាប​ចំពោះ​កា​ប៉ូ​រ៉ាល់​នេះទើបបាន សុខ។ លោកបានបន្ថែមទៀតថា លោកនួន ឌួងកាល​ដែល​ចូល​ទៅ​ដល់​ដំបូង ក៏​បាន​ធ្វើ​កិច្ច​គោ​រព​ប្រណិ​ប័តន៍​គេ​នេះ​ដែរ ប៉ុន្ដែ​នៅ​តែ​ខុស​ទាស់ចិត្ដគេទៀត។ មុនដំបូង លោកនួន ឌួងបានវារពីចំងាយប្រហែលបួន​ម៉ែត្រ​លុះ​ចូល​ទៅ​ជិត​ក៏​លើក​ដៃ​សំពះ​គេ​ដោយ​បញ្ចេញវាចាថា ខ្ញុំបាទសូមជ្រកក្រោមម្លប់ព្រះតេជគុណផង សូមមេត្ដាមើល​ការ​ខុស​ត្រូវ​អោយ​ទាន​ផង​! កា​ប៉ូ​រ៉ាល់​សួរ​ថា អា​ហ្អែង​មាន​រឿង​អី​បាន​ជា​ជាប់​គុក​? លោកនួន ឌួងឆ្លើយថាគេចោទថាខ្ញុំបាទបះបោរក្បត់បារាំង! គ្រាន់តែលឺ​សូ​ថា​ក្បត់​បារាំង​ដូច្នេះ​ឥត​បាន​សួរ​បញ្ចាក់​អ្វី​ទៀត​ទេ បុរសនោះក៏ស្រែកឡើងថា «យើ! អាហ្អែងក្បត់បារាំងផង!» គ្រាន់​តែ​លឺ​ពាក្យ​ចៅ​ហ្វាយ​គេ​ថា «យើ​!អា​ហ្អែង​ក្បាត់​បារាំង​ផង​» ប៉ុណ្ណោះ ពួក​ឯក​អាមាត្យ​គេ​ប៉ុន្មាន​នាក់​ក៏​ស្ទុះ​ឡើងទាត់ធាក់លោក នួន ឌួង ព្រមគ្នាឥតមានអាណិត​អាសូរ​អ្វើ​ឡើយ​។ ទាល់​តែ​ធ្លាក់​ពី​ថ្នាក់​លើ​ទៅ​ក្នុង​ចន្លោះក្រោមចំមាត់ទ្វារសន្លប់ឥតដឹងខ្លួន។ លោកអាចារ្យហែម ចៀវ បាន​បន្ដ​ទៅ​ទៀត​ថា ចំណែក​ខ្លួន​លោក​ក៏​របៀប​លុត​ក្រាប​តាម​ក្រោយ​លោក​នួន ឌួង​ដែរ (លោក​អាចារ្យ​ហែម ចៀវជាមនុស្សឆ្លាតវៃ បានឃើញអាចារ្យនួន ឌួង គេ​វាយ​សន្លប់​ទៅ​ហើយ​លោក​ក៏​នឹក​ទាន់​) លុះ​លោក​វារ​ទៅដល់គេបែរមកសួរលោកថា ចុះអាកញ្ជ្រមឯងនេះមានរឿង​អី​ដែរ​បាន​ជា​ជាប់​គុក​? លោក​ក៏​ឆ្លើយ​ថា ខ្ញុំ​បាទ​នេះ​ជា​លោក​សង្ឃ​ទេ ម្នាក់​អំបាញ់​មិញ​ក៏​ជា​អាចារ្យ មាន​រឿង​ជា​មួយ​ខ្ញុំបាទដែរ គេសួរទៀតថា ហ៊ីះ! បើលោកសង្ឃ ម្ដេច​ក៏​ជាប់​គុក​​? មាន​រឿង​អី! លោក​ឆ្លើយ​ថា ខ្ញុំ​បាទ​ធ្លាប់​បាន​ទៅទេសនាគ្រប់ទីកន្លែង មានឧបាសក ឧបាសិកាចូលចិត្ដស្ដាប់ធម៌ជាច្រើន​គ្នា​។ បារាំង​មិន​យល់​ភ័យ​ខ្លួន​ស្រាប់​តែ​ចោទ​ខ្ញុំ​ថា​នាំ​រាស្រ្ដ​បះ​បោរ ហើយ​គេ​ចាប់​ខ្ញុំ​បាទ​ផ្សឹក​យកមកដាក់គុកនេះឯង! លុះលឺលោកថ្លែង​ការណ៍​ប្រាប់​ដូច្នេះ​ហើយ​ គេ​ក៏​សុំ​អោយ​លោក​អធិ​ប្បាយ​រឿង​នោះ​ដោយ​ពិស្ដារ​អោយ​គេ​ស្ដាប់​ទៀត។ គ្រាន់តែបានស្ដាប់ សេចក្ដីអធិប្បាយ​របស់​លោក​រួច​ហើយ កា​ប៉ូ​រ៉ាល់​នោះ ព្រម​ទាំង​ឯក​អា​មាត្យ​គេ​ហាក់​ដូច​ជា​ភ្ញាក់​ខ្លួន​មានចិត្ដទោរទន់ នឹកអាណិតលោកនួន ឌួង គេក៏បង្គប់គ្នាគេអោយជួយ​រីត​លោក​នួន ឌួង​អោយ​ដឹង​ខ្លួន​ឡើង​វិញ ហើយ​ទើប​លើក​ដាក់​មក​លើ​ថ្នាក់​វិញ​។ ចាប់​ពីពេលនោះមកបុរសនោះហាក់ដូច​ជា​ស្លូត​ជាង​មុន មិន​ឃើញ​ធ្វើ​ទា​រុណ​កម្ម​មនុស្ស​ទោស​គ្នា​ឯង​ឡើយ​។ លោក​អាចារ្យ​ហែម ចៀវ លោក​ជា​អ្នកទេសនាជើងឯកមួយក្នុងបណ្ដាលោក​សង្ឃ​អ្នក​ទេស​នា​ទាំង​អស់ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អាច​ដោះ​កុន​បាន​។ សម​ដូច​សុភា​សិត​ខ្មែរ​យើងថា សម្ដីជាឯក។ ប៉ុន្ដែ​ចំណែក​ខាង​មនុស្ស​ទោស​ឯ​ទៀត​នៅ​តែ​កោត​គោ​រព​គេ​ដូច​ពី​ដើម​ដដែល​។

   នៅពេលដែលក្រុមខ្ញុំប៊ុណ្ណចន្ទម៉ុល ចូលទៅដល់ក្រោយលោកគ្រូអាចារ្យហែម ចៀវ បានប្រាប់ទៅកា​ប៉ូ​រ៉ាល​នោះ​ថា ពួក​ចូល​ក្រោយ​នេះ​ជា​ពួក​របស់​លោក​ដែរ មាន​រឿង​ជា​មួយ​គ្នា​ដែរ​ក៏​បាន​សេចក្ដីសុខតមកទៀត។ ក្រោយដែលខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល ធ្វើការលុតក្រាប​រួច​ហើយ​គ្រាន់​តែ​សួរ​ពីរ​បី​ម៉ាត់​។ លុះ​ដឹង​ថា​ខ្ញុំ​បាទ​ពួក​លោក​គ្រូ​អាចារ្យ​ហែម ចៀវហើយគេក៏នៅស្ងៀមទៅ។ ខ្ញុំមានសេចក្ដីត្រេក​អរ​ឥត​ឧបមា​ហើយ​ក៏​សំពះ​លា​គេ​មក​ន្លែង​ខ្លួន​វិញ​។

   រឿងនេះសូមអស់លោកមិត្ដជាទីស្នេហាជួយពិចារណាមើលបើខាងក្រៅ ត្រូវអាណានិគមនិយមបារាំង​ធ្វើទា​រុណ​កម្ម​បំ​បាក់​អោយ​បាក់​ស្បាត អោយ​ខ្លាច​រអា​ដោយ​សំឡុត​គ្រប់​យ៉ាង ដល់ចូលទៅក្នុងគុកក៏មានប្រើអំណាចផ្ដាច់ការសង្កត់សង្កិនរវាង មនុស្សទោស​គ្នា​ឯង​ទៀត​។ តើ​អោយ​ប្រ​ជា​រាស្រ្ដ​ខ្មែរ​យើង​ហ៊ាន​តស៊ូ​យក​ឥស្ស​រភាព​បែប​ណា​ទៅ​កើត​?។

   ឯចំណែកខាងមនុស្សយួនវិញ នៅក្នុងសាលជាមួយខ្មែរដែរតែម្ខាងម្នាក់ក៏គេមិនធ្វើដូចជាខ្មែរទេ ព្រោះគេមានការ​អប់​រំ​យូរ​យារ​ណាស់​មក​ហើយ គេ​រាប់​អាន​មនុស្ស​ទោស​ដូច​គ្នា​ហាក់​បី​ដូច​បង​ប្អូនបង្កើតនៅពេលចូលទៅក្នុងកន្លែងគុក ហើយគេតែងពន្យល់​អ្នក​ថ្មី​អោយ​ស្ដាប់​បាន​នូវ​របៀប​រស់​នៅ​ក្នុង​គុក​មួយ​ចប់​ថែម​ទៀត​តែ​ម្ខង គេ​មិន​សំឡុត​ដូច​យើង​ខ្មែរ​ទេ​។

   នៅគុកព្រៃនគរគេបានទទួលទានអាហាររួមគ្នា ក្នុង១វង់១០នាក់។ ឯម្ហូមគេនោះឃើញគ្រាន់បើជាងខាង​គុក​យើង​ភ្នំ​ពេញ ប៉ុន្ដែ​ទាស់​បន្ដិច​ត្រង់​អោយ​បាយ​តិច​ពេក​។ ខ្លួនខ្ញុំ​កំពុង​ពេញ​កំលាំង​ទទួល​ទាន​ចំណែក​បាយនោះមិនឆ្អែតទេ។ គេវាល់ចែកក្នុង ម្នាក់ៗ​ប្រាំ​មួយ​ចាន​តូច​ស្ទើរ​ប៉ុន​ពែង​។ បើ​ទទួល​ទាន​ធំ​មែន​ទែន​បាន​ប្រ​ហែល​៤-​៥ម៉ាត់​ប៉ុណ្ណោះ​អស់​ហើយ​។ ប៉ុន្ដែជាកុសល ដែរដោយពេលល្ងាច​ខ្ញុំ​ត្រលប់​ជា​មាន​ភ័ព្វ​សម្បូ​រណ៍​បាយ​ទៅ​វិញ ត្បិត​លោក​គ្រូ​អាចារ្យ​ហែម ចៀវ​និង​លោក​នួន ឌួង លោក​មិន​ពិសារ​ពេល​ល្ងាច លោក​រក្សាសីល៨រាល់ថ្ងៃ តម​បាយ​ល្ងាច​រហូត​។ ម៉្លោះ​ហើយ​បាយ​ជា​ចំណែក​របស់​លោក​ទាំងពីរ ត្រូវធ្លាក់មកលើខ្លួនខ្ញុំជាអ្នករ៉ាប់ទាំងអស់គឺបាយរបស់អ្នក​ទាំង​ពីរ​នាក់​និង​បាយ​ចំណែក​ខ្លួន​ខ្ញុំ​ផង​រួម​ជា​បី​ចំណែក ខ្ញុំ​ទទួល​ទាន ម្នាក់​ឯង​យ៉ាង​ឆ្អែត​មែន​ទែន ខ្ញុំ​បាន​បាយ​ឆ្អែត​បរិ​បូរណ៌​តែ​ពេល​ល្ងាច​។

   ចំណែកលោកគ្រូអាចារ្យប៉ាង ខាត់ ដែលគេយកទៅនៅកន្លែងផ្សេងនោះពុំដែលបានដំណឹងសុខទុក្ខអ្វី​ឡើយ​។ ឯ​លោក​ប៉ាច ឈឺន​ក៏​ដូច្នេះ​ដែរ ដោយ​លោក​ត្រូវ​នៅ​គុក​ងងឺត​ឯ​បាត​ដី​ឯណោះ​។

   មានមួយថ្ងៃដែលខ្ញុំទើបទៅដល់គុកព្រៃនគរ ខាងតុលាការសឹកបានហៅខ្ញុំទៅសួរចំលើយនៅបន្ទាយទាហាន​បារាំង​ខ្ញុំ​ត្រូវ​អង្គុយ​ផ្ទាល់​លើ​ឥដ្ឋ​ការ៉ូ​ចាំ​គេ​ហៅ​សួរ​។ បង​ប្អូន​រួម​ជាតិ​អើយ! ពេល​ខ្ញុំ​ក្រលេកទៅក្រោមតុសរសេរឃើញនំបុ័ងមួយប្រហែល​ប៉ុន​កដៃ​ ដុះ​ផ្សិត​ខ្លះ​នៅ​ល្អ​ខ្លះ ដែល​គេ​បោះ​ចោល​នៅ​ទី​នោះ មិន​ដឹង​ជា​ពី​ថ្ងៃ​ណា​មក​ទេ​។ ដោយ​អំណាចឃ្លានពេក ទៅជាស្រក់ទឹកមាត់គិតប្រថុយរើស​នំ​បុ័ង​នោះ​យក​មក​ទទួល​ទាន តែ​ដល់​គិត​វែង​ខ្លី​ទៅ​ក៏​ខំ​ទប់​ចិត្ដ​អាក់​ខាន​ទៅ​វិញ​ដោយ​ខ្លាច​ត្រូវ​នឹងស្វាយកាំភ្លើងរបស់ទាហានយាមជាជាងឃ្លាន​។ មួយ​វិញ​ទៀត​មាន​មិត្ដ​ភក្ដិ​ជា​ច្រើន​ញៀន​បារី​ខ្លាំង​ទៅ​ហើយ ពុំ​ដែល​បាន​ទទួល​ទាន​សោះ មានលោកភោគ នី (លោកភោគ នី​ឥឡូវ​បួស​គង់​នៅ​ម្ដុំ​បឹង​តាពន់ ជិ​តចំកា​រដូង​ស្ទឹង​មាន​ជ័យ​) ដែល​ឃើញ​អ្នក​ធ្វើ​ការ​ឯ​ក្រៅបានកន្ទុយបារីមកផ្ញើ អ្នកដែលញៀននៅក្នុងគុកត្រេកអរក្រៃលែង​បាន​អោយ​ពរ​សព្ទ​សាធុ​ការ​ដល់​ខ្ញុំ​។ លុះ​បាន​ចំណែក​ថ្នាំ​កន្ទុយ​បារី​ហើយ ពួក​មិត្ដ​ភក្ដិ​ដែលញៀននោះយកក្រដាសកាសែតមកមូរទទួលទាន​ដោយ​សំចៃ មិន​ហ៊ាន​ដាក់​ថ្នាំ​ច្រើន​ទេ​គឺ​ដាក់​ថ្នាំ​តែ​បន្ដិច​ៗ​នៅ​ចុង​ក្រ​ដាស ហើយ​ទុក​ក្រ​ដាស​រមូរ​ខាងបៀមអោយវែងដើម្បីជក់ទៅអោយឆេះ​អស់​កុំ​អោយ​សល់។​

   ពេលដែលខ្ញុំចេញទៅធ្វើការឯក្រៅគុកម្ខងៗ ពួកអ្នកញៀនស្រែកផ្ដាំរញ៉ថា អោយខំរើសកន្ទុយបារីមកផ្ញើផង។ ខ្ញុំ​មាន​ចិត្ដ​អាណិត​មិត្ដ​ភក្ដិ​ក្រៃ​លែង ចេះ​តែ​ខំ​រើស​មក​ផ្ញើ​មិន​ខាន​ក្នុង​ពេល​ដែល​បាន​ចេញទៅធ្វើការខាងក្រៅគុក។ ក្នុងគុកព្រៃនគរ នៅពេល​បុណ្យ​ជាតិ​ម្ដង​ៗ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​សែន​ក្បាល​ទឹក​៘ បង​ប្អូន​គ្រួសារគេយកអីវ៉ាន់ដូចនំអន្សម ម្ហូបអាហារ ចំណីចំណុក ផ្លែឈើ​ជា​ដើម​មក​អោយ​បង​ប្អូន​គេ​ដែល​ជាប់​ឃុំ​ឃាំង យ៉ាង​សំបូរ​ហូរ​ហៀរ​។ ពួក​ទាំង​នោះ​គេ ចែក​អាហារនោះតមកខាងខ្មែរទៀតអោយបានបរិបូណ៌ដែរ។ ដល់​ថ្ងៃ​បុណ្យ​បារាំង​ដូច​ចូល​ឆ្នាំ​និង​ថ្ងៃ​ ១៤​កក្កដា ខាង​អាជ្ញា​ធរ​គុក​គេ​ធ្វើ​ម្ហូប​ពិសេស​ៗ អោយមនុស្សទោសទាំងអស់បានឆ្ងាញ់ពីរដង​ដែល​ក្នុង​មួយ​ឆ្នាំ​។