អក្សរសិល្ប៍ខ្មែរ
គុកនយោបាយ
ប៊ុណ្ណចន្ទ ម៉ុល
៨ -ជីវភាពនៅគុកោះត្រឡាច
ថ្ងៃអង្គារ ទី4.កុម្ភៈ 2014.ម៉ោង 20:06
ក្នុងពេលឈប់សំរាក១៥ថ្ងៃនាះ គេអោយទទួលទានម្ហូបអាហារគ្រប់គ្រាន់ដោយហេតុថា កន្លែងដែលសំរាកនោះជាកន្លែងព្យាបាលជំងឺ គេត្រូវថែរក្សាអោយបានស្រួលមានកំលាំងកំហែងសិន អាហារក៏អោយទទួលទានបរិបូរណ៍គឺមានម្ហូបដោយ ត្រីសមុទ្រ ស៊ុតមាន់សាច់សត្វល្មេចក៏មាន ដែលគេយកទៅស្លម្ជូរស្លឹកថ្នឹង ឬស្លឹកទ្រមូងតាមតែអ្នកធ្វើម្ហូមគេលៃលក ឃើញឆ្ងាញ់ពិសាជាងម្ហូបនៅគុកព្រៃនគរ។ ឯបាយក្រហមក៏អោយច្រើនបរិភោគមិនអស់។ ក្រោយពេលបាយព្រឹកនាំគ្នាសំរាក រួចនាំគ្នានិយាយលេងកំសាន្ដពីនេះពីនោះ មានរឿងប្រលោមលោកជាដើម។ ក្រោយពេលបាយល្ងាចគេដាក់ខ្នោះជើងទាំងពីររហូតដល់ព្រឹកឡើងប្រហែលម៉ោង៦ ទើបគេអោយបរិភោគបបរនឹងត្រីកញ្ចុះប្រៃចៀន។
លុះសំរាក១៥ថ្ងៃហើយ ទើបឃើញនាយតំរួត៤-៥នាក់មកបើកទ្វារបញ្ចេញពួកយើងខ្ញុំទៅក្រៅទាំងអស់អោយឈរជាជួរដើម្បីនាយតំរួតធំគេត្រួតមើលសិន ទើបគេអោយដើរជាពីរជួរឆ្ពោះទៅគុកធំ ដែលមានទំហំធំជាងគុកសំរាកនោះមួយជាពីរ ហើយនិងធំជាងគុកនៅភ្នំពេញទៅទៀត ហើយដែលមានមនុស្សជាង ៤០០០០ រស់នៅទីនោះ។ គុកនោះគេហៅថា គុកបំរុង គឺជាកន្លែងដែលគេត្រូវជ្រើសរើសបែងចែកអ្នកទោសអោយទៅធ្វើការនៅកន្លែងដទៃទៀតឆ្ងាយៗក្នុងនាទីកោះត្រឡាច។
គ្រាដែលទៅដល់គុកធំនោះ ក្រោយពីបានចំណែកកន្ទេលចចូត១ម្នាក់ហើយ គេបញ្ជូនទៅក្នុងសាលទី៦ ក្នុងបណ្ដាសាលទាំង១០នៃគុកធំនោះនៅវេលាប្រហែលម៉ោង៩ព្រឹក។ លុះសំរាកបានបន្ដិចក៏ដល់ពេលបាយថ្ងៃត្រង់ហើយ លឺសូរគេវាយស្គរទូងៗ សូរមនុស្សនិយាយគ្នាអ៊ូរអរខាងក្រៅខាងមុខគុក។ មិត្ដខ្ញុំបានប្រាប់ខ្ញុំថា នេះជាពេលដែលមនុស្សទោសត្រលប់ពីធ្វើការវិញ។ ក្រោយនោះបន្ដិច ទើបឃើញតំរួតមកបើកទ្វារបញ្ចេញយើងទៅក្រៅ អោយអង្គុយជាក្រុម ក្នុង១ក្រុម៦នាក់។ គេដាក់ស្នូកបាយធំៗ មានចានគូមធំមួយ ត្រលោកដូង៦-៧ព្រមទាំងចង្កិះមួយបាច់ផង មានកូនចានតូចមួយដាក់ទឹកត្រី។ ឯម្ហូបមានតែត្រីកញ្ចុះចៀនមួយមុខគត់ ត្រីកញ្ចុះនោះស្អុយពុកមិនដឹងតាំងពីកាលណាទេ។ ក្រោយពេលដែលបរិភោគហើយ គេបញ្ជូនទៅគុកវិញនៅវេលាប្រហែលម៉ោង១០កន្លះ។
នៅពេលនោះ ខ្ញុំសង្កេតឃើញមនុស្សទោសខ្លះសំរាក ខ្លះនិយាយគ្នាលេង ខ្លះលេងចត្រង្គ លេងរែក។ ចំលែកតែត្រង់ក្រុមមួយទៀតឃើញខំរៀនអក្សរអង់គ្លេស បារាំង រុស្សីជាដើម។ ក្នុង១ក្រុមៗប្រហែល៥-៦នាក់ប៉ុណ្ណោះ។ គេយកកំបោរសធ្វើ ជាដីសសរសេរនៅលើឥដ្ឋបេតុងដែលជាកន្លែងដេកនោះឯង។ ខ្ញុំបានសង្កេតម្យ៉ាងទៀត ឃើញច្រើនតែជាតិយួន ដែលជាក្រុមអ្នកនយោបាយដែលហៅថា ពួកយៀកមិញ។ ពួកនេះគេអប់រំគ្នាគេជានិច្ចពីរឿងនយោបាយគឺធ្វើយ៉ាងណាអោយគេខំតស៊ូតាមផ្លូវចិត្ដកុំភ្លេច។ មួយទៀតក្រុមនេះចូលចិត្ដខំព្យាបាលអប់រំមនុស្សទោសធម្មតា (droit commun) ដែលពុំមានទោសនយោបាយមានទោសចោរកម្មជាដើម អោយចូលចិត្ដលុះក្នុងការណែនាំរបស់គេ អោយយល់នូវឧត្ដមគតិល្អ អោយដើរត្រូវឆ្ពោះទៅរកសេចក្ដីចំរើនលូតលាស់។ ប៉ុន្ដែនៅមានមនុស្សទោសខ្លះដែលប្រកាន់អស្មិមានៈរឹងរូសពុំយកតាមដំបូន្មានល្អជាច្រើនដែរ ដែលពួកគេលើកទុកដោយឡែក សំរាប់ប្រើការផ្សេងៗក្រៅពីនយោបាយបានទៀត។ ឧទាហរណ៍ក្រុមគេ (ពួកនយោបាយ) ត្រូវតំរូវបារាំងផ្លាស់គ្នាគេទៅអោយនៅជាមួយពួកទោសធម្មតានេះ គេផ្ដាំផ្ញើអោយមើលការខុសត្រូវដល់ពួកគេផង។ឯពួកអ្នកទោសធម្មតានៅតែទទួលស្គាល់ពួកគេនេះ ជាពួកតស៊ូខាងនយោបាយរំដោះជាតិពីនឹមបារាំងដរាប គេឥតប្រឆាំងអ្វីទេ ដែលជាហេតុនាំអោយពួកអ្នកនយោបាយទាំងនោះសុខស្រួលប្រកបដោយសេចក្ដីក្លាហានឥតរួញរាក្នុងការតស៊ូខាងនយោបាយតទៅទៀត។
នេះជារឿងពិតក្នុងឆ្នាំ១៩៤២ ដែលខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល បានឃើញច្បាស់នឹងភ្នែកឯង ដែលហេតុនាំអោយខ្ញុំខំព្យាយាម ចងចាំនូវរឿងជាតិគេទុកក្នុងសន្ដានចិត្ដរហូតមក ដើម្បីខ្ញុំនឹងសរសេររឿងពិតទាំងនេះជូនបងប្អូនរួមជាតិអោយបានដឹងបានលឺ ទុកជាមេរៀនតទៅ។ យួនគេខ្ញុំបារាំងដូចយើងដែរ គេចេះបបួលគ្នាខំរើខ្លួនពីទាសភាពបារាំង ចុះខ្មែរម្ដេចក៏សុខចិត្ដនៅស្ងៀមធ្វើខ្ញុំបារាំង? បើយើងធ្វើមិនបានស្មើនឹងយួន ក៏បានពាក់កណ្ដាលគេទៅចុះ នេះមិនដូច្នេះ ឈឹងរហូតតែម្ដង ឥតរវល់សោះ អោយតែខ្មែរណាមានចិត្ដតស៊ូការពារជាតិនោះ តាំងចោទគ្នាថា ជាមនុស្សចោលម្សៀត មិនបានការ មិនហានទាំងមើលមុខ ឬស្ដីរកគ្នាផង ថែមទាំងជួយផ្ដន់ទាទោសគ្នាទៀត។ មានខ្លះលបប្រាប់បារាំងអោយធ្វើបាបខ្មែរណាដែលតស៊ូថែមទៀតផងក៏មាន។ ខ្មែរយើងច្រើនតែយកពាក្យមួយម៉ាត់ថា «កុំយកពងមាន់ទៅជល់នឹងថ្ម» ហើយនិងបង្អប់បំភ័យអោយរួញរា ប្រាសចាកសេចក្ដីក្លាហានថាៈ «យើងពផែនដីតែម្នាក់ឯងម្ដេចរួច បើគេឯងឯទៀតមិនរវល់រាល់គ្នានោះ?» ពាក្យទាំងនេះល្មមយើងរាល់គ្នាឈប់យកមកប្រើទៀតទៅ ព្រោះជាពាក្យដែលនាំអោយយុវជន ជំនាន់ក្រោយបាត់សេចក្ដីក្លាហាន បាត់ការតស៊ូ ដើម្បីប្រយោជន៍ជាតិអស់ ជូនកាលជំនាន់យើងខ្ញុំនោះ។ សម័យបច្ចុប្បន្ននេះមនុស្សលោកបានឡើងដល់ព្រះច័ន្ទទៅហើយ ខ្មែរយើងនៅតែមិនទាន់ភ្ញាក់ខ្លួនទៀត ទាល់តែរលាយជាតិដូចជាចាមទៅឬទើបភ្ញាក់ខ្លួន?។
នៅពេលសំរាកថ្ងៃត្រង់ពួកគេនាំគ្នារៀនបានមួយម៉ោង ពេលយប់ចាប់ពីម៉ោង១៨ទៅ ពួកគេនាំគ្នារៀនបានពីរបីទៅបួនម៉ោងទៀតទើបគេនាំគ្នាដេក។ នេះជាការពិត គេនាំគ្នានិយាយថា ការតស៊ូជាករណីយកិច្ចរបស់ប្រជាពលរដ្ឋយួនទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ដើម្បីអោយជួយរំដោះប្រទេសអោយរួចពីនឹមបារាំង ទោះជាឆាប់ក្ដីយូរក្ដី គឺថាត្រូវតែរួបរួមគ្នាកុំបីខាន ប្រយោជន៍នឹងជួយកូនចៅរបស់គេជំនាន់ក្រោយអោយបានសេរីភាពបានសុខសន្ដិភាពតទៅ។ គេហាមគ្នាមិនអោយនិយា យពី រឿងខ្លាចស្លាប់ ពីរឿងថយក្រោយឡើយ តែយើងខ្លាចស្លាប់មិនដឹងជាពេលណាយើងនឹងបានរួចខ្លួនជាអ្នកជាឡើយ។ ហើយកូនចៅយើង ជំនាន់ក្រោយវានឹងតិះដៀលប្រទេចផ្ដាសាយើងជំនាន់មុនយ៉ាងណាទៅ? ហេតុនេះយើងជាជាតិខ្មែរត្រូវតាំងចិត្ដរួមគ្នា ខំប្រឹងតស៊ូឡើងកុំខ្លាចស្លាប់ អោយទាល់តែបានសំរេចនូវគោលដៅរបស់យើង។
ដល់មកត្រង់ណេះខ្ញុំសូមសាទៅជំរាបរឿង កាលដែលខ្ញុំនៅគុកធំព្រៃនគរនៅឡើយម្ដងទៀត។
នៅគុកព្រៃនគរពួកអ្នកទោសនយោបាយជាតិយួន គេតែងអប់រំគ្នាគេអោយខំប្រឹងតស៊ូរំដោះជាតិគេជានិច្ចដែរ។ ខ្ញុំប៊ុណ្ណចន្ទ ម៉ុល បានជួបនឹងលោកគ្រូអាចារ្យហែម ចៀវ និងលោកនួនឌួងម្ដង។ លោកទាំងពីរមានភ័ព្វបានទៅជាមួយពួកមនុស្សទោសនយោបាយជាតិយួន។ លោកជ្រាបហេតុការណ៍នេះដោយផ្ទាល់ខ្លួនលោក។ កន្លែងដែលលោកទាំងពីរនៅនោះជាកន្លែង ទោសឧក្រិដ្ឋ គេដាក់លោកជាមួយពួកយួន ដើម្បីរង់ចាំសំរេចពីលោក ហ្សេនេរ៉ាលប៉េតាំងឯក្រុងបារីសដែលគេផ្ញើសំណុំរឿងប្រហារជីវិតទៅសុំសេចក្ដីអនុគ្រោះ បើលោកប៉េតាំងយល់ព្រមតាមសាលក្រមអោយសំលាប់គេក៏សំលាប់ភ្លាម។ បើលោកប៉េតាំងត្រាប្រណីបន្ថយទោសត្រឹមមួយជីវិត គេក៏សំរេចតាមដែរ។
ខ្ញុំសូមជំរាបមិត្ដថា គុកនៅព្រៃនគរគេតែងនាំមនុស្សទៅប្រហារជីវិតនៅវេលាម៉ោង៥ភ្លឺ។ មនុស្សនោះតែងស្រែកលាមិំត្ដ ភក្ដិរួមជាតិរបស់គេថា «មិត្តរួមឈាមអើយ! យើងសូមលាទៅស្លាប់មុនហើយ សូមមិត្ដរាល់គ្នាកុំភ្លេចខំតស៊ូទៅទៀតអោ យទាល់តែបានសំរេច»។ ក្នុងពេលនោះពួកមិត្ដភក្ដិគេនៅគ្រប់សាលនំាគ្នាក្រោកឈរឡើង ស្រែច្រៀងបទជូនដំណើរមិត្ដ គេទៅស្លាប់យ៉ាងអង់អាចក្លាហាន គេស្រែក «ជយោហូជីមិញៗៗៗ» ហើយអ្នកដែលឥតទាន់ប្រហារជីវិតបាននិយាយថា មិត្ដយើងមិនភ្លេចបណ្ដាំមិត្ដទេ ពួកយើងនៅតស៊ូៗៗៗ លុះត្រាបានសំរេច (កាលនោះហូជីមិញជាអ្នកបដិវត្ដដ៏សំខាន់ ជនជាតិយួនដើរតាមគំនិតហូជីមិញមាំណាស់ សអោយឃើញថា ពួកយួនគេចេះភ្ញាក់រលឹកមានសាមគ្គីដើរតាមក្រោយអ្នកដឹកនាំ ឥតរួញរាសោះឡើយ!) ហើយឈរត្រង់ខ្លួនដើម្បីគោរពវិញ្ញាណខន្ធនៃវីរបុរសដែលស្លាប់នោះ។ លុះតំរួតនាំមនុស្សទោសនោះចេញផុតពីទ្វារគុកហើយទើបគេនាំគ្នាសំរាកទៅវិញ។
សូមមិត្ដកុំឆ្ងល់ថា ម្ដេចក៏មនុស្សទោសនៅក្នុងគុកមានសេរីភាពអាចស្រែកច្រៀង ឬធ្វើអ្វីតាមចិត្ដម៉្លេះ? សូមមិត្ដជ្រាបថាទោសដល់ប្រហារជីវិតទៅហើគេឥតប្រកាន់ទេធ្វើអ្វីបានតាមចិត្ដចង់ជេរនរណាក៏បានដែរ។
មិត្ដជ្រាបទេទើបតែនៅឆ្នាំ១៩៤២នោះហើយ ដែលមានមុនុស្សទោសនយោបាយជាតិខ្មែរទៅជាប់គុកនៅព្រៃនគរ ពីមុនមកគ្មានសោះ។ ហេតុដូចនេះហើយបានជាពួកនយោបាយយួនគេរាប់អានពួកអ្នកទោសនយោបាយខ្មែរ គេនាំគ្នាអោយម្ហូប អាហារចំណីចំណុកទទួលទានគ្រប់ៗគ្នា។ អាហារនោះពួកញាតិមិត្ដ ឬពួកក្រុមគេនៅឯក្រៅគុក មានសិទ្ធិយកមកអោយបង ប្អូនឬជាមិត្ដនៅក្នុងគុករាល់ថ្ងៃសៅមិនដែលខានឡើយ។ ពួកអ្នកទោសនយោបាយយួនគេមានសេចក្ដីត្រេកអរ ដោយឃើញមានពួកខ្មែរទៅជាប់គុកកាលឆ្នាំ១៩៤២នោះដែរ។ គេនិយាយថាដល់ពេលយើងរួបរួមគ្នាវាយក្បាលបារាំងហើយ បារាំងមិនអាចនាំបងប្អូនខ្មែរទៅវាយពួកគេបានទេ។ គេនាំគ្នាថែទាំលោកគ្រូអាចារ្យហែម ចៀវ លោកនួន ឌួង និងប៉ាច ឈឺនណាស់ព្រោះជាប្រយោជន៍សំរាប់គេដែរ។
ខ្ញុំសូមស្លេះត្រឹមនេះ ហើយសូមមិត្ដបែរមកមើលឯកោះត្រឡាចទៅទៀត។ លុះដល់ពេលម៉ោង ១៣ថ្ងៃត្រង់ លឺគេវាយស្គរម្ដងទៀត ដើម្បីអោយមនុស្សទោសទៅធ្វើការរៀងខ្លួនម្ដងទៀត។ មិត្ដភក្ដិឯទៀតនិងខ្ញុំបានចេញជាមួយក្រុមមនុស្ស ទោសឯទៀតដែរ។ គេអោយឈរជាពីរជួរ រួចមេតំរួតកាន់បញ្ជីមួយសន្លឹកដើររាប់យកមនុស្សទោសទាំងអស់នោះ តាមសេចក្ដីត្រូវការរបស់គេ។ ឧបមាថា គេត្រូវការមនុស្សទោស១៥នាក់ អោយទៅកាប់អុស ១៥នាក់អោយទៅធ្វើថ្នល់ ៤០នាក់អោយទៅជញ្ជូនអីវ៉ាន់ផ្សេងៗតាមតែត្រូវការ៘
នៅក្នុងថ្ងៃនោះខ្ញុំព្រមទាំងមិត្ដខ្ញុំចំនួន២៥នាក់ មានវាសនាបានទៅធ្វើថ្នល់ក្នុងបន្ទាយទាហាននៅចំងាយពីគុកទៅប្រហែលជាង១គីឡូ។ លុះទៅដល់ហើយក៏ចាប់ធ្វើតាមបង្គាប់គេ មានបោសថ្នល់រៀបចំអោយរទេះរ៉ូឡូ (Rouleau) កិនចាក់ថ្នល់ កៅស៊ូ។ នៅពេលនោះខ្ញុំខំប្រមូលកន្ទុយបារីថ្នាំប្រហែលមួយក្ដាប់ធំដាក់ក្នុងហោប៉ៅអាវ ទុកផ្ញើមិត្ដភក្ដិឯក្នុងគុក ដែលអត់យូរថ្ងៃហើយ។ លុះដល់ម៉ោង១៦ និង៣០ នាយតំរួតបាននាំពួកធ្វើការទាំងអស់ត្រលប់មកគុកវិញ។ គេអោយលុបលាងមុខជូតខ្លួនបន្ដិចទើបគេអោយអង្គុយជាជួរតាមសំយ៉ាបមុខគុក បានបន្ដិចរួចគេលើកបាយស្នូកមកដាក់អោយទទួលទានជាក្រុមៗ ដូចកាលពីមុន។ បាយស្នូកទាំងនេះ សត្វរុយរោមពេញយកដៃបក់រុយមិនចេញបរិភោគតែម្ដង ពីព្រោះបាយនោះអ្នកទោស ចុងភៅដួសទុកមុនមួយម៉ោងកន្លះយ៉ាងតិច ពីព្រោះមនុស្សទោសច្រើនពេករាប់ពាន់នាក់ឯណោះ។ ក្រោយបាយនោះទើប គេបញ្ជូនទៅក្នុងគុកវិញទៅ។ មិត្ដភក្ដិខ្ញុំមានសេចក្ដីត្រេកអរណាស់ ដោយទទួលចំណែកថ្នាំ កន្ទុយបារីបន្ដិចៗម្នាក់ដែលខ្ញុំចែកអោយ ក៏អោយពរស័ព្ទសាធុការដល់ខ្ញុំយ៉ាងច្រើន។
លុះព្រឹកឡើងម៉ោង៥ នាំគ្នាក្រោកឡើងម្នីម្នាតាមសូរស្គរដែលគេវាយជាសញ្ញាអោយភ្ញាក់ទៅធ្វើការ ក៏នាំគ្នាចេញមកក្រៅទាំងមុខសើងម៉ើង ដោយឥតបានលុបមុខមាត់អ្វីទេ ត្បិតខាងក្នុងសាលឥតមានទឹកសំរាប់ប្រើឡើយ មានតែទឹកធុងសំរាប់ ចាក់បង្គន់ក្នុងគ្រាបត់ជើងប៉ុណ្ណោះ។ សូមជំរាបថានៅក្នុងគុកឥតទឹកសំរាប់ទទួនទានទេ។ បើមានជំងឺឈឺ មានគ្រុនចាញ់ជាដើម ឬបើពេលណាក្ដៅខ្លាំង ហើយស្រេកទឹក តោងតែទទួលទានទឹកបង្គន់នោះជាការចាំបាច់ ដែលធំក្លិនលាមកមន្ដិចៗផង។ បើមិនផឹកមានតែស្លាប់ប៉ុណ្ណោះ។
ថ្ងៃមួយក្រោយពីពេលបបរព្រឹករួច មេតំរួតជ្រើសរើសអ្នកទោសមាឌមាំៗហើយខ្លាំងចំនួន៤៥នាក់ ពីក្នុងជួរដែលគេអោយឈរម្ដុំបំរុងចាត់អោយទៅធ្វើការ។ ក្នុងចំនួននេះដោយខ្លួនខ្ញុំជាមួយដែរ ហើយឥតមានស្គាល់នរណាម្នាក់ឡើយ។ នៅពេលមនុស្សឯទៀតចេញផុតអស់ទៅ ពួកតំរួតប្រើពួកខ្ញុំអោយចូលទៅក្នុងគុកវិញ យកកន្ទេលទៅតាមរៀងខ្លួន។ លុះគេបណ្ដើរបានបន្ដិច ខ្ញុំសួរមនុស្សទោសដូចគ្នាដោយសេចក្ដីសង្ស័យថា គេនាំយើងទៅណា? ឥតអ្នកណាដឹងថា គេនាំទៅណាឡើ យ។ លុះទៅដល់មាត់សមុទ្រ ទើបគេនាំទៅចុះក្នុងសាលាងមួយយ៉ាងធំដែលមានកាណូតមួយនាំមុខឆ្ពោះទៅកាន់កោះមួយទៀតនៅឆ្ងាយពីកោះត្រឡាច ដោយប្រើពេលវេលាប្រហែលជាងពីរម៉ោង ទើបទៅដល់កោះនោះ។ ទើបនាយតំរួតបញ្ជាអោយនាំគ្នាចុះដើរលុយទឹកសមុទ្រត្រឹមចង្កេះទៅកាន់មាត់ច្រាំង។ នៅពេលជិតដល់កោះនោះ ខ្ញុំក្រលេកទៅឃើញនៅលើ កំពូលភ្នំនោះ មានសើន(ប៉ម) មួយយ៉ាងធំដាក់ Phare សំរាប់អោយសញ្ញាដល់កប៉ាល់សមុទ្រទាំងឡាយ ដែលបើកបរក្នុងវេលាយប់តាមផ្លូវនេះ។ លុះដល់ដីគោកជាយកោះហើយគេក៏អោយសំរាកចំនួន១០នាទី ទើបគេផ្លុំកញ្ចែប្រជុំគ្នាមួយកន្លែង ហើយចែកសំបកប៉ោតប្រេងកាតចំនួន១៦នាក់។ ឯមនុស្សទោសក្រៅពីនេះ គេចែកបាវស៊ីម៉ង១ម្នាក់គ្រប់គ្នា។ ឯកន្ទេលចចូតដែលគេចែក១ម្នាក់នោះ ក៏មូរអោយតូចរួចចងចុងផ្អោបគ្នា រួចស៊កពាក់ឆៀងលើស្មាម្ខាង សំរាប់ទុកក្រាលទទួលទានដំនេកនៅពេលយប់សំរាក។ តពីនេះគេនាំទៅកើបអាចម៍ផ្កាយ និងខ្សាច់នៅកន្លែងជិតនោះ គឺប៉ោតដាក់គ្រួស បាវស៊ីម៉ងត៍ដាក់ ខ្សាច់ពេញទាំងអស់។ ប៉ោតនិងបាវនោះ ត្រូវលឺសែង ទូលក៏បាន អោយតែបានដល់លើកំពូលភ្នំ ដែលមានកំពស់ប្រហែល៧០០ម៉ែត្រ ដែលគេមានរៀបចំដាក់កាំជណ្ដីរថ្មរហូតដល់កំពូលភ្នំទៀត។ តាមដងផ្លូវឡើងទៅលើភ្នំមានដើមទំពាំងបាយជូរព្រៃដុះដេរដាស ប្រកបដោយផ្លែទុំឡើងពណ៌ខ្មៅរលោង ពួកអ្នកទោសនាំគ្នាបេះទទួលទានបណ្ដើរ នាំអោយរមាស់បន្ដិចៗ ប៉ន្ដែផ្លែដែលទុំក៏មានជាតិផ្អែមដែរ។ ចាប់ឡើងពីក្រោមទៅប្រហែលម៉ោង៩ព្រឹក ប្រហែល៣ ឬ៤ម៉ោងទើបដល់កំពូលភ្នំជាកន្លែងគ្រួសខ្សាច់។ នៅលើភ្នំសង់ផ្ទះថ្មធ្វើជាថែវរាងមូលព័ទ្ធពីក្រោយប៉មសំរាប់ជាលំនៅនៃក្រុមរក្សាប៉ម ដែលជាតិបារាំង៥នាក់ ជាតិយួន៣នាក់ ឥតមនុស្សទោសនៅទីនោះទេ។ កន្លែងសង់ប៉មនិងផ្ទះក្បែរនោះមានទំហំប្រហែលជា៥០ម៉ែត្រ ៤ជ្រុង។ នៅខាងមុខប៉មបើក្រលេកទៅផ្ទៃសមុទ្រឃើញទឹកសមុទ្រឡើងពណ៌ខៀវស្រងាត់គួរអោយគយគន់ពេក។ នៅលើភ្នំទាំងមូលដុះសុទ្ធតែដើមឈើធំៗ ច្រូងច្រាងពណ៌បៃតងពាសពេញផ្ទៃភ្នំ។ ខាងក្រោយកោះនេះមានភ្នំតូចធំដុះលិចចេញពីផ្ទៃទឹកសមុទ្ររកូតជាច្រើន ដែលក្នុងចំណោមកោះទាំងនោះ មានភ្នំកោះត្រឡាចនៅនោះដែរ ប៉ុន្ដែភ្នំកោះត្រឡាចធំជាងគេ។ ឯឆ្នេរសមុទ្រដែលមានខ្សាច់សក្បុសដុះនារលយទៅកណ្ដាលសមុទ្រ ជាកន្លែងងូតទឹកយ៉ាងសប្បាយល្អជាងឆ្នេរនៅកែបឆ្ងាយណាស់។ បើយើងគ្មានទោសពៃរ៍អ្វីទៅសំរាកលេងនៅទីនោះបានចំនួន១០ឬ១៥ថ្ងៃ ម៉្លេះសមសប្បាយពេកណាស់ ហើយស្រួលខ្លួនផង ដោយអាកាសសមុទ្រត្រជាក់ស្ងាត់ ទេសភាពល្អខុសពីកន្លែងនានានៃស្រុកខ្មែរយើង។
លុះចាក់ក្រួសខ្សាច់លើខ្នងភ្នំហើយគេអោយនាំគ្នាចំអិនអាហារព្រឹកទទួលទាន។ ក្រោយនេះប្រហែលម៉ោង២ ទើបគេនាំចុះមកក្រោមវិញ។ នាយតំរួតបាននិយាយថា ថ្ងៃនេះយើងធ្វើការបានតែ១ជើងទេ ដល់ថ្ងៃស្អែកយើងខំធ្វើអោយបានពីរជើងគឺ ព្រឹក១ជើង ល្ងាច១ជើង រួចគេអោយធ្វើបាយទទួលទានពេលល្ងាច ខ្ញុំឆ្លៀតឱកាសក្នុងពេលនោះ ដើរចូលទៅក្នុងព្រៃភ្នំនោះ ក្រលេកទៅខាងស្ដាប់ដៃឃើញម្ទេសខ្មាំងចំនួនជា១០ដើម មានផ្លែស្រោចដើមទុំក្រហមឆ្អៅ។ នៅទីនោះទាំងលើកំពូលភ្នំ ទាំងជើងភ្នំសម្បូរដើមម្ទេសណាស់ ដោយមនុស្សទោសដែលទៅធ្វើការពីមុនៗ ធ្វើអោយជ្រុះឬក៏ចោលម្ទេសនៅទីនោះផង ឬមួយសត្វវាពាំមកស៊ី ជុះដាក់នៅទីនោះក៏ដុះឡើងផង រួចក៏ចេះតែដុះតៗគ្នាទៀត ផ្លែចោលឥតមានមនុស្សបេះ។ ឯចំណែកទំពាំងបាយជូរវិញ ផ្លែចោលដេរដាស ជួនណាមនុស្សទោសបេះយកទៅធ្វើទឹកខ្មេះ ជួនណាយកទៅធ្វើស្រា «ទំពាំង បាយជូរ»។ ដើម្បីធ្វើស្រាគេយកផ្លែទំពាំងបាយជូរទៅបុកអោយបែក ច្របាច់យកទឹកច្រដបទុកចំនួន២០ឬ៣០ថ្ងៃវានឹងឡើងទៅជាស្រាអាចទទួលទានបាន ស្រវឹងស្រឿងៗដែរ តែរមាស់កបន្ដិច ហើយមិនឆ្ងាញ់ដូចស្រាទំពាំងបាយជូរមកពីស្រុកបារាំងទេ។
នៅយប់នោះយើងទាំងអស់គ្នាបានទទួលទានដំណេកក្រោមដើមឈើធំមួយ លុះដល់កណ្ដាលអធ្រាតស្រាប់តែមានភ្លៀងធ្លាក់មកទទឹកអស់សំពត់អាចកន្ទេល ប៉ុន្តែដោយឥតមានអ្វីជាជំរកក៏ចេះតែទ្រំនាំគ្នាទទួលទានដំណេករហូតដល់ភ្លឺទៅ។ លុះម៉ោ ង៥ភ្លឺទើបគេផ្លុំកញ្ចែដាស់អោយក្រោកឡើងអោយដាំបបបរទទួលទានរួចទៅកើបក្រួស ខ្សាច់ទៅម៉ោងប្រហែង៦ជាងព្រឹក ប្រហែលជាម៉ោង១០ទើបចុះពីលើភ្នំមកវិញ ក្រោយដែលបានចាក់ក្រួកខ្សាច់នៅលើកំពូលភ្នំរួចដើម្បីមករៀបចំអាហារព្រឹកទទួលទាន។ ក្នុងពេលនោះនាយតំរួតបានប្រកាសប្រាប់ថា បើនរណាខំជញ្ជូនក្រួសខ្សាច់បានពីរជើងហើយត្រូវអោយឈប់ចុះ ដែលជាហេតុនាំអោយយើងរាល់គ្នាខំប្រឹងធ្វើអោយឆាប់រួចនឹងអាលបានឈប់សំរាកពីថ្ងៃបន្ដិច ប្រយោជន៍នឹងមានឱកាសដើររករបស់របរទទួលទាន។
តែមិត្ដអើយ! ដូចយ៉ាងខ្ញុំកំពុងពេញកំលាំងរួចបាយភ្លាមក៏ម្នីម្នាទៅរកកើបក្រួសលីរត់ឡើងទៅលើកំពូលភ្នំក៏គង់ដល់ម៉ោង ៥ល្ងាចទើបហើយការ។ ឯអ្នកទោសខ្លះដែលគ្នាមានកំលាំងខ្សោយគ្នាធ្វើរហូតដល់ម៉ោង ៨យប់ទើបហើយ ប៉ុន្ដែជាកុសលដែរ ដោយយប់នោះត្រូវចំលើខែភ្លឺផង កុំអីពិបាកយ៉ាងខ្លាំងដោយមើលផ្លូវមិនឃើញ។ សំរាកនៅជើងភ្នំមួយយប់ទៀតទើបចុះ សាលាងត្រលប់មកកោះត្រឡាចវិញ។
ពេលខ្ញុំមកដល់កោះត្រឡាចហើយ គេក៏នាំចូលទៅគុកដដែលវិញ។ នៅថ្ងៃបន្ទាប់មកខ្ញុំក៏បានចេញមកពីក្នុងគុកជាពួកក្រុម ខ្ញុំទទួលទានបបររួច គេអោយមកឈរជាពីរជួរ ទើបនាយតំរួតដើរមករាប់មនុស្សទាំងនោះមកដល់ខ្ញុំមានចំនួន៤០នាក់ ហើ យនាយតំរួតបញ្ជាអោយទៅឈរមួយកន្លែង ទើបគេនាំអោយទៅតាមគេនៅកន្លែងមួយចំងាយផ្លូវប្រហែល៣គឺឡូម៉ែត្រពីគុកដែលខ្ញុំសំណាក់។ នៅពេលទៅដល់កន្លែងនោះគេអោយក្រុមខ្ញុំឈប់សំរាកប្រហែលជា១០នាទី ទើបនាយតំរួតគេចែក មនុស្សទាំង៤០នាក់ទៅជាបីក្រុម ក្នុង១ក្រុមៗមានគ្នាប្រហែល១៣នាក់ ទើបគេនាំទៅកាន់រទេះដែកមួយដែលជារទេះដឹកដី នៅលើភ្នំខ្សាច់មួយកំពស់ប្រហែល១២ម៉ែត្រ មានផ្លូវដែកដូចជារទេះភ្លើងធម្មតានៅស្រុកយើង តែត្រង់តួរថភ្លើងដឹកដីនេះ ទទឹង៣ម៉ែត្រ ប្រវែង៦ម៉ែត្រ គេអោយមនុស្សទោសរុញរទេះនោះឡើងទៅលើភ្នំនោះចំងាយប្រហែល៨០០ម៉ែត្រ ទើបទៅដល់កន្លែងយកដីខ្សាច់។ នៅពេលមនុស្សទោសរុញរទេះឡើងទៅកាន់គោលដៅនោះបើរុញឡើងមិនរួចទេ ឬមួយរុញដូចជាយឺតបន្ដិច នាយតំរួតបារាំងនោះគេស្រែកអោយឈប់។ នៅពេលឈប់ម្ដងៗត្រូវយកកំណាត់ឈើមួយកងពីរកងកល់ កង់រទេះទើបឈប់បាន។ នៅពេលរទេះបានឈប់ហើយ តំរួតនោះក៏ដើរទៅរាប់មនុស្សទោសណាដែលមានមាឌធំប្រាប់ អោយដើរចេញពីរទេះដែកនោះចំនួន៤-៥នាក់ រួចហើយគេក៏បញ្ជាមនុស្សដែលនៅសល់ទាំងប៉ុន្មានអោយរុញរទេះនោះតទៅទៀត។ នៅពេលនោះខ្ញុំនៅក្នុងក្រុមរុញរទេះនេះ។ មិត្ដជ្រាបទេ? នៅពេលនោះហើយនាយតំរួតគេត្រូវដើរវាយមនុស្ស ទោសដែលនៅសល់ចំនួន ៧-៨នាក់នោះដោយរំពាត់ផ្ដៅដំបងប៉ុនកដៃកូនក្មេងវាយត្រូវទាំងអស់គ្នា។ នៅពេលដែលមនុស្សទោសទាំងនោះកំពុងតែខំរុញរទេះនោះ ខ្ញុំកំពុងយកស្មាខ្ញុំរុញពិតនៅត្រង់ជ្រុងរទេះខាងក្រោយមិត្ដខ្ញុំទាំងអស់គ្នា នៅពេលនោះនាយតំរួតមកវាយខ្ញុំពីរដំបងយ៉ាងធ្ងន់ដៃ! នៅពេលនោះហើយខ្ញុំឈឺចាប់យ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែកដូចកូនក្មែង...គិតមើល? ខ្ញុំកំពុងខំអស់សមត្ថភាព កំពុងតែអោនខំរុញរទេះនោះ គេវាយពីលើយ៉ាងអស់ដៃ តើវាធ្ងន់យ៉ាងណា? សឹងបាក់ឆ្អឹងខ្នងតែម្ដង! នៅពេលគេបង្ខំហើយធ្វើទារុណកម្មយ៉ាងនោះ រទេះនោះក៏ឡើងទៅរួចដោយស្រួល។ នៅពេលរទេះទៅដល់លើភ្នំខ្សាច់ហើយ គេគ្មានអោយឈប់សំរាកទេ គេអោយចូកខ្សាច់ដាក់លើរទេះនោះភ្លាម។ ខ្សាច់ពេញរទេះហើយនាយតំរួតក៏បញ្ជាអោយរុញរទះនោះចុះមកវិញ ពេលរុញចុះពីខ្នងភ្នំខ្សាច់នោះមក ផ្លូវនោះវាចោត ពេលរទេះចុះទៅកាន់ផ្លូវចោតនោះត្រូវលាតឡើងជិះតោងរទេះនោះទៅតែម្ដង ដើម្បីអោយបានទាន់រទេះនោះ ហើយរុញទៅទៀត បើទៅមិនទាន់រទេះនោះទេនាយតំរួតនឹងវាយទៀត។ នៅពេលរទេះនោះកំពុងជ្រុលចុះតាមផ្លូវចោតយ៉ាងលឿនដូច្នេះ ជួនកាលធ្វើអោយរទេះ នោះភ្លាត់ចេញពីផ្លូវដែក ហើយក្រលប់ក៏មាន។ រទេះក្រលប់ម្ដងៗមានគ្រោះថ្នាក់ដល់មនុស្សមានស្លាប់ មានរបួសជាទំងន់ជាច្រើននាក់។ ដោយមនុស្សទាំងនោះឡើងអង្គុយលើរទេះខ្សាច់ទាំងនោះ។ ទោះបីមានរបួសនៅរស់ ឬក៏ស្លាប់ក៏គេនាំទៅ កាន់ផ្ទះពេទ្យដែរ បើស្លាប់វិញគេយកទៅកប់តែម្ដង។ បើនៅរស់វិញគេព្យាបាលនៅឯផ្ទះពេទ្យតាមយថាកម្មទៅទៀត..នៅពេលនោះខ្វះថ្នាំពេទ្យច្រើនណាស់ ត្បិតស្រុកកំពុងតែកើតសង្រ្គាមលោកលើកទី២នៅឡើយ។
នៅពេលធ្វើការនាំដីខ្សាច់ទៅចាក់ តាមគោលដៅគេរួចស្រេចហើយ ដល់ពេលម៉ោងឈប់តំរួតក៏នាំទៅកាន់គុកដដែលនោះតទៅទៀត។ លុះនៅក្នុងគុកនោះប្រហែល៦-៧ថ្ងៃខ្ញុំបានទៅកាប់អុសជាមួយក្រុមមនុស្សទោសចំនួន៣០នាក់។ ក្រុមនេះគេមិនអោយត្រលប់មកគុកវិញទេ គឺអោយនៅកាប់ពេញមួយថ្ងៃ លុះត្រាតែបានអុសគ្រប់ចំនួនហើយ នៅម៉ោង១៦:៣០គេផ្លុំ កញ្ចែបីដងប្រមូលរាប់អោយគ្រប់ចំនួនហើយទើបនាំត្រលប់មកគុកវិញ។ ឯបាយព្រឹកគេអោយដណ្ដាំទទួលទានឯកន្លែងធ្វើការនោះឯណោះ។ រឿងកាប់អុសនោះ កាលខ្ញុំបានទទួលពូថៅពុះអុសមួយហើយ ខ្ញុំក៏ដើរទៅតាមមិត្ដខ្ញុំដែលគេពន្យល់ អោយកាប់ គឺគេបង្គាប់អោយកាប់ដើមស្មាច់ទាំងដើម ទាំងរិសយកប្រវែង៤០ស.ម រួចជញ្ជូនមករៀបអោយបានកំពស់១ម៉ែត្រអោយគេ តាមកន្លែងដែលគេកំណត់អោយនោះជាការស្រេច យើងបានឈប់សំរាកមុនម៉ោង។
ខ្ញុំធ្វើការចំនួន៣-៤ម៉ោងបានហើយស្រេចឃើញស្រួលគ្រាន់បើ ជាហេតុនាំអោយបានចិត្ដរហូតដល់មើលងាយការកាប់អុសថា ជាការស្រួលត្បិតបានហើយឆាប់ ហើយបានឈប់២-៣ម៉ោងមុនត្រលប់ទៅគុកវិញ។ ធ្វើដូច្នេះបាន៥ថ្ងៃខ្ញុំក៏បានបបួលមិត្ដខ្ញុំ២-៣នាក់អោយចូលស្ម័គ្រក្នុងក្រុមកាប់អុសជាមួយពួកចាស់ៗ ដើម្បីអោយបានស្រួលទាំងអស់គ្នា។ ពួកចាស់ៗគេបានហាមខ្ញុំថា កុំអោយស្ម័គ្រខាងក្រុមកាប់អុសអី ត្បិតជាការលំបាកណាស់ ដែលពួកអ្នកទោសកោះត្រឡាចគេខ្លាចរអារអូមគ្រប់គ្នា ប៉ុន្ដែខ្ញុំពុំព្រមស្ដាប់គេសោះ ចេះតែជំនះសុំស្ម័គ្រក្នុងក្រុមនេះទាល់តែបាន ដោយយល់ឃើញថានៅធ្វើការក្នុងគុកធំ វាអផ្សុកតុះគិនិតប្រាជ្ញាជាងការចេញទៅធ្វើការក្រៅ ត្បិតបានឃើញទេសភាពអ្វីៗប្លែកៗ នាំអោយបាត់ការអផ្សុក។ ម្យ៉ាងទៀតមកពីខ្ញុំធ្លាប់មានការពិសោធន៍៥-៦ថ្ងៃមកហើយឃើញថាស្ទុះរួច។ ពេលក្រោយមិត្ដខ្ញុំបីនាក់ គឺលោកភោគ នី អ៊ីម ផា រួមជាមួយផង ហើយបានចេញបំរុងទៅធ្វើការដូចសព្វដង។ ខ្ញុំបានឈរនៅកន្លែងដែលមនុស្សទោសស្ម័គ្រទៅធ្វើការឯកន្លែងផ្សេងៗ។ ខណៈនោះតំរួតក៏មករាប់យក៣០នាក់ អោយឈរមួយកន្លែងផ្សេងពីគេរួច គេរាប់តទៅទៀតរហូតអស់។ តំរួតនោះឡើងទៅលើការិយាល័យចាត់ការបានបន្ដិច ឃើញតំរួតបីនាក់ផ្សេងទៀតចុះមកបង្គាប់ពួកខ្ញុំអោយតំរង់ជួរ ជាពីរ ជួរហើយគេក៏នាំដើរប្រហែល៣គីឡូទើបដល់កន្លែងគុកដែលគេអោយមនុស្សទោសកាប់អុស គេក៏យកបញ្ជីទៅប្រគល់ អោយតំរួតនៅកន្លែងនោះពិនិត្យ។ លុះពិនិត្យរាប់ត្រូវតាមបញ្ជីហើយគេក៏នាំពួកខ្ញុំបញ្ចូលក្នុងគុកទីនោះទៅទៀត ដើម្បីរង់ចាំបញ្ជាពីមេតំរួតជាតិបារាំងសែសទៀត។
នៅកន្លែងនោះ មានកិច្ចការច្រើនផ្នែក គឺដាំដំណាំផ្សេងៗមានជី ប៉េងប៉ោះ សាលាត់ បន្លែផ្សេងៗជាច្រើន។ មានកន្លែងមួយទៀតគឺគេអោយទៅធ្វើឡធ្យូង ដុតឥដ្ឋ ដុតកំបោរ ដែលជាកន្លែងស្រួលជាងកន្លែងឯទៀត។ មួយក្រុមទៀតអោយទៅឃ្វាលគោ ជ្រូក។ នៅកន្លែងកាប់អុស គេអោយធ្វើការធ្ងន់មែន តែដល់មានជំងឺអ្វីៗឡើង គេអោយទៅព្យាបាលឯផ្ទះពេទ្យបាន ៣-៤ថ្ងៃទើបត្រលប់មកវិញ។ បើយើងមានប្រាក់១០០ ឬ២០០រៀលសូកគ្រូពេទ្យ គេដាក់ថាមនុស្សទោសនេះត្រូវអោយសំរាក ធ្វើការស្រាលៗចំនួន១៥ ឬ២០ថ្ងៃ ក៏នឹងបានកន្លែងធ្វើការផ្សេងៗពីការកាប់អុសដូចបានជូនដំណឹងពីខាងដើមមកហើយ។ ពេលដែលពួកខ្ញុំនៅរង់ចាំបន្ដិចនោះក៏ឃើញនាយតំរួតមកចាក់សោ បញ្ចេញពួកយើងមកក្រៅគុក ឈរជាពីរជួររង់ចាំតំរួត ជាតិបារាំងសែស គេមកជ្រើសរើសតាមចិត្ដគេ។ ប្រហែលកន្លះម៉ោង ទើបឃើញតំរួតបារាំងចេញពីការិយាល័យដើរមក សំលឹងជ្រើសរើសមនុស្សទាំង៣០នាក់នេះ។ មុនដំបូងគេរើសយកមនុស្សមាឌមាំៗអោយចេញពីជួរ មកឈរមួយកន្លែង នៅពេលនោះខ្លួនខ្ញុំត្រូវគេជ្រើសទី៣ មានគ្នា១៣នាក់។ បានទៅឈរនៅកន្លែងមួយផ្សេងទៀត។ រួចគេនាំក្រុមខ្ញុំអោយចូល ទៅក្នុងគុកវិញ ចំណែកមិត្ដខ្ញុំ៣-៤នាក់ ត្រូវគេនាំទៅដាក់គុកមួយផ្សេងទៀត។ នៅពេលនោះខ្ញុំចេះតែនឹកព្រួយក្នុងចិត្ដថា គេ នាំពួកខ្ញុំទៅកន្លែងណាអីចេះ? លុះដល់ពេលបាយថ្ងៃត្រង់ទើបមានខ្មែរម្នាក់និយាយប្រាប់ថា ពួកខ្ញុំនេះត្រូវកាប់អុសហើយ! ខ្ញុំនឹកក្នុងចិត្ដថា ខ្ញុំមិនខ្លាចទេកាប់អុសនោះ ហើយសួរគេវិញថា ចុះក្រុមមួយទៀតទៅធ្វើអ្វី? គេបា្រប់ទៀតថា គេអោយដាំដំណាំ ធ្វើការក្នុងឡធ្យូង តាមតែបារាំងវាប្រើមិនទៀងទេ។
លុះដល់ម៉ោង៥ភ្លឺ ទើបតំរួតមកចាក់សោបើកទ្វារបញ្ចេញមនុស្សទោសទាំងអស់មកក្រៅ។ ក្រោយពីអោយទទួលទានបបរ និងស្ករអំពៅ ហើយគេបង្គប់អោយទៅយកពូថៅមួយម្នាក់ហើយ និងចបកាប់មួយផង រួចគេនាំទៅកន្លែងដែលខ្ញុំបាទទៅកាប់អុសពីថ្ងៃមុន។ ដល់ធ្វើការនៅនោះបានតែបីថ្ងៃស្រាប់តែមេតំរួតជាតិបារាំងវាមកត្រូតមើលអុសនោះ ហើយស្រែកថាៈ អុសតូចៗណាស់ប្រើការមិនកើតទេ ត្រូវអោយទៅកាប់ឯខ្នងភ្នំឯណោះវិញ។ ខណៈនោះមានមិត្ដខ្ញុំម្នាក់ជាជើងកាប់អុស នៅកន្លែងនោះមុនខ្ញុំគេយល់ការច្រើន គេក៏ប្រាប់ខ្ញុំថា ចាប់ពីថ្ងៃស្អែកនេះទៅ ពួកឯងនឹងវេទនាហើយ ត្បិតបារាំងមេតំរួតធំ គេប្រាប់អោយយើងទៅកាប់អុសលើខ្នងភ្នំឯណោះ និយាយផងដៃចង្អុលទៅភ្នំនោះផង។ ខ្ញុំមើលតាមចង្អុលដៃរបស់គេទៅ ឃើញភ្នំនោះមានកំពស់មិនខុសពីភ្នំស្រង់ ស្រុកគងពិសី(កំពង់ស្ពឺ) យើងនោះទេ។ ស្អែកឡើងគេនាំពួកខ្ញុំទៅកាន់ទីភ្នំនោះ នៅទីនោះខ្ញុំឃើញខ្សែដែក (Câble) មួយទំហំប៉ុនកដៃកូនក្មេងតចុះពីលើកំពូលភ្នំមកចងនឹងគល់ឈើនៅជើងភ្នំរិតយ៉ាងតឹង។ គេថាការរិតអោយតឹងនេះប្រើមនុស្សទោសដល់ទៅ ១០០នាក់ឯណោះអោយទាញ។ ខ្សែដែកនោះប្រវែង៥០០ ទៅ៦០០ម៉ែត្រ។ កាលណាគេអោយចងចុងខ្សែដែកអោយរឹងមាំទាំហើយទើបប្រើការបាន។ កន្លែងដែលកាប់អុសនិមួយៗ មានកំណត់ថិរវេលា ១ឆ្នាំក៏មានតាមកន្លែងដែលមានអុសច្រើនឬតិច។ លុះកន្លែងនោះអស់អុសហើយ ទើបគេអោយស្រា យខ្សែដែកនោះ ទៅចងនៅកន្លែងផ្សេងទៀតដែលមានអុសច្រើន។ ចំពោះការទំលាក់អុសចុះក្រោមគេប្រាប់ខ្ញុំថា កាលណា យើងកាប់អុសបានគ្រប់ចំនួនហើយ យើងត្រូវសែងអុសនោះ យកទៅដាក់ចងនៅកន្លែងខ្សែចងនោះ។ យើងត្រូវរកគ្នាអោយបាន៣នាក់អោយជួយ គឺចាត់ម្នាក់អោយនៅចាំទទួលអុសខាងក្រោម ពីរនាក់នៅសែងអុសនិងរៀបចំទំលាក់ពីខាងលើ។
ឯរបៀបចងអុសគឺយកខ្សែដែក (Câble) ទំហំប៉ុនមេដៃពីរខ្សែប្រហែល ៣-៤ម៉ែត្រចងអុសចំនួន៣ម៉ែត្រយ៉ាងតឹងដោយប្រុងប្រយ័ត្នបំផុត បើឃើញនៅមានចន្លោះប្រហោងត្រង់ណា គេយកអុសទៅស៊កបោះស្នៀតត្រង់នោះអោយទាល់តែណែនក្ដាន់មែនទែន បង្ការកុំអោយរបូតពេលទំលាក់សំរូតចុះទៅនោះ។ រួចគេនាំគ្នាទៅសែងអុសនោះលើកទៅដាក់លើរានឈើ មួយកំពស់១ម៉ែត្រប្រវែង៣ម៉ែត្រ នៅពីខាងក្រោមខ្សែដែកដែលគេធ្វើសំរាប់ដាក់អុសហើយគេចងនៅចុងខ្សែដែកខាងលើកំពូលភ្នំ។ ពេលចងអុសស្រួលបួលហើយ ត្រូវប្រុងប្រយ័ត្នថែមទៀតក្នុងការទំលាក់មកក្រោម ពីព្រោះថាជាធម្មតាតែង មានមិត្ដយើងឯទៀត គេទំលាក់អុសគេទៅមុខខ្លះហើយដែរ ដូច្នេះយើងត្រូវបង្អង់បានយូរបន្ដិចទុកចាំអោយខ្សែនេះ រលាស់យោលបានបីបួនដងសិន ទើបគេដាក់ទំលាក់តាមក្រោយគេទៀតបាន។ បើមិនដូច្នេះទេ យើងបង្ខំទំលាក់ដោយឥតពិចារណាអុសយើងទំលាក់នោះមុខជាផ្លាក់កណ្ដាលផ្លូវនៅចង្កេះភ្នំបាត់ រកមិនមិនឃើញ មិនលែងទាំងបីនាក់ដែលខំធ្វើការមួយថ្ងៃទល់ព្រលប់ទៅជាឥតបានប្រយោជន៍អ្វីទាំងអស់។ ក្នុងការកាប់អុសលើខ្នងភ្នំត្រូវរកមិត្ដជាមួយមនុស្សទោសជើងចាស់ ម្នាក់អោយគេចូលជាមួយយើងទើបបាន ត្បិតគេមានការពិសោធន៍ច្រើនក្នុងការកាប់អុសនោះ។ សូមជំរាបថាខ្ញុំបានចូលទៅ ធ្វើការនេះនៅពេលនោះ។ ក្នុងពេលដែលក្រុមនីមួយៗទំលាក់ម្ដងៗ អ្នកនៅឯលើ និងអ្នកនៅឯក្រោម ត្រូវតែស្រែកបង្កូកអោយដំណឹងគ្នាជាមុនសិនទើបអាចទំលាក់អុសចុះបាន ដើម្បីអោយអ្នកខាងក្រោមប្រុងប្រៀបចាំទទួលកុំអោយច្រលំក្រុមគ្នា។ បើអ្នកឯក្រោមមិនដឹងដំណឹងមុនទេ ប្រាកដជាបាត់អុសខ្លះមិនខាន ត្បិតមនុស្សទោសក្រុមដោយខ្លួនពីយើងដែលនៅចាំខាងក្រោមដូចគ្នាដែរ អាចនឹងច្រលំ ឬអាចនឹងលួចជញ្ជូនយកអុសយើងទៅតំរៀបធ្វើជាអុសរបស់គេទៅ។ ចំណែកក្រុមយើងទាំង៣នាក់ នឹងខ្វះចំនួនអុសមិនបានពេញម៉ែត្រអោយតំរួតឡើយ នឹងត្រូវទទួលទណ្ឌកម្មជាមិនខាន ឬក៏ជំពាក់កាប៉ូរ៉ាល់ ទៅសិនទើបបាន។ ប៉ុន្ដែបើកាប៉ូរ៉ាល់នោះមិនព្រមផងយើងត្រូវតែមានទោសជាមិនខាន។ មួយទៀតដល់ថ្ងៃស្អែកឡើងយើង ត្រូវលំបាក នឹងខំកាប់អុសទ្វេជាពីថ្ងៃមុន ដើម្បីសងអុសដែលខ្វះពីម្សិលផង និងដើម្បីអោយបានពេញមួយម៉ែត្រសំរាប់ថ្ងៃនេះផង ឃើញថាមានការយ៉ាប់យ៉ើនពេកណាស់ស្ទុះមិនរួចទេ។
ក្នុងពេលទំលាក់អុសម្ដងៗ កង់ដែលវិលលើខ្សែដែក (Câble) នោះអោយសំលេងបីដូចយន្ដហោះប្រតិកម្មសំរាប់ទំលាក់គ្រាប់បែកដូច្នោះឯង។ វេលាដែលវាយដកកំណល់អុសដែលកល់នោះចេញអុសបាច់នៅក្នុងរនានោះ ក៏រអិលចុះយ៉ាងលឿនក្រៃលែងលឺសូវ៉!... យ៉ាងវែងរួចលឺក្ដាំង! នៅខាងក្រោមឯណោះមានពេលខ្លះដែលមិនបានដាក់ខ្លាញ់ក្នុងកងនោះទេមើល ទៅឃើញភ្លើងព្រិលៗចេញពីកងនិងខ្សែដែកនោះ គួរអោយខ្លាចក្រៃលែង។ លុះដល់ទំលាក់អុសអស់ហើយទើបអ្នកខាងលើ រៀបចំពូថៅខោអាវនាំគ្នាចុះមកក្រោមតាមអុសនោះទៀត ដើម្បីទៅជួយមិត្ដម្នាក់នៅឯក្រោមក្នុងការជញ្ជូនអុសយកទៅរៀ បជាម៉ែត្រអោយហើយពីក្បាលព្រលប់រួចនាំគ្នាដើរត្រលប់ទៅគុកវិញ។
សូមជំរាបថាក្នុងការកាប់អុសនេះ មនុស្សទោសទាំងអស់ត្រូវតែស្រាតខោអាវនៅខ្លួនទទេទាំងអស់គ្នា ដើម្បីអោយស្រួល ធ្វើការផង កុំអោយប្រលាក់ខោអាវផង អោយស្រួលនឹងការដើររុកព្រៃញឹករកអុសផង។ ខ្សែដែកដែលគេប្រើទំលាក់អុស ពីលើភ្នំមកក្រោមនាះ គេទើបនឹងមានប្រើមួយខែមុនខ្ញុំទៅកាប់អុសនៅភ្នំនោះ។ ពីមុនមកពុំដឹងជាគេប្រើមធ្យោបាយដូចម្ដេចទេ សំរាប់ទំលាក់អុសមកក្រោម ម្យ៉ាងមួយទៀតដោយទើបទៅកាប់អុសនៅកន្លែងនោះ ទើបអុសនៅទីនោះមានសំបូរនៅឡើយ។ ការកាប់អុសនៅលើភ្នំខុសគ្នាពីការកាប់អុសខាងក្រោម ដែលអុសតូចៗប៉ុនកដៃកជើងក៏យកដែរ ឯចំណែកពួកលើភ្នំវិញគេរើសយកតែអុសធំៗតាំងពីប៉ុនកំភួនជើងទៅដល់ប៉ុនភ្លៅហើយត្រូវដើររកនៅទីឆ្ងាយៗចំនួន៦០០ម៉ែត្រ ទៅ៧០០ម៉ែត្រ ត្បិតនៅជិតៗគេកាប់អស់ទៅហើយ។ឯដីលើខ្នងភ្នំក៏ពុំរាបស្មើ ច្រើនតែខ្ពស់ទាបមានដុំថ្មតូចធំរដិបរដុប នាំអោយពិបាកសែងអុសពីកន្លែងកាប់មកកន្លែងចុងខ្សែដែកយ៉ាងក្រៃលែង ជួនណាពីព្រឹកទល់ល្ងាចសឹងតែរកមិនបានគ្រប់១ ម៉ែត្រផង។ ណាមួយឈប់សំរាកធ្វើបាយទឹកទទួលទានខ្លួនឯងផងទៀត។
នៅពេលនោះខ្ញុំចេះទទួលទានសាច់សត្វគ្រប់យ៉ាងតាំងពី បង្កួយ ថ្លែន ពស់ ប្រជៀវ កណ្ដុរភ្នំ ត្រកួត៘ ដែលពីដើមខ្ញុំមិនដែលទទួលទានសោះ។ សាច់សត្វទាំងនេះដល់ធ្វើស្អាតបាតលាងទឹករួចយកទៅចិញ្ច្រាំម៉ដ្ឋបន្ដិច ស្លជាម្ជូរស្លឹកថ្នឹងសណ្ដាន់ ឬផ្លែសណ្ដាន់ បង់អំបិលដាក់ទឹកត្រី បង់ម្អមឬម្រះព្រៅទៅធំក្លិនឈួលស្រក់ទឹកមាត់ ទទួលទានឆ្ងាញ់គួរសមដែរថែមទាំងឃ្លាន ផ្សំផងទៅឆ្ងាញ់មែនទែន បានបាយយ៉ាងច្រើនមានកំលាំងព្រឺស។ មិត្ដគង់តែទទួលទានកើតដូចខ្ញុំដែរចំពោះសាច់សត្វទាំងនេះ ពីព្រោះកាលៈទេសៈមកដល់ហើយ គឺថាវាទាល់ហើយ មិនដឺងបានអីទទួលទានក្រៅពីសាច់សត្វទាំងអស់នេះ បើមិត្ដមិនទទួលទានមានតែអត់ បើអត់មានកំលាំងឯណាធ្វើការអោយគេ? ក្នុងការកាប់អុសត្រូវឈ្លៀតរកម្ហូបផង អោយតែឃើញសត្វអីក៏ដោយត្រូវតែខំដេញឬធ្វើម្ដេចអោយតែខាងតែបានសំរាប់ធ្វើម្ហូប។ ចំណែកខ្ញុំគ្រាន់តែដណ្ដាំបាយទេឯខាងម្ហូប ស្រេចលើមិត្ដយួនៗគេអ្នកធ្វើទាំងអស់ ត្បិតគេជើងចាស់មានការពិសោធន៍គ្រប់យ៉ាង គេនៅទីនោះមុខយើង។ មុនដំបូងដែលមិនធ្លាប់ទទួលទានសាច់អស់នេះសោះ រាងដូចជាឆ្អើមៗមិនស្និទ្ធដែរ សាច់សត្វអីក៏ដោយ អោយតែផ្សំគ្រឿងត្រូវហើយឃ្លានផ្សំផង សុទ្ធតែឆ្ងាញ់ដូចគ្នាទាំងអស់ ត្បិតខំប្រឹងធ្វើការហួសកំលាំងតាំងពីព្រឹកដល់ថ្ងៃត្រង់ ឥតអ្វីក្នុងពោះសោះ ក្រៅ ពីបបរបន្ដិចពីព្រលឹមនោះ។
លុះធ្វើការកាប់អុសបានចំនួន១០ថ្ងៃ ដៃខ្ញុំទាំងពីរឡើងហើមប្រេះក្រហែងឈឺរអាមកាន់ពូថៅកាប់អុសពុំបាន។ ខ្ញុំបានទៅសុំពេទ្យ គេគ្រាន់តែលាបថ្នាំំអោយបន្ដិចឥតអោយច្បាប់អ្វីសោះ ខ្ញុំត្រលប់ទៅធ្វើការដូចដើមធម្មតាវិញ ខ្ញុំខំព្យាយាមធ្វើការតទៅទៀតលែងកើតសោះ ដោយឈឺដៃទាំងពីរខ្លាំងពេក ទើបខ្ញុំប្រាប់ទៅមិត្ដខ្ញុំថា បើខ្ញុំឈឺខ្លាំងធ្វើការមិនកើតដូច្នេះ តើត្រូវ គិតយ៉ាងម៉េច? គេប្រាប់ថា ត្រូវទៅប្រាប់កាប៉ូរ៉ាល់សុំឈប់ទៅ។ ក្នុងថ្ងៃនោះមិត្ដខ្ញុំគេបានជួយកាប់អុសបំពេញចំនួនអោយ គ្រប់អោយ។ ឯខ្ញុំធនាជាអ្នកសែងអុសនោះយកមកដាក់លើខ្សែដែក។ របៀបសែងអុសនោះ មនុស្សទោសគេធ្វើស្នែង នឹងឈើតាមរបៀបស្នែងកម្មករលីសែង នៅកំពង់ផែរកប៉ាល់ភ្នំពេញយើង ដែលខ្ញុំធ្លាប់បានឃើញកាលពីនៅក្មេង។ បើមនុស្សខ្លាំងសែងម្ដងបានកន្លះម៉ែត្រ បើមនុស្សខ្សោយវិញបានតែបីឬបួនតឹកប៉ុណ្ណោះ។ ចំណែកខ្លួនខ្ញុំពេលនោះកំពុងពេញកំលាំងអាយុ២២ឆ្នាំង ខ្ញុំអាចសែងអុសម្ដងបាន៥០សង់ម៉ែត្រ។ ខ្ញុំអាចសែងអុសខ្ញុំផង អុសរបស់មិត្ដភភ្ដិផង ដោយខ្ញុំកាប់មិនកើត។ ប៉ុន្ដែការជួយប្រវាស់កំលាំងគ្នាបានតែបីថ្ងៃមិត្ដខ្ញុំក៏ឈឺទៅទៀត ខ្ញុំរកដៃគូមិនបានក៏អស់សង្ឃឹមត្រឹមនេះ សំរេចចិត្ដថា ត្រូវឈប់កាប់អុសទោះបីគេធ្វើទុក្ខធ្វើបាបដូចម្ដេចក្ដី ស៊ូទ្រាំទៅចុះ ត្បិតប្រឹងលែងរួចទៅហើយ។ ខ្ញុំនឹកឃើញទោសកំហុស ដែលត្រូវទទួលយ៉ាងវេទនា ខ្ញុំព្រួយណាស់ ហើយខ្ញុំនឹកថាមិត្ដដែលគេនិយាយប្រាប់ខ្ញុំនូវរឿងមហន្ដទោសនោះប្រាកដជាពិតមែនហើយ ខ្ញុំមុខជានឹងត្រូវរងហើយ។ ក្នុងគ្រានោះខ្ញុំនឹកបួងសួងដល់គុណបុណ្យគុណដែលខ្ញុំបានធ្វើមកប៉ុន្មាន ព្រមទាំង គុណមាតាបិតាជីដូនជីតាទាំងប៉ុន្មានសូមជួយជ្រោមជ្រែងបញ្ចូលចិត្ដកុំអោយតំរួតវាធ្វើបាបខ្ញុំខ្លាំងពេក ហើយក៏អង្គុយលើឈើងាប់មួយដើមស្រក់ទឹកភ្នែក ដោយនឹកភ័យខ្លាចដល់ពេលល្ងាចដែលត្រលប់ទៅគុកវិញ មិនដឹងជាតំរួតវាទាត់ធាក់យ៉ាងណាទេ ត្បិតធ្លាប់បានឃើញផ្ទាល់នឹងភ្នែកខ្លួនឯងស្រាប់មកហើយ។ ក្នុងពេលធ្វើការអោយគេមិនបានសំរេចម្ដងៗ ពួកតំរួតវាហៅឈ្មោះមនុស្សទោសម្នាក់ម្ដងៗទៅឈរដោយឡែកពីគេ ហើយវាវាយទាត់ធាក់ធ្វើបាបមនុស្សទោសសំបើមក្នុងម្ដងៗបីបួននាក់ដើម្បីអោយមនុស្សឯទៀតរាងចាល ខំប្រឹងធ្វើការឡើងដោយគេចោទថាយើងមិនព្រមធ្វើការ គេមិនមែនយល់ថា យើងខំធ្វើការណាស់ដែរ តែវាហួសកំលាំងទៅមិនរួចនោះទេ។ ហេតុនេះហើយ បានជាខ្ញុំព្រួយចិត្ដខ្លាំងខ្លាចក្រែងគេធ្វើទារុណកម្មខ្លាំង ទៅជាសំរក់ទឹកភ្នែកតែម្ដង ដោយក្នុងជីវិតខ្ញុំមិនដែលជួបប្រទះនឹងសេចក្ដីទុក្ខដូចគ្រានេះឡើយ។
មិត្ដជាទីស្នេហា! ក្នុងពេលកំពុងអង្គុយសំរក់ទឹកភ្នែកស្រាប់តែលឺសូរសំលេងមួយម៉ាត់គត់ប្រាប់ថា «ខំទៅ» ខ្ញុំងើបក្បាលងាកមើលតាមរកម្ចាស់សំលេងមិនឃើញសោះ។ ហេតុអ្វីក៏លឺសំលេងមនុស្សដូច្នេះ? ដល់នឹកយូរៗទៅ ទើបសំរេចចិត្ដថា ត្រូវតែខំប្រឹងប្រែងរកអុសបន្ថែមទៀត លុះខំបានប្រហែល៧តឹក ក៏ដល់ម៉ោង៥ល្ងាចទៅហើយ ខ្ញុំក៏សំរេចចិត្ដត្រូវតែប្រថុយ ទៅសុំទោសចំពោះកាប៉ូរ៉ាល់អោយគេជួយបំពេញថា គ្រប់ហើយទៅ ចាំដល់ថ្ងៃស្អែកសឹមខំរកអុសសងគេអោយគ្រប់ចំនួនវិញ។ លុះចុះពីលើភ្នំមកដល់ដីហើយ ខ្ញុំដើរចូលទៅសំពះកាប៉ូរ៉ាល់នោះសុំអោយគេជួយ។ ក្នុងពេលនោះគេក៏មានចិត្ដប្រណីអនុគ្រោះអោយតាមសុំ ប៉ុន្ដែគេប្រាប់ថា ដល់ថ្ងៃស្អែកត្រូវតែរកសងវិញកុំខាន។ ខ្ញុំមានសេចក្ដីត្រេកអររកអ្វីប្រៀបពុំបានឡើយ។ នៅពេលដែលត្រលប់មកគុកវិញ ខ្ញុំក៏ទៅអង្គុយព្រួយចិត្ដផ្អែកខ្នងនឹងគល់ព្រីងមួយនៅមុខគុកដោយបណ្ដែតអារម្មណ៍អស់សង្ឃឹមទៅរកព្រឹកថ្ងៃស្អែកទៀត។ កំពុងតែអង្គុយសំរាកបន្ដិចមិនទាន់បានទទួលទានបាយផង ស្រាប់តែលឺសូរសំលេងលោកម្នាក់ជាតិខ្មែរ ធ្វើការនៅការិយាល័យលោកប្រតិភូ (Délégué) នៅកោះត្រឡាចនោះស្រែកសួរថា អាណាឈ្មោះ ប៊ុណ្ណចន្ទ ម៉ុល? មានឈ្មោះប៊ុណ្ណចន្ទ ម៉ុលនៅទីនេះទេ? ខ្ញុំឆ្លើទៅវិញថាៈ ខ្ញុំបាននេះហើយឈ្មោះប៊ុណ្ណចន្ទ ម៉ុល។ ទើបលាកនោះហៅខ្ញុំអោយដើរតាមគាត់បន្ដិចទៅ ហើយក៏ចង្អុលទិសខាងកើត និយាយប្រាប់ខ្ញុំថា ព្រឹកស្អែកនៅពេលចេញពីគុក ឯងទៅរកខ្ញុំនៅផ្ទះលេខ១៨កុំខាន។ ខ្ញុំឈ្មោះអង់ដ្រេដកម៉ៃ អ្នកបកប្រែភាសាខ្មែរបារាំង។ ខ្ញុំទទួលពាក្យគាត់ហើយគាត់ក៏ទៅផ្ទះគាត់ទៅ លុះដល់ម៉ោង៧យប់ គេវាយរគាំងបញ្ចូលមនុស្សទោសទាំងអស់ទៅក្នុងគុក។ ល្ងាចនេះខ្ញុំទទួលទានដំណេកមិនបានសោះ ចេះតែនឹកដល់ព្រឹកស្អែកដែលត្រូវរកអុសទ្វេឡើង សំរាប់សងគេពីមុនផង សំរាប់ថ្ងៃស្អែកមួយម៉ែត្រផង តើធ្វើយ៉ាងម៉េច? រកគិតមិនលេចសោះ។
ល្ងាចនោះខ្ញុំទន្ទឹងអោយភ្លឺឆាប់នឹងទៅរកលោកអង់ដ្រេដកម៉ៃ។ លុះព្រឹកឡើងម៉ោង៥ភ្លឺ ខ្ញុំក៏ចេញពីគុកមកក្រៅជាមួយមនុស្សទោសឯទៀត ប៉ុន្ដែពុំអាចទៅរកលោកនោះភ្លាមតាមបំណងរបស់គាត់បានឡើយ ខ្ញុំត្រូវរង់ចាំទាល់តែដល់ម៉ោង៦ ទើបហ៊ានដើរទៅរកគាត់ឯផ្ទះលេខ១៨។ លុះទៅដល់ឃើញលោកនោះនៅចាំខ្ញុំជាស្រេច។ នៅពេលជួបគ្នាលោកបានប្រាប់ខ្ញុំថា អោយខ្ញុំប្រយ័ត្នកុំអោយនរណាដឹងចំពោះរឿងខ្ញុំនិងគាត់អោយសោះ តែបែកការណ៍ហើយ ខ្លួនខ្ញុំនឹងត្រូវគេវាយដំច្រំធាក់ យកទៅដាក់គុកងងឹតឯចំណែកខ្លួនគាត់វិញ ក៏ត្រូវផ្លាស់២៤ម៉ោង។ នេះជាច្បាប់គុកនៅកោះត្រឡាច ស្ដាប់បានទេ? ខ្ញុំទទួល ពាក្យគាត់ហើយទើបគាត់ថា ឥឡូវបងប្អូនខ្ញុំផ្ញើគ្រឿងម្ហូបកំប៉ុងផ្សេងៗមក មានកាពិផាវ កាពិឃិញ នំផ្សេងៗ ជាច្រើនកំប៉ុងមកអោយព្រមទាំងប្រាក់៦០០រៀលផង។ គាត់ថាខ្ញុំយករបស់ទាំងនោះទៅទុកមិនបានទេពីព្រោះខ្ញុំនៅក្នុងគុក។ ប៉ុន្ដែបើចង់ ទទួលទានអ្វីៗ ត្រូវមកយកពីផ្ទះគាត់បន្ដិចៗម្ដងៗទៅ។ ឯប្រាក់បើត្រូវការប៉ុន្មានមកយកទៅចុះ! លឺដូច្នេះខ្ញុំមានសេចក្ដីត្រេអរឥតអុបមា រួចបានសូមយកប្រាក់ពីគាត់ចំនួន២០រៀល ដោយមានសង្ឃឹមថា នឹងបានធូរក្នុងការកាប់អុសដោយសារប្រាក់នេះ។
សូមជំរាបថា នៅកោះត្រឡាចអោយតែមានប្រាក់មួយរៀលអាចញ៉ាំងជីវិតអោយធូស្រាលបានមួយថ្ងៃ ជាពិសេសក្នុងការកាប់អុសដោយជួលគេអោយកាប់អុសជួសបានមួយម៉ែត្រដែរ ត្បិតមានមនុស្សទោសចាស់ៗ នៅរាប់ឆ្មាំមកហើយ ពូកែកាប់អុសណាស់ គេអោចកាប់៣ ឬ៤ម៉ែត្រក្នុងមួយថ្ងៃយ៉ាងធូរ។ ចំណែកខ្ញុំកាប់១ម៉ែត្រក្នុង១ថ្ងៃបានយ៉ាងត្រដាបត្រដួស។ នៅ វេលាដែលខ្ញុំយកប្រាក់ពីលោកដកម៉ៃ ២០រៀលទៅខ្ញុំយក១រៀលទៅជួលគេកាប់ជួសបានមួយថ្ងៃ ហើយយកមួយរៀលទៀតទៅជូនកាប៉ូរ៉ាល់ដែលខ្ញុំខ្វះអុសគេពីថ្ងៃមុន។ ថ្ងៃហ្នឹងខ្ញុំបានសំរាកកំលាំងមួយថ្ងៃ បានដើរទៅសួរមិត្ដភក្ដិដែលឈឺនៅព្យាបាលរោគឯផ្ទះពេទ្យ ព្រមទាំងបានអោយប្រាក់៥រៀលទុកទិញថ្នាំព្យាបាលរោគផង។ បនុស្សទោសដែលពូកែកាប់អុសនៅទីនោះ មិនសមជាពូកែសោះត្បិតពួកនោះជាអ្នកលេងល្បែងគ្រប់យ៉ាង មានបៀបារាំង ធូយូគីជាដើម ហើយពុំសូវមានពេលដេកផង ក្នុងមួយយប់វាដេកបានតែចំនួន៣ម៉ោងប៉ុណ្ណោះ វាច្រើនតែលេងល្បែង។
តាំងពីបានប្រាក់ ខ្ញុំមានពេលសំរាកបានដើរលេងទៅតាមភូមិតូចធំក្នុងកោះបានទៅស្គាល់មិត្ដខ្មែរម្នាក់ឈ្មោះខាត់ នៅខេត្ដតាកែវ បារាំងអោយធ្វើកាប៉ូរ៉ាល់ខាងដាំដំឡូង អោយត្រួតមនុស្សទោស១៥នាក់។ ខ្ញុំនៅលេងកន្លែងនោះតាំងពីព្រឹករហូតដល់ល្ងាច ទើបដើរទៅចូលគុកខាងផ្នែកកាប់អុសនោះវិញ។ ខ្ញុំបានអោយប្រាក់៥រៀល ទៅកាប៉ូរ៉ាល់កាប់អុសដើម្បីបានឈប់៥ថ្ងៃទៅទៀត។
សូមជំរាបថា គឺអាស្រ័យប្រាក់ដែលបងប្អូនផ្ញើមកពីស្រុកកាត់សមុទ្រ កាត់ប្រទេសនោះហើយទើបខ្ញុំបានធូរខ្លួនរំដោះពីទុក្ខបានមួយគ្រាដ៏ធំ។