១១ -មរណភាពនៃអាចារ្យហែមចៀវ
ថ្ងៃពុធ ទី12.កុម្ភៈ 2014.ម៉ោង 21:57

   នៅកន្លែងដិកយុកនេះខ្លួនខ្ញុំដូចមនុស្សមានឥស្សរភាពពេញទី អាចបំភ្លេចបាននូវសេចក្ដីទុក្ខលំបាកទាំងប៉ុន្មាន។ ប៉ុន្ដែ​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​នៅ​តែ​នឹក​ស្រ​មៃ ចំ​ពោះ​ជោគ​វាសនា​របស់​ខ្ញុំ​ទៅ​អនា​គត និងអានាគតប្រទេសយើងដែរ ម្យ៉ាងទៀតខ្ញុំនឹកគិតដល់លោកគ្រូ​អាចារ្យ​ហែម​ចៀវ លោក​នួន ឌួង លោក​ប៉ាច​ឈីន ដែល​គេ​ប្រកាស​នៅ​ព្រៃ​នគរ​ថា ត្រូវប្រហារជីវិតហើយ ដែលថាចាំ​ធ្វើ​សំណុំ​រឿង​ទៅ​លោក​ឧត្ដម​សេ​និយ​ប៉េ​តាំង​ឯ​ក្រុង​បា​រីស ដើម្បី​សុំ​សំ​រាល​ទោស​នោះ តើ​បាន​ស្រាល​ខ្លះ​ដែរ ឬក៏ត្រូវគេប្រហារជីវិតទៅហើយ? ខ្ញុំគិតថា បើគេបន្ថយទោស​ខ្លះ​នោះ​ប្រ​ហែល​អ្នក​ទាំង​៣​នេះ​មិន​ទាន់​ស្លាប់​ទេ ហើយ​ប្រ​ហែល​ជា​បាន​ត្រូវគេបញ្ជូនមកកាន់កោះត្រឡាចនេះដែរហើយ។

   ខ្ញុំនៅដិកយុកនេះបានជា៤ខែ ទើបបានដំណឹងថា លោកអាចារ្យហែមចៀវ លោកនួន ឌួង លោក​ប៉ាច ឈឺន​ត្រូវ​គេ​បញ្ជូន​មក​កោះ​ត្រ​ឡាច​នេះ​មែន បញ្ជូន​មក​១​ខែ​ហើយ​គឺ​ក្នុង​ខែ​មិថុនា ១៩៤៣​។ ខ្ញុំ​សើបទៅដឹងថា គេដាក់អ្នកទាំង៣ អោយនៅគុកលខ ៤ជាកន្លែងទោសឧក្រិដ្ឋ​ទោស​អស់​អាយុ​ទាំង​អស់​គ្នា​។ កន្លែង​នោះ​គេ​អោយ​នាក់​ទោស​វេញ​ខ្សែ​ពួរ ធ្វើរបស់ផ្សេងតាមការ​បង្គាប់​របស់​បារាំង​។

   កន្លែងគុកទី៤នោះគេហាមដាច់ខាតមិនអោយមនុស្សទោសផ្សេងទៅសាកសួរសុខទុក្ខមនុស្សទោស​ដែល​នៅ​ក្នុង​នោះ​សោះ​ឡើយ​។ ជា​ហេតុ​នាំ​អោយ​ពិបាក​ទាក់​ទង​គ្នា​ណាស់ ប៉ុន្ដែ​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំក៏ចេះតែខំលបលាក់ផ្ញើរបស់របរទៅជូនលោក ទាំង៣នាះបានខ្លះ​ៗ​ដែរ ហើយ​បាន​ដំណឹង​សុខ​ទុក្ខ​ពី​ទី​គុក​លេខ​៤​នោះ​ខ្លះ​ៗ​ដែរ ដោយ​សារ​តែ​ពួកមនុស្សទោសដែលគេប្រើអោយចេញចូលក្នុង​ទី​នោះម្ដង​ម្កាល​គេ​និយាយ​អោយ​ពត៌​មាន​។

   លោកអាចារ្យហែមចៀវ និងលោកនួនឌួង នៅក្នុងគុកនោះបាន៦ខែ ក៏មានរោគាពាធ្យបៀតបៀន​។ លោក​អាចារ្យ​ហែម​ចៀវ​មាន​រោគ​មួល​ជា​ខ្លាំង​។ ឯ​លោក​នួន​ឌួង​កើត​រោគ​ស្ពឹក​ដៃ​ជើង​។ លោក​នួន​ឌួង​ត្រូវ​ពេទ្យ​ចាក់​ថ្នាំច្រើនម្ជុលពេក ក៏កើតបូសត្រង់ត្រគាកហើម​យ៉ាង​ធំ ហើយ​ពេទ្យ​ក៏​វះ​យក​ខ្ទុះ​ចេញ​យ៉ាង​សែន​វេទ​នា​។ ដោយ​អ្នក​ទោស​នោះ​មាន​ជំងឺកាន់តែដាបណាស់ នោះគេ​ក៏​បញ្ចេញ​យក​ទៅ​ដាក់​មន្ទីរ​ពេទ្យ​ទាំង​ពីរ​នាក់​។

   ក្រោយមកខ្ញុំក៏បានដឹងថា លោកគ្រូអាចារ្យហែមចៀវបានស្លាប់ទៅហើយ! ដំណឹងនេះ​មិន​បណ្ដាល​អោយ​ខ្ញុំ​រន្ធត់​ចិត្ដ​អ្វី​ទេ ព្រោះ​ខ្ញុំ​ដូច​ជា​បាន​ដឹង​មុន​ស្រេច​ទៅ​ហើយ ប៉ុន្ដែ​សេច​ក្ដី​ខ្លោច​ផ្សា​ស្ដាយ​ស្រ​ណោះ​ដ៏​ធំធេងរបស់ខ្ញុំ ចំពោះលោកគ្រូអាចារ្យហែមចៀវ ធ្វើអោយ​ទឹក​ភ្នែក​ខ្ញុំ​ផុស​ផុល​ឡើង​រលីង​រលោង​ឥត​ដឹង​ខ្លួន​តែ​ម្ដង​។ ខ្ញុំ​រលះ​រលាំង​ទៅ​ពេទ្យ​សួរ​លោក​នួន​ឌួង​។ លោកនួនឌួងក៏ខ្សឹកខ្សួល​អួល​ដើម​ក​និយាយ​ថា លោក​អាចារ្យ​ហែម​ចៀវ ខូច​ពិម្សិល​មិញ​ទៅ​ហើយ ហើយ​ពួក​ពេទ្យ​ក៏​ជួយ​យក​ចិត្ដ​ទុក​ដាក់​ណាស់ដែរ គេជួយរុំសពលោកនឹងកន្ទេលមួយ ហើយ​រុំ​ក្រមា​ស្អាត​បាត​ មាន​ខ្សែ​ចង​ត្រឹម​ត្រូវ ហើយ​គេ​នាំ​យក​សព​នោះ​ដាក់​រទេះ​រុញ​មួយ​យក​ទៅ​បញ្ចុះ​បាត់​ទៅ​ហើយ​!។