ខ- ដើម​កំណើតអក្សរខ្មែរ
ថ្ងៃសៅរ៍ ទី1.កុម្ភៈ 2020.ម៉ោង 13:36

ឯអក្សរ​ខ្មែរ​មិន​មែន​កើត​ឡើង​ស្មើ​ នឹង​ ភាសាទេ​ ព្រោះ​សម័យ​ដែល​មនុស្ស​ស្ថិត​នៅ​លើ​កោះ​គោក​ធ្លក​ ជា​ដំបូង​នោះ​គ្រាន់​តែ​បង្កើត​បាន​នូវ​ ភាសា សំរាប់​និយាយ​ ប្រា​ស្រ័យ​គ្នា​ប៉ុណ្ណោះ​ ចំណែក​អក្សរ​ជា​គ្រឿង​ចារឹក​សំរាប់​សំគាល់​ មិន​ទាន់​មាន​កើត​ឡើង​នៅ​ឡើយ​ទេ​។ ដូចនេះ​ មនុស្ស​ជំនាន់​នោះ​មិន​អាច​ចេះ​សរសេរ​សំបុត្រ​ស្នាម​ ផ្ញើទៅ​មក​រក​គ្នា​ ឬ ចេះ​កត់​ត្រា​អ្វី​ៗ​ឡើយ​។ បើ​គេ​ចង់​កត់​ចំណាំ​អ្វី​មួយ​ គេ​មាន​តែ​គ្រឿង​ចង​ចាំ​ក្នុង​ចិត្ដ​ប៉ុណ្ណោះ​។ មនុស្ស​សម័យ​នោះ​ ទំនង​ជា​យក​ហេតុ​ភេទ​ផ្សេងៗ ជា​គ្រឿង​ចំណាំ​ ដូច​ជា​យក​រដូវ​ស្លឹក​ឈើ​លាស់​ ឬ​ ឈើ​ផ្លែ​ធ្វើ​ជា​គ្រឿង​ចំណាំ​ខាង​ពេលវេលា​ជាដើម។

    មាន​អ្នក​ប្រាជ្ញ​ស្រាវ​ជ្រាវ​តួ​អក្សរ​ជា​ច្រើន​រូប​ បាន​ផ្ទៀង​អក្សរ​សិលា​ចារឹក​ខ្មែរ​បុរាណ​ និង អក្សរ​ឥណ្ឌៀ​ប៉ែក​ខាង​ត្បូង​ ក៏​ឃើញ​ថា មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​មែន​ ដូច​ជាសិលា​ចារឹក​ខ្មែរ​នៅ​វ៉ូ​កាញ់​ (ញ៉ា​ត្រាង យៀក​ណាម​) និង លិលា​ចារឹក​នៅ​ភ្នំ​ហាន់​ជ័យ​ (កំពង់​ចាម​) ជា​ដើម​។ ប៉ុន្ដែ​ តួ​អក្សរ​ទាំង​នោះ​មិន​មែន​ដូច​គ្នា​ នឹង ​អក្សរ​យើង​សព្វ​ថ្ងៃ​ទេ​ ព្រោះ​បុព្វ​បុរស​យើង​ចេះ​តែ​រក​វិធី​ក្រែ​ប្រែ​ ដូច​បាន​ពោល​រួច​មក​ហើយ​ខាង​លើ​។ គឺ​ជា​អក្សរ​ ដែល​ខ្មែរ​រៀប​ចំ​ឲ្យ​កាន់​តែ​ស្រួល​បន្ដិច​ម្ដងៗ​ នេះ​ហើយ​ ដែល​ប្រ​ទេស​ជិត​ខាង​ខ្លះ​ បាន​នាំ​យក​បែប​នេះទៅ​កាឡៃ​ធ្វើ​ជា​អក្សរ​គេ​ត​ទៅ​ទៀត​ផង។​

    ដោយ​មាន​អំ​បូរ​ចេញ​មក​ពី​ប្រភព​ជា​មួយ​គ្នា​ ទាំង​ភាសា​ ទាំង​អក្សរ​ដូច​នេះ​ហើយ​ ទើប​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ឲ្យ​ឈ្មោះ​ភាសា​អ្នក​ជិត​ខាង​ខ្លះ​ថា​ មាន​អំបូរ​​ក្នុង​រង្វង់​ភាសា​ «មន - ខ្មែរ» ដ្យិត​សម័យ​បូ​រាណ​ មាន​តែ​ជាតិ​ទាំង​ពីរ​នេះ​ទេ​ ដែល​បាន​លូត​លាស់​ខាង​វប្បធម៌​ អារ្យធម៌​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​នានា​នៅ​ជ្រោយ​ខុវណ្ណ​ភូមិ​នេះ។

    ដើម្បី​ឲ្យ​បាន​ច្បាស់​ប្រាកដ យើងសូម​ជូន​គំរូ​អក្សរ​តាម​សម័យ​ខ្លះៗ​ ដែល​យើង​ឃើ៖

គំរូទី ១

គំរូទី១ នេះ​ ជា​អក្សរ​សម័យ​ដំបូង​ បន្ទាប់​ពីការ​ចំលង​ចេញ​ពី​អក្សរ​ព្រាហ្មី​។
គំរូទី២

គំរូ​ទី​២ នេះ​ គេ​ឃើញ​មាន​ប្រើ​នៅ​សតវត្ស​ទី​ ៦ នា​សិលា​ចារឹក​នៅភ្នំហាន់​ជ័យ(កំពង់​ចាម)
គំរូទី3

អក្សរគំរូទី៣ គេឃើញ​មានប្រើ​នៅក្នុងសិលាចារឹកទាំងឡាយ កាលពីសតវត្សទី ១១ ដល់ទី ១២​។
គំរូទី3

គំរូទី៤ ជាអក្សរដែលយើងប្រទះឃើញនៅលើផ្ទាំងសិលាចារឹក នាប្រាសាទអង្គរវត្ដ កសាងពីសតវត្សទី ១៤ ដល់ ទី ១៨។

    សរុប​សេចក្ដី​ទៅ​យើង​អាច​ចាំ​បាន​ថា ខ្មែរ​មាន​ភាសា​ប្រចាំ​ជាតិ​ជា​យូរ​អង្វែង​កាល​ណាស់​មក​ហើយ​ គឺ​តាំង​ពី​មុន​សម័យ​ប្រ​វត្ដិសាស្ដ្រ​ម៉្លេះ​។ ឯ​អក្សរ​វិញ​ ទើប​នឹង​ចាប់​មាន​ឡើង​ត្រឹម​រជ្ជ​កាល​ព្រះ​បាទ​កៅ​ណ្ឌិន្យ​ ជាមួយ​នឹង​ អារ្យ​ធម៌​ឥណ្ឌៀ​ ដែល​ចូល​មក​ស្រោប​ពាស​ពេញ​ប្រទេស​យើង​ នៅ​សតវត្ស​ទី​ ២ នៃ​គ្រឹស្ដសករាជ​។ អានុភាព​ខ្លាំង​ នៃ​អារ្យ​ធម៌​នេះ​ គឺ​ចាប់​តាំង​ពី​សតវត្ស​ទី​២ នោះ​មក​ ប៉ុន្ដែ​អក្សរ​ដើម​ ចេះ​តែ​មាន​អក្ខរ​វិទូ​ជា​ច្រើន​រូប​ ព្យា​យាម​កែ​ប្រែ​ឲ្យ​កាន់​តែ​ស្រួល​រៀន​ស្រួល​ចាំ​ឡើង​ទៀត​។

    ឯ​ភាសា​សោត​ ក៏​មាន​ការ​ប្រែ​ក្លាយ​បញ្ចូល​​ជា​ច្រើន​ក្នុង​ភាសា​ដើម​យើង​ដែរ​ ព្រោះ​មាន​ពាក្យ​សំស្ក្រឹត​ជា​ដំបូង​ ដែល​ចូល​មក​ជា​មួយ​លទ្ធិ​សាសនា​ព្រាហ្មណ៍​ និង ពុទ្ធ​សាសនា​មហា​យាន​។ លុះ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខាង​ចុង​នសម័យ​អង្គរ​ រហូត​មក​ដល់​សព្វ​ថ្ងៃ​ យើង​បាន​ទទួល​ភាសា​បាលី​មួយ​បញ្ចូល​មក​ក្នុង​ភាសា​ខ្មែរ​ទៀត​។ ភាសាខាង​ក្រោយ​នេះ​ ហូរ​ចូល​ដោយ​សារ​លទ្ធិ​ពុទ្ធ​សាសនា​ហីន​យាន​ ដែល​ជា​បែប​សាសន​ដ៏​ប្រសើរ​មួយ​ដែល​យើង​នាំ​គ្នា​គោរព​ដល់​បច្ចុប្បន្ន​កាល​នេះ។

1 ភូមិ​ភាគ​ផ្នែក​ខាង​ត្បូង​លើ​ខ្ពង់​រាប​ Dekkan។ 2. អ្នក​ស្រាវ​ជ្រាវ​ខ្លះ​ថា អក្សរ​នោះ​ឈ្មោះ​អក្សរ​គ្រិន្ទៈ តែ​យើង​រក​ពុំ​ទាន់​បាន​ប្រទះ​ឃើញ​រូប​រាង​អក្សរ​នោះ​សោះ​។