ចំពូកទីបួន
សោភ័ណនៃអក្សរសាស្ត្រខ្មែរ
ថ្ងៃសៅរ៍ ទី7.មីនា 2020.ម៉ោង 7:51

    ​ដែល​ នឹង ​រាប់បាន​ ថា​ជា​អក្សរ​សាស្ដ្រ​មួយ​ប្រកប​ដោយ​លក្ខណគ្រប់​គ្រាន់​ លុះ​ត្រា​តែ​ក្នុង​អក្សរ​សាស្ត្រ​នោះ​មាន​លំអ តួ​ជា​ការ​ពិនិត្យ​យ៉ាង​ជាប់​ចិត្ដ​ផង​។ អក្សរ​សាស្ដ្រ​ខ្មែរ​យើង​ មាន​សោភ័ណ​ច្រើន​យ៉ាង​ណាស់​ ដែល​បន្ទាប់​ទៅ​នេះ​យើង​គ្រាន់​តែលើក​យក​គោល​សោ​ភ័ណ​ខ្លះៗ​ ជា​គំរូ​មក​បញ្ជាក់​បង្ហាញ​អ្នក​សិក្សា​របស់​យើង​ឲ្យ​បាន​យល់​ ហើយ​បង្កើត​បាន​ជា​សេចក្ដី​ពេញ​ចិត្ដ​ នឹង ​អក្សរ​សាស្ដ្រ​ខ្លួន​ត​ទៅ​។

១ - សោភ័ណខាងសូរសំលេង

    វិធី​អាន​របស់​ខ្មែរ​យើង​ មាន​លក្ខណ​ប្លែក​ជាង​វិធី​អាន​ របស់​ជន​ជាតិ​នានា​។ ក្រៅ​ពី​ពាក្យ​រាយ​ដែល​ខ្មែរ​អាន​យក​លំនាំ​តាម​ការ​សន្ទនា​គ្នា​ជា​ធម្មតា​ បុព្វ​បុរស​យើង​បាន​បង្កើត​ជា​បទ​បែប​ផ្សេង​ៗ​គ្នា​ សំរាប់​ឲ្យ​យើង​អាន​ក្នុង​វណ្ណ​កម្ម​របស់​លោក បានត្រាប់​ដូច​កាយ​វិការ​នៃ​តួ​ទាំង​ឡាយ​ ដែល​កំពុង​តែ​មាន​សកម្ម​ភាព​នោះ​ថែម​ទៀត​។ ដូច​នេះ​ កំណាព្យ​ខ្មែរ​យើង​មិន​ត្រឹម​តែ​ប្លែក​ត្រង់​ការ​ចាប់​ចួន​ ច្រើន​ម៉ាត់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំត​ពត់​សំឡេង​សូរ​សំនៀង​ ឲ្យ​ទ្រេត​ដួល​ទៅ​ស្រប​ នឹង ​កាយ​វិការ​ផង​។ ឧបមាថា ​បើ​យើង​អាន​ក្នុង​ពេល​ដែល​តួ​រឿង​កំពុង​កើត​ទុក្ខ​ យើង​ក៏​ត្រូវ​ធ្វើ​បទ​ដំអូញ​ដំណាង​សេចក្ដី​ទុក្ខ​នោះ​។ បើ​យើង​អាន​​ក្នុង​រឿង​សប្បាយ​ សំឡេង​យើង​ក៏​ពត់​បែរ​ទៅ​តាម​ភាព​សប្បាយ​នោះ​ដែរ​។ ត្រង់​ហ្នឹង​ហើយ​ដែល​ចិត្ដ​កវី​ខ្មែរ​ បាន​កសាង​បទ​បែប​ច្រើន​ឲ្យ​មាន​លក្ខណ​ប្លែក​ៗ​ពី​គ្នា​ដូច​ការ​សិក្សា​ត​ទៅ​នេះ៖​​

    ក - បទពំនោល ៖ បទ​ពំនោល​ជា​បទ​ចាស់​បូ​រាណ​ជាង​គេ​។ យើង​ប្រទះ​ឃើញ​បទ​នេះ​មាន​មក​តាំង​ពី​សម័យ​​អង្គរ​ ពាក្យ​ឈ្មោះ​បទ​នេះ​សោត​ ក៏​ជា​ពាក្យ​ខ្មែរ​សុទ្ធ​ បាន​ន័យ​ថាជា​សេចក្ដី​ពោល​ គឺ​សេចក្ដីបើក​បទ​ ដែល​យើង​ធ្លាប់​ឃើញ​មាន​ពោល​ក្នុង​ការ​សម្ដែង​របាំ​ព្រះ​រាជ​ទ្រព្យ​ ឬ ក្នុង​ល្ខាន​ខោល​។ ចំណេរ​ត​មក​ អ្នក​ប្រាជ្ញ​បាន​ទុក​ដាក់​មក​នេះ​ សំរាប់​ប្រើ​ក្នុង​គ្រា​មាន​កលិ​យុគ​ គឺ​មាន​ការ​ចលាចល​រញ្ជើប​រញ្ជួយ​ ដូច​ជា​ការ​ជេរ​ប្រទេច​ ចំបាំង​រាំង​ជល់ ព្យុះ​ខ្យល់​បោក​បក់​ ឬ ពាក្យ​គំហក​ កំហែង​ជាដើម ព្រោះ​បទ​នេះ​ មាន​សូរ​សន្ធាប់​ខ្លាំង​ៗ​។

    ខ - បទព្រហ្មគិត ៖ ព្រហ្មគិត​ជា​ភាសា​បាលី​ ប្រែ​ថា​ព្រះ​ព្រហ្ម​ច្រៀង​ ឬ ចម្រៀង​ព្រះ​ព្រហ្ម។ បទ​នេះ​មាន​សូរ​សំនៀង​លន្លង់​លន្លោច​ណាស់​ ព្រោះ​ជា​បទ​តំណាង​​សេចក្ដី​ទុក្ខ​សោក​ ការ​ព្រាត់​ប្រាស​និរាស​គ្នា​ ឬ​ ការ​ថ្លែង​ទុក្ខ​ទោមនស្ស​អ្វី​មួយ​។ ជួន​កាល​យើង​ឃើញ​បទ​នេះ​ក្នុង​សាស្ត្រា​ច្បាប់ទូន្មាន​ខ្លះ​ដែរ​ នេះ​ប្រ​ហែល​ជា​អ្នក​និពន្ធ​ ចង់​ឲ្យ​អ្នក​អាន​ធ្វើ​បទ​ដំអូញ ដំណាល​នូវ​សំដី​ចុង​បំផុត​របស់​លោក​ដែល​ផ្ដាំ​ទូន្មាន​ដល់​កូន​ចៅ​ មុន​គ្រា​ដែល​អស់​ជីវិត​ទៅ។

    គ - បទកាកគតិ ៖ កាកគតិ​ ប្រែ​ថា​ ដំណើរ​ក្អែក​ ឬ ​ក្អែក​ដើរ​។ សូរ​សំនៀង​នៃ​បទ​នេះ​ មាន​ចង្វាក់​ស្មើរ​ៗ​ សំឡេង​មិន​លើកមិន​​ដាក់​ តេ​រន្ថើន​ៗ​ មាន​ទំនង​ដូច​ក្អែក​ដើរ​។ បុរាណ​ប្រើ​បទ​នេះ​ ក្នុង​ការ​សន្ទនា​គ្មា​ធម្មតា​ ក្នុង​សេចក្ដី​រ៉ាយ​រ៉ាប់​ពត៌​មាន​ផ្សេង​ៗ​ ឬ​ ក្នុង​សេចក្ដី​ផ្ដើម​រឿង​នីមួយៗ​។ យើង​ប្រទះ​ច្បាប់​ទូន្មាន​ជា​ច្រើន​ដែល​សរសេរ​ជា​បទ​កាកគតិ​។

    ឃ - បទភុជង្គលីលា ៖ ភុជង្គ​លី​លា​ បាន​សេចក្ដី​ថា​នាគ​ដើរ​ ឬ​ នាគ​លូន​។ បើ​យើង​សង្កេត​ចំពោះ​សូរ​សំនៀង​នៃ​បទ​នេះ​ មិន​ខុស​ពី​ឈ្មោះ​ខាង​លើ​នេះ​ទេ​ ព្រោះ​សំលេង​បទ​ភុជង្គ​ទន់​ភ្លន់​អែន​អន​ ផ្អែម​ល្ហែម​ណាស់​ ទំនង​ដូច​ជា​ពស់​លូន​ ឬ នាគ​ដើរ​មែន​។ បុរាណ​ច្រើន​ប្រើ​បទ​នេះ​ ក្នុង​ការ​សប្បាយ​រីករាយ​ ដូច​ជា​ក្នុង​ការ​រាប់​រៀប​ព្រៃ​ព្រឹក្សា​លតាវល្លិ​ សរសើរ​ពី​សំរស់​ នៃ ​សួន​ច្បារ​ ទឹក​សមុទ្រ​ ឬ​ ធម្ម​ជាតិ​ដទៃ​ៗ​ទៀត​។

    ង - បទបន្ទោលកាក ៖ ពាក្យ​បន្ទោល​កាក​នេះ​ ក្លាយ​មក​ពី​ពាក្យ​ មណ្ឌុក​គតិ​ ដែល​ប្រែ​ថា​ ដំណើរ​កង្កែប​ ឬ កង្កែប​​លោត​។ សំនៀង​នៃ​បទ​នេះ​ យារ​វែង​ៗ​ ហើយ​កញ្ឆក់​ម្ដង​ៗ​ មាន​ទំនង​ដូច​កង្កែបលោត​ ហើយ​ឈប់​ ឈប់​ហើយ​លោត​យ៉ាង​នោះ​ដែរ​។ បទ​នេះ​សំរាប់​ប្រើ​ក្នុង​សេចក្ដី​ឆ្លើយ​ឆ្លង​ត្លុក​កំប្លែង​​រវាង​តួ​ក្រមាច់​ក្រមើម​ទាំង​ឡាយ​។ យើង​សង្កេត​ឃើញ​ច្រើន​ជា​តួ​សត្វ​។

    ច - បទពាក្យ​ ៧ ពាក្យ ៨ ពាក្យ ៤ ៖ បទ​ទាំង​នេះ​ មិន​ឃើញ​មាន​ក្នុង​វណ្ណ​កម្ម​បុរាណ​តាំង​ពី​សម័យ​អង្គរ​ ឬ​ ខាង​ដើមសម័យ​កណ្ដាល​ឡើយ គេ​ទើប​តែ​ឃើញ​មាន​នៅ​ចុង​បំផុត​ នៃ ​សម័យ​កណ្ដាល​ គឺ​គ្រា​ដែល​រាជ​ធានី​យើង​នៅ​ឧត្ដុង្គ​ និង គ្រ​លើក​ក្រុង​ពី​ឧត្ដុង្គ​មក​ភ្នំ​ពេញ​។ សូរ​សំនៀង​បទ​ទាំង​នេះ​ មិន​មាន​ឯក​ភាព​តែ​មួយ​​ទេ​ ច្រើន​ដេក​ដួល​ទៅ​តាម​អ្នក​អាន​ដែល​ខំបំពត់​សំឡេង​ឲ្យ​ពីរោះ​ក្រឳ​ប្លែក​ៗ​ពី​គ្នា​អ ដំបូង​យើង​ឃើញ​កំណាព្យ​ពាក្យ​៧ ពាក្យ​៨ និង​ពាក្យ​៩ នេះ​ច្រើន​មាន​នៅ​ក្នុង​បទ​ចំរៀង​ មាន​បទ​សកវាទិ​ជា​ដើម។ ប៉ុន្ដែ​ក្រោយ​មក​ ដោយ​ចិន្ដ​កវី​យើង​ប្រាថ្នា​ឲ្យ​វណ្ណ​កម្ម​នៃ​លោក​ពី​រោះ​ពិសា​ដូច​ជា​ចំរៀង​ដែរ​ ទើប​លោក​យក​បទ​ទាំង​នេះ​មក​ប្រើ​ក្នុង​ស្នា​ដៃ​ជា​រឿង​រ៉ាវ​ផ្សែង​ៗ​។

២ - សោភ័ណខាងសំនួន​វោហារ

    របៀប​លេង​សំនួន​វោហារ​វិញ ក៏​បុព្វ​បុរស​យើង​ប្រសប់​ខាង​ធ្វើ​ឲ្យ​អ្នក​អាន​ជាក់​ចិត្ដ​ណាស់​ ដោយ​ប្រើ​ល្បិច​ផ្សេៗ​ ច្រើន​បែប​ច្រើន​យ៉ាង​ក្នុង​សេចក្ដី​រាប់​រៀប​ពីទិដ្ឋ​ភាព​ ឬ សេចក្ដី​សន្ទនា​រវាង​តួ​មួយ​ នឹង តួ​មួយ​ក្នុង​អក្សរ​សាស្ដ្រ​ ដែល​យើង​​ នឹង​ លើក​យក​លំអរ​ខ្លះ​ មក​ធ្វើ​ជា​ឧទាហរណ៍​ខាង​ក្រោម​នេះ​៖

១ - ការរាប់​រៀប​ទិដ្ឋ​ភាព​មាន​កាយវិការ
ព្រះឃ្លាំង នង
រមាំង​រមាំងមៀង      មើលកាល់កៀងគូត្រកាល
ឆីស្មៅកណ្ដាល      វាលក្រោមម្លប់ៗគោមួយ។
កោសាធិបតី-កៅ
គជសារដើរដល់      មៀង​មើលយល់
ព្រះពង្សពុទ្ធា      បាទបត់ជង្គជួញ
កង្កួញហត្ថា      ទ្រោមទ្រុឌសិរសា
រាមកេរ្ដិ៍
ស្ដេចក្រាយកៅទណ្ឌសរសក្ដិ      រូមណ្ឌលចក្រ រំកាយព្រះករសោភា។
ចំរៀងខ្មែរ
សន្ធឹកផ្គរគ្រាំ ទាញដៃមកផ្ដាំ ក្រោមរោងរទេះ
បងផ្ដាំរួចហើយ បងឡើងផាយសេះ ចាករោងរទេះ
សេះលុនលឿនលន់។
២ - លំអក្នុងការប្រៀបធៀប
ភិក្ខុសោម
ខ្លួនប្អូនដូចឈើជាបង្គង      ខ្លួនអ្នកប្រុសឈ្មងដូចឃ្មុំផង
មកទុំផ្ញើសាំហើរជាម្ដង      ឈើសោតសៅហ្មងអសារនៅ
ទុំថាខ្លួនបងដូចដំរី      ខ្លួនប្អូនស្រស់ស្រីដូចអំពៅ
ដំរីបានផ្អែមមិនដែលទៅ      ឆ្ងាយពីអំពៅទេណានួនណា
ព្រះអង្គម្ចាស់ក្សត្រី ល.ន
ទុក្ខខ្ញុំ​ទុក្ខ​រស់ទុក្ខរងកម្ម      រាប់ខែរាប់ឆ្នាំតែងវិតក្ក
រស់នៅជាមនុស្សមិនពេញមុខ      នេះទើបហៅទុក្ខជាងកង្រី។
កង្រីកើតទុក្ខទុក្ខសល់សែន      ទុក្ខមែនប៉ុន្ដែទុក្ខនោះខ្លី
ទុក្ខខ្ញុំដល់អស់ផុតផែនដី      ដល់លាលោកក្ដីមិនអស់ទុក្ខ។
៣ - លំអក្នុងសូរ​សំឡេងរណ្ដំគ្នា
ម៉ឺនភក្ដីអក្សរ-តន់
ពពេចបងនៅពពាលខែ      ហើយហិចហើរហែគ្នាត្រសង
ពាំផ្កាពពាយរាយរុះល្អង      ពពូលយំកងប៉ប៉ុកដី។
ដូចកលកាយបានប្រាណមូលមិត្ដ      នែបនិត្យពពៅនៅប្រិមប្រិយ
ស្រីស្រស់ស្រួលស្រេចដាច់លោកិយ      បានបងបមបីហើតបែកបែរ។
សន្ធរម៉ុក
ចរចូលតតាំង      ទល់ទ័ពបារាំង      យក្សយង់មោហា
ខ័នខែងវាយវាត់      កាប់កាត់យក្សា      យក្សសោតមរណា
ឃ្លាតខ្លួនខ្ចាត់ខ្ចាយ។
៤ - លំអក្នុងការបង្ហាញតួអង្គ
លំអក្នុង​ការ​បង្ហាញ​តួ​អង្គ​ក្នុង​អក្សរ​សាស្ត្រខ្មែរ​យើង​ឃើញ​មាន​របៀប​៣យ៉ាង​ប្លែក​ពី​គ្នាគឺ៖
ក - អ្នកនិពន្ធជាអ្នកបង្ហាញ (ព្រះបាទអង្គឌួង)
ស្ដេចមានមហេសី      នាមកែវកាកី      ល្អល្អះឥតហ្មង
ឥមានស្រីណា      សោភាផ្ទឹមផង      សមសព្វកន្លង
កន្លោងអស់ស្រី។
ខ - តួអង្គមួយជាអ្នកបង្ហាញ (ព្រះភិក្ខុសោម)
ចាំទៅដល់ផ្ទះប្រាប់ទាវគ្រប់      ទាវនៅក្នុងម្លប់សមស្រណោះ
នាងជាម្ដាយទាវមានរបស់      កូនស្រស់រូបស្រេចដាច់ស្រីផង។
គ - តួអង្គបង្ហាញខ្លួនឯង (អ្នកស្រីសិទ្ធិ)
ខ្លួនបងជាក្សត្រសោយរាជ្យរដ្ឋ      នាមព្រះព្រហ្មទត្ដមានរិទ្ធិផង
មានទាំងប្រាសាទស្អាតកន្លង      ជាច្បងលើសលប់ភពមនុស្សា។
៥ - លំអក្នុងពាក្យកំប្លែង
សន្ធរម៉ុក
វីយ​នែអាចិកឆាមួយកាក់      អាចិកកន្ដ្រាក់បានសាច់ខ្វៃ
ទាញខ្វាកកាប់ខ្វាប់សាប់ញាប់ដៃ      វើយលៃឲ្យឆាប់ប្រញាប់ឆាន់។
ឧកញ៉ានូកន
ខ្លះពោះម៉ាយស្ដាយមិត្ដគិតខ្មោចនាង      ឯមេម៉ាយស្ដាយរាងរូបខ្មោចអ្នក
តាអាណោចខ្មោចយាយរាយមាយភ្ញាក់      យាយញ័រញាក់នឹកខ្លាចខ្មោចតា។
អាលក្ខណ៍-ប៉ែន
កំពតកំពីងប៉ោ      ខាំចំចន្លោះកន្លៀតភ្លៅ
ខាំហើយហែលឆ្លាទៅ      បេះស្លឹកអំពៅធ្វើជាថ្នាំ។

៣ - សោភ័ណខាងគំនិត

    ក្រៅ​ពី​សោភ័ណ​សូរ​សំនៀង​ និង សោភ័ណ​ខាង​សំនួន​វោ​ហារ​មក​ យើង​មាន​ក្នុង​អក្សរសាស្ត្រ​ខ្មែរ​មាន​សោភ័ណ​ខាង​គំនិត​ទៀត​។

    យើង​លើក​យក​គោល​ខ្លះ​ៗ​ មក​បញ្ជាក់​ក្នុង​ទី​នេះ​ដូច​ជា​ត្រង់​និក្ខេបបទ​របស់​អ្នក​និពន្ធ​នីមួយ​ៗ ដែល​ខ្លួន​ប្រកាន់​យក​ត្រង់​ណា​ហើយ​ លោក​ប្រឹង​លាត​ត្រដាង​យោ​បល់​នោះ​ លុះ​ត្រា​តែ​អ្នក​អាន​បាន​យល់​ច្បាស់​ទើប​លោក​សុខ​ចិត្ដ​។ ឧទាហរណ៍​​ ​ដូចជា​រឿង​ក្នុង​ពុទ្ធនិយម​ ដែល​លោក​លើក​យក​កម្ម​ផល​ធ្វើ​ជាធំ​។ លោក​មិន​ភ្លេច​សោះ​ទេ​ ត្រង់​កម្ម​ពៀរ​ នៃ អកុសល​ ដែល​តែង​តាម​ផ្ទាន់​ឲ្យ​លំបាក​វេទ​នា​នៅ​ទី​បំផុត​ ឯ​ផល​ នៃ អំពើ​ល្អ​វិញ លោក​តែង​លាត​ត្រ​ដាង​ពី​ផល​ដ៏​ល្អ​ត្រ​កាល​នៅ​ទី​បំផុត​។

    មាន​តួ​ដែល​ប្រកប​ដោយ​លក្ខ​ណ​ប្លែក​ពី​គ្នា​ តាមចរិយា​របស់​ខ្លួន​ ដូច​ជា​តួ​ស្ដេច​មនុស្ស​ ទេវតា​ តែ​ង​ដណាង​សភាវ​ល្អ។ ឯតួ​យក្ស​ សត្វសាហាវ​ ឬ ចោរ​កំណាច​ ជា​ដំណាង​សភាវ​អាក្រក់​ កាច​ឃោរ​ឃៅ​គ្មានធម៌​មេត្ដា​ក្នុង​ខ្លួន​ឡើយ​។ ដូច​នេះ​ យើង​ឃើញ​ជាក់​ថា​ ការ​ដែល​អ្នក​និពន្ធ​ដើម​សរសេរ​មាន​យក្ស​ ក្នុង​តួ​អង្គ​អក្សរ​សាស្ត្រ​នោះ គ្រាន់​តែ​ជា​ដំណាង​សភា​វកាច​ អាក្រក់​ អ្នក​គ្មាន​មេត្ដា​ធម៌​ប៉ុណ្ណោះ​ ពុំ​មែន​ជា​រូប​មាន​មែន​ជាក​ប្រាកដ​ឡើយ​។ ដូច​នេះ​ហើយ​ ទើប​អ្នក​និពន្ធ​រាប់​រៀប​ពី​រូប​រាង​យក្ស​នោះ​អាក្រក់​ក្រៃ​លែង​ ទាំង​រាង​កាយ​ ទៃង​ឬកពារ​សំដី​វោ​ហារ​។

    លំអ​មួយ​ផ្នែក​ទៀត​ ត្រង់​មាន​ការ​ប្រដៅ​ទូន្មាន​ដល់​មនុស្ស​មាន​ទ្រព្យ​ច្រើន​ ហើយ​កាច​អធម៌​ ច្រើន​មើល​ងាយ​មនុស្ស​ថោក​ទាប​ជាង​ខ្លួន​ និង ប្រើ​ការ​រំលោភ​លើ​ជន​ប្រភេទ​នេះ​ជា​ដើម​។ លោក​បាន​លាត​ត្រដាង​ផ្ទៃ​រឿង​ត្រង់​កន្លែង​ខ្លះ​ឲ្យ​ឃើញ​ថា កាល​ណា​មនុស្ស​ប្រកាន់​រិក​ពា ឆ្មើង​ឆ្មៃ​ មើល​ងាយ​គេ​នេះ​ ប្រា​កដ​ជា​ត្រូវ​អំពើ​សប្បុរស​ យុត្ដិ​ធម៌​ មាន​ជ័យ​ជំនះ​លើ​ជា​មិន​ខាន​។

    ដូច​ជា​រឿង​សង្ខេប​សង្ខ​សិល្បជ័យ​ ត្រង់​កូន​ស្ដេច​ចិត្ដ​កំណាច​ទាំង​ ៥​នាក់​ទៅ​បោក​បញ្ឆោត​សង្ខ​សិល្ប​ជ័យ​ ​ឲ្យស្លាប់​បង់​ជីវិត​ នឹង យក​រាជ​សម្បត្ដិ​។ តែ​ដល់ទីបំផុត​ត្រូវ​សង្ខ​សីល្ប​ជ័យ​ឈ្នះ​វិញ​ ក៏​ចាប់​យក​មនុស្ស​កំណាច​ទាំង​នោះ​មក​ផ្ចាញ់ផ្ចាល​។

    រឿង​ចៅ​ស្រទប​ចេក​ ត្រង់សេដ្ឋី​ធ្វើ​បាប​ស្រទប​ចេក​ និង ម្ដាយ​ឲ្យ​ទាល់​តែ​ម្ដាយ​នោះ​ស្លាប់​​។ ដល់​ទី​បំផុត​ស្រទប​ចេក​បាន​គ្ររាជ្យ​ បាន​ទាំង​កូន​សេដ្ឋី​ធ្វើ​ប្រពន្ធ​ទៀត​ ក៏​ចាប់​សេដ្ឋី​មក​ធ្វើ​ទោស​ឲ្យ​រាង​ចាល​។

    រឿង​ព្រះធិនវង្ស​ ត្រង់ព្រះបាទ​សាមល​មើល​ងាយ​ព្រះ​ធិន​វង្ស​ដែល​ក្លែង​ខ្លួន​ជាមនុស្ស​ឃ្លង់​។ លុះ​ដល់​ឆ្លើយ​ប្រស្នា​ព្រះ​ឥន្ទ​មិន​រួច​ ក៏​ត្រូវ​ពឹង​ដល់​មនុស្ស​ឃ្លង់​នោះ​វិញ​។

   ទំព័រ៦៩- ១ ឧទាហរណ៍ ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ បញ្ជាក់​ឲ្យ​ដឹង​ថា​ អ្នក​អក្សរ​សាស្ដ្រ​យើង​ ពិត​ជា​ចេះ​បំពួន​គោល​គំនិត​របស់​លោក​ ក្នុង​ផ្ទៃ​រឿង​ទាំង​នោះ​ជា​ច្រើន​ ពុំ​មែន​គ្រាន់​តែ​ជា​រឿង​បំពេ​អារម្មណ៍​ទេ​ គឺ​មាន​បញ្ហា​សំរាប់​ជួយ​ដោះ​ស្រាយ​គតិ​អាក្រក់​របស់​មនុស្ស​ជា​ច្រើន​អន្លើ​ដែរ​។