ចំពូកទីប្រាំពីរ
អក្សរសាស្ត្រសម័យអង្គរ
ថ្ងៃសៅរ៍ ទី28.មីនា 2020.ម៉ោង 10:23

    សម័យ​អង្គរ​ រាប់​តាំង​ពី​ គ.ស ៨០២ គឺ​គ្រ​ដែល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​ ២ បាន​ចាប់​កសាង​ទី​ក្រុង​អង្គរ​ជា​ដំបូង​នៅ​អែ​អង្គរ​ មាន​ភ្នំ​បាខែង​ជា​រាជធានី​ រហូត​ដល់​ គ.ស ១៤៥២(1) ដែល​​ព្រះ​បាទ​ស្រី​សុរិយោ​ពណ៌​ចៅ​ពញា​យ៉ត​ បាន​លើក​ទី​ក្រុង​ចាកចោល​អង្គរ​មក​តាំង​នៅ​ចតុ​មុខ​វិញ​។ រយកាល​ខាង​ដើម​ នៃ សម័យ​នេះ​ ប្រជាជន​ខ្មែរ​ជាប់​ចិត្ដ​ជាប់​គំនិត​យ៉ាង​សប់​សួន​ នៅ​ក្នុង​លទ្ធិ​ព្រហ្មញ្ញ​សាសនា​ និង ពុទ្ធ​សាសនា​មហា​យាន​។ ហេតុ​នេះ​អែង​ ទើប​ភាសា​សំស្ក្រឹត​ជា​មូលដ្ឋាន​ នៃ លទ្ធិ​ទាំង​ពីរ​នោះ​ បាន​​​​ទទួល​កិត្ដិ​យស​ជា​ភាសា​ផ្លូវ​ការ​ សំរាប់​កិច្ច​ការ​ជាន់​ខ្ពស់​ផ្សេងៗ​ ក្នុង​ផ្ទែ​អាណា​ចក្រ​ទាំង​មូល​។ ពាក្យ​ពេចន៍​សំរាប់​ប្រើ​ប្រាស់​ទាំង​ឡាយ​ ទោះ​ជា​ខាង​វណ្ណ​កម្មក្ដី​ ខាង​ភាសានិយាយ​ធម្មតា​ក្ដី ក៏​សុទ្ធ​តែ​លាយ​ច្រ​បល់​ដោយ​ភាសា​​សំស្ក្រឹត​ទាំង​អស់​។ ដូច​នេះ​ហើយ​ ទើប​ភាសា​យើង​ក្នុង​គ្រា​បច្ចុប្បន្ន​នេះ​ ក៏​នៅ​មាន​លាយ​ច្របូក​ច្របល់​ភាសា​សំស្ក្រឹត​នៅ​ឡើយ​​។​

    ហេតុ​ដែល​នាំ​​ឲ្យ​យើង​ហ៊ន​ពោល​ថា​ អក្សរ​សាស្ត្រ​យើង​ទោះ​ផ្នែក​វណ្ណ​កម្ម​ក្ដី​ ផ្នែក​ភាសា​ធម្មតា​ក្ដី​ សុទ្ធ​តែ​លាយ​លំ​គ្នា​ នឹង ភាសា​សំស្ក្រឹត​នោះ​ ព្រោះ​យើង​ឃើញ​ពាក្យ​ខ្មែរ​សព្វ​ថ្ងៃ​ជា​ច្រើន​ម៉ាត់​ ច្រើន​ពាក្យ​ ដែល​ប្រ​ជា​ជន​នាំ​គ្នា​និយាយ​ឆ្លង​ឆ្លើយ​រៀង​រាល់​ថ្ងៃ​ គឺ​ពិត​ជា​ពាក្យ​ក្លាយ​ចេញ​ ឬ​ ជា​ពាក្យ​សំស្ក្រឹត​សុទ្ធ​មែន​ ដូច​ជាពាក្យ​ ព្រះ​ ប្រព្រឹត្ដ​ គោ សក្សី​ រក្សា​ សង្គ្រោះ សូរ្យគ្រោះ ... ជាដើម​។ ពាក្រ​ទាំង​នេះ​ ជនជាតិ​ខ្មែរ​យើង​ប្រើ​ប្រាស់​រត់​មាត់​តាំង​ពី​មនុស្ស​ចាង់​ រហូត​ដល់​ក្មេង​តូច​ ហាក់​ដូច​ជា​ភ្លេច​ខ្លួន​សូន្យ​ឈឹង​ថា​ពាក្យ​ទាំង​នេះ​ ខ្មែរ​បាន​ប្រឌិត​យក​ពី​ភាសា​សំស្ក្រឹត​ តាំង​ពី​អតីត​កាល​យូរ​អង្វែង​ណាស់​មក​ហើយ​។ ពាក្យ​ទាំង​នេះ​បាន​ក្លាយ​ទៅ​ជា​ពាក្យ​ខ្មែរ​សុទ្ធ​ៗ​ អស់​ទៅ​ហើយ​ក្នុង​គ្រា​ឥលូវ​នេះ​ ប៉ុន្ដែ​អ្នកស្រាវ​ជ្រាវ​នៅ​តែ​ទទួល​ស្គាល់​គ្រប់​គ្នា​ថា ពាក្យ​ទាំង​នោះ​ ពិត​ជា​ខ្មែរ​ប្រឌិត​យក​ពិ​ភាសា​សំស្ក្រឹត​មែន​។

    ចំពោះ​វណ្ណ​កម្មវិញ​ យើង​ឃើញ​ជា​ភស្ដុតាង​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ​នូវ​រឿង​រ៉ាវ​ ដែល​ខ្មែរ​បុរាណ​សរសេរ​សម័យ​នោះ​ព្រម​ទាំង​សិលា​ចារឹក​ទាំង​ឡាយ​ ដែល​ស្ថាបនា​ឡើង​នៅ​គ្រា​ជាមួយ​គ្នាដែរ​ មាន​សុទ្ធ​តែ​ពាក្យ​ពេចន៍​ ឬ សំនួន​វោ​ហារ​ល្អ​ឥត​ខ្ចោះ​ លាយ​ច្រ​បល់​ដោយ​ពាក្យ​ខ្មែរ​បុរាណ​ និង សំស្ក្រឹត​ ដូច​សិលា​ចារឹក​នៅ​បានយ័ន​ នៅ​​ព្រះ​ខ័ន​ នៅ​បន្ទាយ​ឆ្មា នៅ​ភ្នំជីសូរ និង ប្រាសាទ​នានា​ ដែល​កើត​ដំណាល​គ្នា​ ឬ​ ជា​នៅ​ក្នុង​រឿង​រាម​កេរ្ដិ៍​ជា​ដើម​។ ដូច​ជា​យើង​បាន​ពោល​រួច​មក​ហើយ​ ថា​រឿង​រាមកេរ្ដិ័​ខ្មែរ​មិន​មែន​ប្រែ​ត្រង់​ៗ​ ពី​រឿង​រាមាយណ​ ឥណ្ឌៀ​សុទ្ធសាធ​ទេ​ គឺ​ខ្មែរ​គ្រាន់​តែ​ប្រឌិត​បែប​ តាម​ប៉ុណ្ណោះ​ មាន​វគ្គ​ខ្លះ​ក៏​ឃ្លាត​ចាក​ពី​រឿង​ដើម មាន​វគ្គ​ខ្លះ​ក៏​ដូច​ប្រហាក់​ប្រហែល​គ្នា​ទៅ​។ រឿង​រាមកេរ្ដិ៍​ ជា​រឿង​​ណា​ដែល​​មាន​អាយុ​ចាស់​ជាង​រឿង​នេះ​ទេ​។ ហេតុ​ដែល​នាំ​ឲ្យ​គេ​រាប់​ចំណាស់​រឿង​នេះ​បាន​ ព្រោះ​មាន​អ្នក​ប្រាជ្ញ​ជា​ច្រើន​រូប​បាន​ពិនិត្យ​សង្កេត​រឿង​នេះ​យ៉ាង​ហ្មត់ចត់​បំផុត​ ដើម្បី​រាវ​រក​ពេល​វេលា​ដែល​កសាង​រឿង​នេះ​ ប៉ុន្ដែ​មិន​បាន​ងាយ​សោះ​ ព្រោះ​នៅ​បទ​ដើម​នៃ​រឿង​នេះ​ ពុំ​មាន​ចារឹក​ថ្ងៃ​ខែ​ ឬ នាម​អ្នក​និពន្ធ​ឲ្យ​យើង​ឃើញ​ឡើយ​ គ្រាន់​តែ​មាន​ពាក្យពេចន៍​ និង សំនួន​វោ​ហារ​ក្នុង​នោះ​ប៉ុណ្ណោះ​។ ដែល​សំរាប់​ទាញ​សតិ​អារម្មណ៍​ របស់​អ្នក​អាន​ឲ្យ​ប្រមាណ​យ៉ាង​ច្បាស់​ថា​ រឿង​នេះ​ពិត​ជា​កើត​នៅ​ក្នុង​សម័យ​អង្គរ​មែន​ ព្រោះ​មាន​ចំលាក់​ថ្ម និង ​ទេព​និទាន​ចាស់​ៗបង្ហាញ​ជា​ភស្ដុ​តាង​ផង​។

    ដើម្បី​ធ្វើ​ជា​សក្ដី​ភាព​បង្ហាញ​ដល់​អស់​លោក​អ្នក​ យើង​សូម​ស្រង់​សេចក្ដី​ខ្លះ​ ក្នុង​រឿង​រាមកេរ្ដិ៍​យក​មក​ធ្វើ​ការ​ពិភាក្សា​ ពិនិត្យ​បញ្ជាក់​ថា តើង​រឿង​នេះ​ពិត​ជា​លាយ​ភាសា​សំស្ក្រឹត​ និង​ ផ្ទៃ​រឿង​របៀប​ខ្មែរ​ឬ​ទេ។

    សេចក្ដី​ដក​ស្រង់​នេះ​ យើង​ស្រង់​តាម​សៀវ​ភៅ​បោះ​ពុម្ព​ដែល​ផ្សាយ​ចេញ​ពី​ក្រុម​ពុទ្ធសាសនបណ្ឌិត្យ​ ក្នុង​សៀវ​ភៅ​ភាគ​ទី​១ មាន​សេចក្ដី​ដូច​ត​ទៅ​៖

ព្រះរាម​ស្ដេច​មើល​អស់​ភូ-ធរ​លើក​ឫទ្ធិធនូ ក៏​ព្រើស ព្រះ​ភក្ត្រ​ប្រឹម​ប្រិយ៍។ ស្ដេច​ចូលលង​ឫទ្ធិដ៏ពិធី អស់ទេព​ដ៏ឥសី ក្សត្រ​ទត​អនុភាព​ចេស្ដា។ ព្រះរាម​រឹង​ឫទ្ថិ​មហិមា ស្ដែង​ស្ដេចេស្ដា-ធិការ​នុភាព​លើសក្រៃ។ ស្ដេច​លើក​កៅ​ទ័ណ្ឌសរជ័យ អស់​ទេព​មនុស្ស​ឰ ដ៏មាន​កំឡុង​លោកធាតុ។ សឹង​ថ្វាយ​សព្វ​សាធុការសាទ៍រ ព្រះបរមនាថ ឫទ្ធិ​អំណាច​យល់​ថ្កើង​ ស្ដេច​វាត់​កៅ​ទ័ណ្ឌបី​ជំឡើង​ កោះសរសក្ដិថ្កើង សម្ដែង​នុវ​តេជ​ប្រត្ស័ក្ស​។ ស្ដេចក្រាយ​កៅ​ទ័ណ្ឌសរសក្ដិ រួម​មណ្ឌល​ចក្រ រំកាយ​ព្រះករសោភា។ ដងនោះព្រះបាទ​មិថិលា ស្ដេច​យល់ឫទ្ធា-នុភាព​ព្រះ​រាមលើស​ក្រៃ ស្ដេច​ត្រេក​អរ​ឲ្យ​ពរ​ជ័យ​ ជយោ​ជ័យ​ក្រៃ​ សំរិទ្ធីរាម​មហិមា។ ស្ដេច​យករ័តន៍រាជសីតា ប្រកបនូវ​លក្ខណា ក៏ថ្វាយព្រះរាមក៏កន្លង។ អស់មនុស្ស​មន្ដ្រី​ផង​ ប្រើ​ទូត​ទៅ​ចង​ មេត្រី​ព្រះបាទទសរថ។ ស្ដេច​ផ្ដាំ​ទូត​ទៅបី​កំណត់ ថ្កាន​ព្រះ​ទសរថ បីលុះ​បូរី​អយុធ្បា។

    អត្ថបទ​ដែល​ជា​សេចក្ដី​ដក​ស្រង់​របស់​យើង​ ខាង​លើ​នេះ​ពណ៌នា​កាល​ដែល​ព្រះ​ចៅ​មិថិលា​ រើស​បាន​នាង​សីតា​ពី​ក្នុង​ផ្កា​ឈូក​ ហើយ​ទ្រង់​ប្រកាស​អំពាវ​នាវ​ថា បើ​នរណា​មាន​រិទ្ធិ តេជ​ដៃ​ អាច​លើក​ធ្នូរបស់​ព្រះ​អង្គ​រួច​ នោះ​ព្រះ​អង្គ​ នឹង អភិសេក​ព្រះ​នាង​សីតា​ឲ្យ​ជាមេហេសី​។ កាល​នោះ​មាន​ព្រះ​ឥន្ទ​ ព្រះ​ព្រហ្ម ព្រះ​ឥសូរ​ ព្រះ​នរាយណ៍​ និង​ ទេពតា​ដ៏​ច្រើន​បាន​មក​ល្បង​រិទ្ធ ប៉ុន្ដែ​មិន​បាន​សម្រេច​ប្រាថ្នា​សោះ​។ កាល​ទ្រង់ជ្រាប​ពណ៌មាន​នេះ​ ព្រះ​រាម​ក៏​ទ្រង់​យាង​ជា​មួយ​ព្រះ​លក្សណ៍​ជា​អនុជ​ទៅ​ដល់​ក្រុង​មិថិលា ហើយ​ល្បង​លើក​ធ្នូចេស្ដា​នោះ​បានសំរេច​ដូច​បំណង​។ ក្នុង​អត្ថ​បទ​នេះ​និយាយ​ថា​ ព្រះរាម​ទ្រង់​លើក​ធ្នូ​រិទ្ធី​ ដោយ​ព្រះ​ភក្ដ្រ​ប្រឹម​ប្រីយ​ សឹង​មាន​ទេពតា​ផង​វ្វាយ​ពរ​គ្រប់​គ្នា​។ ត្រង់​ឃ្លា​មួយ​ចំ​កណ្ដាល​​អត្ថ​បទ​ បញ្ជាក់​ប្រាប់​យើង​ពី​មហិទ្ធ​រិទ្ធ​​ នៃ ព្រះ​រាម​ ដែល​សឹង​ស្រស់​បំព្រង​ដោយ​ពាក្យ​ឥត​ខ្ចោះ​គួរ​ចាប់​ចិត្ដ​ គឺត្រង់​ឃ្លា​ថា «ស្ដេច​ក្រាយ​កៅ​ទណ្ឌ​សរសក្ដិ​ រូ​មណ្ឌល​ចក្រ​ រំភាយ​ព្រះ​ករ​សោ​ភា​។»

    ឃ្លា​នេះ​បាន​សេចក្ដី​ថា​ ព្រះ​រាម​ទ្រង់​ចាប់​យកនូវ​ធ្នូ​ហើយ​គ្រវី​កាច់​កែ​ព្រះ​កាយ​របស់​ព្រះ​អង្គ​ រី​ចុង​ធ្នូ​ដែល​វិល​ទៅ​ដោយ​សារ​កំលាំង​ព្រះ​ហស្ថ​របស់​ព្រះ​អង្គ​នោះ​ ឃើញ​សណ្ឋាន​បី​ដូច​ជា​វង្វង់​កង់​អ្វី​មួយ​ គួរ​ឲ្យ​គយ​គន់​កោត​ក្រៃ​លែង​ ហើយ​ទ្រង់​រំសាយ​ចុង​ព្រះ​ហស្ថ​ ប្រកប​ដោយ​ព្រះ​កាយ​វិការ​សម​រម្យ​ឥត​ខ្ខោះ​។ ទីបំផុត​ ព្រះ​ចៅ​នគរ​មិថិ​លា​ក៏​សព្វ​ព្រះ​រាជ​ហរិទ័យ​ថ្វាយ​ព្រះនាង​សីតា​ ដែល​ប្រកប​ដោយ​រូប​ឆោម​ប្រឹម​ប្រីយ​ទៅ​ព្រះ​រាម​ចេស្ដា។ ហើយស្ដេច​ទ្រង់​ចាត់​ឲ្យ​រាជ​ទូត​ទៅ​តាម​ដង្ហែ​ព្រះ​បាទ​ទស​រថ ជា​ព្រវរ​បិតា​ព្រះ​រាម​មក​ថ្កាន​នគរ​ព្រះ​អង្គ​​ដើម្បី​រៀប​អភិ​សេក​ព្រះរា​ជ​បុត្រ​ទាំង​គូ ក្នុង​ឱកាស​ប្រ​កប​ដោយ​សុ​ភ​មង្គល​នេះ​។

    រឿង​រាម​កេរ្ដិ៍​ អាច​ចាត់​ទុក​ជាវណ្ណ​កម្ម​មួយ​យ៉ាង​វិសេស​ ហើយ​រឿង​នេះ​ តែង​បាន​ទទួល​ការ​និយម​ពី​សំណាក់​បណ្ដា​ជន​គ្រប់​ប្រភេទ​។ អានុ​ភាព​រឿង​នេះ​ បាន​ហូរ​សស្រិប​ចូល​ទៅ​ក្នុង​ដួង​ចិត្ដ​ ដួង​ថ្លើម​ នៃ​ប្រ​ជា​ពល​រដ្ឋ​គ្រប់​និគម​ជន​បទ​ជា​រៀង​រាល់​ពេល​ឥត​អាក់​។ ឯ​មធ្យោ​បាយ​ផ្សាយ​សោត​ បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​ប្រាជ្ញ​ជា​ច្រើន​រូប​ គេ​អាច​ប្រ​មូល​បាន​មតិ​សំខាន់​ៗ​ដូច​ត​ទៅ​នេះ​៖

    ក - គេ​ផ្សាយ​ដោយ​ចង​ក្រង​ជា​ក្រាំង​ សំរាប់​អោយ​បាន​គង់​វង់​នៅ​យូរ​ឆ្នាំ​ គឺ​ទុក​ជា​លក្ខណ៍​គោល​ត្រឹម​ត្រូវ​។
    ខ - គេ​ផ្សាយ​ដោយ​សារ​ក្រុម​ល្ខោន​ ឬ ក្រុម​របាំ​ផ្សេងៗ​​ ដែល​តែង​តែ​លេង​រឿង​នេះ​ នៅ​ចំពោះ​មុខ​សាធារ​ណ​ជន​តាម​ស្រុក​ តាម​ភូមិ​ជិត​ឆ្ងាយ​។
    គ - គេ​ផ្សាយ​ដោយ​សារ​អ្នក​ចំរៀង​ ឬ អ្នក​និទាន​រឿង​ដែល​តែ​តែ​នាំ​រឿងនេះ​ ទៅ​និទាន​ក្នុង​ទី​ប្រជុំ​ជន​ នៅ​ឱកាស​បុណ្យ​អ្វី​មួយ​។
    ឃ - គេ​ផ្សាយ​តាម​រូប​ចំលាក់​ និង​ គំនូរ​តាម​ជញ្ជាំង​សាលា​ នៅ​នឹង​ វត្ដ​អារាម​នា​នា​ក្នុង​ប្រទេស​យើង​។

    មធ្យោ​បាយ​​ទាំង​នេះ​ នៅ​មាន​អានុភាព​ពេញទី​ក្នុង​ស្រុក​យើង​គ្រា​បច្ចុប្បន្ន​នេះ​នៅ​ឡើយ​ ព្រោះ​យើង​តែង​ប្រទះ​ឃើញ​អ្នក​ចាំ​រឿង​នេះ​ជា​ច្រើន​រូប​ ទោះ​បី​ជា​ចាំ​តែ​បន្ដិ​ច​បន្ដួច​ក្ដី​ក៏​គេ​ឆ្លៀត​បរិយាយ​ប្រាប់​គ្នា​ដើម្បី​ជា​គ្រឿង​កែ​អផ្សុក​ ឬ ជាពាក្យ​ចំអែ​ចំអន់​កំសាន្ដ​ចិត្ដ។ ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​និយម​ដល់​ទី​នេះ​ ព្រោះ​រឿង​រាម​កេរ្ដិ៍​មាន​លំ​អពាក្យ​ពេចន៍​ និង កិច្ច​កល​ក្នុង​រឿង​បែប​ចំបាំង​ក្ដី​ បែប​ស្នេហា​ក្ដី​ បែប​សោក​សង្រេង​ក្ដី​ បែប​សោក​សង្រេង​ក្ដី​ ឬ​ បែប​ពណ៌​នា​ក្ដី​ សុទ្ធ​តែ​ល្អ​ស្រស់​បំ​ព្រង​ដូច​ៗ​គ្នា​ គ្រាន់​តែ​រឿង​នេះ​ មាន​ផ្ទៃ​រឿង​ផ្ដេក​ទៅ​តាម​លទ្ធិ​ព្រហ្មញ្ញ​សាសនា​ប៉ុណ្ណោះ​។

    នៅ​ក្នុង​សម័យ​អង្គរ​នេះ​ ខ្មែរ​នៅំ​គ្នា​លើក​ស្ទួយ​ភាសា​សំស្ក្រឹត​ឲ្យ​បាន​ឡើង​ឋានៈ​ខ្ពស់​បំផុត​។ សិលា​ចារឹក​នានា​ ដែល​កើត​ឡើង​ដោយ​ការ​ឧបត្ថម្ភ​ នៃ ព្រះរាជា​ ឬ ជន​ដែល​មាន​ឋានៈខ្ពង់​ខ្ពស់​ណា​មួយ​ សុទ្ធ​តែ​សរសេរ​ជា​ភាសា​សំស្ក្រឹត​​ទាំង​អស់​។ ហើយ​នៅ​ក្នុង​នោះ​ ប្រកប​ដោយ​សំនួន​នវោ​ហារ​ លែប​ខាយ​វិចិត្រ​ដោយ​ពាក្យ​សំស្ក្រឹត​សុទ្ធ​ៗ​ផង​។ យើង​ស្ដាយ​ជា​បំផុត​ ព្រោះ​ពុំ​អាច​លើក​សិលា​ចារឹក​ជា​​ភាសា​សំស្ក្រឹត​សុទ្ធ​មក​លាត​ត្រដាង​បាន​ ព្រោះ​ហេតុ​ការ​ណ៍​មិន​បើក​ឱកាស​ឲ្យ​យើង​ផង​ ហើយ​មួយ​ទៀត​ ភាសា​នេះ​ដល់​ថ្នាក់​ជា​ភាសា​មិន​មាន​អ្នក​និយម​ផង​។ ហេតុ​នេះ​យើង​ឆ្លៀត​ស្រង់​ សេចក្ដី​ប្រែ​សំរួល​ពី​សិលាចារឹក​ក្នុង​សម័យ​អង្គរ​ មក​បញ្ជាក់​ជាភស្ដុតាង​ខ្លះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពេល​នោះ​ពិត​ជា​មាន​ហេតុ​ការណ៍​ដូច​យើង​ពណ៌​នា​មែន​។ ប្រយោ​គ​ទាំង​ឡាយ​ខាង​ក្រោម​នេះ​​ ជា​សេចក្ដី​ដក​ស្រង់​ចេញ​ពី​ស្នា​ដៃ​សិលា​ចារឹក​នៅ​ក្នុង​សម័យ​អង្គរ​ ដែល​មាន​នាម​អ្នក​និពន្ធ​ នៃ​ អត្ថ​បទ​ជាប់​ជាមួយ​ផង​។ ដើម្បី​ឲ្យ​សម​រម្យ​ត្រូវ​តាម​របៀប​​សិក្សា​អក្សរ​សាស្ដ្រ​ យើង​នាំ​យក​នូវ​នាម​ និង ជី​វប្រវត្ដិ​សង្ខេប​ៗ​ របស់​អ្នក​និពន្ធ​​សម័យ​នោះ​ ព្រម​ទាំង​ស្នា​ដៃ​មក​ធ្វើ​ជា​សេចក្ដី​អត្ថា​ធិប្បាយ​​ក្នុង​វេលា​នេះ​ ដើម្បី​បង្ហាញ​លោក​អ្នក​ជា​​ការ​បញ្ជាក់​ផង​ និង ជា​គ្រឿង​ជំនួយ​​ស្មា​រតី​មួយ​ដល់​អ្នក​សិក្សា​អក្សរ​សាស្ដ្រ​ខ្មែរ​យើង​ផង​។