ចំំពូកទីដប់
អក្សរសាស្ដ្រសម័យបច្ចុប្បន្ន
ថ្ងៃសៅរ៍ ទី 30.ឧសភា 2020.ម៉ោង 12:25

    ដែល​ហៅ​ថា​សម័យបច្ចុប្បន្ន​នេះ​ គឺ​រាប់​តាំងពី គ.ស. ១៩៤៩ (1) ដែល​ប្រទេស​យើង​បានរំដោះ​ផុត​ពី​អាណា​ព្យាបាល​របស់បរទេស​ខាង​ផ្នែក​វប្បធម៌​។ ប៉ុន្ដែ​ពេល​ដំបូង​ នៃ សម័យ​នេះ​ អក្សរ​សាស្ត្រ​ខ្មែរ​ នៅ​មិន​ទាន់​សេច​ត្រ​ដែត​សុះ​សាយ​នៅ​ឡើយ​ទេ​ ដ្បិត​គ្រា​នោះ​ពិ​ភព​លោក​ទើប​តែ​បាន​ផុត​ពី​សង្គ្រាមថ្មី​​​​​​​​​​​​​​​​​​​​​​ៗ​ ដូច្នេះ​ប្រទេស​យើង​ នៅ​ខ្វះ​សម្ភារ​ ដែល​ជា​មធ្យោ​បាយ​ខាង​ការ​ផ្សាយ​អក្សរ​សាស្ដ្រ​យើង​ ដូច​ជា​ខ្វះ​ក្រដាស​បោះ​ពុម្ព​ ខ្វះ​គ្រឿង​ចក្រ​ពុម្ព​ និង អក្សរ​ពុម្ព​ជាដើម​។

    ម្យ៉ាង​ទៀត​មកពី​ពេល​នោះ​ ស្មារតី​យើង​ទើប​តែ​ នឹង រួច​ពី​ការ​គ្រប​ដណ្ដប់​ នៃ​ វប្បធម៌​គេ​ថ្មី​ៗ​។ តែ​ពពួក​អ្នក​ដែល​ធ្លាប់​ចិញ្ចឹម​ចិត្ដ​កសាង​អក្សរ​សាស្ត្រ​វិញ​ មិន​ព្រម​ចុះ​ញ៉ម​ឧបសគ្គ​ទាំង​នេះ​ឡើយ​ គេ​នាំ​គ្នា​ប្រឹង​ប្រែង​ចង​ក្រង ឬ​រៀប​រៀង​ជា​សៀវ​ភៅ​រឿង​រ៉ាវ​មើល​កំសាន្ដ​ ឬ ក៏ក្បួនខ្នាត​អ្វី​ផ្សេង​ៗ​ តាម​សន្ដាន​ចិត្ដ​ ឬ ស្មារតី​គែ​ដែល​ដក់​ងំ​ជាប់​មក​យូរ​ហើយ​។

    សិទ្ធិ​ខាង​ការ​ផ្សាយ​ក៏​បើក​មាន​យ៉ាង​បរិបូណ៌​ ជាពិសេស​គឺ សិទ្ធិ​យ៉ាង​ទូលាយ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ នៃ ព្រះ​រាជា​ណាចក្រ​ ដែល​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ បានទ្រង់​ប្រោស​ព្រះរាជទាន​ ដល់​ពល​រដ្ឋ​ដ៏​ជាទី​សព្វព្រះ​រាជ​ហរិទ័យរបស់​ព្រះ​អង្គ​កាល​ពីឆ្នាំ​ ១៩៤៧។ សិទ្ធិ​ទាំង​នេះ​បាន​ជួយ​បណ្ដុះ​បណ្ដាល​ផ្លូវ​ចិត្ដ​ឲ្យ​អ្នក​ស្នេហា​ អក្សរ​សាស្ត្រ​ទាំង​ប៉ុន្មាន​ នាំ​គ្នា​មាន​សង្ឃឹម​កាន់​តែ​ខ្លាំង​ឡើង​ ក៏​ខំ​ខ្នះ​ខ្នែង​លើស​ពី​ពេល​មុន​។

    តទៅ​ជួន​ជាពេល​បន្ទាន់​នោះ​ ប្រ​ទេស​យើង​ក៏​បាន​ចំរើន​គ្រប់​ផ្លូវ​ឡើង​ផង គឺ​សម្ភារៈ។ ដែល​យើង​ខ្វះ​ខាត​កាល​ពី​មុន​នោះ​​ ក៏​មាន​គ្រប់​គ្រាន់​ឡើង​។ អក្សរ​សាស្ត្រ​ខ្មែរ​ ខាង​ផ្នែក​រឿង​រ៉ាវ​ ក៏​លូត​លាស់​ត្រចះ​ត្រចង់​យ៉ាង​ស្រោង​ស្រាង​ឡើង​ ប្រៀប​បី​ដូច​រុក្ខ​ជាតិ​ដែល​លាស់​ស្លឹក​ខ្វី​ល្វក់​ ក្នុង​គ្រា​ដែល​មាន​ព្រះភិរុណ​បង្អុរ​ស្រុស​ស្រប់​លើក​ដំបូង​។ តែអនិច្ចា​! កម្ម​-- ពន្លក​ខ្ចី​តែង​ពុំ​ទាន់​មាន​សភាព​​រឹង​មាំ​មួន​នៅ​ឡើយ​ទេ​ ស្លឹកនោះ​ទន់​ហើយ​ពុំ​មាន​សណ្ឋាន​ពេញ​លក្ខណៈ ជា​ស្លឹក​ពិតប្រាកដ​នៅ​ឡើយ​។ ជួន​កាល​នៅ​ស្ទាក់​ស្ទើរ​ពុំ​ទាន់​ពេញ​ជ្រុង​ជ្រោយ​ ជួន​កាល​អាង​ នឹង មាន​អន្ដរាយ​ដោយ​សារ​សត្វ​ល្អិត​ បើកាល​ណា​ហើយ​អ្នក​ថែរក្សា​នោះ​មិន​ថែ​ឲ្យ​ដិត​ដល់​មែន​ទែន​។

    សេចក្ដី​ប្រៀប​ធៀប​នេះ​យ៉ាង​ណា​ វាសនា​អក្សរ​សាស្ត្រ​យើង​សម័យ​នេះ​ ក៏​យ៉ាង​នោះ​ដែរ​។ ពិតមែន​ហើយ​ ដែល​យើង​ឃើញ​រូប​រាង​សៀវ​ភៅ​ខ្មែរ​ បោះ​ពុម្ព​ផ្សាយ​ច្រើន​ក្រៃ​លែង​ សឹង​តែបៀប​ផ្ទឹម​បាន​ នឹង បរទេស​ ដែល​ចំរើន​ខាង​ផ្នែក​នេះ​ជា​យូរ​មក​ហើយ​ដែរ​។ ប៉ុន្ដែ​យើង​ដឹង​ជាក់​ដូច​ ឧទាហរណ៍​ខាង​លើ​ថា៖​ ស្នា​ដៃ​ទាំង​នេះ​មិន​សុទ្ធ​តែ​ល្អត្រ​កាល​ ឬ​ សម​រម្យ​ឥត​ខ្ចោះ​ទាំង​អស់​ទេ មាន​ខ្លះ​ទៅ​ក៏​ល្មម​យកជា​ការ​បាន​ និង ​មាន​ខ្លះ​ទៀត​ដែល​ពុំ​អាច​លើក​យក​ជា​គោល​បាន​ឡើយ​។

    ត្រង់​នេះ​ ដោយ​សារ​តែ​យោ​​ទៅ​តាម​ទឹក​ដៃ​របស់​អ្នក​និពន្ធ មនោ​​គតិ​របស់​អ្នក​និពន្ធ​ ឬ សតិសម្ប​ជញ្ញៈ​របស់​អ្នក​និពន្ធ រៀង​ខ្លួន​នោះ​ឯង​។ បាន​ន័យ​ថា​ ប្រសិន​ជា​អ្នក​និពន្ធ​នោះ​មាន​សតិ​សម្បជញ្ញៈទូលាយ មាន​គនិត​លូត​សល់​ច្រើន​ ស្នា​ដៃ​ក៏​បាន​ល្អ​ប្រសើរ​ទៅ​ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​និពន្ធ​រវើ​រវាយ​ ជា​អ្នក​ខ្វះ​ការ​ពិ​ចារណា​ឲ្យ​ដិត​ដល់​ ស្នា​ដៃ​នោះ​ក៏​អន់​ខ្សោយ​ទៅ​តាម​នោះ​ដែរ​។​

    បញ្ហា​ដូច​ពោល​ មក​ខាង​លើ​នេះ​ ជា​បញ្ហា​មួយ​ធំ​ណាស់​ដែរ​ គួរ​តែ​អ្នក​និពន្ធ​គ្រប់​រូប​ លើក​យក​មក​ពិភាក្សា​ក្នុង​ស្មា​រតី​របស់​ខ្លួន​ឲ្យ​ល្អិត​ល្អន់​ណាស់​មុន​ នឹង សរសេរ​រឿង​នីមួយៗ​ ។ ព្រោះ​រឿង​ជា​ស្នា​ដៃ​របស់​យើង​នោះ​ វា​នៅគង់​ទ្រង់​ជាយូរ​អង្វែង​ណាស់​ ហើយ​វា​​ជា​​ទ្រព្យ​របស់​ជាតិ​ពិតៗ​ផង បើ​យើង​កសាង​បាន​ល្អ ទ្រព្យ​នេះ​ក៏​បាន​នៅ​ល្អ​រហូត​អនាគត​ជា​យូរ​ដែរ​ តែ​បើ​ប្រហែស​​ប្រហោង​វិញ​ រូប​រាង​ទ្រព្យ​មត៌ក​នេះ​ពុំ​បាន​ល្អគត់មត់​ទុក​ឲ្យ​អនុជន​ជាន់​ក្រោយ​ៗ​ទៀត​ទេ​។

    ប្រសិន​ជា​យើង​ធ្វើ​ការ​សង្កេត​តាម​ពេល​វេ​លា​វិញ​ យើង​អាច​វែក​ញែក​សម័យ​បច្ចុប្បន្ន​នេះ​ ជា​បីពេល​បណ្ដោះ​អាន្ន​សិន​ ដើម្បី​ងាយ​ធ្វើការ​សិក្សា​សង្កេត​តាម​ដាន​អក្សរ​សាស្ត្រ​យើង​ គឺ៖

    ផ្នែក​ទី​មួយ - ចាប់​តាំង​ពី គ​. ស. ១៩៤៩ រហូត​មក​ដល់​ ១៩៥១ : កាល​នោះ​ ការ​បោះ​ពុម្ព​ផ្សាយ​នៅ​មាន​ដំណើរ​យឺត​ណាស់​។ មាន​តែ​ពត៌មាន​ប៉ុណ្ណោះ​ទេ​ ដែល​ចេញ​បាន​ច្រើន​ និង សៀវ​ភៅ​ធម៌​អាថ៌​ ក៏​បាន​ចំរើន​បន្ដ​ៗ​មក​ដែរ​ ឯរឿង​ប្រលោម​លោក​ដែល​មាន​លក្ខណ​អក្សរ​សាស្ត្រ​ច្រើន​ជាង​ផ្នែក​ឯ​ទៀត​នោះ​ ពុំ​សូវ​មាន​ចេញ​ញឹក​ញាប់​ទេ​។ តែបើ​ចេញ​បាន​មួយ​ៗ​វិញ​ យើង​ឃើញ​មាន​ខ្លឹម​សារ​គ្រាន់​បើ​ ទាំង​គោល​គំនិត​ ទាំង​ទំរង់​សេចក្ដី​ល្មម​ឲ្យ​មាន​សង្ឃឹម​ថា ទៅ​ក្រោយ​ទៀត​មុខ​ជា​មាន​លូត​លាស់​យ៉ា​ង​សំខាន់​ពិតប្រាកដ​។

    ស្នា​ដៃ​ជំនាន់​នោះ​ អ្នក​និពន្ធ​តែង​ប្រើ​ពេល​វេ​លា​យ៉ាង​ច្រើន​ ដើម្បី​កសាង​​ស្នា​ដៃ​ខ្លួន​​ ឲ្យបាន​ជា​ទី​រាប់​អាន​របស់​ជន​ទូទៅ​ ហើយ​អ្នក​និពន្ធ​ជំនាន់​នោះ​ សុទ្ធ​តែ​ជា​អ្នក​ចិញ្ចឹម​ចិត្ដ​ខាង​អក្សរ​សាស្ត្រ​យូរ​ឆ្នាំ​ហើយ ​រង់ចាំ​តែ​ពេល​វេលា​ល្អ នឹង ​ចេញ​ផ្សាយ​ស្នា​ដៃ​របស់​ខ្លួន​បង្ហាញ​ចំពោះ​សាធារណ​ជន​។

    មាន​រឿង​ខ្លះ​ទៀត​ដែល​បាន​សរសេរ​ពី​គ្រា​មុន​មក​ស្រាប់​ កី​ម្នី​ម្នា​ បញ្ចេញ​រូប​រាង​បង្ហាញ​ដល់​សាធារណ​ជន​យើង​ដែរ​ដូច​ជា៖

- រឿង តុង​ ឈិន របស់​ លោក​នូ - កន
- រឿង វណ្ណៈ របស់ លោក​ជ្យៃ - ជុំម
- រឿងគូសាងមិត្ដ មិនទ្រុស្ដមិត្ដ របស់ អ្នក​ស្រី​សិទ្ធ
- រឿងផ្កាស្រពោន របស់ លោក​ នូ - ហាច
- រឿងចិត្ដ​ឪពុក របស់ លោក​ ហ៊ែល - ស៊ុំផា
- រឿងស្រីកំព្រា របស់លោក រិម - គិន
- រឿងវាសនានៃ​នាង​ណាគ្រី របស់អ្នកស្រី ស៊ុយ - ហៀង
- រឿងផ្ការីក​ផ្ការោយ របស់លោក អៀង - ​សាយ ។ល។
ក្រៅ​ពីនេះ​ យើង​ឃើញ​មាន​កំណាព្យ​ចង​ក្រង​តាម​បែប​ទំនើប​ខ្លះ​ទៀត​ ដូច​ជា​៖
- ប្រជុំ​រឿង​ល្បើក របស់លោក ហេង - យ៉ាន់​,
- រឿងល្បើក របស់លោកឌុច - ស៊ី​ឌិម,
- រឿងចិត្ដក្រមុំ របស់លោកកេង - វ៉ាន់សាក់,
- រឿងព្រះ​បាទជ័យវរ្ម័ទី៧ របស់លោក មៀវ - នន្ទ,
- រឿងសុកុន្ដលា (រឿង​ប្រែ) របស់លោក រ៉ាយ - ប៉ុក,
- រឿងមេម៉ាយ​មាំ​មួន របស់លោក ថាច - ធួន ​។ល។

    ផ្នែក​ទី​ពីរ - ចាប់​តាំង​ពី គ. ស. ១៩៥២ មក​ដល់​ ១៩៥៦ ​ជាសម័យ​ដែល​អក្សរ​សាស្ត្រ​យើង​ផ្ទុះ​ឡើង​តាម​ឆាក​ប្រលោម​លោក​ ទស្សនា​វដ្ដី​ រឿង​ល្ខាន​ ឬ សៀវ​ភៅ​និយាយ​ពី​ទ្រឹស្ដី​ផ្សេងៗ​។ អ្នក​និពន្ធ​ជា​ច្រើន​ឈ្មោះ​បាន​ខំប្រឡង​ប្រជែង​ស្នា​ដៃ​គ្នា បោះ​ពុម្ព​ផ្សាយពាស​ពេញ​​តាម​ស្រុក​ភូមិ​ជិត​ឆ្ងាយ​ ហើយ​ស្នា​ដៃ​ទាំង​នោះ​ ក៏​ឃើញ​ថា មាន​សារៈ​គួ​រឲ្យ​ចាប់​ចិត្ដ​ណាស់​ដែរ​ ទាំង​ខាង​ផ្នែក​សីលធម៌​ ទាំង​ផ្នែក​អក្សរ​សាស្ត្រ​។

    មធ្យោ​បាយ​បោះ​ពុម្ព​ផ្សាយ​ក៏​បាន​ស្រួល​សើស​ពេល​មុន​ៗ​ ច្រើន​ណាស់​ ព្រោះ​ពិភព​លោក​បាន​ជួប​ នឹង សេចក្ដី​សុខ​បរិបូណ៌​។ ទំនិញ​សព្វ​សារ​ពើបាន​ហូរ​ចូល​មក​កាន់​ស្រុក​យើង​​បាន​ស្រួល លើស​ពេល​មុនៗ​។ អ្នក​និពន្ធ​ជា​ច្រើន​រូប​ស្ទើរ​តែ​រាប់​ឈ្មោះ​មិន​អស់​​បាន​ខំ​ប្រឡូក​ប្រជែង​គ្នា​ ចេញ​ផ្សាយ​ នូវ ​ស្នា​ដៃ​របស់​ខ្លួន​បង្ហាញ​ដល់​សាធារ​ណ​ជន​។ ឯស្នា​ដៃ​ទាំង​នោះ​សោត​យើង​ឃើញ​មាន​ការ​រចនា​សមរម្យ​គ្រាន់​បើ​ដែរ​ ទាំង​ទំនង​ផែន​រឿង​ ទាំង​ពាក្យពេចន៍​ឆ្លើយ​ឆ្លង​ជាដើម​។

    អ្នក​អាន​គ្រប់​គ្នា​ យក​ចិត្ដ​ទុក​ដាក់​ ពិនិត្យ​សង្កេត​ នូវ កម្រង​ របស់​អ្នក​និពន្ធជាតិ​ខ្លួន​ យ៉ាង​យក​ចិត្ដ​ទុក​ដាក់​បំផុត​ ហាក់​ដូច​ជា​ចង់​ធ្វើ​ការ​វិនិច្ឆ័យ​លើ​ស្នា​ដៃ​​ទាំង​នោះ​។

    ហេតុ​នេះ​ឯង​ ទើប​អ្នក​និពន្ធ​ប្រឹង​ដុះ​ខាត់​សិល្បៈ​របស់​ខ្លួន​ ឲ្យ​កាន់​តែ​មានទឹក​ដម​សំរាប់​អ្នក​អាន​បាន​ទទួល​រស​ជាតិ​ឆ្ងាញ់​ពិសាតទៅ​ទៀត​។ ប៉ុន្ដេ​សម័យនេះ​ បណ្ណាគារ​ ដែល​ជា​ផ្សារ​សំរាប់​លក់​ផ្សាយ​សៀវ​ភៅ​ មិន​ទាន់​មាន​ច្រើន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ ព្រោះ​គេទុក​របរ​នេះ​ថា ជា​ពុំ​ទាន់​មាំ​ទាំ​នៅ​ឡើយ​។

    រវាង​រោង​ពុម្ព ដែលជារិស​គល់​ នៃ​ ការ​ផ្សាយ​នវ​ ក៏​ពុំ​ទាន់​សម្បូណ៌​ហូរហៀរ​នៅ​ឡើយ​ដែរ​។ ដូច្នេះ​ឯង​ហើយ ទើប​សៀវ​ភៅ​យើង​ដែល​ចេញ​ផ្សាយ​បាន​មួយៗ​ ក្នុង​គ្រា​នោះ​មាន​តំលៃ​ថ្លៃ​ថ្នូរ​ទាំង​ផ្នែក​សីលធម៌​ និង ទាំង​ផ្នែក​សម្ភារៈ។

1. ឆ្នាំ​នេះ​ មិន​ទាន់​បានឯករាជ្យ​សម្បូណ៌​នៅ​ឡើយ​ទេ​ រហូត​ដល់​ថ្ងៃទី​៩ ខែ​វិច្ឆកា ១៨៥៣ ទើប​បាន​ឯករាជ្យបរិបូរណ៌។ តែ​ពេល​នោះ​បារាំង​បាន​ផ្ទេរ​វិទ្យាល័យ​ អនុវិទ្យា​ល័យ​ និង សាលា​បាលី​មក​រាជការ​ខ្មែរ​។