២ -បងប្អូនពីរនាក់
ថ្ងៃសៅរ៍ ទី21.ឧសភា 2016.ម៉ោង 7:18

ព្រះ​សុរិ​យា​ចោល​ពន្លឺ​ពណ៌​មាស​មក​លើ​សិរី​សោភ័ណ​ បី​ដូច​ប្រាប់​ថា ព្រឹត្ដិ​ការ​មួយ​យ៉ាង​ធ្ងន់​ចំលែក​ចាប់​កើត​មាន​ពី​ថ្ងៃ​នេះ​ត​ទៅ​មិន​ខាន​។ ស្រី​ស្រស់​ទេវី បុត្រី​វិសេស​ក្លា​ហាន​ដើរ​ពី​គុម្ព​ផ្កា​មួយ​ទៅ​គុម្ព​ផ្កា​មួយ​។ ព្រឹក​នេះ ធម្ម​ជាតិ​ជូន​ទេស​ភាព​មួយ​ជា​ទី​ពេញ​ចិត្ដ​បំផុត​។ រុក្ខា​មាន​ស្លឹក​ពណ៌​បៃ​តង​ខ្ចី ត្រ​ដាង​ផ្ទៃ​មួយ​យ៉ាង​ធំ​ទូលាយ​ទូ​ទៅ​លើ​ពសុធា​។ នៅ​ចុង​ស្លឹក​នីមួយ​ៗ នៅ​ទង​ធាង​នីមួយ​ៗ នៅ​កៀន​មែក​នីមួយ​ៗ គឺ​បុប្ផា​ពណ៌ ស លឿង ខៀវ ក្រហម ស្វាយ រីក​រហង់​ត្រង់​នេះ​ត្រង់​នោះ គ្រប់​បែប​យ៉ាង​ ខ្លះ​មាន​រំយោល​ឆើត​ឆាយ ខ្លះ​មាន​ទង​ជា​ក្បាច់​ជា​ក្បូរ​ដែល​ធ្វើ​អោយ​ចក្ខុ​មនុស្ស​លោក​ឃើញ​ចំលែក​ប្លែក​ល្អ​អស្ចារ្យ ចង់​តែ​ទស្ស​នា​គយ​គន់​ មើល​មិន​ចេះ​អស់​មិន​ចេះ​ហើយ​។ អោ​! ស្នា​ដៃ​ធម្ម​ជាតិ​ដែល​ចេះ​តុប​តែង​លោក តើ​អ្នក​កើត​ឡើង​សំរាប់​តែ​ទេវី​បុត្រី​វិសេស​ក្លាហាន​ម្នាក់​អែង​រឺ​? រឺ​សំរាប់​អ្នក​ទាំង​អស់​គ្នា​? អ្នក​ និង​ កញ្ញា ទេវី​ហក់​ចេញ​តែ​ពី​គុម្ព​មួយ ពី​ព្រោះ​ល្អ​ឆើត​ឆាយ​ផុត​វិស័យ​ដូច​គ្នា​។

នាង​ទេវី​ដើរ​មួយ​ៗ យ៉ាង​ស្រាល​ខ្លួន​។ ស្រី​ស្រស់​ក្រ​លេក​មើល​នាយ​អាយ ឈប់​រើស​ផ្កា​ណា​ដែល​នាង​ស្រ​លាញ់​។ នាង​បេះ​ផ្គា​មួយ​យក​មក​សៀត​លេង​ នឹង សក់​នាង​។ នាង​សាក​ល្បង​យក​មក​សៀត​លើ​ទ្រូង​នាង​ រួច​យក​មក​ដាក់​ផ្ទឹម​ នឹង មុខ​នាង​។ នាង​រិត​តែ​ល្អ​ជាង​មុន​ទៅ​ទៀត​។​ នារី​សប្បាយ​ក្នុង​ចិត្ដ​អិត​ឧបមា​។ ក្នុង​មួយ​វិនា​ទី​ដ៏​សុខ​សាន្ដ​នេះ​ ដី ស្មៅ ឈើ ផ្កា ទឹក មេឃ ធម្ម​ជាតិ​ទាំង​មូល គឺ​ជា​ទ្រព្យ​របស់​នាង​ទាំង​អស់ ដែល​មាន​នាង​ជា​ព្រះ​ខត្ដិ​យាណីយ៍​ម្ចាស់​ស្រី​តែ​មួយ​។

តាំង​ពី​តូច​មក​ នាង​ពុំ​ដែល​បាន​សប្បាយ​ថ្ងៃ​​ណា​មួយ​ដូច​ថ្ងៃ​នោះ​ឡើយ​។​ នាង​ជា​ស្រី​ធ្លាប់​តែ​រស់​នៅ​ក្នុង​បរិ​វេណ​របង​ផ្ទះ​ ក្នុង​ជញ្ជាំង​ស្លឹក​ក្រៀម​ទាំង​ បួន​ជុំ​វិញ​។ ក្រៅ​ពី​ព្រំ​ដែន​ដែល​ជា​វត្ថុ​មើល​ឃើញ​ហើយ​កាន់​បាន​នោះ​ នៅ​មាន​របង​ដែក​មួយ​ទៀត​ដែល​ភ្នែក​អ្នក​ធម្មតា​មើល​មិន​ឃើញ​ឡើយ​ គឺ​របង​ទំនៀម​ទំលាប់​។

ខ័ណ្ឌ​សិមា​នេះ​ ចង​ក ចង​ដៃ ចង​ជើង​ ចង​ចិត្ដ​នាង​មិន​អោយ​ទៅ​ណា​បាន​ឆ្ងាយ​ ពី​ខ្ទម​នាង​ឡើយ​។ ហេតុ​នេះ ជីវិត​នាង​ទេវី​ស្រី​កល្យាណ​ គឺ​ជា​ជីវិត​ក្នុង​រូង​ ក្នុង​អណ្ដូង​ងងឹត​ក្នុង​កន្លែង​ឃុំ​ឃាំង បី​ដូច​ជីវិត​មនុស្ស​ទោស​។ ក្នុង​មួយ​អាទិត្យ​ ទាល់​តែ​ចំ​ថ្ងៃ​សីល​ទើប​នាង​បាន​ចេញ​ដើរ​ម្ដង​ដោយ​មាន​កិច្ច​បេះ​ផ្កា​ជា​ហេតុ​។ ក្នុង​ពេល​សេរី​ដ៏​វិចិត្រ​នេះ កញ្ញា​ហាក់​បាន​ធូរ​សាច់​ធូរ​ឈាម​ធូរ​សរ​សៃ ដោយ​បាន​ដក​ដង្ហើម​យក​ខ្យល់​ថ្មី​ក្នុង​សួន​ច្បារ​។

 ហេតុ​នេះ​ ថ្ងៃ​សីល​ចំពោះ​នាង​ គឺ​ថ្ងៃ​រួច​ខ្លួន​ ថ្ងៃ​ថ្មី​ ថ្ងៃ​សប្បាយ​ ថ្ងៃ​មនុស្ស​ ថ្ងៃ​ស្មើ​មុខ ថ្ងៃ​សិទ្ធិ​ ថ្ងៃ​សេរី​។ កញ្ញា​​បេះ​បុប្ផា​គ្រប់​ពណ៌​បាន​មួយ​ដុំធំ​។ នាង​បត់​ជើង​សើ​ស្មៅ​។ នាង​ត្រកង​ផ្កា នាង​ញញឹម ​នាង​ធ្មេច​ភ្នែក​ចិត្ដ​ស្រមៃ​នឹក... ​នឹក... នាង​នឹក​ដល់​គូ​ស្នេហា​របស់​នាង​ ម្ដេច​បាត់​យូរ​ម៉្លេះ​មិន​ឃើញ​មក​? តើ​ប្រុស​ជីវិត​ទៅ​ណា​? តើ​ថ្លៃ​ឧត្ដម​រវល់​មាន​ការ​អ្វី​? តើ​ថ្លើម​ឆ្នើម​ផុត​អស់​ប្រុស​ ឈឺ​ហើយ​រឺ​ដូច​ម្ដេច​? តើ​សង្សារ​ប្រ​សើរ​ភ្លេច​នាង​រឺ​? តើ​ព្រលឹង​បង​ស្នេហា​ប្អូន​ ដូ​ច​ប្អូន​ស្នេហា​បង​រឺ​ទេ​? តើ​គូ​ស្នេហា​ហ៊ាន​ប្ដូរ​ជីវិត​នឹង​ប្អូន​ ដូច​ប្អូន​ហ៊ាន​ប្ដូរ​ជីវិត​នឹង​បង​រឺ​ទេ​? ​

ចំណាទ​ទាំង​ប៉ុន្មាន​នេះ​ ហូរ​មក​ប៉ះ​បេះ​ដូង​ចិត្ដ​នាង​ទេវី​ស្រី​កំសត់​បន្ដ​បន្ទាប់​គ្មាន​ឈប់​ឈរ​សោះ​។ ក្នុង​ពេល​នោះ ​បុរស​ម្នាក់​មាន​មាឌ​ធំ​ ស្មា​ទូលាយ​ ដើម​ទ្រូង​ធំ ចង្កេះ​រៀវ សក់​រួញ​អង្គា​ដី មុខ​ស្រស់​ភ្នែក​មុត​ថ្លា សំលៀក​បំពាក់​រុង​រឿង​អាវ​ពណ៌​ខៀវ​រលើប​រលោង​ ដាវ​ស្រោម​ពណ៌​មាស​ព្យួរ​នៅ​ចង្កេះ​ សម​ជា​អ្នក​មាន​បណ្ដា​ស័ក្ដិ​ខ្ពស់ អាយុ​ប្រមាណ​២០​ឆ្នាំ ស្ទុះ​ភ្លែត​ចេញ​ពី​គុម្ព​ផ្កា​មួយ​ រហ័ស​ដូច​ឆ្មា​មក​ចាប់​អោប​នាង​ទេវី​ពី​ក្រោយ​រិត​ជាប់​ដូច​ដង្កាប​អោន​មុខ​ចុះ​ថើប​...​។   នារី​ដើម​ដំបូង​ភ្ញាក់​ដូច​គេ​កន្ត្រាក់​ ប៉ុន្ដែ​លុះ​ដៃ​នឹង​ដៃ​ជួប​គ្នា មុខ​នឹង​មុខ​ជល់​គ្នា ម្រាម​នាង​រាវ​រិត​ក​ប្រុស​ចំលែក​ជើង​ឆើត​នេះ​យ៉ាង​ខ្លាំង​បន្ថែម​ទៅ​ទៀត​។ រួច​ឈាម​ដែល​រត់​ខុស​ធម្មតា​ គឺ​បេះ​ដូង​ដែល​វាយ​លឿន​ជាង​ធម្ម​តា គឺ​មនោស​ញ្ចេត​នា​ដែល​ជ្រួល​ខ្មួល​លើស​ធម្ម​តា​ក្នុង​រូប​យុវ​ជន​ទាំង​ពីរ​។

តណ្ហា​ ! អោ​ តណ្ហា​! នារី​ភ្លេច​អស់​ហើយ​! ផ្កា​ទៅ​ដោយ​ផ្កា ឳពុក​ទៅ​ដោយ​ឳពុក​ ដី​ទៅ​ដោយ​ដី ធម្ម​ជាតិ​ទៅ​ដោយ​ធម្ម​ជាតិ នៅ​សល់​តែ​វត្ថុ​មួយ គឺ​បង និង ប្អូន​ប៉ុណ្ណោះ ​ដែល​អ្នក​ផង​ស្គាល់​ឈ្មោះ​ហៅ​ថា​សេច​ក្ដី​ស្នេហា​ រឺ រាគៈ​ រឺ​ភ្លើង​មេត្រី​។
 នាងទេវីនិយាយខ្សឹបៗដាក់ត្រចៀកបុរសថា៖
- បង ! បងមានន្ទ ! បង !
បុរសឈ្មោះមានន្ទធ្វើមិនលឺ លួចញញឹមនៅគុម្ពត្រចៀកនាងវិញ។
នាងហៅបន្ដទៀត
- បង ! បងមានន្ទ !
បុរស​លើក​ស្រ្ដី​ឡើង​អោយ​អង្គុយ​។ អ្នក​សើច​រក​នាង​ឃើញ​ធ្មេញ​ស​ស្គុស យក​ម្រាម​ដៃ​ចាប់​ចង្កា​នាង​ដោយ​មេត្រី​ រួច​ឆ្លើយ​តិច​ៗ​ទៅ​វិញ​
- បងស្រលាញ់អូនណ៎ា ! បងមិនចង់លែងអូនអោយផុតពីរង្វង់ដៃបងទេ បងចង់តែនៅអោយជាប់សាច់ជាមួយអូន។
នារីបែបអៀន មុខឡើងក្រហម ញញឹមចុងមាត់តបទៅវិញ។
បុរសបង្វិលខ្លួននាងយ៉ាងលឿន ខ្នងនាងក៏បានធ្លាក់មកជាប់នឹងដើមទ្រូងប្រុសជាទីស្នេហា
ក្នុង​សន្ទុះ​នេះ ស្រ្ដី​ផ្ដេក​ក្បាល​នាង​លើ​ស្មា​មា​នន្ទ​ជា​គូ​ជីវិត​យ៉ាង​ស្និទ្ធ​ស្នាល​។ ដៃ​បុរស​អោប​ចង្កេះ​នាង​។ ដៃ​នាង​អង្អែល​ដៃ​បុរស​ នាង​ហាក់​បាត់​ខ្មាស​បន្ដិច​ដែរ ដោយ​នៅ​មិន​ចំកែវ​ភ្នែក​បុរស​ដូច​មុន​ពេក​។ ស្រី​ធីតា​និយាយ​ដោយ​ក្រៀម​ក្រំ​ថា៖
ប្អូនក៏ស្រលាញ់បងដែរ ... អូ៎ ទេ ! ប្អូនស្រលាញ់បងណាស់
បុរសឆ្លើយកាត់ដោយម៉ឺងមាត់ថា
-អូនដឹងទេហេតុអ្វីបានជាអូនស្រលាញ់បង?
នាងទេវីខ្មួលរំជួលក្នុងចិត្ដក្រៃពេក នាងគ្រវីក្បាលដកដង្ហើមធំឆ្លើយដាយមានសំលេងស្រងូតស្រងាត់ថា៖
- ហ៊ី ! ប្អូននិយាយមិនបានអស់ដូចចិត្ដទេ។ ប៉ុន្ដែបើនិយាយអោយខ្លីប្អូនស្រលាញ់បង ពីព្រោះស្រលាញ់ៗ ៗ ប៉ុណ្ណោះអែង។
មានន្ទមានចិត្ដគ្រលួចអាណិតស្រី។ នាងទេវីលើកដៃឡើងអង្អែលថ្គាមបុរសជាទីស្នេហា។ នាងនិយាយមួយៗថា
- ប្អូនស្រលាញ់បង ព្រោះបងមានលក្ខណពេញជាមនុស្ស
- ពេញយ៉ាងណា?
- គឺ​បង​ជា​ខ្មែរ បង​ស្រលាញ់​ជាតិ​ខ្មែរ បង​ស្រលាញ់​អ្នក​ស្រុក​ខ្មែរ​ បង​ធ្វើ​ការ​ប្រយោជ​ន៍​អោយ​ខ្មែរ បង​ហ៊ាន​ប្ដូរ​ជីវិត​នឹង​ខ្មែរ បង​ហ៊ាន​ស្លាប់​នឹង​ខ្មែរ បង​មិន​ប្រកាន់​កិច្ច​ការ មិន​ថា​ការ​ណា​ជា​ការ​ណា បង​មិន​យក​រឿង​បុណ្យ​ស័ក្ដិ​មក​ជា​គ្រឿង​បំពុល​ខ្លួន បង​មិន​យក​រឿង​ទ្រព្យ​សម្បត្ដិ​មក​សង្កត់​ខ្លួន បង​មិន​បង្ខូច​ខ្លួន​នឹង​រឿង​ស្រី ស្រា​ ល្បែង​ របាំ​។ បង​ជា​មនុស្ស​ថ្លៃ​ថ្លា​ណាស់​.. ប្អូន​សូម​ទោស ប្អូ​ននិយាយ​មិ​នអស់​ទេ​។
បុរសញញឹមរួចឆ្លើយវិញថា

- ក្នុង​លោក​នេះ​ មាន​តែ​ប្អូន​មួយ​ទេ​ ដែល​ចេះ​ពិនិត្យ​មើល ហើយ​ស្គាល់​តំលៃ​ពិត​ៗ របស់​មនុស្ស​។ បង​ស្រលាញ់​ប្អូន​ ពី​ព្រោះ​តែ​អូន​មាន​ចិត្ដ​ខ្ពស់​មែន​នេះ​។ លាក់​បាំង​អ្វី មាន​ខ្លះ​គេ​ស្រលាញ់​មនុស្ស​ ដោយ​មនុស្ស​នោះ​មាន​បុណ្យ​ស័ក្ដិ​ទ្រព្យ​សម្បត្ដិ​ ចេះ​ធ្វើ​រិក​ធំ ចេះ​ក្អេង​ក្អាង ចេះ​ដេក​នៅ​ស្ងៀម​ ដោយ​អិត​ធ្វើ​ការ ចេះ​បរិ​ភោគ​ម្ហូប​ឆ្ងាញ់​ ដោយ​អិត​ចាំ​បាច់​ធ្វើ​ការ​បង្កើន​ផល​អោយ​បាន​ប្រាក់​ ចេះ​វោ​ហារ​អាង​អួត​ខាង​ជេ​ស្ដី ខាង​បញ្ជោរ ចេះ​មួល​បង្កាច់​។ ម៉្លោះ​ហើយ​អ្វី​ដែល​ខុស​ទៅ​ជា​ត្រូវ ត្រូវ​ទៅ​ជា​ខុស អា​ក្រក់​ទៅ​ជា​ល្អ ល្អ​ទៅជា​អាក្រក់​ បាត់​អស់​យុត្ដិ​ធម៌ សីល​ធម៌​មនុស្ស​ធម៌​។ ម្យ៉ាង​ទៀត បង​ដែល​ស្រលាញ់​អូន​នេះ​ គឺ​ស្រលាញ់​ព្រោះ​តែ​អូន​ក្រ​។ បង​ដឹង​ថា គឺ​មក​ពី​អូន​ក្រ​នេះ​ហើយ​បាន​ជា​ឳពុក​បង​មាន​។ ទ្រព្យ​ដែល​អូន​ត្រូវ​មាន​ បាន​ទៅ​អ្នក​មាន​ទៅ​វិញ​។ និយាយ​ដូច្នេះ​ បង​ខ្លោច​ចិត្ដ​អា​ណិត​ដល់​ជន​អ្នក​ក្រ​ទាំង​អស់​គ្នា​ណាស់​។ សព្វ​ថ្ងៃ​បង​ច្បាំង​នឹង​គំនិត​លោ​ភោ​ទោ​សោ​ទាំង​នោះ ដើម្បី​សេច​ក្ដី​សុខ និង​សេច​ក្ដី​ចំរើន​ដល់​អ្នក​ទាំង​អស់​គ្នា​។ ហេតុ​នេះ​ ចូរ​អូន​ត្រា​ទុក​ក្នុង​ចិត្ដ​ ហើយ​ចាំ​ជា​និច្ច​ថា ក្នុង​ជាតិ​នេះ​យើង​ស្រលាញ់​គ្នា ព្រោះ​យើង​មាន​ចិត្ដ​ទូលាយ​ខ្ពស់​ដូច​គ្នា​។ យើង​ស្រលាញ់​គ្នា​ព្រោះ​យើង​មាន​ចិត្ដ​ស្រលាញ់​គេ​អែ​ទៀត​ដូច​គ្នា ពោល​គឺ​យើង​សាង​សុខ​របស់​យើង​ជា​មួយ​សុខ​របស់​អ្នក​អែ​ទៀត ពុំ​មែន​លើ​ទុក្ខ​របស់​អ្នក​អែ​ទៀត​។ អូន​យល់​ទេ​?

 - ច៎ាះ​! យល់​ហើយ​ បង​និយាយ​ពីរោះ​ស្ដាប់​ណាស់​។ ក្នុង​ជាតិ​នេះ​ប្អូន​សុំ​តែ​រស់​ជា​មួយ​បង​ទេ​។ ប្អូន​មាន​ចិត្ដ​ដូច​បង គឺ​ស្អប់​ស្រី​ដែល​ចាំ​តែ​ទី​ពឹង​លើ​គេ ធ្វើ​ការ​មាន​ចៅ​ហ្វាយ​បង្គាប់​ រួច​សប្បាយ​តាម​បុណ្យ​គេ​ប៉ុណ្ណោះ​។ ប្អូន​យល់​ថា កើត​មក​ជា​មនុស្ស​ត្រូវ​ធ្វើ​ការ​ដើម្បី​រស់​។ មនុស្ស​ត្រូវ​ដុស​ខាត់​សំអាត​ចិត្ដ​ គឺ​មិន​តាំង​ខ្លួន​ជា​បញ្ញើ​ក្អែក រឺ​ ជា​​ឈ្លើង​​ ដែល​រស់​តែ​ដោយ​សារ​គេ​នោះ​ទេ​។ មនុស្ស​ត្រូវ​រក​កិត្ដិ​យស រក​សេច​ក្ដី​ថ្កុំ​ថ្កើង​រក​សេច​ក្ដី​ថ្លៃ​ថ្នូរ អំពី​ការ​ងារ​ដែល​ខ្លួន​ធ្វើ​នេះ​អែង​។ ប្អូន​រីក​រាយ​នឹង​រស់​ជា​មួយ​បង​ ព្រោះ​បង​មាន​គំនិត​ដូច​ប្អូន​។ តែ​ប្អូន​សូម​ចិត្ដ​បង​មួយ...
- គឺអ្វី?
- គឺកុំទុកប្អូនជាគ្រឿងសំរាប់បងសប្បាយ ជាវត្ថុសំរាប់ជាតំរេកចិត្ដបង ជាគ្រឿងសំរាប់លំអ រឺ សំរាប់បំរើបង...
- ទេៗៗ អូនជាមនុស្សដូចបងដែរ...
- ប្អូន​ជា​ស្រី ប្អូន​ពុំ​មែន​មិន​ពឹង​បង​ជា​ប្រុស​នោះ​ទេ​។ ប្អូន​ពឹង​អោយ​បង​ជួយ​បន្ដុះ​បន្ដាល​ប្អូន​អោយ​ចេះ​ដឹង​ អោយ​ចេះ​ស្គាល់​ផ្លូវ​ត្រូវ​ផ្លូវ​ល្អ ផ្លូវ​ចំរើន​ប៉ុណ្ណោះ​អែង​។ ស្ដាប់​បាន​ទេ​?
មានន្ធ​ពេញ​ចិត្ដ​ពេក​នឹង​សំដី​នារី​ជា​សង្សារ​ អ្នក​ពុំ​ឆ្លើយ​ភ្លាម​ទេ អ្នក​អោន​ថើប​ថ្ពល់​ស្រី​ដែល​នៅ​ជិន​នឹង​ច្រមុះ​អ្នក​ស្រាប់​។ នាង​ទេវី​សៀវ​ ខ្លួន​ខ្ញាក​ៗ នាង​ចង់​អោប​ថើប​លេប​បុរស​វិញ តែ​អៀន​ពេក​រក​ធ្វើ​ទៅ​មិន​រួច​។ នាង​រក​ឧបាយ​កំប្លែង​លេង​ថា៖
- បង កុំទុកប្អូនដូចផ្កាណ៎ា ! ថើបរួចគ្រវាត់ចោលនោះ
- បងថើបអូន ! ព្រោះបងស្រលាញ់អូនទេ
- ដូច្នោះ បងអត់ស្រលាញ់អ្នកអែទៀតទេ?
 - អ្នកអែទៀត បង​ស្រលាញ់​ជា​មិត្ដ ចំណែក​អូន​ បង​ស្រលាញ់​ជា​ប្រពន្ធ​ វា​ខុស​គ្នា​ឆ្ងាយ​ណាស់​ណ៎ា​!។ បើ​ដូច្នោះ មាន​តែ​អូន​ចង់​អោយ​បង​ដើរ​ថើប​គេ​អែង​តែ​ពាស​វាល​ទៅ​រឺ​?​
- ទេៗ ៗ មិនបានដាច់ខាត...
- ចូរអូនកុំទុកបងជាប្រុសផ្គាមាសណ៎ា ! តោងទុកបងត្រឹមជាមាសបានហើយ
- បងជាពេជ្រ
- អូនជាទាំងគ្រាប់
- ខ្ញុំមិនមែនជាអ្វីទាំងអស់ ខ្ញុំថ្លៃជានោះទៅទៀត ខ្ញុំជាមនុស្ស
- បងជាមនុស្សដែរ
ក្នុង​ពេល​នោះ​ស្នូរ​ស្គរ​លាន់​លឺ​ឡើង​ទូង​ៗ នៅ​អែ​គេ​ហដ្ឋាន​របស់​ព្រះ​កំ​ពុត​។ មានន្ទ​ងើប​អើត​មើល​ទៅ​ខាង​ទិស​ដែល​សូរ​រត់​មក​ដល់​។ នាង​ទេវី​ក៏​ក្រោក​ងាក​មើល​តាម​។ មានន្ធ​និយាយ​ទៅ​កាន់​នាង​ថា៖
- បងសូមលាអូនសិន ដល់ម៉ោងគេប្រមូលទ័ពហើយ ចាំអាទិត្យក្រោយសឹមជួបគ្នាទៀត
អ្នក​សើច​យ៉ាង​ស្រស់​ដាក់​នាង​។ នាង​សើច​យ៉ាង​ស្ងួត​ដាក់​អ្នក​ដោយ​មិន​ចង់​អោយ​ឃ្លាត​សោះ​។ មានន្ទ​ស្ទង់​ឃើញ​ចិត្ដ​នាង​។ អ្នក​ចាប់​ដៃ​នាង​ទាំ​ង​ពីរ​ច្របាច់​យ៉ាង​ខ្លាំង​ អោប​ថើប​ជា​ចុង​ក្រោយ​បង្អស់​ រួច​នាង​ទេវី​ឈរ​មើល​មុខ​សង្សារ​ដែល​ថយ​ខ្លួន​មួយ​ៗ​ ចេញ​ពី​នាង​ទាំង​ស្ដាយ​​។​ នារី​ខ្លោច​ផ្សា​ក្នុង​ចិត្ដ​ជា​ពន់​ពេក​។ នាង​ស្រែក​តិច​ៗ ផ្ដាំ​ថា៖
- បង ! បង ! យប់នេះពេលអធ្រាត្រសុំជួបបងមួយភ្លែតត្រង់ក្រោមដើមពោធិធំជិតខ្ទមអ្នកតា
បុរសញញឹមដាក់នាង ងក់ក្បាលទទួលទន្ទេញថា
- យប់នេះអធ្រាត្រក្រោមដើមពោធិធំ
- កុំខានណ៎ា !
- បាទ ! ... កុំខានណ៎ា !
- ច៎ា !
- យី ! លោកកាមា ! ចៀសចេញពីទីនេះអោយឆាប់
នាងចង្អុលមុខបុរសដោយបន្ដវាចាថា
- នែ ! មុខលោកអែង កុំមកប៉ះសាច់ខ្ញុំណ៎ា ! ប៉ះមិនបានទេ ទៅៗ ស្អប់មុខណាស់
បរុសឈ្មោះកាមា ពេបមាត់សើចយ៉ាងវែង ច្រត់ចង្កេះមើលនារីដែលខឹងហើយពោលតបដោយសំលេងក្អុលខ្លាំងថា
- ស្រីដែលមានរូបល្អដូចអូន មិនគួរមានចិត្ដអាក្រក់សោះ។ ថាហើយកាមាសើចក្អាកក្អាយលាន់លឺរំពង។
- យី ! លោក​ហ៊ាន​ហៅ​ខ្ញុំ​អូន​ផង​? ខ្ញុំ​ជា​ប្អូន​លោក​ពី​កាល​ណា​? មនុស្ស​អី​ក៏​មាន​ចិត្ដ​រិស្សា​ មុខ​ក្រាស់​ម៉្លេះ​?​។
ថា​ហើយ​នាង​ច្រត់​ដៃ​នឹង​ចង្កេះ​នាង សំលឹង​មុខ​បុរស​គ្មាន​ប្រ​ហែស​ឡើយ​។ កាមា​សើក​ដដែល​។
- បើមិនអោយខ្ញុំហៅអូន តើអោយខ្ញុំហៅអីវិញ។ ហៅបង ? ហៅអ្នកបង? ហៅមិនកើតទេ
នាង​ទេវី​លឺ​សំដី​ចុង​ក្រោយ​នេះ​នាង​ស្មាន​ក្នុង​ចិត្ដ​ថា ប្រ​ហែល​បុរស​នេះ ឃើញ​នាង និង​មានន្ទ​ហើយ ពី​ព្រោះ​កាមា​ត្រូវ​ជា​ប្អូន​បង្កើត​របស់​មានន្ទ​។ នាង​ខំ​ទប់​សេច​ក្ដី​អៀន​ខ្មាស ប្រឹង​ធ្វើ​ទឹក​មុខ​ដដែល​។
- យី ! ចំណាស់ខ្ញុំ លោកហៅខ្ញុំបងមិនបានរឺ?
- ហៅមិន​បាន​ ពី​ព្រោះ​ខ្ញុំ​ស្រ​លាញ់​នាង​យូរ​មក​ហើយ​ ខ្ញុំ​ចង់​បាន​អ្នក​ជា​ប្រពន្ធ​ខ្ញុំ​។ ខ្ញុំ​ប្រាថ្នា​លើក​តំកើង​អ្នក​ អោយ​ខ្ពស់​ផុត​អស់​នារី​ដែល​មាន​នៅ​លើ​លោក​នេះ​។ ខ្ញុំ​ចង់​អោយ​អ្នក​ថ្កុំ​ថ្កើង​រុង​រឿង​ដោយ​សារ​ស្នា​ដៃ​ខ្ញុំ​។
- មិន​បាច់​និយាយ​ច្រើន​ទេ ​! ខ្ញុំ​អរ​គុណ​ណាស់​ ខ្ញុំ​មិន​ត្រូវ​ការ​សេច​ក្ដី​ស្រ​លាញ់​របស់​លោក​ទេ​។ ខ្ញុំ​មិន​ត្រូវ​ការ​អោយ​លោក​លើក​តំកើង​ខ្ញុំ​ទេ ពាក្យ​ថោក គំនិត​ទាប ខ្ញុំ​មិន​ចង់​ស្ដាប់​លោក​ទេ​។
បុរស​ឡើង​ក្រហម​ស្លឹក​ត្រ​ចៀក​។ ដោយ​ស្រ​លាញ់​នាង​ទេវី​ពេក​ កាមា​មើល​មុខ​នាង​ឃើញ​ល្អ​អ្វី​ក៏​ល្អ​ម៉្លេះ​ទេ ទោះ​កំពុង​ខឹង​ក្រញូវ​ដូច្នេះ​ក៏​នៅ​តែ​ល្អ​។ សំលេង​ពីរោះ​អ្វី​ក៏​ពីរោះ​ម៉្លេះ​ ទោះ​គំហក​ដៀល​ត្មះ​ប៉ុណ្ណោះ​ហើយ​នៅ​តែ​ពីរោះ​។ អ្នក​មើល​មុខ​នាង​ដោយ​អង្វរ​ ហើយ​ពាល​ថា៖
- ខ្ញុំទាប អ្នក​ខ្ពស់ បាន​ជា​ខ្ញុំ​ស្រលាញ់​អ្នក​។ ខ្ញុំ​សូម​ចិត្ដ​អ្នក​ចុះ កុំ​ខឹង​អ្វី​នឹង​ខ្ញុំ​។ ដោយ​ស្រលាញ់​អ្នក​ពេក​ហើយ បាន​ជា​អំបាញ់​មិញ​ខ្ញុំ​ស្ទុះ​មក​អោប​អ្នក​។ សូម​ទោស​អ្នក​ចុះ​កុំ​ប្រកាន់​ខ្ញុំ​។ ខ្ញុំ​នេះ​ពិត​ជា​ស្រលាញ់​អ្នក​មែន​។ ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​អោយ​បាន​វែង ដើម្បី​អ្នក​យល់​
- ខ្ញុំមិនបាច់ស្ដាប់លោកទេ។ ខ្ញុំមិនចង់ស្គាល់ មិនចង់យល់លោកទេ
កាមា​ខឹង​ឆួល​ក្នុង​ចិត្ដ ដោយ​មើល​ឃើញ​ជាក់​ថា ធ្វើ​មិត្រ​ជាក់​មិន​បាន​ការ​។ អ្នក​ខាំ​ធ្មេញ​ដើរ​ចូល​ទៅ​រក​នាង​ប្រាថ្នា​គិត​កំហែង​ចាប់​ដោយ​កំលាំង​តែ​ម្ដង​។ នារី​សំលឹង​បុរស​យ៉ាង​កាច​បំផុត​។ កាមា​ទុច​ង៉ក់​។ នាង​ពោល​ថា​
- កាមា ! កាមា ! កាមា ! កុំ​ចូល​ជិត​! តែ​បើ​ចូល​មាន​តែ​ស្លាប់ និង​រស់​តែ​ប៉ុណ្ណោះ​! ខ្ញុំ​មិន​ថយ​មួយ​ជំហាន​ទេ​។ ឈប់​! កាមា​បើ​ចង់​និយាយ​នឹង​យើង​ណាស់​ ឈរ​អោយ​ស្ងៀម​មួយ​កន្លែង​ចំងាយ​បី​ម៉ែត្រ​ពី​យើង​។ អើ​! ធ្វើ​យ៉ាង​ហ្នឹង​បាន​ហៅ​ថ្លៃ​ថ្នូរ​ពេញ​ជា​កូន​ប្រុស​។ អីលូវ​និយាយ​មក​ចុះ បើ​ពេញ​ជា​កូន​ព្រះ​កំពុត​មែន​ ខ្ញុំ​ស្ដាប់​។
- អ្នក​ជ្រាប​ទេ​? ខ្ញុំ​ស្រលាញ់​អ្នក​យូរ​ណាស់​មក​ហើយ​។ ឳពុក​ខ្ញុំ​ព្រះ​កំពុត​ ជា​ចៅ​ហ្វាយ​លើ​ភព​ផែន​ដី​ចង្វាត់​សិរី​សោ​ភ័ណ​នេះ​។ ខ្ញុំ​អាច​សុំ​អោយ​ឳពុក​ខ្ញុំ​ចូល​ដណ្ដឹង​អ្នក​បាន​។ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​ចិត្ដ​អ្នក​ថែម​បន្ដិច​ទៀត​ទេ បាន​ជា​ខ្ញុំ​តែង​ឆ្លៀត​អោ​កាស​ចង់​ជួប​អ្នក ដើម្បី​យើង​និយាយ​គ្នា​អោយ​ដឹង​ដើម​ចុង​បន្ដិច​។ ឳពុក​ខ្ញុំ​ប្រាកដ​ជា​ស្រលាញ់​អ្នក​ដែរ​ ពី​ព្រោះ​គាត់​បាន​និយាយ​ដំណាល​ពី​អ្នក​រឿយ​ៗ​ ណាស់​។
- អូវពុករបស់លោកដំនាលពីគ្រប់ស្រីដែលមានរូបល្អ។ នេះជាការធម្មតាទេ
- ទេ ! លោកប្រហែលចង់បានអ្នកជាកូនប្រសាដែរ
- ប្រហែល​ជា​ចង់​បាន​ខ្ញុំ​យក​ទៅ​ធ្វើ​ប្រពន្ធ​ខ្លួន​អែង​ទេ​ដឹង​? អូវ​ពុក​លោក​ជា​មនុស្ស​មក​ពី​អវចី​ ប្រពន្ធ​រាប់​ដប់​ម្ភៃ លួច​កូន​គេ លួច​ប្រពន្ធ​គេ​។
- យីអ្នក ! ខ្ញុំនិយាយមិនស្ដាប់ បានតែបងមានន្ទរឺ ទើបនិយាយស្ដាប់បាន?
- អើ ! ខ្ញុំ​ស្ដាប់​តែ​មា​នន្ទ​ពិត​ប្រាកដ​មែន​។ មានន្ទ​ជា​គូ​សង្សារ​ខ្ញុំ​ ជា​ប្ដី​ខ្ញុំ​ពេញ​ទី​។ អើ​! អើ​! បើ​កាមា​អែង​ជា​ប្អូន​មានន្ទ​ ហើយ​ដឹង​ថា​មានន្ទ​ជា​បង​កាមា​អែង​ស្រលាញ់​ខ្ញុំ​ហើយ​ ម្ដេច​ក៏​កាមា​អែង​មក​ស្រលាញ់​ខ្ញុំ​ទៀត​? រឺ​ចង់​ក្បត់​មានន្ទ​ជា​បង​បង្កើត​? លោក​ក្បត់​ចុះ តែ​ខ្ញុំ​ៗ​មិន​ក្បត់​ទេ​។ កាមា​! ខ្ញុំ​សូម​លោក​រក​ស្រី​ណា​ទៀត​ទៅ​ មិន​ខ្វះ​ទេ​ស្រី​ល្អ​ៗ​នោះ​។ តែ​កុំ​ធ្វើ​ដូច្នោះ​ នាំ​អោយ​បាក់​បែក​គ្រួសារ​យើង​ទេ​។ ទៅ ! ​កាមា​អញ្ជើញ​ទៅ​ចុះ​។

កាមា​រឹង​រិត​តែ​ខឹង​ទៅ​ទៀត អ្នក​សំលក់​នាង​ទេវី​ស្ទើរ​ធ្លុះ​ពីរ​បី​។ ខ្យល់​គំនុំ​មួយ​បោក​មក​លើ​ដួង​ចិត្ដ​អ្នក​ដូច​ព្យុះ​សង្ឃរា​។ យ៉ាង​រហ័ស អ្នក​បែរ​មុខ​ចេញ​ស្ទុះ​លោត​កាត់​គុម្ព​ផ្កា​ពី​មួយ​ទៅ​មួយ​ តំរង់​ទៅ​គេហ​ដ្ឋាន​ព្រះ​កំពុត​អូវ​ពុក​។ នាង​កញ្ញា​ទេវី​បាន​ធូរ​ដូច​ដក​បន្លា​ពី​ដើម​ទ្រូង ធូរ​ចិត្ដ​ឈរ​​មើល​កាមា​ដែល​បាត់​ទៅ​។ អស់​កំលាំង​ហេវ​ នារី​ដើរ​មួយ​ៗ​ទៅ​កាន់​ផ្ទះ​នាង​។