អក្សរសិល្ប៍ខ្មែរ
រឿងមហាចោរនៅទល់ដែន
ដោយសាង សាវាត
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
៣ -រាត្រីស្ងាត់
ថ្ងៃសៅរ៍ ទី28.ឧសភា 2016.ម៉ោង 8:39
រាត្រីស្ងាត់ ខ្យល់បកល្វិចៗ ល្ហើយល្ហឹម។ ស្លឹកឈើទាំងឡាយត្រូវ នឹង វាយោដែលរត់សន្សឹមៗ ផ្ដុំកើតជាដូរតន្រ្ដីមួយយ៉ាងមនោរម្យ។ លើមេឃព្រះចន្ទចោលនេត្រាប្រកបដោយមេត្ដាមកលើពិភពលោក ធ្វើអោយទេសភាពអានាខេត្ដសិរីសោភ័ណក្លាយទៅជាភាពយន្ដមួយយ៉ាងកំសត់។ ផ្កាយភ្លឺព្រិចៗ ព្រោងព្រាតកណ្ដាលផ្ទៃពពកខៀវស្រងាត់។ ក្នុងកូនផ្ទះ នាងទេវីអង្គុយបត់ជើងរវៃសូត្រពីមុខកូនចង្កៀងខ្លាញ់មួយ។ សូររត់លឺរ៉ែៗតិចៗ ជីងចក់យំចឹកៗ នៅលើដំបូល។ នារីស្រៀវខ្លួនខ្ញាកនឹកដល់ប្រុសជាទីស្នេហា។ ចិត្ដនាងរមួតរមូលខ្លាំង។ ពន្លឺចង្កៀ ង ធ្វើអោយឃើញវង់មុខនាងក្រលង់ដូចវង់ព្រះចន្ទ។ កណ្ដាលវង់នេះ ភ្នែកពីរបញ្ចាំងរស្មីយ៉ាងរលង់។ ស្បែកបបូរមាត់ឃើញស្ដើងគួរអោយចង់អង្អែលលេង។ ដៃនាងធ្វើការ ចិត្ដនាងហិចហើរទៅឆ្ងាយៗ ពីរហាត់ ឆ្ងាយពីផ្ទះ ឆ្ងាយពីរបង ឆ្ងាយដល់ដើមពោធិដែលហាក់នៅជើងមេឃដុះតែអែងរង់ចាំនាង។ ដៃនាងធ្វើការ ភ្នែកនាងរំពៃលបមើលអូវពុកនាងដែលសំរាកបើកភ្នែកព្រិចៗ។ ទេវីស្រីទន្ទឹងចង់អោយអូវពុកនាងសំរាន្ដលក់ទៅ។ មួយនាទីកន្លងយូរហាក់ដូចមួយសតវត្ស។ ខាងក្រៅឆ្កែព្រុះឡូៗ លឺគួរខ្លាច តែនាងបែរជាភ័យទៅវិញ ព្រោះខ្លាចសង្សារកំសត់រង់ចាំនាង។ ម្យ៉ាងទៀតធីតាខ្លាចក្រែងខានជួបហើយខាននិយាយ។ នារីភ័យនឹងបានជួប នារីសប្បាយនឹងជីពចរនាងដើរលឺទូងៗ ធ្ងន់ៗ... ។
- វិសេសក្លាហានក្រោកឈរឡើង ។ នាងទេវីភ្ញាក់។
- វិសេសក្លាហានដើរទៅជិតជញ្ជាំងចាប់យកដាវមួយយ៉ាងវែង ហូតផ្លែដាវចេញពីស្រោមយកមេដៃស្ទាបផ្លែដាវ។ នាងទេវីមើលកាយវិការរបស់អូវពុកនាងគ្មានចោលកន្លែងណា។ វិសេសក្លាហានចាប់ដងដាវដៃម្ខាង ដែម្ខាងទៀតចាប់ចុងដាវពត់សាកល្បងមើល ហាក់សួរដាវថា នៅរឹងប៉ឹងទេ? ធ្វើដូច្នេះបណ្ដើរ គាត់ងាកមកនិយាយនឹងនាងបណ្ដើរ
- - កូន ! ល្មមចូលរកដំណេកហើយ។ នារីដាក់ភ្នែកចុះនៅស្ងៀម អូវពុកនាងបន្ដទៅទៀតយ៉ាយរាយមាយថា
- - យប់ៗ កូនអែងខ្លាច រឺអ្វី?
- នាងមើលទៅអូវពុកនាង ចោលញញឹមមួយយ៉ាងស្រស់ជួនទៅលោកអូវពុក រួចឆ្លើយតបវិញយ៉ាងស្រួយស្រះ
- - កូនខ្លាចដែរលោកពុក
- - ខ្លាចអ្វី?
- - ខ្លាចចោរ
- - អត់ចោរទេ
- - មិនមែនចារលួចអីវ៉ាន់ទេ គឺចោរចាប់មនុស្សស្រីៗនោះណា !
- - អឺ ! ទៅខ្លាចអីអាចោរបែបនោះ? បើវាមក អូវពុកចាប់ដាវនេះជាចុងក្រោយបង្អស់។ អូវពុកនឹងការពារកូនអោយបានដូចកាលអូវពុកនៅកំលោះ... ផ្ដាំចាស់ម្ដង។ កុំព្រួយអី! ទៅ ! លត់ភ្លើងដេកទៅ!។
នាងទេវីក៏រុំអំបោះ តម្លោះរហាត់រៀបចំទុកដាក់តាមកន្លែង ពន្លត់ភ្លើងចូលដំណេកតាមពាក្យអូវពុកនាង។ ក្នុងមុងងងឹត លើពួកដែលមានកំរាលសស្អាត នារីគេងងើយភ្នែកទៅលើគិត។ រូបប្រុសថ្លៃវិសេសមកប្រលែងលេងនឹងនាងក្នុងខួរក្បាលនាង។ ស្រ្ដីសប្បាយពន់ពេក។ មួយម៉ោងកន្លងទៅ ... ពីរម៉ោងកន្លងទៅ ... ស្រីលបស្ដាប់លឺសូរអូវពុកនាងស្រមុកខែៗ។ យុវតីត្រេកអរព្រួចគ្រលួចក្នុងចិត្ដ។ កល្យាណរិះរកពាក្យ ដើម្បីនិយាយនឹងសង្សាររបស់នាង។ នាងគិតថាត្រូវថែមត្រង់នេះមួយម៉ាត់ ត្រូវបន្ថយពាក្យត្រង់នេះមួយឃ្លា រួចនាងទន្ទេញគំនិត ដែលនាងរកឃើញហើយ ដែលនាងសន្មតថា ថ្លៃថ្លា ពីរោះមែននោះ។ កែវល្បងនិយាយឃ្លាឡើងវិញមួយដងជាពីរដង។
វិសេសក្លាហានសំរាន្ដលក់ស្កប់ស្កល់។ កញ្ញាក្រោកពីគ្រែសយនាយឺតៗ ត្រចៀកប្រុងស្ដាប់។ គ្មានសូរអ្វីប្លែកឆ្លើយសោះ។ ដល់ប្រាកដថា គ្មានលឺអ្វីហើយ ទើបជីវ៉ាបើកមុងខ្វាកលបៗ បន្ថើរជើង ដើរតំរង់ទៅមាត់ទ្វារ។ នាងទាញទ្វារដោយទប់សូរកុំអោយលឺ។ យឺតៗ ទ្វារចំហកា ន់តែធំឡើងៗ។ ទេវីបញ្ឆិតខ្លួនលបស្ដាប់ជាចុងក្រោយបង្អស់ស្ទុះចេញទៅក្រៅ។ ខាងក្រៅ ខ្យល់ត្រជាក់ដល់ទងសួតនារី។ ស្រីឆោមចាប់លើកសំពត់បន្ដិច ហើយរត់យ៉ាងលឿនកាត់តំរង់ទៅដើមពោធិ។ លុះទៅដល់កន្លែងសន្មត នាងរេរកមើលនាយអាយគ្មានឃើញអ្វីសោះ។ ស្រីឈប់ដកដង្ហើម ហូតកូនកន្សែងជូតញើស បើកស្បែកគ្របសុដនបង្ហើបបន្ដិច បក់បញ្ចូលខ្យល់។ អោ! រាត្រីស្ងាត់ភ្លឺព្រិលៗ ឃើញដើមឈើឈរស្ទុងៗ អ្នកហាក់មានអានុភាពអ្វីម្លេះ? អ្នកចាប់ចិត្ដចាប់សតិបញ្ញាមនុស្សលោកអោយលង់ក្នុងសុបិនមួយដ៏អស្ចារ្យ ដែលយើងមានចេតនាចង់តែអោយពេលនៅនឹងដដែល ដើម្បីក្រេបទេសភាពងងឹតស្រពេចស្រពិលដែលមាន លាយទឹកស្នេហាសង្សារនេះអោយបានអស់ចិត្ដ។
ចំពោះនាងទេវី ស្រីនាងចង់ត្រាទុកក្នុងចិត្ដជាប់ជានិច្ចថា រាត្រីនេះជារាត្រីធំបំផុតតែមួយក្នុងមួយជីវិតនាង។ ឆោមស្រស់ចង់អោយរាត្រីនោះ ប្រែក្លាយទៅជារាត្រីអែករបស់ប្រវត្ដិសង្ខារនាង។ សង្សារស្រីចង់សរសេរពីរាត្រីនេះ ចង់ច្រៀងតែពីរាត្រីនេះ ប្រយោជន៍អោយគូស្នេហាជាន់ក្រោយៗ ស្គាល់តែរាត្រីមួយនេះ។
ជាអវសាន កែវចាំៗៗ ពុំឃើញប្រុសកំលោះមកដល់សោះ។ សូរចង្រិតយំក្នុងគុម្ពស្មៅ ធ្វើអោយចិត្ដនាងស្រើបស្រាលត្រេកត្រអាលក្រៃពេក។ អំពិលអំពែកហើរចាប់កែវភ្នែកនាងអោយមើលតាម ក្រែងឆ្លុះឃើញគូជីវិតរួចដឹងថា សង្សារនៅទីណា។ សូរថ្លែនផ្លាស់កន្លែង ទាញឆក់ក្រដាស់ត្រចៀកនាងអោយតាមសូរ។ មិនយូរប៉ុន្មានស្រមោលមួយលេចចេញមក។ ស្រីឆោមត្រេកអរជាអនេក ស្ទើរលោតទៅលើមេឃ។ នារីក្រោកឈររង់ចាំទទួល។ ស្រមោលកាន់តែជិតមក។ លុះបុរសមកដល់ បុត្រីវិសេសក្លាហានចោលខ្លួនទាំងស្រុងទៅក្នុង រង្វង់ដៃគូស្នេហាដែលនាងទន្ទឹងចាំផ្លូវ ដូចគេចាំមាតាមកពីផ្សារ។ ទេវីលោតអោបរិតបុរស ថ្វីត្បិតតែរង្វង់ដៃកំលោះនេះរិតនាងខ្លាំងណាស់ទៅហើយ។ មានន្ទពុំបង្អង់អោយខាតពេលឡើយ ភត្រ្ដាយុវជនអោនក្រេបលំអងក្លិននារីដោយរួសរាន់បន្ទាន់ចិត្ដដោយស្នេហាយ៉ាងជ្រាលជ្រៅ។ ទេវី ស្រូបយកក្លិនសង្សារនាងវិញយ៉ាងតិចៗ តែយ៉ាងខ្មួលខ្មាញ់ ព្រោះនាងខ្មាសច្រើនណាស់ទៅហើយ។ គឺបុរសហើយដែលកាត់សុបិនដ៏ថ្លៃថ្លា នេះ ហើយដែលដាស់នាងអោយដឹងខ្លួនមកនៅលើពិភពលោកយើងនេះវិញ។
- -អូន ! អូន ! អូន !
- យុវតីរិតតែអោបគូជីវិតខ្លាំងទៅទៀត ដោយអិតឆ្លើយតបវិញឡើយ មានន្ទបន្ដវាចាទៅទៀតថា
- - អូន ! កុំអោយខាតពេលយើង
- - ច៎ាះ !
- - អូន ! ម្ដេចក៏ម្ដងនេះ អូនហាក់ដូចញាប់ញ័រជាងសព្វមួយដងម៉្លេះ ? អូនមានរឿងអ្វី ? អូនកើតអ្វី ?
- - ច៎ាះ ! ច៎ាះ ! ខ្ញុំញ័រដោយត្រេកអរបានជួបនឹងបង ប្អូនអត់កើតអ្វីទេ ប្អូនសប្បាយ។ ទេ! ប្អូនមានទុក្ខ អូ៎! ទេប្អូនសប្បាយទេ?
- - ប្អូនសប្បាយ ?
- - ច៎ាះ! ប្អូនសប្បាយ! ប្អូនសូមជំរាបរឿងមួយដល់បងអោយបានជ្រាប។ រឿងប្អូនជាស្រី ដូចរឿងស្រីអែទៀត។ រឿងប្អូនអិតប្លែកពីស្រីអែទៀតទេ។ ច៎ាះ! ច៎ាះ! រឿងប្អូនដូចរឿងអ្នកអែទៀត
- មានន្ទសើចដោយឃើញថានាងនិយាយពុំទៅមុខសោះ បុរសអង្រួនស្មានាងថា
- - នែ! បងស្ដាប់បានហើយ! មានរឿងអ្វី ?
- នារីជំទើតលើចុងជើង ដើម្បីអោយមាត់នាងបានទៅជិតត្រចៀកប្ដីនាងបន្ដិចទៅទៀត
- - បង! បង!
- - បាទ!
- - ប្អូន! ... អោ! ប្អូននិយាយមិនរួចទេ។ ប្អូន
មានន្ទតឹងដើមទ្រូងនឹងពាក្យនិយាយដាច់ៗ នេះជាពន់ពេក។ តែបុរសឃើញថា កែវកំសត់ប្រែភេទខុសពីធម្មតាខ្លាំងណាស់។ អ្នកអោបរិតធីតារិតតែខ្លាំងឡើង។ អ្នកយកម្រាមដៃអង្អែលសាច់នាងយ៉ាងថ្នមៗ រួចពោលសំដីយ៉ាងទន់ភ្លន់ថា៖
- - អូន! សូមអូននិយាយមក កុំអោយបងចាំស្ដាប់យូរពេក។ ប្អូនធ្លាប់ភប់ប្រសប់នឹងបងជាយូរណាស់មកហើយ។ គួរណាស់តែអូនស្គាល់បងអោយជាក់។ អូនៗ សូមទុកចិត្ដបងចុះ និយាយមកអោយឆាប់។ រឿងអ្វី? ពិបាកយ៉ាងណា។ បើដល់បងដឹង បងនឹងជួយអូន ទោះដល់ក្ដីមរណៈ ក៏បងហ៊ានដែរ។ អោ! ក្នុងជាតិនេះ នៅលើលោកនេះ បងស្រលាញ់អូនអស់ប៉ុណ្ណឹងហើយ គឺថាអិតមានរបស់អ្វីមក ប្រៀបធៀបបានទេ។ សូមអូននិយាយមកចុះ បងចាំស្ដាប់
- - ច៎ាះ ! ច៎ាះ ! ... ហ៊ី ! ប្អូននិយាយមិនបានទេ។ ចាំយប់ស្អែកទៀតចុះ
- - ទេ! បងចង់ដឹងយប់នេះអែង
- - ច៎ាះ ! ហ៊ី ! សូមចាំដល់យើងបែកគ្នាសិន
- - ទេ! បងចង់ដឹងអីលូវនេះអែង
- - បង ! បង!
- នារីអោបបុរសយ៉ាងខ្លាំងថ្មីម្ដងទៀត រួចបន្ដវាចាថា
- - ច៎ាះ ! បង ! ប្អូនខ្មាសបងណាស់
- - អូនមិនស្រលាញ់បងទេ ?
- - អូនស្រលាញ់ ៗជិវិតតែមួយ
- - ច៎ាះ ! ប្អូនមាន ...
- -មានអី ?
- - ផ្ទៃពោះ
- - មានផ្ទៃ ? អីអូនមានផ្ទៃពោះ ?
- - ច៎ាះ ! ប្អូនជាមាតានៃបុត្ររបស់បងចំនួនពីរខែហើយ
- បុរសចាប់មុខនាងនឹងដៃទាំងពីរច្របាច់ដោយស្នេហា និងដោយរីករាយយ៉ាងខ្លាំង។ នារីបន្ដកិច្ចសន្ទនាតទៅទៀតថា៖
- - ច៎ា! អូនមានផ្ទៃ បន្ដិចទៀតបុត្រមួយនឹងកើតឡើងមានរូបល្អដូចបង។ ក្នុងសាច់សរសៃឆ្អឹងរបស់កូននេះ ឈាមបង និង ឈាមប្អូនហូរចូលគ្នា។ អោបង! កូននេះមានរិកពារដូចបង មានសំដីដូចបង មានសន្ដានចិត្ដដូចបងមិនខាន។ បន្ដិចទៀតប្អូនបីបុត្រនេះនឹងដៃប្អូនហើយ។ អោ! បន្ដិចទៀតប្អូនបំបៅបុត្រនោះ ប្អូនចិញ្ចឹមបុត្រនោះ។ បង! បង! ធ្វើយ៉ាងណា? អីលូវនេះ? ដើម្បីកុំអោយអ្នកផងតិះដៀលប្អូនជាស្រី! បងចោលប្អូនរឺ?
- ទឹកភ្នែកហូរសស្រាក់ពីភ្នែកនាងទេវី។ មានន្ទរំជួលពេញដួងចិត្ដអាណិតសង្សារកំសត់។ អ្នកតបថា
- - មិនអីទេ យើងរៀបការគ្នាឆាប់ៗនេះ។
- កញ្ញារីករាយយ៉ាងអស្ចារ្យនឹងពាក្យនេះ។ គឺជាពាក្យដែលនាងរង់ចាំប្ដូរស្លាប់ប្ដូររស់
- - ចុះឳពុកបងថាម៉េច?
- - ឳពុកជាឳពុក ប្រពន្ធជាប្រពន្ធ !
- ទេវីទទួលពាក្យនេះដោយពេញចិត្ដទៀត។ ស្រ្ដីសើចទាំងទឹកភ្នែក។ ទឹកភ្នែករមៀលស្រក់តក់ៗ ធ្លាក់លើដើមទ្រូងមានន្ទដែលមានចិត្ដខ្លោចផ្សាអិតអុបមា។ បុរសពុំចង់អោយនាងយំទេ ពុំចង់អោយនាងកើតទុក្ខទេ អ្នកចង់អោយតែសង្សារសប្បាយ។ អ្នកពន្យល់នាងថា៖
- - កុំយំអូន! គេយំតែកាលណាស្រុកខ្ញុំគេ។ បងមិនចោលអូនទេ បងប្ដេជ្ញាថា ទោះមានរឿងរ៉ាវអូវពុកម្ដាយ បងប្អូនជំទាស់យ៉ាងណា ក៏បងយកអូនជាប្រពន្ធដែរ។ ចូរអូនកុំភ័យ ពីព្រោះយើងបាននិយាយថា យើងសាងសុខដោយខ្លួនយើង។ យើងគ្មានគំនិតពឹងផ្អែក ផ្ដេករកសុខលើចន្ទល់អ្នកណាទេ។ អូន និង បងបានគិតហើយ បានយល់ថា យើងស្រលាញ់គ្ន។ គិនិត និង បំណងនេះ ជាទេពវត្ថុដែលគ្មានអ្វីមករំលាយបានឡើយ។ យើងជាមនុស្ស យើងសំរេចវាសនាយើង នេះជាការធម្មតាទេ យើងជាយុត្ដិធម៌ តាមគន្លងធម៌ទៀត។ រីអែមាតាបិតាយើងៗ ទុកជាធំជានិច្ច ក៏ប៉ុន្ដែអ្វីដែលល្អប្រពៃ មិនត្រូវបញ្ចុះតំលៃខ្លួនអោយទាប អាមាស់ខ្លួនរហូតទៅផ្ដាច់កូនអោយបែកគូគេនោះទេ។ បើមាន មាតាបិតាខ្លះធ្វើដូចនេះ គឺមាតាបិតាប្រើអំណាចលើកូន គឺជាអំពើមនុស្សសង្កត់សង្កិនមនុស្សដ៏លាមកក្រៃលែង។ ចូរអូនគិតមើលពាក្យថាសំលាប់ស្នេហាកាត់ចំណងមេត្រី រំលាយរឿងកំសត់ផ្សេងៗ ជាពាក្យមួយដែលគ្មានជនណាចង់លឺទេ។ តែកាលណាគេលឺឡើង គេរអាចិត្ដ គេខាំធ្មេញគេខឹង។ អែណាយុត្ដិធម៌ អែណាសីលធម៌ អែណាមនុស្សធម៌ អែណាធម៌ព្រះ បើធ្វើអោយប្រាស់ព្រាត់គូគេនោះ? ការបង្ខំ ការបង្គាប់ ការគំរាម ការត្រួតត្រាលើចិត្ដមនុស្ស ជាអំពើអមនុស្សធម៌ចំពោះមនុស្សដូចគ្នា ដែលចេះគិត ចេះគូរ។ ក្នុងលោកនេះបងសូមកុំ អោយមានរឿងអកុសលដូចនេះទៀតឡើយ គឺសូមអោយគូស្នេហាបានជួបគ្នា អាចទុកដាក់ខ្លួនអែង តាមសេចក្ដីយល់ឃើញរបស់ខ្លួន។
- - ច៎ាះ ! ប្អូនបានធូរស្បើយបន្ដិចដែរ តែពុំដឹងជាមានរឿងអ្វីទៀតទេ ដែលអាចជំទាស់មិនអោយយើងជួបគ្នាបាន!
- - ចូរអូនដឹងអោយច្បាស់ថា មនុស្សអ្នកគិតការ ទេវតាអ្នកសំរេច។ ចំពោះអូវពុករបស់អូន បងជឿថា លោកចាស់ហើយ ហើយលោកស្គាល់បង ដឹងចិត្ដបងស្រលាញ់បងណាស់
- នាងទេវីដកដង្ហើមធំ។ ស្រីគ្រវីក្បាល ដោយនឹកឃើញរឿងមួយទៀត។ នាងនិយាយស្រងូតស្រងាត់ថា៖
- - បង! ប្អូនមិនគួរមកស្រលាញ់បងទេ។ ប្អូនទាបណាស់។ យើងខុសគ្នាដូចមេឃ និង ដី។ រឿងខុសគ្នាខ្លាំងពេកនេះហើយ ដែលនាំអោយប្អូនមានទុក្ខព្រួយយ៉ាងខ្លាំងនៅពេលនេះ។ បើសិនជាប្អូនយកអ្នកក្រដូចគ្នា ម៉្លេះសមប្អូនមិនបានទុក្ខព្រួយដូច្នោះទេ
- - កុំគិតដូចនោះអូន ... ខុសស្រលះ។ នែ! អូន! យើងកើតមកលើលោកនេះ គ្មានអ្នកណាយកបុណ្យស័ក្ដិ និង ទ្រព្យសម្បត្ដិមកជាមួយផងទេ មនុស្សកើតឡើងខ្លួនទទេដូចៗគ្នា។ សព្វថ្ងៃអូនក្រ ៗមកពីបងមាន។ ស្ដាប់បានទេ? គឺថាទ្រព្យដែលអូនត្រូវបាន ទៅជាហូរមកចូលហឹបបងវិញ។ អែចំណែកខាងបុណ្យសក្ដិវិញ មនុស្សត្រូវតែចង់បាន។ ក៏ប៉ុន្ដែបើចង់បាន ត្រូវមើលនាយមើលអាយសិន។ មានខ្លះចង់បានបុណ្យសក្ដិ ខំបន្ដុះបណ្ដាលខ្លួនដោយរៀនសូត្រតំរិះវិជ្ជាផ្សេងៗ អោយបានចេះដឹងជ្រៅជ្រះ ហើយខិតខំធ្វើការបំរើប្រទេសជាតិ និងប្រជាជនអោយបានគង់វង្សស្ថិតស្ថេរចិរកាលទៅ។ ជនបែបនេះហើយដែលប្អូនត្រូវស្វែងរកអោយបានជួប។
- កាលពេលដែលមានន្ទ និង នាងទេវីកំពុងនិយាយគ្នានេះ ស្រមោលមួយលបស្ដាប់នៅជិតនោះ រួចរសាត់យ៉ាងលឿនទៅអែខាងផ្ទះនាងទេវី។ គឺស្រមោលកាមាប្អូនមានន្ទ បុត្របន្ទាត់របស់ព្រះកំពុត មេទ័ពខាងតំបន់ម្លូព្រៃ ក្រោមកិច្ចបញ្ជាការបស់មានន្ទជាបង ដែលជាមេទ័ពនាអានាខេត្ដសិរីសោភ័ណនេះអែង។ កាមាទៅដល់ខ្ទមវិសេសក្លាហាន ច្រានទ្វារចូល រួចបង្កូកឡើងថា
- - លោកអ៊ុំ ! លោកអ៊ុំ !
- ចុងដាវវិសេសក្លាហានផ្ទុចមកចំចុងដង្ហើមកាមាជាស្រេច។ ស្រលាំងកាំងក្នុងងងឹត កាមាហៀប នឹង និយាយតែវិសេសក្លាហានគំហកថា៖
- - នៅស្ងៀម អាចោរកំណាច! អែងហ៊ានតែកំរើកខ្លួន ជីវិតអែងសូន្យក្នុងពេលនេះអីលូវ!
- - ខ្ញុំបាទមិនមែនចោរទេ លោកអ៊ុំ
- - បើអែពុំមែនចោរ ម្ដេចអែងចូលក្នុងផ្ទះអញទាំងយប់? អែងមកមានការអ្វី ?
- - ខ្ញុំបាទយកការមួយអាមាសបំផុតមកជំរាបលោកអ៊ុំអោយបានជ្រាប
- វិសេសក្លាហានគំហកថា
- - ការអ្វីអាចោរអប្យលក្ខណ៍ ? អញដឹងហើយការដែលអែងចង់និយាយនឹងអញ។ ហ៊ីសៗ អូវពុកអែង និង អញជាគូសត្រូវប្រចាំជីវិតនឹងគ្នា។ អូវពុកអែងគុំអញស៊ីសាច់ហុតឈាម។ អញគុំអូវពុកអែងវិញដូច្នោះដែរ។ រាល់ថ្ងៃអញនៅទីនេះ ទន្ទឹងចាំរឿងដែលអូវពុកអែងបង្កើតឡើង ដើម្បីរំលោភលើអញ។
- អានាងពេលមកដល់មែន។ អីលូវគ្មានអ្វីច្រើនទេ ចូលមកចុះ ដកដាវឡើងកុំទុកអោយនៅស្ងៀមយូរទាន់ចិត្ដនៅក្ដៅៗ ដាវអញសំរាកយូរមកហើយ ទើបមកដល់អីលូវដាវអញមានចិត្ដរីករាយ និង មានសកម្មភាពជាថ្មី។ មកអានាង។ អោ! អូវពុកអែងចំជាមនុស្សកំសាកញីណាស់ អីមិនហ៊ានស៊ូនឹងអញដោយខ្លួនអែងទេ? ទើបប្រើអែងមកនេះ រួចប្រើមកទាំងយប់ទៀត! ហាសៗ អូវពុកអែងមិនសមកិត្ដិយសជាស្ដេចត្រាញ់ពិតៗនោះទេ។ អូវពុកអែងស្លាប់នឹងគ្រឿងអាវុធអញរឺ ?
- កាមាសើចបើកភ្នែកធំៗ
- - សូទោសលោកអ៊ុំ ខ្ញុំមិនដឹងរឿងទាំងនេះទេ។ រឿងទាំងនេះជារឿងផ្ទាល់ខ្លួនរបស់លោកអ៊ុំទេ ដែលប៉ះពាល់ដល់កិត្ដិនាមលោកអ៊ុំដែលខ្ញុំមកនេះ
- - កុំលាក់ កុំធ្វើពុត កុំធ្វើពើ ... អើបើអែងមិនដឹង អញជាអ្នកប្រាប់អោយអែងដឹង
- - ទេ ៗ ៗ លាកអ៊ុំ កុំទាន់អាល ខ្ញុំសុំនិយាយមួយម៉ាត់សិន
- - អោអែងភ័យខ្លាចស្លាប់ដែរ? អែងមិនសមជាកូនប្រុសទេ
- - ហ៊ី ! លោកអ៊ុំ ខ្ញុំនិយាយមួយម៉ាត់ទេ
- - និយាយភ្លាម កុំបង្អង់ អញសំលាប់ចោលអិលូវនេះ
- - បាទ ! ខ្ញុំបាទមកនេះដើម្បីនិយាយហើយតើ ប៉ុន្ដែបើចុងដាវនៅផ្ទាប់នឹងចុងដង្ហើមយ៉ាងនេះ និយាយម្ដេចកើត ?
- - ហាៗ ! អញមិនចេះសំលាប់មនុស្សដែលអិតមានអាវុធនៅក្នុងដៃទេ នៅអោយស្ងៀមកុំកំរើក
- ក្នុងមួយវិនាទីនោះ វិសេសក្លាហានចូលប្រកៀកនឹងខ្លួនកាមា ហូតយកដាវដែលព្យូរនៅចង្កេះគ្រវាត់លឺប្រាវលើក្ដារ ឆែកឆេរមើលសព្វហោប៉ៅពុំឃើញមានអាវុធអ្វីទៀត ក៏បញ្ជាអោយកាមាអង្គុយលើកៅអីជិតនោះ កាមាធ្វើតាមបង្គាប់។ មួយសន្ទុះក្រោយមក ចង្កៀងខ្លាញ់ក៏ភ្លឺឡើង កាមាញញឹមយ៉ាងខែងរកវិសេសក្លាហាន ដែលប្រុងស្មារតីគ្មានធ្វេសសោះឡើយ។
- - មើលរឿងអ្វី ?
- - សូមលោកអ៊ុំ មើលទៅបន្ទាប់កូនស្រីលោកអ៊ុំមើល
- វិសេសក្លាហានងាកទៅមើលទ្វារ ឃើញចំហមួយប្រលោះខ្លួន។ លោកភ្ញាក់ខ្លួនខ្ញាក ស្ទង់ដឹងស្ថានការណ៍កើតសង្ស័យ ចិត្ដក្ដៅក្ដួល។ កាមាកាន់ជ័យជំនះមួយយ៉ាងអស្ចារ្យនៅពេលនោះ។
- - សូមលោកអ៊ុំអញ្ជើញចូលមើលលើគ្រែកូនស្រីលោកអ៊ុំមើល
- វិសេសក្លាហានស្ទុះភ្លែតចូលក្នុងបន្ទុបនារី យកចុងដាវវាត់បើកមុងមានតែពួក និងខ្នើយ។ ចិត្ដមោហោមួយយ៉ាងរំពងក្នុងរាត្រីស្ងាត់ថា
- - ហាស់ ! កូនស្រី ! ទេវី !
សូរសំរែកលឺបានតែប៉ុណ្ណោះតាចាស់យើងដួលផ្ងាខ្លួនទៅក្រោយសន្លប់បាត់ស្មារតី។ កាមាឃើញដូច្នោះ ក៏ក្រោកពីកៅអីឈានជើងទៅយកដាវខ្លួនដែលដេកលើក្ដារមកស៊កចូលក្នុងស្រោមដូចមុន រួចផ្លោះតាមបង្អួចទៅបាត់ក្នុងទីងងឹតទៅ។ សំរែកវិសេសក្លាហានលាន់លឺ ស្ទើររហែកមេឃ។ សូរសំរែកបោះពួយក្នុងអាកាសទៅដល់ត្រចៀកនាងទេវី ដែលកំពុងនិយាយលេងយ៉ាងរីករាយជាមួយមានន្ទជាគូគាប់ នាងឈប់ង៉ក់ដូចគេកន្ដ្រាក់។ កញ្ញាងើបក្បាលឡើងពីជង្គង់មានន្ទដោយបើកភ្នែកធំៗ។ ដើមទ្រូងនាងញ័រយ៉ាងខ្លាំង។ ស្រីហាក់ដឹងរឿងអាសន្នអស់។ នាងច្រានមានន្ទវឹងដែលដួលទៅក្រោយ រួចរត់សំដៅទៅផ្ទះ។ មានន្ទស្រលាំងកាំងក្រោកឡើងបោសគូថស្រែកដោយសំលេងហៅនាង៖
- - ឈប់ៗ រឿងអ្វី ? ទេវីអូន !
- តែនារីទៅឆ្ងាយណាស់ទៅហើយ បុរសក៏ដើរតាមក្រោយនាងទៅ ដោយឈានជើងយ៉ាងវែងៗ ប្រញាប់ប្រញាល់អោយបានទាន់គូធីតាពន្លឺចង្កៀងចោះប្រលោះមួយយ៉ាងធំក្នុងអាកាសងងឹត តាមទ្វារខ្ទមដែលចំហ។ នាងទេវីទុចជើងដោយបានឃើញពន្លឺនេះ។ ពន្លឺធ្វើអោយនាងកើតក្ដីខ្លាច តែទោះដល់មរណៈក៏ដោយនាងត្រូវតែចូលទៅរកពន្លឺនេះ។ ព្រលឹងនៅចុងសក់ កញ្ញាប្រឹងទប់សន្ដានចិត្ដកុំអោយជ្រួលច្របល់ពេក តែអិតប្រយោជន៍។ ស្រីដឹងមុនថា ទុក្ខមួយយ៉ាងធំនឹងមានដល់នាងក្នុងមួយភ្លែតទៀតនេះ តែនាងយល់ថាចៀសទុក្ខនេះមិនបានផុតទេ នាងត្រូវបែប៉ះទង្គិចជាដាច់ខាត។ នាងនឹកថា មិនអីទេខ្លួននាងខុស ហើយនាងព្រមទទួលទុក្ខទាំងអស់ដោយអិតប្រកែក តែពុំដឹងជាទុក្ខនោះ មានភាព រឺ បែបយ៉ាងណានៅឡើយ។
កល្យាណកើតមានមនោសញ្ចេតនាមួយថ្មីដែលមកសន្ថិតក្នុងខ្លួននាង គឺចង់ដឹង។ នាងឈានជើងមួយៗ ចូលក្នុងផ្ទះយ៉ាងមានះ ដោយធ្មេចភ្នែកកុំអោយឃើញពន្លឺដ៏មហិមានេះ។ មួយជំហានដែលនាងដើរ ធីតាហាក់ឃើញឧបសគ្គកាន់តែធំឡើង។ ខ្លួនស្រីព្រលឹងហាក់ចេះតែថយក្រោយទៅវិញ។ មួយជំហានដែលនាងបានបោះកន្លងរួចមកហើយ គឺឧបសគ្គមួយដែលនាងឆ្លងរួច ស្រីហាក់បានធូរចិត្ដបន្ដិច។ ផ្ទះស្ងាត់ឈឹង ទេវីរិតតែឆ្ងល់ទៅទៀត។ នាងដើរដល់មាត់ទ្វារ។ នាងដកដង្ហើមធំម្ដង។ នាងអើតមុខចូលខាងក្នុងផ្ទះ។ អោ! រឿងអីដូច្នោះ? នាងឃើញ ឳពុកនាងដួលដេកលើក្ដារសន្លប់បាត់ស្មារតីអិតដឹងខ្លួន។ យុវតីខ្លោចចិត្ដអានិតឳពុក។ នាងយំយ៉ាងខ្លោចផ្សា ហើយរត់ទៅបីត្រកងលោកឳពុកជាអ្នកមានគុណ ផ្ដេកក្បាលដាក់លើភ្លៅនាង។ បុត្រីអង្រួនដាស់បិតា តែគ្មានពោក្យអ្វីសួរ អ្វីឆ្លើយសោះ។ កញ្ញាភិតភ័យកាន់តែខ្លាំងឡើងៗ។ កល្យាណងើបមុខឡើងឃើញម៉ែភួង នាងទ្រហោយំថា៖
- - ម៉ែភូង ជួយផង ! ជួយអូវពុកខ្ញុំផង លោកកើតអី?
- នាងភួងទឹកភ្នែករហាមដែរអោបជើងវិសេសក្លាហានយំដូចកូនក្មេង
- - ម៉ែភួងៗ ទៅរកទឹកមួយផ្ដិលមក ឆាប់ៗ ម៉ែភួង
- លុះបានទឹកមក នាងទេវីលាបមុខលោកឳពុក លាបដៃជើង និង សព្វសព៌ាង្គកាយ។ គាប់ជួនពេលនោះ ព្រលឹងវិសេសក្លាហានក៏ចូលមកសន្ឋិតកាន់រូបវិញធ្វើអោយមេទ័ពចាស់ងាកក្បាលចុះឡើងៗ។ នាងទេវីត្រេកអរក្រៃលែង ដូចបានឃើញឳពុកនាងមានកំណើតជាថ្មី។ ស្រីខំដាស់បោសអង្អែលទាំងទឹកភ្នែកថា៖
- - លោកពុក លោកពុក នេះកូន ស្គាល់កូនទេ លោកពុក ពុកកើតអ្វី?
- ដំបូងវិសេសក្លាហានហាក់ភ្ញាក់ពីដេក។ លោកលឺមាត់កូនលោកខ្សាវ រួចសូរមាត់បុត្រីនេះលឺកាន់តែខ្លាំងឡើងៗ។ លោកបើកភ្នែកឃើញនាងទេវីអោបលោក ឃើញនាងភួងនៅទ្រចុងជើងលោក។ មួយស្របក់ក្រោយមក កំលាំងក៏កាន់តែមានឡើងវិញបន្ដិចម្ដងៗ ទើបវិសេសក្លាហាន នឹកឃើញរឿងដែលនាំអោយលោកដេកដួលនៅទីនេះ។
- សេចក្ដីក្រោធខឹងមួយឆួលឆេះឡើងយ៉ាងពេញទំហឹង មករោលរាលរូបគាត់។ គាត់ក្រោកអង្គុយសំលឹងមើលមុខនាងទេវីមិនដាក់ភ្នែក។ លោកច្រានកែវដែលធ្លាប់ជាពន្លកចេញពីខ្លួនលោក កុំអោយស្រីអប្បក្ខណ៍កាន់សាច់លោកទៀត។ នាងទេវីឆ្ងល់ ឆ្ងល់នឹងកាយវិការនេះ ទើបនាងនឹកភ្លែតឡើងថា លោកឳពុកនាងជ្រាបរឿងនេះហើយ។ នាងលុតជង្គង់ដៃទាំងពីរខ្ទប់មុខយំលឺឃឹកៗ។ កញ្ញាពោលទាំងត្រដាបត្រដួសថា៖
- លោកឳពុក កូនសូមទោស! ច៎ាះ! កូនសូមទោស លោកឳពុក! កូនបានជាខុសចំពោះចិត្ដលោកឳពុកហើយ។ ច៎ាះ! កូនខុសពិតមែន។ កូនស្រលាញ់។ កូនបានលបចេញពីផ្ទះទៅជួបនឹងគេទាំងយប់ពាក់កណ្ដាលអធ្រាត។ កូនខុសនឹងទំនៀបទំលាប់ ខុសនឹងអ្នកមានគុណមែនហើយ។ តែសូមលោកឳពុកជ្រាបថាកូនពុំទាន់បានខុសនឹងធម្មជាតិទេ។ កូនជាផ្នែកមួយរបស់ធម្មជាតិ កូនជាមនុស្ស។
ថាហើយនាងមើលមុខវិសេសក្លាហាន។ តែទឹកមុខបិតានៅក្រហមដដែល ភ្នែកនៅតែសំលក់ក្រលោតដដែល មានតែថ្គាមទាំងពីរដែលប្រខាំគ្នាថែមទៀត នារីអស់សង្ឃឹម។ ញើសលោតចេញពីថ្ងាសនាងផ្លោតៗ ហូរតាមខ្នងនាង។ ស្ងួនភ្ងាដឹងថា ឳពុកនាងពុំប្រនីទោសនាងទេ។ ហេតុនេះមានតែទឹកភ្នែកប៉ុណ្ណោះ ដែលនិយាយទៅទៀត។ វិសេសក្លាហានក្រោកឈរឡើង ដង្ហើមធំៗ ខ្លីៗ មុខដូចខ្លា។ នាងទេវីរិតតែភ័យទៅទៀតអោបជើងលោកឳពុក។ នាងភួងអោជើងម្ខាង។ យូរបន្ដិចមក វិសេសក្លាហានអោនទៅចាប់បុត្រីអោយក្រោកឈរឡើង នាងទេវីបានធូរក្នុងចិត្ដអិតអុបមា នឹកថាឳពុកនាងយល់ព្រមអនុលោមកំហុសនាងហើយ។
- វិសេសក្លាហានដឹកដៃឆោមស្ងួនទៅមាត់ទ្វារ។
- កញ្ញាបែរជាឆ្ងល់ឡើងវិញជាពន់ពេក ដោយមិនដឹងថា ឳពុកនាងចង់ធ្វើយ៉ាងណា ចង់និយាយយ៉ាងណា។ លុះដល់មាត់ទ្វារហើយ វិសេសក្លាហានច្រានស្មានាងទេវីយ៉ាងខ្លាំងទៅខាងក្រៅ ដោយពន្លឺពាក្យថា៖
- - ទៅចុះ អញអស់មានកូនទៀតហើយ
- នាងភួងដែលឃើញរឿងចំលែកអស្ចារ្យដូច្នោះ ស្ទុះភ្លែតទៅអោបជើងវិសេសក្លាហានសាជាថ្មី ហៀបនឹងនិយាយ តែវិសេសក្លាហានច្រាននាងដួលទៅក្រោយដោយគំហកថា
- - ទេ! អញគ្មានកូនទៀតទេ
នៅខាងក្រៅ នាងទេវីអោបដៃស្រពោនដូចផ្កាត្រូវថ្ងៃ។ នាងអស់ចិត្ដ អស់ពាក្យនឹងនិយាយ អស់គំនិតនឹងគិត។ ស្រីយំខះទឹកភ្នែកអស់ហើយ។ មួយរំពេចនេះ នាងឃើញជាក់ថាកែវអស់ផ្ទះនៅទៀតហើយ គឺមុខជាដេកក្រោមដើមឈើ ត្រូវខ្យល់ត្រូវថ្ងៃ ត្រូវភ្លៀង អត់បាយ ហើយចាប់ពីរាត្រីនេះតទៅ។ ទេវីបែរមើលក្នុងទីងងឹត ដើម្បីរកផ្លូវដែលនាងត្រូវដើរទៅមុខក្នុងជីវិតនេះ តែមិនឃើញផ្លូវណាសោះ។ កល្យានបែរមើលរកទិសដែលនាងត្រូវយក តែមិនដឹងជាយកទិសណាសោះ។ នាងបែរមើលដំបូលផ្ទះ។ អោ! ដំបូលនេះដាច់ចិត្ដលែងទទួលនាងទៅហើយ។ មានន្ទមកដល់! ដៃប្រុសម្នាក់ចាប់នាងយ៉ាងខ្លាំងទាញចូលក្នុងផ្ទះវិញ។ ធីតាភ្ញាក់។ មានន្ទដើរយ៉ាងស្វាហាប់ចូលស្លុងទៅក្នុងផ្ទះ លុតជង្គង់ម្ខាងគ្រឹប ទៅលើក្ដារពីមុខវិសេសក្លាហាន និយាយដោយវាចាមួយៗ យ៉ាងដាច់ខាត៖
- សូមទានលោកអ៊ុំ រូបកូនប្រុសរបស់លោកអ៊ុំ ទើបលេចចេញពីបន្ដូលចិត្ដលោកអ៊ុំ។ ខ្ញុំមានន្ទ ខ្ញុំសូមប្រគល់ខ្លួន ប្រគល់ជីវិតជាកូនប្រុសតែមួយរបស់លោកអ៊ុំ។ សូមលោកអ៊ុំជឿថា កូនប្រុសនេះមានចិត្ដដូចលោក មានគំនិតដូចលោកអ៊ុំ មានឧត្ដមគតិចំពោះជាតិ និង ចំពោះប្រជាជនដូចលោកអ៊ុំគ្មានខុសប៉ុនមួយជំរៀកសក់ទេ។ ខ្ញុំសូមលើកដៃសច្ចាចំពោះមុខលោកអ៊ុំថា ចាប់តាំងពីយប់នេះទៅ ខ្ញុំធ្វើការពុះពារគ្រប់បែបយ៉ាងប្រឆាំងនឹងអយុត្ដិធម៌ ដែលជនជាតិខ្មែរយើងកំពុងរងទុក្ខវេទនា ប្រឆាំនឹងគំនិតខ្ញុំគេដែលខ្មែរមាន ប្រឆាំងនឹងជនជាតិនានា ដែលគ្របសង្កត់ខ្មែរយើងជំនួសលោកអ៊ុំដែលចាស់ណាស់ទៅហើយ។ ក្នុងការតស៊ូនេះ ខ្ញុំបេ្ដជ្ញាជាអោលារិកថា ចំពោះប្អូនទេវីខ្ញុំទទួលបីបាច់រក្សាអស់មួយជីវិត ទុកនាងជាគូវាសនាពីអតីតជាតិមក ហើយជាវត្ថុមួយដ៏ថ្លៃថ្លា ដែលខ្ញុំការពាររាល់ទិវា។
- វិសេសក្លាហាន មើលមុខមានន្ទដោយពុំលែងចោលសោះ។ លោកញញឹមជាសញ្ញាទទួលយល់ព្រម។ លោកងក់ក្បាល រួចលូកដៃទៅចាប់ស្មាមានន្ទមានវាចាថា៖
- - ចាប់តាំងពីពេលនេះតទៅ អែងជាកូនអញទាំងពីរ
- នាងទេវីសប្បាយចិត្ដក្នុងគ្រានោះ នឹងរកវត្ថុអ្វីមកប្រៀបគ្មានឡើយ។ នាងហាក់ហើបខ្លួនពីដី ហាក់អណ្ដែតត្រសែតលើអាកាសជាមួយមានន្ទ និង ជាមួយឳពុកនាង កញ្ញាស្ទុះទៅអោបជង្គង់លោកឳពុកជាទីស្នេហា។ នាងភួងក៏ធ្វើដូច្នោះដែរ។ វិសេសក្លាហានបន្ដសេចក្ដីមួយៗ ដូចតទៅ ៖
- - កាលណាបានអែងគិតរៀបការគ្នា ?
- - បាទខ្ញុំបាទសូមរៀបការក្នុងបីខែទៀត។
- វិសេសក្លាហានងើបទៅលើគិត។ រួចលោកគ្រវីក្បាល។
- - ទេ ! មិនបានទេ
- - បាទពីរខែទៀត
- - ទេ!
- - បាទមួយខែទៀត
- - ទេ !
- - បើដូច្នោះតាមចិត្ដលោកអ៊ុំកាលណា ? មួយអាទិត្យទៀត ?
- - ទេ ! មិនបានទេ។ តោងសែនទាំងយប់នេះ។
- មានន្ទលឺដូច្នោះ ក៏ដាក់ភ្នែកចុះ។ អ្នកនៅស្ងៀមគិតវាយក្រលាស្ទង់ ញញឹមរួចទទួល
- - បាទ ! បាន !
ពិធីសែនព្រេនចាប់ធ្វើឡើងមួយរំពេចក្នុងវេលានោះ។ នាងភួង ត្រូវទៅដាស់លោកមេឃុំ ជំទប់មកដោយអិតបង្អង់។ នាងទេវីត្រូវធ្វើម្ហូបអាហារមាន់ទាសំរាប់សែនភ្លាម។ វិសេសក្លាហាន និងមានន្ទត្រូវកាច់ស្លាធម៌ រកទៀនធូបដោយរួសរាន់។ មិនយូរប៉ុន្មាន លោកមេឃុំ លោកជំទប់ក៏មកដល់ ភ្លើងទៀនធូបក៏ភ្លឺរន្ទាល កូនស្រី កូនប្រុសក៏ក្រាបទាំងគូទន្ទឹមគ្នា។ លោកមេឃុំ លោកជំទប់បាចទឹកអោយពរសព្ទសាធុការដល់គូថ្មី ដែលផ្ដិតមេដៃចុះសំបុត្រអាពាហ៍ពិពាហ៍ មិនអោយយូរដល់តិចតួចឡើយ។ ទើបវិសេសក្លាហានអោយពរជ័យដល់បុត្រាបុត្រី អោយបានសុខគ្រប់ប្រការ។
- សូមកូននៅជាមួយគ្នាអោយបានសុខ។ ឳពុកគ្មានអ្វីចងដៃកូនទេ ឳពុកមានតែប្រទេសខ្មែរយើងទាំងមូលចងដៃកូន។ ប្រទេសនេះ មានទឹក ដី ព្រៃសព្វគ្រប់មុខ លោហធាតុគ្រប់មុខ។ កូនអាចនាំគ្នាកាប់គាស់ ចិញ្ចឹម ដាំ ឆ្ការ ពុះពារ ទាញផលអោយបានបរិបូណ៌តាមចិត្ដកូន។ ប៉ុន្ដែដើម្បីអោយផលដែលកូនរកបានមក កូនតោងធ្វើខ្លួនកូនអោយទៅ ជាម្ចាស់ស្រុកពិតៗ កូន! កូន!...
ក្នុងពេលប្រស់ទឹកអោយពរនេះ វិសេសក្លាហានដួលផ្ងារខ្លួនទៅក្រោយ។ លោកមេឃុំ លោកជំទប់ មានន្ទ នាងទេវី នាងភួងក៏ផ្អើលឆោលោ ខ្លះកោសខ្យល់ ខ្លះចាប់ ខ្លះច្របាច់ ខ្លះហៅ ខ្លះផ្ដុំត្រចៀក តែជីពចរវិសេសក្លាហាន ក៏ចេះតែវាយថយទៅៗ រហូតដល់ដាច់ខ្យល់សូន្យឈឹងតែម្ដង។ វិសេសក្លាហានចូលកាន់មរណភាពក្នុងពេលនេះអែង។ លោកថយចេញពីពិភពលោកនេះដោយមានទឹកមុខញញឹម ព្រោះលោកបានទុកដាក់បុត្រីជាទីស្នេហារបស់លោកហើយ ញញឹមព្រោះលោកជឿថា វរលក្ខណ៍មានបង្អែកមួយដ៏មាំមួនហើយ ញញឹមដោយពេញចិត្ដគ្មានអរិត្រង់ណា។
នាងទេវី និងមានន្ទប្ដីប្រពន្ធថ្មី កើតទុក្ខនឹងមរណៈសញ្ញានេះយ៉ាងខ្លាំងជាងគេ។ នាងភួងអោបជើងខ្មោចយំរអាក់រអួល រៀបរាប់ពីចិត្ដវិសេសក្លាហាន ពីគុណសម្បត្ដិវិសេសក្លាហាន។ នាងទេវីរៀបរាប់អំពីសេចក្ដីសោកស្ដាយដោយបិតានេះ ពុំទាន់បានឃើញនាងសុខ រឺទុក្ខយ៉ាងណាផងទៅថ្ងៃមុខ។ នាងរំជួលយោលយោគសោកយ៉ាងក្រៃអនេក។ មានន្ទមានទឹកមុខក្រៀមបំផុត។ ក្នុងពេលនោះ ជើងសេះលឺសូរកុបៗ ផាយពីចំងាយមក។ មានន្ទប្រុងខ្លួនមើលទៅទិសដែលអស្សពាហ៍មក។ លុះមកដល់មុខខ្ទមកំសត់ អ្នកជិះលោតចុះពីលើខ្នងអាជានេយ្យយ៉ាងរហ័ស។ បុរសមិនស្គាល់នេះមកគំនាប់មានន្ទយ៉ាងស្វាហាប់ រួចហុចសំបុត្រមួយដែលមានន្ទហែកមើលឃើញមានសេចក្ដីដូចតទៅ ៖
សិរីសោភ័ណ ថ្ងៃ ១០កើត ខែ ពិសាឃ ព.ស ២៤០៨ទីព្រះពន្លាជ័យព្រះកំពុត មកដល់មានន្ទមេទ័ពអាណាខេត្ដសិរីសោភ័ណចូលខ្លួនមកជាប្រញាប់ គ្មានបង្អង់បានឡើយ។ រឹងទទឹង មានទោសអាជ្ញាសឹក។
ព្រះកំពុត
លុះមើកូនសំបុត្រចប់ហើយ មានន្ទដកដង្ហើមធំ។ ណាមួយខ្មោចឳពុកក្មេកនៅជ្រងោ ណាមួយអាណិតដល់នាងទេវី ណាមួយព្រួយបារម្ភ ប្រហែលឳពុកលោកដឹងរឿងមករៀបការហើយ បានជាហៅទៅបន្ទាយយ៉ាងប្រញាប់ដូច្នោះ។ អ្នកសសៀរទៅជិតនាងទេវីកំពុងតែយំ ខ្សឹបប្រាប់ថា៖ :
- - អូវពុកបងមានសំបុត្រហៅបងយ៉ាងប្រញាប់ មានសំបុត្រនេះ
- នាងទទួលសំបុត្រមកអាន។ នាងបែរមកកើតទុក្ខនឹងប្ដីទៀតហើយ។ អោ! ទុក្ខអើយទុក្ខ! ! គិតទៅក្នុងវដ្ដសង្សារនេះឃើញតែទុក្ខជួបតែទុក្ខ មានតែទុក្ខ។ ទុក្ខអ្វីក៏ទុក្ខម៉្លេះ មកញាំញីនាងទេវីមួយគ្រាជាពីរគ្រា រួចមកបន្ថែមលើគ្នាគ្មានស្រាកស្រាន្ដដូច្នោះ។ នាងសួរស្វាមីថា៖
- - មានរឿងអ្វីបង ?
- - ទេ មិនដឹងទេ តែអូនយកប្រាក់ពីរណែននេះទុកស្អែកទិញអីវ៉ាន់ និមន្ដលោកឆាន់ រូបបងមកជួយធ្វើក្ដារមឈូសពីព្រឹកមិនខាន
- - ច៎ាះ ! បងមកកុំខានណា !
មានន្ទលឺបណ្ដាំនេះព្រឺព្រួចគ្រលួចក្នុងចិត្ដអាណិតភរិយា? ព្រោះភរិយានេះផ្ដាំតែប៉ុណ្ណោះអែង។ «បងមកកុំខានណា» ពាក្យនេះលឺសូរ ធ្ងន់ក្នុងដួងចិត្ដមេទ័ពក្មេងនេះ។ ពាក្យនេះពីរោះរកតូរ្យតន្ដ្រីណាមកប្រៀបស្មើគ្មាន។ ពាក្យនេះលឺក្ដូងៗ ក្នុងបេះដូង...។ ពាក្យនេះថ្មីដរាប ចង់តែលឺ ចង់តែស្ដាប់ ចង់តែអោយនាងថាម្ដងទៀត។ មានន្ទមើលមុខនាង នាងមើលមុខមានន្ទ រួចបុរសក្រោកដើរយ៉ាងលឿនទៅខាងក្រៅ ដែលអ្នកយកសំបុត្រនៅរង់ចាំ។ រួចមានន្ទប្រាប់អ្នកយកសំបុត្រថាអោយដើរទៅបន្ទាយវិញចុះ។ ចំណែកអ្នកលោតលើខ្នងសេះបំផាយតំរង់ទៅអាសនព្រះកំពុតជាបិតា។