១៣ - វាផ្ដាច់ព្រ័ត្រ
ថ្ងៃសៅរ៍ ទី6.សីហា 2016.ម៉ោង 9:16

មានន្ទ​ជិះ​សេះ​យ៉ាង​លឿន​ស្លុង​បោល​សំដៅ​ទៅ​ទិស​អីសាន​ខាង​ជើង​ កាត់​ព្រៃ​មួយ​យ៉ាង​ធំ​ដែល​សំបូរ​ពោរ​ពាស​ទៅ​ដោយ​រុក្ខ​ជាតិ​ធំ​តូច​។ អ្នក​នឹក​ស្រលាញ់​ប្រទេស​ខ្មែរ​ក្រៃ​ពេក ដោយ​ប្រទេស​ខ្មែរ​មាន​ព្រៃ​នោះ​ជា​ធន​ធាន ​ហើយ​ដែល​កូន​ខ្មែរ​ស្រាវ​យក​មិន​ចេះ​អស់​។

ខាង​លើ​មេឃ​ ផ្កាយ​រះ​ព្រោង​ព្រាត​នា​កណ្ដាល​នភា​ល័យ​ពណ៌​បៃ​តង​ខ្ចី ធាតុ​អាកាស​ត្រជាក់​ស្រួល​រក​ប្រទេ​ណា​មក​ប្រដូច​គ្មាន​ឡើយ​។ បុរស​ស្រលាញ់​ប្រ​ទេស​ខ្មែរ​ ស្រលាញ់​ប្រជន​ជាតិ​ខ្មែរ​ ស្រលាញ់​នឹង​សាច់ នឹង​ឈាម​អ្នក តែ​មាណព​មក​អាក់​អន់​ចិត្ដ​មួយ​យ៉ាង​ធំ​អនេក​ គឺ​ខ្មែរ​មិន​អែក​រាជ​។ យាម​ទី​ពីរ​។​ ផ្កាយ​ព្រឹក​រះ​ត្រឈៃ​នៅ​ទិស​ខាង​កើត​។ អ្នក​ជិះ​សេះ​យើង​អស់​កំលាំង​យ៉ាង​ខ្លាំង​។ លប​ស្ដាប់​ខាង​ក្រោយ​គ្មាន​លឺ​សូរ​អ្វី​សោះ​។ ទឹក​ចិត្ដ​ដ៏​រីក​រាយ​មួយ​មក​គ្រប​ដណ្ដប់​អ្នក​។ បរិ​យា​កាស​ព្រួយ​ភ័យ​បើក​វាំង​នន​ចេញ​ស្រលះ​ពី​ដើម​ទ្រូង​ ដើម្បី​ទុក​បរិ​វេណ​អោយ​​សេរី​ភាព​បញ្ចេញ​រស្មី​ឡើង​។ អ្នក​ឈប់​នឹក​នា​ដល់​ខ្មាំង​ដែល​ដេញ​តាម​ប្រកិត​អស់​ពេល​ជា​យូរ​មក​ហើយ​។ ហើយ​បណ្ដាយ​សន្ដាន​ចិត្ដ​អោយ​ ដើរ​លេង​រាយ​មាយ​គ្មាន​ទី​ដៅ​។

ញើស​ដែល​ហូរ​ ៗ​ចុះ កុំ​អោយ​តែ​នៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​។ គឺ​ជា​សំណាង​មួយ​យ៉ាង​ធំ​ហើយ ដែល​បាន​រួច​ខ្លួន​នេះ​។ ព្រឹត្ដិ​ការណ៍​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ មាន​មក​យ៉ាង​ជ្រួល​ខ្លាំង​។ ក្នុង​ការ​ត​ស៊ូ​ដើម្បី​សេរី​ភាព​ និង​ដើម្បី​អាយុ​ជីវិត​នេះ​ មានន្ទ​នឹក​ឃើញ​នាយ​កោប អគ្គី នាង​យីហ៊ុប . . . មែន​! នាង​យីហ៊ុប​គួរ​នឹក​ខ្លាំង​ជាង​គេ​។

នៅ​ពី​ចំងាយ​លើ​ទួល​ដំបូក​ ភ្នក់​ភ្លើង​មួយ​ឆេះ​ផ្លុង​ៗ កណ្ដាល​ទី​ងងឹត​ ឃើញ​បី​ដូច​ភ្លើង​របស់​បិសាច​កំណាច​ណា​មួយ​។
អៃយ៉ា​! ខ្លាំង​ រឺ មិត្ដ​?
មានន្ទ​ភ័យ​ញ័រ​ពោះ​ឡើង​វិញ​។ បុរស​លោត​ចុះ​ពី​លើ​ខ្នង​សេះ​ចង​អាជ​នេយ្យ​ រួច​ក៏​តាំង​លូន​សំដៅ​ទៅ​ទី​ដែល​មាន​ភ្លើង​ ដោយ​ប្រយ័ត្ន​មិន​អោយ​មាន​លឺ​សូរ​អ្វី​ដល់​តិច​តួច​ឡើយ​។ ក្នុង​ពេល​កំពុង​លូ​ននេះ​ ឆ្កែ​មួយ​ក៏​ព្រុស​ឡូ​ឡើង​។ អ្នក​លប​ភ័យ​តក្កមា​​នឹក​ថា​ ម្ដង​នេះ​មុខ​ជា​ស្លាប់​មិន​ខាន​។ មនុស្ស​បួន​នាក់​ក្រោក​ច្រូង​។ បរិ​យា​កាស​ស្ងប់​ស្រួល​ក៏​ប្រែ​ទៅ​ជា​តឹង​តែង​វិញ​យ៉ាង​ខ្មួល​ខ្មាញ់​។ អ្នក​ដុត​ភ្លើង​ត្រៀម​ខ្លួន​ព្រឹប ខ្លះ​រត់​រក​ដាវ​ ខ្លះ​ឆក់​បាន​ព្រួញ​គ្រប់​ៗ​គ្នា​។

គឺជាទាហាន
ជន​អ្នក​ត្រៀម​អោន​ៗ​ខ្លួន​ទៅ​ពួន​រាយ​ជា​ខ្សែ​តាម​គល់​ឈើ​។ ឆ្កែ​កាន់​តែ​ព្រុស​ខ្លាំង​ឡើង​ សំលឹង​ទៅ​ទិស​ដែល​មានន្ទ​លូន​មក​។ ពួក​អ្នក​រោម​​ភ្លើង​កំហែង​ឡើង​ថា​:
- អ្នកណា ?
មានន្ទ​ដែល​គិត​តែ​ថយ​រត់​ដក​ខ្លួន​កាល​បើ​លឺ​សូរ​មាត់​ស្រែក​សួរ​នេះ​ក៏​សប្បាយ​ចិត្ដ​ជា​ពន់​ពេក ដូច​បាន​រស់​ឡើង​វិញ​ម្ដង​ទៀត ក្រោក​ឈរ​ដើរ​ទៅ​មុខ​ស្លុង​អិត​បង្អង់​។ មាត់​អ្នក​សួរ​បន្លឺ​ឡើង​ទៀត​ថា ​:
- អ្នកណា ? លោកគ្រូរឺអី ?
- អឺ !
សូរមាត់ក៏ស្ទុះច្រូងច្រាងឡើង ជំនួសសូរដាវដែលយើងស្មានថា មុខជាបានលឺនោះ
- អូ ! លោកគ្រូ ! លោកគ្រូ ! វើយ ! អាកោបៗ
- អើយ
- អគ្គី ! អគ្គីអើយ !
- អើយ !
- លោកគ្រូទេវើយ !
អ្នក​ទាំង​អស់​គ្នា​រត់​ស្រ​ទៅ​ទទួល​មានន្ទ​ដែល​សើច​ស្មាញ​ដើរ​ចូល​កាន់​តែ​ជិត​មក​។ មានន្ទ​ទៅ​ទះ​ស្មា​បុរស​ម្នាក់​ដែល​មាន​មាឌ​ស្ដើង​ខ្ពស់​ដើម​ទ្រូង​ធំ​ក្រអាញ​
- ម៉េចមហាកាលសុខសប្បាយទេ ?
បុរសឈ្មោះមហាកាលធ្វើគារវកិច្ចយ៉ាងគោរព រួចឆ្លើយយ៉ាងរាក់ទាក់តបវិញថា :
- បាទ ! ចុះលោកគ្រូ ?
- សុខសប្បាយជាទេ ។ កូនចៅទាំងអស់មានប៉ុន្មាន ?
- រួមទាំងខ្ញុំបាទ ទាំងអាកោប ទាំងអគ្គី ទាំងកូនទាហានបានដប់ប្រាំនាក់
ជន​ទាំង​ដប់​ប្រាំ​នាក់​ដូច​រៀប​រាប់​មក​នេះ ឈរ​ត្រង់​ខ្លួន មុខ​ញញឹម​ រក​មានន្ទ​ដែល​ញញឹម​រក​អ្នក​រាល់​គ្នា​វិញ​
- អឺ ! ប៉ុណ្ណឹងបានហើយ
មហាកាលដែលមើលមុខមានន្ទចំជាងគេនោះ និយាយឡើងថា :
- ខ្ញុំ​មិន​ដឹង​ខ្លួន​ផង ស្រាប់​តែ​អា​កោប​ទៅ​ដល់​ផ្ទះ​ខ្ញុំ​ទាំង​យប់​។ ខ្ញុំ​សួរ​វា​ភ្លាម​ថា មាន​ការ​អី វា​ក៏​រាយ​ការណ៍​ប្រាប់​ខ្ញុំ​ៗ ក៏​ប្រមូល​គ្នា​ភ្លាម​បាន​តែ​ប៉ុណ្ណឹង​អែង​
មានន្ទចោលភ្នែកទាំងពីរយ៉ាងមេត្រីរាប់អានទៅលើមុខមហាកាល
- ចុះអ្នកអែទៀតទៅណា ?
- ហ៊ី ! លោកគ្រូរកហៅគេមិនទាន់ ស្រទុំវានៅផ្ទះរឺទេក៏មិនដឹង ស្បៃវែង និង អរុណមិននៅទេ
- ទៅណា ?
- បាទ ! លោកគ្រូអើយ ខែនេះគេទៅទន្លេបាត់អស់ហើយ។ នៅតែខ្ញុំទេ មិនចេះសោះខាងផ្លូវទឹក
អ្នកទាំងអស់គ្នាដែលឈរជុំវិញជនទាំងពីរស្ដាប់យ៉ាងជក់ចិត្ដ ថ្វីត្បិតតែកិច្ចសន្ទនានេះគ្មានជំរៅអ្វីឡើយ
- កាលណាពួកនោះមកវិញ ?
- ប្រហែលកន្លះខែទៀត
មានន្ទបែរទៅកាន់ស្មាកោបម្ដងវិញ រួចសួរថា :
- ម៉េចកោប ?
នាយកោបបញ្ឈរភ្នែកឡើងទៅលើធ្វើអៀនប្រៀនឆ្លើយថា :
- ខ្ញុំបាទភ័យណាស់ ដោយមិនដឹងថាយប់នាះ លោកគ្រូបែកទៅខាងណា
មានន្ទសើចកាន់តែខ្លាំងឡើង លេចធ្មេញសស្គុស រួចបែរទៅរកនាគី សហជីវិនចាស់ទៀត
- គឺភ័យដែររឺទេ ?
- ខ្ញុំបាទវាយថយ ៗ រួចគេចផុតទៅ
- ទាំងអស់គ្នាមានត្រូវរបួសដែររឺអ្វី ?
- បាទទេ !
នាយកោបក៏ឆ្លៀតបញ្ចូលសំលេងខ្លួនជាមួយអគ្គីទៀតថា :
- បាទទេ !
មហាកាលកាត់ថា :
- ពួកនេះ លោកគ្រូទុកចិត្ដចុះ ថាវាយននៀលដូចត្រីក្រាញ់
នាយ​កោប​រឹត​តែ​អៀន​ដោយ​គេ​បញ្ជោរ​បន្ដិច​នេះ​ យក​ម្រាម​ដៃ​លូក​មាត់​ អោន​មុខ​លួច​សំលក់​មហា​កាល​។ ជន​ទាំង​អស់​គ្នា​ក៏​សើច​លាន់​ក្អាក​ក្អាយ​។ ទាំង​ពល​ទាហាន​ ទាំង​មេ​ទ័ព ទាំង​មេ​បន្ទាប់​មក​គេ​ទាំង​អស់​គ្នា​សប្បាយ​រីក​រាយ​លើស​ធម្មតា​។ នាយ​គី​នឹក​ឃើញ​និយាយ​ថា​:
- អុញ ហ៎្ន ! ភ្លេចសួរលោកគ្រូ តើពិសារបាយហើយរឺនៅ ?
- នៅ តែខ្ញុំស្រេកទឹកណាស់ មានទឹកមួយផ្ដិលទេ ?
មហាកាលទាញដៃនាយកោបមកឆ្ងាយពីស្មាមានន្ទ ទះក្បាលមួផូងរួចនិយាយថា:
- អូ ! យកទឹកមកជូនលោកគ្រូ ។ កោប ! រួចមករកដាំបាយជូនលោកគ្រូទៀត
នាយកោបជ្រុលតះៗ ទៅមុខ។ មានន្ទសួរទៅមហាកាលថា
- មានអ្វីធ្វើជាអាហារ ?
- មាន ! លោកគ្រូសាច់ទន្សាយខ្ញុំទើបបាញ់បាន !
- អើ បានទន្សាយផង! នាំអោយពិបាកទេរឺ ?
- ទេ ! មិនអីទេលោកគ្រូ ធ្វើតែមួយសន្ទុះរួចហើយ
ជន​ទាំង​អស់ ពុំ​ព្រម​ទៅ​ណា​ឆ្ងាយ​ពី​មានន្ទ​សោះ​។ មានន្ទ​ ក៏​និយាយ​ពី​ស្ថាន​ការណ៍​បច្ចុប្បន្ន​អោយ​អ្នក​រាល់​គ្នា​ស្ដាប់ រួច​ដាស់​ទឹក​ចិត្ដ​អ្នក​រាល់​គ្នាថា​ :​
- យើង​ត្រូវ​តែ​ត​ស៊ូ​។ ការ​នេះ​ពិបាក​ តែ​ជា​ការ​ចាំបាច់​។ ការ​នេះ​ធំ​ តែ​ជា​ការ​ដែល​គេ​អាច​សំរេច​បាន​ដោយ​យើង​ពួត​ដៃ​គ្នា​ពុះ​ពារ​ឡើង​។ ក្នុង​សង្គ្រាម​កុំ​ខ្លាច​ បើ​យើង​ខ្លាច​ខ្មាំង​បាន​ចិត្ដ​រឹត​តែ​រឹប​វាយ​យើង​។ បើ​យើង​ហ៊ាន​ខ្មាំង​ខ្លាច​យើង​វិញ​។ នៅ​ពេល​តស៊ូ​ រឺ​ ខ្មាំង​សំលាប់​យើង​ រឺ យើង​សំលាប់​ខ្លាំង​។ មាន​តែ​ពីរ​យ៉ាង​នេះ​ទេ​។
ក្រៅ​ពី​នេះ​មានន្ទ​បាន​និយាយ​អំពី​វិន័យ​ដែល​ត្រូវ​កាន់ គឺ​កុំ​ធ្វើ​បាប​ដល់​អ្នក​ស្រុក កុំ​សំលាប់​ខ្មែរ​គ្នា​អែង វាយ​ចោះ​យក​តែ​ខ្មាំង​ពិត​ៗ​៘ ​អ្នក​ទាំង​អស់​គ្នា​ស្ដាប់​ដោយ​រំភើប​ញាប់​ញ័រ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​។
លុះ​បរិ​ភោគ​អាហារ​រួច មានន្ទ​និទ្រា​លក់​ស្កប់​ស្កល់​។ មហា​កាល​ដាក់​យាម​ដើរ​មើល​នាយ​អាយ​ រួច​ទើប​ចូល​និទ្រា​ដែរ​។ ភ្លើង​ភ្នក់​ក៏​រលត់​ឈឹង​។ យប់​ដំបូង​នៃ​ការ​បដិ​វត្ដន៍​ ក៏​ចាប់​កើត​ឡើង​។ មាន់​រងាវ​ភ្លឺ​ស្រាង​ៗ​។ មានន្ទ​ភ្ញាក់​នឹង​សំ​រែក​ទាហាន​យាម​ដែល​លឺ​សូ​រអូយ​ៗ ដោយ​ព្រួញ​អសិរ​ពិស​មួយ​រត់​មក​បុក​ចំ​ដើម​ទ្រូង​។​ មហា​កាល​ស្ទុះ​លោត​ច្រងាង​ស្រែក​ឡើង​ទាំង​ញី​ភ្នែក​ស្រ​ពេច​ស្រ​ពិល​ថា : ត្រៀម​ៗ​។ មិន​យូរ​ប៉ុន្មាន​ទ័ព​នឹង​ទ័ព​ទល់​មុខ​គ្នា​។ ព្រួញ​បាញ់​ទៅ​បាញ់​មក​គ្មាន​ឈប់​ឈរ​។ ខាង​ខ្មាំង ​យើង​លឺ​មាត់​និល​ពេជ្រ​ដែល​បញ្ជា​អោយ​ចូល​ៗ​។ យូរ​ៗ កង​ទាហាន​និល​ពេជ្រ​ដួល​ច្រ​ងាង​ៗ​។ ព្រួញ​រត់​ធ្លាក់​ដូច​គ្រប់​ភ្លៀង​។ មានន្ទ​និយាយ​ទៅ​មហាកាល​ នាយ​កោប និង អគ្គី​ថា ​:
- ពួកវាច្រើនណាស់ ។ តាម​ស្មាន​ប្រ​ហែល​ជា​មួយ​រយ​នាក់​។ តែ​យើង​តស៊ូ​ទាល់​តែ​ឈ្នះ​ដៃ ពី​ព្រោះ​យើង​ចាញ់​ក្នុង​ពេល​នេះ មុខ​ជា​យើង​ក​ទ័ព​មិន​កើត​ឡើយ​។
មហាកាលសើចបណ្ដើរ យិតធ្នូបាញ់បណ្ដើរដោយស្រែកថា :
- ទៅហើយវើយ ! អាម៉ាក !
សូរ​មាត់​ទាហា​ទាំង​សង​ខាង​លាន់​លឺ​ទ្រ​ហឹង​អឹង​កង​តិះ​ដៀល​គ្នា​។ ​ទៅ​ជា​រឿង​សង្រ្គាម​ទៅ​ជា​រឿង​សប្បាយ​វិញ​។ មនុស្ស​ម្នាក់​ៗ លែង​គិត​ស្លាប់​ លែង​ភិត​ភ័យ​ លែង​នឹក​នា​អ្វី​ឡើយ​។
មានន្ទលុះឃើញថា គ្រាប់ខាងខ្លួនថយហើយ ក៏បញ្ជាថា :
- បាញ់មួយៗ កនយើង ! បាញ់ចោះយកមួយៗ
នាយកោប ដែលនៅចុងស្រែកថា :
ប្រយ័ត្ន ! ចុងចែងខាងឆ្វេង ពួកវាឡើងខាងនេះហើយ !
អគ្គីស្រែកថា :
- មិនអីទេ ! អោយវាមកច្រើនចុះស្រួលបាញ់
មហាកាលបង្កូកឡើងថា :
- បាញ់អាកូន បាញ់អោយអស់ដៃ
ទ័ព​ទាំង​ពីរ​ក៏​កាន់​តែ​ជិត​គ្នា​ឡើង​ៗ​។ ពល​រេហ៍​ខាង​និល​ពេជ្រ​ស្លាប់​ដេរ​ដាស ឈាម​ហូរ​ក្រហម​ឆ្អៅ​លើ​ប្រថ​ពី​។ ខាង​មានន្ទ​ស្លាប់​បី​នាក់​ថែម​ទៀត​រួច​របួស​ប្រាំ​នាក់​។ តែ​អ្នក​ដែល​របួស​ទាំង​ប៉ុន្មាន​ ក៏​នៅ​តែ​ត​ស៊ូ​ពុំ​ព្រម​ឈប់​ឡើយ​។ មានន្ទ​ស្រែក​បញ្ជា​វ៉ាស​ឡើង​ថា​:
- ចូល ! អាកូន អាវុធនៅដៃចូល !

អ្នក​ទាំង​អស់​គ្នា​គ្រវាត់​ស្នា​ចេញ​ចាប់​ដាវ​ ស្ទុះ​សំរុក​ទៅ​រក​គូ​សត្រូវ​ទី​សម​រ​ភូមិ​ក៏​ប្រែ​ទៅ​ជា​ទី​ប្រ​កាប់​ប្រ​ចាក់​វិញ​យ៉ាង​អស្ចារ្យ​។ មានន្ទ​ស្ទុះ​ទៅ​រក​និល​ពេជ្រ​ទៀត​។ មហា​កាល​ត្រូវ​គេ​រោម​ដូច​មមង់​។ នាយ​កោប អគ្គី​ក៏​កាប់​យ៉ាង​ម៉ឺង​ម៉ាត់​។ ជន​ទាំង​ពីរ​ក្រោយ​នេះ ញាក់​មុខ​ដាក់​គ្នា​ធ្វើ​គួរ​អោយ​ចង់​សើច​។ កង​ខាង​និល​ពេជ្រ​ វិនាស​អស់​ជាង​ពាក់​កណ្ដាល​ទៅ​ហើយ​។ ខាង​មានន្ទ​ដែល​ពី​ដើម​ដំបូង​ហាក់​តឹង​ អីលូវ​បាន​ធូរ ហើយ​សង្ឃឹម​ថា មាន​ជ័យ​ជំនះ​នៅ​ចុង​បំផុត​មិន​ខាន​។ អ្នក​បែរ​មើល​គ្នា​អ្នក ឃើញ​នៅ​សល់​៥​នាក់​គាត់​។ អ្នក​ញញឹម​ជា​និច្ច​។ ខាង​សត្រូ​វ​នៅ​សល់​គ្នា​ប្រមាណ​សាម​សិប​នាក់​ទេ​។

និល​ពេជ្រ​ស្ទុះ​ក្រោក​យ៉ាង​ប្រញាប់​ កាត់​ដាវ​មានន្ទ​ដែល​កាប់​បន្ថែម​ផ្ដាច់​ព្រ័ត​។ តែ​សំណាង​ល្អ​ និល​ពេជ្រ​ក្រោក​ឈរ​វិញ​បាន​ សូរ​ដាវ​ក៏​លាន់​លឺ​សូរ​ប៉ែស​ៗ​ដដែល​។ មនន្ទ​សើច​និយាយ​ថា​:
- អីលូវសល់តែប្រាំនាក់ទេ រួចពេជ្រអែងរបួសទៀតផង
- ស្លាប់​នឹង​ដាវ​មេ​ទ័ព​ជា​ធម្មតា​ទេ តែ​បើ​មេ​ទ័ព​ស្លាប់​នឹង​ដាវ​ពេជ្រ​វិញ​ណា​! មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​ទេ ​. . .​
- ការស្លាប់ជាការធម្មតា
នាយកោបស្រែកថា
- វាយផ្ដាច់ព្រ័ត្រវើយ! កនយើង!
សូរ​សង្រ្គាម​ក៏​លឺ​ឡើង​ដូច​មុន​ដំបូង​។ និល​ពេជ្រ​មាន​ចិត្ដ​ភ័យ​បារម្មណ៍​យ៉ាង​ខ្លាំង​។ ខាង​មានន្ទ​សល់​៥​នាក់​។ ខាង​ខ្លួន​នៅ​ដប់​ប្រាំ​នាក់​គត​។ អីលូវ​កោប​កំហែង​វាយ​ផ្ដាច់​ព្រ័ត្រ​ទៀត​
និលពេជ្របញ្ជាឡើងថា :
- ស៊ូកនយើង ! ប្ដូរកនយើង !
- វាយផ្ដាច់ព្រ័ត្រ !
រួច​គឺ​សូរ​មាត់​មហា​កាល មាត់​អគ្គី​ដែល​ឆ្លើយ​តែ​ពាក្យ​មួយ «វាយ​ផ្ដាច់​ព្រ័ត្រ ​ៗ​ »។
ខាង​និល​ពេជ្រ​របេះ​ដប់​ប្រាំ​នាក់​ទៀត​ជា​បន្ទាប់​នោះ​ ណា​ឈាម​ហូរ​នៅ​ដៃ​ស្ដាំ​យ៉ាង​ខ្លាំង​ និល​ពេជ្រ​មើល​ឃើញ​សេ​ច​ក្ដី​ស្លាប់​នៅ​ខាង​មុខ​ជា​ប្រាកដ​។
- ម៉េចពេជ្រល្មមចុះចាញ់ទេ ?
- ពេជ្រមិនដែលចុះចាញ់អ្នកណាទេ
- ហាស ៗ ស៊ូមែន ប្រុងៗៗៗ។
ពេជ្រទន់ដៃណាស់ទៅហើយ។ អ្នកដួលរមៀលខ្ពោកនៅដី ក្រោមចុងដាវមានន្ទដែលខ្លាំងដូចភ្នំ
ស្រាប់​តែ​ជើង​សេះ​លាន់​លឺ​គគឹក​មក​។ ពេជ្រ​ប្រឹង​កាត់​នឹង​ដាវ​មនន្ទ​ជា​ចុង​ក្រោយ​បង្អស់​។ ទ័ព​សេះ​ស្រែក​ហោ​ទ្រហឹង​អឹង​កង​។ មានន្ទ​ក្រលេក​ឃើញ​ស្រែក​ថា ​:
- ប្រុងយើង ប្រុងវិញម្ដង ពួកវាមកទៀតហើយ
មានន្ទស្ទុះទៅជិតមហាកាល បញ្ជាក់ថា :
- អោយកោប អគ្គី មកជិតយើងមក ឆាប់ៗៗ
មហាកាលបញ្ជាក់ថា :
- កនយើង ! ទល់ខ្នងគ្នា !

ទ័ព​សេះ​ក៏​ចុះ​ពី​លើ​អាជា​នេយ្យ​យ៉ាង​រួស​រាន់​រត់សំ​រុក​មក​ទៀត​។ គ្នា​មក​ថ្មី​មាន​ចំនួន​ប្រមាណ​សាម​សិប​នាក់​។ ខាង​មានន្ទ​នៅ​សល់​បួន​នាក់​គត់​ ដូច​មាន​ឈ្មោះ​មក​ស្រាប់​។ ទាំង​បួន​នាក់​វាយ​ថយ​ ដំ​កង់​ជា​វង់​មូល​ទល់​ខ្នង​គ្នា​។ ការ​ប្រកាប់​ប្រ​ចាក់​ក៏​មាន​សន្ទុះ​ខ្លាំង​ឡើង​ជា​ថ្មី​ដដែល​។ ខាង​លើ​ព្រះ​អាទិត្យ​រះ​កាន់​តែ​ខ្ពស់​ណាស់​ទៅ​ហើយ​។ ពន្លឺ​កំដៅ​មក​ពាស​ពេញ​ពសុធា​។ ជន​ទាំង​បួន​នាក់​បែក​ញើស​អស់​កំលាំង​ក្រៃ​ពេក​។ មានន្ទ​សើច​និយាយ​ទៅ​កាន់​មេ​ទ័ព​ថ្មី​ខាង​ខ្មាំង​ថា​ :

- ពោធិ អែងមិនខែងទេ !
ពោធិខាំធ្មេញពេបមាត់
- គេច្បាំងយកឈ្នះណ៎ា ! លោកគ្រូ
មហាកាលនិយាយថា :
- យើងឈ្នះត្រង់គ្នាតិច រួចសំលាប់បានច្រើន
ពោធិសើច :
- ហ៎ាសៗ យើងឈ្នះត្រង់សំលាប់បានមេទ័ពក្បត់មួយ
មហាកាលស្រែក :
- យ៉ាស
មានន្ទភ័យក្ដុកៗ សួរថា
- ម៉េចកាល ! តបានទេ ?
- បាទ ! បានលោកគ្រូ
- ធ្ងន់ទេ ?
- គ្រាន់តែឈាមទេ
បន្ដិទៀត កោបលាន់មាត់ថា
- អូយ !
មានន្ទសួរទៀត
- ម៉េចកោប?
- បាទ ! អត់អីទេលោកគ្រូ គ្រាន់តែបះមួយដាវទេ
- ពោធិសើចក្អាកក្អាយ
- ម៉េច ! លោកមេទ័ពដាក់អាវុធទេ
- យ៉ាស !
មហាកាលសួរ
- ម៉េច ! លោកគ្រូ ?
- មិនទាន់ស្លាប់ទេ
ខាងសត្រូវស្រែកជយោទ្រហឹងអឹងកង
មានន្ទចុកចាប់យ៉ាងខ្លាំង។ អ្នកនិយាយថា
- វាយ ! កនយើង វាយផ្ដាច់ព្រ័ត្រ !

សូរ​ដាវ​លាន់​លឺ​ចែស​ៗ​ជា​និច្ច​។ សូរ​នេះ​កាន់​តែ​ថយ​ទៅ​ៗ ​បន្ដិច​ម្ដង​ៗ លាន់​លឺ​ខ្លាំង​វិញ​ បន្ដិច​ចុះ​វិញ​។ មានន្ទ​មហា​កាល នាយ​កោប អគ្គី​ នៅ​តែ​ត​យុទ្ធ​ជា​និច្ច​។ គួរ​អោយ​អាសូរ​ណាស់ ខ្លួន​ជន​ទាំង​បួន​នាក់​ហូរ​ឈាម​រហាម​ជំនួស​ញើស​ដែល​ហូរ​ពី​មុន​មក​។ ដាវ​ខ្លាំង​ឃើញ​ច្រុះ​បែក​ មួយ​ជា​ពី​រ​ព្រឹល​ភ្នែក​អស់​។ ជន​ទាំង​បួន​ដួល​ដូច​ដំរី​ត្រូវ​គ្រាប់​។ ជន​ទាំង​បួន​គ្រ​វាស​ដាវ​ជា​ចុង​បង្ហើយ​។ ជន​ទាំង​បួន​ប្រឹង​ឈរ​តែ​ពុំ​រួច​។ ជន​ទាំង​បួន​ជ្រោម​លើ​ក្បាល​ជង្គង់​ទល់​ខ្នង​គ្នា​។ ជន​ទាំង​បួន​ដួល​គរ​លើ​គ្នា​ម្ដង​ម្នាក់​ៗ​ ជា​ទី​អវសាន​។