សិក្សាកថា
ដោយកែវ ឈុន

ថ្ងៃសៅរ៍ ទី30.មេសា 2016.ម៉ោង 21:11

រឿង​មហា​ចោរ​នៅ​ទល់​ដែន​ ជា​រឿង​ប្រលោមលោកដ៏​ល្អ​មួយ​ដែលអ្នក​អាន​គ្រប់​គ្នាពិត​ជា​ពិបាក​រកបាន​ណាស់​ ​​អ្នក​និពន្ធ​បាន​លើក​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​សង្គម​មនុស្ស មាន​បញ្ហា​នយោ​បាយ អំពើ​យុត្ដិ​ធម៌ អយុត្ដិ​ធម៌ បញ្ហា​ស្នេហា​ផ្អែម​ត្រជាក់​ ស្អប់​ប្រ​ចណ្ឌ ដោយ​ភ្លើត​ភ្លើន​ក្នុង​ភ្លើង​​រាគ​តណ្ហា​នៃ​មនុស្ស​លោក​ក្នុង​សង្គម​មនុស្ស​​ក្នុង​​សម័យ​ដែល​អ្នក​និពន្ធ​ខ្លួន​អែង​បាន​ឆ្លង​កាត់ ហើយ​ធ្វើ​ការ​កត់​ត្រា ដោយ​​​​ប្រើ​វោ​ហា​សាស្ដ្រ​ពាក្ស​សំដី​​​ភាសារ​ខ្មែរ​អោយ​ពីរោះ​រន្ដំ​ដូច​ដូរ​តន្ដ្រី លាយ​លំ​ដោយ​ស្នេហា​ទន់​ភ្លន់​ស្ទើរ​រក​អ្នក​និពន្ធ​អែ​ណា​មក​ប្រៀប​ធៀប​ពុំ​បាន​ឡើយ​។

ជា​ការ​ពិត​ណាស់ កាល​ណា​យើង​អាន​រឿង​មហា​ចោរ​នៅ​ទល់​ដែន យើង​ឃើញ​ថា អ្នក​និពន្ធ​បាន​បង្ហាយ​នូវ​ទឹក​ចិត្ដ​ពិត​ៗ នៃ​របប​ក្នុង​សង្គម​សម័យ​កាល​មួយ​ដែល​អ្នក​និពន្ធ​ខ្លួន​អែង​​កំពុង​ហែល​ឆ្លង​កាត់ គឺ​ជា​គំនិត​ដែល​ជា​សត្រូវ​ដល់​ប្រជា​រាស្រ្ដ គឺ​ គំនិត​សង្គ្រាម​និយម គំនិត​ចក្រ​ពត្ដិ​និយម​ គំនិត​ផ្ដាច់​ការ​និយម​ គំនិត​លុត​ក្រាប​និយម​ អ្នក​ធំ​មើល​ងាយ​អ្នក​តូច គំនិត​មនុស្ស​មើល​ងាយ​មនុស្ស ចាស់​មើល​ងាយ​ក្មេង ប្រុស​មើល​ងាយ​ស្រី​​​ជា​ដើម​។

រឿង​មហា​ចោរ​នៅ​ទល់​ដែន គឺ​ជា​លំនាំ​រឿង​ប្រលោម​លោក​ដែល​អ្នក​និពន្ធ ប្រើ​វិធី​សាស្ដ្រ​និពន្ធ​យ៉ាង​ឆើត​អស្ចារ្យ នៅ​ក្នុង​សាច់រឿង​ ប្រើភាសា​ខ្មែរ​ពីរោះ​រន្ដំ​ដូច​ដូរតន្រ្ដី​ ឆុត​ឆាក​ស្នេ​ហា​ដ៏​ជ្រាល​ជ្រៅ​ រំភើប​ញាប់​ញ័រ ភ័យ​ព្រួយ​ផិត​ ក្បត់ ឈ្នា​និស ច្រណែន​ប្រចន្ទ​ លួង​ប្រ​លោម​យ៉ាង​ផ្អែម​ត្រជាក់​ នូវ​អត្ថ​រស់​ស្នេហា​ ដ៏​ប្រកប​ដោយ​សីល​ធម៌ ប្រលាក់​លាយ​លំ​ដោយ​ទឹក​ចិត្ដ​ស្នេហា​ជាតិ​ដ៏​មុត​មាំ​ផង​ អ្នក​និពន្ធ​តែង​សរ​សេរ​ពោល​នូវ​ពាក្យ​ដ៏​ប្រកប​ដោយ​មនុស្ស​ធម៌ សីល​ធម៌​ដ៏​ខ្ពង់​ខ្ពស់​ជា​ទី​បំ​ផុត​ ដូច​ជា​លោក​សរ​សេរ​រៀប​រាប់​អំពី​សំរស់​របស់​ស្រី​ក្រមុំ​ម្នាក់​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​សីល នាង​ទៅ​បេះ​ផ្កា​ នាង​ល្អ​ដូច​ផ្កា​កំពុង​រីក នាង​ក្រអូប​ដូច​ផ្កា​។ នាង​ថ្វាយ​បង្គំ​ព្រះ​ ដៃ​នាង​ប្រណម្យ​ ជីវិត​នាង​រស់​តែ​ក្នុង​ធម៌​ ក្នុង​មេត្ដា​ក្នុង​កុសល​។ នាង​មាន​សំដី​ផ្អែម​ពីរោះ​ ពុំ​ដែល​ចេះ​ខឹង​រហូត​ដល់​ទៅ​ជេរ​ស្ដី​អ្នក​ណា​ឡើយ​។ កំរង​រឿង​ដ៏​វែង​អន្លាយ​នេះ​ គឺ​ពិត​ជា​អ្នក​និពន្ធ​បាន​សរ​សេរ​ឡើង​ដោយ​ទឹក​ចិត្ដ​ពិត​ៗ ហើយ​ស្មោះ​ស​ជា​ទីបំ​ផុត​។ ទឹក​ចិត្ដ​ស្នេហា​ជាតិ មាតុ​ភូមិ​មាន​​យ៉ាង​ណា​របស់​អ្នក​និពន្ធ​នោះ គឺ​ជា​សាច់​នៃ​រឿង «មហា​ចោរ​នៅ​ទល់​ដែន​» នេះ​អែង​។

លោក​សាង​ សាវាត​ បាន​បន្សល់​ទុក​នូវ​ស្នា​ដៃ​ដ៏​អស្ចារ្យ​នេះ ដែល​សរ​សេរ​ឡើង​តាំង​ពី​ឆ្នាំ ១៩៥៥ ហើយ​រូប​លោក​បានរលត់​បាត់​សូន​ឈឹង​តាំង​ពី​១៩​៦០​ នៅ​ខេត្ដ​បាត់​ដំបង​។ ការ​រលត់​បាត់​សូន​ឈឹង នៃ​លោក​សាង សាវាត​ពី​ភព​ផែន​ដីនេះ​វា​មិន​មាន​ភាព​ល្បី​រន្ទឺ​លឺ​ខ្ចរ​ខ្ចាយ​ប៉ុន្មាន​ទេ ប៉ុន្ដែ​ខ្ញុំ​សូម​អោយ​ប្រិយ​មិត្ដ​អ្នក​អាន​ធ្វើ​ការ​វិភាគ​ល​មើល​ថា តើ​ម៉េច​ក៏​លោក​សាង សា វាត​បាត់​ពី​លោក​នេះ​ទៅ ​?​។

ក្នុង​ទំព័រ​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ​ អាចារ្យ​ស្វា ពោ​កំ​បោរ ក្រលា​ហោម​គង់ ដែល​ចេញ​មុខ​ដឹក​នាំ​អោយ​ប្រជា​រាស្រ្ដ​បះ​បោរ​នឹង​អ្នក​កាន់​អំណាច​ ត្រូវ​គេ​ចោទ​ប្រកាន់​ថា ជា​ក្រុម​ចោរ​ព្រៃ ប្លន់​ប្រជា​រាស្រ្ដ បង្ក​នូវ​អសន្ដិ​សុខ​ជាតិ​ទៅ​វិញ​។ យ៉ាង​ណា​មិញ​មហា​ចោរ​នៅ​ទល់​ដែន​ក៏​ដូច​នោះ​ដែរ មហា​ចោរ​ឈ្មោះ​មានន្ទ​ដែល​ខែង​រែង​ណាស់ ស្រលាញ់​ជាតិ​ខ្មែរ​ណាស់ ដាស់​ទឹក​ចិត្ដ​ខ្មែរ​ អោយ​ចេះ​ភ្ញាក់​រលឹក​ រៀប​ចំ​បដិ​វត្ដ​រំដោះ​ជាតិ​ អោយ​ផុត​ពី​ភាព​ខ្ញុំគេ​។ នេះ​ជា​រឿង​ចាស់​។

អែ​រឿង​ថ្មី​ៗ​នៃ​ការ​ស្លាប់​របស់​អិស្សរ​ជន​នយោ​បាយ​ប្រ​ឆាំង​ខ្លះ​ៗ​ទៀត វា​គឺ​ជា​ការ​បង្ហាញ​នូវ​ភាព​ឃោរ​ឃៅ​នៃ​អ្នក​កាន់​អំណាច​សម័យ​នោះ​ដ៏​មហា​ព្រៃ​ផ្សៃ​ក្រៃ​លែង​។ ខ្ញុំ​បាន​អាន​អែក​សារ​អត្ថ​បទ​មួយ​ចំនួន ដែលសរសេរ​ទាក់​ទង​នឹង​ភាព​កាប់​សំលាប​កាច​សាហាវ​នៃមនុស្ស​ខ្មែរ​យើង ដែល​ពុំសក្ដិសម​ជាអ្នក​កាន់​ព្រះពុទ្ធ​សាសនា​ទល់​តែ​សោះ​តែ​ម្ដង​៖

ខែ​កុម្ភ ១៩៥៩​ ការ​សំលាប់​ដាប ឈួន​ដោយ​គ្មាន​ជំនុំ​ជំរះ​ ហើយ​ត្រូវ​គេ​ចង​អូស​ខ្មោច​តាម​កន្ទុយ​ឡាន​កាម្ញុង​ទាហាន​ ទៅ​គ្រប់​ទី​កន្លែង​ដូច​ខ្មោច​ឆ្កែ​។ ភាព​ឃោរ​ឃៅ​កាច​សាហាវ​យង់​ឃ្នង​នេះ បាន​កាច់​បំបាក់​ស្មារ​តី​ហ្វូង​ជុំ​ជន​ផង​ទាំង​ឡាយ​អោយ​ញាក់​សាច់​គ្រប់​គ្នា​។ នៅ​ពេល​ចប់​សមាជ​ជាតិ​ នៅ​ឆ្នាំ​១៩៦៥​ អ្នក​កាន់​អំណាច​ បាន​ល្បួង​ចាប់​ព្រាប​អ៊ិន​ដាក់​ទ្រុង​ដែក​ដឹក​កាត់​តាម​មុខ​វាំង​ ដ៏​មាន​ហ្វូង​ជុំ​ជន​ជា​ច្រើន​ រត់​តាម​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជន​ជាប់​ទ្រុង​នោះ ទាំង​ស្រែក​ជេរ​ប្រទេច​ថា​ជា «ជន​ក្បត់​ជាតិ​» យ៉ាង​គិក​កង​រំពង​តាម​ផ្លូវ​។ ការ​បាញ់​សំលាប់​ព្រាប​ អ៊ិន និង​ ខ្មែរ​សេរី​មួយ​ចំនួន​ទៀត​នៅ​ត្រពាំង​ក្រលឹង​ គឺ​ជា​ការ​បង្ហាញ​នូវ​ភាព​កាច​សាវ​ហាវ​នៃ​ការ​សំលាប់​មនុស្ស​បំបាក់​ស្មារ​តី ប្រ​ជា​រាស្រ្ដ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​មិន​អោយ​ងើប​ក្បាល​​រួច គឺ​ថា​ត្រូវ​តែ​អោន​ចុះ​ក្រោម​ល្អង​ធូលី​ព្រះ​បាទ​ជា​និច្ច​។ លោក​អ្នក​អាន​​ចាស់​ៗ​ខ្លះ​គង់​ជ្រាប ហើយ​ចំពោះ​ប្អូន​ៗ​ក្មេង​ៗ បើ​មាន​ចាស់​ៗ​នៅ​ក្បែរ​សូម​អោយ​សួរ​គាត់​ផង​ចុះ ព្រោះ​ថា​៖ កាល​ណា​មាន​ការ​បាញ់​ប្រហារ​ម្ដង​ៗ ថ្នាក់​ដឹក​នាំ​សម័យ​នោះ​បញ្ជា​អោយ​ក្រសួង​ឃោសនា​ការ ទៅ​ថត​គ្រប់​ជ្រុង​ជ្រោយ រួច​ហើយ​យក​ទៅ​ចាក់​ផ្សាយ​នៅ​លើ​គ្រប់​ផ្ទាំង​សំពត់​ស​គ្រប់​រោង​កុន  មុន​បញ្ចាំង​សាច់​រឿង​ទាំង​នៅ​ក្នុង​ទី​ក្រុង​រហូត​ដល់​ចុង​កាត់​មាត់​ញក ពី​ឆ្នាំ​ ១៩៦៥ ដល់ ១៩៦៧​។

ក្នុង​នេះ​យើង​លឺ​សំរែក​ស្រែក​ជេរ ជា​បទ​ចំរៀង​រេ​រាំ ក្រោម​សំ​ណើច​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ក្អាក​ក្អាយ​របស់​មេ​ដឹក​នាំ​ដែល​បញ្ជា​អោយ​គេ​រៀប​ចំ​កិច្ច​ការ​នេះ វា​មិន​ខុស​គ្នា នឹង សត្វ​ខ្លែង​ស្រាក​ស្រែក​នៅ​ពេល​ដែល​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​ភូមិ​នោះ​ទេ វា​គឺ​ជា​ការ​ចាក់​ផ្សាយ​ដ៏​ជាក់​ស្ដែង​មួយ នៃ​ការ​សំលាប់​មនុស្ស​ដើម្បី​បំរើ​នូវ​សេច​ក្ដី​ត្រូវ​ការ​នៃ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ នៅ​ក្នុង​ខ្សែ​ហ្វីល យើង​ឃើញ​ទឹក​មុខ​មាំ​របស់​ព្រាប អ៊ិន​ បញ្ញ​វន្ដ​ក្មេង​ម្នាក់​អាយុ​ប្រមាណ ​៣០​ឆ្នាំ​ចំពោះ​មុខ​សេច​ក្ដី​ស្លាប់ ឃើញ​ទឹក​មុខ​ស្លេក​ស្លក់​ភ័យ​តក់​ស្លុត​របស់​ចៅ បុរី ឃើញ​ភាព​ញញឹម​ញញែម​បឺត​បង្ហុយ​ផ្សែង​បារី​យ៉ាង​រំភើយ​របស់​លោក សៅ ង៉ូយ​ជា​ដើម​។

ការ​បាញ់​ប្រហារ​គេ​ចង​ខ្មែរ ដែល​គេ​ចោទ​ថា សេរី​ខៀវ​ ផ្អោប​ជាប់​បង្កូល​មួយ​នៅ​ត្រពាំង​ក្រលឹង​ គេ​ចង​មុខ​នឹង​សំពត់​ខ្មៅ​មួយ​ដុំ ពេជ​ឃាត​ប្រាំ​ពីរ​ប្រាំបី​នាក់ ឈរ​បាញ់​ពី​ក្រោយ​ខ្នង​ធ្លុះ​ធ្លាយ​សព្វ​សាច់​ជន​រង​គ្រោះ​ទន់​ខ្លួន​លុត​ជង្គង​ចុះ ក្បាល​ឈ្ងោ ក​ទៅ​ក្រោម​។ ចំពោះ​ខ្ញុំ​កាល​នោះ​ ខ្ញុំ​ជា​ក្មេង​វត្ដ​ម្នាក់​ ខ្វះ​សេច​ក្ដី​ចេះ​ដឹង ខ្វះ​សេ​ច​ក្ដី​ក្លា​ហាន គ្រប់​បែប​យ៉ាង​ញាក់​សាច់​ខ្លាច​បាក់​បប​ ដូច​ជា​សត្វ​ម្រិក្ស​នៅ​ក្នុង​ក្រចក​សិង្ហ​ដូច្នោះ​ដែរ​។ គិត​សព្វ​ៗ​ទៅ​ ពួក​បញ្ញ​វន្ដ​ខ្មែរ សេរី ខៀវ អស់​នេះ​មិន​បាន​ប្រ​ព្រឹត្ដ​កំហុស​អ្វី​សោះ ម៉្លោះ​ហើយ​ខ្ញុំ​មើល​ឃើញ​ជាក់​ច្បាស់​ថា សេច​ក្ដី​ស្លាប់​វា​ស្ថិត​នៅ​ចុង​ប៉ាការ​ ចុង​ម្រាម​ដៃ ចុងអណ្ដាត​​របស់​​ខ្ញុំ​នេះ​អែង​។ កំលាច​នេះ​ វា​ដុត​កំលោច​ដួង​ចិត្ដ​របស់​ខ្ញុំ​អោច​ឆេះ​ខ្ទេច រួច​បោះ​ចូល​ទៅ​ក្នុង​អន្ដូង​កំលៅ​ អោយ​មាន​គំលាត​ចាក​ ភាព​កំលា​ហាន​អស់​រលីង​តែម្ដង​។

ក្នុង​រឿង​កាប់​សំលាប់​គ្នា​ដោយ​ចោទ​ថា «ក្បត់​ជាតិ »នេះ​ចេះ​តែ​មាន​ការ​រីក​ធំ​ទៅ​ៗ ជា​លំ​ដាប់​រហូត​ដល់​មាន​ការ​កាប់​សំលាប់​ប្រជាន​ជន​ខ្មែរ​ទូ​ទាំង​ប្រទេស​តែម្ដង តើ​នរណា​សំលាប់​ខ្មែរ​អស់​ជិត​បីលាន​ ពីឆ្នាំ១៩៧៥ -៧៩៖

ពាក់​កណ្ដាល​ខែ​មេសា​ ឆ្នាំ​១៩៧៥ មាន​ព្រឹត្ដិ​ការណ៍​ដ៏​ក្រលាប់​ចាក់​មួយ​កើត​ឡើង ប្រ​ទេស​កម្ពុ​ជា​ដែល​ស្ថិត​ក្នុង​សង្គ្រាម​ អស់​រយ​កាល​៥​ឆ្នាំ​មក​ហើយ ដោយ​អំពើ​ក្បត់​នៃ​មេ​ដឹក​នាំ​ក្បាល​រឹង ដែល​ឈ្លក់​ស្រ​វឹង​នឹង​តណ្ហា កុន ល្ខោន វង្វេង​វង្វាន់ រត់​​ទៅ​ចូល​ដៃ​ជា​មួយ​ពួក​យៀក​កុង​យួន​ ប្រកាស​អោយ​រាស្រ្ដ​ខ្មែ​រ​ចូល​ព្រៃ​មគ្គី​ ធ្វើ​សង្គ្រាម​កាប់​ចាក់​គ្នា​ដើម្បី​យក​អំណាច​មក​ថ្វាយព្រះ​អង្គ​​វិញ​ ប្រ​ទេស​កម្ពុ​ជា​ក៏​ធ្លាក់​ក្លាយ​ទៅ​ជា​ស្ថាន​ប្រេត ស្ថាន​នរក​អសុរ​កាយ​តែ​ម្ដង​។

កាល​នោះ​ក្រុម​សំងាត់​មួយ​ជា​អ្នក​ឈ្នះ​សង្គ្រាម​ ដោយ​ប្រើ​ឈ្មោះ​ថា​ អង្គការ​។ ឈ្នះ​ភ្លាម​អង្គ​ការ​ចាប់​ផ្ដើម សំលាប់​បញ្ញ​វន្ដ ទាហាន​ រាជ​ការ ព្រះ​សង្ឃ​ជា​ដើម ហើយ​លើក​បន្ដុប​ក្រុម​ចោរ​សិន​។ ក្រុម​ចោរ​នេះ​ប្រសិទ្ធិ​នាម​អោយ​ឈ្មោះ​ថា ខ្មែរ​ក្រហម​ ខ្មែរ​ក្រហម​ចោរ​នេះ​ដើរ​ប្លន់​ បាញ់​សំលាប់​ខ្មែរ​ដោយ​សេរី​ វា​កែ​ទំរង់​ពាក្យ​ប្លន់ ជា​ពាក្យ​សុំ​ស្នើ​វិញ ប៉ុន្ដែ​ពាក្យ ស្នើ​នេះ​សាហាវ​ជាង​សាហាវ​ ជាង​ពាក្យ​ប្លន់​ទៅ​ទៀត ព្រោះ​រដ្ឋ​ធម្ម​នុញ្ញ​របស់​អង្គ​ការ​ គឺ​ការ​ពារ​ចោរ​ដើរ​ស្នើ .. បើ​ម្ចាស់​ទ្រព្យ​មិន​ព្រម​អោយ ចោរ​ធុន​នេះ​អាច​សំលាប់​ម្ចាស់​ទ្រព្យ​ចោល​បាន​ដោយ​សេរី ហើយ​វា​ចោទ​ថា «ក្បត់​អង្គការ​»​។

អង្គ​ការ​ដេញ​ប្រជា​ពល​រដ្ឋ​ទាំង​នគរ​អោយ​ចាក​ចេញ​ពី​លំ​នៅ​ស្ថាន​ ឆ្នៃ​ប្រ​ឌិត​ទី​ក្រុង​ភ្នំពេញ និង​ទី​ក្រុង​នានា​អោយ​ក្លាយ​ទៅ​ជា​ទី​ក្រុង​ខ្មោច​។ នៅ​ទី​វាល​ស្រែ ចំការ ព្រៃ​ភ្នំ​ក្រម​ថ្ម ​អង្គការ​ចាត់​ការ​ធ្វើ​ទា​រុណ​កម្ម​ប្រជា​រាស្រ្ដ​ខ្មែរ​គ្រប់​បែប​យ៉ាង គឺ​ធ្វើ​យ៉ាង​ណា​អោយ​តែ​ដល់​សេច​ក្ដី​ស្លាប់ រួច​វា​ចាត់​តាំង​ក្រុម​ឃាត​ករ​អាថ៌​កំបាំង​ អោយ​មក​សំលាប់​ខ្មែរ​ជា​ដំណាក់​ៗ​។

មើល​ចុះ​ប្រជា​រាស្រ្ដ​ខ្មែរ​ដែល​មិន​ទាន់​ដល់​វេន​ស្លាប់ កំពុង​ធ្វើ​ការ​យ៉ាង​ទំងន់ ហាល​ក្ដៅ ភ្លៀង ខ្យល់ ស្ទើរ​ឆ្កួត​វង្វេង​ ឈប់​ចេះ​និយាយ​ឈប់​ចេះ​សើច​ឈប់​ចេះ​យំ​។ ស្រាប់​តែ​លឺ​ថា អង្គ​ការ​បញ្ជា​អោយ​ដក​អាវុធ​ពី​ក្រុម​ខ្មែរ​ក្រហម​ចោរ នេះ​អស់​រលីង​ហើយ​នៅ​ចុង​ឆ្នាំ​ ១៩​៧៨​ មាន​ក្រុម​ឃាត​ក​រ​អាថ៌​កំបាំង​ ចូល​វាយ​សំលាប់​ក្រុម​ខ្មែរ​អតីត​ចោរ​ស្លាប់​ចោល​ខ្មោច​ពាស​ពេញ​ព្រៃ​។ ស្រាប់​តែ​លឺ​ថា អង្គ​ការ​បញ្ជា​អោយ​ចាប់​កម្មា​ភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ដែល​មាន​និន្នា​ការ​ខ្មែរ​ទាំង​គ្រួសារ​ៗ មាន​ គ្រួសារ​មិត្ដ ហូ នឹម គ្រួសារ​មិត្ដ​ស៊ូ គ្រួសារ​មិត្ដ វ៉ន​ វ៉េត​ កែវ​ មាស ជា​ដើម ទៅ​បញ្ចូល​ក្នុង​គុក​ទួល​ស្លែង ធ្វើ​ទារុណ​កម្ម​ជា​ច្រើន​ខែ រួច​សំលាប់​ចោល​នៅ​ទីនោះ​ទៅ​។

  លុះ​សំលាប់​ខ្មែរ​ក្រហម​និន្នា​ការ​ខ្មែ​ជិត​អស់ អ្នក​នៅ​សល់​បន្ដិច​បន្ដួច​រត់​រប៉ាត់​រប៉ាយ​អស់ ពេល​នោះ​អង្គការ​តែង​តាំង​អតីត​ខ្មែរ​ក្រុម​ទី​២ អោយ​សំលាប់​បំបាត់​ពូជ​ខ្មែរ​ទៀត វា​ប្រើ​យី​ហោ​ខ្មែរ​ក្រហម​ដដែល ប្រកាស​តាំង​ខ្លួន​ជា​តំណាង​អង្គការ​ គឺ​ «ក្រុម​ខ្មែរ​ក្រហម​នីរតី»​។ នៅ​ខែ​ចុង​ខែ​ធ្នូ ១៩៧៨ លឺ​ថា ក្រុម​យោធា​ខ្មែរ​ក្រហម​ជាង​បួន​ម៉ីន​នាក់ ចូល​អន្ទាក់​ខ្សែ​ត្រៀម​ពួក​បូដូយ​ ត្រូវ​ពួក​បូដូយ​បាញ់​សំលាប់​ខ្ទេច​អស់ ដូច្នេះ​នៅ​ចុង​ខែ​ធ្នូ ១៩៧៨ ប្រទេស​កម្ពុ​ជា​ចំហ​ធ្លុង​យួន​ហាន​ណូយ​បញ្ជា​អោយ​បូដូយ​ដើរ​ចេញ​ពី​ព្រៃ​រាត​ត្បាត​ពេញ​ទី​ក្រុង​ខ្មែរ​តែ​ម្ដង​។

ជិត​កន្លះ​សតវត្ស​កន្លង​ទៅ​ ឆ្នាំ​២០០៥ ស្រាប់​តែ​លិច​លឺ​ថា តុលាការ​វិសា​មញ្ញា​ដើម្បី​កាត់​ទោស​ខ្មែរ​ក្រហម​បាន​កើត​ឡើង​នឹង​ត្រូវ​ចំណាយ​ប្រាក់​រហូត ៥៦​លាន​ដុល្លា​អែ​ណោះ​។ ស្ដាប់​ប្រធាន​បទ​រឿង​ការ​កាត់​ទោស មេ​ក្រហម​ទៅ​ដូច​ជា​បាន​ធ្វើ​អោយ​សប្បាយ​ចិត្ដ​ជា​ខ្លាំង​ណាស់​ ព្រោះ​សង្ឃឹម ថា​ជន​ល្មើស​ពិត​ៗ ពិត​ជា​ត្រូវ​តុលា​ការ​សឹក​ផ្ដន្ទា​ទោស​ទៅ​តាម​ច្បាប់​។

គិត​សព្វ​ទៅ ​រយ​ពេល​ជិត​កន្លះ​សតវត្ស​ទៅ​ហើយ ជ​ន​រង​គ្រោះ​ទាំង​ឡាយ​ប្រ​ហែល​បាន​ទៅ​សោយ​សុខ​នៅ​អែ​ឋាន​សួគ៌​ រឺ​ ក៏​ទៅ​សោយ​សោក​ទុក្ខ​នៅ​អែ​ឋាន​នរក​រួច​មក​ហើយ​។ អ្នក​ដែល​សោយ​សុខ​អែ​ឋាន​សួគ៌​ សុខ​រហូត​លែង​ចង់​បែរ​មក​ឋាន​ក្រោម​វិញ​ទៀត​។ អែ​អ្នក​ដែល​ធ្លាក់​ទៅ​ឋាន​នរក​នោះ​វិញ វា​ក្ដៅ​សម​នឹង​ភ្លើង​នរក​នេះ​រហូត​ភ្លេច​ ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើ យ​ដែរ​។ ក្រ​លេក​មើល​មក​ស្ថាន​កណ្ដាល​ មនុស្ស​ម្នា​កំពុង​ប្រ​វេ​ប្រវា​ ដេញ​ចាប់​យ៉ាង​ប្រផិត​ប្រផើយ​ ដោយ​បង្កើត​តុលា​ការ​វិសា​មញ្ញ​មួយ ដើម្បី​ស្វែង​វែក​រក​មុខ​ឧក្រិដ្ឋ​ជន​ និង​ផ្ដល់​យុត្ដិ​ធម៌​ជូន​ជន​រង​គ្រោះ​។ ជាង​១០​ឆ្នាំ​មក​ហើយ​តុលា​នេះ​នៅ​តែ​គាំង​មិន​អាច​បោះ​ជំហាន​ទៅ​មុខ​បាន តើ​តុលា​ការ​នេះ​អែក​រាជ​ រឺ​ទេ? តើ​មក​ពី​ហេតុ​អ្វី​? តើ​មាន​អ្នក​ណា​ទេ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង តុលា​ការ​នេះ​? ចំលើយ​ស្ថិត​នៅ​ក្នុង​អាថិ​កំបាំង​ដ៏​ជ្រៅ​សែន​ជ្រៅ​របស់​មនុស្ស​ម្នាក់ រឺ​ ពីរ​នាក់​ប៉ុណ្ណោះ​។ តើ​គេ​អាច​យក​ភ្លើង​គុប មួយ​គុប​ទៅ​ដុត​កំដៅ​ទឹក​សមុទ្រ​អោយ​ពុះ​បាន​ដែរ​រឺ​ទេ ​? មើល​ទៅ​វា​ដូច​ជា​សត្វ​ក្រលីង​គ្រលោង​មួយ កំពុង​ព្យាយាម​ហើរ​ដេញ​ឆាប​ឆក់​សត្វ​អិន្រ្ទីយក្ខ​ដូច្នោះ​។

ថវិការ​ជាង រាប់​លានៗ​ ​ដុល្លារ វា​គ្រាន់​តែ​ជា​ថវិការ​សំរាប់​ចិញ្ចឹម​មន្រ្ដី​តុលា​​ការ អោយ​មាន​មុខ​មាត់ មាន​ស៊ី​មាន​ចាយ​ប៉ុណ្ណោះ​។ ម៉្លោះ​ហើយ​ការ​មិន​មាន​ទោស នៃ​ថ្នាក់​អ្នក​ដឹក​នាំ ដ៏​ឃោរ​ឃៅ​វា​ជា​ទំលាប់​រួច​ស្រេច​ទៅ​ហើយ​ ក្នុង​លទ្ធិ​អែក​​ការ​ធិប្ប​តេយ្យ​និយម​ លទ្ធិ​លុត​ក្រាប​និយម​ លិទ្ធ​ផ្ដាច់​ការ​និយម​ លិទ្ធិ​អ្នក​ធំ​ឈ្នះ​អ្នក​តូច អ្នក​មាន​អំណាច​ ឈ្នះ​អ្នក​ក្សត្រ​អំណាច​។ ការ​សំលាប់​លោក​សាង​​ សាវាត អ្នក​និពន្ធ​រឿង មហា​ចោរ​នៅ​ទល់​ដែន កាល​ពី​ឆ្នាំ ១៩៦០ យើង​អាច​យល់​បាន​យ៉ាង​ច្បាស់​ថា បញ្ញវន្ដ​រូប​នេះ​ពិត​ជា​មនុស្ស​ម្នាក់​ស្លូត​ត្រង់​ សេរី​និយម​ ក្លា​ហាន​ ដែល​ត្រូវ​គេ​ចោទ​ថា​ជា «ជន​ក្បត់​ជាតិ​» ដូច​បញ្ញ​វន្ដ សេរី​មួយ​ចំនួន​ មាន​ ព្រាប អ៊ិន, ចៅ បុរី, មធុរ៉ា ជា​ប្អូន​​ចៅ បុរី​, សៅ ង៉ូយ,ចៅ ស៊ី, ង៉ែត ងិត​ជា​ដើម ព្រោះ​ តាម​លំនាំ​ ខ្សែ​រឿង​មហា​ចោរ​នៅ​ទល់​ដែន​នេះ លោក​សាង សា​វាត បាន​ង្ហាញ​នូវ​សន្ដាន​ចិត្ដ​របស់​លោក​ប្រកប​ដោយ​មនោ​សញ្ចេត​នា ដ៏​គំហុក​ដូច​ទឹក​ហូរ​ធ្លាក់​ពី​លើ​ភ្នំ គ្រប់​ឈុត គ្រប់​ឆាក គ្រប់​វគ្គ នៃ​ការ​សន្ទនា​គ្នា​របស់​តួ​និមួយ​ៗ​ក្នុង​សាច់​រឿង មាន​ពោរ​ពេញ ទៅ​ដោយ​អត្ថ​រស អត្ថ​ន័យ ប្រកប​ដោយ​សីល​ធម៌ និង​ស្នេហា​ជាតិ​ដ៏​ជ្រាល​ជ្រៅ​។ ខ្ញុំ​សូម​លើក​យក​ការ​សន្ទនា​គ្នា​មួយ​វគ្គ ដែល​ដែល​ខ្ញុំ​ចាត់​ទុក​ថា ជា​ការ​សរ​សេរ​មួយ​យ៉ាង​ឆើត​អស្ចារ្យ​នា​ក្នុង​សម័យ​រាជា​និយម​ឆ្នាំ​១៩៥៥ ដែល​អ្នក​និពន្ធ​បាន​សរ​សេរ​រឿងនេះ​។ ពេល​គេចាប់​បាន​តួ​ព្រះ​នាង​ខត្ដិ​យា​ណី​បាន​ ទាហាន​ម្នាក់​សួរ​ដោយ​សំដី​រអើន​ថា ៖

- អ្នកណាហ្នឹង ?
ម្នាក់ទៀតលើកចង្អុលដៃឆ្លើយថា :
- គឺព្រះនាងម្ចាស់ដែលទើបតែចុះមកពីស្ថានសួគ៌ ។ អិលូវព្រះនាងសោយសម្បត្ដិអែសុរិន្ទរ៍។
- អូហ៍ ! ចុះម៉េចបានមករងទុក្ខទីនេះ?
- ហាស ! ឆ្កួតវាមានកម្ម . . .
ពាក្យបញ្ចើចបញ្ចាល ក៏មានជាហូរហែអិតស្រាកស្រាន្ដយ៉ាងអ៊ូអរ។
- ហ៎ ! ជួយទាញច្រវាក់ជើងផងវើយ !
- ហ៎ ! ដាក់អោយស្រួល កុំអោយគ្នាឈឺ
សំណើចមួយលាន់លឺគ្អឹលឡើង
- សមណាស់វើយ ! ពីដើមដាក់សុទ្ធតែមាស អីលូវបានដែកមកដាក់ហើយ
នាងមណីឡេឡាកន្ដាលហ្វូងមនុស្សដែលតិះដៀលនាង។ នាងខ្មាសយ៉ាងអស្ចារ្យ
- ហ៎ ! ហ៎ ! នាំគ្នាមើលមុខព្រះនាងដែលចុះពីម្ចាស់សួគ៌
ម្នាក់ទៀតតបថា :
- យ៉ា ! សាច់គេល្អមែន ម៉ដ្ឋដូចភ្លៅគោវើយ !
សំណើចលាន់គ្អឹលទៀត។ ម្នាក់ស្ទុះកាន់សក់នាង
- យី ! សូម្បីតែសក់គេក៏រលើបរលង់ល្អដែរ
នារីធ្វើភ្នែកឡឹងឡង់កន្ដាលចំនោមគេ។ ម្នាក់ទៀតស្ទុះភ្លែតមកគយគន់មុខនាង
- អោ ! ព្រះអើយ ! មកពីស្ថានសួគ៌ ម៉េចក៏មានភ្នែកពីរ ក្រចៀកពីរ ច្រមុះមួយ មាត់មួយ ដូចតែប្រពន្ធអញដែរ។ ហ៊ី វាខុសគ្នាត្រង់ណា?
ម្នាក់ឆ្លើយកាត់ថា
- ខុសត្រង់ប្រពន្ធអែងជាសត្វ អែគេ ៗជាមនុស្ស
- អើ ! ៗ មែន!
គេសើចគឹលឡើងទៀត
- អូ! សូមមើលធ្មេញមើលដូចយើងទេ ?
ថាហើយគេចាប់មាត់ព្រះនាងយើងច្របាច់យ៉ាងខ្លាំងអោយហារឡើង។ ទាំងអស់គ្នាក៏អើតជំទើតមើល
- ទេវើយ! ដូចតែប្រពន្ធយើងទេតើ ! អៃយ៉ា ! ដង្កូវស៊ីធ្មេញគល់ថ្គាមផង ហាសៗ មើលដង្កូវហ៊ានចូល
ទៅស៊ី​ជ្រៅ​ម៉្លេះ​? ហ៎​ម៉េច​អី​ចុះ ហ៊ីស​ៗ អែង​ខ្លាច​តែ​គេ​អ្នក​ធំ​នោះ វា​ខុស​ពី​យើង​ណាស់​ណា​ទៅ​ បាន​ជា​គេ​មើល​ងាយ​យើង​ម៉្លេះ​? ហ៊ីស​ៗ អែង​ទើប​នឹង​ដឹង វា​ដូច​តែ​គ្នា​ទេ​។

ស្នា​ដៃ​ដ៏​មាន​តំលៃ​រក​អ្វី​ប្រៀប​ពុំ​បាន ខ្ញុំ​សូម​ផ្ដល់​ជូន​ដល់​អនុជ​ និង​ជន​អ្នក​ស្នេហា​អក្សរ​សាស្រ្ដ​ខ្មែរ ដែល​ចូល​ចិត្ដ​អាន ចូល​ចិត្ដ​សរ​សេរ​ និង ស្វែង​រក​ការ​យល់​ដឹង​ក្នុង​សង្គម​ជាតិ​ ហើយ​សូម​ឧទ្ទិស​នូវ​ស្នា​ដៃ​ដ៏​ពិសិដ្ឋ​ ជូន​អ្នក​និពន្ធ​ដើម គឺ​លោក សាង សាវាត សូម​អោយ​លោក​ស្ថិត​ក្នុង​សុខ​គតិ​ភព ហើយ​សូម​អោយ​គំនិត​ការ​ត្រួស​ត្រាយ​របស់​លោក​ ស្ថិត​នៅ​ជា​អាទិទេព​អមត​ក្នុង​វិស័យ​អក្សរ​សាស្រ្ដ​ជាតិ​ជា​និច្ច សូម​ប្រជា​ជន​ខ្មែរ និង​ប្រជា​ជន​នៅ​លើ​ពិលោក​បាន​ទទួល​នូវ​ភាព​យុត្ដិ​ធម៌​គ្រប់​ៗ​គ្នា​ត​រៀង​ទៅ​។