៤. បទភុជង្គលីលា
ថ្ងៃសៅរ៍ ទី11.កក្កដា 2020.ម៉ោង 12:34
ព្រះឥន្ទ្រទេវិន្ទធិបតី(១) ន់គិតពិតពី ចារណាយង់យល់។
ទេវីស្រីស្រល់និម៌ល គាប់គូដំកល់ ឲ្យជាភរិយា។
ភោគកុលនិម៌លកុមារ ជាគូផងគ្នា កុំឲ្យឃ្លៀងឃ្លាត។
គិតស្រេចសម្ដេចនរនាថ(២) ចេញចាកប្រាសាទ សួគ៌ត្រៃត្រឹស្សា។
ហោះដល់មណ្ឌលសីមា សត្ដកុដរាជមហា នគររម្យរ័ត្ន។
ព្រះសូរបន្ទូលទៅថ្វាត់ ថាហៃមហាក្សត្រ សត្ដកុដរាជា។
យើងមករួសរកប្រាថ្នា សូមរាជធីតា បុត្រមហេសីធំ។
យើងនឹងយកទៅផ្សែផ្សំ នឹងប្រុសឧត្ដម មួយមានចេស្ដា។
ជាគូនែបនិត្យស្នេហា អ្នកនឹងបានជា ក្សត្រថ្លៃថ្កើងថ្កាន។
សោយរាជអំណាចចៅហាន  គ្រប់គ្រងពារា- ណសីនគរ។
ទើបមហាក្សត្រាបវរ សោមនស្សសាទរ ទៀងទូលទៅថា។
សក្កោទេវោរាជា ទ្រង់ព្រះប្រាថ្នា ចង់បានបុត្រី។
យកទៅលំនៅទូរទី(៣) ឲ្យមានស្វាមី ខ្ញុំសោតព្រមថ្វាយ។
ព្រះឥន្ទ្រទេវិន្ទពណ្ណរាយ(៤) សោមន្សាសាយ ត្រេកអរពេកពន់ក្ដាត់។
ទៅពបីយកស្រីរ័ត្ន នានាំហោះថ្វាត់ ទៅទីចម្ការ។
ដល់ស្រេចទើបស្ដេចកាឡា និម្មិតកើតជា ថង់ស្បែកមួយធំ។
ប្រមាណថង់មានទំហំ ប៉ុនផ្លែឃ្លោកធំ មូលដូចស៊ុតមាន់។
ដាក់ទ្រព្យសម្រាប់គ្រប់គ្រាន់ គ្រឿងទិព្វសុវណ្ណ ភោជនាហារ។
ទើបផ្ដាំថែទាំកិច្ចការ ថាហៃកញ្ញា រ័ត្នរាជបុត្រី។
ចិន្ដាប្រាថ្នាអ្វីៗ ចូរយកអំពី ក្នុងថង់នេះបាន។
ដូចចិត្ដគន់គិតរិះធ្យាន(៥) បរិបូណ៌ពុំខាន បានដូចប្រាថ្នា។
ស្ដេចដាក់វរល័ក្ខណ៍ធីតា ក្នុងថង់ថ្លៃថ្លា ហើយអធិដ្ឋាន។
ឲ្យតែសត្វឆ្កែតិរច្ឆាន មកព្រុសឲ្យបាន ដឹងដល់កុមារ។
ផ្សងស្រេចសម្ដេចឥន្ទ្រា សេ្ដចហោះលីលា ឆ្ពោះទៅសួគ៌ឋាន។

(1).កំពូលជាធំលើសលែងទេវតា គឺស្ដេចនៃទេវតា។ (2) នរនាថ=ជាទីពឹងនៃជន។ (3). ទូរទី=ទីឆ្ងាយ ស្រុកឆ្ងាយ។ (4). ពណ្ណរាយ= រាយពណ៌ ឆ្លាសច្រើនពណ៌។ (5). រិះធ្យាន= រិះរេ គន់គិត។