ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
****************************************
១០. បទព្រហ្មគីត
ថ្ងៃសៅរ៍ ទី29.សីហា 2020.ម៉ោង 9:24
កាលនោះពោធិសត្វ | បុរសរត្នថ្លៃសោភា | សីហនាទយាងយាត្រា | ត្រាច់ដើរតាមស្ដេចត្មាតនោះ។ |
ចូលក្នុងព្រៃព្រឹក្សា | ដោយបព្វតាជ្រុងជ្រោយជ្រោះ | លុះលេចដល់របោះ(1) | យល់សព្វសត្វនៅដោយវាល។ |
រមាំងៗរមៀង | មើលកាល់កៀងគូត្រអាល | ឆីស្មៅនៅកណ្ដាល | វាលរបោះរបបគ្នា។ |
រមាសៗដើរ | ដើរមៀងមើលរកបន្លា | បរិភោគឈររេរា | ឈប់ដោយម្លប់ព្រៃដង្គុំ។ |
ដំរីៗស្រប់ | ស្រប់ក្រោមម្លុប់ដើមឳជុំ | បេះបោចរោចវល្លិនំ | ដំរីបានបរិភោក្ដា។ |
ក្របីៗព្រៃ | រករំពៃកៀងគូវា | ថ្ងួចថ្ងររកភោក្ដា | ត្រួយក្របាសក្របៅថ្មី។ |
ទន្សាយៗសឹង | ពាក់ពួនពឹងរកចំណី | ប្របិចត្រួយស្មៅខ្ខី | ជ្រកក្រោមម្លប់ៗទន្សែ។ |
ទន្សោងៗសោត | ដើរលេងលោតប្រឹងប្រាណប្រែ | ឆីស្មៅល្បាស់បានបែរ | ទៅឈរឈប់ម្លប់ទន្សារ។ |
ឆ្កែព្រៃៗព្រើស | ដេញចោមប្រើសនៅកណ្ដាល | ខាំឆីជាអាហារ | ហើយទៅឈប់ម្លប់ឆ្កែស្រែង។ |
គោព្រៃៗព្រោះ | ដើរចន្លោះដោយវាលវែង | ឆីស្មៅហើយលោតលេង | នៅក្រោមម្លប់ៗគោមួយ។ |
ចចកៗនៅ | ដើមចចៅឈររងួយ | ជ្រូកព្រុលៗព្រួយ | ឈ្មុសឆីមើមក្រវាញជ្រូក។ |
ខ្លាំធំៗក្រាប | ក្រាបស្រពាបនៅដំបូក | គយឃ្លាំចាំចាប់ជ្រូក | ផ្ទាប់ខាងដើមៗដៃខ្លា។ |
ក្ដាន់គាងៗកៀង | គូមិត្រមៀងរកភោក្ដា | អណ្ដាប់អណ្ដោយគ្នា | ឈប់នៅម្លប់ៗដើមក្ដុល។ |
ស្វាព្រាមៗព្រៃ | ភ្នែករំពៃរកភ័ស្ដុផល | ដណ្ដើមគ្នារចល់ | ឆីផ្លែស្វាយៗមេងព្រួល។ |
ព្រះពោធិសត្វយល់ | សត្វសែនសល់អន់អាក់អួល | ឱរារឹងរំជួល | គិតទៅដល់វរជាយា(2)។ |
ថាឱប្អូនរូរ័ត្ន | អស់សព្វសត្វកៀងគូវា | ដណ្ដើមរកភោក្ដា | ទន្ទឹមទាំងគូឈ្មោលញី។ |
ម្ដេឡើយតែបងបង់ | ប្អូនវរវង្សពេញពិសី | ឃ្លាឃ្លាតទៅទូរទី | មិនមូលមិត្ដដូចសព្វសត្វ។ |
ទួញភ្លាងយាងយាត្រា | ក្នុងព្រឹក្សាសូន្យស្ងប់ស្ងាត់ | ប្រាំពីរយោជន៍ទៀងទាត់ | លុះព្រលប់ព្រះសុរិយា។ |
ចរចូលឈប់សម្រាន្ដ | នៅក្រោមឋានម្លប់ព្រឹក្សា | ឯត្មាតនោះធ្វើជា | មរណ៍ក្សីណក្ស័យជីពជន្មជាតិ។ |
ព្រះពោធិនិម៌ល | មៀងឃើញយល់នូវស្ដេចត្មាត | ក្សីណក្ស័យសាកសាត | អ្នករឹងព្រួយព្រះចិន្ដា។ |
ទួញទ្រង់ព្រះកន្សែង | ពិលាបថ្លែងទំនួញថា | ឱប្អូនពៅពុំងា | បាបអ្វីបងឲ្យអភ័ព្វ។ |
សង្ឃឹមត្មាតបក្សា | នាំយាត្រាត្រាច់ឲ្យឆាប់ | ឥឡូវត្មាតមិញស្លាប់ | សូន្យអសារអសោចិ៍សល់។ |
ឱកម្មវិបាកបង | តែងឲ្យរងៗទុក្ខទល់ | ឯកអង្គឯកអំពល់ | អំពីព្រាត់ប្រាសប្អូនភ្ងា។ |
ឱអង្គអញឯកោ | អនាថោក្នុងអធ្វា | ឥតអង្គអ្នកឯណា | មួយគ្រាន់ពឹងគ្រាន់អាស្រ័យ។ |
មានតែគុណព្រះពុទ្ធ | ជាតិជាមកុដទាំងភពត្រៃ | នូវគុណព្រះធម៌ថ្លៃ | នូវគុណព្រះអរិយសង្ឃ។ |
ជៀងជួយជាទីពឹង | ជាពំនឹងពំនាក់អង្គ | ទើបអ្នកលើកករផ្ចង់ | ដាក់លើសិរសីសូត្រថា។ |
ពុទ្ធោមេនាថា(3) | ឧត្ដមោមង្គលា(4) | ធម្មោមេនាថា(5) | សរណំមង្គលំ(6)។ |
សង្ឃោមេនាថោ(3) | វរោបុញ្ញក្ដេត្ដំ(7) | សព្វទុក្ខភយំ | រោគាវិនាសន្ដី(8)។ |
ពោធិសត្វភាវនា | ព្រះធម្មាលុះយាមបី | អ្នកនិទ្រានៅដី | លក់លុះស្រាងសុរិយា។ |
ទើបទេវបុត្រមួយប្រាណ | ជាសន្ដានញាតិពង្សា | និម្មិតប្រែអាត្មា | ជាក្អែកមួយហើរមកដល់។ |
ពោលពាក្យស្រដីថា | ហៃអ្នកមាណពនិម៌ល | ខ្មោចត្មាតនេះនៅសល់ | ខ្ញុំសុំបរិភោគសោះឃ្លាន។ |
ព្រះពោធិសត្វឆ្លើយ | ថាក្អែកអើយបើអ្នកមាន | ប្រាថ្នាចិត្ដចង់បាន | បរិភោគខ្មោចត្មាតនោះមិញ។ |
យើងព្រមឲ្យអ្នកឆី | ជាចំណីមិញកុំម្នេញ | ហើយអ្នកជួយនាំអញ | ឲ្យដល់សត្ដកុដបុរី។ |
ក្អែស្ដាប់ហើយហើរភ្លាង | ទៅទំខាងត្មាតបក្សី | បំបាំងធ្វើជាឆី | ស្រេចនាំគ្នាចរយាត្រា។ |
ចូលក្នុងព្រៃស្រោងស្រាង | សឹងរអាងថ្មសិលា | មានទឹកជ្រោះរងថ្លា | ដោយមាគ៌ារៀងរៀបទៅ។ |
អ្នកឈប់ខាងគង្គា | ហើយយាត្រាត្រាច់សំដៅ | ចរចូលក្នុងព្រៃជ្រៅ | យល់សុទ្ធសឹងសត្វបក្សា។ |
កៀងគូទាំងឈ្មោលញី | ហើរកស៊ីភ័ស្ដុផលា | បណ្ដើរបង្ហែគ្នា | ទំដោយដើមព្រឹក្សាសោត។ |
ម៉ាក់ដោកប៉ោលតោកទំ | ទំហើរយំហើរលេងលោត | កង្កាញ់កេសកែវកោដ្ឋ | សត្វកង្កោញកងកេងទំ។ |
ភ្នែកព្រាបៗព្រៃ | ទៅរកទំនៅទ្រនំ | សេកយាៗយំ | ហើរទៅទំដើមត្រសេក។ |
ឳជ្រឹងជ្រឹងសំណាក់ | ពួនពឹងពាក់ជាដំណេក | ជើងចាបចាបព្រៃដេក | ដើមក្រសាំងក្រសារនៅ។ |
ចេកទំៗទេស | ដើមការកេសកង្កត់ខ្មៅ | ទន្ទេងទន្ទាបទៅ | ទំចឹកចាប់ភ័ស្ដុភោក្ដា។ |
ទៀនទឹកជើងទៀនទំ | ទំហើយយំរកគូវា | ពព្លាក់ទំពព្លា | ដើមនាងនួននាងនួននៅ។ |
សសេះៗសោត | ទំលេងលោតហើយហើរទៅ | ចរចាតចាបចចៅ | ដើមមហាហង្សហង្សនៅនិត្យ។ |
ឆ្នាស់មាន់មានទឹកទៅ | ទាំងគូនៅទំមូលមិត្ដ | ជើងគោស្ដេចគោលិត | ទៅទំនៅនៅរុក្ខា។ |
ឳឡោកឳឡលោត | ខ្ញៀវខ្ញារសោតរកភោក្ដា | ស្មែស្មាច់ស្មោញរេរា | ទំសំកុកសំកាំងស្លាប។ |
ដៃខ្លាសត្វទ្រមាក់- | ខ្លាសំណាក់ក្រួញក្រុងក្រាប | ស្ទាំងស្ទុះផ្លោះទន្ទាប | ទន្ទាញទៅទំទន្លា។ |
ក្លែងគង់ខ្លែងស្រាកស្រែក | ទំលើមែករកគូវា | ដើមប្រពេចចង្វា | សត្វប្រពេចទំលោតលេង។ |
អាអូតៗទំ | ដើមទ្រនំអាអូតឯង | កុកក្រកកុកគ្រោងគ្រែង | ទំដើមទ្រាំងដើមគ្រើលគ្រង់។ |
បង្គៅបង្គាវដេក | ជាដំណេកនៅចំចុង | ទៀបទ្រៀវទាសទន្ទុង | ទុងទោមទៀវទំសម្រាន្ដ។ |
ក្រក្រាយក្រូចក្រួចគ្រៀល | ទំសសៀរសសិតប្រាណ | ដើមមនដើមមៀនមាន | សត្វមៀមមុំទំនិត្យនៅ។ |
ព្រវាកព្រវែកទំ | ទាំងគូយំហើយហើរទៅ | ចាបចៀបក្របាសនៅ | ដើមក្របៅក្របាសព្រៃ។ |
ចង្អួរៗត្មាត | ត្មាតទំព្រាតគយរំពៃ | រួសរាក់រោគរាំងរៃ | រៃកណ្ដឹងកណ្ដូបយំ។ |
រំចេកនៅរំចាក | ចាកក្រពាកចាប់ទ្រនំ | សិរមាន់មាន់ទោទំ | ដើមថ្នាំចិនចិនលោនៅ។ |
ព្រះពង្សពោធិសត្វ | ត្រាច់ដើរកាត់ក្នុងព្រៃជ្រៅ | សព្វសត្វនែបនៅ | នៅដោយកនដោយគូវា។ |
រឹងអួលរឹងអាឡោះ | គិតស្រណោះដល់ជយា | ថាឱអស់បក្សា | បក្សីសឹងពុំព្រាត់ប្រាស់។ |
ទំទឹមទឹមទាំងគូ | ម្ដេចឥឡូវតែប្អូនមាស | ឃ្លាឃ្លាតទៅនិរាស | បោះបង់បងបាត់ពុំយល់។ |
អ្នកគន់ៗគិតទៅ | ព្រះប្អូនពៅថ្លើមនិម៌ល | ជោរជ្រាបអស្សុជល | ស្រក់សស្រាក់ដោយមាគ៌ា។ |
លុះសូរ្យសាយណ្ហេ(9) | ទាបទៅឯបស្ចឹមា | ថ្ងៃនោះអ្នកយាត្រា | បានប្រាំពីរយោជន៍កំណត់។ |
ក្អែកនោះធ្វើជាមរណ៍ | អង្គអន្ដរធានប្រាកដ | នាកាលអស្ដង្គត | ពន់ព្រលប់ព្រះសុរិយា។ |
ព្រះពោធិសត្វថ្លៃ | យល់ក្អែកក្ស័យជីពជន្មា | រឺងព្រួយព្រះទយា | ឯងអនាថោថែថប់។ |
សង្វេគអនិច្ចា | ព្រះភក្ដ្រាស្ងួតស្ងៀមស្ងប់ | ភាវនាពីព្រលប់ | ដល់យាមបីអ្នកនិទ្រា។ |
(1) របោះ = ព្រៃដែលដុះតែកូនឈើតូចៗ ហើយរហោៗ។ (2) វរជាយ = ប្រពន្ធដ៏ប្រសើរ។ (3) ព្រះពុទ្ធជាទីពឹងរបស់ខ្ញុំ។ (4). ជាមង្គលខ្ពង់ខ្ពស់បំផុត។ (5). ព្រះធម៌ជាទីពឹងរបស់ខ្ញុំ។ (6)ជាទីពឹងប្រស្រ័យដ៏ជាមង្គល។ (7). ជាស្រែបុណ្យដ៏ប្រសើរ។ (8). ទុក្ខភ័យនិងរោគទាំងពួង ចូរវិនាសបាត់ទៅ។ (9) សាយណ្ហ= ថ្ងៃរសៀល។