១៨. បទកាកគតិ
សៅរ៍ ទី24.តុលា 2020.ម៉ោង 12:55

កាលនោះព្រះអង្គ អំបូរពូជពង្ស សារពេជ្ញច្បាស់ច្បង
ស្ដាប់ពាក្យសេនា យោធាពលផង អញ្ជើញទៅគ្រង
រាស្ដ្ររាជរដ្ឋា។
ស្ដេចព្រមព្រះទ័យ ទើបក្សត្រជៀស្ឋជ័យ នូវនាងជាយា
បែរបើកបន្ទូល មធូរត្រាស់ថា ហៃអស់អង្គអា-
មាត្យមុខមន្ដ្រី។
បើអស់គ្រប់គ្នា ចង់ឲ្យយើងជា ក្សត្រាធិបតី
ចូរសង់មន្ទីរ ជាកេរ្ដិ៍ថ្មោងថ្មី យើងពុំនៅទី
ដែលស្ដេចព្រហ្មទត្ដ។
មើលឋានទីទួល ឯណាសមគួរ សមជាទីក្សត្រ
រិះគិតរួសរៀប រណ្ដាប់ថ្វាត់ៗ តាក់តែងចាប់ចាត់-
ចែងចែកដោយងារ។
ធ្វើឲ្យសមគួរ ហើយមកទទួល អញ និង ភរិយា
មន្ដ្រីផងស្ដាប់ បង្គាប់ក្សត្រា ទើបតែងដោយងារ
ដោយមុខទីទៃ។
ខ្លះក្រាបលុតលា ចេញចរម្នីម្នា រើសរកឈើព្រៃ
ខ្លះដេកចាំនៅ គាល់ហ្វៅក្សត្រថ្លៃ គ្រឿងគ្រប់ដោយដៃ
ចាំក្សត្រពីរពង្ស។
ខ្លះដើររកមើល ទីភូមិប្រសើរ គួរជាស្ដេចគង់
យល់ទីមួយធំ សួស្ដិ៍សមគួរសង់ មន្ទីរទើបទង់
ខ្សែសិនបុះបោះ។
វាស់ចែកដោយងារ កំណាន់ខ្មាន់ការ ឥតឯចន្លោះ
ចូកចាំងច្រាស់ប្រាប ឲ្យរាបស្មើស្មោះ លុះល្ងាចវិលឆ្ពោះ
ទៅផ្ទះទីទៃ។
ហេតុតែសម្ភារ ពង្សពោធិសា- ព៌េជ្ញពុទ្ធញ្ញាណញេយ្យ
ក្ដៅដល់អាសនា ឥន្ទ្រាថ្លាថ្លៃ ដូចភ្លើងវិស័យ
រោរាលមហិមា។
ព្រះឥន្ទ្រប្រែភក្ដ្រ បែរបើកទិព្វចក្ខុ សហស្សនេត្រា
ទតយល់ព្រះអង្គ ពូជពង្សសាស្ដា នូវនាងសុខុមា-
លន្ទាទេវី។
បរិបូណ៌បានជា ស្ដេចស្ដែងនៅនា ពារាណសី
ពុំមានមន្ទីរ ជាកេរ្ដិ៍ថ្មោងថ្មី សមគួរជាទី
លំនៅក្សត្រា។
ទៀងទើបព្រះឥន្ទ្រ ចមចៅទេវិន្ទ បរមទេពា
មានព្រះបន្ទូល មធូរត្រាស់ថា ហៃពិស្ណុការ
បាចូរចុះទៅ។
សាងសង់ប្រាសាទ ទាំងប្រាំស្អាងស្អាត សឹងមាសសន្ធៅ
ដាំដាសដោយរត្ន ថ្វាយក្សត្រចមចៅ ទាំងពីរនិត្យនៅ
ពារាណសី។
កតួកំពែង កែវគិតតាក់តែង ឲ្យសមសោភី
ឲ្យបានរួចក្នុង កម្លុងរាត្រី យប់នេះកុំបី
ផ្សូផ្សងរេរា។
ពិស្ណុការស្ដាប់ ទទួលបង្គប់ សម្ដេចឥន្ទ្រា
ក្រួញក្រាបប្រណម្យ បង្គំលុតលា នាំអស់ទេវតា
ទេវបុត្រច្រើនក្រៃ។
ហោះចុះមកត្រង់ ទីភូមិនឹងសង់ មន្ទីរក្សត្រថ្លៃ
គន់គិតធ្វើជា ប្រាង្គប្រាសាទជ័យ ទាំងប្រាំត្រឈៃ
ត្រឈឹងខ្ពង់ខ្ពស់។
សឹងមាសចិញ្ចាច ចិញ្ចែងត្រដាប ត្រដែតដោមដុង
ដាំដាក់រត្នរាយ ឆាឆាយយល់យង់ គាងឃ្វាយចមចង
កែវកែមរចនា។
សក្ដិសមកំពូល កំពស់ត្រីសូល៍ ដងក្ដារជហ្វា
មុខនាគឆ្លាក់ឈ្លេច រំលេចរចនា កែមកែវមុក្ដា
មរកតកាល់កិត។
រនូតរនាំង រនាបជញ្ជាំង ចិញ្ចាយរាយរត្ន
រៀបរៀងរំលេច ដោយក្បាច់ដាលដិត ដាសដេរប្រកិត
ប្រកបសក្ដិសម។
ហោជាងក្បូរក្បាច់ ឆ្លាក់ឆ្លៅឆ្លងឈ្លេច ជាទេពប្រណម្យ
កាន់ភ្ញីវល្លិវ័ណ្ឌ ពាក់ពាន់ក្លៀវក្លំ ក្លែងក្លាយបន្លំ
ជារូបពានរ។
ប្រែប្រឹងប្រាណប្រួញ កាងករកង្កួញ កាន់ភ្ញីឈានឈរ
ក្លាយជានរសីហ៍ ដំរីនាគនរ ក្លាយជាកិន្នរ
រេរាកាន់ភ្ញី។
កញ្ចាំងទែនទយ សារាយរាករយ រៀបរាយមណី
រត្នរៀងរំលេច ដោយក្បាច់សោភី ឆ្លាស់ឆ្លុះរស្មី
ភ្លឺផ្លេកព្រោងព្រាយ។
សសរស្ដម្ភស្ដែង សឹងមាសទន្ទេង ល្អល្អះពណ្ណរាយ
ស្លោមស្លឹកខ្ទរខ្ទាប់ ប្រដាប់ក្លៀមក្លាយ ជាភាពរៀងរាយ
ត្របកបទុមា។
ដាសដាំរំលេច សឹងសូរកានពេជ្រ កែមកែវមុក្ដា
ពពាលរត្នរាយ ពិទាយតារា នែបពៃទូរ្យទា-
ទិមៗស្រស់ស្រី។
ឆ្លូកឆ្លាស់មក៌ត កែមកែវបុសរត្ន ពៃទូរ្យជោតិត្រី
បទុមរាគទឹកវិល ពព្រិលរស្មី នែបនៅមណី
រត្នរាយរេខា។
ក្រឡាបន្ទំ ទែនទិព្វឧត្ដម សឹងរូបយក្សា
កុម្ភណ្ឌគ្រុឌគ្រប ស្ទាញស្ទប់បាទា កែកាងហត្ថា
ប្រែប្រឹងទ្រាំទ្រ។
ឈូកផ្កាប់ក្បាច់ពេជ្រ លួសលាយរំលេច ទងទាក់ទៅមក៍
ជាភ្ញីពេនពាក់ ឆ្វាយឆ្វាក់ល្អះល្អ  ក្លែបក្លាយជាជរ
ពិតានសំយុង។
ក្រឡាទីនាំង កោសកលបល័្លង្ក ពានរទ្រទ្រង់
ត្របកឈូកឆ្លាក់ ដាំដាក់រត្នរុង-  រឿងរំលេចក្នុង
ចម្លាក់ព្រោងព្រាយ។
មានស្វេតច្ឆត្រ ប្រាំពីររួតរត្ន បើកបាំងរៀងរាយ
គ្រប់គ្រែមាសមាន ពិតានរំភាយ រំភើយត្រសាយ
ត្រសាក់សួស្ដិ៍សម។
កន្សោមត្អោរ(១)ផ្កា សំយុងមាលា រំយោលជិតជុំ
ខ្នើយខ្នល់ព្រះក្រាល កម្រាលចៀមចំ ពូកពាសព្រែព្រំ
ប៉ាក់បានសុវណ្ណា។
ផ្សែផ្សំរោងរាន រោងរម្យសោតមាន រោងយាមនាលិកា
រោងដាក់ដំរី ពាជីរថា(២)- សាល័យសាលា
បញ្ចង់សឹងសម។
មានផ្ទះមណ្ឌប(៣) ពិសេសគ្រាន់គ្រប់ រានហាលធេងធំ
វាំងខាំងវាំងខណ្ឌ ច្រើនជាន់ជិតជុំ ផ្ទះស្រីព្រះស្នំ
រៀបរៀងរាល់រាយ។
កំពែងកែវពិត ប្រាំពីរជាន់ជិត ជុំជាបន្ទាយ
ទល្ហនាងច្រាល រន្ទាលពព្រាយ ពព្រោងភ្លឺសាយ
ភ្លឺសព្វទិសា។
មានទាំងមណ្ឌប ដាក់ដោយទារគ្រប់ មុំមានបញ្ចា(៤)
ដោយមុំខាំងខ័ណ្ឌ មានចន្ទឆាយា មានស្រះស្រង់ថ្លា
សំរាប់ក្សត្រថ្លៃ។
ឃ្លាំងមាសឃ្លាំងប្រាក់ ឃ្លាំងព្រែសុភ័គ កាសាកោសេយ្យ
ពស្ដ្រាទិព្វទេស ពិសេសច្រើនក្រៃ ពេញទាំងឃ្លាំងជ័យ
ឥតឯគណនា។
ព្រះពិស្ណុការ ជាងចេះរចនា តាក់តែងប្រាងប្រា
សាទដូចជាឋាន ពិមានសួគ៌ា ស្រូតស្រុតមកនា
ភូមិភពផែនដី។
សរសេរអក្ខរា នៅខ្លោងទ្វារថា សម្ដេចកោសីយ
ប្រើពិស្ណុការ(១) សម្មាមកពី សួគ៌សង់ទិព្វទី
ប្រាសាទសុវណ្ន។
ថ្វាយក្សត្រពីរពង្ស អញ្ជើញស្ដេចគង់ ក្សេមក្សាន្ដចិន្ដា
ហើយហោះវិលវឹង ត្រៃត្រឹងសួគ៌ា ទូលព្រះឥន្ទ្រា
សុសសព្វសេចក្ដី​។
លុះព្រឹកស្រាងស្រេច សូរ្យសែងឡើងលេច ពីបូព៌ទិសទី
អស់អង្គសេនា យោធាមន្ដ្រី ភ្ញាភ្ញាក់ឡើងពី
ដំណេកនិទ្រា។
រលះរលាំង លុបលាងមុខទាំង ខ្ពុរមាត់ឆីស្លា
ហើយហៅកូនក្មួយ តាមក្រោយយាត្រា ចេញចាកគ្រឹហា
ទៅធ្វើរាជការ។
មៀងមើលទៅត្រង់ ទីដែលនឹងសង់ មន្ទីរកូបាល(១)
យល់ប្រាសាទមាស ឱភាសរន្ទាល(២) បញ្ចាច្រើនច្រាល
កែមកែវព្រោងព្រាយ ភាន់ភាំងផ្អូកផ្អើល ហៅគ្នាមៀងមើល
អំពីចំងាយ។
ថាវើយគ្នាយើង ឆាប់ឡើងមកអាយ មើលទៅឯនាយ
ភ្លឺអ្វីដល់ម៉្លេះ។
ចៅខ្លះលលើ ថាភ្លើងឆេះឈើ ទើបភ្លឺដូច្នេះ
នាយជេរទៅថា ម្ដាយអាស្លាប់ប្រេះ ភ្លើងអ្វីឆុរឆេះ
ភ្លឺផ្លេកត្រកាល។
កូនក្មួយខ្លះឆ្លើយ ទៅថាលោកអើយ ភ្លឺដូចមេឃដាល
ដុំៗដូចផ្កាយ ព្រោងព្រាយរន្ទាល អស្ចារ្យត្រកាល
ចំឡែកមហិមា
នាយជាអមាត្យ មើលហាក់ប្រសាទ ប្រសើរមិនថា
ដុំវិញតូចៗ  ហាក់ដូចបញ្ចា អាតាមតែថា
ពភ្លើតពភ្លាក់។
សង្ឃឹមភ្នែកអា ឲ្យមើលគ្រប់គ្នា ដូចប្រើមនុស្សខ្វាក់
ចាញ់នឹងភ្នែកចាស់ ឆ្ងាយណាស់ជៀងជាក់ អញមើលយល់ហាក់
ប្រាសាទសុវណ្ណា
មន្ដ្រីតូចធំ រូតរត់ប៉ព្រំ បំព្រាងគ្រប់គ្នា
បែកញើសហូរហត់ រន្ធត់អង្គា ដល់មុខនាគណា
ខ្លោងទ្វារកំពែង។
មើលយល់អក្ខរា សេរសេរទុកថា  គឺព្រះឥន្ទ្រឯង
ប្រើពិស្ណុការ សម្មាតាក់តែង ធ្វើថ្វាយស្ដេចស្ដែង
គួរគង់ក្សេមក្សាន្ដ។
មន្ដ្រីទាំងឡាយ អរឯងរីករាយ ពេកពន់ប្រមាណ
សឹងសរសើរថា ឱបុណ្យបូរាណ សំណាងយើងបាន
ម្ចាស់ថ្លៃមានបុណ្យ។
ពីដូនពីតា ពីទួតលួតលា រៀងរាជពីមុន
ឥតអង្គក្សត្រា ឯណាមានបុណ្យ យើងមានភ័ព្វពន់
ភ័ព្វពេកមហិមា។
បានជួបនឹងម្ចាស់ មានបុណ្យក្រៃក្រាស់ ឥតឯគណនា
យើងនឹងបានសុខ ទៅមុខគ្រប់គ្នា ដោយបារមីមហា-
ក្សត្រថ្លៃថ្កើងថ្កាន។
ឥតទុក្ខឥតភ័យ ឥតស្ដេចដទៃ ណាមកបៀតបាន
ទើបនាំគ្នាដើរ ចូលមើលសព្វឋាន ប្រាសាទមាសមាន
បន្ទប់ខ្វាត់ខ្វែង។
ឃ្លាំងប្រាក់ឃ្លាំងមាស ឃ្លាំងសំពត់ពាស ពោរពេញគ្រប់ល្វែង
ព្រឺព្រួចរោមា គ្រប់គ្នាស្ញប់ស្ញែង កោតចេស្ដាស្ដែង
លើសលើលោកា។
មន្ដ្រីអបអរ នាំគ្នាចេញចរ ទៅទីសាលា
ខ្លះរត់ឆ្ពោះទៅ លំនៅក្សត្រា ទូលព្រះរាជា
ឲ្យជ្រាបជាមុន។
ខ្លះទៅប្រញាប់ ដង្ហោយប្រាបប្រាប់ រាស្ដ្រប្រជាជន
ចាមចិនកួយតាំង បារាំងជប៉ុន យូនលាវសៀមល-
ន្ទាទាំងភូមា។
ករកាន់លំពែង ដាវខ្លីដាវវែង កាំភ្លើងធ្នូស្នា
តូរដន្ដ្រីត្រែ ដង្ហែក្សត្រា ភ្លេងចិនភ្លេងជ្វា
ភ្លេងសៀមមហោរី។
ទីនាំងគជសារ ចងគ្រឿងរចនា សឹងមាសមណី
គជេន្ទ្របាសាទ ព្រោងព្រាតរស្មី ស្នាប់មុខសោភី
ទង្គន់ខ្សែឆ្នាក់​។
ភ្លុកកងសក្ដិសម សុទ្ធសឹងចង្កំ- មាសមានចម្លាក់
ចម្លែកល្អះល្អ ដងក្រពាត់ពាក់ ខ្សែយោងច្រវាក់
ច្រវាត់រង្សី។
ទីនាំងអស្សពាហ៍ អានមាសមុខរាហ៍ រុងរឿងរស្មី
ខ្សែហាងកូបទាំង បុស្សនាងថ្មោងខ្មី ឃ្មុំមុខមណី
កែមកែវយល់យង់។
រិតអុករិតថោង ខ្សែហាងខ្សែហោង ដោតដាក់ចង្ក្រង់
បង្កាប៉េកប៉ាត់ ដាំដាក់ត្បូងផ្ចង់ ខែឈ្នាន់សំយុង
សំយាកឆើតឆាយ។
ទីនាំងរាជរថ ទឹមសេះសសុទ្ធ ពីរពណ៌ពណ្ណរាយ
ទ្រពងឆ្នៀរឆ្នង់ កាំកង់ប្រែកទ្រាយ ដាក់ដាំរត្នរាយ
រំលេចរចនា។
ចន្ទោលសឹងពេជ្រ ឆ្លាក់ឆ្លៅរំលេច ជាត្បូងនាគា
ខ្សែទាមខ្សែបរ បវរសោភា លួសមាសចាក់ជា
កញ្ជ្រឹលសក្ដិសម។
ប្រដាប់គ្រែព្រះ- រាជយានល្អល្អះ សឹងមាសឧត្ដម
ចាមរបាយបន់ សែនត្វាន់ក្លស់ក្លំ សែងសូរ្យអភិរម្យ
រៀបរៀងត្រៀបត្រា។
អស់អង្គខុនណាង តែងតួស្អិតស្អាង ប្រដាប់អាត្មា
សឹងឡើងជាន់ជិះ រទេះរៀងគ្នា ទៅទទួលមហា-
ក្សត្រថ្លៃពីរពង្ស។
អស់មុខមន្ដ្រី សឹងជិះពាជី ប្រដាប់អស់អង្គ
នាំគ្នាដង្ហែ បរបែរតម្រង់ ទៅទីស្ដេចគង់
និត្យនៅចំការ។
ដល់ស្រេចឱនអង្គ ក្រួញក្រាបជួញជង្ឃ ប្រណម្យទួលថា
បពិត្រព្រះអង្គ ទ្រើសទ្រង់ចេស្ដា យើងខ្ញុំគ្រប់គ្នា
ដើរទៅមៀងមើល។
យល់ភូមិមួយម- ង្គលគាប់គួរសង់ មន្ទីរប្រសើរ
ចូកចាំងប្រាសប្រាប់ ឲ្យរាបបណ្ដើរ ដល់ល្ងាចយប់ស្ទើរ
វិលមកនិទ្រា។
លុះព្រឹកឡើងវិញ នាំគ្នាចរចេញ ទៅទីគ្រឹសហា
យល់ប្រាសាទមាស ឆ្លុះឆ្លាស់នៅនា ភូមិនឹងសង់ជា
មន្ទីរក្សត្រថ្លៃ។
មានតួកំពែង កែវកើតខ្វាត់ខ្វែង ព្រោងព្រាយប្រពៃ
អស្ចារ្យចំឡែក ពន់ពេកល្អក្រៃ យើងខ្ញុំទីទៃ
រួសរត់ដំរង់។
ដល់យល់អក្ខរា នៅខ្លោងទ្វារថា ព្រះឥន្ទ្រាទ្រង់
ប្រើពិស្ណុការ‌ សម្មាមកសង់ ធ្វើថ្វាយព្រះអង្គ
អម្ចាស់មានបុណ្យ។
យើងខ្ញុំចូលមើល ក្នុងឋានប្រសើរ ប្រាសាទទិព្វតន់
ម្ចាស់អើយអម្ចាស់ ល្អណាស់ពេកពន់ មានឃ្លាំងទ្រព្យធន
ដូចឋានសួគ៌ា។
ឥឡូវយើងខ្ញុំ ចូលមកសូមសុំ អញ្ជើញក្សត្រា
ក្សត្រីបវរ ទៅគង់ប្រាង្គប្រា- សាទសោយរា​ជ្យជា
ឥសូរសិរសី។
កាលណោះព្រះអង្គ ក្សត្រទាំងពីរពង្ស ស្ដាប់ពាក្យមន្ដ្រី
ក្រាបទូលគ្រាប់គ្រប់ សុះសព្វសេចក្ដី ទ្រង់ព្រះបេតី
ត្រេកសោមនស្សា។
ក្សិណក្សត្រវររង្ស ទាំងពីរស្ដេចទ្រង់ គ្រប់គ្រឿងរចនា
មកុដកែវកង អម្ពរពស្ដ្រា សង្វារមាលា
អារមរត្នរាយ។
ទើបមហាក្សត្រក្សាន្ដ ឡើងគង់រាជយាន មាសមៃឆើតឆាយ
បើកបាំងអភិរម្យ ក្លស់ក្លំរំភាយ រំភើយត្រាសាយ
ត្រសៀកវាតា។
វររាជក្សត្រី ឡើងគង់ដំរី ទីនាំងសោភា
អករ៍យាយខុនណាង ហែនាងត្រៀបត្រា សឹងជិះរថា
ចរក្រោយរៀងរាយ។
តូតន្ដ្រីត្រែ- សង្ខសព្វស៊ានស៊ៃ ឮលេចសូរសាយ
ស្គរទ័ពស្គរថ្វា ស្គរងារកែកាយ កងករវិលវាយ
ដោយងារទីទៃ។
អស់មុខមន្ដ្រី ករកាន់ដាវខ្លី ដើរហែក្សត្រថ្លៃ
ឆ្វេងស្ដាំបង្ហែ ក្រោយក្រែលក្រាស់ក្រៃ គ្រឿងគ្រប់ដោយដៃ
ច្រើនច្រុះច្រូងច្រាង។
ភ្លេងចិនភ្លេងជ្វា ក្លេងសៀមរមនា ដើរដោយសងខាង
ជាជួរសង្កាត់ ហែក្សត្រនូវនាង នៅទល់ទីប្រាង្គណ៍
ប្រាសាទសោភា។
ស្ដេចនាំក្សត្រី ប្រទក្សិណបី ជុំចរលីលា
ទតទីពិមាន ហាក់ឋានសួគ៌ា ពេញព្រះទយា
សោមនស្សបេតី។
ទតស្រេចព្រះអង្គ លីលាឡើងគង់ ប្រាង្គប្រាសាទស្រី
អករ៍យាយចាស់ទុំ ស្និតស្នំនារី សេនាមន្ដ្រី
គង់គាល់ត្រៀបត្រា។
ទើបមន្ដ្រីធំ រិះគិតជំនុំ តាក់តែងអាជ្ញា
ស្រូតរូតចេញទៅ ស្រុកក្រៅនានា ប្រាមប្រាប់ប្រជា-
រាស្ដ្រផងសព្វសាយ។
ប្រាប់គាមភោជក ជាចៅមឿងស្រុក គ្រប់ខេត្ដជិតឆ្ងាយ
រកបណ្ណាការ ភ័ស្ដុភាដង្វាយ នាំចូលមកថ្វាយ
បង្គំក្សត្រថ្លៃ។
ទើបឲ្យបុរោហិត អាចារ្យព្រាហ្មព្រឹទ្ធ ហោរាសាស្ដ្រសេយ្យ
គន់គូរបូកហារ រកពារប្រពៃ មានឫក្សជោគជ័យ
ឧត្ដមពេលា។ 
នឹង រៀបអភិសេក ព្រះពោធីឯក នូវនាងជាយា
ទាំងពីរព្រះអង្គ ទ្រើសទ្រង់រាជា ឥសូររដ្ឋា
រដ្ឋរាជធានី។
ប្រុងប្រៀបប្រដាប់ តាក់តែងបង្គប់ អស់មុខមន្ដ្រី
ខុនណាងតូចធំ ធ្វើនំចំណី បង្អែមពិសី
ពិសាត្រកាល។
ចំណីចំអាប ខួរស្លដរាប គ្រប់ពណ៌អាហារ
ចំណីចិនជ្វា ភូមាសៀមសារ- រពើព័ណ៍ភោជន៍ភារ
មិនឲ្យមានខ្វះ។
រើសកូនមន្ដ្រី សេនាសេនីយ រូបរាងល្អល្អះ
ភក្ដ្រាផូរផង់ ត្រចង់ត្រចះ រៀបដើរហែព្រះ
មហាក្សត្រទាំងទ្វី។
ពាក់ចារុ៍ចិញ្ចៀន ស្លៀកសំពត់ខៀន ពាក់អាវលាវថ្មី
ស្នៀតសក់សសាល់ ភ្ញីញ័រសោភី សុភាពដូចស្រី
ទេពអប្សរសួគ៌។
រើសរកកូនប្រុស ឆោមឆាយស្រៀវស្រស់ ស័ក្ដិសមគាប់គួរ
ពាក់ពរពស្ដ្រា រៀបគ្នាជាជួរ កិលកែទទួល
កាន់ពានព្រះស្រី។
ខ្លះកាន់ព្រះពស្ដ្រ ព្រះសុទ្ធរស ព្រះវិជនី
ព្រះខត្ដព្រះខ័ន សោភ័នព្រះស្រី ព្រះសុគន្ធពិ-
សេសសំអាងអង្គ។
កាន់ព្រះភូសា កាន់ព្រះកនិច្ចា រៀបរាយរៀងរង់
រាងរូបឧត្ដម សក្ដិសមមានទ្រង់ ជំទើជំទង់
ជំទាស់ហត្ថា។
ករកាន់គ្រប់គ្រឿង ល្អល្អះរុងរឿង ដើរដូចតារា
ត្រចង់ត្រចះ ហែព្រះចន្ទ្រា ប្រទក្សិណមហា-
សុមេរុ៍បព៌ត។
ព្រះពោធិវ- ង្សាសក្ដិឧតុង្គ ឧត្ដមប្រាកដ
ប្រកបទ្រង់នូវ ព្រះភូសាសុទ្ធ មាសមានមកុដ
កែមកែវសុណ្ណា។
ព្រះហត្ដទ្រង់ព្រះ ទម្រង់ត្រចះ ត្រចង់ថ្លៃថ្លា
សឹងសូរកាន្ដពេជ្រ រត្នរេចរេខា ទ្រង់ព្រះពស្ដ្រា
រឿងរ័ត្នកម្ពល។
ក្សត្រីវរវង្ស វរវាសទ្រទ្រង់ គ្រប់គ្រឿងមង្គល
មកុដរត្នភ្លាវ កែវកាវកុណ្ឌល កន្ទួតសួស្ដិ៍សល់
សក្ដិសមអង្គអគ្គ។
នាងទ្រង់ព្រះពស្រ្ដ ប្រពៃស្រៀវស្រស់ កូសាប៉ានប៉ាក់
សឹងសែសយមាស ពោរពាសដេរដាក់ ទ្រង់ព្រះសុភ័គ
សោភាវែងវាស។
ទ្រង់ពីទម្រង់ តម្រួតក្បាច់ហ- ង្សាសមសោភាស
លួសលាយទងទាក់ ដាំដាក់ពេជ្រពាស រុងរឿងឆ្លុះឆ្លាស់
កាល់កែវសូរកាន្ដ។
លុះល្មមពារពី- លាលក្ខណ៍នាទី ឫក្សបើកបីឋាន
ជោគឫក្សឥតខ្វះ ស្រឡះបើកបាន ឆាយាមែនមាន
សេសសោតឧត្ដម។
ទើបព្រះរាជា ទ្រង់នាំព្រះមហា មហេសីឧត្ដម
ស្ដេចគង់ផ្ទាប់ផ្ទឹម ទន្ទឹមលើព្រំ មាសមានចៀមចំ
លើទែនទិព្វទី។
ទៀងទើបប្រគំ ប្រកបភ្លេងផ្លុំ ត្រែសង្ខភេរី
គោះគងគគ្រេង គ្រប់ភ្លេងតន្ដ្រី ព្រាហ្មណ៍ព្រឹទ្ធព្រឹទ្ធី
ថ្វាយជ័យអឺងអរ។
ព្រះកេរ្ដិ៍ប្រាកដ ប្រកបសន្មត ចំរើនព្រះពរ
ប្រពៃតបៈ តេជៈបវរ ថ្វាយព្រះនាមករ
សន្មតឡើងជា។
សម្ដេចព្រះបាទ ភោគកុលរាជជាត វរវង្សពង្សា
ខត្ដិយោត្ដម បរមក្សត្រា ឯកអគ្គរាជា
បរមបពិត្រ។
អស់មុខមន្ដ្រី ចំរើនព្រះស្រី បវរវិវិធ
វររុឌ្ឍីពរ សាទរពេកពិត សុខសួស្ដិ៍សម្រិទ្ធិ
សម្រេចការគួរ។
ឲ្យលេងមហោស្រព របាំរាំគ្រប់ រោងរៀបជាជួរ
អស់រាស្ដ្រទាំងឡាយ សប្បាយបបួល ប្រុសស្រីស្រើបស្រួល
មកមើលត្រៀបត្រា។
ស្រីខ្លះពកូន ជ្រេកជ្រៀតពពូន ពព័ន្ធពានពារ
ចង់ចរចូលជិត ពុំគិតអាត្មា ស្អុះស្អាប់មហិមា
ស្លាប់កូននៅដៃ។
ខ្លះមើលពីក្រៅ ចង់ជែកចូលទៅ គេច្រានស្ទើរក្ស័យ
រាងរាចៀសចរ មកឈរហាលថ្ងៃ មុខមាត់ក្រៀមក្រៃ
ដូចគេហាលងៀត។
អស់ស្រីក្រមុំ ដណ្ដប់ផាហ៊ុំ លាបម្សៅរមៀត
ប្រុសប្រែយង់យល់ រកកលជ្រែកជ្រៀត ផ្ទុញផ្ទាប់បានបៀត
ដុំដៃដល់ដោះ។
ដោះដៀងវៃវេះ ធ្វើជាឯងអេះ ខ្លួនប្រាណស្មានស្មោះ
ធ្វើសោះកន្ដើយ ព្រងើយស្រីនោះ ដឹងជាពាលគោះ
ដោះដៃដើរចេញ​។
មហាជនជុំជរ ស្រើបស្រុះអឹងអរ មើលមីរពាសពេញ
ក្នុងរោងចង្អៀត ច្រុះជ្រៀតជុំវិញ ពុំចង់ចរចេញ
ទៅផ្ទះអាត្មា។
ខ្លះមើលពីព្រឹក អត់បាយអត់ទឹក អត់ទាំងឆីស្លា
ភ្លាំងភ្លេចប្រាណប្រឹង សម្លឹងសោះសា ខ្លះសរសើរថា
ល្អម្ដេចអម្បាយ។
ព្រះអង្គឲ្យលេង សព្វសារពើល្បែង មហោស្រពទាំងឡាយ
គ្រប់ប្រាំពីរថ្ងៃ ក្សត្រថ្លៃពណ្ណរាយ ឲ្យទៅយកយាយ
ជាធម៌មាតា។
បន្ទូលប្រើទៅ ថាអាមាត្យចៅ ចូរចររកគ្នា
យកអង្រឹងកូវ តាំងយូយាត្រា ទៅយកមាតា
ធម៌អញមកថ្វាត់។
អាមាត្យចងចាំ ព្រះរាជបណ្ដាំ ប្រួញប្រាណប្រណិប័តន៍
ក្រួញក្រាបបង្គំ ប្រណមមហាក្សត្រ លុតលាចេញថ្វាត់
ដូចព្រះអាជ្ញា។
ដើរដល់ស្រុកស្រែ ស៊ើបសួររកគេ ប្រាប់ហើយនាំគ្នា
បរចូលដល់ទៅ លំនោះគ្រឹហា ដូនចាស់ដាក់ស្លា
ឲ្យឆីស្រេចស្រាប់។
អាមាត្យថ្លែងថា ដ្បិតព្រះរាជា មានព្រះប្រញប្ដិ
ឲ្យយកដូនទៅ ឥឡូវឆាប់ៗ អាមាត្យពុំប្រាប់
ហេតុចង់ចំអន់។
ដូនចាស់ភិតភ័យ ញ័រជើងញ័រដៃ ញ័រខ្លួនភីតពន់
ភីតពេកក្នុងប្រាណ ក្រែងមានទោសធ្ងន់ ញ័រមាត់ស្ទើរគ្រុន
សំពះប្រណម្យ។
អង្វរលោមថា អ្នកអើយព្រះមហា- ក្សត្រឲ្យយកខ្ញុំ
ទៅតើទោសម្ដេច ការកិច្ចសុខុម អាសូរប្រាប់ខ្ញុំ
ឲ្យពិតកុំលាក់។
អាមាត្យរហ័ស ឃាត់ទៅដូនចាស់ ថាកុំផ្អើលភ្ញាក់
ថាទេអ្នកយាយ ចៅប្រាយប្រាប់អ្នក ឲ្យបានដឹងជាក់
យាយកុំបារម្ភ។
ក្សត្រថ្លៃចមចៅ ឲ្យយកយាយទៅ នឹងឲ្យជាធំ
ថែទាំព្រះនាង ខុនណាងព្រះស្នំ ចិញ្ចឹមជាជំ-
ទាវតែងគាល់ហ្វៅ។
បើបានជាធំ សមអ្នកយាយពុំ ស្គាល់យើងជាចៅ
អាងស្ដេចអាសូរ ឲ្យចូលក្នុងក្រៅ យល់យើងដើរទៅ
ប្រាស់ប្រែមុខចេញ។
ដូនចាស់ឆ្លើយថា ហៃអ្នកអាជ្ញា កុំចំអន់អញ
អ្នកអាសូរប្រាប់ ឲ្យឆាប់មកមិញ កុំអ្នកជន្លេញ
ជន្លទៅមក។
យើងជាអ្នកស្រែ កំសត់ឥតគេ ណានឹងរាប់រក
នៅដោយព្រៃស្ងាត់ ចុងកាត់មាត់ញក អ្នកកុំចំអក
ចំអន់អាយនាយ។
អាមាត្យឆ្លាស់ឆ្លើយ ថាអ្នកយាយអើយ ពាក្យខ្ញុំប្រាប់ប្រាយ
ពិតៗច្នេះឯង ពុំក្លែងពុំក្លាយ ស្ដេថាអ្នកយាយ
ឯងជាម្ដាយធម៌។
កាលស្ដេចពិបាក ទុគ៌តតោកយាក ឥតអ្នកណាស្គាល់
មានតែអ្នកយាយ ជាម្ដាយមានធម៌ ឈឺឆ្អាលរៀងរាល់
ដល់ស្ដេចមានបុណ្យ។
ឥឡូវស្ដេចនឹក ស្ដេចគិតរលឹក អ្នកយាយពេកពន់
យកអ្នកយាយទៅ ស្ដេចនឹងសងគុណ ខ្ញុំពុំចំអន់
ចំអកអ្នកយាយ។
ដូនចាស់ស្ដែងស្ដាប់ អាមាត្យប្រាយប្រាប់ ដំណើរសព្វសាយ
អរឯងពេកក្ដាត់ មុខមាត់រីករាយ ចិញ្ចើមពព្រាយ
ពព្រើមចរចា។
ដើមអញដើមកាណ ថាស្ដេចរាប់អាន តែងតួម្នីម្នា
ងូតទឹកលាបម្សៅ ពាក់អាវព្រែផ្កា ស្លៀកខៀនទេសផា
ឋានខៀវផ្ទៃមេឃ។
លាបក្រមួនមាត់ ស្អាងខ្លួនស្អាតបាត អង្គុយផ្អៀងផ្អែក
បែរបើកកញ្ចក់ ឆ្លុះមុខយល់ប្លែក ថាអញសក់ស្កូវពេក
ផ្សាដោយនឿយណាស់។
ល្អតែជតា ហោរលោកទាយថា មានបុណ្យឯចាស់
លោកទាយនេះឆុត ប្រាកដត្រូវណាស់ ត្រូវនឹងអម្ចាស់
រាប់អានមេត្ដា។
ដូនចាស់អួតអង្គ ពិតពុំផ្សូរផ្សង ចុះចាកគ្រឹហា
ឡើងជិះអង្រឹង ទៅនឹងអាជ្ញា ផ្ដាំអ្នកស្រុកថា
មើលផ្ទះអញផង។
ដូនចាស់ចិត្ដឆ្មើង- ស្មៃសំយុងជើង ដល់ក្រៅរបង
កាន់ផ្លិតក្រដាស គ្រវាសម្ដងៗ បោកបក់ទៅខ្នង
ថាអញក្ដៅណាស់។
ពលកាន់តាំងយូ តាំងពុំឲ្យត្រូវ ថ្ងៃដល់ដូនចាស់
ពលសែងរួយស្មា ហៅគ្នាទៀតផ្លាស់ ចិត្ដបង់រហ័ស
ដូចព្រះអាជ្ញា។
ដល់ទ្វារវាំងនោះ ដាក់ដូនចាស់ចុះ ទើបរាជអមច្ចា
នាំឡើងលើឋាន ពិមានក្សត្រា ឱនអង្គវន្ទា
អង្គុយពីឆ្ងាយ។
ស្ដេចទតទៅយល់ ដូនចាស់មកដល់ ត្រាស់ថាមកអាយ
មកឲ្យទៀបទល់ កុំគាល់ពីឆ្ងាយ ចូរមកនិយាយ
កុំបីខ្លាចអ្វី។
ដូនចាស់ត្រេកអរ យល់ស្ដេចសាទរ ទៅទៀចទែនទី
ស្ដេចបើកព្រះសូរ បន្ទូលទៅខ្ចី ប៉ៃនៅធ្វើអ្វី
បាត់មុខមិនមក។
យើងទន្ទឹងក្រៃ ចង់យល់មុខប៉ៃ ប៉ែពួនសំកក
ដល់ប្រើអាជ្ញា យាត្រាទៅរក ទើបបានប៉ៃមក
ប៉ៃមិនគិតកូន។
ដូនចាស់ទូលថា ខ្ញុំម្ចាស់ពិតជា មិនដឹងសោះសូន្យ
នៅតែម្នាក់ឯង កណ្ដែងឥតកូន ឥតបងឥតប្អូន
ណានឹងប្រាយប្រាប់។
លុះឃើញអាជ្ញា ទៅទើបប្រាប់ថា អម្ចាស់មានភ័ព្វ
បានសោយរាជ្យស្រេច ជាស្ដេចគួរគាប់ ម្ចាស់អើយខ្ញុំស្រាប់
តែភ្ញាក់ខ្លួនអរ។
អរនឹងអម្ចាស់ មានបុណ្យក្រៃក្រាស់ លើសលោកនិករ
មេត្ដាប្រោសប្រាណ រាប់អានស្មោះសរ ហេតុនោះខ្ញុំអរ
អរឥតឧបមា។
ខ្ញុំមកដៃទេ មិនមានបន្លែ ចេកខ្នុរដូងស្លា
មកថ្វាយព្រះអង្គ ពីរពង្សថ្លៃថ្លា ដ្បិតព្រះអាជ្ញា
តែងតឿនពេកពន់។
សម្ដេចរាជា អាសូរករុណា ដូនចាស់លើសលន់
ប្រទានមាសប្រាក់ យសសក្ដិទ្រព្យធន ពស្ដ្រទិព្វតន់
ខ្ញុំប្រុសខ្ញុំស្រី។
ប្រទានអង្រឹង តាំងយូថង់និង រទេះដំរី
ស្ដេចឲ្យជាធំ លើស្នំនារី លើសលែងអស់ស្រី
ខុនណាងនានា។
ឲ្យនៅក្នុងវាំង ថែទាំអស់ឃ្លាំង មាសប្រាក់ទ្រព្យា
ដូនចាស់និត្យនៅ គាល់ហ្វៅរាជា សព្វទិនទិវា
ក្សេមក្សាន្ដសាទរ។

១ តិរ្ថិយ=ទ្រុស្ដកាចអាក្រក់។ ២. ពោធិវង្កុរ=ត្រកូល ឬ សែអ្នកត្រាស់ដឹង ។ ៣. អាជានេយ្យ = សេះ