២២. បទកាកគតិ
ថ្ងៃសៅរ៍ ទី21.វិច្ឆិកា 2020.ម៉ោង 22:38

ស្ដេចសោយរាជស្កល់ គ្រងបរិពារពល រាស្ដ្ររាជរដ្ឋា
ឥតភ័យឥតទុក្ខ សួស្ដិ៍សុខសាន្ដសា- ប្បាយបទបុណ្យមហា-
ក្សត្រក្សាន្ដទ្រង់ធម៌។
សាងសង់ប្រដាប់ សាលាឆឆាប់ ល្អល្អះពិពណ៌
ដាក់ព្រះរាជទាន ធនធានសត្វសារ- ពើពុំទើសទាល់
ព្រួយព្រះចិន្ដា។
ស្ដេចរៀបអាហារ ចំណីភស្ដុភារ បាយទឹកម្លូស្លា
ត្រចេះចួងចន្ទន៍ សុគន្ធមាលា មាសប្រាក់រតនា
ករកងចិញ្ចៀន។
កន្ទេលចៀមចំ ខ្នល់ខ្នើយព្រែព្រំ សំពត់អាវខៀន
មុងមានពានស្ពក តៀបតោកផ្ដិលសៀន ចានចន្លុះទៀន
ដាក់ទានសព្វថ្ងៃ។
ស្ដេចទ្រង់សទ្ធា ឲ្យទានទ្រព្យា អនេកច្រើនក្រៃ
រណ្ដាប់ចាយចេញ គិតកាញ់ដំឡៃ មាសនីមួយថ្លៃ
បីសែនដំឡឹង។
អស់មនុស្សកំសត់ កំសោយទុគ៌ត ត្រេកអរអឹងអឺង
ខ្ទើយខ្ទែរគមកាត់ ខ្វិនខ្វាក់ខំប្រឹង ដើរមកទ្រហឹង
ទទួលរាជទាន។
ក្រងួរក្រងយ ក្រងែងកំព្រយ កំព្រាខ្សត់គ្មាន
ពីស្រុកស្រែក្រៅ លំនៅទូរឋាន ចូលមកយកទាន
សព្វទិនទិវា។
រាស្ដ្រប្រជាជន សឹងសុខដោយបុណ្យ បារមីព្រះមហា​-
ក្សត្រទ្រង់ទសពិធ សុចរិតធម្មា អ្នកខ្សត់ប្រែជា
មានមិនហោចហិន។
ក្សត្រថ្លៃវរលក្ខណ៍ វរលោកចមចក្រ ចមចៅភូមិ-
ន្ធរធិរាជា សទ្ធាវិរិយិ- ន្ទ្រីយទ្រង់បញ្ញិន្ទ្រីយ៍
បញ្ញាពលំ។
ត្រេកទ្រង់សីលប្រាំ អស្ដង្គសីលចាំ ពុំភ្លាត់ភ្លេចភ្លាំង
ទូន្មានមន្ដ្រី ប្រុសស្រីរាស្ដ្រទាំង នគរឲ្យតាំង
រក្សាសីលធម៌។
ស្ដេចទូន្មានថា ហៃអស់គ្រប់គ្នា គួរគិតគួរស្គាល់
គិតកាន់សីលប្រាំ ចងចាំរៀងរាល់ ចៀកចាកកម្មផល
បំបាត់បាបបង់។
បាណាតិបាត អ្នកណានេសាទ- ចិត្ដចោរហេតុចង់
ពិឃាដម្រឹគា មច្ឆានូវអង្គ មនុស្សសត្វឲ្យបង់
ឲ្យបាត់ជន្មា។
អ្នកនោះនឹងទៅ រងបាបក្ដាត់ក្ដៅ លំបាកនៅនា
សញ្ជីពនរក ទល់ទុក្ខឈឺផ្សា ទុរន់ទុរា
រូបរងយូរក្រៃ។
យមបាលបោះទៅ ក្នុងភ្លើងនោះជ្រៅ ឆុះឆេះក្សិណក្ស័យ
ហើយរស់រូបវឹង ពុំដឹងភិតភ័យ វាវិលមកព្ធ
ដ៏មាត់រណ្ដៅ។
យមបាលមក៍ ចោមចាក់នឹងស្ន មូលច្បូកដែកក្ដៅ
ចាក់នឹងលំពែង ស៊កសែងចោលទៅ ក្នុងទីរណ្ឌៅ
ភ្លើងភ្លឺពុំក្សាន្ដ។
កំណត់ជន្មា នរកនោះហា- រយឆ្នាំប្រមាណ
គន់គិតនាំគ្នា ត្រូវប្រាំបួនលាន មនុស្សនេះទើបបាន
មួយថ្ងៃនរក។
លុះលង់រដោះ ពីនរកនោះ មកមិនដែលសុខ
កើតជាមច្ឆា មាន់ទាជ្រូកស្រុក គេកាប់សាច់លក់
ប្រាំរយជាតិជាក់។
ទៀងទើបកើតជា មនុស្សមានទោសា គេបាញ់គេចាក់
គេដោតគេកាប់ សម្លាប់ឥតអាក់ ប្រាំរយជាតិជាក់
ពិតពុំសុខអង្គ។
ទើបយកជាតិជា មនុស្សមានរោគា ដំបៅពកឃ្លង់
ជាមនុស្សគមគាក់ ភ្នែកខ្វាក់ខ្វិនខ្វង់ ដៃជើងក្ងែងក្ងង់
ក្ងួរក្ងិតអប្រិយ។
បើបានសក្ដិបុណ្យ ដ្បិតផលពីមុន បានសាងមកក្ដី
ពៀរកម្មអាត្មា ឲ្យអាយុខ្លី ពុំយឺនជីវី
ជីវិតដល់ចាស់។
ទោះបីធ្វេសធ្វើ កាយកម្មបាបបើ បោះបង់ក្រឡាស
ក្រឡាប់លែងលះ ប្រែប្រាស់រហ័ស ដឹងដោយធម៌ច្បាស់
គន់គិតយង់យល់។
ខ្លាចបាបខ្មាសបាប ចៀសចាកដរាប ជីវិតសត្វសល់
គិតពុំពាធា រក្សាដំកល់ ចិត្ដចាំសីលផល
បាណាតិបាត។
បានទៅកើតនា សួគ៌ចាតុម្មហា- រាជិកាជាតិ
ជាអង្គទេវបុត្រ បរិសុទ្ធស្អាងស្អាត ឋិតលើប្រាសាទ
ប្រាំពីរយោជន៍គត់។
ស្រីទេពកញ្ញា ប្រាំរយអង្គា បម្រើបានបទ
បុស្បបង្គំគាល់ រៀងរាល់ប្រាកដ ប្រកបកំណត់
កំណាន់សព្វថ្ងៃ
ប្រាំរយឆ្នាំគត់ ទិព្វទើបច្យុត មកកើតនៅឰ
ត្រកូលក្សត្រក្សាន្ដ សន្ដានថ្លាថ្លៃ រាងរូបល្អក្រៃ
មានលក្ខណាក្ដាត់។
មានកំឡាំងលន់ មានចិត្ដនោះទន់ ប្រណីទុក្ខសត្វ
មានកូនមានចៅ ញាតិផៅពុំព្រាត់ ពុំប្រាសខ្ចាត់ភ្លាត់
ជាសុខដល់ចាស់។
ពុំដែលក្សិណក្ស័យ ជីវិតប្រល័យ ដោយគ្រឿងសហ័ស
បានបរិពារពេក អនេកច្រើនណាស់ ឥតទុក្ខទោសទាស់
ឥតព្យាធិ៍រោគា។
ឥតមានសត្រូវ កំណាចព្យាធរ ព្យូហ៍បៀននិន្ទា
អាយុយឺនយូរ បរិបូណ៌ជន្មា នេះផលបាណា-
តិបាតប្រធាន។
អទិន្នាទានា មនុស្សលួចទ្រព្យា គេគិតចង់បាន
បំបាត់បញ្ឆោត បំពោតបំពាន បំពារអាងមាន
យសសក្ដិឧត្ដម។
លុះលែងជាតិទៅ នរកនាមហៅ កាឡសូត្រអស់យម
បាលចាប់ចង ធាក់ថងដាល់ដំ ឈឺផ្សាពេកពុំ-
សុខសោយទុក្ខា។
ទើបយកបន្ទាត់ ដែកមុតមកផ្ទាត់ សុះសព្វកាយា
ខ្លះយករណារ មកអារអង្គា ពុះពីសិរសា
តល់ទុក្ខទោសទ័ណ្ឌ។
ឈាមហូរសស្រាក់ ស្រែកយំឥតអាក់ ភិតភ័យភាំងភាន់
នៅនានរក រងទុក្ខកំណាន់ កំណត់មួយពាន់-
ឆ្នាំទើបរដោះ។
មួយពាន់ឆ្នាំត្រៃ- ត្រឹង្សទើបមួយថ្ងៃ នៅនរកនោះ
យូរពន់ប្រមាណ លុះបានរួចស្មោះ ពីនរកនោះ
មកជាប្រេតប្រាណ។
កំពស់ត្នោតលៃ រូបអាក្រក់ក្រៃ រកអ្វីឆីគ្មាន
ឆីតែលាមក ជាទុក្ខអត់ឃ្លាន ប្រាំរយជាតិបាន
មកកើតជាមនុស្ស។
កំសត់ពិបាក អត់ឃ្លានតោកយ៉ាក ទុគ៌តទុយ៌ស
ដើរសុំទានឆី ឥតគេសប្បុរស ក្សិណខ្សត់របស់
ប្រាំរយជាតិទៀត។
មានទ្រព្យតិចតួច ចោរចាំលបលួច បានបាត់បង់សៀត
កើតជាខ្ញុំគេ ម្ចាស់វាយជេរទៀត បាបបទបៀតបៀន
ទ្រព្យអ្នកដទៃ។
បើអ្នកឯណា មួយមានប្រាជ្ញា ជវ័នវាងវៃ
វៀរបាបអទិន្នា ទានជាបច្ច័យ មគ្គផលអាស្រ័យ
សម្មាបរិភោគ។
វៀរជំនួញប្រាំ- ប្រការចងចាំ ចិត្ដចេះអធ្យោគ
អធ្យាស្រ័យយល់ ទៅដល់បរលោក ខ្លាចកម្មទុក្ខសោក
ដិតដល់អាត្មា។
អ្នកនោះនឹងបាន ទៅកើតនៅឋាន សួគ៌ត្រៃត្រឹង្សា
មានទេពអប្សរ បវរកញ្ញា មួយពាន់ចោមជា
បរិវារគង់គាល់។
ឋិតប្រាសាទខ្ពស់ ប្រមាណទ្វាទស- យោជន៍យល់ឆើតឆាល់
ត្រដែតត្រដួច បង្អួចរៀងរាល់ សឹងមាសពិពណ៌
ពិចិត្ររចនា។
សោយសុខប្រមាណ មួយពាន់ឆ្នាំបាន ទើបបានជាតិជា
ត្រកូលក្សត្រក្សាន្ដ មែនមានទ្រព្យា ធនធានសក្ដា
ច្រើនពាន់ពេកក្រៃ។
ទើបយកជាតិជា ត្រកូលនៃមហា- សេដ្ឋីប្រពៃ
មានទ្រព្យរបស់ សក្ដិយសថ្លាថ្លៃ ឥតអ្នកដទៃ
ណានឹងប្រៀបបាន។
ទោះចោរខ្មួញខ្មាំង សត្រូវទៀតទាំង- ឡាយលោភធនធាន
ចិត្ដចងវិវាទ ប្រមាថពុំបាន ហេតុអ្នកនោះមាន
ផលលះលោកលែង។
កាមេសុមិច្ឆា ទោះអ្នកឯណា ចិត្ដចោរវង្វេង
លួចភរិយាគេ ឥតឯមានក្រែង ស្រីផិតប្ដីឯង
អំពើឆោតឆុត។
អ្នកនោះនឹងទៅ ទល់ទុក្ខនិត្យនៅ សង្ឃាតនរក
ទាំងប្រុសទាំងស្រី ឥតបីមានសុខ រូបរងទោសទុក្ខ
លំបាកមហិមា។
យមបាលបាន ដាវដេញឲ្យពាន ឡើងដើមរកា-
ដែកដាលជាភ្លើង ខ្ពស់ឡើងគណនា មួយយោជន៍បន្លា
ច្រើនច្រុះច្រាងច្រូង។
ស្រីពានឡើងមុន មុតខ្លួនទុរន់ ស្រែកយំរលូង
ប្រុសឡើងតាមទៅ មុតត្រូវដើមទ្រូង ធ្លុះថ្លើមបេះដូង
ឈាមហូរសស្រាក់។
មានឆ្កែសច្រាល ប៉ុនដំរីសារ ខឹងខាំកន្ដ្រាក់
ជញ្ជែកហួរហែក ត្មាតក្អែកឆក់ឆាក់ ចឹកចោះធ្លុះធ្លាក់
ខ្លួនដល់ដែកដាល។
ឆូរឆេះជាភ្លើង ភ្លឺផ្លេកច្រាលឡើង ព្រោងព្រាយរន្ទាល
ឆេះខ្លួនក្រៀមក្រំ ទើបយមបាល បរបណ្ដេញដាល
ឲ្យឡើងទៀតទៅ។
ស្លាប់ក្នុងមួយថ្ងៃ ពីរពាន់ដងនៃ តាមកំណត់នៅ
អសារអសោចិ៍ លន្លោចក្ដាត់ក្ដៅ ពីរពាន់ឆ្នាំនៅ
រស់រងទោសទុក្ខ។
អាយុពីរពាន់នរក ឆ្នាំទិព្វគ្រប់គ្រាន់ យាមាសួគ៌សុខ
ទើបបានមួយថ្ងៃ មួយយប់នរក រងរួចទោសទុក្ខ
យោងយកជាតិជា។
សត្វតិរច្ឆានឆុក គេក្រៀវព្យួរទុក ទោសតាមវេរា
កាយកម្មអង្គឯង វង្វេងមោហា ប្រាំរយជាតិជា
ទុកទៀតអប្រិយ។
កើតជាខ្ទែរខ្ទើយ ប្រាំរយជាតិហើយ មកកើតជាស្រី
ប្រាំរយជាតិជា កំព្រាព្រាត់ប្ដី ដោយនៅវៀរវី-
បាកបាបពៀរធ្ងន់។
ទើបកើតជាប្រុស អាក្រក់ទុយ៌ស មកមានប្រពន្ធ
ចើកចោរផាយផិត ពុំគិតបាបធ្ងន់ ហេតុពៀរពីមុន
បរទារការគេ
បើអ្នកណាមាន វិញ្ញូញេយ្យញាណ ប្រុសប្រាជ្ញប្រាសប្រែ
ចិត្ដចេះចាំចៀស រវៀសបានបែរ វៀរបាបកាមេ-
សុមិច្ឆាចារ។
អ្នកនោះនឹងទៅ សោយសម្បត្ដិនៅ សួគ៌សុខយាមា
ឋិតលើប្រាសាទ ស្អាងស្អាតសោភា កំពស់អដ្ឋា-
រសយោជន៍យល់យង់។
ភ្លឺផ្លេកចិញ្ចាច ចិញ្ចែងត្រដាច ត្រដួចដោមដុង
មានទេពអប្សរ ចវរគាល់គង់ ពីរពាន់សឹងទ្រង់
ឆោមឆាយបរិសុទ្ធ។
អាយុពីរពាន់ ឆ្នាំទិព្វគ្រប់គ្រាន់ ចាកចុះច្យុត
យោនយកកំណើត កើតជារាជបុត្រ ថ្លៃថ្លាវិសុទ្ធ
វិសេសប្រសើរ។
ប្រកបកិរិយា ត្រឹមត្រូវលក្ខណា គាប់គួរមៀងមើល
ជាស្រីគ្រប់លក្ខណ៍ ឯកអគ្គប្រសើរ ទោះដេកទោះដើរ
សឹងសុខសែនសល់។
មុសាវាទា ទោះអ្នកឯណា កុហកកាចកល
មានពាក្យរឹងរូស ប្រទូស្ដកំហល់ កំហឹងរកកល
គិតកាច់កិនគេ។
បញ្ឆុកបញ្ឆោត បញ្ឆៀងបំពោត បំពានវៀចវេ
ពោលពាក្យភូតភរ បង្អរស្រាលស្រែ អោយបង់ទ្រព្យគេ
ឲ្យគេកើតទុក្ខ។
អ្នកនោះនឹងទៅ ទល់ទុក្ខនិត្យនៅ រោរពនរក
បានបួនពាន់ឆ្នាំ រងកម្មពុំសុខ ព្រោះមាត់អាក្រក់
ពោលពាក្យមុសា។
យមបាលយក ដង្កាប់ដែកមក ដុតដកជីវ្ហា
ឈាមហូរសស្រាក់ កន្ដ្រាក់អង្គា ចុះទៅនៅនា
រណ្ដៅធំក្រៃ។
បួនពាន់ឆ្នាំណា សួគ៌តុសិតា ទើបបានមួយថ្ងៃ
រោរពនរក រងទុក្ខរងភ័យ យឺនយូរកម្រៃ
កម្ររដោះ។
លុះរួចមកបាន កើតជាប្រេតប្រាណ អសោចិ៍សូន្យសោះ
កម្មកើតអគ្គី ឆេះពីមាត់នោះ ស៊ីសឹងឈាមខ្ទុះ
ជាតិជាអាហារ។
ទើបកើតជាមនុស្ស អាក្រក់អប្បយស មាត់វៀចឆែបឆា
កើតជាមនុស្សល្ងង់ គថ្លង់ឥតការ ឥតកេរ្ដិ៍អសារ
អសោចិ៍ពីមាត់។
បើអ្នកឯណា វៀរពាក្យមុសា- វាតវៀចគិតកាត់
កាន់សច្ចវចី ស្រដីពាកសត្យ នឹងបានសម្បត្ដិ
សួគ៌សោយសុខា។
ពិភពតុសិត អាយុយឺនក្ដិត(ក្ដាត់) បួនពាន់វស្សា
មានទេពអប្សរ បវរធីតា បួនពាន់ជាតិជា
បរិវារសព្វថ្ងៃ។
ឋិតលើប្រាសាទ ប្រសើរស្អាងស្អាត សឹងកែវប្រពៃ
ខ្ពស់ម្ភៃប្រាំយោជន៍ ស្រោងស្រួចត្រឈៃ សុខសប្បាយក្រៃ
ឥតឯឧបមា។
បានបួនពាន់ឆ្នាំ ទិព្វទើបផលនាំ ចុះមកកើតនា
ត្រកូលក្សត្រក្សាន្ដ មែនមានប្រាជ្ញ ទើបទៅកើតជា
អ្នកប្រាជ្ញចេះធម៌។
មែនមានពាក្យសត្យ ពាក្យពីរោះក្ដាត់ ចេះចាំអស់អាថិ
ចំណោទប្រស្នា បញ្ហាសព្វសារ- ពើពុំពិភាល់
ដល់ប៉ុនកេសី។
សុរាមេរយា រីមនុស្សផឹកស្រា ភ្លេចភ្លាំងស្មារតី
ក្រសាលជាល្បែង ពុំក្រែងវៀរវី- បាកបាបស្រដី
ពុំជឿធម្មា។
នឹងធ្លាក់ទៅនៅ នរកជ្រាំជ្រៅ រូបរងវេទនា
ដល់តាបន៍នរក ទល់ទុក្ខមហិមា យឺនយូរគណនា
ប្រាំបីពាន់ឆ្នាំ។
ហេតុចិត្ដវង្វេង ផឹកទឹកទង់ដែង ក្ដៅក្ដាត់ជោកជាំ
រលាករលុះ ពង់ពុះដោយកម្ម ប្រាំបីពាន់ឆ្នាំ
និម្មានរតី។
ទើបបានមួយថ្ងៃ នរកយូរក្រៃ លង់លុះឡើងពី
បាបបានកើតជា យក្សាតិរ្ថិយ ជាមនុស្សអប្រិយ
សឹងឆ្កួតលេលា។
មានពាក្យអសុរោះ ពាក្យរឹងទ្រគោះ លលីលលា
អ្នកផងតិះដៀល ដំនៀលនិន្ទា ជាមនុស្សមោហា
ជួរជាតិខ្លួនខ្លៅ។
បើអ្នកឯណា វៀរសេពសុរា នោះនឹងបានទៅ
សោយសុខឋិកឋាន ភិមានសន្ធៅ សឹងកែវនិត្យនៅ
និម្មានរតី។
កំពស់ប្រាសាទ សាមសិបយោជន៍ស្អាត ប្រកបសឹងស្រី
ទេពអប្សរសួគ៌ គាល់គួរប្រាំបី- ពាន់ជាប្រក្រតី
រាល់រៀងទិវា។
អាយុប្រាំបី- ពាន់ឆ្នាំទិព្វពី នោះមកកើតជា
ស្ដេចស្ដែងថ្កើងថ្កាន មែនមានចេស្ដា ប្រកបប្រាជ្ញា
ចេះចាំធម៌គាប់។
មានចិត្ដខ្លាចបាប ខ្លាចពៀរដរាប មានស្មារតីខ្ជាប់
ជវ័នប្រាជ្ញប្រុះ ឆ្លាស់ឆ្លុះយល់គាប់ ពាក្យពោលគំនាប់
គំនិតសោតធ្ងន់។
អំពើទាំងប្រាំ ប្រការចូរចាំ ចិត្ដចេះគិតគន់
ចៀសបញ្ចវេរា កម្មជាទម្ងន់ មិនមានមោះម-
ន្ទិលទាស់ទោសទុក្ខ។
រក្សាសីលប្រាំ នេះឯងនឹងនាំ រូបរួចបានសុខ
រៀងដល់និព្វាន មិនមានឆោតឆុក ផុតពីនរក
សោយសួគ៌សម្បត្ដិ។
ឯអស់សេនា សេនីយប្រជា- រាស្ដ្ររាជបរិស័ទ
ទទួលសីលប្រាំ ចងចាំប្រយ័ត្ន ប្រយោជន៍ពុំភ្លាត់
ភ្លេចភ្លាំងគ្រប់គ្នា។
ស្ដេចសោយរាជរុង- រឿងរះកំឡុង សកលភារា
ហាក់ដូចនគរ បវរសួគ៌ា សឹងសុខសួស្ដិ៍សា-
សប្បាយបរិបូណ៌ក្រៃ។
ស្ដេចឲ្យសាងសង់ មណ្ឌលមាសម- ង្គលគួរប្រពៃ
ដាក់ធាតុសិរសា បិតាថ្លាថ្លៃ បូជាសព្វថ្ងៃ
ទៀនធូបភ្ញីផ្កា។
មានបុណ្សអស្ចារ្យ ល្បីឮទៅទល់ ប្រទេសនានា
ស្ដេចមួយរយមួយ នាំសួយភ្ញីផ្កា មាសប្រាក់រតនា
មកថ្វាយក្សត្រថ្លៃ។
ហេតុព្រះបារមី ស្ដេចសាងអំពី មុនមកក្រាស់ក្រៃ
នឹងបានត្រាស់ត្រាច់ សារពេជ្ញញាណញេយ្យ ទើបស្ដេចទីទៃ
នាំសួយមកថ្វាយ។
ហើយព្រះភូបាល ស្ដេចឲ្យនាំសារ សំនួរដង្វាយ
សួរព្រះបិតា មាតាឯងនាយ សព្វឆ្នាំតែងថ្វាយ
ទ្រព្យពុំដែលដាច់
ស្ដេចទ្រង់សទ្ធា លង់លុះជរា ចាស់ជន្មសម្រេច
សោយវិលាល័យ ក្សីណក្ស័យផ្ដិលផ្ដាច់ ជីវិតស្ដែងស្ដេច
ទាំងបួនអង្គ។
ទៅកើតនាឋាន សួគ៌សុខវិមាន ដល់តុសិតា
ឋិតលើប្រាសាទ ស្អាងស្អាតរចនា សឹងទេពកញ្ញា
គង់គាល់ក្រាស់ក្រៃ។
សម្ដេចភគវា បន្ទូលទេសនា ដោយពុទ្ធញាណញេយ្យ
ថ្លែងពីបុព្វជាតិ ដោយខ្នាតវិស័យ ត្រេកត្រាស់ថាហៃ
អស់អង្គភិក្ខុផង។
រីព្រះទេវទត្ដ ទ្រុស្ដទ្រឹស្ដកាចក្ដាត់ ប្រមាថប៉ុនប៉ង
ពិឃាដតថា- គតដោយបំណង ចំណង់ចិត្ដចង
ពៀរពីមុននាយ។
ពុំបានដូចចិត្ដ អសារគំនិត កំណាចអន្ដរាយ
អង្គឯងវិនាស ព្រាត់ប្រាសខ្ចាត់ខ្ចាយ ទៅចតុរាបាយ
ច្រើនជាតិពេកពិត។
រីចិត្ដទោសា មានហេតុបីប្រា- ការគួរគន់គិត
មួយនាមាមាន បាសាណលិខិតុ(១) បមោគំនិត
គំនុំចងទោស។
ដូចគេគូសថ្ម ចិត្ដនោះកម្រ អ្នកណានឹងប្រោស
នេះដូចទេវទត្ដ ឯងឥតសន្ដោស ចិត្ដចាំចងទោស
ពៀរពុំរសាយ។
បឋវិលិខិតុ- បមោដូចចិត្ដ អរហន្ដទាំងឡាយ
ខឹងដូចគូសដី ស្នាមថ្មីស្លាកស្លាយ ត្រូវភ្លៀងរលាយ
រលុបបាត់បង់។
ឧទកលិខិតុបរមាដូចចិត្ដសារពេជ្ញពុទ្ធពង្ស
ខឹងឆាប់រសាយ រលាយបាត់បង់ ដូចគេគូសគ-
ង្គាកូវឥស្នាម។
ហៃអស់អរហន្ដ ភិក្ខុមហាជន ប្រៀបប្រុងប្រាណប្រាម
ប្រដៅចិត្ដខឹង កំហឹងកុំតាម ទេវទត្ដមានស្នាម
ដូចគេគូសថ្ម។
បើអ្នកឯណា មួយមានប្រាជ្ញា មានចិត្ដទន់ល្អ
ពុំខឹងចងពៀរ ពុំនៀរទៅមក៍ ដូចកលគេយក៍
គំនូសគូសទឹក។
ប្រកបសទ្ធា ព្យាយាមឧស្សាហ៍ កតញ្ញូរំលឹក
គុណអ្នកមានគុណ ឥតអន់ភ្លេចភ្លឹក អ្នកនោះបើនឹក
សច្ចាប្រណិធាន។
ប៉ុនប៉ងប្រាថ្នា សម្បត្ដិប្រាជ្ញា សារពេជ្ញសឹងបាន
បរិបូណ៌ដូចចិត្ដ គន់គិតរិះធ្យាន ប្រាកដពុំខាន
បានដូចប្រាថ្នា។
សត្ថាឥមំ ធម្មទេសនំ អាហរិត្វា
រីគាមភោជក មេស្រុករិស្សា ចេរវិលវឹងជា
ទេវទត្ដប្រេតប្រាណ។
ភិក្ខុអើយមហាក្សត្រ នាមព្រះព្រហ្មទត្ដ ទុស្ដទ្រឹស្ដហាវហាន
ប្រមាថព្រះអង្គ ពូជពង្សពុទ្ធញ្ញាណ ចេរវិលវឹងបាន
ជាស្ដេចសុប្បពុទ្ធ។
ឯអង្គព្រះឥន្ទ ចមចៅទេវិន្ទ ទេវាវិសុទ្ធ
អន្ទោដោយខ្នាត យកជាតិចំហុក ជាព្រះអនុរុ-
ទ្ធាចារ្យថេរា។
ទេព្ដានិម្មិត ជារុយគន់គិត នាំណែមាគ៌ា
ចេរវិលវឹងមក យោនយកជាតិជា ភិក្ខុនីនាមា
នាងឧប្បលពណ៌។
ព្រះបាទសត្ដកុដ- រាជាវិសុទ្ធ វិសេសមានធម៌
ជាព្រះសារីបុត្ដ បរិសុទ្ធអស្ចារ្យ ប្រាជ្ញាទូទ័រ
លើសលែងអរហន្ដ។
សុនខសសឹង អន្ទោលវិលវឹង ជាព្រះអនន្ទ
អនុជសាស្ដា ពីព្យាយាមលន់ ឧបដ្ឋាកឥតឆ្អន់
ជាឃ្លាំងធម៌ស្មោះ។
ឯអង្គទេវតា ដែលប្រែកាឡា ជាត្មាតកាលណោះ
អន្ទោលដោយខ្នាត យកជាតិចំពោះ ជាសិស្សឆ្វេងឈ្មោះ
ព្រះមោគ្គល្លាន។
ទេព្ដានិម្មិត ជាក្អែកគន់គិត ចេរវិលវឹងបាន
ជានាងខេមា សោភាមែនមាន សីលសង្រួមប្រាណ
សំណាក់សាសនា។
ឯអង្គដូនចាស់ មានសប្បុរសណាស់ ជាធម៌មាតា
អន្ទោលយោនយក ជាតិមកបានជា នាមនាងកីសា-
គោតមីថេរី។
ភិក្ខុអើយឯមហា- សេដ្ឋីនាមា ហៅភោគវុឌ្ឍី
ចេរវិលវឹងមក យោនយកជាតិ ជាព្រះបាទស្រី-
សុទ្ធោទន៍បិតា។
ភរិយាសេដ្ឋី មាតាពោធី- សត្វសោតបានជា
ព្រះកន្លោងថ្លៃ នៃអញតថា- គតគឺនាងមហា
មយាទេវី។
រីនាងសុខុមា- លន្ទាធីតា មហេសីពោធី-
សត្វសឹងមូលមក យោនយកជាតី ទ្រង់នាមនាងស្រី
យសោធរា។
ទីនាំងអស្សតរ មង្គលបវរ យោនយកជាតិជា
រហុលត្ថេរោ បុត្ដោតថា- គតគឺព្រះរា-
ហុលត្ថេរប្រពៃ។
ព្រះបាទភោគកុល- កុមារនិម៌ល អង្គឺដទៃ
គឺអញឯងច្បាស់ ត្រាច់ត្រាស់ណាណញេយ្យ ជាមកុដត្រីត្រៃ
ភូមិភពពុទ្ធចក្រ។
ជាតិជាគ្រូគ្រប់ នាំសត្វសាយសព្វ លើកឡើងដល់ដាក់
ទាល់ទីទួលឋាន និព្វានជៀងជាក់ ជាតិជាពុំនាក់
ពំនឹងសត្វផង។
ហៃជនទាំងឡាយ ចូរស្ដាប់និយាយ ដំណើរទំនង
ភោគកុលកុមារ ត្រអាលចាំចង រួសរិះរៀនរង
រស់ធម៌ថ្លៃថ្លា។
នឹងបានមគ្គផល បរិបូណ៌បានដល់ ដូចក្ដីប្រាថ្នា
ខ្ញុំថ្លែងសរសើរ ដំណើរភគវា ឥតិប្បកា-
រេនិដ្ឋិតំ។

ចប់រឿងភោគកុលកុមារតែប៉ុណ្ណេះ។