៦ - កុំទុកចិត្តមេឃ
ថ្ងៃសៅរ៍ ទី26.ធ្នូ 2015.ម៉ោង 22:00

                                                                                                                                                                      
កុំទុកចិត្តផ្កាយ  ឆ្ងាយពីផែនដី  មនុស្សស្រីប្រុស
កើតក្នុងលោកីយ៍ បងថ្លៃប្ងូនថ្លៃ កុំបីជឿចិត្ត ។
ទៅរៀនស្រុកច្រើន មិនបានចំរើន ខាងប្រាជ្ញបណ្ឌិត
ត្រលប់ជាឆ្កូត ខិលខូចហួសគិត វិលវល់ប្រុងយិត
ឌឺតបងថ្លៃអែង។

ប្រាំ​ខែ​កន្លង​ផុត​ទៅ​។ ថ្ងៃ​នេះ​លោក​គ្រូ​ពេទ្យ​សែន​មេត្តា ត្រលប់​មក​ពី​ក្រុង​ភ្នំ​ពេញ​វិញ ឃើញ​មាន​កញ្ចិប​កញ្ចប់​ជា​ច្រើន​ ដាក់​ណែន​ល្វែង​ខាង​ក្រោយ​រថ​យន្ត​ប៊ឺ​ហ្សូ ៤០៣ (Peugeot 403) អីវ៉ាន់​ទាំង​នេះ​សុទ្ធ​សឺង​ជា​គ្រឿង​ថ្នាំ​ពេទ្យ និង​ ប្រ​ដាប់​ប្រ​ដា​ដាក់​ប្រើ​ប្រាស់​ខ្លះ​ដែល​លោក​គ្រូ​ទិញ​មក​សំរាប់​ខ្លួន​អែង​ និង ផ្ញើ​ចន​។ ក្រោយ​ពី​ចែក​វត្ថុ​ទិញ​មក​ពី​ទី​ក្រុង​គ្រប់​ៗ​គ្នា ហើយ​លោក​គ្រូ​ក៏​ហូត​សារ​ទូរ​លេខ​ពី​​ក្នុង​ហោ​ប៉ៅ​ បង្ហាញ​ទៅ​ភរិយា​សំលាញ់​ ដោយ​និយាយ​បន្ថែម​លើ​សេច​ក្ដី​ក្នុង​ទូរ​លេខ​នោះ​ថា​៖

- ប្អូនជីដូនមួយបង គេនឹងត្រលប់មកពីស្រុកបារាំងនៅថ្ងៃចន្ទខាងមុខនេះ
- ប្អូនមួយណាទៅបង ?
ចន្ទីសួរទ្រង់ឆ្ងល់
- សារីនោះអី! អូនភ្លេចគេហើយរឺ?
ចន្ទីនៅស្ងៀមមួយសន្ទុះក៏ងក់ក្បាលរកនឹក
- អូ៎! ខ្ញុំនឹកឃើញហើយ! លោកសារីដែលបងធ្លាប់និយាយប្រាប់ខ្ញុំថា ទៅរៀនខាងសាលាភាពាណិជកម្មនោះ រឺ ?
- ហ្នឹងហើយអូន !
- ខ្ញុំពុំដែលស្គាល់មុខច្បាស់សោះធ្លាប់ឃើញតែក្នុងរូបថត
- ម្ដេច​អូន​ស្គាល់​ច្បាស់​! បើ​កាល​សារី​នៅ​ស្រុក​ខ្មែរ​បង​មិន​ទាន់​រៀប​ការ​អូន​ផង​! ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​អូន​នឹង​បាន​ឃើញ​បាន​ស្គាល់​គេ​ច្បាស់​ហើយ​​
មួយ​អាទិត្យ​ក្រោយ​មក សារី​ក៏​ធ្វើ​ដំណើរ​មក​ដល់​មាតុ​ប្រទេស​វិញ​។ គ្រាន់​តែ​មក​ដល់​ភ្នំ​ពេញ​មួយ​ថ្ងៃ និស្សិត​បរ​ទេស​ក៏​បើក​ឡាន​មក​លេង​ជា​មួយ​បង​ជី​ដូន​មួយ​ភ្លាម ដោយ​សេច​ក្ដី​នឹក​ក្នុង​ការ​ព្រាត់​គ្នា​យូរ​ឆ្នាំ និង ចង់​ឃើញ​មុខ​បង​ថ្លៃ ដែល​ ល្បី​ថា​ស្អាត​ណាស់​នោះ​ផង​។
ពេល​ដែល​សារី​បើក​ឡាន​មក​ដល់ ជា​ពេល​លោក​គ្រូពេទ្យ​ និង ចន្ទី​នៅ​លើ​ផ្ទះ ឃើញ​ចន នឹក​ស្មាន​ជា​អ្នក​បំរើ​ថែ​សួន​ច្បារ ក៏​ប្រើ​វាចា​គំរោះ​គំរើយ​ដូច​ចោល​ដឹង​ទាំង​ដង​ តាម​អារ្យ​ធម៌​បរ​ទេស​ចក្រ​ពត្រ​និយម​ថា៖
- នែ! អាគាត់នេះ! លោកគ្រូមាននៅផ្ទះទេ?
ចន លឺដែរតែធ្វើមិនលឺគិតតែខំជ្រុំដីដាំផ្កាតទៅទៀត
សារីឃើញចនមិនងាកក្រោយ នឹកស្មានថាថ្លង់ក៏គំហកអោយខ្លាំងជាងមុន
- អាគាត់ថ្លង់ស្អីគេនេះ! លឺអញសួរទេលោកគ្រូពេទ្យនៅរឺមិននៅ ?
ម្ដងនេះអត់ទ្រាំស្ងៀមមិនបាន ចនក៏បែរមកឆ្លើយវិញថា៖
- លោកសួរអ្នកណាទាន ?
- អញសួរអាគាត់អែង ដែលជាគូលីដាំផ្កាហ្នឹងណា៎!
- ហ៎ៈ! ហា! (ចន​សើច​ចំអក​) អត់​ទោស​ទៅ​ចុះ​លោក​! ខ្ញុំ​មិន​មែន​ឈ្មោះ​អាគាត់​នេះ​ទេ​? ហើយ​បើ​ទុក​ជា​ខ្ញុំ​គូលី​ ក៏​មិន​មែន​គូលី​លោក​អែង​ដែរ​​
និស្សិត​បរ​ទេស ភ្លើង​កំហឹង​ឆាប​ឆេះ​ក្រហម​មុខ​ដូច​មាន់​គក​មួយ​រំពេច​។ នាយ​សួរ​ទៅ​ចន​ចង្អុល​ដៃ​មក​ខ្លួន​អែង​ញ័រ​ទទ្រើត​
- អែងដឹងអញហ្នឹងជាស្អីទេ
- បាទដឹង! លោកជាមនុស្សដើរលើដីដូចជាខ្ញុំអីចឹងដែរ
- យើ! អាព្រហើន! តិចអែងអា
សារីរៀបស្ទុះទៅវាយចន ទទួលឃើញលោកគ្រូពេទ្យចេញមកក៏អាក់ខាន
- សារីប្អូនឡើងមក! យី! មិនហ៊ានអោយដំណឹងមុនសោះតេម្ដង
- ចុះបង​ប្អូន​អែង​ចាំ​បាច់​ទៅ​ធ្វើ​អ្វី អោយ​វា​អធិក​អធម​ហួស​ហេតុ ខ្ញុំ​មិន​ចង់​អោយ​បង​រវល់​កំប៉ិក​កំប៉ុក ដោយ​សា​តែ​ខ្ញុំ​មក​លេង​ទេ​
ថា​ហើយ សារី​ក៏​ដើរ​ឡើង​ជណ្ដើរ​ទៅ​លើ​ផ្ទះ ងាក​មើល​ចន​ម្ដង​ទៀត​ដោយ​ក្រសែ​ភ្នែក​គុំ​គួន តែ​ចន​ត្រលប់​ជា​សើច​ចំអក​បញ្ជូន​ដំណើរ​អោយ​គេ​ទៅ​វិញ​។ ក្រោយ​ពី​អង្កុយ​សាក​សួរ​សុខ​ទុក្ខ របៀប​បង​ប្អូន​ព្រាត់​គ្នា​យូរ​បន្តិច​ហើយ សារី​ក៏​សួរ​លោក​គ្រូ​ពេទ្យ​ពី​រឿង​ចន​
- ម្នាក់ប្រុសដែលនៅដាំផ្កាមុខផ្ទះបងវាជាគូលីរឺ ?
- មិនមែនទេប្អូន! គេជាប្អូនចិញ្ចឹមរបស់បងទេតើ
សារីហូតបារីស៊ីហ្គា (Cigar) មកអុជជក់គ្រវីក្បាលរួចនិយាយ
- ម្នាក់ហ្នឹងបើតាមខ្ញុំសង្កេតមើលលក្ខណ: អិរិយាបថដូចជាមនុស្សមិនគួរអោយទុក្ខចិត្តសោះ
- ទេ! បើតាមបងមើលដូចជាមនិអី! លោកគ្រូដឹងថាសារីស្អប់ចនក៏នាំនិយាយបន្លប់ផ្លាស់រឿង
- ប្អូនមកដល់ស្រុកខ្មែរវិញហើយ មិនទាន់គិតគូររឿងប្រពន្ធទេរឺ ?
សារីបង្ហុយផ្សែងស៊ីហ្គា (Cigar) គ្រវីក្បាលញាក់ស្មារបៀបជនអឺរុប
- នៅ​ស្រុក​បារាំង​វា​សប្បាយ​ឆ្អែត​ឆ្អន់​ណាស់​ទៅ​ហើយ ខ្ញុំ​មក​ដល់​ស្រុក​ខ្មែរ​ពីរ​ថ្ងៃ​ថ្មី​ៗ ដូច្នេះ​រឿង​ប្រពន្ធ​កូន​ដូច​ជា​មិន​ទាន់​នឹក​ឃើញ​សោះ ​!
ចន្ទី នឹកពេញចិត្តរាងដ៏ស្រស់ស្អាតសង្ហារបស់ប្អូនថ្លៃ ។ នាងញញឹមដាក់សារីបន្តិចទើបនិយាយថា៖
- យើងខ្មែរ! ម៉េចៗកុំភ្លេចស្រីខ្មែរ សាសន៍ជាតិយើងបានហើយ
- អូ៎! អារឿងភ្លេចមិនភ្លេចទេ គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ?
- បើត្រូវចិត្តមួយណា អាណិតប្រាប់អោយបងបានដឹងផង (លោកគ្រូពេទ្យនិយាយ)
- កុំព្រួយអោយសោះបងរឿងហ្នឹង! ដល់ខ្ញុំមានការខ្ញុំគង់តែមកពឹងពាក់បងទាំងពីរទេ
សារី នៅ​លេង​ទាល់​តែ​រសៀល​ត្រជាក់់​ទើប​លា​ត្រលប់​ទៅ​ភ្នំ​ពេញ​វិញ ដោយ​សន្យា​ថា នឹង មក​លេង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ក្រោយ​ទៀត​។ រថ​យន្ត​សារី បើក​ចេញ​ផុត​ពី​របង​ផ្ទះ​កល្យាណ​ក៏​ដើរ​ទៅ​ជិត​ចន​ហើយ​និយាយ​ថា៖
- ខ្ញុំដូចជាស្អប់ឫកលោកសារីស្អីគេហ្នឹងដល់ហើយបងចន
- ហេតុបានជាអូនស្អប់ ? (ចនសួរមកវិញ)
- កាច់​រាង​ជ្រុល​! ទៅ​រៀន​បរ​ទេស​យូរ ត្រលប់​មក​វិញ​ចង់​ភ្លេច​ទំនៀប​ទំលាប់​ខ្មែរ​អស់ សូម្បី​តែ​ស្រី​ៗ ជំរាប​សួរ​ក៏​ចាប់​ដៃ​ដែរ! បើ​អង្គុយ​និយាយ​វិញ​ញាក់​ស្មា​អោយ​ពព្រើត​ដូច​ស្វា​អីចឹង​
- មនុស្សគេថ្លៃថ្នូរចង់ធ្វើយ៉ាងម៉េចក៏នៅតែសមដែរកល្យាណ
ថាហើយ ចនក៏លើកចបកាប់គាស់ដីតទៅទៀត។ លោកគ្រូពេទ្យដើរចុះពីលើផ្ទះសំដៅតំរង់មកកាន់កន្លែងចននិងកល្យាណ
- ចនអែងព្រឹកមិញ! មានកើតរឿងអ្វីជាមួយសារីរឺ ?
លោកគ្រូពេទ្យសួរ
ចន ដាក់ចបចុះពីដៃបន្ទន់ខ្លួនឆ្លើយទៅលោកពេទ្យដោយគោរព
- បាទ! អត់ទោសទាន! លោកសារីគាត់អញ្ជើញមកដល់ក៏តាំងសួរដោយពាក្យគំរោះគំរើយថា អាគាត់នេះ លោក​គ្រូ​ពេទ្យ​មាន​នៅ​ផ្ទះ​ទេ​? ខ្ញុំ​បាទ​ក៏​ឆ្លើយ​ដោយ​ស្រួល​តប​ទៅ​លោក​វិញ ថា​ខ្ញុំ​បាទ​មិន​មែន​ឈ្មោះ​អាគាត់​នេះ​ទេ​ គ្រា ន់​តែ​ប៉ុណ្ណឹង​ លោក​សារី​ក៏ខឹង​ច្រ​លោត​តោត​តូង​ដាក់​ខ្ញុំបាទ …​!
- ណ្ហើយ! ថ្ងៃក្រោយខ្ញុំសូមចិត្តចន កុំអោយមានរឿងកំប៉ិកកំប៉ុកមិនសមជារឿងដូច្នេះកើតឡើងបានទៀត
វាចាចប់លោកគ្រូពេទ្យក៏ដើរចេញពីកន្លែងចន តំរង់ទៅរោងទុកឡានបើកចេញទៅបាត់ទៅ ។
********************************************************************

មួយ​អាទិត្យ​ក្រោយ​មក​សារី​ក៏​មក​លេង​ផ្ទះ​លោក​គ្រូ​ពេទ្យ​ម្ដង​ទៀត​ តាម​ពាក្យ​សន្យា​។ ការ​ទាក់​ទង​រាប់​អាន​ជិត​ដិត​ស្និទ្ធ​ស្នាល​រវាង​សារី​ នឹង ភរិយា​ក្មេង​លោក​គ្រូ​ពេទ្យ​កាន់​តែ​រីក​ចំរើន​ឡើង​ជា​លំដាប់​។ អីលូវ​នេះ​សារី​មក​លេង​ផ្ទះ​លោក​គ្រូ​ពេទ្យ​សែន​​មេត្តា​ ស្ទើរ​តែ​រាល់​ថ្ងៃ ហើយ​រាល់​លើក​ដែល​គេ​មក​លេង​គេ​តែង​បបួល​ចន្ទី​អោយ​ជិះ​ឡាន​ជា​មួយ​គេ ដើរ​លេង​តាម​ទី​ក្រុង និង តាម​ទី​កន្លែង​សប្បាយ​ៗ អែ​ទៀត​ជា​ច្រើន ទាល់​តែ​ល្ងាច រឺ យប់​បាន​ជូន​នាង​ត្រលប់​មក​ផ្ទះ​វិញ​។ លោក​គ្រូ​ពេទ្យ​អិត​ដែល​គិត​ប្រច័ណ្ឌ​ រឺ​ អាក់​អន់​ចិត្ត​អ្វី​ នឹង ភរិយា​ទេ លោក​គិត​ថា អ្នក​ទាំង​ពីរ​ស្រលាញ់​រាប់​អាន​ក្នុង​ឋាន​ជា​បង​ប្អូន​ប៉ុណ្ណោះ ណា​មួយ​លោក​គ្រូ​ខ្លួន​អែង​គ្មាន​ពេល​ទំនេរ​នាំ​ប្រពន្ធ​ដើរ​លេង​បាន សារី​នាំ​ដើរ​អោយ​នាង​រីក​រាយ​ដូច្នេះ​ ធ្វើ​អោយ​លោក​មាន​បីតិ​សោ​ម​នស្ស​រីក​រាយ​កាន់​តែ​ច្រើន​ឡើង​។

តែ​អនិច្ច​! សារី​ និង ចន្ទី​បាន​ប្រ​ព្រឹត្ត​ហួស​ពី​ការ​យល់​របស់​លោក​គ្រូ​ពេទ្យ​សែន​មេត្តា​ទៅ​ហើយ អ្នក​ទាំង​ពីរ​កំពុង​នាំ​គ្នា​ចុះ​មុជ​ទឹក​ក្ដៅ​ក្នុង​ខ្ទះ​ទង់​ដែង​នរក​លោកីយ៍​។ មើល​ចុះ​ថ្ងៃ​នេះ​សារី​នាំ​បង​ថ្លៃ​ចិត្ត​កាកី​ មក​លេង​ផ្ទះ​ទឹក​ជ្រោះ​អំពិល​​ស្ងាត់​តែ​ពីរ​នាក់​ ​។ ចន្ទី​ស្លៀក​ម៉ៃ​យោ​បញ្ចេញ​សាច់​ភ្លៅ​ស​ស្គុះ​ទ្រលុក​ទ្រលន់​ រី​អែ​សុដន់​ទាំង​គូរ​បស់​នាង ប្រឹង​ស្ទុះ​ដក​ដង្ហើម​ចេញ​ពី​សាច់​អាវ​ទទឹក​ទុល​ស្ទើរ​ប្រេះ​។ សារី​ដេក​កើយ​ភ្លៅ​ជួន​គេ​អោប​ ជួន​គេ​ជញ្ជក់​សាច់​ស​ខ្ចី​គល់​ភ្លៅ ផុត​ពី​ហ្នឹង​គេ​ឈោង​ដៃ​ទៅ​ច្របាច់​ដោះ​ ធ្វើ​កាយ​វិការ​ដូច​ជា​ច្របាច់​ស៊ី​ហ្លេរ​ថយន្ត​។ អោ​! នរក​! នេះ​ប្រាកដ​ជា​សត្វ​នរក​ទាំង​ពីរ​នាក់​មែ​ន​ តើ​បង​ថ្លៃ​ប្អូន​ថ្លៃ​របៀប​នេះ ក្នុង​លោក​នៅ​មាន​ក្រៅ​ពី​សត្វ​នរក​សារី និង​ ចន្ទី​ទេ​! បើ​នៅ​មាន​ច្រើន​ទៀត សូម​អិន្រ្ទ​ព្រហ្ម យម​លោក និង អារក្ស​អ្នក​តា​រក្សា​ទឹក​ដី​​ទាំង​ប៉ុន្មាន​ជួយ​ផ្ដន្ទា​ទោស​អូស​ក ទំលាក់​ចុះ​ទៅ​ក្នុង​ខ្ទះ​ទង់​ដែង​អោយ​អស់​ពូជ​សូន្យ​សុង​ កុំ​អោយ​នៅ​មាន​យល់​ស្រ​មោល​របៀប​នរក​ភ្នែក​ស្រស់​អីចឹង​ទៀត​។ ជួយ​មើល​ចុះ​! អា​សត្វ​នរក​ឈ្មោល​ដេក​កើយ​ភ្លៅ​មេ​សត្វ​នរក​ញី​។ មេ​សត្វ​នរក​ប្រាំពីរ​ពាន់​ ជាតិ​មិន​ឃ្លាត​ឆ្ងាយ​ពី​ខ្ទះ​ទង់​ដែង​ បក​ផ្លែ​សាវ​ម៉ាវ​ស៊ី​នៅ​ក្នុង​មាត់​វា​ហើយ​ខ្ជាក់​បញ្ជូក​ទៅ​ក្នុង​មាត់​អាសត្វ​នរក​ឈ្មោល​ អា​នោះ​ត្របាក់​ត្រី​ឃើញ​នុយបណ្ដាល​អោយ​មី​ឆ្អឹង​ស៊ុប​ខ្ទះ​ទង់​ដែង​សើច​កាច់​ក​កាច់​ស្រង់ និយាយ​មាយា​ដក​ខ្ញី​ថា៖

- ស្អប់ណាស់បងសារី! ត្របាក់រកតែគេដកដៃមិនទាន់ តែដាច់ដៃអូនហ៊ឹះ! បងអែងប្រយ័ត្ន
សារី ស្ទុះ​ក្រោក​ភ្លែត​អង្គុយ​ទល់​មុខ​ចន្ទី​ទាញ​ប្រាណ​ទេព​ធីតា​ក្នុង​រាង​កាយ​នរក​ មក​អោប​ថើប​ញក់​ញី​អស់​ចិត្ត​អស់​ចង់​ទើប​លឺ​និយាយ​ថា​៖
- ចន្ទីអូន យើង​កាល​ណា​ទៅ​ហ្ន៎? នឹង​បាន​នៅ​រួម​គ្នា​ជា​ប្ដី​ប្រពន្ធ​ពេញ​លក្ខណៈ​ របៀប​លួច​លាក់​ដូច​សព្វ​ថ្ងៃ​បង​តឹង​ទ្រូងណាស់!
- អូនក៏អីចឹងដែរ! សព្វ​ថ្ងៃ​បន់​អោយ​តែ​បង​មេត្តា​ស្លាប់​ឆាប់​ៗ​​ទៅ​​ទេ នឹង​អាល​យើង​បាន​រស់​នៅ​ជា​មួយ​គ្នា​អស់​ការ​ព្រួយ​បារម្ភ​
- ហ៊ឺ! សព្វថ្ងៃបងស្រលាញ់អូនស្ទើរលេប បើលេបបាន ម៉្លេះសមបងលេបអូនទុកក្នុងពោះបាត់ទៅហើយ
- ចុះបងខ្ជាក់អូនចេញមកនៅពេលណាវិញ ! រឺទុកក្នុងពោះរៀងរហូតទៅ !
ចន្ទីស្រីកាកី និយាយធ្វើភ្នែកព្រឹមៗ បំពក់ភ្លើងកាមរាគ សារីអោយពុះពោរដល់កំរិត ។ សារីលឺដូច្នោះស្ទុះទៅថើបញក់ញីម្ដងទៀត។
- បងមិនលេបអូនទុកក្នុងពោះ រហូតទេ បង នឹងខ្ជាក់អូន យក​អូន​ចេញ​ប្រលែង​នៅ​កន្លែង​ស្ងាត់ ហើយ​មាន​បន្ទប់​យ៉ាង​ដូច្នេះ។

ថា​ហើយ បុរស​កំពុល​មុខ​ដោយ​ពិស​តណ្ហា ក៏​បី​ប្រាណ​នាង​កាកី​ចូល​ទៅ​សំរេច​គោល​បំណង​នៅ​ក្នុង​បន្ទប់​ផ្ទះ​ទឹក ពេល​នៅ​នោះ​ទៅ​។ នៅ​ខាង​ក្រៅ ផ្ទៃ​ទន្លេ​ឡើង​រញ្ជួញ​បែក​រលក​បោក​ផ្កា​ត្រែង​រលក​តូច​ៗ រាក់​រយ​ពាន់ នាំ​គ្នា​រត់​ទៅ​បោក​ខ្លួន​ប៉ះ​គែម​ផ្ទះ​ទឹក​ស្ថាន​សួគ៌​ជ្រោយ​អំពិល​លឺ​សូរ​គិប​! គិប​! ហាក់​ដូច​ជា​ជួយ​ធ្វើ​ចង្វាក់​បន្ទរ​​អោយ​សត្វ​នរក​ទាំង​ពីរ​នៅ​ខាង​ក្នុងបន្ទប់​រឹង​រិត​មាន​សកម្ម​ភាព​ជ្រួល​ជ្រើម​ក្នុង​សមុទ្រ​តណ្ហា​កាន់​តែ​ខ្លាំង​ឡើង​ៗ ជា​លំដាប់​។ សម​ដូច​ពាក្យ​ព្រូ​ឡាន​ចំណាំ​និយាយ​ ចំអន់​គ្នា​លេង​ថា ៖ «លោក​គ្រូ​វ៉ាឡាន​មុខ​ កុំទុក​ឡាន​ក្រោយ ថ្ងៃ​នេះ​ប៉ៃ​អោយ​អស់​ដួយ»។