កំណប់ភុជង្គនាគ
ដោយ វង់ ផឿង
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
៣ -មាស ១០០០គីឡូក្រាម
ថ្ងៃសៅរ៍ ទី22.ធ្នូ 2018.ម៉ោង 7:56
នៅសងខាងផ្លូវ អច្ឆរិយា គយគន់ព្រៃធំដែលលាតសន្ធឹងរហូតដល់ជើងភ្នំ អារម្មណ៍របស់អ្នករសាត់ទៅដល់អែជើងមេឃឆ្ងាយសន្លឹមអែណោះ អនុស្សាវរីយ៍នៅថ្មីៗ ក្លិនក្លែបសាច់កញ្ញាអមរា ផ្ដិតជាប់អស់កាលជានិច្ចនៅ នឹង នាសារបស់អ្នក។ មែនកញ្ញាអមរា ជានារីបរិសុទ្ធនៅថ្មីសន្លាងចេញពីពុម្ព ដែលពួកប្រុសៗ ខិលៗ តែងប្រើពាក្យថា អូរីយីន “origine”។ អយស្ម័យយាន មុជក្រោមស្ពានដែលស្រែករោទ៍ទ្រហឹងអឹងកង រូបពិចិត្រ អមរា អាក្រាតនៅបញ្ជាំងពីមុខអ្នកជានិច្ច រាត្រីឋានសួគ៌ពីរដង អច្ឆរិយា ចងចាំជាប់ស្អិតដិតឱរា អ្នករំលឹកឃើញធាតុសាច់ដ៏ក្ដៅរប ស់នាង ដែលឈាមកញ្ជ្រោលឡើង ក្នុងសរសៃ អ្នកនឹកឃើញគ្រាដែលងនាងកំពុងស្លៀកពាក់នៅក្រោមពន្លឺដ៏ស្រទន់ អនុស្សាវរីយ៍មួយពាន់!. មួយម៉ឺន!.. រហូតដល់វ័យ២៨ ឆ្នាំនេះ អ្នកមិនដែលស្គាល់សុភមង្គលណា ក្នុងស្នេហា ដែលធ្វើអោយអ្នកស្រមៃស្មើ អមរា នេះឡើយ។ ម៉ោង ១២អធ្រាត្រ ពេលដែលអ្នកបានដេញអោយនាងវិលទៅវិញ អនិច្ចា! អច្ឆរិយា នៅចាំថា នាងអង្គុយសោក យំអោបជើងអ្នកយ៉ាងយូរទំរាំ នឹង ដាច់ចិត្តចេញទៅ ដើម្បីលួងលោមអារម្មណ៍នាង អច្ឆរិយាបានប្រាប់ថាព្រឹកស្អែកនេះ ពីព្រលឹមស្រាងអ្នកមានការចេញដំណើរ ហើយអង្វរនាងមកសណ្ឋាគាររាល់ថ្ងៃកុំខាន សួរគេហបាលក្រែងមានទូរលេខហៅនាងទៅជួបអ្នកនៅកន្លែងណាមួយ។ អ្នកភ្ញាក់ព្រើតចេញពីការស្រមៃនេះ ដោយកុមារម្នាក់កាន់កាសែតមួយសំណុំស្រែកលើរថភ្លើង :
- កាសែត! កាសែត!
អច្ឆរិយា ទិញសារពត៌មាន ថាងកក ជាសាភាអង់គ្លេស៍។ នៅលើទំព័រទីមួយអ្នក ឃើញរូបថតរថយន្តមួយឆេះនៅសល់តែឆ្អឹងដែក នឹងសាកសពបីនាក់ នៅម្ខាងមានក្បាលបុរសម្នាក់ពាក់មុខក្បាលខ្មោច។ សេចក្ដីរាយការណ៍មានន័យជាអាទ៍ថា «រថយន្តផ្ទុកត្រីងៀតមួយ ដែលមកពីព្រំប្រទល់ខ្មែរសៀម បានធ្លាក់ពីលើថ្នល់កំពស់ប្រហែលជាបីរយម៉ែត្រ ហើយឆេះខ្ទេចទាំងអស់ មានមនុស្សស្លាប់បីនាក់ ឆេះខ្មៅអស់ កាលពីយប់ម្សិលមិញ តាមសេចក្ដីសន្និដ្ឋាននៃ ក្រសួងសន្តិសុខជាតិថៃ ដែលស៊ើបអង្កេតដិតដល់ក្នុងរឿងនេះថា បុរសអ្នកកាច់ចង្កូតឈ្មោះត្រុឌី ម្នាក់ទៀតដែលអង្គុយទន្ទឹមគឺអច្ឆវិយា ចារបុរសខ្មែរដែលបានកៀសខ្លួនពីព្រំប្រទល់ខ្មែរ សៀម ប្រុងចូលមកធ្វើវិទ្ធង្សនាប្រទេសនេះ ដូចជាមានរូប អច្ឆរិយា ពាក់ក្បាលខ្មោចនេះជាស្ដុតាង បង្ហាញឧក្រឹដ្ឋចារកម្មរបស់វាជាច្រើន អែសពម្នាក់ទៀត ក្រសួងមានសមត្ថកិច្ច រកពុំទាន់ឃើញអត្តសញ្ញាណនៅឡើយទេ អានចប់ អច្ឆរិយា ញញឹម!.. ញញឹមត្រង់ដែលថាអាកំពិករដ្ឋមន្ដ្រីសន្តិសុខជាតិថៃ ជឿជាក់ថាអ្នកចុះទៅឋាននរកបាត់ទៅហើយ។
ប្រកិតពិផាតភ័ន្តច្រលំដោយហេតុ សាសន៍វាជាសាសន៍ទុច្ចរិត សាសន៍ប្លន់ខ្មែរ ហ៊ីស! ហ៊ីស! សំណាងអាក្រក់, ពៀរ វាដេញជាន់កែងអាមនុស្សទុច្ចរិតពីរជាន់ សៀមលួចយកមាសខ្មែរប្រកិតពិផាត ក្បត់រាជរដ្ឋាភិបាលសៀម កូនក្រមុំអាត្មាត អាទំពែកអែង អច្ឆរិយា វ័ធខ្ទេចដល់់គល់ គឺកញ្ញា អមរា បើពួកសន្តិសុខជាតិសៀមជឿថាអច្ឆរិយាស្លាប់ តើពួកអស់នោះទៅរកអច្ឆរិយា ទីពីរអែណាទៀត? ដូច្នេះអច្ឆរិយា អាចធ្វើដំណើរក្នុងប្រទេសសៀម ដោយកាន់អត្តសញ្ញាណប័ត្រសៀមឈ្មោះ ច្រានិដ្ឋា បានយ៉ាងស្រួល។ រីអែសំលាញ់ត្រុឌី បានភៀសខ្លួនទៅនៅចំការក្រូចរបស់ខ្លួនជាមួយគ្រួសារនៅក្នុងខេត្ត ចន្ទថប៊ុន ស្រេចទៅហើយ។ ភារកិច្ចនេះ អច្ឆរិយា ចង់ធ្វើតែម្នាក់អែង ព្រោះបានទទួលបញ្ជាពីនាយក្រសួងចារកម្មខ្មែរមកដូច្នេះត្រូវតែគោរព។
លើអយស្ម័យយាន វាសនាល្អនៅកន្លែងអ្នក អិតមានភ្ញៀវណាអង្គុយសោះ។ អ្នកហូតពីបាតកៅស៊ូ នូវស្រទាប់មួយដ៏មានហ្វីល “ផែនទីមហាកំណប់” ដែលអ្នកបានដន្ដើមយកបានដោយជោគជ័យ ដោយបារមីនៃព្រះវិញ្ញាណក្ខន្ធសំម្ដេច ព្រះសុវណ្ណកោដ្ឋ និង ទេវតារក្សាស្វេតច្ឆ័ត្រខ្មែរគាំទ្រផង។ អ្នកមើលហ្វីលដោយ បញ្ចាំង នឹង រស្មីព្រះអាទិត្យដែលរះ ចេញពីទិសបូព៌ា។ ចំនុចខ្វែងជើងក្អែកមួយ ក្នុងឈូងសមុទ្រសៀម ពីទិសពាយ៍ព្យ ចម្ងាយតែពីរគីឡូម៉ែត្រ ពីមាត់មនុស្សក្រុងប៉ាក់ណាម គឺជាកន្លែងផ្ទុកមាសខ្មែរ ១០០០គីឡូក្រាមផង។ អច្ឆរិយា រំលឹកប្រវត្តិសាស្ត្រ តាមអែកសារសំងាត់ នៃការប្លន់លួចយករតនវត្ថុពីខ្មែរដោយក្ដៅក្រហាយ។ នៅឆ្នាំ ១៩៤៥ កងទ័ពជប៉ុជ ដែលបានគាំទ្រព្យអាកំហូចសៀម ជាន់ទឹកដីខ្មែរ យកខេត្តបាត់ដំបង បានចាញ់ដៃសង្គ្រាម នៃកងទ័ពបារាំង និង ខ្មែរម្ដងវិញ។ សៀមក្នុងមហិច្ឆិតា អិតព្រំដែន បានប្លន់រាស្ត្រខ្មែរ និង គាស់កំណប់មាសនៃបុព្វបុរសខ្មែរ ប្រមូលបានមាស ១០០០ គីឡូក្រាម គឺដឹកទៅជាមួយកងទ័ព របស់ខ្លួន ដែលដកថយដោយសំងាត់ក្នុងរថយន្តសឹកមួយ។
- អ្នកដែលដៃដល់ក្នុងរឿងនេះគឺ វរសេនីអែកពិចិត្រ ខាំណា អនុសនីអែក កាខារ៉ង ពលទោសារិថា និង អ្នកកាច់ចង្កូតឡាន ចន្ថាណូ។ ដោយលោកវរសេនីអែក ពិចិត្រខាំណា ជាមេបញ្ជាការជាន់ខ្ពស់ លើយោធាសៀមដែលត្រូវលើទ័ពចេញពីទឹកដីព្រះរាជាអាណាចក្រខ្មែរ, លុះទៅដល់ប្រទេសសៀមលោកបានចាត់វិធានការណ៍សំងាត់ ផ្ទុកមាស ១០០០គីឡូក្រាមនេះនៅលើនាវាមួយ។ ពលទោ សារិថា និងអ្នកបរឡានមានភារៈជាអ្នកបញ្ជលើកដាក់មាសនេះដាក់ចុះនាវា។
- - យីចុះធុងនេះមិនជាធំប៉ុន្មានទេ ម្ដេចក៏ធ្ងន់ម្ល៉េះអាចន្ថាណូ ? ពលទោសួរតទៅអ្នកកាច់ចង្កូត ធុងនេះសំណឬ?
- - អាចំកួតស្ងួតធ្មេញ មិនមែនសំណទេ មាសណា៎អាភ្លើ សហការីនេះឆ្លើយតបទៅពលវិញ។
- ដើម្បីបញ្ជាក់អោយបានច្បាស់, ពលទោក៏សួរដោយគោរពត្រង់ជីងភ្លឹង ចំពោះលោកវរសេនីយអែកជាមេបញ្ជាការលើយោធាសៀមដែលចេញពីស្រុកខ្មែរថា៖
- - អភ័យទោសព្រះតេជគុណម្ចាស់ ធុងនេះដាក់មាស ១.០០០គីឡូក្រាមមែនរឺទេ ?
- ឆេះឆួលក្នុងឱរា! ដែលអាកូនទាហានកំប៉ិកកំប៉ុកមកដេញសួររឿងសំងាត់នៃមហាសម្បត្តិដូច្នោះ លោកវរសេនីយអែកក៏គំហកទៅកាន់ពលទោនេះថា៖
- - នែ៎ ចំកួតពកថ្ងាស មានសំនួរខ្លះដែលអញហាមឃាត់ជាអហង្ការ មិនអោយថាដាច់ខាតចំពោះរូបអញលឺទេ?
- ថាហើយលោកវរសេនីយអែក ក៏ដើរទៅក្បែរលោកអនុសេនីយអែកអែក្បាលនាវា ហើយបញ្ជា អោយអ្នកកាន់ចង្កូតលើកយុថ្កានាវាចេញដំណើរបានប្រមាណ ពីរគីឡូម៉ែត្រពីមាត់ច្រាំង ពលទោ សារិថា ឆេះឆួលក្នុងចិត្តមានចិត្តល្មោភ លោភលន់ចង់បានមាសនេះ គិតពុំវែងហូតដាវជ័យខ្វាកហក់ទៅចាក់ទំលាយឆ្អឹងខ្នង លោកវរសេនីយអែកស្លាប់ក្នុងបឹងលោហិត មួយរំពេចនោះ។ លោកអនុសេនីយអែក កាខារ៉ង ហូតកាំភ្លើងខ្លីហើយបាញ់ផូងចំឃាតករ។
- - អាអែងឆ្កួត រឺពលទោ?
- ពលទោក៏រលាយសង្ខាចាកលោកនេះទៅ ជាមួយលោកវរសេនីយអែកដែរ។
- អ្នកកាច់ចង្កូតនាវា ងាកមកឃើញសហការីខ្លួនស្លាប់អស់ ពីរនាក់ នៅសល់តែលោកអនុសេនីយអែក កាខារ៉ង ត តួ។ នាយកាន់ចង្កូតនេះ ហូតកាំភ្លើងបាញ់អនុសេនីយអែកពីក្រោយផាំងៗ ចំស្មា នឹង ដៃរលំគ្រាំង។
- - ស្លាប់ទៅ អនុសេនីយអែក! មាសនេះ ត្រូវបានអញ! អញ នឹង ក្លាយទៅជា មហាសេដ្ឋី តែម្នាក់អញ! មាសខ្មែរ ១០០០ គីឡូក្រាមនេះជាកម្មសិទ្ធិរបស់អញ អ្ហា៎ ! អ្ហា៎! អ្ហា៎!។
- អកុសលកម្មមកផ្ដន្ទា ព្រះវាយោបក់បោកយ៉ាងមហាខ្លាំងមហិមា... រលកសមុទ្រ ងើបឡើងបីដូចភ្នំបោកផ្ទុប នឹង នាវា ដែលឃ្លេងឃ្លោង បាក់ដងក្ដោងប្រាវ នាវា រហែកជាចំណែក មហាសម្បត្តិចក្រគឺមាស ១០០០ គីឡូក្រាម លិចក្នុងបាតមហាជលស័យ អ្នកកាន់ចង្កូតចន្ថាណូ បះឈើមួយដើមក៏តោងយកព្រះអាយុ។
- រាត្រីងងឹតចាក់ភ្នែកពុំយល់ អនុសេនីយអែក កាខារ៉ង វាសនាតំរូវមិនទាន់អស់សង្ខា គឺគ្រាន់តែរបួស ស្មាឆ្វេងពីរគ្រាប់ក៏តោងឈើមួយគល់ធំត្រូវព្រះវាយោ ផាត់រសាត់ទៅដល់ច្រាំងឆ្ងាយពីនាយកាច់ចង្កូត ចន្ថាណូ។ មួយថ្ងៃមួយយប់ លុះបានមកដល់ត្រើយនៃឈូងសមុទ្រសៀមហើយ, អ្នកកាច់ចង្កូតនាវាចន្ថាណូ ចំណាំច្បាស់នូវកន្លែងដែលនាវាលិច នាយនេះក៏បានគូសផែនទីពិតអិតខុសហើយថតទុក។
- អនិច្ចា, ព្រេងសំណាងនៃ មនុស្សតែងប្ដូរទិសជានិច្ច ហ្វីលផែនទីមហាកំណប់នេះ ត្រូវបានគេលួចបន្តៗ គ្នារហូតមកដល់ក្នុងដៃខ្មោច នាងកញ្ញាសាវិរីហាម៉ា ដៃខ្មោច អធិការ ពិសិទ្ធី បុរសពាក់មុខក្រហម រួចធ្លាក់មកក្នុងកណ្ដាប់ដៃអច្ឆរិយា ជាចុងក្រោយបំផុត បណ្ដាលអោយមនុស្សស្លាប់គរជើងលើគ្នា ឈាមដាបពោះដំរី ព្រោះតែកំណប់នេះទើបអច្ឆរិយា ដាក់សម្មតិនាមថា “កំណប់ភុជង្គនាគ”។
- អយស្ម័យយាន បន្លឺកញ្ចែយ៉ាងវែងគ្រលួច ជាសញ្ញានៃការមកដល់ប៉ាក់ណាមបូរី ឆ្នេរសមុទ្រសៀម