បានទទួលសេចក្ដីអនុញ្ញាតិឲ្យចុះផ្សាយបន្ដ ពីអ្នកនិពន្ធប៉ិច សង្វាវ៉ាន
១ ​-វិស្សមកាល
ថ្ងៃចន្ទ ទី25.វិច្ឆកា 2013.ម៉ោង 22:10

   «វិស្សមកាល» ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ ប្រៀប​បាន​នឹង​គុលិកា​ទិព្វ​អាច​បន្សាប​បាន​នូ​វ​ការ​នឿយ​ហត់ ភាព​​ល្វីង​ជូរ​ចត់​គ្រោត​គ្រាត​ក្នុង​ការ​ងារប្រចាំ​ថ្ងៃ​​។ ឱ! វិស្សម​កាល ​ពាក្យ​នេះ​បាន​ខាត់​អា​រម្មណ៍​អួរ​អាប់​របស់​ខ្ញុំ​ឲ្យ​ភ្លឺ​ថ្លា ញ៉ាំង​ឱរា​ខ្ញុំ​ឲ្យ​ធូរ​ស្បើយ​មួយ​គ្រា និង​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំ​ភើប​អណ្តែត​ទៅ​រក​ភ​ព​មួយ​ទៀត​គឺ «ភព​​សេរី​ភាព»។

   - «ឧត្តម! ម៉ាក់​ចង់​ឲ្យ​កូន​ឯង​គិត​គូរ​រក​ប្រពន្ធ​នឹង​គេ​ទៅ កុំ​នៅយូរ​ពេក។ នាង​កល្យាណីនោះ​ជា​អ្នក​ណា? ម៉ាក់​ដឹងថាឯង​កោត​សរសើរ​ និង​លើក​តម្លៃ​នាង​ណាស់។ បើ​កូន​ស្រឡាញ់​គេ​មែន​ ​ចាំ​ដល់​ណាទៀត ម៉េច​ក៏​មិន​សារភាពប្រាប់នាង​ភ្លាម​ទៅ?…» ខ្ញុំ​ផ្ទះ​សំ​ណើច​ដោយ​មិន​ដឹង​ខ្លួន​។ ខ្ញុំគិត​ថា អ្ន​ក​ម្តាយ​ខ្ញុំ​យល់​ច្រឡំ​ទៅលើ​មិត្តភាព​រវាង​អ្នក​បង​កល្យាណី​និង​ខ្ញុំ​មែន​។ នេះ​​មក​ពីអ្នក​ម្តាយពុំ​ដែល​ឃើញ​ខ្ញុំ​ទាក់​ទង​​នារី​ណាសោះ។ អ្នក​ម្តាយ​ឃើញ​ខ្ញុំ​និង​អ្នក​បង​កល្យាណី​មាន​ចិត្ត​គំនិត​ស្រដៀង​គ្នា។ ប៉ុន្តែ​ តាម​ពិត អ្នកស្រីកល្យាណី​មាន​គ្រួសារនិង​មាន​កូន​ធំៗ​ទៅហើយ។ ខ្ញុំ​ចាត់ទុក​អ្នក​ស្រីកល្យាណី​ដូចជា​បង​ស្រីបង្កើត​របស់​ខ្ញុំ​។ អ្នកស្រីជា​មិត្ត​នារី​ល្អ​ម្នាក់​ដែលមាន​គុណសម្បត្តិ​គួរ​ឲ្យ​សង្ឃឹម​និង​ទុក​ចិត្ត​​។ គាត់​ជាមនុស្ស​ត្រឹម​ត្រូវ​ មិន​យក​គុណ​ជា​ទោស មិន​យក​ស​ជា​ខ្មៅ ខុស​ហើយ​និង​ត្រូវ គាត់​ចែក​​ដាច់​ស្រឡះ។ មិន​តែប៉ុណ្ណោះ​ អ្នក​ស្រី​កល្យាណី​ជា​មនុស្ស​សាច់​ការ មាន​ប្រសិទ្ធ​ភាពក្នុងការងារ​ និងក្នុង​ទំនាក់​ទំនងផ្សេងៗ។ បើ​គាត់​សន្យា​ថា ធ្វើ​អ្វី​ គាត់​ត្រូវតែ​ធ្វើ​ជា​ដាច់​ខាត​ទោះ​ជាយូរ​ឬឆាប់​ក្តី។ ​ក្នុង​ការងារ​ដែល​មាន​កម្រៃ​ក៏​ដូច​ជា​គ្មាន​កម្រៃ គាត់​មាន​មនសិការ និង​សតិ​សម្បជញ្ញៈ មិន​ដែល​បោះ​បង់​កិច្ច​ការ​​ចោល​កណ្តាល​ទី​ឡើយ​។ ចំណង​​មិត្ត​​ភាព​​រវាង​អ្នក​ស្រី​កល្យាណី​​និង​រូប​ខ្ញុំ​​កាន់​តែ​រឹង​​មាំ​​ឡើង​ ដោយ​សារ​​យើង​ទាំង​ពីរ​​មាន​និស្ស័យ​ស្រ​ដៀង​​គ្នា​ ។

   រថយន្តខ្ញុំបរ​លឿន​ទៅមុខកាត់​ក្រុង​មួយ​ទៅ​ដល់​ក្រុង​មួយ។ ហួស​ពី​ក្រុង​លីយ៉ុង (Lyon) ចូល​​ទៅដល់​ក្រុង​​ម៉ាក​សី(Marseille)… ទីបំផុត​ ខ្ញុំ​​បានទៅ​ដល់​គោរដៅ គឺទីក្រុង​នីស(Nice)។ យប់​បន្តិច​ទៅ​ហើយ ខ្ញុំ​​មក​ដល់​ផ្ទះ​មួយ​ដែល​ខ្ញុំ​បានជួល​ទុក​ជាទីសំណាក់។ គឺ​ជា​បន្ទប់​តូច​មួយ​ដែល​ប្រកប​ដោយ​ការ​តុប​តែង​​យ៉ាង​ប្រណិត​គួរ​ជា​ទី​មនោរម្យ។ បន្ទាប់​ពី​ជញ្ជូនអីវ៉ាន់ពី​ក្នុង​ឡាន​ទៅ​ដាក់​ក្នុង​បន្ទប់​រួច ដោយ​ហេវ​ហត់​អស់​កម្លាំង​ខ្លាំង​ពេក ខ្ញុំ​ក៏​ទម្រេត​កាយ​សម្រាកនៅ​លើ​ពូ​ក​ដ៏​ទន់​ល្មើយ​មួយ​រំពេច។​ ត្រូវ​វាយោបក់​មក​រំភើយៗ​តាម​​មាត់​បង្អួច​ ខ្ញុំ​ក៏​លង់​លក់​អស់​មួយ​ស្រឡេត​ធំ។ លុះ​ភ្ងារ​ខ្លួន​ឡើង​កាល​ណា ទ្រនិច​នាឡិកាចង្អុល​ម៉ោង​២១​ទៅ​ហើយ។ ក្រោយ​ពី​បរិភោគ​បាយ​ និង​ម្ហូប​ចំណី​ដែល​មាតា​ខ្ញុំ​បាន​រៀប​ចំ​ដាក់​មក​ឲ្យ​នោះ​រួច ខ្ញុំ​ក៏​យក​ផែន​ទី​ក្រុង​​នីស​មក​មើល​មួយ​ត្រួស​ពី​ត្រួស​ដើម្បី​រក​ផ្លូវ​ផ្ទះ លោក​ពូ​កុសល​ ដែល​ត្រូវ​ជា​មិត្ត​ភក្តិ​របស់​មាតា​បិតា​ខ្ញុំ​។ តាម​ប្រសាសន៍​របស់​មាតា​ខ្ញុំ លោកពូ​កុសល បា​នអញ្ជើញ​មក​រស់​នៅ​ប្រទេស​បារាំង​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ។ ប៉ុន្តែ​ ខ្ញុំ​ពុំ​ទាន់​មាន​ឱកាស​ស្គាល់​គាត់ឡើយ។ អ្នក​ម្តាយ​ខ្ញុំ​តែង​តែ​​សរសើរ​អំពី​លក្ខណៈសម្បត្តិ​ និង ​ចិត្ត​គំនិត​រ​បស់លោកពូ​កុសល​ជា​រឿយៗ ដែ​លជា​ហេតុ​បណ្តាល​ឲ្យ​ខ្ញុំ​ចង់​ស្គាល់​លោកពូ​ជា​ពន់​ពេក។

——————————————————————————————————–

   រាត្រី​​នោះ​ឯង ខ្ញុំ​បើក​រថយន្ត​ទស្សនា​ទីក្រុង​នីស​។ «នីស» ជា​ទីក្រុង​មួយ​ល្អ​ប្រណិត ។ ក្រុង​នីស​មាន​សមុទ្រ​ធំ​ល្វឹង​ល្វើយ​ដាច់​កន្ទុយ​ភ្នែក។ គួរ​ឲ្យ​សប្បាយ​មែន! ជន​ទេសចរ​គ្រប់​គ្នា​ដែល​បាន​មក​ឃើញ​ទីនេះ​ហើយ គេ​ប្រាកដ​ជាដូច​​ខ្ញុំ ​មិន​អាច​អត់​ទ្រាំ​សរសើរ​ ​។ ដួង​ចិត្ត​ខ្ញុំ​ដែល​លែង​ចេះ​រំភើប​ត្រេក​ត្រអាល​នឹង​សម្រស់​ធម្មជាតិ​ជាយូរ​ឆ្នាំ​មក​ហើយ​នោះ ក៏​ស្រាប់តែ ​រំជើប​រំជួល​ស្រើប​ស្រាល​រក​ថ្លា​ថ្លែង​ពុំ​បាន​។ នៅ​តាម​បណ្តោយ​វិថីមួយ​ដែល​​មា​នឈ្មោះថា «ការ​ដើរ​កម្សាន្ត​នៃ​ជន​ជាតិ​​អង់គ្លេស Promenade des Anglais» ខ្ញុំ​​ឃើញ​ដើម​ដូង​ ដើម​ត្នោត​ និង​បុប្ជជាតិ​នានា​ដែល​ខ្ញុំ​កម្រ​​បាន​ឃើញ​នៅ​ក្នុង​តំបន់​ផ្សេង​ៗ។ ​ខ្ញុំ​ញាប់​​ញ័រ​រន្ធត់​មួយ​រំពេច ​នឹក​ស្រណោះ​​សម្រស់​​ក្រុង​កែប​ និង​ ក្រុង​កំពង់​សោម​ នឹកសមុទ្រ​ខ្មែរ​ដ៏​ល្អ​ដែល​ខ្ញុំ​ខាន​​បាន​ឃើញ​ជា​យូរ​ខែឆ្នាំ​មក​ហើយ។

   នៅតាម​ផ្លូវ​មាត់​សមុទ្រ​ គេហដ្ឋាន​ខ្ពស់ៗ និង​សណ្ឋា​គារ​ទំនើប​ៗ ស្ថិត​នៅ​ជ្រងោ​ក្រោម​រស្មី​អគ្គីសនី​ភ្លឺ​ព្រោង​ព្រាត។ ចំពោះខ្ញុំ ​ទីនេះក្លាយ​ជា​ស្ថាន​សួគ៌លោកិយ៍​ពិត​ប្រាកដ។ ក្រុងនីសពិតជាមានសម្រស់មែនក្នុងរាត្រីកាល។! ទីក្រុង​នីស​អើយ! កាល​បើ​ខ្ញុំ​បាន​យល់ បាន​ស្គាល់អ្នកហើយ ខ្ញុំ​មិន​អា​ច​បរិយាយ​ប្រាប់​អ្នក​ថា ទ្រូង​ខ្ញុំ​រំភើបមិនអាចនៅស្ងៀមមិន​សរសើរ​លំអ​របស់​អ្នក​ឡើយ។ អ្នក​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​នឹក​អាល័យ​ដល់​មាតុភូមិ​កម្ពុជា​ជា​ទីស្នេហា​របស់​​ខ្ញុំ​ ព្រោះ​រុក្ខ​ជាតិ​និង​បុប្ជជាតិភាគ​ច្រើន​ដែល​ដុះ​នៅ​ទីនេះ​ជាប្រភេទ​រុក្ខ​ជាតិ បុប្ជ​ជាតិ​ដែល​ដុះ​នៅ​លើ​ទឹក​ដីខ្មែរ។

   ខ្ញុំ​ចុះ​ចាក​រថយន្ត​ហើយឈរ​សម្លឹងមើល​សមុទ្រ​​ធំធេងដាច់កន្ទុយភ្នែក ហើយ​ខំ​ស្រូប​យក​ខ្យល់​សមុទ្រ​ដាក់​ពេញ​សួត។ រំពេច​​នោះ​ ខ្ញុំ​ឃើញ​គូ​សង្សារ​បារាំង​មួយ​គូ​ដើរ​កៀក​កើយ​គ្នា​យ៉ាង​សប្បាយ​កាត់​មុខ​ខ្ញុំ។ ចិត្ត​ខ្ញុំ​នឹក​ព្រួច​កម្សត់​ខ្លួន​ដែល​​មក​ស្គាល់​សមុទ្រ​«នីស»​តែម្នាក់​ឯង។​ ឳ! ទេពធីតា​របស់​ខ្ញុំ​អើយ! តើ​កែវ​ស្ថិត​នៅ​ទីណា? តើ​ខ្ញុំ​មា​នវាសនា​បា​នត្រឹមតែ​ឃើញ​នាង​ក្នុង​សុបិន​និមិត្ត​ប៉ុណ្ណោះ ​ឬ​យ៉ាង​ណា? ពេលនេះ ប្រសិន​បើ​ខ្ញុំ​មាន​គូ​កៀក​កើយ​ដូច​គេ​ ពុំ​ដឹង​ជា​ទីក្រុង​នីស​កាន់​តែ​មាន​សម្រស់​និង​មាន​ន័យ​ចំពោះ​ខ្ញុំ​ដល់កម្រិត​​ណា​ទៅ?

   គ្រាន់តែ​បាន​យល់​ភ្លាម​ ខ្ញុំ​ស្រយុត​អស់​អង្គ​កាយ ចិន្តា​សែន​រន្ធត់​ប្រៀប​បី​ដូច​ជាត្រូវ​សរ​កាម​ទេព។ កត្តា​ដែល​នំាឲ្យ​​ខ្ញុំ​ចាប់​អារម្មណ៍​បន្ថែម​ទៅ​លើសម្រស់ប្រិម​​ប្រិយ៍​​របស់​នាង​នោះ គឺ​ការ​ ​ឃើញ​នាង​អាន​សៀវភៅ​ខ្មែរ​នៅ​ក្នុង​ចំណោម​ជន​ជាតិ​​គេ​​ឥត​​ខ្លាច​នរណា​សើច​ពេប​ជ្រាយ​។ តាំងពី​ខ្ញុំ​មក​នៅ​ប្រទេស​បារាំង​ ខ្ញុំ​កម្រ​ប្រទះ​ឃើញ​របៀប​នេះណាស់។ ត្រង់នេះហើយ ​បណ្តាល​ឲ្យ​ខ្ញុំ​លួច​កោត​សរសើរ​នាង​នៅ​ក្នុ​ងចិត្ត។ គួបផ្សំ​និង​រូប​សម្រស់​ឆោម​លោម​ដ៏​បវរ​របស់​នាង​ទៀត​ ខ្ញុំ​ហាក់​ដូច​ជា​គេ​ត្រូវ​ចង់​ភ្ជាប់​នៅ​ទីនេះ​តែម្តង។

   ខ្ញុំ​ក៏​ដាក់​អីវ៉ាន​ខ្ញុំ​នៅ​ក្បែរ​នាង​​ថ្នមៗ​ រួច​ក៏​​នៅ​អង្គុយ​លើ​កន្លែង​ពោះ​គោរង់​ចាំឱកាស​​ក្រែង​លោក​មាន​វាសនា​បា​នស្គាល់​ឈ្មោះ​នាង​ ឬ​ក៏​បាន​សាសង​ជា​មួយ​​នាង។ ចិត្ត​ខ្ញុំ​អន្ទះសា​ចង់​ដឹង​ថា​ តើ​ស្រស់​កល្យាណី​មាន​គូឬ​នៅ​បាន​ជា​មក​លេង​មាត់​សមុទ្រ​តែឯក​ឯង​ដូច្នេះ​? ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​តែ​រវើរវាយ​នោះ ស្រាប់​តែ​ខ្ញុំ​ឃើញ​​នារី​ជំទង់​ម្នាក់ និងកុមារពីរ​នាក់ដែលមាន​អាយុ​ប្រហែល​ជា​ប្រាំបី​ឆ្នាំ និង​ប្រាំបួន​ឆ្នាំ ​រត់​សំដៅ​មក​រក​នាងសើច​​ក្អាក​ក្អាយ​សប្បាយ​អស់​ពីដួង​ចិត្ត។ ខ្ញុំ​ឮនារី​ជំទង់​ផ្តើម​វាចា​។

- ម៉ោះ! អ្នក​បង​! មក​ងូត​ទឹក​លេង​ជាមួយពួក​យើង។
និយាយ​បណ្តើរ​ នាង​ចាប់​​ទាញ​ដៃ​បង​ស្រី​នាង​បណ្តើរ​។ នារី​ឆោម​ស្រស់​ ​បន្លឺ​វាចា​ដ៏​ស្រទន់​ទៅ​កាន់​ប្អូន​ស្រីវិញ៖
- ថ្ងៃនេះ បង​មិន​ចង់មុជ​ទឹក​ទេ អូន​ផា។
គ្រាន់​តែបន្លឺវា​ចាភ្លាម កុមារ​ពីរនាក់​ទៀត​ក៏​ចូល​មក​ចាប់​ទាញ​ដៃ​បងស្រី​គេ​ម្នាក់​​ម្ខាង ហើយ​និយាយ។
- ងើបឡើង​អ្នក​បង ​ស្លៀក maillot ភ្លាមទៅ!
- យីស! ​កុំ​នាំ​គ្នា​ទាញ​ដៃ​បង​អ៊ីចឹង​ខ្មាសគេ (ស្រស់​នារី​ហាម​ប្អូនៗ)។
ខ្ញុំ​លួច​មើល​នាង ឃើញ​មុខ​នាង​អៀន​ឡើង​ក្រហម​ព្រឿងៗ។ គ្រាន់​តែ​ឮពាក្យ​ “ខ្មាសគេ” ប្អូន​ៗ​ទាំង​បី​នាក់​​របស់​នាង​ក៏​ងាក​មើលជុំវិញ​ខ្លួន។ នារី​ជំទង់​​ប្រទះ​ភ្នែក​ឃើញ​ខ្ញុំ​អង្គុយ​នៅក្បែរ​នោះ​។ នាង​តូច​ដែល​មាន​​ចរិយា​ក្លៀវ​ក្លា​​​ចំអន់​បង​ស្រី​របស់​គេ​ ៖
- អូ! អ្នក​បង ខ្មាស​ពូ​ម្នាក់​ដែល​អង្គុយ​នៅជិត​អ្នក​បង​ហ្នឹង​ឬ? ខ្ញុំ​ដឹង​រឿង​ហើយ ហ៎ា ហ៎ា ហ៎ា…
- ដឹង​រឿង​អីបុប្ជា? ថា​ទៅមើល៍!
កុមារី​ជំទង់​ឈ្មោះ​បុប្ជា​ ឥត​ឆ្លើយ​តបទេ។ នាងបែរ​ជា​ឱន​ខ្សិប​ដាក់​ត្រចៀក​​បង​ស្រី​​វិញ។ យុវតី​ទាំង​ពីរ​នាំគ្នា​ចោល​ភ្នែកសម្លឹង​មើល​ខ្ញុំ​។ នាង​បុប្ជា​​ឆ្លៀត​ឱកាស​នោះ​និយាយ​ចំអន់​​បង​ស្រី​នាង​ ​។
-មក​ពី​អ្នក​បងមាន​ពួក​ម៉ាក​នៅ​អង្គុយ​ជិត​អីចឹង​ទេតើ បាន​ជា​អ្នក​បង​លែង​ចង់មុជ​ទឹក​។
- បុប្ជា! អូន​ថា​អ្នកណា​ជា​ពួក​ម៉ាក​បង​?
- នុះ! ពូ​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​ឆ្វេង​ដៃ​អ្នក​បង​ហ្នឹង​ណ៎ា។
និយាយ​ផង នាង​បុប្ជា​លើក​ម្រាម​ដៃ​ចង្អុល​មក​ចំ​រូប​ខ្ញុំ​ផង។ បង​ស្រី​នាង​ក៏​មើល​តាម​ការ​ចង្អុល​របស់​​ប្អូន​ស្រី​ រួច​បន្ទោស​តិចៗ​ដែល​ខ្ញុំ​អាច​ស្តាប់​ឮទាំង​អស់​។
- បុប្ជា ផ្តេស​ផ្តាសណាស់ នៅ​សុខៗ​ហៅ​បង​ឲ្យ​មើល​គេ។ ចុះបើ​គេ​ឃើញ​យើង​មើល​ទៅចំ​គេ ធ្វើ​ដូច​ម្តេច​ទៅ?
- ចុះ​ក្រែង​យើង​មាន​ភ្នែក​សម្រាប់​មើល​ឬ​អ្នក​បង?
- យើង​មាន​ភ្នែក​សម្រាប់​មើល​មែន​ហើយ។ ប៉ុន្តែ ​យើង​មិនត្រូវ​មើល​អ្វី​ដែល​មិន​គួរ​មើល​នោះ​ទេ។
- យើង​មិនត្រូវ​មើល​អ្វី​ដែល​មិន​គួរ​មើល​នោះ​ទេ។ បើ​អីចឹង ពេល​មក​ងូត​ទឹក​សមុទ្រ​ អ្នក​បង​មិន​ត្រូវ​ជក់​មើល​​សៀវភៅ​រឿងទេ ត្រូ​វ​តែ​ចុះ​ទៅ​មុជ​ទឹក​ជាមួយ​បុប្ជា និរក្ស និង​និរិទ្ធ​។
និយាយ​រួច​ពីមាត់​ភ្លាម​ នាង​បុប្ជា​ក៏​កញ្ឆក់​សៀវ​ភៅ​ប្រលោម​លោក​ពី​ដៃ​បង​ស្រី​។ ​បង​ស្រី​នាង​បន្ទោស​។
- បុប្ជា! ចំមែន​ហ៎្ន! ច្រឡំ​ទំព័រ​អស់​។ ហុច​សៀវភៅ​មក​ឲ្យ​បងភ្លាម រួច​នាំ​ប្អូន​ៗ​ទៅ​លេង​ទឹក​ទៀត​ទៅ កុំ​នៅ​រំខាន​បង​។
បុប្ជា​ឃើញ​បង​ស្រី​អន់​ចិត្ត​ ក៏​សើច​កខិប​កខុប​លួង​ចិត្ត​បង​ស្រី រួច​ក៏​និយាយ​ថា៖
- អីចឹងក៏បាន! អ្នក​បង​នៅ​តែ​ម្នាក់​ឯង ​ប្រយ័ត្ន​គ្រោះថ្នាក់​ណ៎ា! ណេះ​យក​សៀវភៅ​រឿង​អ្នក​បង​វិញ​ចុះ ហ៎ា… ហ៎ា… ហ៎ាស… ខ្ញុំ​ទៅ​មុជ​ទឹក​វិញ​ហើយ។
បុប្ជា​បញ្ចប់​វាចា​កាលណា​ក៏​បោះ​សៀវភៅ​ទៅ ​ពូន​បង​ស្រី​នាងវិញ។ ​ភ្លាត់​ចំណាប់​ សៀវ​ភៅ​​នោះ ក៏​ធ្លាក់​ខ្ពោក​ចំពី​មុខ​ខ្ញុំ។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ខ្ញុំ​ក៏​ស្ទុះ​​ទៅរើស​សៀវភៅ​​ហុច​ជូន​កញ្ញា​ឆោម​ស្រស់ ហើយ​ទាក់​ទង​សាក​សួរ​នាងជា​ភាសា​បារាំងដែលមានសេចក្តីថា ៖
- អ្នក​នាង​​នៅ​ក្នុង​ទីក្រុង Nice ​ឬ?
ស្រស់​កន្និដ្ឋា​ឆ្លើយ​តប​មក​ខ្ញុំ​ជាភាសា​បារាំង​វិញ។
- ច៎ាៈទេ! ខ្ញុំ​មក​លេង​វិស្សមកាល​នៅ​ទីនេះ​ទេ​តើ! ចុះលោក​ លោកជាទេសចរថៃឬ?
ឮសំណួរ​នេះ ខ្ញុំ​​អស់​សំណើច​ក៏​សើច​ខឹកៗ​ ហើយ​ឆ្លើយ​ដោ​យញញឹម​។
- អូ! បាទទេ! ខ្ញុំជា​ខ្មែរ​ដូច​ជា​អ្នក​នាង​ដែរ។
គ្រាន់​តែ​ដឹងថា ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​ភ្លាម ស្រស់​ស្រី​ធ្វើ​ភ្នែក​ឡឺន​ឡង់ៗ​ រួច​បញ្ចេញ​សំនៀង​ដ៏​ក្រអៅ​ក្រអួនថា៖
- ចុះ​បើ​យើង​ជា​ខ្មែរ​ដូច​គ្នា ម្តេច​ក៏លោក​មិន​និយាយ​ខ្មែរ​រក​ខ្ញុំ។ លោក​ប្រហែល​ជា​លែង​ចង់​ប្រើ​ភាសា​ជាតិ​យើង​ហើយ​មើលទៅ?
កាល​បើ​មាន​ភ័ព្វ​បា​នសាសង​ជាមួយ​កញ្ញា​រូប​ស្រស់​ដូច្នេះ ខ្ញុំ​មា​នចិត្ត​រំភើប​ញាប់​ញ័រ​ ហើយ​ប្រញាប់​និយាយ​សម្រួល​ ៖
- មិន​មែន​ទេ​អ្នកនាង។​ នេះ​មក​ពីខ្ញុំ​ខ្លាច​អ្នក​នាង​មិន​និយាយ​រក​ខ្ញុំ។ ​ខ្ញុំ​គិត​ច្រឡំ​ថា នារីខ្មែរ​ដែល​មាន​រូប​សម្បត្តិ​​ល្អ​ប្រិម​ប្រិយ៍​ដូច​អ្នក​នាង​អីចឹង ​ ច្រើន​តែ​លែង​ចង់​និយាយ​ភាសា​ខ្មែរ​យើង​ហើយ។ ​បើ​ខ្ញុំ​និយាយ​ខ្មែរជាមួយ​អ្នក​នាង ​ប្រហែល​ជាអ្នក​នាង​មិន​និយាយ​រក​ខ្ញុំ​ទេ មើល​ទៅ អ្នក​នាង​ដូចជាប្រកាន់​ណាស់។
- ខ្ញុំ​ប្រកាន់?
- បាទ! ខ្ញុំ​ឮអ្នក​នាង​មាន​ប្រសាសន៍​ហាម​ប្អូន​ស្រី​អ្នក​នាងអម្បាញ់​មិញ​ថា មិន​ត្រូវ​មើ​ល​អ្វី​ដែល​មិន​គួរ​មើល​នោះ​ទេ។ ​អ្នកនាងប្រហែលជានាង​ចង់ថា​ រូប​ខ្ញុំនេះហើយដែលអ្នកនាងមិនគួរមើល។ បើ​គ្រាន់​តែមើល​ខ្ញុំ​ អ្នក​នាង​មិន​ចង់​មើលទៅ​ហើយ​ ទម្រាំ​និយាយ​រក​ទៀត​ ​ធ្វើ​ដូច​ម្តេច​ឡើយ​អ្នក​នាង​​និយាយ​រក ស្រួលមិន​ស្រួល​អ្នកនាង​គិត​ថា ខ្ញុំ​នេះជាមនុស្ស​ច្រឡឹម​ផង​ក៏មិន​ដឹង?
- លោក​ចេះ​តែនឹក​ឃើញ​ហើយ។
នាងនិយាយបណ្តើរ​ ​ឈ្ងោក​មុខ​មើល​សៀវភៅ​ប្រលោម​លោក​ដែល​បិទ​ដាក់​លើ​ភ្លៅ​របស់​នាងបណ្តើរ។ យល់​ឃើញ​នាង​អៀន ខ្ញុំ​​រក​នឹក​ពាក្យ​និយាយ​ឆ្លើយ​ឆ្លង​ឲ្យ​បាន​យូរ​ត​ទៅទៀត។
- អ្នក​នាង​ចូល​ចិត្ត​សមុទ្រឬទេ?
- ច៎ាៈ! ខ្ញុំ​ចូល​ចិត្ត​ណាស់! លោក​សួរ​ខ្ញុំ​យ៉ាង​នេះ?
- ព្រោះ​មក​ពី​ខ្ញុំ​ឃើញ​អ្នក​នាង​ជក់​មើល​សៀវភៅ​រឿង​ មិន​ព្រម​ចុះ​ទៅ​ងូតទឹក​ជាមួយ​ប្អូន​ៗ​។
- ឱ! ប្រហែល​ជា​លោក​ចង់​រិះ​គន់​ខ្ញុំ​ដែល​មកមើល​សៀវភៅ​រឿង​ខ្មែរនៅ​មាត់​សមុទ្រ​​ហើយ។
- ផ្ទុយ​​​ស្រឡះ​ទៅវិញ។ ខ្ញុំ​មាន​តែស្ងើច​សរសើរ​អ្នក​នាង​ កាល​បើ​ឃើញ​អ្នក​នាង​យក​ចិត្ត​ទុក​ដាក់​​អាន​សៀវភៅ​ខ្មែរ​​។ ខ្ញុំ​ដឹងថា ខ្មែរ​យើង​ភាគ​ច្រើន​នៅស្រុក​គេ​នេះ​លែង​រវីរវល់​នឹក​នា​អាន​អក្សរ​យើងអស់​ទៅ​ហើយ។ អ្នក​ចេះ​ដឹង​ភាគ​ច្រើន​ៗ​តែអាន​កាសែត ឬ​សៀវភៅ​បរទេស។
- ចំណែក​អ្នក​មិន​សូវ​ចេះដឹង​វិញ គ្នា​គិត​តែខំ​សង្វាត​រៀន​ភាសា​គេ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​​ជីវភាព ព្រោះ​ថា បើ​មិន​ចេះ​ភាសា​គេ​ទេ រកការ​ធ្វើ​ការ​ក៏មិនបានដែរ…
- ប៉ុន្តែ​ ខ្ញុំ​ជឿជាក់​ដោ​យសង្ឃឹមថា កាលណា​យើង​ទាំងអស់​គ្នា​អាច​ដោះ​ស្រាយ​បញ្ហា​ជីវភាព​នៅ​លើ​ទឹក​ដី​គេ​ស្រួល​បួល​ខ្លះ​ហើយ យើង​​មុ​ខ​ជា​នាំ​គ្នា​ងាក​មក​រក​ឫស​គល់​កំណើត​របស់​យើង​វិញ​ ហើយ​ជួយ​ចូក​ជួយ​ចែវបន្តិច​ម្នាក់​​មិន​ខាន។
- ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ថា គ្មាន​ភាសា​ណា​ពីរោះ​រណ្តំ​ជាង​ភាសា​កំណើត​របស់​យើង​រាល់​គ្នា​ទេ។ ភាសា​​បរ​ទេស ​ទោះ​ជា​យើង​ចេះ​និយាយ​ ឬ​ចេះ​សរ​សេរ​ក៏​វា​មិន​ចេញ​មក​ពី​ធម្ម​ជាតិ​ដែរ​។ ខ្ញុំ​ធ្លាប់​បាន​អាន​រឿង​បរ​ទេស​ច្រើន​ណាស់​។ អ្នក​និពន្ធ​គេ​សរ​សេរ​ពីរោះ​មែន​។ សិល្ប៍​វិធី​នៃ​ការ​និពន្ធ​ក៏​​ល្អ តែ​អត្ថ​ន័យ​មិន​ត្រូវ​ចំ​ឧត្តម​គតិ​ខ្ញុំ​ទេ​។ ​​ចំពោះ​ខ្ញុំ​ៗ​នៅតែ​ចូល​ចិត្ត​អាន​សៀវ​ភៅ​ខ្មែរ​យើង​ជាង​សៀវ​ភៅ​បារំាង ព្រោះ​អក្សរ​សិល្ប៍​ខ្មែរ មាន​ឃ្លា​ប្រ​យោគ​ពី​រោះ​ផ្អែម​ធ្វើ​ឲ្យ​ជក់​ជាប់​ចិត្ត​ដូច​ជា​នៅ​ក្នុង​សាច់​រឿង មាលា​ដួង​ចិត្ត ដែល​និពន្ធ​ដោយ​លោក​នូ​ហាច​នេះ​។ ​អា​រម្មណ៍​ខ្ញុំ​ទាំង​មូល​អណ្តែត​​អណ្តូង​​ទៅ​តាម​ទឹក​ដៃ​របស់​អ្ន​កនិពន្ធ​ ដែល​ប៉ិន​ប្រ​សប់​ប្រើ​សំនួន​វោ​ហារ ប្រ​លោម​អ្នក​អាន​ឲ្យ​ស្លុង​ទៅ​តាម​ដំណើរ​រឿង​ និង​ពាក្យ​ពេចន៍​របស់​ខ្លួន​។ អស្ចារ្យ​ណាស់! ខ្ញុំ​​កោត​សរ​សើរ​មែន​ទែន!
- ខ្ញុំ​កោត​តែ​អ្នកនាង​អាច​ផ្ចង់អារម្មណ៍​អាន​សៀវភៅកើត​ក្នុង​បរិយា​កាស​អ៊ូអរ​ដូច​ជា​នៅ​មាត់​សមុទ្រ​នេះ ។ លាក់​បាំង​អី​អ្នក​នាង ពីបារីស៍ ខ្ញុំ​ស្វែង​រក​ទីកន្លែង​ស្ងាត់ ​ ប៉ុន្តែ​បែរ​ជា​មក​ស្ថិត​នៅ​ក្នុង​សភាពនេះ​ទៅវិញ។
- បាន​សេចក្តីថា លោក​អញ្ជើញ​មក​ទីនេះទាំង​បង្ខំឬ?
- វត្តមាន​របស់​ខ្ញុំ​នៅទីនេះ​អាច​ចាត់​ទុក​ជា​ការ​ចៃ​ដន្យ​ក៏​បាន​ដែរ។ លើស​ពី​នេះ​ទៅទៀត ខ្ញុំ​ចង់​​និយាយថា ​ប្រហែល​ជា​មក​ពីនិស្ស័យ​ពី​ព្រេង​នាយ​របស់​ខ្ញុំ​​តម្រូវ​ឲ្យ​ខ្ញុំ​​មក​ជួប​អ្នក​នាង​នៅ​មាត់​សមុទ្រ​នេះ។
- លោក​ជឿ​ទៅលើ​និស្ស័យ​ពីព្រេង​នាយ​ដែរ?
- បាទ ខ្ញុំ​ជឿ​ណាស់​អ្នក​នាង។
- ច៎ាៈ ខ្ញុំ​ក៏​អីចឹង​ដែរ។
យើង​ទាំងពីរនាក់​នៅស្ងៀម​មួយ​ស្របក់​ ទើប​ខ្ញុំ​ចាប់​បន្ត​វាចា ៖
- ខ្យល់​សមុទ្រ ក្លិន​សមុទ្រ សម្រស់​នារីខ្មែរ វាចា​ដ៏​ទន់ពីរោះ​មាន​ទឹក​ដម និង​​មាន​ន័យ​ខ្លឹម​សារ​​របស់​អ្នក​នាងកំពុងតែ​បណ្តុះ​មនោសញ្ចេតនាខ្ញុំឲ្យ​ប្លែក។ ​ខ្ញុំ​បែក​គំនិត​ថ្មី​លែង​យល់​ខ្លួន​ឯង​​អស់។ សូម​ទោស​អ្នក​នាង​ ​អ្នក​នាង​បាន​អញ្ជើញ​មក​ដល់ក្រុង NICE ប៉ុន្មាន​ថ្ងៃ​​ហើយ​?
- ច៎ាៈ ទើបតែ​បាន​បីថ្ងៃ​ប៉ុណ្ណោះ។ ចុះលោក?
- យី! អីក៏​ដូចគ្នា​ម្ល៉េះ​ហ្ន៎! ខ្ញុំ​ក៏​ទើប​តែ​បាន​មក​ដល់​ទីនេះ​បី​ថ្ងៃដែរ។ សូម​អ្នក​នាង​ឈប់​ហៅ​ខ្ញុំ​ថា «លោកៗ»​​ទៀត​ទៅ។ ខ្ញុំ​ឈ្មោះ ឧត្តម ។ សូម​មេត្តា​ហៅឈ្មោះ​ខ្ញុំ​ចំៗ​តែ​ម្តង​ទៅបានហើយ។ ខ្ញុំអាចសុំស្គាល់ឈ្មោះ​អ្នក​នាង​ឈ្មោះបានទេ?
- ច៎ាៈ ខ្ញុំ​ឈ្មោះ​ ទេវីវណ្ណ។ អ្នក​ផង​ច្រើន​ហៅ​កាត់​យ៉ាង​ខ្លីថា ទេវី! ទេ​វី។
- ទេវី! ទេវីវណ្ណ! ឈ្មោះ​អ្នក​នាង​ពីរោះ​ណាស់។ ឈ្មោះ​នេះ​សក្តិសម​នឹង​រូប​សម្បត្តិ​ដ៏ប្រិម​ប្រិយ៍​​របស់​អ្នកនាង​មែន!
- ច៎ាៈ អរគុណ! លោកដូច​ជា​បញ្ជោ​រខ្ញុំ​បន្តិ​ច​ហើយ។

   ទេវីវណ្ណ​និយាយ​ទាំង​បញ្ចេញ​ស្នាម​ញញឹម​ដ៏​ស្រស់​ញ៉ាំង​ឲ្យ​ឱរា​ខ្ញុំ​រឹត​តែ​ជ្រួល​ច្របល់។ ខ្ញុំ​សម្លឹង​ភក្រ្ត​នាង​ហាក់​បី​ដូច​ជា​ចង់​ថត​យក​រូប​នាង​ និង​វង្វង់​ភក្រ្តា​ដ៏​បវរ​នេះ​មក​ទុក​​យ៉ាង​ស្ងាត់​ក្នុង​បេះ​ដូង​ខ្ញុំ។ ស្រស់​ទេវីវណ្ណហាក់​យល់​ពី​រស្មី​កែវ​ភ្នែក​របស់​ខ្ញុំ​ដែល​លួច​ផ្ញើ​សារ​សម្ងាត់​ទៅនាង។ ឆោម​ស្រស់​អៀន​​ឡើង​ក្រហម​ថ្ពាល់​ទាំង​សង្ខាង​។ ​ស្ថិត​នៅ​ក្រោម​កម្តៅ​ថ្ងៃ​ចែស​យ៉ាង​ដូច្នេះ​ សាច់​​ស​របស់​នាង​​ឡើង​ពណ៌​ក្រហម​ព្រឿង​ៗ​។ ​សម្រស់​ស្រស់​ស្រី​កាន់​តែ​ល្អ​ឡើង។ ដើម្បីបន្លប់​ការ​ខ្មាស​អៀន ទេវីវណ្ណ​ចោល​ភ្នែក​ទៅ​ឯ​មាត់​សមុទ្រ​សម្លឹង​រក​មើល​ប្អូន​ៗ​ដែល​កំពុងមុជ​ទឹក។ ខ្ញុំ​​ប្រញាប់​​​សួរ​ផ្គាប់​ចិត្ត​ចរណៃ​មួយ​រំពេច។

- អ្នក​នាងចង់​ឲ្យ​ខ្ញុំ​ទៅតាម​រក​ប្អូន​ៗ​របស់​អ្នក​នាង​ឬទេ?
- ច៎ាៈ អរគុណ​លោក​ មិន​ចាំ​បាច់​ទេ។ ប្អូន​ៗ​ខ្ញុំ​ចេះ​ប្រយ័ត្ន​ប្រយែង​ខ្លួន​ហើយ។ កាលណា​ គេ​មុជ​​ទឹក​អស់​ចិត្ត ​គេ​នឹង​ឡើង​មក​រក​ខ្ញុំ​​មិន​ខាន។
- មិន​ខុស​ពី​វាចា​របស់​ទេវីវណ្ណ​មែន។ ​ប្រហែល​ជាប្រាំ​នាទី​បន្ទាប់​មក កុមារាកុមារី​ទាំង​បី​រូត​រះ​ឡើង​ពី​ទឹកសមុទ្រ​ហើយរត់ស្រ​សំដៅ​មក​រក​រៀម​ច្បង។ ម្នាក់​ៗ​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ ហើយ​នាំ​គ្នា​រៀប​អីវ៉ាន់​ដាក់​ស្បោង​យួរ​រៀង​ៗ​ខ្លួន មិនឲ្យ​ទេវីវណ្ណ​ពិបាក​​ជួយ។ ទេវីវណ្ណ​បញ្ជា​ទៅ​នាង​បុប្ជា។
- ប្រមូល​អីវ៉ាន​ទៅ យើង​​ទៅផ្ទះ​វិញ ក្រែង​លោ​​ប៉ាអ៊ំ ម៉ាក់​អ៊ំ និង​ប៉ាម៉ាក់​យើង​ចាំយូរ​ណ៎ា។ ប្អូន​ទាំង​បី​ជម្រាប​លា​លោក​ឧត្តម​ទៅ។
- ទាំង​បី​នាក់​​លើក​ហត្ថា​ផ្គុំ​ឡើង​យ៉ាង​សូភាព​រាប​សារ​ជម្រាបលា​ខ្ញុំ​សក្តិ​សម​ជា​ «កូន​ខ្មែរ​មាន​ពូជ»មែន​ រួច​ហើយ ទេវីវណ្ណលា​ខ្ញុំ​ក្រោយ​គេ​។ សូម្បី​តែ​នាង​សំពះ​ក៏​សម​ឥត​ខ្ចោះ។ ខ្ញុំ​ក៏​លើក​ដៃ​ប្រណម្យ​​តប​នៅ​នាង​វិញ​។
ស្រស់​កល្យាណ​បណ្តើរ​ប្អូន​ទាំង​បី​នាក់​ចាកចោល​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​រថយន្ត​ម៉ាក (Ford Escord)​ធុន​ថ្មី​ពណ៌ក្រហម​ឆេះ​ ។ រថយន្ត​បរ​ចេញ​ពីខ្សែ​នេត្រា​ខ្ញុំ​ទៅ​ក្រោម​បញ្ជា​ម្ចាស់ស្រី​រូប​ស្រស់​ទង​វង។ ខ្ញុំ​ឈរ​មើល​រថយន្ត​ទាំង​សោក​ស្តាយ​ ទាំង​លួច​លាក់​ស្នេហ៍​ពេញ​ដួង​ហឫទ័យ។

   ខ្ញុំ​ក៏​ត្រឡប់​ទៅ​កាន់បន្ទប់​សំណាក់​របស់​ខ្ញុំ​វិញ។ ទៅ​ដល់​ភ្លាម​ ខ្ញុំ​ប្រាសខ្លួន​គេង​លើ​ពូក​ទាំង​ស្បែក​ជើង​។ ដៃ​គង​ថ្ងាស ​ភ្នែក​សម្លឹង​ពិតាន​បន្ទប់​ភ្លៀកៗ លួច​គិត​ក្នុង​ចិត្ត​ម្នាក់​ឯង​ថា ឱ! ទីក្រុង​NICEអើយ! នីស​បាន​ធ្វើ​បាប​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់។ តើ​ថ្ងៃ​ស្អែក​ ទេវីវណ្ណនាង​នាំ​ប្អូនៗ​មក​លេង​សមុទ្រ​ទៀត​ឬ​ទេ​ហ្ន៎? ចុះ​បើ​មនុស្ស​មក​មុជ​ទឹក​ច្រើន​ម្លឹងៗ​ តើ​ធ្វើ​ដូចម្តេច​ ខ្ញុំ​នឹង​បាន​ជួប​នាងទេវីវណ្ណ​ទៀត​ទៅ?។