វគ្គទី១៥
ទុក្ខព្រួយព្រោះព្រាត់
ថ្ងៃសៅរ៍ ទី3.មេសា 2021.ម៉ោង 14:43

    សភាព​ នៃ​ ចិត្ដ​របស់​ខ្ញុំ​នៅ​ពេល​ឡើង​យន្ដ​ហោះ​ ដូច​ជា​ពិបាក​អធិប្បាយ​ឲ្យត្រូវ​បាន​ ព្រោះ​មាន​ទុក្ខ​កង្វល់​ខ្លាំង​ពេក​។ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ក្នុង​កាល​ដែល​គិត​ថា​ វិនាទី​នេះ​ ជា​វិនា​ទី​ដែល​ខ្ញុំ​ត្រូវ​ព្រាត់​ប្រាស​និរាស​ចាក​ប្រពន្ធ​ជា​ទី​ស្នេហា​ និង កូន​សំឡាញ់​ដែល​ទើប​ នឹង ចេះ​សើច​ចេះ​វារ​។

    ឪពុក​របស់​ខ្ញុំ​បាន​និយាយ​លេង​ជា​មួយ​ខ្ញុំ​ ហាក់​ដូច​ជា​គ្មាន​រឿង​រ៉ាវ​អ្វី​កើត​ឡើង​។ លោក​និយាយ​ដល់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ផ្លូវ​គោក​ និង ផ្លូវ​អាកាស​ និង​ការ​ដើរ​លេង​នៅ​ក្រុង​បាង​កក​ ដោយ​បាន​ប្រើ​ពាក្យ​ពេចន៍​ពីរោះ​ពិសា​ និង មេត្ដា​ករុណា​ចំពោះ​ខ្ញុំ​ ដែល​នាំ​ឲ្យ​ខ្ញុំ​យល់​ថា​ ឪពុក​របស់​ខ្ញុំ​មាន​ជ័យ​ជនះ​លើ​រូប​ខ្ញុំ​ហើយ​។

    មួយ​សន្ទុះ​ក្រោយមក​ ហូតែស្ស​យន្ដ​ហោះ​បាន​នាំ​យក​ទស្សាវដ្ដី​ នឹង​សារព៌តមាន​គ្រប់​យ៉ាង​​មក​ចែក​អ្នក​ដំណើរ​អាន​កំសាន្ដ​ ដើម្បី​រំងាប់​ពេល​វេលា​ នៃ ការ​ធ្វើ​ដំណើរ​កុំ​ឲ្យធុញ​ទ្រាន់​ ខ្ញុំ​បានទទួល​សារ​ព៌ត​មាន​ដែល​ចេញ​ព្រឹក​នេះ​មក​អាន​លេង។ ខ្ញុំ​បានចួប​ នឹង ហេតុ​ការណ៍​ដ៏​ចំឡែក​គួរ​ឲ្យ​រំភើប​ចិត្ដ​ ដែល​ខ្ញុំ​ត្រូវ​ពិនិត្យ​ហើយ​ពិនិត្យទៀត​។

    សារព៌ត​មាន​នោះ​ ជា​សារ​ព៌តមាន​ចេញ​ផ្សាយ​រាល់​ព្រឹក​នៅ​ទី​ក្រុង​បាង​កក ជា​សារព៌ត​មាន​ ដែលសម​ នឹង ឈ្មោះ​ថា «អរុណបាងកក» គេ​ដាក់​ចំណង​ជើង​ធំៗ​ថា​ «ដំណឹង​ពិសេស​នៅ​ម៉ោង​ ៤ទៀប​ភ្លឺ»។ សារ​ព៌ត​មាន​នេះ​បាន​អួត​ថា​គេ​បាន​ដំណឹង​ពិសេស​មួយ​នៅ​ម៉ោង​ ៤ទៀប​ភ្លឺ​ ហើយ​គេ​ក៏​យក​មក​ចុះ​ផ្សាយ​ក្នុង​ទំព័រ​សារព៌ត​មាន​របស់​គេ​នៅ​ពេល​អរុណ​រះ​។ គេនិយាយ​ថា​ ដំណឹង​ពិសេស​នេះ​ គឺ​ហេតុ​ការណ៍​ដ៏​សំខាន់​ដែល​កើត​ឡើង​កាលពី​ពេល​ម៉ោង​ ៤ភ្លឺ​ ហើយ​ត្រូវ​ប្រាកដ​រូប​ឡើង​នៅ​ក្នុង​ទំព័រ​សារ​ព៌ត​មាន​របស់​គេ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អាន​បាន​ដឹង​ដំណឹង​នេះ​នៅ​ពេល​អរុណ​រះ​។ សភាព​ដែល​អាច​ស្រូប​ទាញ​ក្រសែ​ភ្នែក​ និង សតិ​អារម្មណ៍​របស់​ខ្ញុំ​យ៉ាង​ខ្លាំង​នោះ​ ក៏​គឺ​ដំណឹង​អំពី​មរណ​ភាព​នៃ​រូប​ខ្ញុំ​ផ្ទាល់​នុ៎ះ​ឯង។

    ខ្ញុំ​ត្រូវ​ឈ្លី​ភ្នែក​ក្នុង​ខណ​ដែល​ខ្ញុំ​បានអាន​ដំណឹង​នេះ​.. ខ្ញុំ​សង្ស័យ​ខ្លួន​ឯង​ថា​ ក្រែង​ភ្នែក​របស់​ខ្ញុំ​ភាន់​ច្រឡំ​ ឬ ក៏​ស្មារតី​របស់​ខ្ញុំ​ពុំ​ប្រក្រតី​ទេ​ដឹង​? ព្រោះ​ប្រសិន​បើ​ខ្ញុំ​នៅ​មាន​សតិ​សម្បជញ្ញ​ដឹង​ខុស​ត្រូវ​ដូច​មនុស្ស​ធម្មតា​នោះ​ ខ្ញុំ​ក៏​មុខ​ជា​ពុំ​បាន​ឃើញ​ដំណឹង​ដូច្នេះ​នៅ​លើ​ទំព័រ​សារ​ព៌ត​មាន​ ឬ​ ក៏​មានមនោ​​សញ្ចេត​នា​ដូច​ពេល​នេះ​ឡើយ​...

    ដំណឹង​នេះ​ ពុំ​មែន​ជា​ដំណឹង​តូច​​តាច​ទេ​ គឺ​ជា​ដំណឹង​ធំ​ដុំ​ណាស់​​។ គេ​បាន​សរសេរ​ឈ្មោះ​ខ្ញុំ​ធំៗ​ ហើយ​យ៉ាង​ត្រឹម​ត្រូវ​នៅ​លើ​ទំព័រ​សារ​ព៌តមាន​។ គេ​និយាយ​ថា​ ខ្ញុំ​បើក​បរ​រថ​យន្ដ​ចូល​ទីក្រុង​បាង​កក​ ដើម្បី​ជួប​ នឹង ​ញាតិ​មិត្រ​ ដែល​សំណាក់​នៅ​សណ្ឋា​គារ​ រតនកោស៊ីន​ លុះ​ត្រឡប់​មក​វិញ​ខ្ញុំ​បាន​បើក​រថ​យន្ដ​ធ្លាក់​ផ្លូវ​ថ្នល់​ ហើយ​ជ្រុល​ទៅ​បុកដើម​គគីរ​យ៉ាង​ខ្លាំង​ ទាល់​តែ​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​រថ​យន្ដ​ និង ម្ចាស់​ខ្ទេច​ខ្ទី​អស់​ គេ​បញ្ជាក់​ថា​ ហេតុ​ការណ៍​នេះ​កើត​ឡើង​​ប្រមាណ​ជា​ម៉ោង​ ៣​ ប្រហែល​ជា​ម៉ោង​ ៤ នាង យូរ៉េត​ចេញ​ទៅ​តាម​រក​ប្ដី​ លុះ​ទៅ​ដល់​​ត្រង់​កន្លែង​ដែល​រថ​យន្ដ​ត្រូវ​ភ្លើង​ឆេះ​នោះ​ នាង​ក៏​សង្ស័យ​ថា​ ជា​រថយន្ដ​របស់​ប្ដី​នាង​ ហើយ​នាង​ក៏​ចូល​ទៅមើល​សំណាក​រថ​យន្ដ​នោះ​ ជា​រថ​យន្ដ​របស់​ប្ដី​នាង​មែន​ ហើយ​សាក​​សព​ដែល​​ត្រូវ​ភ្លើង​​ឆេះ​រោ​ខ្មៅ​ដូច​ម នៅ​ក្នុង​រថ​យន្ដ​នោះ​ ក៏​នាង​សន្និ​ដ្ឋាន​ថា​ ជា​សាក​សព​របស់​ខ្ញុំ​ប្ដី​នាង​ដែរ​ អ្នក​និពន្ធ​សារព៌តមាន​ បាន​សនិដ្ឋាន​នៅ​ចុង​ខាង​ក្រោយ​ថា​ ប្រ​ហែលជា​ខ្ញុំ​ស្រ​វឹង​ស្រា​ ហើយ​បើក​បររថ​យន្ដ​លឿន​ពេក​ បាន​ជាមាន​គ្រោះ​ថ្នាក់​គួរ​ឲ្យ​ស្ញប់ស្ញែង​យ៉ាង​នេះ​។

    នេះ​ស្អី​ចេះ​! ... (ខ្ញុំ​គិត) រូប​ខ្ញុំ​នៅ​ជា​រូប​ខ្ញុំ​ដដែល​​ម្ដេច​ថា​ខ្ញុំ​​ស្លាប់​?..ឲ្យ ឬ ថា​ជា​បិសាច​របស់​ខ្ញុំ​ដែល​ស្លាប់​ទៅ​ហើយ​?​... បើ​តាម​ខ្ញុំ​ធ្លាប់​បាន​ដឹង​មក​ថា​ សារព៌ត​មាន​នេះ​ ពុំ​ដែល​ចុះ​ផ្សាយ​ដំណឹង​ភូត​ភរ​កុហក​ផ្ដេស​ផ្ដាស​ឡើយ​ ហើយ​ដំណឹង​បែប​នេះ​ ក៏​ពុំ​ងាយ​ នឹង ​មាន​អ្នក​ណា​ហ៊ាន​កុហក​លេង​ផ្ដេស​ផ្ដាស​បាន​ផង​ ព្រោះ​ហេតុ​ការណ៍​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​បាង​កក​នោះ​ឯង​ ដែល​កំទេច​រថ​យន្ដ​ និង ស្លាក​ស្នាម​ផ្សេងៗ​ ក៏​មុខ​ជា​មាន​សល់​នៅ​កន្លែង​នោះ​ ហើយ​បើ​ជនា​នុជន​ចង់​ទៅ​មើ​ ក៏​អាច​ទៅ​មើល​បាន​ដោយ​ងាយ​ផង​។

    ក្នុង​ខណ​ដែល​ខ្ញុំ​កំពុង​តែ​សង្ស័យ​ នឹង ខ្លួន​ឯង​នោះ​ បង​ប្រុស​របស់​ខ្ញុំ​សំឡឹង​មើល​មុខ​ខ្ញុំ​ហាក់​ដូច​ចង់​ដឹង​នូវ​ការ​ពិត​អ្វី​ម្យ៉ាង​ពី​ខ្ញុំ​។
- បង! (ខ្ញុំ​សួរ) ងង​ដឹង​ហើយ​នៅ​?
- ដឹង​ស្អី? (បង​ខ្ញុំ​សួរ​មក​វិញ)
   ខ្ញុំ​ហុច​កាសែត​ជូន​បង​ខ្ញុំ​ បង​ខ្ញុំ​ក៏​អាន​យ៉ាង​ពិនិត្យ​ពិច័យ​។ ខ្ញុំ​សងំ​ស្ងៀម​ចាំ​ទាល់តែបង​ខ្ញុំ​អាន​ចប់​ ទើប​ខ្ញុំ​សួរ​ថា៖
- ម៉េច​អញ្ចឹង​បង​?
- អើ​ហ្ន៎​! កាសែត​នេះ​ផ្សាយ​ដំណឹង​រហ័ស​មែន​ ...
- បង​ដឹង​ឬ​ទេ​ ថា​រឿង​នេះ​វា​យ៉ាង​ម៉េច​ខ្លះ​?
    បង​ប្រុស​របស់​ខ្ញុំ បាន​សំឡឹង​មើល​មុខ​ខ្ញុំ​ ដោយ​ក្រសែ​ភ្នែក​ដែល​ពោរ​ពេញ​ទៅ​ដាយ​សេចក្ដី​អាណិត​អាសូរ។ បង​ខ្ញុំ​អង្អែល​ស្មា​ខ្ញុំ​តិចៗ​ ថ្នមៗ​ ហើយ​ក៏​និយាយ​​រឿង​រ៉ាវ​ទាំង​អស់​ប្រាប់​ខ្ញុំ​។​

    រឿង​រ៉ាវ​ដែល​និយាយ​នោះ​ រួម​សេច​ក្ដី​ថា​ លោក​ឪពុក​ និង បង​ខ្ញុំ​បាន​​ទៅ​ដល់​ទីក្រុង​បាង​កក​នេះ​ប្រាំ​ថ្ងៃ​ហើយ​។ ក្នុង​កំឡុង​ពេល​ប្រាំ​ថ្ងៃ​នេះ​ បង​ខ្ញុំ​បាន​ទៅ​លប​មើល​ការ​ប្រព្រឹត្ដ​ទៅ​របស់​ខ្ញុំ​ដឹង​អស់​ហើយ​ ៗ​ បាន​ឃើញ​នាង​យូរ៉េត​ បាន​ឃើញ​ខ្ញុំ​ បាន​ឃើញ​កូន​ខ្ញុំ បាន​ឃើញ​ការ​រស់​នៅ​របស់គ្រួសារ​ខ្ញុំ​ និង អ្វី​ៗ​គ្រប់សព្វ​ទាំង​អស់​។ ឪពុក​បាន​សំរេច​ចិត្ដ​ថា​ ត្រូវ​តែ​នាំ​យក​រូប​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ​ឲ្យ​ខាង​តែបាន​ ហើយ​ត្រូវ​ប្រើ​កល​ឧបាយ​ ដោយ​វិធី​ណា​មួយ​ ធ្វើ​ឲ្យ​នាង​យូរ៉េត​អស់​សង្ឃឹម​ ដើម្បី​កុំ​ឲ្យ​នាង​តាមទៅ​រក​ខ្ញុំ​ឯ​ភ្នំពេញ​ទៀត​។

    រឿង​នេះ​ឪពុក​ខ្ញុំ​ជា​អ្នក​គិត​ បង​ប្រុស​ខ្ញុំ​ជា​អ្នក​ធ្វើ។ អ្នក​គិត​ក៏​ពូ​កែ​ អ្នក​ធ្វើ​ក៏​អង់​អាច​ក្លាហាន​ បាន​ជា​ធ្វើ​បាន​សំរេច​យ៉ាង​នេះ​។ ការ​នេះ​ត្រូវ​ប្រើ​ចិត្ដ​ដាច់​ខាត​ ត្រូវ​ធ្វើ​ដោយ​ក្លា​ហាន​ពុំ​ខ្លាច​បាប​។ ពិត​ណាស់​ហើយ​ការ​ពង្រាត់​បង្រាសកូន​ប្រពន្ធ​របស់​អ្នក​ណា​មួយ​នោះ​ ជា​ការ​ពិបាក​ណាស់​។ អ្នក​ដែល​ហ៊ាន​ធ្វើ​ ក៏​ទាល់​តែ​ជា​អ្នក​ដែល​មាន​កំឡាំង​ចិត្ដ​រឹង​ប៉ឹង​មែនទែន​ណាស់​ដែរ​។ កាល​បើ​គេ​មាន​កំឡាំង​ចិត្ដ​មុត​ ហ៊ាន​ពង្រាត់​បង្រាស​ប្រពន្ធ​កូន​អ្នក​ដទៃ​បាន​យ៉ា​នេះ​ហើយ​ គេ​ក៏​អាច​ធ្វើ​បាប​​កម្ម​ដទៃ​ទៀត​ មាន​ឃាត​កម្ម​​ជា​ដើម​បាន​យ៉ាង​ស្រួល។

    លុះ​បាន​ស្ដាប់​រឿង​រ៉ាវ​ទាំង​អស់​នេះ​ហើយ​ ខ្ញុំ​ក៏​ព្រម​ទទួល​សារ​ភាព​ថា​ ឪពុក​ និង បង​ប្រុស​របស់​ខ្ញុំ​ពូកែ​ជា​ង​ខ្ញុំ​មែន​ ព្រោះ​លោក​ទាំង​ពី​រហ៊ាន​ធ្វើ​ នូវ​ អំពើ​ដែល​ខ្ញុំ​ពុំ​ហ៊ាន​ធ្វើ។ ខ្ញុំ​បាន​លើក​​ដៃ​ទាំង​ពីរ​ឡើង​លើ​ ហើយ​សូម​ចុះ​ចាញ់​លោក​ទាំង​ពីរ​នេះ​ហើយ​។​

    គំនិត​ពង្រាត់​បង្រាស​នេះ​ ដោយ​ពុំ​ចង់​ឲ្យ​នាង​ យូរ៉េត​ ទៅ​តាម​នោះ​ លោក​ត្រូវ​ធ្វើ​ឲ្យ​នាង​ជឿ​ថា​ ខ្ញុំ​ស្លាប់​បាត់​ទៅ​ហើយ​។ ក្នុង​កំឡុង​ពេល​ពីរ​ម៉ោង​ ដែល​បង​ប្រុស​ខ្ញុំ​បាន​ចេញ​ពី​បន្ទប់​សណ្ឋា​គារ​ រតនកោ​ស៊ីន​ ដើម្បី​ចាត់​ការ​យក​សំបុត្រ​ និង រថ​យន្ដ​របស់​ខ្ញុំ​ទៅ​ប្រគល់​ឲ្យ​នាង​ យូរ៉េត នោះ​ បង​ខ្ញុំ​បានទៅ​ធ្វើ​បាប​កម្ម​មួយ​ដែល​មាន​ទម្ងន់​ដ៏​ធ្ងន់​។ បង​ខ្ញុំ​បាន​បើក​រថ​យន្ដ​របស់​ខ្ញុំ​ ទៅទិញ​ប្រេង​សាំង​ពីរ​ប៉ោត​យក​ទៅ​ដាក់​លើ​រថ​យន្ដ​ ហើយ​បើក​សំដៅ​ទៅ​ផ្ទះ​របស់​ខ្ញុំ​។ តាម​ផ្លូវ​ថ្នល់​ទៅ​ផ្ទះ​ខ្ញុំ​នេះ​ មាន​ចង្កៀង​អគ្គីសនីបំភ្លឺ​តែ​ពាក់​កណ្ដាល​ផ្លូវ​ប៉ុណ្ណោះ​ ពាក់​កណ្ដាល​ផ្លូវ​ទៀត​នោះ​ ងងឹត​ណាស់​ ព្រោះ​ឆ្ងាយពីក្រុង​។ ពេល​យប់​តែង​មាន​មនុស្ស​ដើរ​ទៅ​មក​ពុំ​សូវ​ដាច់​។ អ្នក​បើក​រថ​យន្ដ​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ទើប​បាន​ សូម្បី​តែ​ខ្ញុំ​ ដែល​បើក​បរ​រថ​យន្ដ​តាម​ផ្លូវ​នោះ​រាល់​ថ្ងៃ​ ក៏​វិះៗ​ មាន​គ្រោះ​ថ្នាក់​ច្រើន​ដង​ណាស់​ហើយ​។ ជា​ពិសេស​ទៅ​ទៀត​ ប្រ​សិន​បើ​មាន​រថ​យន្ដ​មកពី​ខាង​មុខ​ហើយ​បើក​ហ្វា​ផង​នោះ​ ក៏​រឹង​រិត​តែ​មាន​គ្រោះ​ថ្នាក់​ច្រើន​ឡើង​ទៀត​ ព្រោះ​វា​ចាំង​ភ្នែក​មើល​អ្នក​ដើរ​ពុំ​ឃើញ​ ហើយ​ប្រសិន​បើ​តាំង​ចិត្ដ​បុក​មនុស្ស​អ្នក​ដើរ​ផង​នោះ​ ក៏​ជា​ការ​ងាយ​ណាស់​ទៅ​ទៀត​។

    នេះ​ជា​អំពើ​ ដែល​បង​ប្រុស​របស់​ខ្ញុំ​បាន​ធ្វើ​ ជា​អំពើ​ដ៏​អាក្រក់​លាមក​ តែ​បង​ខ្ញុំ​ក៏​ចាំ​បាច់​ត្រូវ​ធ្វើ​ ដើម្បី​ឲ្យ​បាន​សំរេច​ នូវ លទ្ធិផល​សម​តាម​ផែន​ការ​របស់​ឪពុក​ខ្ញុំ​។ ក្នុង​ពេល​ដែល​បង​ខ្ញុំ​យក​រថ​យន្ដ​របស់​ខ្ញុំ​បើក​ទៅ​នោះ​ ជា​ពេល​ក្រោយ​អធ្រាត្រ ជា​ពេល​ស្ងាត់​ កាល​បើ​បង​ខ្ញុំ​បាន​ជួប​ នឹង អ្នក​ដំណើរ​ណា​ ដែល​ដើរ​ម្នាក់​អែង​ បង​ខ្ញុំ​ក៏​បើក​រថ​យន្ដ​បុក​ បុក​ល្មម​តែ​ដួល​សន្លប់​កុំ​ឲ្យមាន​ឈាម​ ហើយ​ក៏​បញ្ឈប់​រថ​យន្ដ​ ចុះ​ទៅ​លើក​យក​មនុស្ស​អ្នក​រង​គ្រោះ​នោះ​ទៅ​ដាក់​លើ​រថ​យន្ដ​ ហើយ​បើក​បរ​ត​ទៅ​ទៀត​។ លុះ​ទៅ​ដល​កន្លែង​មាន​ដើម​គគីរ​ធំ​ ដែល​ផ្លូវថ្នល់​ត្រង់​នោះ​បត់​បន្ដិច​ បង​ខ្ញុំ​បញ្ឈប់​រថ​យន្ដ​ ទាញ​អ្នក​រង​គ្រោះ​ដាក់​ចំចង្កូត​ ហើយ​ក៏​ដាក់​លេខ​បញ្ឆេះ​ឲ្យ​រថ​យន្ដ​លឿន​ទៅ​បុក​ដើម​គគីរ​នោះ​ រួច​គូស​ឈើ​គូស​ដុត​រថ​យន្ដ​នោះ​ចោល​ទៅ​។ ដោយ​កំឡាំង​ប្រេង​សាំង​ពីរ​ប៉ោត​ និង ប្រេង​សាំង​ក្នុង​ធុង​បំរុង​នោះ​ ភ្លើង​ក៏​ត្រូវ​ឆាប​ឆេះ​ឡើង​ភ្លាម​យ៉ាង​ខ្លាំង​សន្ធោ​សន្ធៅ​ ល្មម​ឆេះ​ទាំង​រថ​យន្ដ​ ទាំង​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​ផេះ​បាន។

   - អូន​ (បង​ប្រុស​ខ្ញុំ​បានពោល​ក្នុង​ពេល​ដែល​បាន​និយាយ​រឿង​រ៉ាវ​ប្រាប់​ចប់​ហើយ) រឿង​រ៉ាវ​មាន​ត្រឹម​ប៉ុណ្ណឹង​...
   - ត្រឹម​តែ​ប៉ុណ្ណឹង​! (ខ្ញុំនិយាយ​ផ្ទួន​ពាក្យ​) បង​និយាយ​ដូច​ជា​ធ្វើ​លេង​ ដូច​ជា​ថា​រឿង​ដែល​បង​ធ្វើ​នោះ​ ជា​រឿង​តូច​តាច​បន្ដិច​បន្ដួច​ បង! ចុះ​បង​ខំធ្វើ​អញ្ចឹង​ តើ​ដើម្បី​ប្រយោជន៍​អ្វី?..
   - ដើម្បី​ប្រពន្ធ​របស់​ឯង​ជឿ​ជាក់​ថា​ អូន​ឯង​ពិត​​ជា​ស្លាប់​ ហើយ​វា​លែង​រវី​រវល់​ នឹក នាដល់​អូន​ឯង​ទៀត​...
   - ចុះ​ប៉ា​ក្ដី​​ បង​ក្ដី​ អាច​ទ្រាំ​អង្គុយ​ចាំ​យាម​ល្បាតរូប​ខ្ញុំ​មួយ​ជីវិត​ ឬ​ យ៉ាង​ណា​` ព្រោះ​អី​ ខ្ញុំ​អាច​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ប្រាប់​ប្រពន្ធ​ខ្ញុំ​វិញ​ថា​ រូប​ខ្ញុំ​នៅ​រស់​ ហើយមនុស្ស​ដែល​ស្លាប់​នោះ​ពុំ​មែន​ជា​រូប​ខ្ញុំ​ទេ​ ខ្ញុំ​ត្រឡប់​ទៅ​បាង​កក​វិញ​ ទៅនាំ​យក​ប្រពន្ធ​ខ្ញុំ​មក​ក៏​ស្រាច់​​ទៅ​ហើយ​...
   - រឿង​នេះ​បង​ជឿ​ជាក់​ថា​ អូន​ឯង​មុខ​ជា​ពុំ​ហ៊ាន​ធ្វើ​អញ្ចឹង​ជា​ដាច់​ខាត​ណ៎ា​អូន​...
   - ម៉េច​ក៏​បង​គិត​ថា​ ខ្ញុំពុំ​ហ៊ាន​ធ្វើ​?
   - ព្រោះ​បើ​អូន​ធ្វើ​អញ្វឹង​ទៅ​ ក៏​ទុក​ដូច​ជា​អូន​ឯង​បើក​កកាយ​ នូវ​ ការ​ពិតប្រាប់​ប៉ូ​លិស​ថា ប៉ា​ និង បង​រួម​គំនិត​គ្នា​ធ្វើ​ឃាត​កម្ម​នោះ​ អូន​ឯង​សុខ​ចិត្ដ​ ឲ្យប៉ា និង បង​ជាប់​គុក​ឬ?​
   - ខ្ញុំពុំ​ប្រាប់​ដល់​អ្នក​ណា​ទេ​! ខ្ញុំ​គ្រាន់​តែ​ប្រាប់​ដល់ប្រពន្ធ​របស់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ​!...
   - ហ្នឹង​ហើយ​! បើ​អូន​ឯង​ប្រាប់​រឿង​នេះ​ឲ្យ​វា​ដឹង​ វា​ក៏​មុខ​ជា​ខឹង​ នឹង ប៉ា​ និង បង​ ជា​ខ្លាំង​ ព្រោះ​ប៉ា​ និង បង​បាន​ទៅ​ពង្រាត់​ប្ដី​វា​ អូន​ឯង​ទុកចិត្ដ​ទុក​ថ្លើម​យ៉ាង​ម៉េច​បាន​ កាល​បើ​វា​ខឹង​ដល់​ចិត្ដ​វា​មែន​ទែន​ វា​មុខ​ជា​ទៅ​ប្ដឹង​ប៉ូ​លិស​ពុំ​ខាន​។

    ពិត​ណាស់​ហើយ​ ផែន​ការ​នេះ​ ជា​ផែន​ការ​ដែល​លោក​ឪពុក​ និង បង​ប្រុស​របស់​ខ្ញុំ​បានគិត​ទុក​យ៉ាង​ហ្មត់​ចត់​ណាស់​ ហើយ​ទើប​លោក​​នាំ​គ្នា​ធ្វើ​ដោយ​ជឿ​ជាក់​ថា ខ្ញុំ​មុខ​ជា​ពុំ​ធ្វើ​អ្វី​ផ្ដេស​ផ្ដាស​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ការ​អាថិ​កំបាំង​នេះ​លេច​លឺ​ខ្ចរ​ខ្ចាយ​ឡើយ​ ព្រោះ​ថា​ បើ​ខ្ញុំ​ធ្វើ​ដូច្នោះទៅ​ ទុក​ដូច​ជា​ខ្ញុំ​សំលាប់​លោក។ ម្យ៉ាង​ទៀ​ត​ការ​នេះ​ សូម្បី​ខ្ញុំ​​បាន​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ​ហើយ​ ខ្ញុំ​ក៏​ពុំ​ហ៊ាន​ទាក់​ទង​អ្វី​ នឹង ​នាង យូរ៉េត​ទៀត​ឡើយ​ ឬ​ សូម្បី​បើ​ទុក​ជា​ខ្ញុំ​បាន​ត្រឡប់​ទៅ​ក្រុង​បាង​កក​វិញ​ ក៏​ខ្ញុំ​ពុំ​អាច​ទៅរក​នាង​ ហើយ​នៅ​រួម​ជា​មួយ​គ្នា​បាន​ទៀត​ឡើយ​ ព្រោះ​ខ្លាច​បែក​ការ​ថា​ លោក​ឪពុក​ និង បង​ប្រុស​របស់​ខ្ញុំ​បាន​ធ្វើ​ នូវ អំពើឃាត​កម្ម​នុ៎ះ​។

    វិធី​នេះ​ ជា​វិធី​អាថិ​កំបាំង​ជ្រាល​ជ្រៅ​ណាស់​ ជ្រាល​ជ្រៅ​ ដែល​ពុំ​គួរ​ជា​ឪពុក​ និង បង​ប្រុស​របស់​ខ្ញុំ​នេះ​សោះ​ ហើយ​ឪពុក​ និង បង​ប្រុស​របស់​ខ្ញុំ​ ក៏​ពុំ​គួរ​ធ្វើ​ឲ្យ​រឿង​នេះ​ ក្លាយ​ទៅ​ជា​រឿង​រ៉ាវ​ធំ​ដុំ​ដល់​ទៅ​ប៉ុណ្ណោះ​សោះ​ឡើយ​។

    - ចុះ​សំបុត្រ​របស់​ខ្ញុំ​? (ខ្ញុំ​សួរ​) សំបុត្រ​ដែលខ្ញុំ​ខំ​សរសេរ​ផ្ញើ​ទៅ​ឲ្យ​ប្រពន្ធ​ខ្ញុំ​នោះ​?...
    - បង​ហែក​ចោល​ទៅ​ហើយ​! ហែក​ចោល​អម្បាញ់​មិញ​នេះ​ឯង​...

    ការ​នេះ​ក៏​រឹង​រិត​តែ​អាក្រក់​លាមក​ណាស់​ទៅ​ទៀត​... ខ្ញុំ​ខឹង​ខ្លាំង​ណាស់​ កំហឹង​ និង សេចក្ដី​ទុក្ខ​ កាល​បើ​វា​ផុះ​ឡើង​ព្រម​គ្នា​ វា​ក៏​កើត​ទៅ​ជា​សភាព​ នៃ សេចក្ដី​ដ៏​ចម្លែក​ម្យ៉ាង​ខុស​ធម្មតា​ ដែល​ខ្ញុំពុំ​ដឹង​ជា​អធិប្បាយ​ថា​ដូច​ម្ដេច​ឲ្យ​បាន​ត្រូវ​.. ខ្ញុំ​គិតថា​ប្រ​សិន​បើ​ការ​ពង្រាត់​មក​ដោយ​ស្ងៀម​ៗ​ ដោយ​បណ្ដោយ​ឲ្យ​ខ្ញុំ​បាន​ប្រាប់​ដំ​ណឹង​ដល់​នាង​ យូរ៉េត​ ដូច​សេច​ក្ដី​ នៃ សំបុត្រ​​ ដែល​ខ្ញុំ​បាន​សរសេរ​ផ្ញើ​ទៅ​ឲ្យ​នាង​នោះ​ ក៏​ដូច​ជា​នៅ​ល្អ​ជាង​ការ​ធ្វើ​ដូច្នេះ​បន្ដិច​... តែ​នេះ​ លោក​បាន​ធ្វើ​ឲ្យ​នាង​យូរ៉េត​ ពុំ​ដឹង​ជា​មាន​សេចក្ដី​ទុក្ខ​ សោក​ក្រៀម​ក្រំ​យ៉ាង​ណា​ទេ​?.. ហើយ​សេច​ក្ដី​ទុក្ខ​សោក​ក្រៀម​ក្រំ​នោះ​ នឹង មាន​ទំហំ​ប៉ុណ្ណា​ទៅ​?... ការ​ដែល​ឪពុក​ និង បង​ ប្រុស​របស់​ខ្ញុំ​ធ្វើ​ដូច្នេះ ​ក៏​ទុក​ដូច​ជា​លោក​បាន​សាង នូវ ​ស្ពាន​ នៃ សេច​ក្ដី​ទុក្ខ​សោក​​ក្រៀម​ក្រំ​ឲ្យ​ស្ដ្រី​ម្នាក់​ដែល​គ្មាន​កំហុស​..ដែល​ខ្ញុំ​បាន​ស្រឡាញ់​នាង​ ធ្វើ​ឲ្យ​នាង​ព្រាត់​ប្រាស​និរាស​ចេញ​ពី​ស្រុក​ទេស​ និង ញាតិ​សន្ដាន​សាច់​សាលោ​ហិត​ ហើយ​ទីបំផុត​ប្ដី​បណ្ដូល​ចិត្ដ​របស់​នាង​ក៏​ត្រូវ​មាន​គ្រោះ​ថ្នាក់​ស្លាប់​ ស្លាប់​ដោយ​ឧបទ្ធ​វ​ហេតុ​ ដែល​ពុំ​បាន​ជានឹក​នា​ ស្លាប់​ក្នុង​ពេល​ដែល​នាង​បាន​ផ្ដែ​ផ្ដាំ​ឲ្យ​ទិញ​របស់​សំរាប់​ក្មេង​លេង​យក​ទៅ​ផ្ញើ​កូន​ផង​...

    ខ្ញុំ​លែង​និយាយ​ស្ដី​ថា​អ្វី​ទៀត ព្រោះ​ដូច​ជា​ណែន​ដើម​ករក​និយាយ​អ្វី​ពុំ​រួច​... បង​ប្រុស​របស់​ខ្ញុំ​ ក៏​ដូច​ជា​ដឹង​ថា​ ខ្ញុំ​ខឹង​សម្បា​ នឹង ​តូច​ចិត្ដ​តូច​ថ្លើម​ នឹង លោក​...​

    យន្ដ​ហោះ​ ក៏​បាន​មក​ដល់​ចំណត​អាកាស​យាន​ ពោធិ​ចិនតុង ហើយ​កំពុង​តែ​បន្ទាប​ខ្លួន​ចុះ​ យើង​ក៏​បាន​ប្រុង​ប្រៀប​រៀប​ចំ​ខ្លួន​ប្រាណ​ដែរ​។
    នៅ​ពេល​ចេញ​ពី​ក្នុង​ចំណត​អាកាស​យាន​មក​ខាង​ក្រៅ​ ខ្ញុំ​បាន​ឃើញ​ប្អូន​ៗ​ របស់​ខ្ញុំ​ គេ​នាំ​កូន​ប្រពន្ធ​របស់​គេ​មក​ចាំ​ទទួល​ខ្ញុំ​

    គ្រាន់​តែ​បាន​ឃើញ​កូន​គេ​ (ក្មួយ​របស់​ខ្ញុំ) ខ្ញុំ​ក៏​ដូច​ជា​ស្លុត​រន្ធត់​ចិត្ដ​ជា​ខ្លាំង​ ព្រោះ​នឹក​ដល់​កូន​របស់​ខ្ញុំ​... បេះ​​ដូង​របស់​ខ្ញុំ​ដូច​ជា​ដើរ​ញាប់​ខុស​ធម្មតា​... ក្បាល​របស់​ខ្ញុំ​ដូច​ធ្ងន់​ធេង​ធោង​... ខ្ញុំ​ងងឹត​មុខ​​ស្លុប​... ក្រោយ​ពេល​ដែល​អ្នក​ខ្លះ​ជំរាប​សួរ​ អ្នក​ខ្លះ​អោប​ខ្ញុំ​ បន្ដិច​មក​ ខ្ញុំ​ក៏​ខំ​ដើរ​ទៅ​រក​រថ​យន្ដ​ជា​របស់​ប្អូន​ខ្ញុំ​ ដែល​ចត​នៅ​ខាង​ក្រៅ​ ដោយ​ទប់​ខ្លួន​កុំ​ឲ្យដួល​... តែ​ខ្ញុំ​នៅ​ចាំ​បាន​ថា​ ខ្ញុំ​ទើប​តែ​បើក​ទ្វារ​រថ​យន្ដ​ នៅ​​ពុំ​ទាន់​ឡើង​ជិះ​ផង​ ខ្ញុំ​ក៏​លែង​ដឹង​អ្វី​ត​ទៅ​ទៀត​ទាំង​អស់​។