វាចាអ្នកនិពន្ធ &សេចក្ដីជំរាបមុន
ថ្ងៃសៅរ៍ ទី10.វិច្ឆិកា 2018.ម៉ោង 7:41

«រាម​កេរ្ដិ៍​ក្នុង​ក្ដី​ស្រមៃ» គឺ​ជា​ការ​ប្រឌិត​ស្រមៃ​មួយ​របស់​អ្នកសរ​សេរ​ដូច​ដែល​ចំណង​ជើង​រឿង​បាន​ជំរាប​ស្រាប់​។

តំលៃ​របស់​នាង​សីតា​ ដែល​ស្ថិត​នៅ​ត្រង់​អែក​ភាព​ផ្លូវ​ចិត្ដ​ មិន​ព្រម​ជា​នា​ នឹង ព្រះ​រាម​វិញ​ តាម​ធម្មតា​ទូទៅ​ ក៏​គួរ​អោយ​មតិ​អ្នក​ផង​យល់​ដូច្នេះ​ដែរ​។ ប៉ុន្ដែ​ការ​ដែល​អោយ​តួទាំង​ពីរ​បែក​គ្នា​ នៅ​ទីបញ្ចប់​នៃ​រឿង​បែប​នេះ​ ប្រ​ហែល​មិន​បាន​ជា​ទី​គាប់​ចិត្ដ​សំរាប់​អ្នក​មនោ​សញ្ចេត​នា​និយម​ប៉ុន្មាន​ទេ​។ គឺ «រាម​កេរ្ដិ៍​ក្នុង​ក្ដី​ស្រមៃ» ដែល​សាក​ល្បង​បំភ្លៃ​រៀប​រាប់​បញ្ចប់​រឿង​រាម​កេរ្ដិ៍​ តាម​ចំណង់​ចំណូល​ចិត្ដ​របស់​អ្នក​មនោ​សញ្ចេត​នា​និយម​ទាំង​នោះ​។

សូម​ឧទ្ទិស​សំនេរ​នេះ​ ជូន​លោក​គ្រូ​ទាំង​ប៉ុន្មាន​ ដែល​ខ្ញុំ​ធ្លាប់​រៀន​សូត្រ​ជា​មួយ​តាំង​ពី​នៅ​សាលា​បឋម​សិក្សា​ រហូត​ដល់​មហា​វិទ្យា​ល័យ​ មាន​ព្រះ​តេជ​គុណ​ប៉ាង - ខាត់, លោក​កេង-វ៉ាន់​សាក់​ ជា​ដើម​ ហើយ​និង ​ជូន​មិត្ដ​ភក្ដិ​ទាំង​អស់​ ដែល​ធ្លាប់​រៀន​ជា​មួយ​គ្នា​ ជា​ពិសេស​មិត្ដ​មួយ​ចំនួន​នៅ​មហា​វិទ្យា​ល័យ​អក្សរ​សាស្ដ្រ​ភ្នំពេញ​។ ខ្ញុំ​មិន​ភ្លេច​ទេ​ ថ្ងៃ​ដែល​យើង​ជួប​គ្នា​គ្រា​ដំបូង​ ហើយ​និង ថ្ងៃ​ដែល​យើង​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្នា។ ខ្ញុំ​រង់​ចាំ​ជួប​អ្នក​វិញ​នៅ​ថ្ងៃ​ថ្មី​ណា​មួយ​។

                                                      យឹម-កិច្ច​សែ

កំនត់​បញ្ជាក់​

បើ​ខ្ញុំ​សរសេរ​ ៖
ឡើង ៖ ល៉ើង , ឡើយ៖ ល៉ើយ, ឡាយ៖ល៉ាយ,​ ដូច្នេះ៖ ដូច​នេះ,​ ប៉ុណ្ណេះ​ ប៉ុននេះ, ឮ៖ លឺ, ឬ៖ រឺ, ជា​ដើម​។ល។

ទាំង​នោះ​គឺ​ជា​ស្នាម​សំណល់​ពីការសិក្សា​នៅ​មហា​វិទ្យា​ល័យ​អក្សរ​សាស្ដ្រ​ភ្នំពេញ​ ជាមួយ​លោក​ កេង-វ៉ាន់​សាក់​ ដែល​ត្រូវ​ទទួល​ឈ្មោះ​ថា ជា​អ្នក​កែ​ប្រែ​អក្សរ​សាស្ដ្រ​ និង ដែល​ត្រូវ​បង្អោន​ខ្លួ​ននៅ​ចំពោះ​ព្រះភក្ដ្រ​សម្ដេច​សង្ឃ​ជួន-ណាត​ ដែលមាន​សម្ដេច​សី​ហនុ​នៅ​ពី​ក្រោយ​។ គឺ​ជា​ទំនាស់​ចាស់​​-ថ្មី​។ កាល​ដើម​គេ​សរសេរ​ «ហើ្យ​»សព្វ​ថ្ងៃ​គេ​សរសេរ«ហើយ​»។ អ្វី​ៗ​គ្រប់យ៉ាង​ តែង​មាន​ការ​វិវត្ដន៍​។ បើ​គេយល់​ថា​ ភាសា​សរសេរ​ខ្មែរ​ត្រឹម​ត្រូវ​ល្អពិសិដ្ឋ​ហើយ​​នោះ​ គេ​មិនគប្បី​កែ​ប្រែ​ភាសា​សរសេរ​ខ្មែរ​ទៀត​ទេ។

ពាក្យ​ដែល​គួរ​គិត​ គឺ​បញ្ហា​កូន​ខ្មែរ​ ដែល​សរសេរ​ពាក្យ​ខ្មែរ​ខុស​ច្រើន​ផ្នែក​អក្ខរា​វិរុទ្ធ។ នៅ​ក្នុងទស្សនាវដ្ចី​ ព្រិត្ដិប័ត្រ​ សៀវ​ភៅ​ខ្មែរ​ ក៏​មាន​កំហុស​អក្ខរា​វិរុទ្ធខ្លះ​ៗដែរ​។ តើ​គេ​អាច​សំរួល​ភាសា​ខ្មែរ​បានរឺ​ទេ?