ទីក្រុងភ្នំពេញ ចាប់ផ្ដើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី២១ គ្រិស្ដសតវត្សទី១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត)(១) គឺ ព្រះស្រីសុរិយោពណ៌(២) នៅពេលដែលទ្រង់បោះបង់ចោលព្រះរាជវាំងអង្គរ មកកសាងព្រះរាជវាំង ថ្មីនៅទួលបាសាន ក្នុងខែត្រស្រីសឈរ ដែលសព្វថ្ងៃហៅថា ស្រុកស្រីសន្ធរក្នុងខែត្រកំពុងចាម ប៉ុន្ដែទីទួលបាសាននោះ ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ ទ្រង់សាងប្រាសាទ ព្រះរាជ វាំង ហើយគង់នៅបានតែមួយឆ្នាំ ក៏ទ្រង់ស្ដេចយាងមក កសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះនៅ គ.ស.១៤៣៤។ ការ ស្ថាបនាទីក្រុងភ្នំពេញមានពីរ លើក។

  • លើកទី១ នៅគ្រិស្ដសតវត្សទី១៥ រជ្ជកាលព្រះបាទពញាយ៉ាតតែមិនឋិតថេរ
  • លើកទី២ នៅគ្រិស្ដសតវត្សទី១៩ រជ្ជកាល ព្រះបាទនរោត្ដមទើបឋិតថេរ។

  បានជាការស្ថាបនាទីក្រុងភ្នំពេញមានពីរលើកព្រោះក្រោយពីស្ថាបនាលើកទី១ គឺគ.ស.១៣៤៤ ដល់ ១៤៩៧ នោះព្រះ រាជវាំងបានទៅស្ថាបនា អង្គរវិញ.. ក្រោយពីអង្គរទៅពោធិសាត់ ទៅបរិបូណ៍ ទៅលង្វែក ទៅឧត្ដុង្គ ហើយក្រោយពីឧត្ដុង្គ ព្រះរាជវាំងត្រលប់មកស្ថាបនានៅក្រុងភ្នំ ពេញវិញជាលើកទី២ នៅគ.ស.១៨៦៥ ទើបបានឋិតថេររហូតសព្វថ្ងៃ។

រឿងដើមកំណើតទីក្រុងភ្នំពេញ

    កាលសាងវិហាររួចហើយ គាត់និមន្ដព្រះសង្ឃមកគង់នៅលើជើងភ្នំនោះក្នុងទិសខាងលិច ទើបកើតមានឈ្មោះថា «វត្ដភ្នំដូនពេញ» ដែល សព្វថ្ងៃហៅកាត់ខ្លីថា វត្ដភ្នំ តាំងពីពេលនោះមករហូតដល់សព្វថ្ងៃ។ ឯព្រះពុទ្ធរូបទាំង ៤ព្រះអង្គ និង អ្នកតាព្រះចៅនោះបានបញ្ចេញឥទ្ធិរិទ្ធឲ្យ ឃើញពូកែស័ក្ដិសិទ្ធិណាស់ អ្នកណាបន់ស្រន់ ក៏បានសំរេចបំណងពិត (នេះជាជំនឿរបស់អ្នកស្រុក)។ នេះហើយជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង៦០ ឆ្នាំបានកើតជាទីក្រុង របស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដម្ភ។

ការស្ថាបនារាជវាំងនៅទីក្រុងភ្នំពេញលើកទី១

    ព្រះរាជពង្សាវតារប្រទេសកម្ពុជាចែងថា ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់គ្រប់គ្រងព្រះរាជសម្បត្ដិ គង់នៅក្នុងព្រះរាជវាំង មហានគរ (នគរធំ) បាន១៥ឆ្នាំ លុះមកដល់ឆ្នាំគំរប់គ្រប់១៦ នៃរជ្ជកាលរបស់ព្រះអង្គទើបទ្រង់មានព្រះយោបល់ថា នឹងទ្រាំនៅក្នុងមហានគរ នេះតទៅទៀតពុំបាន ក៏មានព្រះបញ្ជាអោយសាងព្រះរាជវាំងថ្មីនៅទួលបាសា នក្នុងខេត្ដស្រីសឈរ ដែលសព្វថ្ងៃហៅថា ស្រុកស្រីសន្ធរ ខែត្រ កំពង់ចាម។ នៅថ្ងៃ១៣រោច ខែមិគសិរ ឆ្នាំជូតចត្វាស័ ក ព.ស.១៩៧៦ ច.ស.៧៩៤ គ.ស. ១៤៣២(៣)

    ព្រះបាទសម្ដេចបរមរាជា ពញាយ៉ាត ទ្រង់ស្ដេចយាងចេញចាកមហានគរមួយអន្លើ ដោយរាជាសេវកាមាត្យ នាម៉ឺន សព្វមុខមន្រ្ដីជាដើម ដោយព្រះទីនាំងតាមជលមាគ៌ាមក លុះថ្ងៃ ១៥កើត ខែបុស្ស ឆ្នាំជូតចត្វាស័ក នុ៎ះស្ដេចយាងដល់ទួលបាសាន ស្ដេចគង់នៅជាសុខសំរាន្ដ ក្នុង ព្រះរាជវាំងបានសាននោះ បានត្រឹមជាង១ឆ្នាំប៉ុណ្ណោះ ដោយទឹកទន្លេចេះតែឡើង ទីនោះលិចរាល់ឆ្នាំ ទើបព្រះអង្គមានព្រះរាជបញ្ជាអោយ សម្ដេចចៅពញា កែ និង ឧកញ៉ាហោរាធិបតីខៀវ ព្រមដោយមន្រ្ដីឯទៀតខ្លះផង ដែលស្គាល់ទីដីមានជ័យភូមិ អោយទៅពិនិត្យមើលទីដីនៅ ជិតភ្នំដូនពេញ ឃើញថា ទីដីនៅទិសអគ្នេយ៍ភ្នំដូនពេញជ័យភូមិល្អ ព្រះអង្គក៏មានព្រះបញ្ជាអោយកសាងព្រះរាជវាំងថ្មីនៅទីត្រង់នោះ។ នៅ ថ្ងៃទី ៩កើត ខែពិសាខ ឆ្នាំខាល ឆស័ក ព.ស.១៩៧៨ ច.ស.៧៩៦ គ.ស.១៤៣៤ ព្រះបាទសម្ដេចព្រះបរមរាជា ពញាយ៉ាត ស្ដេចយាងចេញចាក ព្រះរាជវាំងបាសានថ្ងៃ១៥ កើត ខែពិសាខ ចូលគង់វាំងថ្មីនាទិសអគ្គេយ៍ភ្នំដូនពេញ។

    នៅថ្ងៃ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ នពស័ក ព.ស.១៩៨១ ច.ស.៧៩៩ គ.ស.១៤៣៧ ព្រះអង្គប្រទាននាមក្រុងថ្មីនេះ ថាក្រុងចតុមុខមង្គល។ ឯទន្លេបួនមុខដែលគេធ្លាប់ហៅថា ទន្លេច្រាបឈាមមកយូរហើយនោះ ទ្រង់ប្រទានឈ្មោះថា ទន្លេចតុមុខបូព៌ាវិញ៘ ព្រះអង្គព្រះរាជបញ្ជា ឲ្យឧកញ៉ាតេជោស្រី ចៅហ្វាយស្រុកសំរោងជាអ្នកកាន់ការលើដី ចាក់លុបបំពេញទីក្រុងថ្មី ទាំងឲ្យយកដី ចាក់បំពេញ ភ្នំដូនពេញឲ្យរីកធំខ្ពស់ ឡើងទៀតផង។ ទីក្រហូងជ្រៅដែល កើតពីការជីកយកដីនោះជាប់មានឈ្មោះថា បឹងទេជោរៀងមក គឺដីត្រង់ផ្សារថ្មីសព្វថ្ងៃនេះ៘ ទ្រង់មាន ព្រះរាជបញ្ជា ឲ្យឧកញ៉ាផ្លុង ចៅហ្វាយស្រុកបាទីកាន់ការជីកព្រែកមួយ នៅខាងត្បូងភ្នំដូនពេញ ដែលជាប់មានឈ្មោះមានឈ្មោះ ថាព្រែកឧក ញ៉ាផ្លុង ហើយចំណេរកាលតមកហៅព្រែកពាមផ្លុង គឺត្រង់កន្លែងសួនវែងសន្លឹម នៅងខាងកើតព្រះសក្យមុនីចេតីយ៍សព្វថ្ងៃនេះ៘

    ព្រះបាទសម្ដេចព្រះបរមរាជា ពញាយ៉ាត ទ្រង់មានព្រះរាជបញ្ជាអោយកសាងវិហារលើទីដីខ្ពស់ដែលចាក់ថែមថ្មី ត្រង់ កន្លែងវិហារចាស់ របស់ដូនពេញ អោយកសាងព្រះចេតិយ៍ធំៗពីខាងក្រោយវិហារ៘ ទ្រង់បញ្ញាត្ដអោយហៅវត្ដភ្នំដូន ពេញថា វត្ដព្រះចេតិយ៍បរពត៌ ដូច្នេះ វិញ លុះចំណេរចេរកាលតមក មហាជនបែរជាហៅវត្ដនេះថាវត្ដភ្នំដូនពេញ អ្នកខ្លះ ហៅថាវត្ដភ្នំពេញឬថា វត្ដភ្នំ ជាប់រៀងមក។ ទ្រង់មាន ព្រះបញ្ជាអោយកសាងវត្ដ ៦ដទៃទៀតគឺ៖

  • ១ - វត្ដកោះ នៅត្រង់ទិសខាងកើតឆៀងអាគ្នេយ៍ភ្នំដូនពេញ
  • ២- វត្ដលង្កា នៅទិសខាងកើតឆៀងឦសានភ្នំដូនពេញ
  • ៣ - វត្ដពុទ្ធឃោសា នៅត្រង់ទិសខាងត្បូងព្រែកចិនដំដែក នាទិសខាងជើងភ្នំដូនពេញ។ បានជាព្រះរាជទាននាមវត្ដទាំង៣នេះដូច្នេះ ដើម្បី អោយសមនឹងដំណើររឿងដែលថា ព្រះពុទ្ធឃោសាចារ្យទៅចំលងគម្ពីរពីកោះលង្កា។
  • ៤ - វត្ដពាមផ្លុងនៅត្រង់ទិសអាគ្នេយ៍ភ្នំដូនពេញ ជិតជាប់នឹងមាត់ព្រែកឧកញ៉ាផ្លុង ឆ្ងាយបន្ដិចពីវត្ដកោះ មានព្រះនាមថាព្រះស្រការលេញ ព្រោះគេបិទមាសរំលេចមានសន្ឋានស្រដៀងនឹងស្រការត្រីលេញ(៤)
  • ៥ - វត្ដឧណ្ណាលោម ដែលមាននាមនេះស្រេចស្រាប់ពីយូរមកហើយ ជានាមនៃព្រះចេតិយ ដែលបញ្ចុះព្រះឧណ្ណាលោម(រោមប្រជុំ ចញ្ចើម) នៃព្រះអស្សជិតត្ថេរ នៅចំកណ្ដាលព្រះចេតិយទាំង៥ ខាងលិចវិហារវត្ដឧណ្ណាលោមសព្វថ្ងៃនេះ។
  • ៦ - វត្ដខ្ពមតាយ៉ង ដោយនាមតាម្នាក់ឈ្មោះយ៉ង ដែលជាអ្នកជីកខ្ពបលុះចំនេរកាលមក វត្ដខ្ពបតាយ៉ងគឺវត្ដបទុមវតីសព្វថ្ងៃនេះ។ បន្ទាប់ ពីនោះព្រះបរមរាជា ពញាយ៉ាត ព្រះអង្គមានព្រះរាជបញ្ជាអោយជីកព្រែកមួយទៀតនៅទិសខាងត្បូងព្រះរាជវាំង ហើយអោយលើក កំពែងព័ទ្ធជុំវិញក្រុង។ ព្រែកនៅខាងត្បូងនោះអោយឈ្មោះថា ព្រែកតាកែវ នៅខាងលិចព្រែកនោះមានអូរមួយហៅថាអូរគរ។ មាន ព្រែកមួយនៅខាងជើងភ្នំហៅថា ព្រែកពុំពាយ ប៉ុន្ដែដោយហេតុត្រង់នោះមានរោងចិនដំដែក ទើបព្រែកពុំពាយនោះក្លាយឈ្មោះទៅជា ព្រែកចិនដំដែកវិញ។

    នៅតាមមាត់ទន្លេ៤មុខ ព្រះរាជាទ្រង់មានព្រះរាជបញ្ជាឲ្យលើកដីជាកំពែងដើម្បីការពារទឹកទន្លេកំឲ្យឡើលិចទីក្រុង។ ខាងក្នុងកំពែងទីក្រុង ថ្មីនេះ ពួកអ្នករាជការ និង អ្នកស្រុកសង់ផ្ទះសំបែងបានតាមចិត្ដ។ ឯភូមិភាគខាងលិចក្រុងលុទ្ធតែជាវាលស្រែ។

    បួនឆ្នាំក្រោយមកព្រះនរាយណ៍រាជា ជាព្រះរាជបុត្រច្បងនៃព្រះបរមរាជា ពញាយ៉ាត បានត្រូវតាំងជាព្រះឧបរាជ ហើយទ្រង់ទៅសាងប្រា សាទគង់នៅឯជាយរលួស។ ក្នុងពេលជាមួយគ្នានោះ ព្រះស្រីរាជា ជារាជបុត្របន្ទាប់នៃព្រះបរមរាជា ពញាយ៉ាត ទ្រង់នៅគង់នៅទីខាងលិច អូរគរ លើទួលមួយដែលជាប់នាមហៅថា ទួលព្រះស្រី នៅខាងជើងវត្ដ ព្រះពុទ្ធមានបុណ្យ

ការស្ថាបនារាជវាំងនៅទីក្រុងភ្នំពេញលើកទី២

  នៅថ្ងៃព្រហស្បត្ដិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ សប្ដស័ក ព.ស.២៤០៩ ម.ស.១៧៨៧ ច.ស.១២២៧គ.ស១៨៦៥ (៥) ម៉ោង ៩ព្រឹក ព្រះបាទសម្ដេច ព្រះនរោត្ដម បរមរាមទេវតា (ព្រះសុវណ្ណកោដ្ឋ) សេ្ដចយាងចេញចាកព្រះបរមរាជវាំងស្រះសរពើយុត្ដក្រុងឧត្តុង្គមានជ័យមកគង់ក្រុងភ្នំពេញ ចតុមុខនគរ។

    ការកសាងក្រុងភ្នំពេញក្នុងរជ្ជកាល ព្រះករុណានរោត្ដមនេះ ជាការសាងលើកទី២ តពីទី១ ក្នុងរជ្ជកាលព្រះបរមរាជា ពញាយ៉ាត បានប្រកប ដោយជោគជ័យសិរីមង្គលរុងរឿង ចំរើន ឋិតថេរ រហូតមកដល់សម័យបច្ចុប្បន្ន។

(១) សៀវ​ភៅ​ពង្សាវ​តារ​នៃ​ប្រ​ទេស​កម្ពុជា​របស់​ក្រ​សួង​សិក្សា​ធិការ បោះ​ពុម្ព​ក្នុង​ឆ្នាំ ១៩២៥ ទំព័រ​ទី​១០​ថា ទ្រង់​ព្រះ​នាម ព្រះ​បាទ​សម្ដេច​បរម​រាជា​ធិ​រាជ​ រាមា​ធិប​តី​ព្រះ​ស្រី​សុរិ​យោ​ព៌ណ ធម្មិក​មហា​រាជា​បរម​នាថ បរម​បរ​ពិត​។
(២) ព្រះស្រី​សុរិ​យោ​ព៌ណ​ឡើង​សោយ​រាជ​ពី គ.ស. ១៣៨៤ តែ​១២ឆ្នាំ ក្រោយ​មក​ទើប​អភិ​សេក​នៅ​គ.ស ១៣៩៦​។ ព្រះ​នាម​ក្នុង​រាជ​ថា ព្រះ​បាទ​សម្ដេច​ស្ដេច​ព្រះ​រាជ​ឱង្ការ​ព្រះ​បរម​រាជា​រាមា​ធិប​តី​ព្រះ​សុរិ​យោ​ព៌ណ ធម្មិក​មហា​រាជា​ធិ​រាជ​ ព្រះ​បរម​នាថ​បរម​បពិ​ត្រ​ (សូម​អាន Histoire du Cambogde, Aleclere P218)។
(៣) សៀវ​ភៅ​ប្រវត្ដិ​សាស្រ្ដ​វត្ដ​ឧណ្ណា​លោម​របស់​សម្ដេច​សង្ឃ​រាជ ជួ�� ណាត គណៈ​មហា​និកាយ​បោះ​ពុម្ព​ក្នុង​ឆ្នាំ ១៩៦៣ ទំព័រ​២ បញ្ជាក់​រឿង​ព្រះ​បាទ​ពញា​យ៉ាត​ថា ស្ដេច​ចេញ​ពី​មហា​នគរ​នៅ គ.ស ១៤៣២ ដូច​ខាង​លើ​នេះ សៀវ​ភៅ​កម្ពុ​ជា​ វតារ​បស់​ក្រ​សួង​អប់​រំ​ជាតិ​ បោះ​ពុម្ព​ឆ្នាំ ១៩២៩ ទំព័រ​ ៤៨​ នៅ​ គ.ស.​១៥២១​។
(៤ ) ព្រះ​ស្រការ​លេញ​អង្គ​នេះ​ហើយ ដែល​ចៅ​ពញា​ភក្ដី​សង្គ្រាម ហុក​ ជា​មេ​ទ័ព​មាន​កេរ្ដិ៍​ឈ្មោះ បាន​ចូល​ទៅ​បួង​សួង​នៅ​ពេល​យប់​មុន​ពេល​ចុះ​ហែល​ទឹក​ទន្លេ​ទៅ​អញ្ជើញ​ស្ដេច​សម្ដេច​ព្រះ​ទា​រក្សត្រី​ជា​ព្រះ​ជន​និ​នាថ នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ជ័យ​ចេស្ដា​ អោយ​​បាន​រួច​ផុត​ពី​កណ្ដាប់​ដៃ​សត្រូវ​នៅ​ជ្រោយ​ចង្វា​រ ក្នុង​ពុទ្ធ​សត​វត្ស​ទី​២៣​។ លុះចំណេរ​មក​ខាង​មុខ​ព្រះ​ពុទ្ធ​រូប​ស្រការ​លេញ​អង្គ​នេះ បាន​មក​ប្រតិ​ស្ថាន​ក្នុង​វត្ដ​ឧណ្ណា​លោម គឺ​ព្រះ​ពុទ្ធ​រូប​អង្គ​ធំ​ក្នុង​វិហារ​វត្ដ​ឧណ្ណា​លោម​សព្វ​ថ្ងៃ​នេះ ដែល​បាន​ជួស​ជុល​អស់​វារ​៣​ដង​ហើយ​។ ឯ​ព្រះ​នាម​ថា ព្រះ​ស្រការ​លេញ​នោះ ក៏​រលប់​បាត់​ទៅ​ ឥត​មាន​លេច​លឺ​ឡើយ​។
(៥) សៀវ​ភៅ​ប្រវត្ដិ​ វត្ដ​ឧណ្ណា​លោម​ របស់​សង្ឃ​រាជ ជួន ណាត គណ​មហា​និ​កាយ បោះ​ពុម្ព​ក្នុង​គ.ស.១៩៦៣ ទំព័រ​ទី​៩ បញ្ជាក់​រឿង​ការ​ស្ថាប​នា​ក្រុង​ភ្នំ​ពេញ​លើក​ទី​២​ថា​ ​នៅ​គ.ស ១៨៦៥ ដូច​ខាង​លើ​នេះ​។ សៀវ​ភៅ​កម្ពុ​ជា​ពង្សា​វតារ​របស់​ ក្រសួង​អប់​រំជាតិ​ បោះ​ពុម្ព​ក្នុ​គ.ស. ១៩២៤ ទំព័រ​១១០​ ថា​ នៅ​ គ.ស.១៨៦៧​។ សៀវ​ភៅ​ពង្សាវ​តារ​នៃ​ប្រ​ទេស​កម្ពុ​ជារបស់​ក្រសួង​សិក្សា​ធិការ​ជាតិ​បោះ​ពុម្ព​ក្នុង គ.ស ១៩៥២ ទំព័រ​ ១៨៩ ថា​នៅ​គ.ស ១៨៦៣​។