៥ -រឿងវិហារអដ្ឋារស (នៅខេត្ដកណ្ដាល)
ថ្ងៃសៅរ៍ ទី9.មករា 2016.ម៉ោង 9:52

នៅ​ប្រទេស​កម្ពុជា​ទាំង​មូល ពុទ្ធសាសនិកជន​ជាតិ​ខ្មែរ​តែង​ធ្វើ​វត្ត ធ្វើ​វិហារ បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត តាម​ទំលាប់​ដែល​គេ​និយម​ប្រកាន់​ទុក​តាំង​ពី​បុរាណ​កាល ប៉ុន្តែ​យើង​ឃើញ​មាន​វិហារ​មួយ​​បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​ដែរ គឺ​វិហារ​អដ្ឋរស្ស នៅ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ការ​ប្លែក​នោះ​ហើយ ដែល​គួរ​អោយ​ចង់​ដឹង​ណាស់។

  រឿង​វិហារ​នោះ មាន​សេចក្ដី​ដំណាល​ដូច​តទៅ​នេះ ៖

  កាល​នៅ​គ្រិស្ត​សតវត្ស​ទី ១៣ គឺ​ចុង​សម័យ​អង្គរ ព្រះ​រាជា​ប្រទេស​ចិន​បាន​ចាត់​បេសកជន​ជា​ច្រើន​ក្រុម​អោយ​ដើរ​មក​មើល ដើរ​ស៊ើប​សួរ ក្នុង​ប្រទេស​នានា ដើម្បី​ដឹង​ថា តើ​ប្រទេស​ណា​មាន​អារ្យធម៌​ដូច​ម្ដេច​ខ្លះ? បើ​ប្រទេស​ណា​មាន​អារ្យធម៌​រុងរឿង​ត្រូវ​កត់​ត្រា យក​ទៅ​ផ្សាយ​ក្នុង​ប្រទេស​ចិន ហើយ​ប្រទេស​ចិន​នឹង​យក​ប្រទេស​នោះ​ជា​មិត្ត បើ​ប្រទេស​ណា​មាន​អារ្យធម៌​អោន​អាប់ ប្រទេស​ចិន​នឹង​ជួយ​ទំនុក​បំរុង ឬ​មួយ​នឹង​យក​ធ្វើ​ជា​ប្រទេស​ចំណុះ។

  ហេតុ​នេះ ដើម្បី​នឹង​ទប់​ទល់​កុំ​អោយ​មករ​នេះ​នឹង​ងើប​រួច នៅ​ទី​នោះ​បាន​ពួក​ចិន​ចង់​សន្ធប់​រូង​ភ្នំ​នោះ​អោយ​ជិត​ដោយ​ប្រការ​ណាមួយ​ ហើយ​គិត​ថា «បើ​យក​ដុំ​ថ្ម​មក​សន្ធប់​រូង​នោះ​ទៅ ខ្លាច​ក្រែង​ថ្ងៃ​ក្រោយ ខ្មែរ​យល់​គំនិត​ នឹង​គាស់​ចេញ​វិញ​បាន ដូច្នេះ គួរ​ធ្វើ​អ្វី​ដែល​ជា​ទី​គោរព​របស់​ខ្មែរ» ទើប​ចិន​យល់​ឃើញ​ថា «ប្រទេស​ខ្មែរ​កាន់​ព្រះ​ពុទ្ធ​សាសនា​មាំ​ណាស់ នៅ​ទី​ណា​មាន​ព្រះ​ពុទ្ធ​រូប មាន​វិហារ ខ្មែរ​ពុំ​ហ៊ាន​រំលាង​រំលើង​ទី​នោះ​ទេ»។ ដោយ​ហេតុ​នេះ បាន​ជា​ស្ដេច​ក្រុង​ចិន​អោយ​មន្ត្រី​មក​សុំ​ធ្វើ​វិហារ​នៅ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ។ កាល​បាន​អនុញ្ញាត​ហើយ​« លើក​ដំបូង ពួក​ចិន​ចាប់​កសាង​ព្រះ​ពុទ្ធ​រូប​មុន​គេ តាម​រចនា​ខ្មែរ រួច​ហើយ​ទើប​ធ្វើ​វិហារ​គ្រប​ព្រះ​ពុទ្ធ​រូប​នោះ​តាម​ទំនៀម​ទម្លាប់​ខ្មែរ ព្រម​ទាំង​តាម​ក្បួន​ហោរា​សាស្ត្រ​ចិន​ផង ព្រោះ​ហេតុ​នេះ បាន​វិហារ​នេះ​បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង គឺ​ឆ្ពោះ​ទៅ​រក​ប្រទេស​ចិន។ ឯ​ឈ្មោះ​វិហារ​នោះ ពុំ​ដឹង​ជា​ពួក​ចិន​គេ​ហៅ​ថា​ម្ដេច​ទេ តែ​ជន​ជាតិ​ខ្មែរ ដោយ​ឃើញ​ក្នុង​វិហារ​នោះ មាន​ព្រះ​ពុទ្ធ​រូប​មារ​វិជ័យ ១ ព្រះ​អង្គ​អស្ចារ្យ កំពស់ ១៨ហត្ថ(១) ក៏​ហៅ​ថា «វិហារ​អដ្ឋរស្ស» ប្រែ​ថា « វិហារ​ព្រះ ១៨ ហត្ថ»។

  ត​មក​ស្ដេច​ក្រុង​ចិន​អោយ​មន្ត្រី​ចិន​នាំ​ប្រស្នា ៣ ខ មក​ថ្វាយ​ព្រះ​រាជា​ខ្មែរ​ដោះ​ស្រាយ បើ​ព្រះ​រាជា​ខ្មែរ​ដោះ​ស្រាយ​ប្រស្នា​ទាំង ៣​ខ នេះ​ពុំ​បាន នោះ​ប្រទេស​ខ្មែរ​ត្រូវ​ជា​ចំណុះ​ប្រទេស​ចិន ត្រូវ​យក​សួយសារ​អាករ​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចិន​រាល់​ឆ្នាំ។ ឯ​ប្រស្នា​ស្ដេច​ក្រុង​ចិន ទាំង ៣ខនោះ មាន​សេចក្ដី​ដូច​តទៅ​នេះ ៖

  មុនដំបូង មន្ត្រី​ចិន​ម្នាក់​ដែល​ជា​អ្នក​នាំ​ប្រស្នា​ពី​ស្ដេច​ក្រុង​ចិន​មក​ថ្វាយ​ព្រះ​រាជា​ខ្មែរ​ដោះ​ស្រាយ​នោះ ក្រោក​ឈរ​ឡើង​ចំពោះ​ព្រះ​ភក្ត្រ​ព្រះរាជា និង​ចំពោះ​មុខ​មន្ត្រី​ខ្មែរ​ទាំង​ឡាយ​ហើយ​ធ្វើ​អាការ​ដូច​តទៅ៖

ប្រស្នា​ទី ១ មន្ត្រី​ចិន​ចំកោង​ខ្នង លា​ដៃ​ទាំង​ពីរ​របៀប​ដូច​ជា​អោប​របស់​អ្វី​យ៉ាង​ធំ;
ប្រស្នា​ទី ២ មន្ត្រី​ចិន​ក្ដោប​ដៃ​លើក​ឡើង​កំពស់​មុខ;
ប្រស្នា​ទី ៣ មន្ត្រី​ចិន​បោះ​ដៃ​ទៅ​មុខ លា​ម្រាម​ដៃ​ទាំង ៥ ក្រញាង​ឡើង។

  ហើយ​ថ្វាយ​កាល​បរិច្ឆេទ​​ចំពោះ​ព្រះ​រាជា​ខ្មែរ​ថា «៧ថ្ងៃ​ នឹង​ត្រឡប់​មក​គាល់​សូម​ព្រះ​រាជ​ទាន​សេចក្ដី​ដោះ​ស្រាយ»។ ព្រះ​រាជា​ប្រទេស​ខ្មែរ ព្រួយ​ព្រះ​ហរិទ័យ ក៏​ទ្រង់​ត្រាស់​បង្គាប់​អោយ​អស់​នាហ្មឺន​មុខ​មន្ត្រី​ខំ​ត្រិះ​រិះ​រក​ប្រស្នា​ទាំង​នេះ។ ក្នុង​ចំណោម​មន្ត្រី​ទ្រង់​ទាំង​ប៉ុន្មាន​ពុំ​មាន​នរណា​ម្នាក់​​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​បាន​ឡើយ ទើប​ព្រះ​រាជា​ទ្រង់​ត្រាស់​បង្គាប់​អោយ​ប៉ាវ​គង​រក​អ្នក​មាន​ប្រាជ្ញា​ដោះ​ស្រាយ។

  នៅ​សម័យ​នោះ មាន​គង្វាល​គោ​ម្នាក់​បាន​ឃើញ​គេ​ប្រឹក្សា​គ្នា​ជុំ​ៗ ក៏​ចូល​ទៅ​ឈរ​ស្ដាប់​ហើយ​ឆ្លើយ​ថា ប្រស្នា​ទាំង ៣ខ នេះ ងាយ​ដោះ​ស្រាយ​សោះ គឺ ៖

ប្រស្នា​ទី ១ ដែល​ធ្វើ​ដៃ​ទាំង​ពីរ​វង់​ចូល​នោះ ប្រែ​ថា អង្រុត​ត្រី;
ប្រស្នា​ទី ២ ដែល​ក្ដោប​ដៃ​ម្ខាង​លើក​ទៅ​លើ​នោះ ប្រែ​ថា ស្ន​តែ​មួយ
ប្រស្នា​ទី ៣ ដែល​លា​ម្រាម​ដៃ​បោះ​ត្រង់​ទៅ​មុខ​នោះ ប្រែ​ថា រក​បាន​ត្រី ៥។

  អ្នក​ដែល​បាន​ស្ដាប់​ឮ​ទាំង​ប៉ុន្មាន នាំ​គ្នា​ពិចារណា​ហើយ​សួរ​បុរស​នោះ​ថា «និយាយ​លេង​ ឬ​ដូចម្ដេច?»។ បុរស​នោះ​ឆ្លើយ​ប្រាប់​គេ​វិញ​ថា «ប្រស្នា​ទាំង ៣ខនេះ ប្រាកដ​ជា​ប្រែ​ដូច្នេះ»។ អ្នក​នោះ​នាំ​ពាក្យ​ទៅ​ប្រាប់​មន្ត្រី​ដែល​ប៉ាវគង មន្ត្រីក៏​នាំ​បុរស​គង្វាល​គោ​នោះ​ទៅ​ថ្វាយ​ព្រះ​មហា​ក្សត្រ​។ កាល​ព្រះ​រាជា​ទ្រង់​មាន​ព្រះ​រាជ​ឱង្កា​សួរ​បុរស​នោះ អំពី​សេចក្ដី​ដោះ​ស្រាយ​ប្រស្នា​ទាំង ៣ខ បុរស​នោះ ក៏​ក្រាប​បង្គំ​ទូល​ដោយ​ស្ងាត់​ថា៖

ប្រស្នា​ទី ១ ប្រែ​ថា មាន​ផែន​ដី​មួយ គឺ​ប្រទេស​ខ្មែរ​យើង​,
ប្រស្នា​ទី ២ ប្រែ​ថា មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ​សម្បត្តិ​នៅ​លើ​ផែនដី​នេះ
ប្រស្នា​ទី ៣ ប្រែ​ថា មាន​សេនាបតី​ ៥ នាក់​ធ្វើ​ការ​មើល​សុខ​ទុក្ខ​រាស្ត្រ រង​ពី​ព្រះ​រាជា​មក។

  ដល់​ថ្ងៃ​ដែល​បាន​កំណត់ មន្ត្រី​ចិន​ចូល​គាល់​ព្រះ​រាជា​ខ្មែរ​ទូល​សុំ​សេចក្ដី​ដោះ​ស្រាយ​។ ព្រះ​រាជា​ខ្មែរ​មាន​ព្រះ​រាជ​ឱង្កា​មក​ដោះ​ស្រាយ​ប្រស្នា​។ នៅ​វេលា​នោះ គង្វាល​គោ​ក្រាប​បង្គំ​ព្រះ​រាជា​រួច​ហើយ ក៏​ដោះ​ស្រាយ​ប្រស្នា​ទាំង ៣ ខ នោះ ចំពោះ​មុខ​មន្ត្រី​ខ្មែរ​ចិន​ថា៖

ប្រស្នា​ទី ១ គឺ​ចក្កវាឡ ១ បាន​ដល់​ចក្កវាឡ​ដែល​យើង​នៅ​សព្វ​ថ្ងៃ,
ប្រស្នា​ទី ២ គឺ​ចក្កវាឡ​នេះ​មាន​ភ្នំ​ព្រះ​សុមេរុ​១ ធំ​ក្រៃ​លែង
ប្រស្នា​ទី ៣ គឺ​ក្នុង​ចក្កវាឡ​នេះ មាន​ព្រះ​ពុទ្ធ​ត្រាស់ ៥ អង្គ។

  មន្ត្រី​ចិន​ព្រម​ទទួល​ថា «សេចក្ដី​ដោះ​ស្រាយ​ប្រស្នា​ទាំង ៣ខនេះត្រូវ​ហើយ» រួច​ទើប​ក្រាប​បង្គំ​លា​ព្រះ​រាជា​ខ្មែរ​ទៅ​ទូល​ស្ដេច​ខ្លួន​វិញ។ ព្រះ​រាជា​ក្រុង​ចិន​ក៏​សូម​ចង​មិត្ត​មេត្រី​ នឹង​ប្រទេស​កម្ពុជា តាំង​ពី​សម័យនោះ​​ដរាប​មក ពុំ​មាន​រក​រឿង​ហេតុ​អ្វី​ម្ដង​ណា​សោះ​ឡើយ​។ ឯ​បុរស​គង្វាល​គោ ព្រះ​រាជា​ប្រទេស​ខ្មែរ​ទ្រង់​ព្រះ​ប្រោស​ព្រះ​រាជទាន​សម្បត្តិ​ទ្រព្យ​ជា​ច្រើន​ហើយ​តាំង​គោរមងារ​ជា «ធនញ្ជ័យ​បណ្ឌិត»។

  តមក ជា​យូរ​អង្វែង វិហារ​អដ្ឋរស្ស​​ក៏​បាក់​បែក​ខ្ទេច​ខ្ទី​អស់​ទៅ សល់​តែ​សីមា និង​ពុទ្ធ​រូប។ លុះ​មក​ដល់​សម័យ​លង្វែក ទើប​ព្រះ​ចន្ទរាជា ព្រះ​មហា​ក្សត្រ​ទ្រង់​ធម៌ ទ្រង់​ត្រាស់​បង្គាប់​អោយ​វិហារ​នោះ​ជា​ថ្មី។ ចំណែក​ព្រះ​ពុទ្ធ​រូប​នៅ​ដូច​ដើម ពុំ​មាន​កែ​ប្រែ​ឡើយ គ្រាន់​តែ​ជួស​ជុល​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយ​វិហារ​នោះ​ទ្រុឌ​ទ្រោម​ទៅ​ទៀត ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច ព្រះ​នរោត្ដម ព្រះ​អង្គ​ចំណាយ​ព្រះ​រាជ​ទ្រព្យ​ និង​ប្រាក់​ឃោសនា​ពី​អ្នក​នគរ​ស្ថាបនា​ជា​ថ្មី​ម្ដង​ទៀត ដោយ​មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទៀង កាន់​កាប់​ការ​ផ្ទាល់​ព្រះ​អង្គ​។ វិហារ​ថ្មី​នេះ​បាន​ហើយ​ស្រេច​សព្វ​គ្រប់ បាន​ធ្វើ​បុណ្យ​បញ្ចុះ​សីមា នៅ គ. ស. ១៩១១ ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច ព្រះ​ស៊ីសុវត្ថិ។ ហត្ថ​ព្រះ​សុគត ។