វិចារកថា៖ ដោយកែវឈុន : រឿងប្រាសាទនាងខ្មៅ អ្នកនិពន្ធចង់បង្ហាញប្រាប់អំពី «សេចក្ដីស្នេហា» របស់សត្វលោក ដែលតែងតែពុះពោរ កញ្ជ្រោលដុតរោលរាល ធ្វើអោយវង្វេងភាន់ភាំងស្មារតី លែងដឹងខុស លែងដឹងត្រូវបាន។ នៅក្នុងរឿងរាមកេរ្ដិ៍ដោយសាររឿងស្នេហាយក្ស ទសមុខទៅលួចចាប់នាងសិតា ហើយដើម្បីបាននាងសិតាមកវិញ ព្រះរាមកែនទ័ពស្វាទៅធ្វើសង្គ្រាម ដុតនគរលង្ការឆេះខ្ចេច ស្លាប់យក្សអស់ ជិតមួយនគរ។ ដោយសារស្នេហាដែរ នាងកង្រីរត់តាមរិទ្ធិសែនរហូតដាច់ខ្យល់ស្លាប់។ នៅក្នុងរឿងផ្កាស្រពោនរបស់លោកនូ ហាច ស្នេហា នាងវិធាវី ស្រឡាញ់ប្ដូរផ្ដាច់ជាមួយប៊ុន ធឿន មិនអាចប្រែប្តូរផ្លាស់បាន ហើយឈឺចាប់រហូតក្សិនក្ស័យជីវិតទៅ។ នៅក្នុងរឿងទុំទាវ ទុំស្រ ឡាញ់ទាវមិនអាចមាននារីផ្សេងណាមកជំនួសបាន ដោយសារសេចក្ដីស្នេហាដ៏ធំមហិមានេះ ទោះជាដឹងថាទាវ នឹងក្លាយជាស្នំឯកព្រះមហា ក្សត្រហើយក្ដី ក៏ទុំនៅតែហ៊ានច្រៀងលកលើយស្នេហារបស់ខ្លួនចំពោះនាងទាវ ហើយរហូតសុខចិត្ដក្ស័យបង់ជីវិត នៅពេលដែលដឹងថាទាវ ផ្លាស់ប្ដូរចិត្ដទៅរៀបការជាមួយម៉ឺនងួន។

  យើងឃើញថា សេចក្ដីស្នេហា វាជាបាតុភូតធម្មជាតិម្យ៉ាង ដែលកើតចេញពីការរំភើបរវាងគូស្នេហ៍ទាំងសងខាង ហើយបើគេមិនអាចគ្រប់ គ្រងសេចក្ដីស្នេហានេះបានទេនោះ វានឹងក្លាយទៅជាឋាននរកលោកិយ៍តែម្តង។ ពិតមែនហើយថា វាជាប្រពៃណីទំនៀមទំលាប់របស់មនុស្ស ជាតិគ្រប់ជាតិសាសន៍ ទាមទារអោយមានក្រិតក្រមច្បាប់ល្អអាក្រក់ក្នុងសង្គម ដែលត្រង់នេះធ្វើអោយមានបញ្ហាចោទសួរថា តើគេត្រូវហាម ឃាត់សេចក្ដីស្នេហា មិនអោយបុរសស្ដ្រីមានការរំភើបជាមួយគ្នាបានយ៉ាងណា?

     ក្នុងរឿងប្រាសាទនាងខ្មៅ អ្នកនិពន្ធបានរៀបចំឆាករឿង ដាក់តួអង្គនាងខ្មៅ អោយមានរូបឆោមលោមពណ៌ល្អល្អះក្រៃលែង ហើយមាន វណ្ណៈអភិជនដ៏ខ្ពង់ខ្ពស់ ជាបុត្រីព្រះរាជាផែដីទៀតផង អោយទៅស្រលាញ់គ្នាជាមួយបុរសកូនអ្នកស្រុកក្រីក្រតោកយ៉ាកម្នាក់។ ដោយកំលាំង នៃសេចក្ដីស្នេហា ដ៏ខ្លាំងអស្ចារ្យ នាងខ្មៅភ្លេចឋានៈ វណ្ណៈរបស់ខ្លួន រហូតហ៊ានប្រព្រឹត្ដកន្លងប្រពៃណីរួមរក្សជាមួយបុរសក្រីក្រនេះ ហើយ ដែលព្រះបិតានាង សំរេចដាក់ទោសប្រហារជីវិតបង់ ដោយគ្រាន់តែមាន «សេចក្ដីស្នេហានេះ» ប៉ុណ្ណោះ ។

     ដោយមានការសុំអង្វរករពីព្រះមាតា នាងខ្មៅត្រូវបានលើកសំរាលទោស ដោយគ្រាន់តែដាក់បំបរបង់ចេញពីព្រះរាជតំណាក់ប៉ុណ្ណោះ។ ក្នុងសាច់រឿងបន្ដមក យើងឃើញអ្នកនិពន្ធបានរៀបចំឈុតឆាកស្នេហាប្រឆាំង នឹងទំនៀមទំលាប់ប្រពៃណីដ៏ស្រួចស្រាវមួយឆាកទៀតរបស់ នាងខ្មៅ ដោយរៀបចំដាក់បញ្ចូល អោយតួនាងខ្មៅទៅស្រឡាញ់ប្រតិព័ទ្ធទៅលើព្រះសង្ឃមានសីល ដ៏មានប្រជាប្រិយភាពប្រព្រិត្ដធម៌វិន័យ មួយអង្គ ទោះជាបួសជាលោកសង្ឃ រៀនចេះធម៌ ចេះវិន័យ ដឹងខុស ដឹងត្រូវ យល់គុណ យល់ទោស អំពីរឿងកាមតណ្ហានេះហើយយ៉ាងណា ក្ដី លោកសង្ឃអង្គនេះនៅតែឆ្កួតវង្វេង នៅតែឈ្លក់ នៅតែហាមចិត្ដរបស់ខ្លួនមិនបានក្នុង «រឿងស្នេហា»នេះ។

  បើយើងធ្វើដំណើរពីក្រុងភ្នំពេញ ទៅកាន់ខែត្រតាកែវ ដល់ទៅឃុំរវៀង ស្រុកសំរោង យើងនឹងឃើញវត្តបុរាណមួយហៅថា «វត្ដប្រាសាទ នាងខ្មៅ» តាំងនៅខាងកើតជាប់នឹងថ្នល់ ពីទីក្រុងភ្នំពេញទៅ។ បានជាហៅថា វត្ដប្រាសាទខាងខ្មៅ ព្រោះក្នុងវត្ដនោះមានប្រាសាទបុរាណពីរ ឈ្មោះប្រាសាទនាងខ្មៅ នៅខាងលិចវិហារ ចំក្លោងទ្វារវត្ដទិសបស្ចឹម។ ប្រាសាទទាំងពីរនោះធ្វើពីថ្មផងអិដ្ឋផង ទំហំ៤ម៉ែត្របួនជ្រុង កំពស់១០ ម៉ែត្រ កំពូលស្រួចដូចចេតិយខ្ពស់ត្រដែត។

     គ្រានោះមានបុរសម្នាក់ឈ្មោះបណ្ឌិត ស្រី ទើបនឹងសឹកពីសាមណេរ មានរូបឆោមល្អល្អះស្អាតបាតជាងប្រុសឯទៀតចេះមន្ដអាគមវិជ្ជាការ ។ បណ្ឌិតនេះមានទីលំនៅៗភូមិមួយខាងលិចភ្នំជំសូរ ជិតផ្លូវដែលចុះទៅទន្លេប្រទ្រុន។ ថ្ងៃនេះបណ្ឌិតស្រី មានសេចក្ដីអផ្សុកចេញទៅលេងជិត ផ្លូវនោះ បានឃើញព្រះនាងខ្មៅចុះពីលើភ្នំ ជាមួយនឹងស្រីជាបរិវារ ក៏មានសេចក្ដីប្រតិព័ទ្ធជាប់ចិត្ដនឹងព្រះនាងក្រៃពេក។ បណ្ឌិតនោះពិចារនា ថា«ថ្ងៃនេះជាថ្ងៃមានលាភធំណាស់ ដោយបានជួបនឹងស្រីគ្រប់លក្ខណ៍ តែអាត្មាអញជាកូនរាស្រ្ដកំសត់ ធ្វើម្ដេច នឹងបាននាងនោះហ្ន៎! នាងនេះ មិនមែនជាស្រីសាមញ្ញទេ គឺជាព្រះរាជបុត្រីរបស់ស្ដេច អាត្មានឹងនាងនេះពុំសមសក្ដិគ្នាសោះ បើដូច្នេះអញត្រូវធ្វើយ៉ាងណាទៅអែះ?» បណ្ឌិតចេះតែស្រលាញ់ខ្លាំងឡើងៗ គិតថា នឹងចូលស្ដីដណ្ដឹងតាមច្បាប់ ក៏ពុំសមនឹងប្រព្រិត្ដខុស ក៏មុខជាស្ដេចយកទោសដល់ស្លាប់។ ទើប នឹកដល់មន្ដវិជ្ជាការ ដែលខ្លួនចេះទាំងប៉ុន្មាន ក៏បេះស្លឹកឈើយកមកសូត្រផ្លុំមន្ដវិជ្ជាការនោះ ហើយឡើងដើមឈើផ្លុំស្លឹកបន្លឺឡើង។ ឯសូរ សំលេងស្លឹកដែលបបណ្ឌិតផ្លុំនោះ ទៅចុចចំបេះដូងព្រះនាងនោះ ព្រះនាងក៏ភ័នភាំងស្មារតី លុះភ្ងារឡើងគិតថា «អាត្មាអញកូនស្ដេចធ្លាប់ ស្ដាប់ភ្លេងតូរ្យតន្រ្ដីសព្វថ្ងៃ ដែលពុំមានភ្លេងអ្វីធ្វើចិត្ដអញអោយស្លុតដូចសំលេងស្លឹកនេះសោះ» ព្រះនាងសញ្ជឹងគិតយូរៗទៅ សំលេងនោះរិត តែពីរោះឡើងៗ ព្រះនាងអត់ទ្រាំមិនបានក៏លន់ព្រះឱស្នថា យីអីហ្ន៎! សំលេងនេះជាសំលេងប្លែកណាស់ គួរតែអញទៅតាមស្ដាប់មើលអោយ ឃើញច្បាស់ តើអ្នកនោះដូចម្ដេចបានចេះផ្លុំពីរោះដល់ម្លឹង? ។ ព្រះនាងក៏ទៅរកមើលអោយឃើញដោយព្រះអង្គឯង។ លុះនាងទៅជួប ឃើញរូបឆោមបណ្ឌិតនោះ ក៏រិតតែមានសេចក្ដីប្រតិព័ទ្ធខ្លាំងឡើង បានសាកសួរសន្ទនាគ្នាទៅវិញទៅមកតាមប្រពៃណីរបស់ប្រុសនិងស្រី ដែលស្រលាញ់គ្នា។ អ្នកទាំងពីរបាននិយាយណាត់នឹងគ្នាថា «ថ្ងៃក្រោយយើងនឹងមកជួបគ្នាទៀត» ហើយបែកគ្នារៀងខ្លួន។

     គ្រានោះមានភិក្ខុមួយព្រះអង្គឈ្មោះ កែវ លោកនិមន្ដពីស្រុក លោកទៅរៀនមន្ដវិជ្ជាការនៅ ឯស្រុកក្រៅ លោកបានរៀនចេះពូកែណាស់ លោកត្រលប់មកស្រុកវិញ គង់នៅទីមួយ (ក្នុងខេត្ដតាកែវ) ទីនោះអត់ទឹក អ្នកស្រុកនាំគ្នាជីកស្រះមួយប្រគេនលោក។ ដោយស្រះនោះជា របស់លោកគ្រូ កែវ ទើបមានឈ្មោះថាស្រះកែវៗរហូតដល់សព្វថ្ងៃ។ លោកគ្រូងអង្គនោះ គង់នៅយូរបន្ដិទៅ មានកិត្ដិសព្ទល្បីគ្រប់ស្រុកភូមិ ។ ព្រះនាងបានលឺដំណឹងថា លោកគ្រូទើបនិមន្ដមកពីស្រុកក្រៅ ចេះមន្ដវិជ្ជាការល្បីល្បាញដូច្នោះ មានបំណងចង់ជួបនឹងលោក ដើម្បីចង់ដឹង អំពីទុក្ខរបស់ព្រះនាងថា «តើថ្ងៃណានឹងបានស្រាកស្រាន្ដស្បើយល្ហើយ ព្រះនាងក៏ប្រាប់អ្នកបំរើអោយរៀបព្រះទីនាំងដំរី ដើម្បីទៅថ្វាយបង្គំ លោកគ្រូកែវ។

     លុះធ្វើព្រះរាជដំណើរទៅដល់ទីកន្លែលោកគ្រូនាះហើយ ព្រះនាងចូលទៅថ្វាយបង្គំលោកតាមទំនៀម ទ្រង់បានឃើញលក្ខណលោកគ្រូ នោះសព្វគ្រប់ ក៏បែកចិត្ដចេញពីសង្សាចាស់ មកជាប់នឹងលោកគ្រូកែវនោះវិញ ពីព្រោះលោកអង្គនោះមានរូបឆោមស្អាតជាងបណ្ឌិតស្រី ពេញលក្ខណប្រុសគួរអោយស្រលាញ់ ព្រះនាងដំណាលសេចក្ដីទុក្ខរបស់ទ្រង់ ទូលលោកគ្រូសព្វគ្រប់ហើយ ក៏សំដែងអាការៈស្និទស្នាល ហាក់ដូចជាទុកចិត្ដគ្នាយូរមកហើយ។ អាការដែលព្រះនាងពណ៌នារឿងរ៉ាវរបស់ទ្រង់នោះ នាំអោយលោកគ្រូកែវ អត់ទ្រាំពុំបាន ក៏មានចិត្ដទោ ទន់ទៅរកព្រះនាង ហើយមានពុទ្ធដិកាទន់ភ្លន់ទៅរក។

     ចំណេរកាលខាងក្រោយ មានពុទ្ធបរិសទ្ធជ្រះថ្លាស្ថាបនាវត្ដនៅទីនោះឡើង វត្ដនោះមានព្រះនាមថា វត្ដប្រាសាទនាងខ្មៅរហូតដល់សព្វថ្ងៃ នេះ។