តាម​ផ្លូវ​ជាតិ​លេខ​៧ ពី​ក្រុង​ភ្នំ​ពេញ​ទៅ​ក្រុង​កំពង់​ចាម នៅ​ចំងាយ ៣​គ.ម ពី​ទី​ប្រជុំ​ជន​កំពង់​ចាម មាន​ផ្លូវ​លំ​មួយ​ចូល​ទៅ​ខាង​លិច​ប្រមាណ​ជា ៣០០​ម៉ែត្រ​ប៉ុណ្ណោះ​មាន​កំពែង​ថ្ម​បាយ​ក្រៀម​ប្រកប​ដោយ ក្លោង​ទ្វារ​បាក់​បែក​រុះ​ធ្លាក់​អស់​ជា​ ច្រើន​។ បរិ​វេណ​កំពែង​នេះ​អ្នក​ស្រុក​ហៅ​ថា «វត្ដ​នគរ​បាជ័យ​» រឺ​ហៅ​កាត់​ខ្លី​ថា «វត្ដ​នគរ» បើ​ចូល​តាម​ផ្លូវ​ពី​ខាង​កើត​ត្រង់​ទៅ​លិច​មិន​ឆ្ងាយ​ប៉ុន្មាន ក៏​បាន​ដល់​ទៅ​កំពែង​មួយ​ទៀត គឺ​មាន​រោង​ទង ត​ជាប់​ជុំ​វិញ​ និង​មាន​ក្លោង​ទ្វារ​ជា​៤ ទិស​។ ក្លោង​ទ្វារ​ និង​រោង​ទង​នោះ​នៅ​គង់​ត្រង់​ល្អ​នៅ​​ឡើយ​ដោយ​អន្លើ​ៗ តែ​មាន​អន្លើ​ខ្លះ​បាក់​បែក ជ្រុះ​ធ្លាក់​ទៅ​ហើយ​ដែរ​។ ចូល​ផុត​ពី​នេះ​ទៅ​ បាន​ទៅ​ដល់​ក្លោង​ទ្វារ​ទី៣​ ដែល​មាន​ជាប់​ទាំង​រោង​ទង​ស្រលះ​ស្រលំ​ ហើយ​នៅ​គង់​ទ្រង់​ស្អាត​បាត​នៅ​ឡើយ​ បាក់​ធ្លាក់​តែ​កំពូល​ចុង​បំផុត​តែ​ប៉ុណ្ណោះ​។ នៅ​ចំ​កន្តាល​រោង​ទង​ដែល​មាន​ក្លោង​ទ្វារ​បែរ​ទៅ​រក​ទិស​ធំ​ទាំង​៤ មាន​ប្រាង្គ​មួ យ​ធំ​ទទឹង​ពី​ម្ខាង​ទៅ​ម្ខាង​ ខាង​បាត​ក្រោម​ប្រមាណ​ជា ១៥​ម៉ែត្រ រាង​បួន​ជ្រុង​ស្មើ​កំពូល​លើ​ស្រួច​រៀវ​មាន​សណ្ឋាន​ជា​ចេតិយ(2) ​ក្នុង​ប្រាង្គ​នោះ​មាន​ព្រះ​ពុទ្ធ​រូប​៤​ព្រះ​អង្គ​ បែរ​ព្រះ​ភក្រ្ត​តាម​ចន្លោះ​ទ្វារ​ឆ្លោះ​ទៅ​ទិស​ធំ​ទាំង​បួន​។

អំលុង​ជា​យូរ​កន្លង​ផុត​ទៅ​ហើយ នៅ​ប្រ​ទេស​កម្ពុជា​មាន​ស្ដេច​ត្រាញ់​(4) ​ មួយ​ព្រះ​អង្គ​ជា​ព្រះ​អនុ​រាជា​ បាន​យាង​ជ្រើស​រើស​រក​កន្លែង​សាង​ឧទ្យាន​ និង​ព្រះ​រាជ​ដំណាក់​ដើម្បី​ទុក​ជា​ទី​លំហែ​ព្រះ​ចិន្ដា​ក្នុង​គ្រា​ដែល​ទ្រង់​អផ្សុក​ព្រះ​ហរិ​ទ័យ​ម្ដង​ៗ​។ ព្រះ​អង្គ​បាន​យាង​មួយ​អន្លើ​ដោយ​ពួក​សេនា​មាត្យ​ មុខ​មន្រ្ដី សឹង​តែ​សព្វ​ទី​នៅ​ក្នុង​អាណា​ខេត្ដ​ដែល​នៅ​ក្នុង​បន្ទុក​ព្រះ​អង្គ​ត្រួត​ត្រា​។ ថ្ងៃ​មួយ​ក្បួន​ដង្ហែ​ស្ដេច​ត្រាញ់​ បាន​មក​ដល់​ព្រែក​មួយ​នៅ​ជាប់​ នឹង ដង​ទន្លេ​ធំ​ដែល​សព្វ​ថ្ងៃ​ជា​ទី​ក្រុង​កំពុង​ចាម​ ហើយ​ដែល​ពេល​នោះ​មាន​បណ្ដា​ជន​ជា​ច្រើន កំពុង​រក​របរ​ចិញ្ចឹម​ជីវិត​ដោយ​ធ្វើ​ធ្នោះ​​ព្រួល​ សំរះ​ ចាប់​ត្រី​ក្នុង​ព្រែក​នោះ​។ ព្រះ​អង្គ​ទ្រង់​ត្រាស់​បង្គាប់​ដល់​កង​យោធា​អោយ​បោះ​ជំរំ​ សង់​ព្រះ​ពន្លា​នៅ​ទៀប​មាត់​ព្រែក​នោះ​ ដោយ​ទី​នោះ​មាន​ខ្យល់​អាកាស​ល្អ​ ព្រម​ទាំង​វិចិត្រ​ទៅ​ដោយ​ធម្ម​ជាតិ​គួរ​ជា​ទី​រីក​រាយ​ផង​។ ព្រះ​អនុ​រាជ​ទ្រង់​ឆ្មៀង​ព្រះ​នេត្រ​ទត​ឧទក​ធារា​(5) ដែល​អប់​សុគន្ធ​រស​សុស​សាយ ដោយ​មាន​ស្រី​ស្នំ​ក្រម​ការ​គាល់​ត្រៀប​ត្រា​។

វេលា​នោះ​នាង​ពៅ ដែល​ជា​ម្ចាស់​ធ្នោះ​ក្នុង​ព្រែក​នោះ បាន​ដឹង​ថា​ព្រះ​អនុ​រាជ​យាង​មក​បោះ​ពន្លា​ជ័យ នៅ​ក្បែរ​កន្លែង​ខ្លួន​ដូច្នោះ ក៏​ម្នី​ម្នា​ចាត់​ចែង​អស់​ពួក​បាវ​ព្រាវ​ អោយ​រៀប​ចំ​ព្រះ​ក្រយា​ស្ងោយ​ និង​វត្ថុ​ប្រនិត​ផ្សេង​ៗ នឹង​នាំ​យក​ទៅ​ថ្វាយ​ព្រះ​​អង្គ​។ រៀប​ចំ​ជា​ស្រេច​ នាង​នោះ​ក៏​ប្រស់​ព្រំ​អស់​រូប​រាង​កាយ អោយ​ក្រអូប​ទៅ​ដោយ​ខ្លឹម​ចន្ទ ហើយ ​ស្លៀក​ពាក់​យ៉ាង​សម​រម្យ ដើរ​ល្វាស​ល្វន់​ពី​មុខ​ស្រី​បំរើ​ ក៏​អោន​ក្បាល​ក្រាប​វន្ទា​ព្រះ​ចេស្ដា​ដោយ​ពោល​ពាក្យ​ក្រាប​ង្គំ​ទូល​ថា «​សូម​ទ្រង់​ព្រះ​មេត្ដា​ប្រោស​! ខ្ញុំ​ម្ចាស់​ទើប​នឹង​បាន​ដឹង​ថា ព្រះ​អង្គ​យាង​មក​ក្រសាល​ព្រះ​កាយ​នៅ​ទី​នេះ ទើប​ខ្ញុំ​ម្ចាស់​រៀប​អស់​គ្រឿង​ដង្វាយ​ទាំង​នេះ​មក​ថ្វាយ​ព្រះ​អង្គ សូម​ប្រោស​ព្រះ​រាជា​នុញ្ញាត​ដោយ​អនុ​គ្រោះ​»​។

ព្រះ​រាជា​ត្រាស់​ប្រាប់​ថា « នាង​! ខ្ញុំ​រីក​រាយ​ណាស់ ដែល​នាង​មាន​ចិត្ដ​ស្មោះ​ត្រង់​នឹង​ខ្ញុំ​យ៉ាង​នេះ ខ្ញុំ​អនុញ្ញាត​អោយ​នាង លើក​គ្រឿង​ដង្វាយ​ទាំង​នោះ​មក​ចុះ​»​។
កាល​បើ​ព្រះ​រាជា​អនុញ្ញាត​យ៉ាង​នេះ​ហើយ នាង​ក៏​លើក​អស់​គ្រឿង​បណ្ដា​ការ​ទាំង​អ ស់​នោះ​ មក​ដាក់​ចំ​ពោះ​ភក្រ្ដ​ព្រះ​អនុ​រាជ ហើយ​អោន​ក្បាល​ក្រាប​បង្គំ​ម្ដង​ទៀត​ ដោយ​វាចា​ថា «ខ្ញុំ​ម្ចាស់​សូម​ក្រាប​បង្គំ​​លា​»​។
ព្រះ​រាជា​ទ្រង់​ញញឹម​ហើយ​ត្រាស់​តប​វិញ​ថា «ទៅ​ចុះ​នាង​! តែ​ចូរ​នាង​ឧស្សាហ៍​មក​លេង​ទី​នេះ​អោយ​ញឹក​ញាប់ហ្នា៎​!.​»​។
នាង​ទូល​ថា ពរ​ម្ចាស់​។ ហើយ​នាង​ក្រមុំ​ព្រម​ទាំង​ស្រី​បំរើ​ក៏​វារ​ថយ​លុះ​ត្រា​តែ​ផុត​ពី​ទី​ព្រះ​គំនាល់​មក ទើ​ប​តំរង់​ទៅ​លំ​នៅ​អាត្មា​តែ​រៀង​ខ្លួន​ទៅ​។

ក្រោយ​ដែល​នាង​ក្រមុំ​នោះ​លា​ចេញ​ផុត​ទៅ ព្រះ​អនុ​រាជ​ទ្រង់​សោយ​ព្រះ​ក្រយា​ស្ងោយ ដោយ​ព្រះ​ទ័យ​រីក​រាយ​ពន់​ពេក​។ ព្រះ​អង្គ​ទ្រង់​ស្ងើច​ក្នុង​ព្រះ​ចិន្ដា នឹង​រូប​ឆោម​លោម​ពណ៌​របស់​កញ្ញា​ពៅ​ដែល​ល្អ​ស័ក្ដិ​សម​អិត​ខ្ចោះ នឹង​រក​នារី​ណា​ដែល​តាំង​ពី​ព្រះ​អង្គ​បាន​យល់​មក​ប្រៀប​អោយ​ស្មើ​ពុំ​បាន​ឡើយ​។ ដោយ​សារ​ធ្នូ​ព្រះ​កាម​ទេព បាន​តំរង់​បាញ់​កូន​សរ​មក​ចំដួង​ហរិ​ទ័យ​ព្រះ​អង្គ​ បាន​ជា​ក្នុង​រាត្រី​នោះ​ព្រះ​អង្គ​ទ្រង់​ផ្ទុំ​មិន​ស្កប់​ស្កល់​សោះ​។

លុះ​ព្រឹក​ព្រាង​ស្វាង​ព្រះ​សុរិ​យា​កាល​ណា ព្រះ​អនុ​រាជ​បាន​ត្រាស់​បង្គាប់​អោយ​ហ្លួង​វិចិត្រ​វោ​ហា​​ ជា​មហា​មាត្យ ទៅ​ស្ដី​ដណ្ដឹង​នាង​នារី​នោះ​ ​មក​ធ្វើ​ជា​ព្រះ​ស្នំ​ព្រះ​អង្គ​។ គ្រា​នោះ​ព្រះ​រាជ​បំរើ​បាន​ប្រញាប់​ប្រញាល់​រហ័យ​រហួន​ តំរង់​ទៅ​កាន់​ទី​លំនៅ​របស់​នាង​ពៅ ​ដែល​ឳពុក​ម្ដាយ​នាង​ចែក​ឋាន​ចោល​ជា​យូរ​ឆ្នាំ​ទៅ​ហើយ​។ នាង​ក៏​រៀប​ចំ​កន្លែង​ដ៏​សម​គួរ​ដើម្បី​ទទួល​ព្រះ​រាជ​បំរើ​។ ចំនែក​ហ្លួង​វិចិត្រ​វោហា​ ក៏​ឆាប់​រាយ​រ៉ាប់​សព្ទ​សេច​ក្ដី​ជំរាប​នាង​ ព្រម​ទាំង​ពោល​សរ​សើរ​ ដល់​ភ័ព្វ​វាសនា​នាង​ ដែល​បាន​ឡើង​ឋានៈ​ជា​ស្នំ​អែក​ក្នុង​គ្រា​ឆាប់​ៗ​នេះ​។

នាង​ក្រមុំ​គ្មាន​យល់​ទាស់​ទេ ព្រម​តាម​ពាក្យ​ព្រះ​រាជ​បំរើ​។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ព្រះ​អនុ​រាជ​អង្គ​នេះ​ ទ្រង់​សព្វ​ព្រះ​ទ័យ នឹង នាង​នេះ​ខ្លាំង​ណាស់​។ រាល់​ល្ងាច​ព្រះ​អង្គ​តែង​យាង​មក​ក្រសាល​ខាង​ក្រៅ​ព្រះ​ពន្លា ដែល​មាន​វង់​ភ្លេង​មហោ​រី​យ៉ាង​ពីរោះ​បាន​ប្រគំ​ថ្វាយ​ជា​ទី​កំសាន្ដ​ព្រះ​ទ័យ​ព្រះ​អង្គ​។ គ្រា​នោះ​ព្រះ​ស្នំ​អែក​ថ្មី​នេះ បាន​ចូល​ទៅ​ជិត​បំរើ​ព្រះ​អង្គ​ជា​ប្រ​ក្រតី​ មិន​យូរ​ប៉ុន្មាន​ ព្រះ​អនុរាជ​ចាត់​អោយ​ពពួក​ជា​ង​រចនា ចាត់​ចែង​សាង​បន្ទាយ​ដោយ​ថ្ម​បាយ​ក្រៀម​ មាន​កំពែង​បី​ជាន់ ហើយ​អោយ​មាន​ព្រះ​ទី​លាន និង ទី​យាម​ល្បាត​ព័ទ្ធ​ជុំ​វិញ​។ ចាប់​តាំង​ពី​សាង​បន្ទាយ​ហើយ​ស្រេច​ ព្រះ​អង្គ​បាន​នាំ​ពួក​បរិ​វារ​ទៅ​ប្រថាប់​ក្នុង​ទី​នោះ​ជា​សុខ​ក្សេម​ក្សាន្ដ​។ ព្រះ​អនុ​រាជ បាន​ប្រកាស​សន្មត​ឈ្មោះ​បន្ទាយ​ថា «នគរ​បា​ជ័យ​»​ ព្រោះ​យក​តាម​ព្រះ​នាម​ព្រះ​អង្គ ដែល​អ្នក​ស្រុក​ធ្លាប់​ស្គាល់​ច្បាស់​ថា «ព្រះ​បាទ​បា​ជ័យ​បា​អារ្យ​»​។

ចំនួន​២​ឆ្នាំ​មក ព្រះ​ស្នំ​អែក​ពៅ​មាន​គភ៌​គំរប់ ​១០​ខែ ក៏​ប្រសូត​បាន​ព្រះ​រាជ​ឱរស​មួយ​ព្រះ​អង្គ មាន​ព្រះ​ភក្រ្ដ​ញញឹម​ប្រិម​ប្រីយ​ គួរ​ជា​អ្នក​មានប្រាជ្ញាវាងវៃ។ ព្រះ​បិតា​សព្វ​ព្រះ​ទ័យ នឹង​ព្រះ​រាជ​បុត្រ​នេះ​ណាស់​ រាល់​ៗ​ថ្ងៃ​ព្រះ​អង្គ​តែង​តែ​ប្រលែង​​លេង​ នឹង​ព្រះ​រាបុត្រ​សំលាញ់​។

លុះ​ព្រះ​រាជ​បុត្រ​នេះ​ចំរើន​ព្រះ​ជន្ម​បាន ៤​ឆ្នាំ ស្ដេច​ជា​ព្រះ​បិតា​ក៏​ទ្រង់​ព្រះ​តំរិះ​ចង់​អោយ​ព្រះ​រាជ​បុត្រ​បាន​អ្នក​ប្រាជ្ញ​មួយ​ព្រះ​អង្គ ព្រម​ទាំង​អោយ​ស្គាល់​វប្ប​ធម៌​នៃ​អារ្យ​ធម៌​ប្រទេស​នានា​ផង​។ ព្រះ​អនុ​រាជ​ក៏​ចាត់​អោយ​ព្រះ​រាជ​បំរើ ជូន​ព្រះ​អយ្យ​បុត្រ​ទៅ​​ផ្ញើ​អោយ​សិក្សា​នៅ​អែ​ប្រ​ទេស​ចិន ព្រោះ​គ្រា​នោះ​មាន​តែ​ប្រ​ទេស​ចិន​មួយ​ទេ ដែល​ពូ​កែ​ខាង​វិទ្យា​សាស្រ្ដ​ជាង​ប្រ​ទេស​អែ​ទៀត​ៗ​​ក្នុង​អាស៊ី​ទ្វីប​​។ រាជ​កុមារ​ក្រាប​បង្គំ​លា​ព្រះ​មាតា និង​បិតា​ដោយ​បាន​ទទួល​ពរ​សព្ទ​សាធុ​ការ​ ជា​ច្រើន​ដង​។ សំពៅ​ធំ​ដែល​នាំ​យក​ព្រះ​រាជ​បុត្រ​របស់​ស្ដេច​ត្រាញ់​ បាន​ចេញ​ពី​ប្រទេស​កម្ពុជា ឆ្លង​កាត់​មហា​សាគរ​តំរង់​ទៅ​ប្រទេស​ចិន​។

ក្រោយ​ដែល​រាជ​បុត្រ​ចេញ​ផុត​ទៅ ព្រះ​ម្នាង​ពៅ​ពុំ​រីក​រាយ​សោះ ទឹក​មុខ​ព្រះ​ម្នាង​ដែល​ធ្លាប់​ស្រស់​ញញឹម​ប្រិម​ប្រិយ ក៏​ប្រែ​ក្លាយ​ទៅ​ជា​ស្រពោន បី​ដូច​បុប្ផា​ត្រូ​វ​កំដៅ​ព្រះ​សុរិ​យា​ក្នុង​គិម្ហរ​ដូវ​។ ចំនែក​ព្រះ​អនុ​រាជ​ជា​ព្រះ​ស្វាមី​ព្រះ​ម្នាង​ ក៏​ពុំ​សូវ​ ស្រួល​ព្រះ​កាយ​ធម្ម​តា​ដែ​រ​ ចេះ​តែ​មាន​ព្រះ​រោគ​ផ្សេង​ៗ ញាំ​ញី​ព្រះ​អង្គ​ស្ទើរ​តែ​រាល់​ថ្ងៃ​ នាំ​អោយ​ព្រះ​អង្គ​មាន​ព្រះ​កាយ​ពល​ទន់​ខ្សោយ​ជា​លំ​ដាប់​។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រោយ​ពី​នេះ​ ២​ឆ្នាំ ព្រះ​អង្គ​បាន​សោយ​ទី​វង្គត​ទៅ​។ ពិធី​បុណ្យ​រំលាយ​ ព្រះ​សព​ក៏​បាន​ចាត់​ចែង​ឡើង​ដោយ​រាជ​បរិ​វារ​របស់​ទ្រង់​ មាន​ទាំង​ស្ដេច​ត្រាញ់​ដែល​នៅ​ត្រួត​ត្រា​អានា​ខេត្ដ​នានា​បាន​យាង​មក​ជួប​ជុំ​ជួយ​ញ៉ាំង​ពិធី​បុណ្យ​នោះ ​អោយ​បាន​ជា​ឧឡា​រិក​ផង​។

លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ ស្ដេច​ត្រាញ់​ថ្មី​ដែល​ត្រូវ​មក​កាន់​កាប់​ខេត្ត​ (កំពង់ចាម) នោះ​ បាន​តាំង​នៅ​អែ​ត្បូង​ឃ្មុំ ដែល​សព្វ​ថ្ងៃ​បាន​ទៅ​ជា​ស្រុក ជា​ទី​ប្រជុំ​ជន​មួយ​យ៉ាង​ស្ដុក​ស្ដម្ភ​​ ក្នុង​ខេត្ដ​កំពង់​ចាម​។ ម្លោះ​ហើយ​បន្ទាយ​ចាស់​ដែល​ ព្រះ​បាទ​បាជ័យ​បា​អារ្យ​សាង​នោះ ក៏​នៅ​ទំនេរ​គ្មាន​មនុស្ស​អ៊ូ​អែ​ដូច​មុន គ្រាន់​តែ​ជា​បុរាណ​ដ្ឋាន​សំរាប់​អ្នក​ទស្សនា​។ ចំនែក​ព្រះ​ស្នំ​ពៅ​ក៏​ឈប់​នៅ​ក្នុង​បន្ទាយ​នោះ​ដែរ ព្រះ​នាង​ត្រលប់​ទៅ​នៅ​អែ​លំ​នៅ​ចាស់​របស់​ព្រះ​នាង​វិញ​។​

និយាយ​ពី​ព្រះ​រាជ​កុមារ​ ដែល​នៅ​អែ​ប្រ​ទេស​ចិន ថ្ងៃ​មួយ​ទ្រង់​បាន​ទទួល​ដំណឹង​ថា «ព្រះ​មាតា​ព្រះ​បិតា​សោយ​ទី​វង្គត​អស់​ទៅ​ហើយ​ ទាំង​បន្ទាយ​ជា​កេរ​ដំណែល​ពី​ព្រះ​មាតា​សាង​នោះ ក៏​គេ​បោះ​បង់​ចោល​ដែរ​ ថែម​ទាំង​មាន​ស្ដេច​ត្រា​ញ់ថ្មី​បាន​តាម​ព្យាបាទ​ព្រះ​រាជ​វង្ស​នេះ​ផង​ ព្រោះ​ថា​កាល​ព្រះ​បិតា​គ្រប់​គ្រង​អាណា​ខេត្ដ​នេះ​ បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រួសារ​គេ​ បាន​ជា​គេ​ត្រូវ​តែ​សង​សឹក​ក្នុង​​គ្រា​នោះ​វិញ​» ដំណឹង​ទាំង​នេះ ជា​ពាក្ស​មិន​ពិត​ឡើយ គឺ​ពពួក​នាហ្មឺន​ចិន​គេ​នាំ​គ្នា​និយាយ​កុហក​ទ្រង់​ដើម្បី​កុំ​អោយ​ត្រលប់​មក​ប្រ​ទេស​ខ្មែរ​វិញ​ ដោយ​គេ​យល់​ថា ព្រះ​អង្គ​ជា​កុមារ​មួយ​មាន​ប្រាជ្ញ​​ឈ្លាស​វៃ ដល់​ថ្ងៃ​ក្រោយ​បាន​ជា​បណ្ឌិត​មួយ​ខាង​វិទ្យា​សាស្រ្ដ និង យុទ្ធ​សាស្រ្ដ ត្បិត​ព្រះ​អង្គ​តែង​មាន​ព្រះ​ទ័យ​ក្លាហាន​ជា​និច្ច​។

ទ្រង់​ទទួល​ដំណឹង​អកុសល​នេះ​ហើយ ព្រះ​រាជ​កុមារ​ស្លុត​ព្រះ​ចិន្ដា​ តែ​ខំ​ទប់​ព្រះ​កាយ​ដោយ​ក្ដី​ក្លា​ហាន ប៉ុន្ដែ​ទ្រង់​មិន​ភ្លេច​ទេ​មាតុ​ភូមិ​ជា​ទី​សព្វ​ព្រះ​ហរិ​ទ័យ​បំផុត​របស់​ទ្រង់​ ទ្រង់​សង្វាត​សិក្សា​វិជ្ជា​គ្មាន​ហ៊ាន​សំរាក​ផ្ដេស​ផ្ដាស​ឡើយ​។ ក្នុង​រវាង​ព្រះជន្ម​២០​វស្សា ​ព្រះ​អង្គ​បាន​ឡើង​ឋានៈ​ជា​ទី​ប្រឹក្សា​របស់​បញ្ជា​ការ​សឹក​នៅ​ប្រ​ទេស​ចិន គ្រា​ផុត​ពេល​ប្រជុំ​ប្រឹក្សា ទ្រង់​តែង​ព្យា​យាម​ចូល​ទៅ​សិក្សា​ក្នុង​សំណាក់​អាចារ្យ​ទិសា​បា​មោក្ខ​មួយ​ដែល​ល្បី​ឈ្មោះ​ជាង​គេ​ជា​យូរ​ឆ្នាំ​មក​ហើយ​។​

អំលុង១០ឆ្នាំតមកទៀត ទ្រង់បាន​បណ្ឌិត​ខាង​វិទ្យា​សាស្រ្ដ​ហោ​រាសាស្រ្ដ និង​យុទ្ធ​សាស្រ្ដ ហើយ​បាន​ជា​ទី​ប្រឹក្សា​របស់​ព្រះ​ចៅ​ក្រុង​ចិន​ផង​។ កិត្ដិ​នាម​របស់​ទ្រង់​ល្បី​ខ្ចរ​ខ្ចាយ​ពេញ​តែ​មហា​ប្រទេស​នោះ​។ ប្រ​ជា​ជាតិ​ចិន​ទាំង​ប្រុស​ស្រី នាំ​គ្នា​ គោ​រព​រាប់​អាន​ព្រះ​អង្គ​មិន​ដែល​ពោល​ប្រទូស្ដ​អ្វី​ឡើយ​។ ដូច្នេះ​ហើយ​បា​ន​ជា​គេសន្មត​ព្រះ​នាម​ព្រះ​អង្គ​តាម​ភាសា​ចិន​ថា «សាម​បាវ​កុង» ប្រែថា ព្រឹទ្ធា​ចារ្យ​ចេះ​សង្គ្រោះ​បី​យ៉ាង​ ​រឺអ្នក​ប្រាជ្ញ​បី​ប្រការ​។ វេលា​នោះ​ទ្រង់​បាន​បំពេញ​ភារៈ​កិច្ច​ នៅ​ ក្នុង​ប្រ​ទេស​ចិន​យ៉ាង​ពេញ​កំលាំង​កាយ ដែល​បណ្ដា​ជន​ជាតិ​ចិន គ្មាន​នរ​ណា​មួយ​អាច​ស្មាន​ថា ព្រះ​អង្គ​លះ​បង់​ប្រទេស​ចិន​​ឡើយ​។

លុះ​ព្រះ​ជន្ម​ជាង​៣០ វស្សា ទ្រង់​បាន​ចូល​ទៅ​គាល់​ព្រះ​ចៅ​​ក្រុង​ចិន សុំ​ព្រះ​រាជ​អនុញ្ញាត​ដើម្បី​ នឹង ធ្វើ​ដំណើរ​ចេញ​ទៅ​ស្រុក​ក្រៅ ពិនិត្យ​កិច្ច​ការ​របស់​ទ្រង់​។ ព្រះ​ចៅ​ក្រុង​ចិន ក៏​ទ្រង់​ព្រះ​រាជា​អនុញ្ញាត​ តាម​សេច​ក្ដី​សុំ​របស់​សាម​ប៉ាវ​កុង​។​ ទ្រង់​គ្មាន​ត្រូវ​ការ​រេហ៍​ពល​ហែ​ហម​តាម​ការ​ពារ​ព្រះ​អង្គ​ឡើយ​។ ទ្រង់​ព្រះ​ពស្រ្ដ​សំលៀក​បំពាក់​ ដូច​ជា​អ្នក​ស្រែ​សុទ្ធ​វិស័យ​។ ពួក​នាហ្មឺន​ធំ​ទាំង​ឡាយ នាំ​គ្នា​កោត​សរ​សើរ​កល​ល្បិច​ ព្រះ​អង្គ​ដែល​ចេះ​ក្លែង​ព្រះ​កាយ ដើម្បី​សួរ​សុខ​ទុក្ខ​របស់​រាស្រ្ដ​នៅ​និគម​ជន​បទ និង​ធ្វើ​អង្កេត​របស់​ពួក​អ្នក​រាជ​ការ តើ​ធ្វើ​តាម​បញ្ញាត្ដិ​ច្បាប់​ដោយ​ចេះ​ត្រា​ប្រណី​ប្រ​ជា​នុ​រាស្រ្ដ​រឺ​ទេ​។

ឱកាស​នោះ ជា​បរិ​យា​កាស ដ៏​ទូលាយ​ល្អ​ក្រៃ​ពេក បើក​ព្រះ​ហរិ​ទ័យ​អោយ​នឹក​ដល់​ស្រុក​កំណើត​របស់​ទ្រង់​។ លុះ​ស្ដេច​យាង​ទៅ​ដល់​កូន​ភូមិ​តូច​មួយ ទ្រង់​បាន​ចូល​ទៅ​កាន់​ផ្ទះ​អ្នក​ស្រុក​ ហើយ​ទ្រង់​ថ្លែង​ប្រាប់​គេ​ថា «ព្រះ​អង្គ​ចេះ​ទាយ​ គន់​គូរ​មើល​ព្រេង​វាសនា​ រឺ​វាសនា​អនា​គត​បាន​យ៉ាង​ឆុត​។ ពួក​អ្នក​ស្រុក​កាល​បើ​បាន​ដឹង​ដូច្នោះ​ហើយ​ ក៏​នាំ​គ្នា​ទាំង​ហ្វូង​ទាំង​ប្រុស​ទាំង​ស្រី​មក​រក​សុំ​ទំនាយ​ពី​ទ្រង់​។ ដោយ​ព្រះ​អង្គ​ម្ចាស់​នេះ​ ចេះ​ស្ទាត់​ខាង​ហោ​រា​សាស្រ្ដ​មែន​ទែន​ ទំនាយ​ទាំង​នោះ​ក៏​ ត្រូវ​គ្មាន​ល្អៀង​គេ​នាំ​គ្នា​និយាយ​សរ​សើរ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ អ្នក​ស្រុក​កាន់​តែ​លឺ​ដំណឹង​នេះ​សុះ​សាយ​ទៅ​ទៀត​។ យប់​មួយ​ទ្រង់​ផ្ទំ​នៅ​ក្នុង​ខ្ទម​តូច​ ជា​មួយ​នឹង​តា​ចាស់​ម្នាក់​ ហើយ​ទ្រង់​ព្រះ​តំរិះ​ថា «ព្រះ​បិតា​ព្រះ​មាតា​អញ​សុគត​អស់​ហើយ​ ប៉ុន្ដែ​អញ​ត្រូវ​ត្រលប់​ទៅ​អោយ​ឃើញ​មុខ​ប្រជា​ជាតិ​ខ្មែរ​ ជា​ជន​រួម​ជាតិ និង​កេរ​ដំណែល​ព្រះ​មាតា​បិតា​អញ​វិញ​»​។ ដោយ​​ព្រះ​អង្គ​នឹក​ដល់​មាតុ​ភូមិ​ពេក​ ក៏​ទ្រង់​ជ្រប់​ព្រះ​ភក្ដ្រ​ស្រពាប់​ស្រពោន​ តែ​នឹក​ទៅ​គ្មាន​ឃើញ​ថា​ ប្រ​ទេស​កម្ពុជា​នោះ​ បែប​ណា​ទេ សូម្បី​តែ​វឌ្ឍន​ធម៌​ខ្មែរ​ ក៏​ពុំ​ជ្រាប​ថា​យ៉ាង​ដូច​ម្ដេច​បន្ដិច​សោះ ព្រោះ​​ទ្រង់​ចេញ​ទៅ​កាល​ទ្រង់​នៅ​វ័យ​ក្មេង​ណាស់​ មិន​​ទាន់​ស្គាល់​ព្រះ​ភក្រ្ត​ព្រះ​មាតា​នៅ​ឡើយ​។

ដោយ​ទ្រង់​ព្រះ​តំរិះ​សព្វ​គ្រប់​ដូច្នេះ​ហើយ បាន​ជា​មហា​បណ្ឌិត​នេះ​លួច​រត់​ចេញ​ចាក​ប្រទេស​ចិន មិន​អោយ​ជន​ណា​ម្នាក់​ បាន​ដឹង​បន្ដិច​សោះ​។ ទ្រង់​បាន​ស្រូត​រូត​មក​ដល់​ប្រ​ទេស​ខ្មែរ​ហើយ​ទ្រង់​ជ្រក​លាក់​ព្រះ​អង្គ​នៅ​ភូមិ​តូច​តាច ដើម្បី​ខំ​ហាត់​ រៀន​ភាសា​ខ្មែរ​ ដោយ​ព្រះ​អង្គ​មាន​ព្រះ​ជាតិ​ជា​ខ្មែរ​ស្រាប់​ មិន​យូរ​ប៉ុន្មាន​ទ្រង់​ក៏​បាន​ចេះ​ភាសា​ខ្មែរ​ស្ទាត់​ដូច​ខ្មែរ​ធម្មតា ហើយ​បាន​សន្មត​ព្រះ​នាម​ព្រះ​អង្គ​ប្រាប់​អ្នក​ភូមិ​នានា​ថា​ឈ្មោះ «​ព្រហ្ម​» ដើម្បី​អោយ​គេ​ជឿ​ថា​ពិត​ជា​ខ្មែរ​មែន​។​ ចំនួន​៧​ខែ ព្រះ​អង្គ​ម្ចាស់​ព្រហ្ម​ក៏​បាន​ទៅ​ស្រុក​ (កំពុង​ចាម​) តែ​ទ្រង់​អិត​មាន​នឹក​នា​ស៊ើប​សួរ​រក​ញាតិ​វង្ស​អ្វី​បន្ដិច​ទេ ត្បិត​ទ្រង់​ជ្រាប​ថា​ខ្ចាត់​ភ្លាត់​ប្រាស​គ្នា​អស់​ទៅ​ហើយ​ នឹង​ដោយ​ខ្លាច​អំណាច​ស្ដេច​ត្រាញ់​ផង​។ នាយ​ព្រហ្ម​បាន​សុំ​ស្នាក់​នៅ​នឹង​ផ្ទះ​យាយ​ចាស់​ម្នាក់​ ដែល​គាត់​បាត់​ញាតិ​សន្ដាន​អស់​ នៅ​ត្រឹម​តែ​បាវ​ព្រាវ​ពីរ​បី​នាក់​ប៉ុណ្ណោះ​។ យាយ​នោះ​ទោះ​បី​គាត់​មាន​អាយុ​ជាង​ ៥០​​ឆ្នាំ​ទៅ​ហើយ​ តែ​រូប​រាង​គាត់​នៅ​តែ​ស្អាត​បាត​ស្បែក​ពុំ​ជ្រួញ​ជ្រីវ​ សក់​ពុំ​ទាន់​ស្កូវ​ធ្មេញ​ពុំ​ទាន់​បាក់​នៅ​ឡើយ​។​

ដោយ​សារ​យាយ​ជួប​អុបត្ថម្ភ​ដោយ​ស្មោះ​ ក៏​បណ្ដាល​អោយ​ព្រះ​អង្គ​ម្ចាស់​ព្រហ្ម នឹក​កួច​ប្រតិ​ព័ទ្ធ​លើ​រូប​ដូន​ចាស់​នេះ​ជា​ខ្លាំង​ បាន​ពឹង​គេ​អោយ​ស្ដី​ដណ្ដឹង​។ យាយ​នោះ​អិត​ប្រ​កែក​ឡើយ ដោយ​គាត់​មិន​ចង់​នៅ​តែ​អែក​អែង នាំ​តែ​នឹក​ដល់​កូន​សំលាញ់​គាត់​ ដែល​ឃ្លាត​ចាក​ទៅ និង​សាច់​សារ​លោ​ហិត ដែល​ស្លាប់​បាត់​បង់​អស់ ដូន​ចាស់​និង​តា​កំលោះ​នេះ​នៅ​សុខ​សាន្ដ​ជា​មួយ​គ្នា​រហូត​មក​។ ថ្ងៃ​មួយ​យាយ​កើត​ក្ដី​អផ្សុក ក៏​អោយ​តា​វាយ​លេខ​គន់​គូរ​រក​កូន​ប្រុស​គាត់ ដែល​ឃ្លាត​ទៅ​ស្រុក​ចិន​តាំង​ពី​អាយុ​៤​ឆ្នាំ តា​ស្ដាប់​សំដី​យាយ​ចប់​នឹក​ឆ្ងល់​ពន់​ពេក​ក៏​សួរ​ថា «យាយ​! កូន​យាយ​ឃ្លាត​ចាក​យាយ​ចេញ​ទៅ​ពី​ឆ្នាំណា​? តើ​ប្ដី​យាយ​មុន​មុខ​ងារ​គាត់​ធ្វើ​អ្វី​?​»

យាយ​អោន​មុខ​ជ្រប់ និយាយ​តិច​ៗ​ថា «អោ​តា​អើយ​! កូន​ប្រុស​ខ្ញុំ​ឃ្លាត​ចាក​ខ្ញុំ​ទៅ​ជាង​ ៣០​ឆ្នាំ​ហើយ អែ​ប្ដី​ខ្ញុំ​មុន​នោះ​មិន​តូច​តាច​ទេ គឺ​ជា​ស្ដេច​ត្រាញ់​មួយ​អង្គ​ត្រួត​ត្រា​ខេត្ដ​នេះ ហើយ​បាន​ទាំង​សាង​បន្ទាយ​ថ្ម​មួយ​យ៉ាង​ឆើត​ ទុក​នៅ​ដល់​សព្វ​ថ្ងៃ​នេះ​ផង​។ ចូរ​តា​មើល​ចុះ​ទឹក​បឹង​ក្បែរ​ផ្ទះ​យើង​នេះ​ហើយ ដែល​ព្រះ​ស្វាមី​ធ្លាប់​នាំ​ខ្ញុំ​ជិះ​ទូក​លេង​កំសាន្ដ​រាល់​ល្ងាច ហើយ​ដែល​ព្រះ​អង្គ​បាន​អោយ​ឈ្មោះ​ទី​នេះ​ថា ទន្លេ​អុំ​(៦) គឺ​ទន្លេ​សំរាប់​អុំ​ទូក​លេង​។

នាយ​ព្រហ្ម​ស្ដាប់​ចប់​ស្លុត​ស្មា​រតី​ ហើយ​អោន​ក្បាល​ជង្គង់​ចុះ លើ​ដៃ​ទាំង​ពីរ​សំពះ​ប្រណម្យ​ ចំណែក​យាយ​ទៅ​ជា​ស្រលាំង​កាំង​។ នាយ​ព្រហ្ម​និយាយ​ឡើង​ថា «អោ​! អ្នក​មាន​គុណ​កូន​អើយ សូម​អោយ​កូន​សុំ​ខមា​ទោស​យ៉ាង​ធ្ងន់​នេះ​ទៅ​ចុះ​ គឺ​ថា​ខ្ញុំ​នេះ​ហើយ​ដែល​ជា​កូន​បាន​ឃ្លាត​ ចាក​ទៅ​ប្រ​ទេស​ចិន​តាំង​ពី​អាយុ ៤​ឆ្នាំ ហើយ​កូន​បាន​លឺ​គេ​ថា ព្រះ​បិតា​មាតា​សុគត​អស់​ទៅ​ជា​យូរ​​ឆ្នាំ​ហើយ កូន​គ្មាន​ដឹង​ថា​ព្រះ​មាតា​នៅ​គង់​ព្រះ​ជន្ម​ដូច្នេះ​សោះ​»​។ នាយ​ព្រហ្ម​និយាយ​ថា បើ​ព្រះ​មាតា​ចង់​ដាក់ ទណ្ឌ​កម្ម​កូន​យ៉ាង​ណា ក៏​កូន​សុខ​ចិត្ដ​រ៉ាប់​រង​តាម​ទាំង​អស់ សូម​មាន​ប្រសាស​មក​ចុះ​។

យាយ​ឆ្លើយ​តប​មក​វិញ​ថា បើ​កូន​អែង​ចង់​អោយដោះចាក​ទោស​ល្មើស​នេះ ចូរ​កូន​ធ្វើ​តាម​ពាក្យ​ម្ដាយ​ដូច​ត​ទៅ​នេះ៖ បើ​កាល​ណា​ម្ដាយ​ស្លាប់​ទៅ ត្រូវ​កូន​អែង​សាង​ចេតិយ​មួយ នៅ​ក្នុង​បន្ទាយ​នគរ​បាជ័យ​ ហើយ​យក​សព​ម្ដាយ​ទៅ​ដាក់​ក្នុ​ង​​ទី​នោះ នឹង​សាង​ព្រះ​ពុទ្ធ​រូប​៤​អង្គ តំកល់​នៅ​ក្បែរ​សព​ម្ដាយ​នោះ​ផង​។ លុះ​កាល​ណា​កូន​អែង​ទៀប​ស្លាប់​ទៅ​ទៀត​ត្រូវ​​ផ្ដាំ អោយ​គេ​ជា​សិស្ស​គណ សាង​ដោយ​ថ្ម​ជា​រូប​កូន​អែង​មួយ មាន​ដៃ​សំពះ​ប្រណម្យ​ទៅ​រក​ចេតិយ​ម្ដាយ លុះ​ត្រា​តែ​ផុត​សា សនា​សមណ​គោ​ត្ដម បើ​ធ្វើ​យ៉ាង​នេះ​ពៀរ​វេរា​ជា​កំហុស នឹង​បាន​ដោះ​មិន​ខាន​។

នាយ​ព្រហ្ម​ឱន​​ក្បាល​ទទួល​ថា «សូម​កុំ​ព្រួយ​ព្រះ​មាតា​! កូន​ធ្វើ​បាន​ទាំង​អស់​»​។ ចាប់​តាំង​ពី​ពេល​នោះ​មក ជន​ទាំង​ពីរ​ក៏​នៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា តាម​ឋានៈ​ជា​កូន និង​ម្ដាយ​រហូត​មក បាន​ប្រ​ហែល​ពីរ​ឆ្នាំ​យាយ​ពៅ​ក៏​ស្លាប់​ទៅ​ កូន​ប្រុស​នោះ​ ក៏​ចាត់​ចែង​សាង​ចេតិយ​បញ្ចុះ​សព​ម្ដាយ ព្រម​ទាំង​សាង​ព្រះ​ពុទ្ធ​រូប ៤​អង្គ តំកល់​ជុំ​វិញ​ចេតិយ​នោះ ដែល​សព្វ​ថ្ងៃ​គេ​ឃើញ​មាន​សង់​វិហារ​គ្របលើ​ចេតិយ​តូច​នេះ​ផង​។

មិន​យូរ​ប៉ុន្មាន​ដោយ​នឹក​អាល័យ​ម្ដាយ​ពេក តា​ព្រហ្ម​ក៏​មាន​ជំងឺ​ធ្ងន់​ស្លាប់​ទៅ​ដែរ តែ​មុន​នឹង​ស្លាប់​គាត់​ផ្ដាំ​ពពួក​សិស្ស​គណ អោយ​សាង​រូប​ថ្ម​មួយ​ជា​ជំនួស​ខ្លួន​នៅ​អង្គុយ​បែរ​មុខ​ទៅ​ទិស​ខាង​លិច​សំពះ​តំរង់​ទៅ​សព​ម្ដាយ ដែល​គេ​ឃើញ​រូប​នោះ​រហូត​ដល់​សព្វ​ថ្ងៃ​។

និយាយ​ពី​ព្រះ​ចៅ​ក្រុង​ចិន​វិញ កាល​បើ​បាត់​បណ្ឌិត​សាម​ប៉ាវ​កុង​ ហើយ​ក៏​ចាត់​អោយ​នាហ្មឺ​ជា​ច្រើន​រូប​ស៊ើប​សួរ​រក មាន​នា​ហ្មឺន​ម្នាក់​បាន​ធ្វើ​ដំណើរ​រហូត​មក​ដល់​ប្រទេស​ខ្មែរ ត្បិត​គេ​ដឹង​ថា​បណ្ឌិត​នេះ មាន​ជាតិ​កំណើត​ជា​ខ្មែរ​ ប៉ុន្ដែ​ទំរាំ​នាហ្មឺន​​នេះ​មក​ដល់​ប្រទេស​ខ្មែ លោក​បណ្ឌិត​ព្រហ្ម​បាន​ទទួល​អនិច្ច​កម្ម​ទៅ​ហើយ​។ នាហ្មឺន​នោះ​បាន​ធ្វើ​គារវ​កិច្ច​ចំពោះ​មុខ​រូប​ថ្ម​នេះ ហើយ​បាន​ចារិក​ឈ្មោះ​បដិមា​នេះ​ជា​អក្ស​រចិ​ន​ថា «សាម​ប៉ាវ​កុង» ទុក​រហូត​មក​។

សព្វ​ថ្ងៃ​នេះ​អ្នក​ស្រុក​បាន​សង់​គុហារ​មួយ ដោយ​បាយ​អ​ គ្រប​ពី​លើប​ដិមា​នេះ​។ រាល់​ពេល​រដូវ​បុណ្យ​ខ្មែរ រឺ​បុណ្យ​ចិន មាន​មនុស្ស​ជា​ច្រើន​រយ​នាក់ បាន​ចូល​ទៅ​អុជ​ធូប​ទៀន​បូជា​ដល់​បដិមា​នោះ ហើយ​មាន​ជន​ខ្លះ​ទៀត​បាន​ធ្វើ​ជា​កិច្ច​បូល​ស្នែង​ក្របី​ និង​បូល​ដោយ​រលាក់​ចង្កើះ​ ហើយ​ពោល​ថា «ឆុត​ពូកែ​ណាស់» ទោះ​ជា​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា រឺ​ចង់​ដឹង​ពី​ផល​របរ​អ្វី​មួយ គេ​អាច​ទាយ​ត្រូវ​ភ្លាម​។

មិន​តែ​ប៉ុណ្ណោះ​កាល​ពីរ​វាង ពស ២៤៧០ ប្លាយ មាន​ពួក​អ្នក​ជំនួញ​នៅ​ក្រុង​កំពុង​ចាម បាន​នាំ​គ្នា​នៅ​បង្វិល​រូប​ថ្ម​នោះ​អោយ​បែរ​មុខ​មក​ខាង​ត្បូង​អោយ​ត្រូវ​តាម​ទំនង​ផ្លូវ​ចូល តែ​ដល់​បំបែរ​មុខ​រូប​តា​ព្រហ្ម​នេះ​ទៅ ស្រុក​នោះ​ក៏​កើត​ជំងឺ​មាន​អ្នក​ស្រុក​ស្លាប់​អស់​ជា​ច្រើន​។ កាល​នោះ​ខ្មោច​តា​ព្រហ្ម​បាន​ចូល​រូប​យាយ​ដាម​ជា​រូប​បញ្ជាន់​ទៅ​ភូមិ​សន្ដាន់​ឃុំ​អំពិល​ ស្រុក​កំពុង​សៀម​ ខេត្ដ​កំពង់​ចាម​ប្រាប់​អ្នក​ស្រុក​ថា «កុំ​បំបែរ​អញ​ទៅ​អែ​ណា អញ​ត្រូវ​តែ​បែរ​មុខ​ទៅ​ខាង​លិច សំពះ​ឆ្ពោះ​ ទៅ​ចេតិយ​ម្ដាយ​អញ​។ ក្រោយ​ពី​ខ្មោច​តា​ព្រហ្ម​ចូល​មក​នោះ អ្នក​ស្រុក​ក៏​បំបែរ​រូប​តាព្រហ្ម​ ទៅ​ទិស​ខាង​លិច​ដូច​ដើម​វិញ​នៅ​រហូត​សព្វ​ថ្ងៃ​។

(1) តាមសេចក្ដីរាយការរបស់លោក លី ធាមតេង នៅពុទ្ធសាសនបណ្ឌិត។
(2) សព្វថ្ងៃគេសាងវិហារដោយអិដ្ឋ និង​បេតុង បំពាក់​មួយ​ចំហៀង​ខាង​លិច​ទៅ​លើ​ប្រាង្គ​នេះ ហើយ​យក​ព្រះពុទ្ធ​រូប ដែល​បែរ​ព្រះ​ភក្រ្ដ​មក​ខាង​កើត​ធ្វើ​ជា​ទី​សក្ការៈ​សំរាប់​វិហារ​នេះ​តែ​ម្ដង​។
(3) រាជសព្ទ ប្រែថាខ្នង
(4)ស្ដេចមួយអង្គស័ក្ដិតូច ត្រួតបានតែមួយខេត្ដ ហៅថាស្ដេចត្រាញ់ (ប្រើក្នុងបូរាណ) ។
(5) ធារទឹក ទនៃទឹក គឺខ្សែរឺសំនុំទឹកដែលធ្លាក់ចុះ។