មហា​​សង្ក្រាន​​ឆ្នាំ​​មមី​ ឆស័ក​ ព.​ស​២៥៥៨ ចូល​​មក​នៅ​​​ថ្ងៃ​ចន្ទ​ ទី​14​ មេសា វេលា​​ម៉ោង​​8​និង​07​​​នាទី​​ព្រឹក។
​ឆ្នាំ​មមី​ ឆស័ក​ សុភមស្តុ! វរមង្គលាជយាតិរេក ព្រះ​ពុទ្ធ​សករាជ​ព្រះ​សាស​នា​​ អតិ​ក្កន្តា​កន្លង​ទៅ​ហើយ​បាន​២៥៥៧​ត្រឹម​ថ្ងៃ​១៥កើត​ ខែ​​ពិសាខ​ លុះ​ដល់​ថ្ងៃ​១​រោច ខែ​ពិសាខ​ ឆ្នាំ​មមី​ឆស័ក​ត​ទៅ​ ចូ​ល​ពុទ្ធ​សក​រាជ​​២៥៥៨ ។

  ថ្ងៃ​ពុធ​ ២រោច​ ខែចេត្រ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦​​ ខែ​មេសា​ គ្រិស្តសករាជ​ ២០១៤ នៅ​វេលា​ម៉ោង​១២និង​០៩​​​​នាទី​ ជាវារៈឡើង​ស័ក​​ គម្រប់​ជា​សង្ក្រាន្ត​​បី​ថ្ងៃ​ស្រេច​​បរិបូ​ណ៌​ចូល​ជា​សកល ឆ្នាំ​មមី ឆស័ក​​ ចុល្ល​សករាជ​១៣៧​៦​​ និង​មហា​សករាជ ​១៩៣៦​ តទៅ ។ ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ​ សូម​អស់​ប្រជា​ពល​រដ្ឋ​ប្រុស​ស្រី​ផង​ទាំង​ឡាយ​ រៀប​ចំ​ពលី​ការ​គ្រឿង​សក្ការបូជា អុជ​ប្រទីប​ជ្វា​លា​ថ្វាយ​ព្រះ​រតន​ត្រ័យ​ និង​ទទួល​ស្វា​គមន៍​ ទេវ​បុត្រ​ទេវ​ធីតា​ឆ្នាំ​ថ្មី​ ហើយ​ខំ​លះបង់​ចិត្ត​អាក្រក់​អន្យ​តិរ្ថិយ​ ជាចិត្ត​អប្រិយ​ជាប់​ដោយ​គំនុំ​គុំកួន​ ព្យាបាទ​ឈ្នា​នីស​ ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះ​ស្រឡះ​ តាំង​ចិត្ត​ប្រព្រឹត្ត​ល្អប្រកប​ដោយ​ មេត្តា​ ករុណា​ មុទិតា​ ឧបេ​ក្ខា​ និង​បញ្ញា​ ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃ​ណី ​រក្សា​សីល​ប្រាំ​ឱ្យ​បាន​ជាប់​ជា​និច្ច​ នោះ​ទេវ​តា​នឹង​ឱ្យ​ពរ​ សព្ទ​សាធុកា​រ​ លោកអ្នក ​នឹង​មាន​សិ​រី​សួ​ស្តី​ សុភមង្គល​ វិបុល​សុខ​ គ្រប់​ប្រ​ការ ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ​ ។

រណ្តាប់​ទទួល​ទេវតា​

  រណ្តាប់​ទទួល​ទេវ​​តា​តាម​ទំ​នៀម​ពី​បុ​រាណ​រៀងរហូត​មក ​ត្រូវ​រៀប​រាន​ទទួល​ទេវ​តា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​ តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ​។ ត្រូវ​រៀប​ក្រាល​សំ​ពត់​ពណ៌​ស ​ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការបូ​ជាទេវ​តា​ មាន​ជា​អាទិ៍​ បាយ​សី​ ៩ថ្នាក់​មួយ​គូ​ បាយ​សី​៧​ថ្នាក់​មួយ​គូ​ បាយ​សី​៥​ថ្នាក់​មួ​យ​គូ​ បាយ​សី៣​ថ្នាក់​មួ​យ​គូ​ បាយ​សី​ប៉ា​ឆាមមួយ​គូ​ ស្លា​ធម៌​មួយ​គូ ទឹក​អប់​មួយ​គូ​ (ទៀន​៥​ ធូប​៥) លាច​៥​ ផ្កា​៥ដាក់​លើ​ជើង​ពាន​១​គូ​ ចេក​នួន​ ចេក​ណាំ​វ៉ា ​ជើង​ពាន​មួយ​គូ​ ​​​ផ្លែ​ឈើ​១១មុខ រៀប​ដាក់​ជើង​ពាន​១១​គូ ​ដូង​ឡៅ​មួយ​គូ​ ទឹក​ស្អាត​ពីរ​កែវ​ ។​ ឆ្នាំ​នេះ​គួរ​រក​ប្រេង​ ដាក់​ទទួល​ទេវ​តាផង​ ព្រោះ​ជាភ​ក្សា​ហារ​របស់​ទេ​វធីតា។ ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវ​តា​ចុះមក​ ត្រូវ​ជួប​​ជុំ​ក្រុម​​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ ន​មស្ការព្រះ​រតន​ត្រ័យ​ សមា​ទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិ​សុទ្ធ​ ជ្រះ​ស្រឡះនូវ​មន្ទិល​​ទាំង​ពួង​ តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ ជាទី​ពឹង ​ទី​រ​ឭ​ក​លុះ​ចប់​ពិធី​ទទួល​ទេវតា ។

  ចំពោះ​បាយ​សី​៩​ថ្នាក់​ ៧ថ្នាក់​ តំណាង​ឱ្យ​ព្រះ​រាជា​ ព្រះ​បរម​រាជ​វាំង​ ចំពោះ​ប្រជា​រាស្ត្រ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់​ចុះ​មក​ ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូ​ជា​ដែល​មាន​ទៀន​ប្រាំ​ ធូប​ប្រាំ​ ស្លា​ធម៌​កូន​ចេក​មួយ​គូ​ក៏​ល្អ​ដែរ​ ។ ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជា​រាស្ត្រ​ គួរ​រៀប​ឱ្យ​បាន​ត្រឹម​៣​ឬ​៥​មុខ​ជា​ការ​ប្រសើរ​ គឺ​រៀប​ទៅ​តាម​ធន​ធាន​របស់​ខ្លួន​ ។ នៅ​គ្រប់​តង្វាយ​ទាំង​អស់​ ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​ពី​លើ​គ្រប់​តង្វាយ​នៅ​លើ​ជើង​ពាន​ និង​លើ​បាយ​សី​ត្រូវ​ដោត​​ទៀន​ហើយ​ដុត​បំភ្លឺ ។

ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត

  ទំនាយ​ថ្ងៃ​មហា​សង្ក្រាន្ត​ ៖ ថ្ងៃ​ចូល​ឆ្នាំ​ដែល​ជា​ថ្ងៃ​ទី​១​ត្រូវ​នឹង​ថ្ងៃ​ ចន្ទ​ ទំនាយ​ថា​ ឆ្នាំ​នេះ​នឹង​ចាញ់​ឯ​សេនា​បតី​ ជំទាវ​ខុន​ណាង​​ទាំង​ឡាយ​ (ចាញ់​ មាន​ន័យ​ថា​អន់​ ខូច​បុណ្យ​ស័ក្តិ​ ​អន់​រាសី​មាន​វិបត្តិ)​ មាន​ភ្លៀង​ច្រើន​នៅ​ដើម​ឆ្នាំ​ ស្រូវ​អង្ករ​ល្អ​ណាស់​តែ​មនុស្ស​នៅ​ជួប​ផល​លំបាក​ ឱ្យ​ក្រែង​ប្រយ័ត្ន​ក្សត្រ​ និង​មន្ត្រី​ជំទាវ​ធ្វើ​អាក្រក់​ធ្វើ​បាប​ នឹង​កើត​ការ​​តស៊ូ​រើ​បម្រះ​ មនុស្ស​ទូទៅ​នឹង​កើត​ជំងឺ​តម្កាត់​ច្រើន​ ។

  ទំនាយ​ថ្ងៃ​វ័នបត ៖ ថ្ងៃ​កណ្តាល​ត្រូ​វនឹង​ថ្ងៃ​អង្គារ​ ទំនាយ​ថា​ ឆ្នាំនេះ​​​ស្លា​​ម្លូ​​ ត្រី​សាច់​ មាន​តម្លៃ​ខ្ពស់​ អាមាត្រ​មន្ត្រី​ នឹង​ខូច​បុណ្យ​ស័ក្តិ​ ឬ​ត្រូវ​ក្តៅ​ក្រហាយ​ចិត្ត​ជា​ច្រើន​ ។

  ទំនាយ​ថ្ងៃ​ឡើងស័ក​ ៖ ថ្ងៃ​ចុង​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​ពុធ​ ទំនាយ​ថា​ ​ឆ្នាំ​នេះ​​រាជបណ្ឌិត​បុរោ​ហិត​ ​អាចារ្យ​ហោរា​ចារ្យ​ នឹង​មាន​សេច​ក្តី​សុខ​សាន្ត​សម្រាន្ត​ជា​អនេក​ ប៉ុន្តែ​នឹង​មាន​ដង្កូវ​ក្រា​ស៊ី​ស្រូវ​បំផ្លាញ​ដំណាំ​ ។

  ការ​ពិគ្រោះ​ទៅ​លើ​ព្រះ​រាជ​ទេព​ធីតា នៅ​ក្នុង​ឆ្នាំ​នេះ សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​ចន្ទ​ ១៥​កើត​​​ ខែ​ចេត្រ​ គឺ​ថ្ងៃទី១៤ ខែ​មេ​សា​ គ្រិស្តសក​រាជ ២០១៤ ដោយ​ហេតុ​នេះ​ទេវ​ធីតា​របស់​កបិល​​មហាព្រហ្ម​ ដែល​ជា​មគ្គ​នាយិកា​ប្រចាំឆ្នាំ​មមី​នេះ​ មាន​ព្រះ​នាម​ថា​ «គោ​រា​គៈ​ ទេវី» ៖

១-ព្រះ​នាម​ គោ​រា​គៈទេវី
២-គ្រឿង​ទ្រង់​និង​ផ្កា​ អម្ពរពណ៌​ លឿង​សៀត​​ផ្កា​អង្គាបុស្ប​​
៣-អាភរណៈ ​កែវ​មុក្តា​
៤-ភក្សាហារ​ តេ​លំ​(ប្រេង​)
៥-សាស្ត្រាវុធ ព្រះ​​ហស្តស្តាំព្រះ​ខ័ន ព្រះ​​ហស្ត​ឆ្វេង​​​ឈើ​ច្រត់
៦-ពាហនៈ និងការ​ធ្វើ​ចលនា ​ទ្រង់​ឈរ​បើក​ព្រះ​នេត្រ​លើ​ខ្នង​ព្យគ្ឃៈ (ខ្លា) ។

ឆ្នាំ​មមី

  លោ​ក​អ្នក​កើត​ឆ្នាំ​​​​​មមី ពង្ស​ទេវតា​ស្រី​នាម​ជា​សត្វ​សេះ​ ធាតុ​ភ្លើង​​ អង្សា​កំ​ណើត​នៅ​ថ្ងៃ​​សៅរ៍​ សិរី​ធ្លាក់​មកពី​ដៃ​ស្តាំ​របស់​​​ព្រះ​ព្រហ្ម មូល​ព្រលឹង​នៅ​នឹង​ដើម​ចេក​ ។ កាល​ណា​ទៅ​រស់​នៅ​កន្លែង​ណា​ទី​ណា​ ឱ្យ​រក​រំសេវ​ឬ​ដី​ខ្សាច់​ទៅ​ដាក់​ពូន​គល់​ចេក រក​ដើម​ចេក​មក​ដាំ​ទុក​ខាង​ជើង​ និង​ខាង​លិច​ផ្ទះ​ដែល​ខ្លួន​រស់​នៅ​ ទើប​នឹង​មាន​សិរី​មង្គល​រស់នៅ​ត្រជាក់​ត្រជំ​ជា​សុខ ។

  មនុស្ស​កើ​ត​ឆ្នាំ​នេះ​ រមែង​មាន​ឫកពាក្រអឺត​ក្រទម​ តែ​សន្តាន​ចិត្ត​ល្អ​ ​ជា​ទី​ពឹង​ពាក់​ពំនាក់​អាស្រ័យ​នៃ​ញាតិ​មិត្ត​បាន​ ។ ពាក្យ​សម្តី​និយាយ​ច្រើន​គ្រោត​គ្រាត​​មិន​សូវ​ទន់​ភ្លន់ ។ សត្រូវ​ច្រើន​កើត​បាន​ដោយ​សារ​សម្តី​របស់​ខ្លួន​ ។ ជា​មនុស្ស​មាន​វាសនា​ខ្ពស់​ មិន​អាច​អ្នក​ណា​ប៉ុន​ប៉ង​ពាធា​បាន​ឡើយ ។

  កាល​នៅ​ពី​តូច​ច្រើន​លំបាក​វេទនា​ តែ​ដល់​ចូល​វ័យ​ចាស់​នឹង​ក្លាយ​ជា​អ្នក​មាន​ស្តុក​ស្តម្ភ​ ពី​ព្រោះ​ជា​មនុស្ស​មាន​សតិ​បញ្ញា​ឈ្លាស​វៃ​ ប៉ិន​ប្រសប់​ក្នុង​ការ​រក​ស៊ី​ យល់​នូវ​ជម្រៅ​គ្រប់​ល្បិច​កល​របស់​មនុស្ស​ ។ ចូល​ចិត្ត​ភ្លេង​ភ្លាត់​​និង​ល្បែង​ផ្សេង​ៗ​ បើ​ផ្លាស់​លំ​នៅ​ទៅ​ទី​ដទៃ​ល្អ​ប្រសើរ​ជាង​នៅ​ក្នុង​ទី​កន្លែង​កំណើត​ ។ ​

  ​មុខរបរ​​ដែល​ស័ក្តិ​សម​នឹង​មនុស្ស​កើត​ឆ្នាំនេះ​​​ គឺ​ពេទ្យ​ គ្រូហ្ម​ អ្នក​វិទ្យា​សាស្ត្រ​ មេ​ធាវី​ និង​ជា​អ្នក​ជំនួញ​ជួញ​ប្រែ​ ។ បើ​ធ្វើ​ការ​​ងារ​ដែល​យក​កម្លាំង​កាយ​ទៅ​ប្តូរ​ ដូច​ជា​ធ្វើ​ស្រែ​ចំការ​ ច្បារ​ដំណាំ​ នឹង​បាន​ផល​ជា​មធ្យម​ ។

ព្យាករណ៍​អ្នក​កើត​ឆ្នាំ​មមី​

  តាំង​ពីអាយុ​ ០៦ ឆ្នាំ​ ដល់​ ៨០​ ឆ្នាំ​
បុរស​អាយុ​ ៩,១៤,២១,២៦​,៣៣​,៣៨, ៤៥, ៥០, ៥៧, ៦២, ៦៩, ៧៤, ៨១​ឆ្នាំ​
និង​ស្ត្រី​អាយុ​ : ១៤,១៩,២៦, ៣១, ​៣៨, ៤៣, ៥០, ​៥៥, ៦២​,​ ៦៧, ​៧៤, ​៧៩ឆ្នាំ​
ទំនាយ​ថា : ជាឆ្នាំ​​នាំ​មក​នូវ​ជោគ​លាភ​សក្ការៈ គិត​ប្រកប​ការ​ងារ​អ្វីៗ​តែង​តែ​បាន​សម្រេច​​ដូច​​សេចក្តី​ប្រា​ថ្នា​គ្រប់​ប្រការ​ ដែល​អាច​ចែក​ចេញ​បាន​ដូច​ត​ទៅ​នេះ​៖

  ជោគ​លាភ​ : នឹង​បាន​ទ្រ​ព្យ​សម្បត្តិ​​​ ​លុយ​កាក់​មា​ស​​ប្រាក់​​​ ​និង​វត្ថុ​មាន​តម្លៃ​​​​​គ្រឿង​​​​ប្រដាប់​លម្អ​​​គេហ​ដ្ឋាន​​​ ដី​ធ្លី​​​ឬ​បាន​​​ឡើង​ប្រាក់​​ខែ និងប្រាក់​​បំណាច់​ឆ្នាំ​​​ រង្វាន់​​​ផ្សេង​ៗ​​​ទៀត ។​
កិត្តិយស : ​​​ការ​សិក្សា នឹង​ប្រឡង​ជាប់​ដូច​សេចក្ដីប្រាថ្នា​​ ​បើ​នៅ​ទំនេរ​នឹង​បាន​ការ​ងា​រ​ធ្វើ​​​ បើ​មាន​ការ​ងារ​ធ្វើស្រាប់​ហើយ​​​នឹង​បាន​ឡើង​មុខ​តំណែង​​ខ្ពស់​ឡើង​ ។​
កេរ្តិ៍​ឈ្មោះ​ : ​​នឹង​ទទួល​បាន​សេច​ក្ដី​និ​យម​​​​រាប់​អាន​​ លើក​តម្កើង​​​​​មុខមាត់​​​ពីមនុស្ស​​​ក្នុង​​មជ្ឈ​ដ្ឋាន​ការ​ងារ​​ ឬនៅ​ក្នុង​​​ផ្ទះ ​​​ជា​ទី​ពេញ​ចិត្ត​​​​​ដល់​ខ្លួន​ឯង​​ និង​អ្នក​ដទៃ​​ ។​
សេចក្តី​សុខ​​ ​នឹង​ជួប​ប្រទះ​​សេចក្ដី​ស្នេហ៍​ដ៏​បរិសុទ្ធ​​​ ឯ​អ្នក​ដែល​មានគូ​គ្រ​ង​ហើយ ​នឹង​មាន​បុត្រ​ជា​ទី​​​ស្រឡាញ់​ពេញ​ចិត្ត​​​ សេចក្ដីសុខ​​នឹង​កើន​ទ្វេ​​ឡើង​​ថែម​ទៀត​ ។

  បុរស​អាយុ​ : ៣៨,​៤៥,​៥០,៥៧​ឆ្នាំ​​
និង​ស្ត្រី​អាយុ​: ៣៨,៤៣,៥០​ឆ្នាំ​​
ទំ​នាយថា​ : បើ​រៀបអាពា​ហ៍​ពិ​ពាហ៍​ហើយ​នឹង​មាន​កូន​ បើ​នៅ​លីវ​នឹង​បាន​រួ​ម​រក្ស​អភិ​រម្យ​សម​សេចក្តី​បំណង​ប៉ង​ប្រាថ្នា​ ឬ​បាន​ទទួល​លាភ​សក្ការៈ ជាវត្ថុ​មាន​ជីវិត​ផ្សេង​ៗ​ទៀត​ចូល​មក​នៅ​ក្នុង​ផ្ទះ​ ។​
បុរស​អាយុ​ : ១០,​១៣,​២២,​២៥,​៣៤,​៣៧,​៤៦,​​៤៩​,៥៨,​៦១​,៧៣​,៨២​ឆ្នាំ​​
និងស្ត្រី​អាយុ​ : ០៩,​១២,២១,២៤,៣៣,​៣៦,៤៥,៤៨,​៥៧,​៦០,​៦៩,​៧២​ឆ្នាំ​

  ទំនាយ​ថាៈ ជាឆ្នាំ​នាំ​មក​នូវ​គ្រោះ​កាច​ ឱ្យ​ប្រញាប់​ប្រុង​ប្រយ័ត្ន​ខ្លួន ​ដែល​អាច​​ចែក​ចេញ​បាន​ដូច​តទៅនេះ​៖

  ១-នឹង​ជួប​ប្រទះ​រឿង​ទុក្ខ​សោក​ខូច​ចិត្ត​ ដោយ​ពពួក​សត្រូវ​ ក្រុម​ពាល​ទាំង​ឡាយ​ប៉ុន​ប៉ង​ព្យាបាទ​ កុំ​ធ្វើ​ដំ​ណើរ​ទៅ​ទី​ស្ងាត់​ និង​ពេល​រាត្រី​ព្រោះនឹង​ត្រូវ​ចោរ​ខ្មួយ​គំរាម​កំហែង ។​
​ ២-​រោ​គា​ព្យាធិបៀត​បៀន​កាយ​ សត្វ​អា សិ​រិ្ពស​​ទិច ​ឬ​ខាំធ្វើ​ឱ្យ​អស់​សេចក្តី​សុខ​មិន​មាន​សេច​ក្តី​សប្បាយ​ ។​
៣​-លុយ​កាក់​ត្រូវ​ចំណាយ​ច្រើន​ទាំង​ក្នុង​ផ្លូវ​ដែល​ចាំ​បាច់​ និង​មិន​ចាំ​បាច់ ​ដែល​អាច​ហៅ​បាន​ថា​ ជា​ឆ្នាំ​ដែល​ចុះ​ដើម​ទុន​ក្នុង​ផ្លូវ​ដែល​ចាំ​បាច់​ និង​ជាឆ្នាំ​នៃ​ការ​ចំ​ណាយ​ទៅ​ក្នុង​ផ្លូវ​ដែល​មិន​ចាំ​បាច់​ បើ​ធ្វើ​ជំនួញជួញ​​ប្រែ​នឹង​ត្រូវ​ខាត​ដើ​មទុន​ ។​
៤-សង្ឃឹម​ផល​ប្រយោជន៍​ទៅ​លើ​ផ្លូវ​អ្វី​ច្រើន​តែ​ខុស​ភ្លាំង​ភ្លាត់​ ប្រាក់​ចំណូល​តិច​ជាង​ប្រាក់​ចំណា​យ​ ឬបាន​មក​ហើយ​ចាយ​អស់​ទៅ​វិញ​ ។ ៥-បងប្អូន​ញាតិ​មិត្ត​ដែល​ធ្លាប់​ស្រឡាញ់​រាប់​អានគ្នា​​នឹង​ប្រែក្លាយ​ជាសត្រូវ​។​
៦-​ទី​លំ​នៅ​ ឬ​កន្លែង​ធ្វើ​ការ​ត្រូវ​ផ្លាស់​ប្តូរ​ ឬ​ធ្វើ​ដំណើរ​ទៅស្រុក​ឆ្ងាយ​ ឬ​បើ​លោ​ក​អ្ន​កមិន​ចា​ក​ចេញទៅ​ទេ​ ក៏​គង់​មាន​មនុស្ស​នៅ​ក្នុង​ផ្ទះ​ចាក​ចេញ​ទៅ​ដែរ​​ ។​
៧-ទទួល​រង​សេច​ក្តី​​យ៉ាប់​យឺន​ លំ​បាក​លំ​បិន​ ឬនឿយ​ហត់​ជា​ខ្លាំង ​ទាល់​តែ​​មាន​មានះ​ និងអត់ ​ធន់ ។​
៨-ធ្វើ​ការងារ​ជាមួយ​អ្នក​ដទៃនឹង​ត្រូវ​​គេ​ឆបោក​​ បង​ប្អូន​ញាតិ​មិត្ត​ស្និទ្ធ​ស្នាល​ ប្រែ​ក្លាយ​ទៅ​​ជាសត្រូវ​ កន្លែង​ធ្លាប់​ទៅនឹង​ត្រូវ​ក្តៅ​ក្រហាយ​ ឬ​ត្រូវ​គេ​បណ្តេញ​ចេញ​ ចិត្ត​ថ្លើម​អន្ទះ​អន្ទែង​ ។

  បុរស​អាយុ​ : ១១,​១២​,​២៣​​,​២៤,​៣៥,​៣៦,​៤៧,​៤៨,​៥៩,​​៦០,​៧១​​,៧២ឆ្នាំ​​
និ​ង​ស្ត្រី​អាយុ​ : ១៦,​១៧,​២៨,​២៩,​៤០,៤១,​៥២,​៥៣,​៦៤,៦៥,​៧៦,​៧៧​ឆ្នាំ​​
ទំនាយ​ថា​ : ឆ្នាំ​នេះ​ជា​ឆ្នាំ​នៃ​ប្រ​ក្រ​តីកាល​ គឺ​មិន​ល្អ​ណាស់ ​ហើយក៏​មិន​អាក្រក់​ណាស់​ណា​ដែរ។ ការសិក្សា​បាន​ត្រឹ​មប្រឡ​ង​ជាប់​មិន​ធ្លា​ក់ ប្រកប​ការ​ងារ​បាន​ផល​ល្មម​ បើ​ធ្វើ​ជំនួ​ញ​ជួ​ញ​ប្រែ​បាន​ត្រឹម​មិន​ខាត​ដើម​ ។ បង​ប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ បើ​ឧស្សាហ៍​ទៅ មក​រាប់​រក​គ្នា​ទើប​អាច​ផ្សារ​ភ្ជាប់​ចំណង​សាមគ្គី​បាន​ល្អ ។ ការងារ​អ្វី​ៗ​អាស្រ័យ​ដោយ​ការ​ព្យាយាម ហើយ​ប្រើ​ការ​ពិនិត្យ​ពិចារណា​ល្អិត​ល្អន់ ទើប​អាច​រក​ផល​កម្រៃ​បា​ន​ ។ សេចក្តី​ស្នេ​ហា​ត្រូវ​ប្រើ​សេចក្តី​មានះ​ព្យាយាម​ ទើប​សម្រេច​ផល​ និង​អាច​រឹត​ចំ​ណង​ស្នេហា​រវាង​គ្នា​នឹង​គ្នា​បាន​ជា​បង្គួរ​ គឺ​មិន​ល្អពេក​ ហើយ​ក៏​មិន​អាក្រក់​ពេក​ ដល់​ទៅដាច់​ដោច​លែង​លះ​ផ្តាច់​មគ្គ​សង្វាស​គា្ន​ដែរ​ ។

  បុរស​អាយុ​: ០៦,​១៧,១៨,​២៩,​៣០,​៤១,​៤២,​៥៣,​៥៤,​៦៥,​៦៦,​៧៧,៧៨​ឆ្នាំ​​
និង​ស្ត្រីអាយុ​: ១០,១១,​២២,​២៣,​៣៤,​៣៥,​៤៦,​៤៨,​៥៨,​៥៩,​៧០,៧១​ឆ្នាំ​​
ទំ​នាយ​ថា​: ឆ្នាំ​នេះ​ជា​ឆ្នាំ​ស្រមោល​អន្ទោល​តាម​ប្រាណ​ គឺ​នៅ​ក្នុង​ឆ្នាំ​នេះ​បើ​លោក​អ្នក​ធ្វើ​ល្អ​នឹង​បាន​ទទួ​លផល​ល្អ​ បើ​ធ្វើ​អាក្រក់បាន​អាក្រក់​តប​ស្នង​​វិញ​យ៉ាង​ប្រាកដ​ ។ ធ្វើការងារ​អ្វីៗ ប្រដូច​​ទៅ​នឹង​ស្រមោល​អន្ទោល​តាម​ប្រាណ ​បើ​​ខុស​​ហើយ​ គឺ​ត្រូវ​ទទួល​ផល​កម្ម​ដោយ​គ្មាន​ការ​អភ័យ​ ឬ​បន្ធូរ​បន្ថយ​ គ្មាន​ផ្លូ​វ​នឹង​ផ្លាស់​ប្តូរ​កែកុន​ថាធ្វើ​អាក្រក់​ឱ្យ​ក្លាយ​ទៅ​ជាល្អ ឬ​ធ្វើ​ល្អ​ទៅជា​អាក្រក់​បាន​ទេ​ បើ​ទុក​ជា​គេ​ជួយ​ក៏​ជួ​យ​មិន​រួច​ដែរ ។ បុរស​អាយុ​: ០៨​,​១៥,​២០,​២៧,៣២,៣៩,​៤៤,​៥១,​៥៦,៦៣,៦៨,៧៥,៨០ឆ្នាំ​​
និង​ស្ត្រីអាយុ​: ០៨,​១៣,២០,​២៥​,៣២,​៣៧,៤៤,៤៩,៥៦,៦១,៦៨,៧៣,៨០​ឆ្នាំ​​
ទំនាយ​ថា​: ឆ្នាំ​នេះ​ជាឆ្នាំ​​នៃ​ការ​មាន​ជោគ​លាភ​ ប៉ុន្តែ​នឹង​ល្អបាន​ទៅ​តាម​លំដាប់​ គឺចាប់​តាំង​ពី​ដើម​ឆ្នាំ​ ហើយ​នឹ​ង​ចេះ​​តែ​កើន​ទ្វេ​ឡើង​ៗ​ពី​តិច​ទៅ​ច្រើន​ជាលំ​ដាប់​រហូត​ដល់​ចុង​ឆ្នាំ​​ ។ ការ​សិក្សា​នឹង​ចេះ​តែ​រីក​ចម្រើន​ទៅមុខ​បន្តិច​ម្តង​ៗ លុះ​ដល់​ចុង​ឆ្នាំ​ទើប​ល្អពេញកម្រិត​ ។ ការ​ងារ​អ្វីៗ ក៏ដូច​គ្នា​ដែរ​ នៅ​ដើម​ឆ្នាំ​មិន​សូវ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ប៉ុន្មាន​ទេ​ លុះ​ដល់​ទៅ​កណ្តាល​ឆ្នាំ​ទើប​ឃើញ​ផល​ល្អ​ជា​មធ្យម​ ហើយ​ចុង​ឆ្នាំ​ទើប​ទទួល​ផល​ពេញបរិ​បូរណ៍ ។

  ភាពរីក​ចម្រើន​នឹង​ឃើញ​បាន​ចាប់ពី​ខែ​ឧ​សភា​ឡើង​ទៅ ហើយ​ចេះ​តែ​កើន​ចម្រើន​ត​ទៅ ជាលំ​ដាប់​រហូត​ពេញ​លេញ​បរិ​បូរណ៍ដល់​ទៅ​ចុង​ឆ្នាំ​ ។

  បុរស​អាយុ​: ០៧,​១៦,​១៩,២៨,​៣១,​៤០,​៤៣,៥២,៥៥,​៦៤,​៦៧,​៧៦,​៧៩​ឆ្នាំ​​
និង​ស្ត្រី​អាយុៈ ០៦,​១៥,​១៨,​២៧,​៣០,​៣៩,​៤២,​៥១,​៥៤,​៦៣,​៦៦,៧៥,៧៨​ឆ្នាំ​
ទំនាយ​ថាៈ ឆ្នាំ​នេះ​ជាឆ្នាំ​មាន​គ្រោះ​​ថ្នាក់​ធំ​ ចូរ​ប្រុង​ប្រ​យ័ត្ន​ឱ្យ​មែន​ទែន ​​ព្រោះ​ហេតុ​នឹង​កើត​ឡើង​​បាន​ជា​ច្រើន​ប្រការ​គឺ​៖ ១-កើត​ហា​យនៈលិច​លង់​ គឺ​ត្រូវខូច​ខាត​លុយ​កាក់​អស់​រលីង​ពី​ខ្លួន ។​
២-កើត​ការ​ផ្លាស់​ប្តូរ​ ព្រាត់​ប្រាស​និរាស​ចាក​ចោល​គ្នា​ ដោយ​សត្រូវ​ធ្វើ​ទោស​ ឬ​ជួប​សេចក្តី​ទុក្ខ​លំបាក​ ឬ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​ដោយ​មាន​ហេតុ​ចាំ​បាច់​ ។ ចំពោះ​អ្នក​ដែល​មាន​បំណង​នឹង​ផ្លាស់​ប្តូរ ឬ​ចង់​ធ្វើ​ដំ​ណើរ​រមែង​បាន​ដូច​ក្តី​បំណង​ ។​
៣-បង​ប្អូន​ញាតិ​មិត្ត​ជាទីស្រឡាញ់ នឹង​ប្រែ​ក្លាយ​ទៅ​ជា​សត្រូវ​ ស្អប់​ខ្ពើម​គ្នា​ ។​
៤-ត្រូវ​គេ​ឆ​បោក​​កេង​ប្រវ័ញ្ច​​ធ្វើ​បាប​ ឱ្យ​ខូច​ខាត​នូវ​របស់​ជាទី​ស្រឡាញ់​​​​ជាទី​គាប់​ចិត្ត។​
៥-ត្រូវ​ចោរ​លួច​ ឬ​ភ្លើង​ឆេះ​ឱ្យ​បាន​ទទួល​សេចក្តី​ក្តៅ​ក្រហាយ​ និង​ការ​ខក​ចិត្ត​ ។​
៦-អ្នក​ធ្វើ​ការ​ជាមួយ​គ្នា​ មាន​គំនិត​ផ្តន្ទា​ឈ្នា​
នី​ស​​ ឬ​រង់​ចាំ​ចាប់​កំហុស​ ជា​ហេតុ​ធ្វើ​ឱ្យ​ទទួល​ទោស​ទណ្ឌ​ធ្វើ​ការ​ងា​រ​ច្រើន​លើស​លន់​ ប៉ុន្តែ​ «សេចក្តី​គួរ​គាប់​» ​គ្មាន​ ត្រូវ​គេ​បោក​បញ្ឆោ​ត​ទៅ​ក្នុង​ផ្លូវ​អកុសល​ ។

ថ្ងៃ​ជា​សិរី​មង្គល

  ថ្ងៃ​ដែល​ជា​សិរី​មង្គល​ ដើម្បី​ជ្រើស​រើស​សម្រាប់​ប្រើ​ក្នុង​ពិធី​សំខាន់​ៗ​របស់​ខ្លួន​ដូច​ជា​ រៀប​អាពាហ៍​ពិពាហ៍​ លើក​រាសី​ បុណ្យ​​ទាន​ធំ​ៗ​ ពិធី​ជា​មង្គល​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​សុវត្ថិ​ភាព​ សេច​ក្តី​ចម្រុង​ចម្រើន​រុង​រឿង​ក្នុង​ជិវិត​ត្រូវ​ចាប់​ផ្តើម​ឡើង​ជា​ដំបូង​គឺ​ថ្ងៃ ៖ ១-ថ្ងៃ​សៅរ៍ ២-ថ្ងៃ​អាទិត្យ ៣-ថ្ងៃអង្គារ ៤-ថ្ងៃ​ពុធ ៕