ថ្ងៃសៅរ៍ ទី5.សីហា 2017.ម៉ោង 8:48
កថាទី ២
រឿងពានរ និង សសរ

នៅ​ក្នុង​ប្រ​ទេស​មគធៈ​ មាន​ជន​ត្រ​កូល​កាយស្ថ(1)​ ម្នាក់​ឈ្មោះ​សុភ​ទត្ត​ បាន​ចាត់​ចែង​ជាង​អោយ​កសាង​វិហារ​ជិត​ធមា​រណ្យ​មួយ​។ នៅ​វិហារ​នោះ​ មេ​ជាង​បង្គាប់​អោយ​​កូន​ជាង​ អារ​ពុះ​ចុង​សសរ​ចំ​កណ្តាល​ ហើយ​អោយ​យក​ស្នៀត​ទៅ​ស៊ក​ទុក​ត្រង់​កណ្តាល​សសរ​ដែល​អារ​នោះ​។ មាន​ស្វា​មួយ​ហ្វូង​ធំ​ តែង​វារ​លោត​លេង​តាម​ទំនើង​ចិត្ត​ ពី​ទី​នេះ​ទី​នោះ​រហូត​ដល់​ទី​ឋាន​នោះ​។​ មាន​ពាន​រ​មួយ​កាល​មរណ​​មក​ដល់​ ក៏​ទៅ​អង្គុយ​លើ​សសរ​ដែល​គេ​អារ​ពុះ​ជា​ពីរ​នោះ​ យក​ដៃ​ទាំង​ពីរ​ចាប់​ទាញ​ស្នៀត​លេង​ជា​ល្បែង​អិត​ពិចារ​ណា​។ ស្វា​ស​វា​ទាំង​ពីរ សំយុង​ស្តោក​ធ្លាក់​ទៅ​ចំ​ចន្លោះ​សសរ​ដែល​គេ​អារ​ពុះ​ជា​ពីរ​នោះ​។ រី​ចុង​ទាំង​ពីរ​នៃ​សសរ​នោះ​ កាល​ពានរ​ទាញ​ស្នៀត​ចេញ​ផុត​ហើយ​ ក៏​ក្តោប​មក​វិញ​កៀប​ស្វាស​ទាំង​ពីរ​ខ្ទេច​ល្អិត​ជា​ផង់​ធូ​លី​ ដល់​ក្តី​ស្លាប់​ទៅ​ហោង​ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ (ករដកៈ​) និយាយ​ថា​ «នរ​ជន​ណា​ជួញ​ចិត្ត​រវល់​ ក្នុង​ការ​ដែល​មិន​ត្រូវ​រវល់​»​ ដូច្នេះ​ជា​ដើម​(លេខ​ ៣០​)។

​ចចក​ទម​នកៈ​និយាយ​អួត​អាង​ថា៖​ «មែន​ពិត​ហើយ​ តែ​សេវ​កា​មាត្យ​ត្រូវ​តែ​យក​ចិត្ត​​ទុក​ដាក់​មើល​ការ​ងារ​ម្ចាស់​ និង ខាន​ពុំ​បាន​»​។ ចចក​ករ​ដកៈ​ ឆ្លើយ​កាត់​ថា​៖ «មុខ​ក្រសួង​ត្បូង​ការ​ទាំង​ពួង​ អ្នក​ណា​មាន​នាទី​ជា​ប្រធាន​មន្រ្តី​ អ្នក​នោះ​ត្រូវ​ធ្វើ​ការ​ងារ​នោះ​ ចុះ​អ្នក​តូច​តាច​ដូច​យើង​មិន​គួរ​គប្បី​ទៅ​ជែង​ជួយ​ព្រួយ​យក​ការ​ងារ​គេ​ដទៃ​មក​ធ្វើ​ជំនួស​ទេ​ ចូរ​មើល​!

៣១ - នរ​ជន​ណា​ព្រួយ​ជួស​គេ​ ទៅ​ជែង​យក​ការ​ងារ​ជន​ដទៃ​មក​ធ្វើ​ជំនួស​ ព្រោះ​តែ​ប្រាថ្នា​ប្រយោ​ជន៍​អោយ​នាយ​ចៅ​ហ្វាយ​ នរ​ជន​នោះ​ត្រូវ​គេ​សំលាប់​ចោល​បង់​លើ​ផែន​ដី​ ដូច​លា​ត្រូវ​គេ​វាយ​សំលាប់​ចោល​បង់​សៀត​ព្រោះ​តែ​បញ្ចេញ​សំលេង​»​។ ចចក​ទម​នកៈ ​សួរ​រឿង​នោះ​ថា «តើ​រឿង​នោះ​ដូច​ម្តេច​»​។ ចចក​ករ​ដកៈ​និ​យាយ​រឿង​នោះ​ប្រាប់​ថា​៖​

កថាទី៣
រឿងលានិងឆ្កែ

៣២ នរ​ជន​ណា​មួយ​ ចាំ​បាច់​គេ​ហៅ​រក​ក្នុង​កាល​ប្រ​កប​ការ​ងារ​ នរ​ជន​នោះ​គេ​ហៅ​ថា​ «អ្នក​បំរើ​» រឺ​ហៅ​ថា «សំលាញ់» ដូច​ម្តេច​កើត​?​​។
ឆ្កែ​ឆ្លើយ​ថា «បើ​នរ​ជន​ណា​ហៅ​រក​ខ្ញុំ​បំរើ​ តែ​ក្នុង​ពេល​ដែល​ត្រូវ​ប្រើ​ធ្វើ​ការ​ងារ​ តើ​នរ​ជន​នោះ​ នឹង ឈ្មោះ​ថា «ម្ចាស់» ដូច​ម្តេច​កើត​?​។
៣៣ ការ​ចិញ្ចឹម​ខ្ញុំ​បំរើ​ដែល​ជ្រក​អា​ស្រ័យ​នៅ​ជា​មួយ​ ការ​សេព​គប់​ម្ចាស់ ការ​ប្រតិ​បត្តិ​ធម៌​ និង ការ​ប្រសូត​កូន​ ទាំង​អស់​នេះ​អិត​មាន​អ្នក​ណា​លូក​ដៃ​ទៅ​ធ្វើ​ជំនួស​បាន​ទេ​ លំដាប់​នោះ​ លា​ក្រោធ​ស្រែក​ជេរ​ថា​ «នែ​អា​ចង្រៃ​! អា​គំនិត​ខូច​! អា​អែង​អា​ក្រក់​អ្វី​ម្លេះ​ ក្នុង​កាល​វិបត្តិ​ អែង​ហ៊ាន​​ធ្វើ​ព្រ​ងើយ​ មិន​អើ​ពើ​ដល់​ការ​ងារ​ម្ចាស់​ មិន​ថ្វី​ទេ ចាំ​មើល​ដល់​ម្ចាស់​ក្រោក​ឡើង​ អែង​គង់​ដឹង​ខ្លួន​ អញ​មុខ​ជា​ប្រាប់​ម្ចាស់​ហើយ​ព្រោះ​ថា៖​

៣៤ - បុគ្គល​គួរ​បូជា​ព្រះ​អា​ទិត្យ​ពី​ខាង​ក្រោយ​ខ្នង​ បូជា​ភ្លើង​ពី​ខាង​ពោះ​ បូជា​ម្ចាស់​ដោយ​កាយ​ និង ចិត្ត​ និង ប្រតិ​បត្តិ​ដើម្បី​បរ​លោក​ដោយមិន​មាន​មាយា​​។
លុះ​លា​ពោល​ដូច្នេះ​ហើយ​ ក៏​តាំង​ស្រែក​ដោយ​សំ​រែក​ដ៏​ខ្លាំង​ ដើម្បី​អោយ​ម្ចាស់​ភ្ញាក់​ ខណៈ​នោះ​អ្នក​ជ្រលក់​ភ្ញាក់​ស្លន់​​ស្លា​ក្រ​ញាង​ឡើង​ដោយ​សំរែក​ខ្លាំង​នោះ​ គ្នាន់​ក្នាញ់​ណាស់​ព្រោះ​ដាច់​ដំណេក​ ក្រោក​ឡើង​ក្រ​ទី​ក្រ​ទា​ចាប់​ទាញ​ដំបង​​សំពង​លា​នោះ​យ៉ាង​អស់​ទំហឹង​ រី​​លា​នោះ​ត្រូវ​ដំបង​ដំណំ​ទ្រម​ខ្លួន​ដល់​នូវ​ក្តី​ស្លាប់​ទៅ​ហោង​។​ ព្រោះ​ហេតុ​ នេះ​បាន​ជា​​ខ្ញុំ​ (ករដកៈ) ពោល​ថា «នរ​ណា​ព្រួយ​ជួស​គេ»​ ដូច្នេះ​ជា​ដើម​លេខ​៣១​។​

អែង​ពិនិត្យ​មើល​! យើង​ត្រូវ​ហែ​ហម​ម្ចាស់​តែ​ក្នុង​កិច្ច​ការ​របស់​យើង​ប៉ុណ្ណេះ​បាន​ហើយ​ ថ្ងៃ​នេះ​យើង​ក៏​សេស​សល់​​អាហារ​គ្រប់​គ្រាន់​ ហើយ​យើង​ទៅ​ជួយ​រវល់​តើ​មាន​ប្រយោ​ជន៏​ដូច​ម្តេច​?​។ ចចក​ទម​នកៈ​ ទាស់​ចិត្ត​ឆ្លើយ​កាត់​ឡើង​ថា «ចុះ​យើង​បំរើ​ម្ចាស់​ផែន​ដី​ ព្រោះ​តែ​ចង់​បាន​អាហារ​ស៊ី​តែ​ប៉ុណ្ណឹង​ទេ​? សំដី​អែង​និយាយ​នេះ​ឆ្វេង​ណាស់​ មិន​សម​រម្យ​តាម​គន្លង​ទេ ​ព្រោះ​ថា​៖​

៣៥ - ការ​ពឹង​ពាក់​ព្រះ​នរ​បតី​ អ្នក​ប្រាជ្ញ​ត្រូវ​ការ​ចង់​បាន​ ដើម្បី​ធ្វើ​ឧប​ការៈ​ជួយ​មិត្ត​ និង ដើម្បី​បំផ្លាញ​សឹក​សត្រូវ​ នរ​ណា​ហ្ន៎​ពឹង​ពាក់​ព្រះ​នរ​បតី​ព្រោះ​ហេតុ​តែ​បំពេញ​ផ្ទៃ​ខ្លួន​ប៉ុណ្ណោះ​?​។
៣៦ - ជី​ព្រាហ្មណ៍ មិត្រ​ និង ញាតិ​សន្តាន​ មាន​ជីវិត​រស់​នៅ​ ព្រោះ​អា​ស្រ័យ​ជីវិត​នៃ​នរ​ជន​ណា​ ជីវិត​នរ​ជន​នោះ​ឈ្មោះ​ថា​ ប្រកប​ដោយ​ផល​ នរ​ជន​ណា​ហ្ន៎​មិន​ចិញ្ចឹម​ជីវិត​ព្រោះ​ប្រ​យោ​ជន៏​ខ្លួន​!​?​។
៣៧ - បើ​អ្នក​ណា​មាន​ជីវិត​រស់​នៅ​ បាន​ញ៉ាំង​ជន​ដទៃ​ច្រើន​អ្នក​អោយ​មាន​​ជី​វិត​រស់​នៅ​បាន​ផង​ សូម​អោយ​អ្នក​នោះ​មាន​ជន្មាយុ​រស់​នៅ​យឺន​យូរ​ រី​សត្វ​ក្អែក​វា​មិន​អាច​បំពេញ​ផ្ទៃ​វា​បាន​ដោយ​ចំពុះ​វា​រឺ​?​។
៣៨ - មនុស្ស​ខ្លះ​សុខ​ចិត្ត​នៅ​ជា​ខ្ញុំ​គេ​ ត្រឹម​តែ​៥​បុរាណៈ (រៀល)​ មនុស្ស​ខ្លះ​ទៀត​ សុខ​ចិត្ត​នៅ​ជា​ខ្ញុំ​គេ​លុះ​តា្រ​តែ​បាន​១០០.០០០​បុរាណៈ រី​មនុស្ស​មួយ​ពួក​ទៀត​ ចិត្ត​ប្រសើរ​មិន​សុខ​ចិត្ត​នៅ​ជា​ខ្ញុំ​គេ​សូម្បី​ច្រើន​ជាង​ ១០០.០០០​បុរាណៈ​។
៣៩ - ធម្មតា​មនុស្ស​ជាតិ​ដូច​គ្នា​ ភាព​ជា​ខ្ញុំ​គេ​ អ្នក​ប្រាជ្ញ​តិះ​ដៀល​ក្រៃ​លែង​ បណ្តា​ខ្ញុំ​គេ អ្នក​ណា​មិន​បាន​ជា​ដើម​គេ​ទេ​ គួរ​នឹង​រាប់​អ្នក​នោះ​ថា​មាន​ជីវិត​រស់​នៅ​ នឹង​គេ​ដែរ​រឺ​ទេ​?​
៤០ - រវាង​ពាជី​ ដំរី,​ លោ​ហ​ធាតុ,​ រវាង​ឈើ​ ថ្ម​, សំពត់,​ រវា​ងនារី​ និង​ បុរស,​ ទឹក, ​ទាំង​អស់​នេះ​ឃ្លាត​ផ្សេង​ពី​គ្នា​ធំ​ណាស់​។ អ្នក​ខ្លះ​សូម្បី​បាន​បន្តិច​បន្តួច​ក៏​ស្កប់​ចិត្ត​ដែរ​។
៤១ - ធម្ម​ជាតិ​ឆ្កែ​បាន​ឆ្អឹង​ សូម្បី​អស់​សាច់​រលីង​ហើយ​នៅ​សល់​តែ​សរ​សៃ​ខ្លាញ់​វាវ​បន្តិច​បន្តួ​ច​ ក៏​ត្រេក​អរ​កខិប​កខុប​ មែន​ពិត​ ឆ្អឹង​នោះ​មិន​អាច​បន្សាត់​បង់​សេច​ក្តី​ស្រេក​ឃ្លាន​ឡើយ​ រី​អែ​សីហៈ​ សូម្បី​បាន​ចចក​មួយ​មក​នៅ​ក្នុង​ក្រញាំ​ ក្រចក​ខ្លួន​ហើយ​ ក៏​​នៅ​តែ​បោះ​បង់​ចោល ​ហើយ​ស្ទុះ​ទៅ​ចាប់​សំលាប់​ដំរី​សារ​មួយ​ទៀត​ ជន​ទាំង​ពួង​ទោះ​ តោក​យ៉ាក​ លំបាក​ក្តី​ណា តែង​តែ​មាន​សេច​ក្តី​ប្រាថ្នា​ចង់​បាន​ផល​ទៅ​តាម​ទំនង​ភាព​ខ្លួន​ជា​សត្វ​លោក​។ មួយ​ទៀត​ ចូរ​ពិចារ​ណា​ មើល​សេច​ក្តី​ផ្សេង​គ្នា​រវាង​ម្ចាស់​ នឹង​ខ្ញុំ​បំរើ​ដូចត​ទៅ​នេះ​៖​
៤២ - ឆ្កែ​លុត​ក្រាប​រាប​ទាប​ជិត​ជើង​ម្ចាស់​ ហា​មាត់​បង្ហាញ​ចង្កូម​ បក់​កន្ទុយ​រវិច​ៗ​ នៅ​នឹង​ដី​ចាំ​ទទួល​សំណល់​អារ​ហារ​ដែល​ម្ចាស់​បោះ​ទៅ​អោយ​ អែ​ដំរី​ជា​សត្វ​ប្រ​សើរ​ មៀង​មើល​ម្ចាស់​ដោយ​រឹក​មាំ​ លុះ​ត្រា​តែ​លួង​លោម​ច្រើន​រយ​ដង​ទើប​បរិ​ភោគ​។
៤៣ - ជីវិត​នៃ​មនុស្ស​ណា​ សូម្បី​តាំង​នៅ​តែ​មួយ​ខណៈ​ តែ​មិន​ប្រាស​ចាក​ការ​ចេះ​ដឹង សេច​ក្តី​ព្យា​យាម​អង់​អាច​ និង កេរ្តិ៍​ឈ្មោះ​យស​សក្តិ​ អ្នក​ប្រាជ្ញ​ពោល​ថា​ជីវិត​នៃ​មនុស្ស​នោះ​ ពេញ​ជា​ជីវិត​ដ៏​ប្រសើរ​នៅ​នា​លោក​នេះ​ព្រោះ​ថា​ ក្អែក​អាច​មាន​ជីវិត​រស់​នៅ​យូរ​បាន​ព្រោះ​ការ​ស៊ី​សំណល់​គ្រឿង​ពលី​។
៤៤ - ជីវិត​នរ​ជន​ណា​ដែល​មិន​ផ្សាយ​សេច​ក្តី​អាណិត​អាសូរ​ចំពោះ​កូន​ខ្លួន​ ចំពោះ​គ្រូ​ ចំពោះ​ពួក​ខ្ញុំ​បំរើ​ ចំពោះ​ជន​ក្រី​ក្រ​លំបាក​ និង ចំពោះ​ញាតិ​សន្តាន​ ជីវិត​នៃ​នរ​ជន​នោះ​ បាន​ផល​ប្រយោ​ជន៍​អ្វី​នៅ​នា​មនុស្ស​លោក​នេះ​?​ ព្រោះ​ថា​ក្អែក​អាច​មាន​ជីវិត​រស់​នៅ​យូរ​បាន​ ព្រោះ​ការ​ស៊ី​សំណល់​គ្រឿង​ពលី​។
៤៥ - នរ​ជន​អប្ប​អិត​ប្រាជ្ញា​ពិចា​រណា​ប្រយោ​ជន៍​ និង មិន​មែន​ប្រយោ​ជន៏ ប្រ​ព្រឹត្ត​កន្លង​គន្លង​ច្បាប់​ច្រើន​ប្រការ​ មាន​សេច​ក្តី​ប្រាថ្នា​ គ្រាន់​តែ​បំ​ពេញ​ផ្ទៃ​ខ្លួន​ប៉ុណ្ណោះ​ នរ​ជន​នេះ​ហៅ​ថា​មនុស្ស​តិរច្ឆាន​ អែ​មនុស្ស​តិរច្ឆាន​ និង បសុ​សត្វ​មាន​សេច​ក្តី​ប្លែក​គ្នា​ដូច​ម្តេច​ខ្លះ​?​»​
ចចក​ករ​ដកៈ​ពោល​តប​ទៅ​ថា៖ «ណ្ហើយ​! យើង​ទាំង​ពីរ​នាក់​មិន​មែន​ជា​ប្រធាន​ទេ​ យើង​បបួល​គ្នា​គិត​ពី​រឿង​នេះ​ តើ​មាន​ប្រយោ​ជន៍​អ្វី?​»។ ចចក​ទម​នកៈ​ឆ្លើយ​ថា​ «បើ​ដូច្នេះ​ តើ​អាមាត្យ​ដែល​បាន​ជា​ប្រធាន​ រឺ មិន​ទាន់​បាន​ជា​ប្រធាន​នឹង​ទ្រ​ទ្រង់​ភាព​បែប​នោះ​អស់​កាល​ប៉ុន្មាន​ ព្រោះ​ថា៖​
៤៦ នៅ​នា​លោក​នេះ​ នរ​ណា​ៗ​ក៏​គេ​មិន​អាច​កំណត់​បាន​ថា​ខ្លួន​ជា​ជន​ខ្ពង់​ខ្ពស់​ រឺ ជា​ជន​ថោក​ទាប​ជាង​អ្នក​ណា​តាម​​សភាព​ខ្លួន​អែង​បាន​ទេ​ ចេស្តា​(សំណាង​) ខ្លួន​ទើប​នាំ​នរ​ជន​ទៅ​កាន់​ភាវៈ​គួរ​គោរ​ព​ រឺ​ កាន់​ភាវៈ​វិប​រិត​មិន​គួរ​គោ​រព​។
៤៧ ថ្ម​បុគ្គល​លើក​​យក​ឡើង​ទៅ​ដាក់​លើ​កំពូល​ភ្នំ​បាន​ដោយ​សេច​ក្តី​ព្យា​យាម​ដ៏​ធំ​ តែ​បើ​ទំលាក់​ចុះ​ពី​លើ​កំពូល​ភ្នំ​វិញ​ បាន​ដោយ​ងាយ​យ៉ាង​ណា ខ្លួន​យើង​ឡើង​ទៅ​កាន់​ឋានៈ​ខ្ពង់​ខ្ពស់​ដោយ​គុណ​ គឺ​ក្តី​ព្យា​យាម​ដ៏​ធំ​ តែ​បើ​ធ្លាក់​ទៅ​កាន់​ឋានៈ​​ថោក​ទាប​វិញ​ ដោយ​ទោស​ដ៏​ងាយ​ៗ​ក៏​យ៉ាង​នោះ​អែង​។
៤៨ នរ​ជន​ធ្លាក់​ចុះ​ទៅ​ខាង​ក្រោម​ រឺ ឡើង​ខ្ពស់​ទៅ​ខាង​លើ​ដោយ​កម្ម​ជា​របស់​ខ្លួន​ ដូច​ជា​គេ​ជីក​អណ្តូង​ រឺ កសាង​កំពែង​តែង​ទាប​ខ្លួន​ចុះ​ទៅ​តាម​ជំរៅ​អណ្តូង​ រឺ អណ្តែត​ខ្ពស់​ឡើង​តាម​កំពស់​កំពែង​។​

នែ​សំលាញ់​អើយ​! ខ្លួន​យើង​នេះ​ មាន​តែ​សេច​ក្តី​ព្យា​យាម​ដែល​នាំ​អោយ​សំរេច​ប្រយោជន៍​គ្រប់​យ៉ាង​»​។ ចចក​ទមន​កៈ​ សួរ​ថា​ «បិង្គលកៈ​ ម្ចាស់​យើង​នេះ​​ខ្ញុំ​ឆ្ងល់​មិន​ដឹង​ជា​មាន​ហេតុ​ការ​ណ៍​អ្វី​ បាន​ជា​ភិត​ភ័យ​តក់​ស្លុត​រត់​ត្រលប់​មក​វិញ ​?​»​។ ចចក​ករ​ដកៈ​ឆ្លើយ​ថា «ចុះ​អែង​ធ្វើ​ដូច​ម្តេច​នឹង​ដឹង​រឿង​ពិត​?​»​។ ចចក​ទម​នកៈ​និយាយ​បញ្ចេញ​ប្រាជ្ញ​ «រឿង​អ្វី​ ដែល​អ្នក​ប្រាជ្ញ​មិន​ដឹង​? ព្រោះ​ថា​៖

៤៩ - ពាក្យ​ពេចន៍​ ដែល​បុគ្គល​ពោល​ចេញ​ហើយ​ សូម្បី​បសុ​សត្វ​ក៏​ចាប់​យក​សេ​ច​ក្តី​បាន​ សេះ និង ដំរី ដែល​គេ​ហ្វឹក​ហ្វឺន​ហើយ​ កាល​បើ​ជន​បង្គាប់​អាច​នាំ​ជន​ទៅ​បាន​ ជន​ជា​បណ្ឌិត​ សូម្បី​គេ​មិន​ហា​មាត់​ចេញ​និយាយ​ វាង​វៃ​ដឹង​ទាន់​ព្រោះ​​ថា ប្រាជ្ញា​មាន​ផល​ប្រសើរ​ គឺ​ការ​ដឹង​នូវ​ទឹក​ចិត្ត​នៃ​ជន​ដទៃ​ ដែល​មាន​អាការ​ចេញ​មក​ខាង​ក្រៅ​។​

៥០ - បុគ្គល​អាច​កត់​សំ​គាល់​ នូវ​ចិត្ត​នៃ​បុគ្គល​ដទៃ​ដែល​ឋិត​ នៅ​ខាង​ក្នុង​ដោយ​អាការ​ខាង​ក្រៅ​បាន​ គឺ​ដោយ​ចរិយា​ ដោយ​គតិ​ ដោយ​កិរិយា​ ដោយ​ទឹក​សំដី​ និង ដោយ​វិការៈ​នៃ​ភ្នែក​ និង មុខ​មាត់​។ ពេល​នេះ​ ជា​អោ​កាស​ល្អ​ រូប​ខ្ញុំ​ នឹង ធ្វើ​ម្ចាស់​យើង​ ដែល​កំពុង​មាន​អាសន្ន​ភ័យ​ខ្លាច​នេះ​ អោយ​នៅ​ក្នុង​កណ្តាប់​ដៃ​ដោយ​កម្លាំង​ប្រាជ្ញា​របស់​ខ្ញុំ​ព្រោះ​ថា​៖​

៥១ - ពោល​ពាក្យ​អោយ​សម​តាម​កាលៈ​ទេសៈ ​ធ្វើ​ខ្លួន​អោយ​គេ​ស្រលាញ់​ប្រាកដ​ ស្មើ​ នឹង ភាព​ជា​អ្នក​សប្បុ​រស​ ចេះ​ក្រោធ​អោយ​សម​តាម​សក្តិ​ខ្លួន​ អ្នក​ណា​ចេះ​ធ្វើ​ដូច្នេះ​អ្នក​នោះ​ជា​បណ្ឌិត​»​។ ចចក​ករ​ដកៈ​ពោល​បង្អាប់​ថា​ «នែ​សំលា ញ់​អើយ​! អែង​មិន​ចេះ​ប្រតិ​បត្តិ​នាទី​ជា​សេវ​កា​មាត្យ​ទេ​ អែង​មើល​ហះ​! លោក​ពោល​ថា​៖​

៥២ - នរ​ជន​ណា​ម្ចាស់​មិន​បាន​ហៅ​ ដើរ​រត់​ត្រុក​ចូល​ទៅ​រក​ម្ចាស់​មិន​សួរ​ និយាយ​ចែ​ប៉ប្រែ​ច្រើន​ ដោយ​សំគាល់​ខ្លួន​ថា​ ជា​ទី​ប្រោស​ប្រាណ​នៃ​ព្រះ​ភូបាល​ នរ​ជន​នោះ​ឈ្មោះ​ថា​ជន​អប្ប​អិត​ប្រាជ្ញា​»​។ ចចក​ទម​នកៈ​ ឆ្លើយ​កាត់​ឡើង​ថា​ «នែ​ សំលាញ់​ដ៏​ចំរើន​អើយ​! ម្តេច​ក៏​សំលាញ់​យល់​ថា​រូប​ខ្ញុំ​មិន​ចេះ​ប្រតិ​បត្តិ​នា​ទី​ជា​សេវ​កា​មាត្យ​?​ ចូរ​មើ​ហះ​!
៥៣ - មាន​របស់​អ្វី​មួយ​ ដែល​ល្អ​ រឺ មិន​ល្អ​ ទៅ​តាម​សភាព​របស់​វា​​រឺ​ទេ​?​ របស់​ណា​គាប់​ចិត្ត​នរ​ជន​ណា របស់​នោះ​​ឈ្មោះ​ថា​ល្អ​សំរាប់​នរ​ជន​នោះ​។​
៥៤ - នរ​ជន​ណា​ៗ​មាន​សភាព​លក្ខ​ណ​យ៉ាង​ណា​ក៏​ដោយ​ កាល​អ្នក​ប្រាជ្ញ​ទៅ​នៅ​ជិត​ ហើយ​អាច​ញ៉ាំង​នរ​ជន​នោះ​ៗ​អោយ​នៅ​ក្នុង​អំណាច​នៃ​ខ្លួន​បាន​ដោយ​ឆាប់​រួស​រាន់​។​
៥៥ - កាល​បើ​ព្រះ​រាជា​ជា​ម្ចាស់​សួរ​ថា​ «អ្នក​ណា​នៅ​ទី​នេះ​?​» ដូច្នេះ​សេ​វ​កា​មាត្យ​ឆ្លើយ​ថា​«ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ព្រះ​ករុណា​ថ្លៃ​វិសេស​ រង់​ចាំ​ទទួល​ព្រះ​រាជ​បញ្ជា​»​ ដូច្នេះ​ហើយ​ សេវ​កា​មាត្យ​នោះ​ត្រូវ​ចាត់​ចែង​ការ​នោះ​ដោយ​ប្រ​ពៃ​ និង ត្រូវ​ធ្វើ​តាម​ព្រះ​រាជ​​អាជ្ញា​អោយ​ពិត​ប្រាកដ​តាម​សក្តិ​ខ្លួន​ ទាល់​តែ​សំរេច​តាម​សេច​ក្តី​ប្រាថ្នា​ម្ចាស់​ផែន​ដី​។​
៥៦ - សេវ​កា​មាត្យ​មាន​សេច​ក្តី​ប្រាថ្នា​តិច​ មាន​និស្ស័យ​ម៉ឺង​មាត់​ មាន​ប្រាជ្ញា​ដើរ​តាម​ហែ​ហម​ព្រះ​រាជា​គ្រប់​កាល​ទាំង​ពួង​ដូច​ស្រ​មោល​អន្ទោល​តាម​ប្រាណ​ ធ្វើ​តាម​បញ្ជា​មិន​រួញ​រា សេវ​កា​មាត្យ​នោះ​ សម​នៅ​ក្នុង​ព្រះ​រាជ​ដំណាក់​បាន​។ ចចក​ករ​ដកៈ​ និយាយ​កាត់​ទៀត​ថា​ «ជួន​កាល​ម្ចាស់​មិន​ពេញ​ប្រ​ទ័យ​នឹង​អែង​ ក្នុង​ពេល​ដែល​អែង​ចូល​ទៅ​គាល់​ក្នុង​ កាល​មិន​គួរ​»​។ ចចក​ទម​នកៈ​ឆ្លើយ​ថា​ «ពិត​មែន​ហើយ​ តែ​បើ​ទុក​ជា​ដូច្នេះ​ក៏​ដោយ​ អ្នក​បំរើ​ត្រូវ​តែ​នៅ​រង់​ចាំ​រង់​ទទួល​មុខ​ងារ​ខ្លួន​ដោយ​ប្រយ័ត្ន​ប្រ​យែង​ព្រោះ​ថា​៖​
៥៧ - ការ​មិន​ហ៊ាន​ប្រារព្ធ​ធ្វើ​អ្វី​ ព្រោះ​ភ័យ​ខ្លាច​តែ​ពី​ខុស​ នេះ​ជា​លក្ខណ​នៃ​បុរស​គំរក់​ នែ​សំលាញ់​អើយ​! នរណា​លះ​បង់​ចោល​អាហារ​ភោ​ជន​មិន​ហ៊ាន​បរិ​ភោគ​ ព្រោះ​ខ្លាច​អាហារ​មិន​រលួយ​?​។​
៥៨ - ព្រះនរ​បតី​តែង​រាប់​រក​តែ​មនុស្ស​ណា​ដែល​នៅ​ជិត​ផ្ទាល់​ព្រះ​អង្គ​ ទោះ​មនុស្ស​នោះ​ល្ងង់​ខ្លៅ​ក្តី​ ត្រកូល​ថោក​ទាប​ក្តី​ រឺ​មិន​បាន​ទូន្មាន​ខ្លួន​ដោយ​ប្រ​ពៃ​ក្តី​ តាម​ធម្មតា​ព្រះ​រាជា​ ស្រ្តី​ភាព​ រឺ លតា​ជាតិ​ តែង​ទាក់​ទង​ព័ទ្ធ​ព័ន្ធ​ចំពោះ​តែ​អ្នក​ណា​ រឺ ដើម​ឈើ​ណា​ដែល​នៅ​ជិត​»​។
ចចក​ករ​ដកៈ​សួរ​ថា «នែ​សំលាញ់​! ថា​បើ​ដូ​ច្នោះ អែង​ចូល​ទៅ​គាល់​ព្រះ​រាជា​ តើ​គិត​និយាយ​ថា​ដូច​ម្តេច​?​»​។ ចចក​ទម​នកៈ​ ឆ្លើយ​ប្រាប់​ថា​ «ចូរ​អែង​ចាំ​ស្តាប់​រូប​ខ្ញុំ​ទៅ​ នេះ​ដើម្បី​អោយ​បាន​ដឹង​ថា​ ម្ចាស់​យើង​មាន​សេច​ក្តី​ប្រោស​ប្រាណ​ រឺ មិន​ប្រោស​ប្រាណ​ទេ​?​»​។ ចចក​ករ​ដកៈ​ សួរ​ថា​ «ធ្វើ​ម្តេច​អែង​នឹង​ដឹង​លក្ខ​ណ​បាន​ជា​ទ្រង់​ប្រោស​ប្រាណ​ រឺ​មិន​ប្រោស​ប្រាណ​?​»​។ ចចកក​ដកៈ​ ឆ្លើយ​បាប់​ថា​ «ចូរ​អែង​ពិចា​រណា​មើល​៖​
៥៩ - ទត​ព្រះ​នេត្រ​មើល​មក​ពី​ចំងាយ ទ្រង់​ញញឹម​ស្រស់​ពព្រាយ​ ទ្រង់​ចចាក​អារាក​ សាក​សួរ​ដោយ​រោះ​រាយ​សរ​សើរ​គុណ​លក្ខណៈ​ សូម្បី​ក្នុង​ទី​កំបាំង​មុខ​ រឺ ទ្រង់​រំលឹក​ការ​កំសត់​ដែល​យើង​ពេញ​ចិត្ត​។
៦០ - ទ្រង់​ប្រោស​ប្រាណ​ សូម្បី​ជន​មិន​មែន​ជា​សេវ​កា​មាត្យ​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​ ទ្រង់​ពោល​ប្រា​ស្រ័យ​គួរ​អោយ​ស្រលាញ់​ពេញ​ចិត្ត​ ទ្រង់​រំលឹក​រឿង​សព្វ​ព្រះ​ទ័យ​នៃ​ជន​ដែល​ទ្រង់​ប្រោស​ប្រាណ​ រឺ ទ្រង់​សង្គ្រោះ​នឹក​ដល់​គុណ​យើង​សូម្បី​ចំពោះ​រឿង​ដែល​ជា​ទោស​។
៦១ - ទ្រង់​ត្រាស់​ប្រើ​មិន​មាន​កាល​កំណត់​ ទ្រង់​ពោល​ពាក្យ​សន្យា​រឿយ​ៗ​ និង​ទ្រង់​កំណត់​ផល​ដែល​ត្រូវ​បាន​ ទាំង​អស់​នេះ នរ​ជន​ដែល​មាន​ប្រាជ្ញា​អាច​កំណត់​ដឹង​បាន​នូវ​ លក្ខណៈ​ព្រះ​រាជា​ ដែល​មាន​សេច​ក្តី​ប្រោស​ប្រាណ​ រឺ មិន​មាន​សេច​ក្តី​ប្រោស​ប្រាណ​។​
កាល​បើ​ខ្ញុំ​ដឹង​កិច្ច​ការ​នេះ​សព្វ​គ្រប់​ហើយ​ ខ្ញុំ​នឹង​រក​រឿង​និយាយ​ដូច​ម្តេច​អោយ​​ទាល់​តែ​ព្រះ​រាជា​សព្វ​ព្រះ​ទ័យ​ពុំ​ខាន​។
៦២(2)​ - អ្នក​ប្រាជ្ញ​ទាំង​ឡាយ​តែង​សំដែង​ប្រាប់​នូវ​ការ​វិបត្តិ​ (អន្តរាយ) ដែល​កើត​ពី​ការ​យល់​ឃើញ​ខុស​និង​សិទ្ធិ​ (ការ​សំរេច​) ដែល​កើត​ពី​ការ​យល់​ឃើញ​ត្រូវ​អោយ​ឃើញ​ជាក់​ស្តែង​និតិ​វិធី​ បង្ហាញ​អោយ​ឃើញ​ដូច​ជា​អ្វី​មួយ​ដែល​ផុស​ផុល​ប្រាកដ​ឡើង​ក្នុង​ទី​ចំពោះ​មុខ​»​។
ចចកករដកៈ និយាយប្រាប់ថា «ប៉ុន្តែ បើកាលមិនគួរទេកុំនិយាយ ព្រោះថា៖
៦៣(3) - សូម្បី​ព្រះ​ពរិ​ហស្ប​តី​ កាល​ពោល​នូវ​ពាក្យ​ខុស​កាល​ ក៏​បាន​នូវ​ការ​មើល​ងាយ​ប្រាជ្ញា​ និង ការ​មើល​ងាយ​ដទៃ​ទៀត​ច្រើន​ប្រការ​។​
ចចក​ទម​នកៈ​ឆ្លើយ​ថា​ «នែ​មិត្រ​! អែង​កុំ​ភិត​ភ័យ​អ្វី ទុក​ងារ​អោយ​រូប​ខ្ញុំ​ចុះ​ ពាក្យ​ណា ដែល​មិន​គួរ​ដល់​ការ​ រូប​ខ្ញុំ​មិន​និយាយ​ពាក្យ​នោះ​ទេ​ ព្រោះ​ថា​៖
៦៤ - ក្នុង​គ្រា​អន្តរាយ​កើត​ឡើង​ ក្នុង​ការ​ដើរ​វង្វេង​ផ្លូវ​ និង ក្នុង​គ្រា​ប្រកប​ការ​ក្នុង​កាល​គួរ​ធ្វើ​ ខ្ញុំ​បំរើ​ដែល​ប្រាថ្នា​ប្រយោ​ជន៍ សូម្បី​ម្ចាស់​មិន​សួរ​​នាំ​ ក៏​ត្រូវ​តែ​ពោល​។
ថា​បើ​រូប​ខ្ញុំ​មិន​និយាយ​ស្នើ​មតិ​ ក្នុង​កាល​គួរ​មក​ដល់​ហើយ នោះ​ក៏​រូប​ខ្ញុំ​មិន​សម​ធ្វើ​ជា​មន្រ្តី​ដែរ​ ព្រោះ​ថា​៖​
៦៥ - ការ​ប្រ​ព្រឹត្ត​ចិញ្ចឹម​ជីវិ​ត​ ដែល​លោក​សប្បុ​រស​ទាំង​ឡាយ​សរ​សើរ​នៅ​ក្នុង​លោក​នេះ​​ដោយ​គុណ​ណា​ គុណ​នោះ​បុគ្គល​អ្នក​មាន​គុណ​គួរ​រក្សា​ទុក​ដោយ​ប្រពៃ​ផង​ គួរ​ធ្វើ​អោយ​ចំរើន​កើន​ឡើង​ផង​។

៦៦ - បពិត​ព្រះ​រាជា​!​ ការ​ងារ​ម្ចាស់​មាន​ច្រើន​ណាស់​ លោក​តែង​ត្រូវ​ការ​ សូម្បី​ស្មៅ​មួយ​ទង​សំរាប់​ជំរះ​ព្រះ​ទន្ត​ រឺ ធ្វើ​ជា​តំបារ​ត្បារ​ព្រះ​កាណ៌​ ចាំ​បាច់​និយាយ​ថ្វី​ដល់​ទៅ​នរ​ជន​ដែល​មា​ន​ខ្លួន​ទាំង​ដុល​ ចេះ​និយាយ​មាន​ដៃ​ជើង​ប្រាកដ​ដូច្នេះ​។ បើ​លោក​ម្ចាស់​ឈ្វេង​យល់​ថា​ ខ្ញុំ​បាទ​នេះ​ជា​បុគ្គល​អប្ប​អិត​ប្រាជ្ញា​ដូច្នោះ​មែន​ បាន​ជា​លះ​បង់​ចោល​យូរ​យារ​ណាស់​​ហើយ​ នោះ​គួរ​លោក​ម្ចាស់​កុំ​ឈ្វេង​យល់​ដូច្នេះ​ទៀត​ឡើយ​ ព្រោះ​ថា​៖​

៦៧(4) - នរ​ជន​មាន​ប្រាជ្ញា​ នឹង មាន​សេច​ក្តី​ប្រ​ព្រឹត្ត​ម៉ឺង​ម៉ាត់​ សូម្បី​ជន​ដទៃ​មើល​ងាយ​ថា​មិន​បាន​ជា​ការ​អ្វី​​នោះ​ ក៏​បុគ្គល​មិន​គប្បី​សន្ទិះ​សង្ស័យ​ថា​ «វិនាស​សាប​សូន្យ​» ឡើយ​ ភ្លើង​សូម្បី​បុគ្គល​យក​ទៅ​ដាក់​ខាង​ក្រោម​ ក្នុង​កាល​ណា​ក៏​ដោយ​ អណ្តា​ត​ភ្លើង​ មិន​ដែល​ទៅ​ក្រោម​ទេ​ តែង​ទៅ​តែ​ខាង​លើ​ដរាប​។ ទេវៈ​!​ សូម​លោក​ម្ចាស់​ឈ្វេង​យល់​ដោយ​វិសេស​ទៅ​ទៀត​ថា៖​

៦៨ - កែវ​មណី​ គេ​យក​ទៅ​ប្រដាប់​ជើង​កពា្ចក់​ គេ​យក​ទៅ​ប្រដាប់​លើ​សិរសា​ បើ​ទុក​ជា​ដូច្នេះ​ របស់​ណា​ដូច​ម្តេច​របស់​នោះ​នៅ​តែ​ដូច្នោះ​ដដែល​ គឺ​កពា្ចក់​នៅ​តែ​កពា្ចក់​ កែវ​មណី​នៅ​តែ​ជា​កែវ​មណី​។​
៦៩ - កាល​ណា​ព្រះ​រាជា​ទ្រង់​រាប់​អាន​នរ​ជន​ទាំង​ពួង​ស្មើ​ភាគ​គ្នា​ មិន​អោយ​មាន​វិសេស​ប្លែក​គ្នា​ អុស្សាហៈ​នៃ​ជន​មាន​សមត្ថ​ភាព​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​ នឹង​ សាប​​ចុះ​អោន​ថយ​ទៅ​។
៧០ - បពិត​ព្រះ​រាជា​! បុរស​មាន​ ៣​ជាន់​ គឺ​បុរស​អុត្តម​ បុរស​ទាប​ថោក​ និង​មធ្យម​ ទ្រង់​គប្បី​ចាត់​ចែង​អោយ​ធ្វើ​ការ​ងារ​ទៅ​តាម​ជាន់​ទាំង​៣​នេះ​អែង​។
៧១ - សេវ​កា​មាត្យ​ដូច​គ្នា​នឹង​គ្រឿង​អា​ករ​ណៈ ​ត្រូវ​ទុក​ដាក់​អោយ​សម​តាម​ឋានៈ​ ដូច​កែវ​មណី​សំរាប់​រំ​លេច​មកុដ​មិន​ត្រូវ​យក​ទៅ​ដាំ​កង​ជើង​ រឺ ពុំ​នោះ​កង​ជើង​មិន​ត្រូវ​យក​ទៅ​ប្រដាប់​សិសា​ឡើយ​។​
៧២ - កែវ​មណី​ គួរ​យក​ទៅ​ប្រដាប់​គ្រឿង​អាក​រ​ណៈ​ ជា​វិកា​រៈ​នៃ​សំណ​កែវ​មណី​នោះ​ មិន​មាន​ពន្លឺ​ប្រុះ​ឆ្លុះ​ច្រវាត់​ផង​មិន​ល្អ​រុង​រឿង​ផង​ តែ​ការ​នេះ​ជា​កំហុស​ជាង​មាស​ដោយ​ឡែក​ទេ​។​
៧៣ - លើក​កពា្ចក់​យក​ទៅ​បណ្តុប​លើ​កំពូល​មកុដ​ សំរុត​កែវ​មណី​យក​ទៅ​ប្រដាប់​កង​ជើង​វិញ​ នេះ​ជា​ទោស​នៃ​កែវ​មណី​ក៏​អិត​អង្គឺ​មាន​ ជា​ទោស​នៃ​ជាង​មាស​ល្ងង់​មិន​ចេះ​ប្រើ​ មិន​ស្គាល់​តំលៃ​ទេ​តើ​!​។
៧៤ - ព្រះ​នរ​បតី​ដែល​ទ្រង់​ឈ្វេង​យល់​ ស្គាល់​សេវ​កា​មាត្យ​ថា «អ្នក​នេះ មាន​ប្រាជ្ញា​មាន​ភក្តី​ អ្នក​នោះ​មាន​សេច​ក្តី​ក្លៀវ​ក្លា​ហាន​ រឺ ​ប្រកប​ព្រម​ដោយ​លក្ខណៈ​ពីរ​ប្រការ​នោះ​ តែង​បរិ​បូណ៌​ដោយ​សេវ​កា​មាត្យ​ទាំង​ឡាយ​។​
៧៥ - សេះ​ សស្រ្តា​វុធ​ សាស្រ្ត​វិជ្ជា​ ពិណ​ សុន្ទ​កថ​ នរ​ជន​ និង​នារី​វិសេស​ រឺ​ មិន​វិសេស​ប្រើ​បាន​ល្អ​ រឺ មិន​បាន​ល្អ ស្រេច​ហើយ​តែ​វិធី​នៃ​ម្ចាស់​អ្នក​ប្រើ​អ្នក​បង្គាប់​បញ្ជា​ទេ​។​
៧៦ - មាន​ប្រយោ​ជន៍​អ្វី​ដោយ​ជន​ភក្តី​ តែ​មិន​មាន​សមត្ថ​ភាព​ មាន​ប្រយោ​ជន៍​អ្វី​ ដោយ​ជន​អង់​អាច​ តែ​មិន​ធ្វើ​អ្វី​អោយ​កើត​ប្រយោ​ជន៍​ បពិត​ព្រះ​រាជា​ ទ្រង់​មិន​គួរ​មើល​ងាយ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ ដែល​មាន​ភក្តី​ផង​ មាន​សេច​ក្តី​អង់​អាច​ផង​ដូច្នេះ​ទេ​។​
៧៧ - បើ​ទ្រង់​មើល​ងាយ​អ្នក​ចេះ​ដឹង​ ទ្រង់​មាន​តែ​ជន​អប្ប​អិត​ប្រាជ្ញា​បរិ​វារ​ត​ទៅ​ ដោយ​អាស្រ័យ​ហេតុ​នេះ​ ទ្រង់​ នឹង មិន​មាន​ជន​ជា​អ្នក​ប្រាជ្ញ​នៅ​ក្បែរ​ព្រះ​អង្គ​ឡើយ​ ព្រោះ​មិន​ស្គាល់​​និតិ​វិធី​នេះ​អែង​ កាល​បើ​រាជ្យ​ណា​ លះ​បង់​សេវ​កា​មាត្យ​ជា​អ្នក​ប្រាជ្ញ​ហើយ​ រាជ្យ​នោះ​ នឹង​ មិន​​មាន​ផ្លូវ​នយោ​បាយ​ល្អ​ទេ​ បើ​វិបត្តិ​នយោ​បាយ​ល្អ​ហើយ​ ប្រទេស​ជាតិ​ទាំង​​មូល​ នឹង កប់​លិច​ រឺ វិនាស​បាត់​ចេញ​ពី​ក្នុង​ផែន​ទី​លោក​នេះ​អិត​សង្ស័យ​ឡើយ​។​
៧៨ - អ្នក​នគរ​ គោរព​អស់​កាល​ជា​និច្ច​ ចំពោះ​ជន​ណា​ដែល​ព្រះ​នរបតី​លើក​ដំកើង​ ជន​ណា​ដែល​ព្រះន​របតី​មើល​ងាយ​ហើយ​ ជន​នោះ​ក៏​ត្រូវ​អ្នក​នរ​គរ​ទាំង​អស់​មើល​ងាយ​តាម​ដែរ​។​
៧៩ - ពាក្យ​ដែល​ត្រឹម​ត្រូវ​ គួរ​ដល់​ការ​ងារ​ សូម្បី​ជា​សំដី​កូន​ក្មេង​ អ្នក​មាន​ប្រាជ្ញា​គួរ​​កាន់​យក​ បើ​មិន​មាន​ពន្លឺ​ព្រះ​អាទិត្យ​ទេ​ ពន្លឺ​ប្រ​ទីប​ នឹង​ មិន​មាន​គុណ​ប្រយោ​ជន៏​​រឺ​អ្វី​?​

បិង្គ​លកៈ​និយាយ​ត​ប​ថា​ «នែ​ទម​នកៈ​ដ៏​ចំរើន​អើយ​! អែង​និយាយ​អ្វី​ដូច្នោះ​ អែង​ជា​កូន​នៃ​ប្រធាន​អា​មាត្យ​របស់​យើង​ ប្រហែល​ជា​ដោយ​ពាក្យ​ទ្រគោះ​បោក​បោះ​បន្តិច​បន្តួច​រឺ​អ្វី​ បាន​ជា​អែង​មិន​ចូល​មក​រក​យើង​អស់​កាល​យូរ​យារ​ដល់​ម្លេះ​? បើ​ដូច្នោះ​ចូរ​អែង​និយាយ​ដោយ​សេរី​មក​ចុះ​ មាន​រឿង​អ្វី​ខ្លះ​?​»​។ ចចក​ទម​នកៈ​និយាយ​តប​ទៅ​ទៀត​ថា «បពិត​ លោក​ជា​ស្តេច​​ម្រឹគ​! ខ្ញុំ​បាទ​សូម​ទាន​អោ​កាស​ជំរាប​សួរ​រឿង​បន្តិច​ សូម​លោក​ម្ចាស់​មេត្តា​និយាយ​ប្រាប់​ដំណើរ​សេច​ក្តី​ តាម​ខ្ញុំ​បាទ​ដឹង​ថា លោក​ម្ចាស់ ត្រូវ​ការ​ទឹក​ លោក​ម្ចាស់​អញ្ជីញ​ទៅ​ហើយ​មិន​ទាន់​បាន​ក្រេប​ផឹក​បំបាត់​សេច​ក្តី​ស្រេក​ឃ្លាន​ផង​ ក៏​ស្រាប់​តែ​វិល​ត្រលប់​មក​នៅ​ស្ងៀម​វិញ​ ហាក់​ដូច​ជា​មាន​ហេតុ​ភេទ​អ្វី​មួយ​ មុខ​គួរ​អោយ​តក់​ស្លុត​រន្ធត់​ ព្រះ​ទ័យ​ណាស់​?​ បិង្គ​លកៈ​និយាយ​ប្រាប់​ថា​ «អើ​! អែង​មាន​វិចា​រណញ្ញាណ​ល្អ​ហើយ​ តែ​យើង​មិន​មាន​អ្នក​ណា​ជា​ទំនុក​ចិត្ត​ នឹង​ប្រាប់​អាថិ​កំបាំង​នេះ​បាន​ មាន​តែ​អែង​ បើ​ដូច្នោះ​ យើង​ នឹង បក​អាថិ​កំបាំង​ប្រាប់​អែង​ក្នុង​កាល​អីលូវ​នេះ​ អែង​ចាំ​ស្តាប់​ដូច​សេច​ក្តី​ត​ទៅ​នេះ​ចុះ​។ អីលូវ​នេះ​ ព្រៃ​នេះ​មាន​សត្វ​អ្វី​ ប្លែក​មួយ​មក​នៅ​ត្រួត​ត្រា​ យើង​គួរ​ភៀស​ខ្លួន​គេច​ចេញ​ពី​ទី​នេះ​ទៅ​ នោះ​ហើយ​ជា​ហេតុ​ការណ៍​នាំ​អោយ​អញ​ភ័យ​ខ្លាច​ អញ​បាន​លឺ​សំលេង​វា​ចំលែក​អស្ចារ្យ​ បើ​តាម​ប្រមាណ​មើល​សំរែក​វា​លឺ​ខ្លាំង​ដូច្នេះ​នេះ​ គង់​រូប​រាង​វា​ធំ​មាំ​មួន​មាន​កំលាំង​ខ្លាំង​មហិមា​ ទើប​បាន​ជា​លឺ​ខ្លាំង​ដល់​ម្ល៉ោះ​»​។ ចចក​ទម​នកៈ​និ​យាយ​ឡើង​ថា​«ទេវៈ​!​ នេះ​ក៏​ជា​ហេតុ​ការណ៍​នាំ​អោយ​ភ័យ​ធំ​ពិត​ សំលេង​នោះ​ ខ្ញុំ​បាទ​ក៏បាន​​លឺ​ដែរ​ តែ​ខ្ញុំ​បាទ​ឆ្ងល់​ណាស់​ អ្នក​ណា​ដែល​មក​ជំរាប​លោក​ម្ចាស់​ថា​អោយ​លះ​បង់​ព្រះ​រាជ​អាណា​ចក្រ​ ហើយ​សឹម​​ធ្វើ​សង្រ្គាម​ដណ្តើម​យក​ព្រះ​រាជ​អាណា​ចក្រ​ជា​ខាង​ក្រោយ​វិញ​ អ្នក​នោះ​សម​ធ្វើ​ជា​មន្រ្តី​ជា​ទី​ប្រឹក្សា​រឺ​ទេ​?​ មួយ​ទៀត​ ក្នុង​ការ​ដែល​មាន​អាសន្ន​ក្រ​នេះ​ លោក​ម្ចាស់​គប្បី​ឈ្វេង​យល់​ការ​ងារ​សេវ​កា​មាត្យ​បាន​ ព្រោះ​ថា​។

៨០ - គ្រា​វិបត្ត​ នរ​ជន​ត្រូវ​ស្គាស់​ខ្លឹម​សារ​ប្រាជ្ញា​នៃ​ពួក​ញាតិ​សន្តាន​ ភរិយា​ និង​សេវ​កាមាត្យ​ ព្រម​ទាំង​សត្ត​និករ​ និង ខ្លួន​អែង​អោយ​ដូច​ជា​ថ្ម​សំរាប់​ពិសោធន៍​មើល​មាស​លុទ្ធ​។
បិង្គលកៈ​និយាយ​បព្ជាក់​ថាៈ​ «នែ​សំលាញ់​ដ៏​ចំរើន​! សេច​ក្តី​ភ័យ​នេះ​ នាំ​អោយ​អញ​ទុញ​ទាល់​គំនិត​ គិត​អ្វី​មិន​ឃើញ​ទេ​»​។ ចចក​ទម​នកៈ​នឹក​ក្នុង​ពោះ​ថាៈ​ «បើ​ម្លឹង​តើ ម្តេច​ឡើយ​នឹង​មិន​ហ៊ាន​និយាយ​ប្រាប់​អាត្មា​អញ​អំពី​ការ​លះ​បង់​រាជ្យ​ហើយ​គិត​ទៅ​នៅ​ទី​ដទៃ​»​ ទើប​ប្រកាស​លឺ​ខ្លាំង​ៗ​ទៅ​សីហៈ​ថាៈ​ «ទេវ​! សូម​លោក​ម្ចាស់​តាំង​ព្រះ​ទ័យ​អោយ​ក្សេម​ក្សាន្ត​ចុះ​ ដរាប​ណា​ខ្ញុំ​បាន​មាន​ជីវិត​រស់​នៅ​ដរាប​នោះ​លោក​ម្ចាស់​កុំ​ភ័យ​ខ្លាច​អោយ​សោះ​ តែ​លោក​ម្ចាស់​ប្រោស​មេត្តា​រក្សា​ទឹក​ចិត្ត​ចចក​ករ​ដកៈ​ និង សត្វ​អែ​ទៀត​ជា​បរិ​វារ​ផង​ ក្នុង​គ្រា​ក្រ​ធ្វើ​ម្តេច​នឹង​ប្រ​មូល​រេហ៍​ពល​ជា​បុគ្គល​រក​បាន​ក្រ​អោយ​បាន​ច្រើន​សំរាប់​ជួយ​ការ​ពារ​?​»​។ លំដាប់​នោះ​ចចក​ទាំ​ង​ពីរ​ទម​នកៈ​ និង​ ករ​ដកៈ​ បាន​ទទួល​កិត្តិ​យស​ដ៏​ខ្ពង់​​ខ្ពស់​អំពី​បិង្គ​លកៈ​ ហើយ​ប្តេជ្ញា​នឹង​ការ​ពារ​​ភ័យ​អន្ត​រាយ​ទាំង​ពួង​អោយ​ ហើយ​ទើប​បបួល​គ្នា​ដើរ​ចេញ​ទៅ​។ ចចក​ករ​ដកៈ​ ដើរ​បណ្តើរ​និយាយ​បណ្តើរ​ទៅ​កាន់​ចចក​ទម​នកៈ​ថា​ «នែ​សំលាញ់​! ហេតុ​នៃ​ភ័យ​នេះ​យើង​មិន​អាច​ដឹង​ថា​ យើង​អាច​ការ​ពារ​បាន​ រឺ​មិន​បាន​នៅ​ឡើយ​ទេ​ ហើយ​យើង​បាន​ប្តេជ្ញា​ជា​ដាច់​ខាត​រួច​មុន​ទៅ​ហើយ​ថា​ នឹង រំងាប់​ភ័យ​នោះ អោយ​ទាល់​តែ​សំរេច​បាន​ ទាំង​ទទួល​មហា​ប្រសាទ​ស្រេច​ហើយ​ផង​ មិន​មែ​ន​រឺ​?​ យើង​មិន​ត្រូវ​ទទួល​យក​អាសា​ ចំពោះ​នរ​ណា​សោះ​ ដោយ​វិសេស​ចំពោះ​ម្ចាស់​យើង​ ថា​បើ​យើង​មិន​អាច​ជួយ​បា​ន​ ព្រោះ​ថា៖

៨១ - ទ្រព្យ​សម្បត្តិ​ មាន​នៅ​ក្នុង​សេច​ក្តី​ជ្រះ​ថ្លា​នៃ​អ្នក​ណា​ ជ័យ​ជំនះ​មាន​នៅ​ក្នុង​សេច​ក្តី​ព្យា​យាម​ប្រឹង​ប្រែង​នៃ​អ្នក​ណា មរិត្យុ​ឋិត​នៅ​ក្នុង​សេច​ក្តី​ក្រោធ​នៃ​អ្នកណា​ សេច​ក្តី​ពិត​ អ្នក​នោះ​​ៗ​ ឈ្មោះ​ថា​ប្រកប​ហើយ​ដោយ​តេជា​នុភាព​​ទាំង​ពួង​។​

៨២​ ព្រះ​ភូមិ​បាល​សូម្បី​តាំង​នៅ​ក្នុង​យោ​ព្វន​វ័យ​ (រឺ​ពាល​ល្ងង់​ខ្លៅ​?​) បុគ្គល​មិន​គប្បី​ មើល​ងាយ​ព្រះ​ចេស្តា​ទុក​ជា​មនុស្ស​ធម្ម​តា​ទេ​ ព្រោះ​ថា​ ព្រះ​រាជា​ជា​ទេព​តា​មាន​សក្តិ​ធំ​ មក​ប្រាកដ​ព្រះ​អង្គ​ជា​កាយ​មនុស្ស​។

ចចក​ទម​នកៈ​ បាន​ស្តាប់​សំដី​ចចក​ករ​ដកៈ​ និយាយ​ហើយ​អស់​សំណើច​សើក​ឃឹក​ៗ​ ទើប​និយាយ​ថា​ «នែ​មិត្ត​! ចូរ​អែង​នៅ​អោយ​ស្ងៀម​ទៅ​កុំ​មាត់​ក​ថ្វី​ ហេតុ​ដែល​នាំ​អោយ​ម្ចាស់​យើង​ភ័យ​នោះ​ អញ​ដឹង​អស់​ហើយ​ មិន​គឺ​សំលេង​អ្វី​ដទៃ​ផ្សេង​ទេ​ គឺ​ជា​សំរែក​គោ​ឧសក​រោទិ៍​នោះ​អែង​ អែ​គោ​ឧ​សក​ត្រូវ​ជា​ចំណី​អាហារ​យើង​ផង​ ចាំ​បាច់​ និយាយ​ដល់​​ទៅ​សិហៈ​ធ្វើ​អ្វី​»​។ ចចក​ករ​ដកៈ​ និយាយ​ទទួល​ថា​ «អា៎​!​ អ្វី​ដូច្នោះ​ទេហះ​?​ បើ​ដូច្នោះ​ ហេតុ​អ្វី​ក៏​អែង​មិន​កំចាត់​បង់​សេច​ក្តី​តក់​ស្លុត​ម្ចាស់​យើង​អោយ​ទាន់​ភ្លាម​ទៅ​?​»​។ ចចក​ទម​នកៈ​ឆ្លើយ​ដោយ​អាការ​បន្ទោស​ប្រាប់​ថា​ «បើ​យើង​​ដោះ​ស្រា យ​ម្ចាស់​យើង​ភ្លាម​ទៅ​ ដូច​ម្តេច​ឡើយ​យើង​ នឹង ត្រូវ​បាន​សេច​ក្តី​គាប់​ចិត្ត​ និង លាភ​សក្ការៈ​ច្រើន​ថែម​ទៀត​ ព្រោះ​ថា​៖

៨៣ ក្នុង​កាល​ណា​ក៏​ដោយ បុគ្គល​មិន​គប្បី​ធ្វើ​អោយ​ម្ចាស់​លែង​ពឹង​ពាក់​សេវ​កា​មាត្យ​ទេ​ បើ​សេវ​កាមាត្យ​ធ្វើ​អោយ​ម្ចាស់​លែង​ពឹង​ពាក់​ហើយ​ នឹង ដល់​សេច​ក្តី​វិនាស​ ដូច​ឆ្មា​ឈ្មោះ​ទធិ​កណៈ​។ ចចក​ករ​ដកៈ​សួរ​ឡើង​ថា «តើ​រឿង​នោះ ដូច​ម្តេច​?»​​។ ចចក​ទម​នកៈ​និយាយ​រឿង​រ៉ាវ​នោះ​ប្រាប់​ថា៖​។ តទៅកថា៤

(1) ត្រ​កូល​នេះ​តាម​យោជ្វ​វល្កយ្យ​ ជា​វណ្ណ​សូទ្រៈ​តែ​មាន​ឋានៈ​ជា​ក្សត្រ​.
(2) ហិ​តោ​ប​ទេស​ សេច​ក្តី​ប្រែ​ជា​ភាសា​សៀម​របស់​លោក​នាគ​ប្រ​ទីប​ មាន​គាថា​ លើស​ដូច្នេះ​គឺ ទោស​ ត្រលប់​ទៅ​ជា​គុណ​ គុណ​ត្រលប់​ជា​ទោស​វិញ​ និង ទោស​នៅ​ជា​ទោស​ គុណ​នៅ​ជា​គុណ​ ការ​មិន​មាន​លក្ខណៈ​ជា​ម្ចាស់​មាន​ ៣​ប្រការ​ដូច្នេះ​។
(3)ហិតោ​បទេស​សេច​ក្តី​ប្រែ​ជា​ភាសា​បារាំង​របស់​លោក​ឡង់​សឺរូ​ មាន​គា​ថា​លើស​ដូច្នេះ​ បពិត​ព្រះ​ទេវ​បាទ​! ព្រះ​រាជា​តែង​ជួប​ប្រទះ​តែ​មនុស្ស​បញ្ជា​រឿយ​ៗ អែ​មនុស្ស​ដែល​មិន​សូវ​ជួប​ប្រទះ​នោះ​គឺ​មនុស្ស​ដែល​ចង់​និយាយ​ រឺ​ ចង់​ស្តាប់​តែ​សេច​ក្តី​ពិត​ សូម្បី​រឿង​មិន​ពេញ​ចិត្ដ​។
(4)(ហិតោ​​បទេស​សេច​ក្តី​ប្រែ​ជា​ភាសា​បារាំង​ របស់​លោក​ឡង់​សឺរ៉ូ​មាន​គា​ថា​លើស​ដូច្នេះ​គឺ​ ក​. ក្នុង​សង្គ្រាម​ នរ​ជន​ណា​អាច​បាញ់​ព្រួញ​ដេរ​ដាស​ព្រះ​ធរ​ណី​ដ៏​ធំ​នេះ​ ដោយ​សេច​ក្តី​អង់​អាច​ដោយ​ទ្រង់​ទ្រាយ​ឆើត​ និង ដោយ​ការ​ចេះ​ជ្រាល​ជ្រៅ​ នរ​ជន​នោះ​កាល​នៅ​ជិត​ព្រះ​រាជា​ ក៏​ត្រូវ​និយាយ​ដោយ​ញញើត​ញញើម​ ដោយ​សេច​ក្តី​ខ្លាច​ព្រះ​ ចេស្តា​នៅ​ចំពោះ​ព្រះ​ភក្រ្ត​ ត្រូវ​គារ​វៈ​បែប​នេះ​ដរាប​។ ខ​. នៅ​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​រាជា​នៅ​កណ្តាល​ប្រជុំ​ ពាល​និង​ នៅ​ក្នុង​ទី​ប្រជុំ​ស្រ្តី​ផ្កា​មាស​ សូម្បី​នរ​ជន​មាន​ថ្វី​មាត់​ ក៏​មាន​ចិត្ត​ខ្លប​ខ្លាច​ក្លាយ​ទៅ​ជា​ត្រិន​ត្រុន​ទីម​ទាម​។​ តាម​លក្ខណ​​សម្បត្តិ​​នៃ​បុគ្គល​មិន​ចេញ​​មក​អោយ​ឃើញ​ប្រាកដ​អែង​ទេ​ ដូច​ទឹក​អប់​សូរិកា​ គេ​មិន​អាច​រក​បាន​ដោយ​ផ្លូវ​ងាយ​ស្រួល​ទេ​។​