ថ្ងៃសៅរ៍ ទី9.កញ្ញា 2017.ម៉ោង 7:34
កថាទី១០ រឿងត្រដេវវិចញីឈ្មោល និង សមុទ្រ

លើ​ត្រើយ​សមុទ្រ​ទក្ខិ​ណា ​មាន​ត្រដេវ​វិច​ញី​ឈ្មោល​អា​ស្រ័យ​នៅ​។ កាល​ដល់​ពេល​ពង​ ត្រដេវ​វិច​ញី​ និយាយ​ទៅ​កាន់​ត្រដេវ​វិច​ឈ្មោល​ថា​ «អ្នក​បង​ជា​ទី​ពឹង​! ខ្ញុំ​ជិត​ពង​ហើយ​ សូម​អ្នក​បង​រៀប​ចំ​កាច់​សំបុក​ទុក​ពង​ក្នុង​ទី​ដទៃ​ អោយ​បាន​សុខ​ស្រួល​ជាង​នេះ​»​។ ត្រដេវ​វិច​ឈ្មោល​សួរ​តប​ទៅ​វិញ​ថា​ «ហៃ​អូន​! ទី​នេះ​មិន​សម​គួរ​នឹង​ពង​រឺ​អ្វី​​?​»​។ ត្រដេវ​វិច​ញី​ ឆ្លើយ​ប្រាប់​ថា​ «ទី​នេះ​ប្រកប​ដោយ​ភ័យ​ធំ​ រលក​សមុទ្រ​អាច​បោក​ មក​ផាត់​យក​ពង​យើង​ទៅ​បាន​» ត្រដេវ​វិច​ឈ្មោល​ និយាយ​ដោយ​ការ​មើល​ងាយ​ថា​ «យី​! អី​បង​អិត​កំលាំង​តស៊ូ​ បណ្តោយ​អោយ​រលក​សមុទ្រ​បោក​យក​ពង​ទៅ​បាន​?​»​ ត្រដេវ​វិច​ញី​អស់​សំណើច​ សើច​ហើយ​ឆ្លើយ​តប​ថា​ «នែ​អ្នក​ស្វាមី​! ចុះ​អ្នក​បង​ និង សមុទ្រ​អ្នក​ណា​ធំ​ជាង​អ្នក​ណា​? ព្រោះ​ថា​៖

សីហៈ​បិង្គ​លកៈ​ សួរ​បញ្ជាក់​ថា​ «ធ្វើ​ម្តេច​យើង​គប្បី​ដឹង​បាន​ថា​សញ្ជី​វកៈ​មាន​គំនិត​ក្បត់​យើង​?​»​។ ចចក​ទមនកៈ​ និយាយ​ដំណើរ​ទំនង​ប្រាប់​ថា​ «សញ្ជី​វកៈ​នេះ​ជា​សត្វ​ព្រហើន​ណាស់​ កាល​ណា​វា​ចូល​មក​ទេវ​បាទ​ម្ចាស់​ វា​សំដែង​អាការ​ធ្វើ​ហាក់​ជា​គោរព​កោត​ក្រែង​ ហើយ​បង្ហាញ​ស្នែង​តំរង់​ទៅ​មុខ​ កាល​នោះ​ទេវ​បាទ​ម្ចាស់​គង់​ជ្រាប​មិន​ខាន​»​។ ចចក​និយាយ​ហើយ​ដើរ​រលះ​លាំង​ចូល​ទៅ​រក​សញ្ជី​វកៈ​បង្ហាញ​អោយ​សញ្ជីវកៈ​មើល​ឃើញ​ខ្លួន​ ធ្វើ​ទឹក​មុខ​ស្រងូត​ហាក់​ជា​មាន​ភ័យ​ធំ​ខ្លាំង​ណាស់​។ អែ​គោ​សញ្ជី​វកៈ​មើល​ឃើញ​ចចក​ត្រេក​អរ​សាទរ​ណាស់​ សួរ​ចៅ​រ៉ៅ​ទៅ​ថា​ «ហៃ​បង​ចច​ក​ដ៏​ចំរើន​អើយ​! មាន​ការ​អ្វី​រលះ​លាំង​ដូច្នេះ​ រឺ​មួយ​សុខ​សប្បាយ​ជា​ទេ​ហៈ​?​»​ ទមនកៈ​ឆ្លើយ​ដោយ​អុបាយ​ថា «អោ​លោក​អើយ​! ធម្មតា​ធ្វើ​ជា​ខ្ញុំ​បំរើ​រាជ​ការ​ផែន​ទឹក​ផែន​ដី​រក​ក្តី​សុខ​សប្បាយ​មក​ពីណា​ ព្រោះ​ថា​៖​

១៥២ នរ​ជន​ណា​ធ្វើ​ជា​រាជ​សេវ​កាមាត្យ​ នរ​ជន​នោះ​ត្រូវ​តែ​ពឹង​សម្បត្តិ​ដែល​នៅ​ក្នុង​អំណាច​នៃ​ជន​ដទៃ​ មាន​ចិត្ត​មិន​ដែល​បាន​ស្ងប់​ក្សេម​ក្សាន្ត​ល្ហែ​ល្ហើយ​ទេ​ ព្រម​ទាំង​មិន​ទុក​ចិត្ត​ក្នុង​ជីវិត​ខ្លួន​ថែម​ទៀត​ផង​។
១៥៣ នរ​ណា​បាន​ទ្រព្យ​សម្បត្តិ​ហើយ​ មិន​ឡើង​ចាង​?​ នរ​ណា​លុះ​ក្នុង​អំណាច​វិស័យ​ខ្លួន​ ហើយ​អាច​រលត់​ក្តី​ទុក្ខ​ទោស​អន្ត​រាយ​បាន​? លើ​ផែន​ដី​នរ​ណា​មាន​ចិត្ត​រឹង​ មិន​ធ្លោយ​ខ្លួន​ដួល​ព្រោះ​ស្រ្តី​? មួយ​ទៀត​នរណា​ជា​ទី​ស្រលាញ់​នៃ​ព្រះ​រាជា​? ក្នុង​លោក​នេះ​ នរ​ណា​មាន​អំណាច​ខ្លាំង​ មិន​ចូល​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ព្រះ​កាល​? នរណា​ជា​អ្នក​សូម​ទាន​ហើយ​បាន​ដល់​ក្តី​គោរព​ដ៏​ខ្ពង់​ខ្ពស់​? មួយ​វិញ​ទៀត​នរណា​ដែល​ធ្លាក់​ខ្លួន​ទៅ​ក្នុង​អន្ទាក់​នៃ​ទុរ​ជន​ហើយ​បាន​ត្រលប់​ជា​បុរស​បរិ​បូណ៌​ដោយ​ក្តី​ក្សេម​ក្សាន្ត​?​។​

សញ្ជីវកៈ​សួរ​ដោយ​ងឿង​ឆ្ងល់​ថា «បង​សំលាញ់​អើយ​! បង​និយាយ​នេះ​តើ​ចង់​ថា​ដូច​ម្តេច?​»​។ ចចក​ទមនកៈ​ឆ្លើយ​ប្រាប់​ថា៖ «ចុះ​អោយ​ខ្ញុំ​ ជា​បុគ្គល​មាន​បុណ្យ​តិច​ សក្តិ​តូច​ប្រាប់​ដូច​ម្តេច​ទៅ​ទៀត​ចូរ​មើល​! លោក​ថា​៖

១៥៤ - ខ្លួន​ខ្ញុំ​នេះ​ ដូច​ជា​បុគ្គល​លិច​លង់​ក្នុង​មហា​សមុទ្រ​ មាន​តែ​ពស់​កាច​សំរាប់​​តោង​ និង​លែង​ក៏​មិន​កើត នឹង ប្រ​តោង​កាន់​ពស់​ទៅ​ទៀត​ក៏​មិន​កើត​ ពេល​នេះ​លំបាក​ចិត្ត​ខ្វល់​គំនិត​ខូច​អស់​ហើយ​ ដូច​អ្នក​តោង​ពស់​ដូច្នោះ​អែង​។
១៥៥ - មួយ​ចំណែក​ ក្តី​ស្និទ្ធ​ស្នាល​ចំពោះ​ព្រះ​រាជា​ វិនាស​អស់​ហើយ​ មួយ​ចំណែក​ទៀត​ ក្តី​ស្និទ្ធ​ស្នាល​ចំពោះ​ញាតិ​សន្តាន​ ក៏​វិនាស​ដែរ​ អោយ​រូប​ខ្ញុំ​ធ្វើ​ដូច​ម្តេច​? អោយ​រូប​ខ្ញុំ​ទៅ​អែណា​ ខ្លួន​ខ្ញុំ​ដូច​ជា​ធ្លាក់​ក្នុង​កណ្តាល​សមុទ្រ​សាគរ​ គឺ​ក្តី​ទុក្ខ​ស្រេច​ទៅ​ហើយ​។

ចចក​និយាយ​បណ្តើរ​ដក​ដង្ហើម​ធំ​ឃូរ​វែង​ៗ​បណ្តើរ​ ហើយ​អង្គុយ​ធ្វើ​មុខ​ក្រៀម​ផ្អេះ​។ សញ្ជី​វកៈ​អង្វរ​សួរ​ថា «បង​សំលាញ់​! ចូរ​បង​ប្រាប់​អោយ​ជាក់​លាក់​មក​មើល​! ក្នុង​ចិត្ត​បង​តើ​មាន​គិត​អ្វី​ខ្លះ​?​»​។ ចចក​ធ្វើ​អាការ​ហាក់​ដូច​ជា​តូច​ចិត្ត​ណាស់​ អោន​ទៅ​ជិត​ត្រចៀក​ហើយ​និយាយ​ខ្សឹប​បន្តិច​ៗ​ប្រាប់​គោ​ថា​ «មែន​ពិត បើ​តាម​ក្តី​សិ្នទ្ធ​ស្នាល​ចំពោះ​ ព្រះ​រាជា​ ខ្ញុំ​មិន​គួរ​យក​រឿង​អាថិ​កំបាំង​ព្រះ​អង្គ​មក​និយាយ​បរិ​ហារ​អោយ​គេ​អែង​ដឹង​លឺ​ទេ​ តែ​ដូច​រូប​បង​ខ្ញុំ​នឹង​លាក់​ លៀម​មិន​កើត​ព្រោះ​បង​បាន​នៅ​ក្នុង​ទី​នេះ​ក៏​ដោយ​សារ​ខ្លួន​ខ្ញុំ​នាំ​មក​ដែរ​ អែ​ខ្ញុំ​ក៏​ចង់​បាន​អា​និសង្ស​ទៅ​កើត​ក្នុង​ឋាន​សួគ៌​គួរ​តែ​ស្រាយ​អាថ៌​កំបាំង​ជា​ប្រយោ​ជន៍​ប្រាប់​អោយ​ដឹង​មុន​ សូម​បង​ស្តាប់​មើល​! ម្ចាស់​យើង​ប្រែ​ចិត្ត​ចេញ​ពី​បង​ហើយ​ បាន​និយាយ​រហស្យ​ការ​ប្រាប់​ខ្ញុំ​ដោយ​សំងាត់​ថា​ «អញ​បំរុង​នឹង​សម្លាប់​សញ្ជី​វកៈ​យក​សាច់​ស៊ី​ និង ​ចែក​ចាយ​បរិ​វារ​អោយ​ស៊ី​ចំអែត​ផ្ទៃ​ហើយ​» ​សញ្ជី​វកៈ​បាន​ស្តាប់​ពាក្យ​នេះ​ហើយ​ ធ្លាក់​ទឹក​មុខ​ជ្រុប​តូច​ចិត្ត​ក្រៀម​ក្រំ​ដំ​អោរា​។ ចចក​ធ្វើ​លួង​លោម​និយាយ​រំលឹក​ថា​ «ណ្ហើយ​បង​សំលាញ់​! ​កុំកើត​ទុក្ខ​តូច​ចិត្ត​ធ្វើ​អ្វី​ ធ្វើ​ម្តេច​សំណាង​យើង​ត្រូវ​តែ​ត្រិះ​រិះ​ពិចារ​ណារ​កអុបាយ​កែ​ខៃ​តាម​ការ​គួរ​ កាល​បើ​មាន​គ្រោះ​កាច​ចង្រៃ​ធ្លាក់​មក​ដល់​»​។ គោ​សញ្ជី​វកៈ​ត្រិះ​រិះ​មើល​ មួយ​ស្របក់​ហើយ​ យល់​សេច​ក្តី​ផ្សេង​តែ​ម្នាក់​អែង​ថា «កិច្ច​ការ​ដូច្នេះ​ក៏​អាច​កើត​មាន​ដែ​រ​ តែ​ពាក្យ​នេះ​ទំនង​ជាអា​កប្ប​កិរិយា​ចចក​ទុរ​ជន​ រឺ មិន​មែន​ទេ​ដឹង​? ដំណើរ​នេះ​នរ​ណាក៏​មិន​គប្បី​ អាច​នឹង​យល់​សេច​ក្តី​ចំពោះ​អំពើ​ដូច្នោះ​បាន​ឡើយ​ព្រោះ​ថា​៖​

១៥៦ -ដោយ​ច្រើន​ នារី​ទាំង​ឡាយ​តែង​ចូល​ចិត្ត​សេព​គប់​ទុរ​ជន​ ព្រះ​រាជា​តែង​សព្វ​ព្រះ​ទ័យ​អាមាត្យ​មិន​មាន​គុណ​សម្បត្តិ​ ទ្រព្យ​សម្បត្តិ​តែង​ហូរ​ទៅ​រក​តែ​ជន​កំណាញ់​ អែ​ភ្លៀង​តែង​បង្អុរ​ចុះ​តែ​លើ​ភ្នំ​ និង​ មហា​សមុទ្រ​។
១៥៧(1) -ជន​អស​ប្បុ​រស​ តែង​ទទួល​រស្មី​សោ​ភា​ដែល​ផ្សាយ​ចេញ​ពី​គុណ​សម្បត្តិ​​នៃ​អភិ​ជន​ដែល​ខ្លួន​អាស្រ័យ​នៅ​ដូច​អញ្ជនៈ(2) ខ្មៅ​ក្រខ្វក់​ពី​កំណើត​ កាល​បើ​ទៅ​ឋិត​លើ​រោម​ចិញ្ចើម​នៃ​ស្រ្តី​ល្អ​ហើយ​ ក៏​ត្រលប់​ជា​​របស់​រុង​រឿ​ង​»។

គោ​សញ្ជី​វកៈ​ត្រិះ​រិះ​គិត​មើល​សារ​ចុះ​សារ​ឡើង​ មួយ​ស្រ​បក់​ហើយ​ពោល​ថា​ «អនិច្ចា​អោ​កម្ម​អាក្រក់​ចង្រៃ​! ចុះ​ហេតុ​ដែល​នាំ​អោយ​វិបត្តិ​នេះ​កើត​មក​ពី​ណា​អេះ​!​ព្រោះ​ថា​៖

១៥៨ -ព្រះ​នរ​បតី​ សូម្បី​អា​មាត្យ​ប្រតិ​បត្តិ​ការ​ដោយ​ប្រយ័ត្ន​ប្រ​យែង​ដ៏​ក្រៃ​លែង​ ក៏​មិន​សព្វ​ព្រះ​ទ័យ​ត្រេក​អរ​ប៉ុន្មាន​ តែ​រឿង​នេះ​នឹង​ទុក​ថា​ប្លែក​ដូច​ម្តេច​កើត​? អែ​អា​មាត្យ​ណា​និមួយ​ដែល​គោរព​ភក្តី​ដោយ​ល្អ​ហើយ​ក៏​ត្រលប់​បាន​ភាព​ជា​សត្រូវ​វិញ​នេះ​ ទើប​ហៅ​ថា​ប្លែក​អស្ចារ្យ​មែន​។ ដំណើរ​នេះ​ នរ​ជន​ណា​មួយ​ក៏​មិន​គប្បី​អាច​យល់​សេច​ក្តី​បាន​ងាយ​ទេ ​ព្រោះ​ថា​៖

១៥៩ - មែនពិត នរ​ជន​ណា​កាន់​យក​ហេតុ​ណា​មួយ​ជា​និមិត្ត​ហើយ​ទើប​ក្រេវ​ក្រោធ​ នរ​ជន​នោះ កាល​បើ​កំចាត់​បង់​ហេតុ​នោះ​បាន​ហើយ​នឹង​បាត់​ក្រេវ​ក្រោធ​ហើយ​ កើត​ក្តី​ជ្រះ​ថ្លា​ភ្លាម​ បើ​ចិត្ត​នរ​ជន​ណា​ ក្រេវ​ក្រោធ​ស្អប់​ដោយ​មិន​មាន​ហេតុ​ធ្វើ​ដូច​ម្តេចហ្ន៎​ នឹង​ញ៉ាំង​ចិត្ត​នរជន​នោះ​អោយ​ស្ងប់​ហើយ​អោយ​ត្រេក​អរ​បាន​?​។​
អាត្មា​អញ​ធ្វើ​អំ​ពើ​អ្វី​ខ្លះ​ក្បត់​ព្រះ​រា​ជា​? រឺ​មួយ​ព្រះ​រាជា​ទ្រង់​ក្រេវ​ក្រោធ​ដោយ​ព្រះ​ទ័យ​អាក្រក់​ប្រាស​ចាក​ហេតុ​ផល​?​» ។ ចចក​ទ​មន​កៈ ​ឆ្លើយ​ស្រប​តប​វិញ​ថា​ «អើ​!រឿង​នេះ​ ក៏​អាច​កើត​មាន​យ៉ាង​នេះ​បាន​ដែរ​ ចូរ​បង​ស្តាប់​សុភា​សិត​នេះ​​ត​ទៅ​៖​

១៦០ - អាមាត្យ​ខ្លះ​ជា​អ្នក​ប្រាជ្ញ​ ជា​អ្នក​ស្វាមី​ភក្តិ​ស្និទ្ធ​ស្នេ​ហា​ធ្វើ​អុត្តម​ប្រយោ​ជន៍​ចំពោះ​ព្រះ​រាជា​ពិត​ៗ​ ត្រលប់​ជា​បាន​​ក្តី​ស្អប់​ខ្ពើម​វិញ​ក៏​មាន​ អាមាត្យ​ខ្លះ​ទៀត​ក្បត់​ព្រះ​រាជា​ដោយ​ប្រ​ច័ក្ស​លាំង​ៗ​ ត្រលប់​ជា​បាន​មេ​ត្រី​ទៅ​វិញ​ក៏​មាន​ អោ​ចរិត​នៃ​ព្រះ​រាជា​ ជា​ទី​ជ្រក​កោន​នៃ​ជន​នេះ​ប្លែក​អស្ចារ្យ​ច្រើន​ប្រ​ការ​អ្វី​ម្លេះ​ហ្ន៎​! សេវា​ធម៌​ (នា​ទី​នៃ​អាមាត្យ)​ នេះ​មាន​ប្រស្នារ​ញ៉ិក​រញ៉ុក​សាំ​ញ៉ាំ​ស្នុក​ស្មាញ​ណាស់​ សូម្បី​ព្រះ​យោគី​ មាន​រិទ្ធិ​ ក៏​មិន​អាច​ប្រតិ​បត្តិ​អោយ​ល្អ​បរិ​បូណ៌​បាន​​ឡើយ​។

១៦១ - ធ្វើ​គុណ​ដល់​អ​សប្បុ​រស​១០០​ដង​ មិន​បាន​ផល​ និយាយ​ពាក្យ​សុភា​សិត​ដល់​មនុស្ស​ល្ងង់​១០០​ដង​អិត​អំពើ​ និយាយ​ពាក្យ​ពីរោះ​ដល់​មនុស្ស​ គ ១០០​ដង អិត​ប្រយោ​ជន៍ ប្រើ​អុបាយ​ប្រាជ្ញា​១០០​ដង ចំពោះ​ជន​អិត​ការ​ត្រិះ​រិះ​ពិចា​រណា​ ក៏​មិន​បាន​ការ​។
១៦២ - នៅ​លើ​ដើម​ចន្ទន៍​ មាន​ពស់​នៅ​ក្នុង​ត្រ​ពាំង​ដែល​ដេរ​ដាស​ដោយ​ផ្កា​ឈូក​ មាន​ក្រពើ​ នៅ​ក្នុង​ភោគ​ទ្រព្យ​ មាន​ជន​ពាល​ជា​អ្នក​រុក​កួន​ឈ្នា​នីស​ ក្នុង​លោក​នេះ​ សេច​ក្តី​សុខ​ ប្រាស​ចាក​ការ​ថ្នាំង​ថ្នាក់​ចិត្ត​មិន​ដែល​មាន​សោះ​ឡើយ​។

១៦៣ - នៅ​គល់​ដើម​ចន្ទន៍​ មាន​អសិ​រពិស​ នៅ​ផ្កា​ចន្ទន៍​ មាន​មេ​ឃ្មុំ​កាច​ នៅ​មែក​ចន្ទន៍​ មាន​ពានរ​ នៅ​ចុង​ដើម​ចន្ទន៍​​មាន​ខ្លា​ឃ្មុំ​ ដូច្នេះ​នៅ​ដើម​ចន្ទន៍​ទាំង​មូល​ អិត​មាន​ផ្នែក​ត្រង់​ណា​ ដែល​មិន​មាន​សត្រូវ​ចង្រៃ​អាក្រក់​អា​ស្រ័យ​នៅ​ទេ​។ ស្តេច​យើង​ខ្ញុំ​ស្គាស់​លក្ខណៈ​គ្រប់​ ព្រះ​បន្ទូល​ពីរោះ​ផ្អែម​ដូច​ទឹក​ឃ្មុំ​ តែ​ព្រះ​ទ័យ​ ពេញ​ពោរ​ដោយ​ពិស​ពុល​ ព្រោះ​ថា​៖​

១៦៤ - ហុច​ដៃ​បក់​ហៅ​ពី​ចំងាយ​ ភ្នែក​ក្រ​លេក​មើល​ដោយ​អាការ​ស្រលាញ់​ពេញ​ចិត្ត​ ហៅ​អោយ​អង្គុយ​អស​នៈ​រួម​ ជា​មួយ​ពាក់​កណ្តាល​ម្នាក់​ លូក​ដៃ​ទៅ​ត្រ​កង​អោប​ដោយ​ក្តី​ស្នេហា​ សំដែង​ការ​អើ​ពើ​ចៅ​រ៉ៅ​សាក​សួរ​ដោយ​វាចា​ជា​​ទី​ស្រលាញ់​ពេញ​ចិត្ត​ តែ​ខាង​ក្នុង​ចិត្ត​ពេញ​ដោយ​ពិស​ពុល​ ខាង​ក្រៅ​ ទឹក​សំដី​ផ្អែម​ដូច​ទឹក​ឃ្មុំ​ ស្ទាត់​ជំនាញ​ក្នុង​កលោ​បាយ​ឆ​បោក​ (នយោ​បាយ​) អុនា​ដក​វិធី(3)​ បែប​ថ្មី​អ្វី​នេះ​ ពួក​ទុរ​ជន​សិក្សា​យក​មក​ ប្រើ​ជា​ល្បែង​បាន​ហ្ន៎​?​។

១៦៥ - សំពៅ​ គេ​សាង​សំរាប់​ឆ្លង​សមុទ្រ​សាគរ​ ដែល​គេ​ឆ្លង​បាន​ដោយ​ក្រ​ ប្រទីប​គេ​សាង​សំរាប់​អុជ​ទ្រោល​បំ​ភ្លឺ​ក្នុង​​ពេល​ងងឹត​អន្ធ​ការ​ វិជនី​ គេ​ធ្វើ​សំរាប់​បក់​ក្នុង​ពេល​មិន​មាន​ខ្យល់​ កង្វេរ​ គេ​ធ្វើ​សំរាប់​ហ្វឹក​ហ្វឺន​ដំរី​កាច​ទ្រនង់​ងងឹត​មុខ​ ដោយ​ចុះ​ប្រេង​ ដូច្នេះ​នៅ​លើ​ភូតល​នេះ​ មាន​របស់​អ្វី​មួយ​ដែល​អ្នក​កសាង​លោក​មិន​បាន​កសាង​​ទុក​អោយ​ជា​អុបាយ​ចិន្តា(4) ​ ខ្ញុំ​ជឿ​ជាក់​ច្បាស់​ថា​ សូម្បី​ព្រះ​ព្រហ្ម​ដែល​បង្កើត​លោក​ ក៏​ទំលាក់​កំលាំង​ព្យា​យាម​ចោល​ ក្នុង​ការ​ទូន្មាន​ប្រៀន​ប្រដៅ​ សន្តាន​មនុស្ស​ទុរ​ជន​។

គោ​សញ្ជី​វកៈ​ព្រួយ​បារម្ភ​តាន​តឹង​ក្នុង​ចិត្ត​ស្ទើរ​ប្រេះ​ទ្រូង​ ដក​ដង្ហើម​ធំ​ឃូរ​ៗ​វែង​ៗ​គិត​ថា​ «អោ​កម្ម​អាត្មា​អញ​អើយ​ អ្វី​ក៏​អាក្រក់​ម្លេះ​ហ្ន៎?​ អាត្មា​អញ​ស៊ី​តែ​សន្ទូង​ជា​ភក្សា​ហារ​ ហេតុ​អ្វី​ក៏​លោក​មក​ចោទ​ប្រកាន់​ហើយ​ប្រាថ្នា​សំលាប់​ចោល​​បង់​សៀត​ដូច្នេះ​ហ្ន៎​? ព្រោះ​ថា​៖​

១៦៦ - ជន​ពីរ​ផ្នែក​ណា​ មាន​ទ្រព្យ​ស្មើ​គ្នា មាន​កំលាំង​ស្មើ​គ្នា​ជន​ពី​រផ្នែក​នោះ​ ទើប​បរិ​វា​ទ​ច្បាំង​គ្នា​បាន​ ចុះ​បើ​មួយ​ផ្នែក​មាន​អំណាច​ខ្ពង់​ខ្ពស់​ មួយ​ផ្នែក​ទៀត​ថោក​ទាប​ អិត​អំណាច​សោះ​នាំ​អោយ​កើត​វិវាទ​ច្បាំង​គ្នា​បាន​ខ្លះ​ទេ​ហៈ​?​។
សញ្ជី​វកៈ​ជញ្ជឹង​គិត​ហើយ​គិត​ទៀត​ថា​ «នរ​ណា​ហ្ន៎​ ញុះ​ញង់​ស្តេច​បិង្គ​លកៈ​អោយ​ក្រេវ​ក្រោធ​ ហើយ​អោយ​គុំ​គួន​រក​រឿង​ប៉ង​សំលាប់​អាត្មា​អញ​ដូច្នេះ​?​ អាត្មា​អញ​គិត​ពុំ​យល់​ហេតុ​នេះ​សោះ​។ បើ​លោក​ម្ចាស់​ក្រេវ​ក្រោធ​ ហើយ​ប្រាថ្នា​ នឹង បំផ្លេច​បំផ្លាញ​អាត្មា​អញ​មែន​ រឿង​នេះ​គួរ​ភ័យ​ជា​និច្ច​មែន ព្រោះ​ថា​៖​

១៦៧ -កាល​ណា​ក៏​ដោយ​ ព្រះ​ទ័យ​ព្រះ​ភូមិ​បាល​ដែល​មន្រ្តី​ព្រះ​អង្គ​បំបែក​អោយ​បែក​ហើយ​ ត​ វិញ​មិន​ជាប់​ទេ​ ដូច​កង​​ដៃ​ជា​វិការ​នៃ​កែវ​ ផលិត​ដែល​ជន​អោយ​បែក​ហើយ ជន​ណា​ហ្ន៎​ មាន​អំណាច​អាច​ត​អោយ​ជាប់​ដូច​ដើម​វិញ​បាន​?​។​
១៦៨ -ហេតុ​ដែល​គួរ​អោយ​ភ័យ​ខ្លាច​មាន​ពីរ​ប្រការ​គឺ​ អស់​និបាត​ និង តេជា​នុ​ភាព​ព្រះ​រាជា​ តែ​អស់​និបាត​ ធ្លាក់​តែ​មួយ​កន្លែង​ អែ​តេជា​នុ​ភាព​ព្រះ​រាជា​ធ្លាក់​នៅ​ជុំ​វិញ​ខ្លួន​យើង​។ ក្នុង​ករណី​បែប​នេះ​ ថា​បើ​ត្រូវ​ស្លាប់​ ស្លាប់​ក្នុង​សង្រ្គាម​ប្រ​សើរ​ជា​ជាង​ អីលូវ​នេះ​មក​ស្លាប់​ដោយ​ប្រើ​អាជ្ញា​យ៉ាង​នេះ​មិន​ល្អ​មើល​សោះ​ ព្រោះ​ថា​៖

១៦៩ -ស្លាប់​ហើយ​បាន​កើត​ក្នុង​ឋាន​សួគ៌​១​ សំលាប់​សត្រូវ​ហើយ​បាន​សេច​ក្តី​សុខ​១ ធម៌​២​ប្រការ​នេះ​អែង​ ជា​ធម៌​មាន​គុណ​ប្រសើរ​បំផុត​ គេ​ធ្វើ​បាន​ដោយ​ក្រ​ក្រៃ​លែង​ មាន​តែ​បុរស​មាន​ចិត្ត​ក្លៀវ​ក្លា​ទាំង​ឡាយ​ទេ​ ទើប​អាច​ធ្វើ​បាន​។ ពេល​នេះ​ ជា​កាល​ត​យុទ្ធ​គ្នា​ទៅ​ហើយ​ នឹង​ ដក​ថយ​វិញ​ក៏​មិន​កើត​។​​
១៧០ -ក្នុង​កាល​ណា​ បើ​មិន​ច្បាំង​ក៏​ទៀង​តែ​ស្លាប់​ បើ​ច្បាំង​មាន​ផ្លូវ​រួច​ជីវិត​បាន​ក្នុង​កាល​នោះ​ ពួក​អ្នក​ប្រាជ្ញ​តែង​សំរេច​សេច​ក្តី​ថា​ «ត្រូវ​ច្បាំង​ត​យុទ្ធ​ពិត​ប្រាកដ​»​។
១៧១ - ថា​បើ​ក្នុង​កាល​ណា​ អ្នក​ប្រាជ្ញ​មើល​មិន​ឃើញ​ផ្លូវ​អ្វី​មួយ​ដទៃ​ក្រៅ​ពី​ការ​ច្បាំង​ត​យុទ្ធ​ទេ​ ក្នុង​កាល​នោះ​លោក​យល់​ថា​ត្រូវ​តែ​ធ្វើ​សង្រ្គាម​ស៊ូ​ស្លាប់​ក្នុង​ដៃ​សត្រូវ​។
១៧២ -បើ​មាន​ជ័យ​ត្រូវ​បាន​ទ្រព្យ​សម្បត្តិ​ បើ​បែរ​ជា​ស្លាប់​វិញ​ ក៏​ត្រូវ​បាន​ជា​ភស្តា​ស្រី​ទេព​អប្សរ​បវរ​​កញ្ញា​ កាយ​យើង​នេះ​ជា​របស់​ត្រូវ​បែក​ធ្លាយ​ទៅ​ក្នុង​មួយ​ខណៈ​ ហេតុ​អ្វី​ក៏​ញញើត​ញញើម​មិន​ហ៊ាន​ស្លាប់​ក្នុង​រណ​រង្គ​?​»​។

គោ​សញ្ជី​វកៈ​គិត​យ៉ាង​នេះ​រួច​ហើយ​ បែរ​ទៅ​និយាយ​ប្រាប់​ចចក​ថា​ «នែ​សំលាញ់​ ធ្វើ​ដូច​ម្តេច​នឹង​ដឹង​ថា បិង្គលកៈ​ចង់​សំលាប់​ខ្ញុំ​»​។ ចចក​ទម​នកៈ​ឆ្លើយ​ប្រាប់​ថា​ កាល​ណា​បិង្គ​លក​នេះ​ចង​ចិញ្ចើម​មាំ​សំលឹង​មើល​បង​អែង​ដោយ​ភ្នែក​មុត​ កង​កន្ទុយ​ឆ្កែ​លាក់​ក្រញាំ​ក្រចក​ ហា​មាត់​បញ្ចេញ​ចង្កូម​គួរ​សំបើម​ កាល​នោះ​បង​ត្រូវ​សំដែង​ក្តី​អង់​​អាច​ហៅ​ហ៊ាន​ ត​ស៊ូ​សីហៈ​វិញ​ ព្រោះ​ថា​៖​

១៧៣ នរ​ជន​ សូម្បី​មាន​កំលាំង​ តែ​អិត​តេជៈ​ បើ​ដូច្នេះ​ម្តេច​ក៏​មិន​មាន​ទំនង​អោយ​គេ​មើល​ងាយ​? ចូរ​មើល​!​ អ្នក​ភ្លើង​មនុស្ស​លោក​ហ៊ាន​ជាន់​ក្រោម​បាទ​ជើង​អិត​កោត​ញញើ​ត​ទេ​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ រឿង​ទាំង​អស់​នេះ​ត្រូវ​លាក់​បំបិទ​បំបាំង​អោយ​ជិត​កុំ​អោយ​លឺ​សាយ​ភាយ​ឡើយ​ បើ​មិន​ដូច្នោះ​ទេ​ខ្លួន​បង​ រឺ ខ្លួន​ខ្ញុំ​ត្រូវ​វិនាស​អន្ត​កា​ន​មិន​ខាន​ឡើយ​។​ ទមនកៈ​និយាយ​បង្ការ​ស្កាត់​ផ្លូវ​យ៉ាង​នេះ​រួច​ស្រេច​ហើយ​ ដើរ​ចេញ​ទៅ​រក​ជួប​ចចក​ករ​ដកៈ​។ ចចក​ករ​ដកៈ​ឃើញ​ទមនកៈ​មក​ដល់​ស្រែក​សួរ​ថា​! «ម៉េច​ទៅ​បង​​អើយ​! ការ​នោះ​សំរេច​ហើយ​រឺ​នៅ​!» ចចក​ទមនកៈ​ឆ្លើយ​ប្រាប់​មក​វិញ​ថា​ «សំរេច​ហើយ​វើយ​!​ វា​ទាំង​ពីរ​នាក់​នោះ​បែក​បាក់​គ្នា​ស្រលះ​ហើយ​»​។ ចចក​ករដកៈ​សួរ​បញ្ជាក់​ទៀត​ថា​ «រឿង​នេះ​មាន​កិច្ច​ការ​អ្វី​សង្ស័យ​គួរ​នាំ​អោយ​ទាក់​ទាម​ទៀត​ទេ​?​ ព្រោះ​ថា​៖​

១៧៤ - នរ​ណាហ្ន៎​ ចង់​ចង​ពន្ធ​ជា​មួយ​មនុស្ស​ទុរ​ជន​?​ នរ​ណា​ហ្ន៎​មិន​ក្នាញ់​បើ​មាន​គេ​សូម​ញយ​ៗ​? នរណា​ហ្ន៎​បាន​ទ្រព្យ​ច្រើន​ហើយ​មិន​រីក​រាយ​? នរ​ណា​ហ្ន៎​ ជា​បណ្ឌិត​មិន​ចាញ់​កល​ក្នុង​វិធី​ទុច្ច​រិត​?​។​
១៧៥ - ជន​ពាល​ប៉ិន​កល​ អាច​ញ៉ាំង​នរ​ជន​ដែល​មាន​សិរី​អោយ​ប្រ​ព្រឹត្ត​អា​ក្រក់​បាន​ ព្រោះ​មាន​បំណង​ចង់​ចំរើន​ បាន​ប្រយោ​ជន៍​ខ្លួន​ ការ​សេព​គប់​ជន​ពាល​ប៉ិន​កល​នេះ​ មិន​ទុក​ដូច​ជា​ការ​លេង​ជា​មួយ​ភ្លើង​រឺ​អ្វី​»​។

១៧៨ - នរជន​ដែល​ធ្វើ​អន្ត​រាយ​ដល់​ជីវិត​ ទោះ​ជា​បិតា​រឺ​ជា​បង​ក្តី​ ពុំ​នោះ​ជា​បុត្រ​ រឺ​ ជា​មិត្រ​សំលាញ់​ក្តី​ ព្រះ​រាជា​ប្រាថ្នា​ សេច​ក្តី​ចំរើន​ត្រូវ​តែ​សំលាប់​ចោល​បង់​។
១៧៩ - នរជន​អ្នក​ស្គាល់​សភាព​ពិត​នៃ​ព្រះ​ធ​ម៌​ ប្រយោ​ជន៍​ និង​កាម​ មិន​គួរ​មាន​ករុណា​តែ​មួយ​ចំណែក​ទេ​ ព្រោះ​ថា នរ​ជន​ដែល​មាន​តែ​ចិត្ត​អត់​ធន​ មិន​អាច​ស៊ី​បាយ​ដែល​ឋិត​នៅ​ក្នុង​កណ្តាប់​ដៃ​ខ្លួន​ឡើយ​។​
១៨០ - ការ​អត់​អោន​អោយ​ចំពោះ​សត្រូវ​ រឺ​មិត្ត​ ជា​គ្រឿង​លំអរ​នៃ​អ្នក​ប្រាជ្ញ​ដែល​បំពេញ​ព្រឹត្តិ​ពិត​មែន​ហើយ​ តែការ​​អត់​អោន​ចំពោះ​សត្វ​ដែល​មាន​កំហុស​នេះ​ ត្រលប់​ជា​គ្រឿង​ប្រទូស្ត​នៃ​ព្រះ​រាជា​ទាំង​ឡាយ​វិញ​ទេ​។​
១៨១ - នរ​ជន​ណា​ ចង់​សំលាប់​ម្ចាស់​ដោយ​ល្មោភ​ចង់​បាន​រាជ្យ​ រឺ​ដោយ​ការ​មើល​ងាយ​គំនិត​ ទោស​នរ​ជន​នោះ​ បើ​អោយ​សម​តាម​កំហុស​មាន​តែ​បទ​មួយ​ទេ​ គឺ​ការ​ប្រហារ​ជីវិត​ មិន​មែន​ប្រការ​ដទៃ​ទៀត​ឡើយ​។​
១៨២ - ព្រះ​រាជា​មាន​សេច​ក្តី​អាណិត​ហួស​មាត្រ​ ព្រា​ហ្មណ៍​បរិ​ភោគ​សាច់​សត្វ​សព្វ​មិន​ចន្លោះ​ ភរិយា​មិន​នៅ​ក្នុង​អោ​វាទ​ មិត្ត​មាន​និស្ស័យ​ប៉ង​ធ្វើ​សេ​ចក្តី​អន្ត​រាយ​ អ្នក​បំរើ​រឹង​ទទឹង​ ភ្នាក់​ងារ​ធ្វេស​ប្រ​ហែស​ និង​មនុស្ស​អក​​តញ្ញូ នរ​ជន​គួរ​លះ​បង់​ជន​អស់​នេះ​ចោល​អោយ​ស្រលះ​ចេញ​។ លោក​ពោល​សេច​ក្តី​វិសេស​ត​ទៅ​ទៀត​ថា​៖​

១៨៣ - រាជ​និតិ​ មាន​ការ​ផ្លាស់​ប្តូរ​រូប​អនេក​ ដូច​កល​មាយា​ស្រី​មាន​រូប​ល្អ​ គឺ​ថា​ត្រង់​តាម​សេ​ច​ក្តី​ពិត​ខ្លះ​ ពោល​ពាក្យ​ រឹង​រូស រឺ​ក៏​ជា​ទី​ស្រលាញ់​ខ្លះ​ ធ្វើ​កាច​ឃោរ​ឃៅ​ ពុំ​នោះ​ធ្វើ​អាណិត​អាសូរ​ខ្លះ​ កំណាញ់​ស្វិត​ស្វាញ​ ពុំ​នោះ​សោត​ទូលាយ​ជួយ​ទ្រព្យ​ជា​ដើម​ទុន​ខ្លះ​ ចំណាយ​ទ្រព្យ​ជា​និច្ច​ពុំ​នោះ​សោត​ទៀត​ ប្រមូល​កៀរ​គរ​រតន​វត្ថុ​ និង​ ទ្រព្យ​សម្បត្តិ​អោយ​​ច្រើន​ខ្លះ​។​

លុះ​ចចក​ទម​នកៈ​មេ​ប្រាជ្ញ​មេ​ខិល​ ពោល​វាចា​លួង​ដោយ​ទឹក​ប្រយោគ​សំដី​ ប្រាប់​ក្តី​ហេតុ​ផល​អោយ​ស្ងប់​ក្សេម​ក្សាន្ត​ហើយ​ បិង្គល​កៈ​ត្រលប់​តាំង​ខ្លួន​ដូច​ធម្មតា​ដើម​ ចូល​ទៅ​ឋិត​នៅ​លើ​រាជ​បល្លង្គ​សីហ​សនៈ​វិញ​។ ទមនកៈ​ប្រកប​តាម​ក្តី​ប្រាថ្នា​ហើយ​ មាន​ចិត្ត​រីក​រាយ​សប្បាយ​ក្រៃ​លែង​ ស្រែក​អោយ​សព្ទ​សា​ធុ​ការ​ពរ​ដល់​ស្តេច​ចតុប្បាទ​ថា​៖ «បពិត ​មហា​រាជ​ សូម​ព្រះ​អង្គ​មាន​ជ័យ​សិរី​មង្គល​គ្រប់​ប្រការ​ សូម​សុភ​មង្គល​ ផ្តល់​ក្តី​សុខ​ចំរើន​ដល់​សព្វ​សត្វ​ក្នុង​សាកល​ ពិភព​ផ្ទៃ​ក្រោម​ត​ទៅ​!​» ចចក​ជូន​ពរ​រួច​ហើយ​ចូល​ទៅ​កាន់​ទីឋាន​ខ្លួន​ សុខ​សប្បាយ​ដូច​ប្រ​ក្រតី​ដើម​ហោង​។

កាល​នោះ​ មហា​បណ្ឌិត​វិស្ណុ​សម៌ន៍​ ក្រាប​បង្គំ​ទូល​ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​មុន​បញ្ចប់​ថា​ «ការ​បំបែក​មិត្ត​នេះ​ ដែល​ទ្រង់​ទាំង​ឡាយ​បាន​ត្រង​ត្រាប់​ស្តាប់​តាំង​ពី​ដើម​ដល់​ចុង​ សន្មត​ថា​ចប់​អស់​អាថិ​សេ​ចក្តី​ត្រឹម​ប៉ុណ្ណេះ​ហើយ​។ ព្រះ​រាជ​បុត្រ​ទាំង​ឡាយ​ត្រាស់​តប​វិញ​ថា​ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ បាន​ស្តាប់​កថា​វិចិត្រ​ដោយ​ក្តី​ជ្រះ​ថ្លា​ក្រៃ​លែង​ បាន​ក្តី​សុខ​កាយ​ សប្បាយ​ចិត្ត​អិត​អុបមា​»​។ មហា​បណ្ឌិត​វិស្ណុ​សមន៍​ក្រាប​ទូល​បញ្ជាក់​ថា​ «សូម​ទ្រង់​គ្រប់​ព្រះអង្គ​ បាន​ប្រកប​ដោយ​ពរ​នេះ​ត​ទៅ​៖​

១៨៤ សូម​អោយ​ការ​បំបែក​មិត្រ​នេះ​ មាន​ចំពោះ​តែ​ទី​លំ​នៅ​សត្រូវ​របស់​ទ្រង់​ទាំង​ឡាយ​ចុះ​ ទុរ​ជន​ខិល​ខូច​ចិត្ត​អា​ក្រក់​សាមាន្យ​ សូម​ព្រះ​កាល​ចាប់​កាច់​ក​បំ​ផ្លេច​បំផ្លាញ​ នាំ​យក​ទៅ​កាន់​ទី​វិនាស​ហិន​ហោច​ខ្លោច​ផ្សា​អស់​រលីង​រាល់​ៗ​ ថ្ងៃ​កុំ​បី​ខាន​ សូម​មហា​ជន​តាំង​នៅ​ដោយ​ការ​បរិ​បូណ៌​ព្រម​ដោយ​សេច​ក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ ជា​អនេក​​អនន្ត​អស់​ កាល​ជា​និច្ច​និរន្តរ៍​ និង​សូម​កុល​បុត្រ​យុវ​ជន​ទាំង​ឡាយ​ មាន​ចិត្ត​រីក​រាយ​ ជ្រះ​ថ្លា​ចំពោះ​មធុរ​​កថា​ជា​ទី​ម​នោ​រម្យ​ក្នុង​ លោក​នេះ​គ្រប់​ទិន​ទិវា​រាត្រី​ទៅ​ហោង​។

កថា​សង្រ្គោះទី​២ ឈ្មោះ​ការ​បំបែក​មិត្ត​ មាន​មក​ក្នុង​ហិតោ​បទេស​ចប់​តែ​ប៉ុណ្ណេះ ​

(1) ហិ​តោប​ទេស​ សេច​ក្តី​ប្រែ​របស់​លោក​ឡង់​សឺ​រូ​ និង ភា​សា​សៀម​របស់​លោក​នាគ​ប្រទីប​មាន​គា​ថា​ លើស​ដូច្នោះ​គឺ​ ព្រះ​លក្ស្មី​តែង​ប្រទាន​កិត្តិ​យស​ចំ​ពោះ​តែ​ជន​ថោក​ទាប​ព្រះ​សូរ​ សួស្តី​តែង​ប្រោស​ប្រាណ​ចំពោះ​តែ​ជន​សក្តិ​តូច​ នារី​តែង​ស្រលាញ់​ពេញ​ចិត្ត​ចំពោះ​តែ​ទុរ​ជន​ អែ​ព្រះ​អិន្ទ​ (ម្ចាស់​ភ្លៀង​) តែង​បង្អុរ​ភ្លៀង​តែ​លើ​កំពូល​ភ្នំ​។
(2) ជ័រ​ពណ៌​ខ្មៅ​សំរាប់​លាប​រោម​ចិញ្ចើម​អោយ​ខ្មៅ​រលោង​ស្រិល​។
(3) វិធី​អ្នក​រាំ​ កិច្ច​កល​អុបាយ​អ្នក​រាំ​)។
(4) អុបាយ​ខាង​ផ្លូវ​គំនិត​ត្រិះ​រិះ​ពិចា​រណា​ នាំ​អោយ​យល់​សេច​ក្តី​ រី អោយ​យល់​កិច្ច​ការ​ផង​ទាំង​ពួង​អិត​ចន្លោះ​។
(5) សីហៈ​សំលាប់​ដំរី​ ទោស​ធ្លាក់​មក​លើ​សីហៈ​ ព្រោះ​សាច់​ឆ្អឹង​ដំរី​ត្រូវ​បាន​ទៅ​ជា​អាហារ​សត្វ​ដទៃ​។