ស្រីហិតោបទេស
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹតដោយ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
**********************************************
ថ្ងៃសៅរ៍ ទី14.តុលា 2017.ម៉ោង 8:38
រឿងស្ដេចសូទ្រកៈនិងអាមាត្យវីរវរៈ
កាលពីមុននោះ យើងទៅអាស្រ័យនៅហែលលេងក្នុងស្រះមួយនៃព្រះបាទសូទ្រក ដោយមានចិត្ដប្រតិព័ទ្ធចំពោះ នាងហង្សឈ្មោះកបូរមញ្ជរី ជាកូនហង្សឈ្មោះកបូរកេលី។ ថ្ងៃមួយ មានទាហានម្នាក់ឈ្មោះវីរវរៈ ជាបុត្រស្ដេច និង គេដែរ គេទើបមកពីបរទេស ចង់ចូលទៅក្រាបបង្គំគាល់ព្រះបាទសូទ្រកៈ។ វីរវរៈ ទៅជួបនឹងទ្វារបាល សុំចូលទៅក្រាបបង្គំគាល់ព្រះរាជា និយាយប្រាប់ទ្វារបាលថា «ខ្ញុំបាទជាទាហានជាអ្នកចំបាំង ខ្ញុំមានបំណងចង់ធ្វើជាខ្ញុំរាជការថ្វាយព្រះរាជា សូមលោកមេត្ដានាំខ្ញុំចូលទៅក្រាបបង្គំគាល់ព្រះអង្គ» ទ្វារបាលនាំវិរវរៈចូលទៅគាល់ វិរវរៈក្រាបបង្គំប្រណម្យហត្ថហើយក្រាបទូលថាៈ «ទេវៈ! សូមទ្រង់មេត្ដាប្រោស បើព្រះករុណាយល់ឃើញមានប្រយោជន៍ សូមមេត្ដាប្រោសទទួលទូលព្រះបង្គំជាខ្ញុំធ្វើសេវកាមាត្យ ហើយសូមទ្រង់ព្រះមេត្ដាប្រទានរង្វន់លាងជីវិត»។
ព្រះបាទសូទ្រកៈត្រាស់សួរថា «អែងចង់បានរង្វាន់ជាប្រាក់ប៉ុន្មាន?»។ វីរវរៈទូលស្នងតបទៅវិញថាៈ «ក្នុងមួយថ្ងៃចំនួន ៥០០សុវណ៌ៈ»។ ព្រះបាទសូទ្រកៈត្រាស់សួរថា «អែងបានអ្វីជាគ្រឿងការពារ?»។ វិរវរៈ ក្រាបទូលថាៈ «សូមព្រះមេត្ដាប្រោស ទូលព្រះបង្គំជាខ្ញុំមានដៃពីរ និង ដាវមួយជាគំរប់បី»។ ព្រះបាទសូទ្រកៈលុះទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រាស់ដោយចំលែក ព្រះទ័យថាៈ «ទេ! ទេ! មិនកើតទេ! »។ វិរវរៈទទួលព្រះរាជអោង្ការហើយ អៀនអន់ចិត្ដក្រាបបង្គំលាវិលត្រលប់វិញ។
កាលនោះអាមាត្យជាទីប្រឹក្សាព្រះអង្គទូលស្នើថាៈ «ទេវសូមទ្រង់ព្រះមេត្ដាប្រោសប្រទានល្បងមើលបាន ៤ថ្ងៃសិន ដើម្បីពិនិត្យលក្ខណៈនិស្ស័យវាអោយឃើញច្បាស់ថា វាមានគុណសម្បត្ដិសមទទួលរង្វាន់ថ្លៃឈ្នួលប៉ុណ្ណោះ រឺ មិនសមទទួលទេ ខណះនោះព្រះបាទសូទ្រកទ្រង់ត្រាស់ហៅវិរវរៈមកវិញ តាមពាក្យស្នើណែនាំអាមាត្យទីប្រឹក្សាព្រះអង្គ ហើយទ្រង់ប្រោសប្រទានម្លូ(1) និងថ្លៃឈ្នួល ៥០០ សុវណ៌ៈ តាមកំណត់។
តាំងពីកាលនោះទ្រង់តែងសង្កេតមើលការចាយវាយនៃ វិរវរៈនោះរឿយៗ ទ្រង់បានជ្រាបថាៈ វីរវរៈបែងចែកថ្លៃឈ្នួលខ្លះ សំរាប់ធ្វើពលិការ ថ្វាយទេវតា និង បូជាព្រាហ្មណ៍ខ្លះ សំរាប់ជួយដល់អ្នកដែលមានទុក្ខលំបាកនៅសល់ខ្លះសំរាប់ការចិញ្ចឹមជីវិត និង ការកំសាន្ដរបស់ខ្លួន។ វីរវរៈប្រិតិបត្ដិនាទីខ្លួនយ៉ាងនេះជានិច្ចនិរន្ដរ៍ ចូលទៅរក្សាទ្វារ ព្រះរាជវាំង កាន់ដាវជាប់នៅដៃអិតធេ្វសប្រហែស កាលណាបើព្រះរាជាមានព្រះរាជអោង្ការអនុញ្ញាត កាលនោះ ទើបហ៊ានត្រលប់ទៅកាន់ទីលំនៅខ្លួនវិញ។
យប់មួយ ពេលពាក់កណ្ដាលអធ្រាតថ្លៃ១៤ រោចងងឹតសូន្យឈឹង ព្រះរាជាទ្រង់ព្រះសណ្ដាប់សំលេងយំលលួងក្រលួចគួរអោយអាណិត ទើបទ្រង់មានព្រះតំរាស់ត្រាស់សួរថាៈ «អ្នកណានៅចាំទ្វារនេះ?» វីរវរៈ លុះលឺព្រះតំរាស់ ត្រាស់សួរហើយ ក្រាបបង្គំទូលតបភ្លាមថា «ទេវៈ! សូមទ្រង់ព្រះមេត្ដាប្រោស ទូលព្រះបង្គំជាខ្ញុំវីរវរៈ» ព្រះបាទសូទ្រកៈត្រាស់បង្គាប់ថាៈ «អែងទៅមើល! អ្នកណាយំអ្វីហ្នឹង»។ វីរវរៈទទួលព្រះរាជអោង្ការថាៈ «ទេវៈ!សូមតេជៈដំកល់លើត្បូង!»។ ហើយចេញទៅភ្លាមៗ ព្រះរាជាកាលត្រាស់បង្គាប់អោយវីរវរៈចេញទៅហើយ ទ្រង់មានព្រះបរវិតក្កថាៈ «យី អាត្មាអញប្រើវីរវរៈនេះជារាជបុត្រផងអោយចេញទៅតែម្នាក់អែងទាំងងងឹតសូន្យសុងស្ទើរតែចាក់ភ្នែកមិនយល់ បើដូច្នោះគួរតែអាត្មាអញចេញទៅដើម្បីអោយដឹងសេចក្ដីនោះ ដោយខ្លួនអែងផង» ទ្រង់ព្រះចិន្ដាហើយ ព្រះហស្ដចាប់ព្រះខ័នស្ដេចចេញពីរាជនិវេសន៍ទៅខាងក្រៅតំរង់ទៅកន្លែងដែលលឺសូរយំនោះ។ វីរវរៈចេញទៅមុនទៅឃើញស្រីម្នាក់មានរូបឆោមល្អកំពុងពេញវ័យ ប្រដាប់តុបតែងខ្លួនដោយគ្រឿងអលង្ការដ៏វិចិត្រ កំពុងតែយំសោកក្សឹកក្សួល ក៏សួរទៅថាៈ «ម្នាលនាង! នាងជាស្រីអ្វី? ហេតុដូចម្ដេចក៏នាងយំសោយសោកដូច្នេះ ស្រីនោះ ឆ្លើយតបវិញថាៈ «ខ្ញុំនេះជារាជលក្ម្សី ជាទេវីប្រចាំសេចក្ដីចំរើនព្រះបាទសូទ្រកៈអង្គនេះ ខ្ញុំបានអាស្រ័យនៅក្រោមម្លប់ព្រះឆាយានៃព្រះពាហុព្រះអង្គសុខសប្បាយមកយូរហើយ តែនៅបីថ្ងៃទៀត តពីថ្ងៃនេះទៅព្រះរាជាទ្រង់នឹងដល់ នូវបញ្ចភាពក្ស័យព្រះជន្មហើយ ខ្ញុំជាមនុស្សអិតទីពឹងនឹងនៅតទៅទៀតមិនបាន ព្រោះហេតុនេះហើយបានជាខ្ញុំទួញយំ»។ វីរវរៈ សួរតទៅទៀតថាៈ «បពិតព្រះនាងលក្ស្មី!. ធ្វើដូចម្ដេចទើបព្រះនាងជា ភគវតីអាចនៅតទៅទៀតបាន ?»។ នាងរាជលក្ស្មី តបថាៈ «បើអ្នកអាចសំលាប់សក្ដិធរជាកូនអ្នកដ៏ប្រកបដោយមហាបុរិសលក្ខណៈ ៣២ប្រការ នេះចេញ ដោយដៃខ្លួនអែងបូជាជាពលីកម្មដល់ព្រះសវិមង្គលា (ព្រះនាងទុគ៌ា សក្ដិព្រះអីសូរ) ព្រះរាជាម្ចាស់ផែនដី ស្ដេចក៏នឹងមានព្រះជន្មនៅបានដល់រយវស្សា អែខ្លួនខ្ញុំនឹងបានអាស្រ័យនៅជាសុខតទៅផង» និយាយដូច្នេះហើយព្រះ នាងរាជលក្ស្មីអន្ដរធានបាត់ទៅក្នុងកាលនោះអែង។ លំដាប់នោះ វីរវរៈលុះបានស្ដាប់ពាក្យព្រះនាងរាជលក្ស្មីសព្វ គ្រប់ហើយ មានចិត្ដត្រេកអរណាស់ត្រលប់ទៅផ្ទះខ្លួនវិញ ទៅដល់ដាស់កូនប្រពន្ធដែលកំពុងដេកលក់ស្និទ្ធ អោយក្រោកឡើងអង្គុយហើយនិយាយរៀបរាប់រឿងរ៉ាវ ដែលព្រះនាងលក្ស្មីប្រាប់ អោយស្ដាប់សព្វអាថិសេចក្ដី។ សក្ដិ ធរជាកូនបានស្ដាប់សេចក្ដីរហូតដល់ចប់ ក៏មានចិត្ដរីករាយ និយាយដោយទឹកមុខស្រស់ញញឹមថាៈ «លោកអូវពុក! ហេតុអ្វីលោកអូវពុក ពន្យាពេលអោយយឺតយូរដល់ម្លេះ! ព្រោះអំពើប្រសើរបែបនេះ មិនត្រូវគិតពេលណាៗទេ។ ការលះបង់អត្ដភាពខ្លួនទៅក្នុងកិច្ចស្នងព្រះករុណាទិគុណនេះជាអំពើដ៏ប្រសើរក្រៃលែង ព្រោះថា៖
១០០ - អ្នកប្រាជ្ញគប្បីលះបង់នូវទ្រព្យផង នូវជីវិតផងដើម្បីជាប្រយោជន៍ដល់ជនដទៃ ថាបើសេចក្ដីស្លាប់ជាធម៌ទៀងគួរលះបង់អត្ដភាពខ្លួនទើបប្រសើរ។
មាតាសក្ដិធរនិយាយបណ្ដោយដោយសប្បាយចិត្ដថា «ស្វាមី! បើមិនគិតធ្វើការនេះជាប្រយោជន៍ដល់ព្រះរាជា ជាម្ចាស់យើងទេ តើត្រូវធ្វើអ្វីដទៃពីនេះវិញ ដើម្បីតបស្នងព្រះករុណាទិគុណអោយសមតាមដំណើរដែលទ្រង់បានប្រទានព្រះរាជទ្រព្យ និង វត្ថុខ្ពង់ខ្ពស់នោះ?។ ជនទាំង៣នាក់ប្រឹក្សាព្រមព្រៀងគ្នា ដោយក្ដីរីករាយស្មោះចំពោះដូច្នេះហើយ ក៏បបួលគ្នាទាំង៣នាក់ដើរទៅកាន់ទេវស្ថាន ព្រះនាងសវិមង្គលា ទៅដល់ហើយ វីរវរៈដាក់ខ្លួនចុះលើកទសករប្រណម្យដោយគោរពទើបពោលថា «បពិតព្រះនាងមេត្ដាប្រោស សូមព្រះមហារាជព្រះបាទសូទ្រកជាម្ចាស់យើងទ្រង់មានជ័យជំនះឈ្នះអស់មារសត្រូវ សូមព្រះនាងទទួលទេវពលីនេះ» ពោលហើយក៏កាត់កសក្ដិធរជាកូនមួយរំពេចនោះជាគ្រឿងពលី។ ក្រោយពីហេតុភេទនេះ វីរវរៈរំពឹងគិតថា «អាត្មាអញបានធ្វើអំពើដ៏ប្រសើរ តបស្នងព្រះករុណាទិគុណព្រះមហាក្សត្រីយ៍ធួនល្មមដល់រង្វាន់រាល់ខែ ដែលទ្រង់ប្រទានអោយអាត្មាអញហើយ ពេលនេះបុត្រាអាត្មាអញក៏អស់ជីវិតទៅហើយ ជីវិតអាត្មាអញរស់នៅក៏ជាការធ្ងន់អិតអំពើ» គិតហើយគិតទៀតឃើញថា នឹង រស់តទៅទៀតមិនសម ក៏កាត់កខ្លួនស្លាប់ទៀត។ អែភរិយាក៏មានសេចក្ដីសោកស្ដាយក្នុងរឿងស្វាមី និង កូនមិនតិច ទើបសំលាប់ខ្លួនទៅតាមស្វាមីនិងកូននោះថែមទៀត។ ព្រះបាទសូទ្រកទ្រង់ប្រថាប់នៅក្បែរទីស្ថាននោះដែរ ទ្រង់បានសណ្ដាប់ទ្រង់បានទតព្រះនេត្រប្រព្រិត្ដិហេតុតាំងពីដើមដល់ចុងរហូតតក់ស្លុតរន្ធត់ព្រះទ័យ ទ្រង់រំពឹងគិតថា៖
១០២ - អ្នកមានចិត្ដអាណិតតែងពោលពាក្យជាទីគាប់ចិត្ដ អ្នកក្លៀវក្លាតែងមិនពោលអួតខ្លួន អ្នកអោយទានតែងអោយទានមិនរើសមុខ អ្នកមានប្រាជ្ញាប្រតិភាណតែងមិនកោងកាច នេះជាលក្ខណៈមហាបុរស មាននៅក្នុងរូបវិរវរៈទាំងអស់។
ព្រឹកថ្ងៃមួយ ព្រះបាទសូទ្រកៈទ្រង់ត្រាស់បង្គាប់អោយប្រជុំសភាជាន់ខ្ពស់ ហើយទ្រង់ ប្រកាសប្រព្រឹត្ដិការណ៍ដែលមានក្នុងយប់នោះទាំងអស់ ទើបទ្រង់ប្រទានប្រទេសកណ៌ាដកៈអោយវិរវរៈគ្រប់គ្រង ដោយទ្រង់មានសេចក្ដីពេញព្រះទ័យខ្លាំង។ រាជហង្សហិរណ្យគភ៌ និយាយបញ្ជាក់ថែមទៀតថា «បើដូច្នេះ ថ្វីបើគ្រាន់តែជាអាគន្ដុក សុទ្ធតែជាសត្រូវទាំងអស់ទៅរឺ? ក្នុងពួកជនជាអាគន្ដុកទាំងអស់ តែងមានខ្លះល្អ មានខ្លះអាក្រក់ មានខ្លះទៀតតាំង នៅកណ្ដាល ដូចគ្នានឹងអ្នកនៅក្នុងស្រុកដែរ»។ ចាក្រពាកសវិជ្ញៈពោលសុភាសិតតទៅថា៖
- ១០៤ - ព្រះរាជាអង្គណាមានពេទ្យ រាជគ្រូ និងមន្រ្ដីសុទ្ធតែជាអ្នកបញ្ជោរ ព្រះរាជាអង្គនោះ នឹងស្គមព្រះសរីរៈថយ គុណធម៌ និងអន្ដរាយឃ្លាំងដោយឆាប់រហ័ស។
- សូមព្រះករុណាមេត្ដាប្រោសទ្រង់ព្រះសណ្ដាប់!
- ១០៥ - ទ្រព្យណាដែលត្រូវបានដោយបុណ្យ ទ្រព្យនោះយើងគប្បីគួរចង់បាន ជាងកោរសក់ម្នាក់ជាអ្នកចង់បានទ្រព្យ សំលាប់យាចកព្រោះល្មោភលោភលន់ពន់ប្រមាណក៏ត្រូវស្លាប់ខ្លួនវិញ។ រាជហង្សហិរណ្យគភ៌ សួររឿងនោះថាៈ «ចុះរឿងនោះតើដូចម្ដេច?» ចាក្រពាក សវិជ្ញៈរៀបរាប់រឿងនោះ ដូចសេចក្ដីទៅថា៖
តទៅកថាទី១០
- (1) ហិតោបទេសសេចក្ដីជាភាសាបារាំងនៃលោកឡង់សឺរូ និង ជាភាសាសៀមនៃលោកនាគប្រទីបមានគាថាដូច្នេះ ម្លូ មានរសហើរ ល្វីង ក្ដៅ ផ្អែម កាត់មាត់ប្រហើរ រំងាប់ខ្លិនខ្យល់អាក្រក់កាត់ស្លេស រំងាប់សត្វល្អិត កំចាត់ខ្លិនល្អុយ ប្រដាប់មាត់អោយល្អ ជំរះមន្ទិលមាត់ និងធ្វើកាមរោគអោយកើត សំលាញ់អើយ នេះសព្វគុណម្លូ ១៣ប្រការ សូម្បីក្នុងស្ថានសួគ៌ក៏បានដោយក្រ